កែវ រំ​ចង់ នឹង​ប៉ះ Iquezang ក្នុង​កម្មវិធី Thai Fight ចុងខែ​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2015 ក+ ក-

កីឡាករ កែវ រំ​ចង់ កំពុង​ត្រៀមខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មហា​កម្លាំង​ថៃ Iquezang Kor Rungthanakeat ដែល​ធ្លាប់​យកឈ្នះ​កីឡាករ​ជួរមុខ​កម្ពុជា ពេជ្រ សីហា និង វង្ស ណ​យ ក្នុង​កម្មវិធី Thai Fight នា​ថ្ងៃទី​២៤ ចុងខែ​តុលា​ខាងមុខ​។​
​តាម​ការគ្រោងទុក កែវ រំ​ចង់ នឹងត្រូវ​ឡើង​សង្វៀន Thai Fight ក្នុងជំនួប​លើកដំបូង​ជាមួយ​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍ Iquezang Kor Rungthanakeat នៅក្នុង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៤ ខែតុលា​ខាងមុខ​។
​បច្ចុប្បន្ន កែវ រំ​ចង់ កំពុង​ហាត់​ត្រៀម​យ៉ាងសកម្ម​ដើម្បី​សងសឹក​ជូន​កីឡាករ​រួម​ជាតិ ហើយ​ថ្ងៃទី​០២ ខែតុលា​ខាងមុខ រូបគេ​នឹង​ជួប​ប្រកួត​សាក​កម្លាំង​ជាមួយ​កីឡាករ​ថៃ​នៅ​សង្វៀន​បាយ័ន មុន​ចេញទៅ​ប្រទេស​វៀតណាម​។ កីឡាករ​រូបនេះ​បានបញ្ជាក់​ទៀតថា ការចាកចេញ​ទៅ​ប្រទេស​វៀតណាម ខាង​ភាគី​ថៃ​ជា​អ្នករៀបចំ​ទាំងអស់ ប៉ុន្តែ​មិនទាន់​ដឹង​ថ្ងៃ​ចេញដំណើរ​ច្បាស់លាស់​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា គូប្រកួត​របស់ កែវ រំ​ចង់ កីឡាករ Iquezang ត្រូវ​ចាត់ទុកថា ជា​អ្នក​ប្រដាល់​ខ្លាំង​ម្នាក់​លើស​ង្វៀន Thai Fight ព្រោះ​ការប្រកួត​របស់គេ​ម្តងៗ​សម្រុកចូល​វាយ​គ្មាន​ត្រា​ប្រណី ឡើយ​។ កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​ប្រើ​កែង វង្ស ណ​យ ក្នុង​ទឹក​ទី​បី​កាល​ចុងឆ្នាំ​២០១៣ និង​យកឈ្នះ​អ្នកលេង​កណ្ដាប់ដៃ ពេជ្រ សីហា កាលពី​ខែមេសា​កន្លងទៅនេះ​ផងដែរ​៕

4102

pich-seyha