បាល់ទាត់៖យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែការពាររបស់ក្លិបហង្សក្រហម Liverpool កីឡាករ Mamadou Sakho នឹងអវត្តមានបង្ហាញខ្លួនឲ្យក្លិបមួយនេះរយៈពេលពី៦ទៅ៨សប្ដាហ៍ដោយសារតែរបួសសរសៃពួរជង្គង់។
ខ្សែការពារសញ្ជាតិបារាំងវ័យ២៥ឆ្នាំរូបនេះបានរងរបួសសរសៃពួរជង្គង់ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករ Bakary Sako អំឡុងពេលដែលក្លិបហង្សក្រហម Liverpool រងបរាជ័យក្នុងទឹកដីខ្លួនក្រោមស្នាដៃរបស់ក្លិប Crystal Palace ដោយលទ្ធផល២-១ កាលពីថ្ងៃអាទិត្យ។
យោងតាមគេហទំព័រ The Independent បានចុះផ្សាយថា ក្រុមគ្រូពេទ្យរបស់ក្លិបហង្សក្រហម Liverpool បានរាយការណ៍ថាកីឡាករ Mamadou Sakho នឹងត្រូវសម្រាកព្យាបាលរបួសនេះរហូតដល់ទៅរយៈ២ខែ ហើយតំណែងរបស់កីឡាករ Mamadou Sakho នឹងត្រូវជំនួសដោយខ្សែការពារ Dejan Lovren៕