បាល់ទាត់៖ក្រុមអធិរាជស Real Madrid ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចឱ្យធ្លាក់ចេញពីការ ពានរង្វាន់ Copa del Rey ក្នុងរដូវកាលនេះដោយស្វ័យប្រវត្តិ បើទោះបីជាឈ្នះក្រុម Cardiz កាលពីជើងទីមួយក៏ដោយ ដោយសារដាក់កីឡាករដាក់បំរាមឲ្យចូលលេង។
ការប្រកួតជើងទី១ ជុំទី៤ Copa del Rey រវាងក្រុម Cardiz និង Real Madrid បានបញ្ចប់ទៅដោយលទ្ធផល Real ឈ្នះ ៣-១ លើក្រុមម្ចាស់ផ្ទះ Cardiz ។ ប៉ុន្តែចប់ការប្រកួត ត្រូវបានគេរកឃើញថា កីឡាករ Cheryshev ដែលជាប់បំរាមមួយប្រកួតបានចូលលេង និងរកគ្រាប់បាល់ឱ្យ Real Madrid ដំបូងនោះ។
គួរបញ្ជាក់ថា កីឡាករ Cheryshev ត្រូវជាប់បម្រាមមួយប្រកួតមិនអាចចូលលេងឱ្យអធិរាជសក្នុងប្រកួត នេះបានទេ ព្រោះរូបគេបានទទួលកាតលឿង៣ដងក្នុងពានរង្វាន់ Copa del Rey កាលពីរដូវកាលមុន ពេលលេងឱ្យក្រុម Villarreal ក្រោមលក្ខខណ្ឌខ្ចីជើង។
ទោះជាបែបនេះក្តីប្រធានក្លិប Real Madrid លោក Florentino Perez បាននិយាយថា ក្លិបរបស់លោកនឹងធ្វើការតវ៉ាទៅតុលាការបាល់ទាត់ទៀត ប្រសិនបើមានការពិន័យមែន ខណៈដែលពេលនេះការពិន័យលេចចេញជាផ្លូវការហើយក្តី៕