បាល់ទាត់៖ អ្នកចាត់ការក្លិបក្ងានព្រៃ Swansea Cityលោក Gary Monk ត្រូវក្លិបប្រកាសបណ្ដេញចេញពីតំណែង ដោយសារដឹកនាំក្លិបមួយនេះធ្លាក់ដុនដាបយ៉ាងខ្លាំង។
ក្លិប ដែលមានមូលដ្ឋាននៅប្រទេសវែលមួយនេះបានធ្វើការបណ្ដេញចេញលោក Gary Monk បន្ទាប់ពីលោកបានដឹកនាំក្លិបទទួលជ័យជម្នះត្រឹមតែ១ប្រកួតប៉ុណ្ណោះ នៅ១១ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ English Premier League ។
ម្ចាស់ក្លិបក្ងានព្រៃ Swansea City លោក Huw Jenkins និយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លិបមួយនេះថា លោកក៏មានការស្ទាក់ស្ទើរក្នុងការបណ្ដេញលោក Gary Monk ចេញពីតំណែងជាអ្នកចាត់ការរបស់ក្លិបផងដែរ ប៉ុន្តែនេះក៏ដោយសារលោក Gary Monk ក៏នឹងផុតកិច្ចសន្យាជាមួយក្លិបនៅរយៈពេល ៣ខែខាងមុខ ហើយក្លិបរបស់យើងក៏នឹងប្រកាសតែងតាំងអ្នកចាត់ការថ្មីឲ្យបាន ឆាប់រហ័សតាមតែអាចទៅរួច។
លោក Huw Jenkins បន្ថែមទៀតថា ការសម្រេចចិត្តបណ្ដេញចេញលោក Gary Monk ក៏មានការគិតពិចារណាពីសំណាក់អ្នកដែលពាក់ព័ន្ធទាំងអស់ក្នុងក្លិប ក្ងានព្រៃ Swansea City ហើយក៏មានការឯកភាពគ្នាផងដែរក្រោយពេលដែលលោកបានដឹកនាំក្លិបរង បរាជ័យក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើងរបស់ក្លិបកញ្ជ្រោង Leicester City ៣-០ កាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ស្នាដៃរបស់លោក Gary Monk ក្នុងការដឹកនាំក្លិបក្ងានព្រៃ Swansea City គឺបានត្រឹមតែជួយឲ្យក្លិបមួយនេះឈរនៅលំដាប់លេខរៀងទី៨តែប៉ុណ្ណោះ ក្នុងតារាងចំណាត់ថ្នាក់ក្របខ័ណ្ឌ English Premier League កាលពីរដូវកាលមុន៕