មកដឹងពីប្រវត្តិឈ្មោះភូមិនិងវត្ត ក្រពើពុល ក្នុងឃុំក្រាំងដីមាស ស្រុករលាប្អៀរ ទាំងអស់គ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2024 ក+ ក-


ភូមិនិងវត្តមួយ ឈ្មោះ ក្រពើពុល ស្ថិតនៅក្នុងឃុំថ្មី ឈ្មោះឃុំក្រាំងដីមាស ដែលបានបំបែកចេញពីឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ ។ភូមិនិងវត្តក្រពើពុល ថ្វីបើនៅមិនឆ្ងាយពីទីរួមខេត្តកំពង់ឆ្នាំង ប៉ុន្តែហាក់នៅឆ្ងាយដាច់ស្រយ៉ាល ដោយសារតែផ្លូវគមនាគមខែវក្សាគឺលិច ទឹក។ ការធ្វើចរាចរណ៍គឺតាមផ្លូវទឹកលើកលែងតែរដូវប្រាំង អាចធ្វើដំណើរតាមផ្លូវគោកបាន។


លោកស្រី ញ៉ែម សុភី ជំទប់ទី១ ឃុំក្រាំងដីមាស ស្រុករលាប្អៀរបានបញ្ជាក់ថា៖ ភូមិក្រពើពុលមាន ប្រជាពលរដ្ឋរស់នៅ ១១៣គ្រួសារ ។នៅរដូវប្រាំងប្រជាពលរដ្ឋក្នុងភូមិស្ទើរតែទាំងអស់បានចាកចេញពីផ្ទះសំបែង ទៅធ្វើស្រែចំការ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ធ្វើឱ្យក្នុងភូមិស្ងាត់ជ្រងុំ សូម្បីតែវត្តក្រពើពុល ក៍មានត្រឹមព្រះសង្ឃតែ២អង្គគង្គនៅដែរ ដោយសារតែមិនសូវមានពុទ្ឋបរិស័ទ្ទចំណុះជើងវត្ត ។ ប៉ុន្តែសម្រាប់រដូវស្សាវិញ ពេលស្រែចំការពួកគាត់លិចទឹកអស់ ពួកគាត់បានត្រឡប់មកលំនៅដ្ឋានវិញទើបធ្វើឱ្យក្នុងភូមិមានមនុស្សអ៊ូអរ។


ប្រធានភូមិក្រពើពុល លោកតា សៀង នី អាយុ៧២ឆ្នាំ បានរៀបរាប់ឲ្យដឹងពីវត្តិនៃ ឈ្មោះក្រពើពុលថាៈ តាមការនិទានតៗគ្នាពីព្រឹទ្ធាចារ្យ ក៏ដូចជាឪពុកម្ដាយ ជីដូនជីតារបស់លោកមកថា៖ កាលដើមឡើយនៅក្នុងភូមិមានទីមានទីទួលមួយឈ្មោះទួលគ ដែលមានដើមគរធំៗជាច្រើន ដុះជាប់មាត់ស្រះទឹកយ៉ាងធំ ដែលមានអំណោយផលដល់សត្វក្រពើ មកពងកូន នៅខែប្រាំង ។នៅទីតាំងនោះមានក្រពើច្រើនណាស់ តែងតែ មកពងនៅរដូវប្រាំង ហើយពេលខែវស្សាទឹកលិចទីទួលនេះអស់ សត្វក្រពើក៍នាំគ្នាចាកចេញ នឹងត្រឡប់មកពងកូនវិញនៅខែប្រាំងវិញជារៀងរាល់ឆ្នាំង ។ កាលណោះ មានប្រជាពលរដ្ឋមួយគ្រួសារ បានប្រកបរបរដាក់លបយកត្រីលក់ចិញ្ជឹមជីវិត។

លោកតា ព្រុំ ជាមេគ្រួសារ តែងតែទៅដាក់លប នៅម្តុំជិតទួលដើមគ ។ ប៉ុន្តែ លប របស់គាត់មួយចំនួន ត្រូវបានសត្វក្រពើហែក ចាប់ត្រីស៊ី ស្ទើររៀងរាល់ថ្ងៃធ្វើឲ្យលោកតាក្តៅក្រហាយ ហើយក៏បានរៀបចំផែនការ សម្លាប់សត្វក្រពើដែលតែងតែ បំផ្លាញលបរបស់គាត់ ។ លោក តាព្រុំ បានបេះផ្លែស្លែង យកគ្រាប់ទៅបុកឲ្យម៉ត់ រួចវះដាក់ចូលទៅក្នុងពោះត្រីខ្មាន់ (ត្រីធំៗ)និងដេរពោះត្រីឱ្យជិត។ បន្ទាប់មកយកត្រីខ្មាន់ ទាំងនោះទៅដាក់ចូល លប ៤ទៅ៥លប រួចយកទៅដាក់នៅទីតាំងដែលសត្វក្រពើ តែងតែ ហែកលប ចាប់ស៊ីត្រី ស៊ី ។


ផែនការរបស់គាត់បានផលល្អ សត្វក្រពើបានពុលងាប់ ជាបណ្ដើរៗ រាងរាល់ថ្ងៃ ។ធ្វើឲ្យសត្វក្រពើចេះតែថយចុះពីមួយថ្ងៃទៅពីមួយថ្ងៃ រហូតបាត់ក្រពើអស់។តាព្រុំ និង ក្រុមគ្រួសារអាចប្រកបមុខរបរដាក់លប បានយ៉ាងស្រួល។ចាប់តាំងពីនោះមក ទីតាំងមានសត្វក្រពើងាប់ បានក្លាយជាទីឈ្មោះក្រពើពុល ៗរហូតមក ។លុះតំណរក្រោយៗមកមានប្រជាពលរដ្ឋមកតាំងទីលំនៅ រស់នៅតំបន់នោះកាន់តែច្រើនឡើងៗ ទើបបានកើតជាភូមិមួយឈ្មោះភូមិក្រពើពុល ហើយតំណរមកទៀតក៍កើតបានវត្តមួយទៀត ឈ្មោះវត្ត(សុវណ្ណឱរីយ្យ) ហៅវត្តក្រពើពុលដល់សព្វថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OCGZ1y42ppA