ឡុង សុ​ភី និង​អ្នករៀបចំ​កីឡាប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ឈ្លោះ​គ្នា​រឿង​ឲ្យ​តម្លៃ​ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2015 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រភពព័ត៌មាន​ពី​ក្រុមកីឡា​ប្រដាល់​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​កីឡាករ ឡុង សុ​ភី នៅតែ​ប្រកាន់​ជំហរ​មិន​យល់ព្រម​ទទួលយក​តម្លៃ​ខ្លួន​ចំនួន​១​ពាន់​ដុល្លារ ដែល​ផ្តល់​ដោយ​ស្ថានីយទូរទស្សន៍​បាយ័ន​ដើម្បី​ឡើង​ប្រកួត​ការពារ​ខ្សែក្រវ៉ាត់​ក្រុមហ៊ុន ខា​រ៉ា​បាវ ដែល​កីឡាករ​រូបនេះ​ទើប​ទទួលបាន​កាលពី​ប៉ុន្មាន​ខែ​មុននេះ​។
​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្ថា​ន័យ​ទូរទស្សន៍​បាយ័ន​គ្រោង​នឹង​រៀបចំ​កម្មវិធី​ប្រដាល់​មួយ នៅ​ថ្ងៃទី​៤ ខែវិច្ឆិការ ឆ្នាំ​២០១៥ ខាងមុខ​នៅ​ស្តា​ត​អូរ​ឡាំ​ពិ​ក ដើម្បី​ឲ្យ​កីឡាករ​ថៃ ឈ្មោះ Rareung Lukchampachai ឡើង​ដណ្តើម​ខ្សែក្រវ៉ាត់​ពី​កីឡាករ ឡុង សុ​ភី របស់​ក្រុមហ៊ុន ខា​រ៉ា​បាវ។ ការប្រកួត​នោះ​អាចជា​ការបិទ​បញ្ចប់​ផងដែរ នូវ​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​វគ្គ​២ របស់​ក្រុមហ៊ុន​មួយ​នេះ។
​ ​តាម​ប្រភព​នោះ​ឲ្យ​ដឹងថា ឡុង សុ​ភី កីឡាករ​ល្បីឈ្មោះ​នៅ​កម្ពុជា នឹង​ទទួលបាន​តម្លៃ​ខ្លួន​ត្រឹមតែ​១​ពាន់​ដុល្លារ​ប៉ុណ្ណោះ ប្រសិនបើ​គេ​ឈ្នះ ។ ប៉ុន្តែ​បើ​ចាញ់​វិញ​ទទួល​បានតែ​៤០០ ទៅ ៤៥០​ដុល្លារ​តែប៉ុណ្ណោះ​។ ដោយសារតែ​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ​នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​កីឡាករ ឡុង សុ​ភី មិន​ទទួលយក​ដោយ​គេ​អះអាងថា តិចពេក ហើយ​មិន​សម​នឹង​កម្មវិធី​ប្រកួត​ដ៏​ធំ​នោះទេ។ ផ្តើម​ពី​នោះ​ក៏បាន​បង្ក​ជា​ជម្លោះ​បែកផ្សែង​តែម្តង​ជាមួយ​លោក នាង ស៊ីវ​ត្ថា អ្នកចាត់ការ​កម្មវិធី​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​បាយ័ន គ្រា​ដែល​លោក នាង ស៊ីវ​ត្ថា អះអាងថា តម្លៃ​ខ្លួន​នោះ​សមល្មម​ហើយ ហើយ​ក្រុមហ៊ុន​ក៏មាន​ការឧបត្ថម្ភ​មាន​កម្រិត​ទាប​ផងដែរ។
​ ​តាម​ប្រភពពី​មន្ត្រី​ស្ថានីយទូរទស្សន៍​បាយ័ន​បាន​ឲ្យ​ដឹងថា លោក នាង ស៊ីវ​ត្ថា បាន​ព្រមាន​កីឡាករ ឡុង សុ​ភី ផងដែរ ប្រសិនបើ​គេ​មិន​ព្រម​ឡើង​ប្រកួត ក្នុង​កម្មវិធី​ខាងលើនេះ ព្រោះថា អវត្តមាន​កីឡាករ ឡុង សុ​ភី នឹងធ្វើ​ឲ្យ​អាក់ខាន​ដល់​ការរៀបចំ​កម្មវិធី​ប្រដាល់​មួយ​នេះ ។ ប៉ុន្តែ​គេ​មិនដឹងថា ការព្រមាន​របស់លោក នាង ស៊ីវ​ត្ថា ចំពោះ​កីឡាករ ឡុង សុ​ភី មាន​ច​រិ​ក​ត្រឹមត្រូវ​តាមច្បាប់​កីឡាប្រដាល់ ឬ យ៉ាងណា​នោះទេ ព្រោះថា កីឡាករ​ជាទូទៅ​មុននឹង​ឡើង​ប្រកួត​ត្រូវតែ​យល់ព្រម​ដោយ​ស្ម​គ្រ័​ចិត្ត នូវ​តម្លៃ​ខ្លួន ហើយ​បើ​តម្លៃ​ខ្លួន​មិនអាច​ទទួលយកបាន​ម្ចាស់​កម្មវិធី​មិនអាច​បង្ខិតបង្ខំ បាន​នោះឡើយ។
​ ​យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ទូទៅ​ទាមទារ​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​យកចិត្ត​ទុកដាក់ ចំពោះ​តម្លៃ​ខ្លួន​កីឡាករ ព្រោះ​តាម​ដឹង​សព្វថ្ងៃនេះ​នៅ​កម្ពុជា តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់​នៅ​កម្រិត​ទាប​ពេក ដែល​មិន​សម​នឹង​ការចំណាយ​ពេលវេលា​ហ្វិ​ក​ហាត់​រួមទាំង​ការឈឺ​សាច់​ពេល ប្រកួត​ម្តងៗ។ ប៉ុន្តែ​តាម​ដឹង​ខាង​ភាគី​ក្រុមហ៊ុន បាន​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​រៀបចំ​កម្មវិធី​ប្រដាល់​នៅតាម ស្ថានីយទូរទស្សន៍​នីមួយៗ។ ប្រសិនបើ​តម្លៃ​ខ្លួន​ទាប​ពេក ឬ ការបង្ខំ​ឲ្យ​កីឡាករ​ឡើង​សង្វៀន​ដោយ​មិនមាន​ការ​ស្ម​គ្រ័​ចិត្ត​នោះ វិស័យ​មួយ​នេះ​ប្រាកដជា​មិនអាច​រឹងមាំ ឬ អភិវឌ្ឍន៍​បាន​នោះឡើយ។ ម្យ៉ាងទៀត​កម្មវិធី​ប្រដាល់​បែប​បង្ខំ​នោះ​នឹង​មិនសូវ​ទទួលបាន​កា​រ ចាប់អារម្មណ៍​ពី​ទស្សនិកជន​នោះទេ គ្រា​ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​កំពុង​ពេញនិយម​នឹង​កីឡាប្រដាល់៕

M-long-sophy-2015-10-06