ល្ងាច​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប៉ះ​ក្រុម​លេខ​២​លី​ក​កំពូល​វៀតណាម​នៅ​​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2015 ក+ ក-

បាល់ទាត់៖​នៅវេលា​ម៉ោង​៣​ល្ងាច​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប៉ះ​ក្រុម​លេខ​២​លី​ក​កំពូល​វៀត​ណ​ម ក្នុងការ​ប្រកួត​ពានរ​ង្វាន់​មិត្តភាព 2015 Yunnan, Asean International Football Open Tournament បន្ទាប់ពី​យកឈ្នះ​ក្រុម​លី​ក​លំដាប់​ទី​៣​របស់​ប្រទេស​ចិន និង​ក្រុម Lao Champa របស់​ប្រទេស​ឡាវ​។​
ក្រុម Hanio T&T និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​សុទ្ធតែ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដូចគ្នា មុន​បន្ត​ប្រកួត​នៅថ្ងៃនេះ​ទៀត ដោយ​មិនបាន​សម្រាក​ឡើយ​។ ពានរង្វាន់ 2015 Yunnan, Asean International Football Open Tournament មាន​ក្រុម​ចំនួន​៩ ចូល​រួមមាន​ប្រទេស​មី​យ៉ាន់​ម៉ា​, បង់​ក្លា​ដេ​ស និង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​បញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅ​ចូលរួម​។ ចំណែក​ប្រទេស​ចិន​, ឡាវ និង​ប្រទេស​វៀតណាម បញ្ជូន​ក្រុម​តំណាង​ទៅ​ចូលរួម​ប៉ុណ្ណោះ​។ ឡាវ​តំណាង​ដោយ​ក្រុម Lao Champa ឯ​វៀតណាម​តំណាង​ដោយ​ក្រុម Hà Nội T&T និង​ប្រទេស​ចិន​មាន​៤​ក្រុម​ចូលរួម​។​
​ ក្រុម​ជម្រើសជាតិ​កម្ពុជា​បានទទួល​ជ័យជម្នះ ២​ប្រកួត​ហើយ ដោយ​យកឈ្នះ​ក្រុម Baotou Nanjiao FC របស់​ប្រទេស​ចិន ៣-១ កាលពី​ថ្ងៃទី​២០ និង​បន្ត​លត់​ក្រុម Lao Champa របស់​ប្រទេស​ឡាវ ២១-០ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គិត​មក​ត្រឹម​ពេលនេះ ខ្សែប្រយុទ្ធ​វ័យក្មេង ប្រាក់ មុន្នី​ឧ​ត្ត​ម រកបាន ១១​គ្រាប់​ម្នាក់ឯង​។​
គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ទៅ​ចូលរួម​កម្មវិធី​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​មកពី​ក្លិប​កំពូល​ទាំង​៤ គឺ​បឹងកេត​អង្គរ​, ភ្នំពេញ​ក្រោ​ន​, ណាហ្គា​វើ​ល​, និង ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដោយសារ​ជាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​លី​ក​កំពូល​កម្ពុជា​។ កម្មវិធី​ប្រកួត​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​៕

art14.1art14.2