All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃនេះ វៀតណាម​រកឃើញ​ករ​ណី​ឆ្លង COVID-19 រហូតដល់​៤៥​នាក់

​ហាណូយ ៖ អាជ្ញាធរ​សុខាភិបាល​វៀតណាម បានបញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គេ​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន ៤៥​នាក់​ទៀត ហើយ​ភាគច្រើន​នៅ​ទីក្រុង​ដា​ណា​ង (Da Nang) ក្រសួង​បន្ថែមថា នេះ​ជា​ករណី​ឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​ដំបូង កាលពី​ចុងខែ​មករា។

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CAN បាន​ដកស្រង់​សំដី​របស់​មន្ត្រី​សុខាភិបាល​ដោយបាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ COVID-19 កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ករណី​ឆ្លង​ថ្មី​បាន​កើនឡើង​ដល់ ៩៣​ករណី ហើយ​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​មាន​ក​រ​ណី​ឆ្លង COVID-19 សរុប​ចំនួន​៥០៩​ករណី។ ប៉ុន្តែ​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ Covid-19 នៅឡើយ​ទេ​៕

 

គម្រោងចូលចត​នៅខេត្ត​ព្រះសីហនុរបស់នាវាទ័ពជើងទឹកជប៉ុននៅខែក្រោយត្រូវបានផ្អាកវិញ

ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹក​ជប៉ុន គ្រោងចូលចត​នៅ​ខេត្តព្រះសីហនុ នាខែសីហាខាងមុខនេះ ប៉ុន្តែអាក់ខាន​វិញមិនបានចូលចត​ ដោយ​សារតែបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាល ដាលខ្លាំងក្នុងពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ក្នុង​ជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពី ថ្ងទី៣០ ខែកក្កដា ឆ្នាំ​២០២០។

ទោះជាយ៉ាងណា លោកឯកអគ្គរាជទូតរំពឹង​ថា នៅពេលខាងមុខ​នឹងមាននាវា​ជាច្រើនទៀត​ចូលចត​នៅកំពង់ផែ​ក្រុងព្រះសីហនុ។ លោកក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្ត នៅក្នុងខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។

គួររំលឹក​ថា កាលពីខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ នាវា​កងទ័ព​ជើងទឹក​ជប៉ុន​ចំនួន ២​គ្រឿង ឈ្មោះ Setoyuki និង Shimayuki បាន​ចូលចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ។ គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ជប៉ុន​ចំនួន ២​គ្រឿងនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្ដភាព​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កម្មវិធី​ផ្លាស់ប្ដូរ​ផេ្សងៗ ក៏ដូចជា​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​នាយ​នាវិកកម្ម​សិក្សា​ការី​ចំនួន ១០៩​រូប ដែលទើបបាន​បពា្ចប់ការ​សិក្សា បាន​ស្វែងយល់​អំពី​វប្បធម៌ និង​វិស័យ​យោធា​នៅ​កម្ពុជា៕

 

 

លទ្ធផល​ការចាប់​គូ​ពាន Hun Sen Cup ថ្នាក់ជាតិ ចេញ​ហើយ​

ភ្នំពេញ ៖ លទ្ធផល​ចាប់​គូប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​ថ្នាក់ជាតិ បានចេញ​ជា​ផ្លូវការ​ហើយ​នៅមុននេះបន្ដិច ដោយ​ក្នុង​រួម ​៖

​ណាហ្គា​វើ​ល​ដ៍ ប៉ះ អគ្គិសនី​កម្ពុជា​
​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ សូល​ទី​ឡូ​អង្គរ​
​ភ្នំពេញ​ក្រោ​ន ប៉ះ អាស៊ី​អឺរ៉ុប​
​គិរីវង់​សុខ​សែន​ជ័យ ប៉ះ នគរបាលជាតិ​
​ខេត្ត​ត្បូងឃ្មុំ ប៉ះ វិសាខា​
​ខេត្តសៀមរាប ប៉ះ បឹងកេត​
​កងយោធពល​ខេមរភូមិន្ទ ប៉ះ ខេត្ត​បែក​
​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ ខេត្តព្រៃវែង​

​ចំពោះ​កម្មវិធី​ជើង​ទី​១​នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ថ្នាក់ជាតិ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ហើយ​ជើង​ទី​២ នឹង​ប្រកួត​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០៕

 

ត្រាំ ស្នើ​លើក​ថ្ងៃ​បោះឆ្នោត ​ក្រោម លេសបោះឆ្នោត​ក្នុង​វិបត្តិ​​កូ​វីដ​ប្រឈម​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ម្សិលមិញ បាន​ព​ន្ល​យ​ពាក្យ ជា​លើក​ទី​១​ដោយបាន​ស្នើ​ឲ្យ​លើក​ពេល​បោះឆ្នោត ឆ្នាំ ២០២០ ក្រោម​ហេតុផល​ថា ការបោះឆ្នោត​នៅក្នុង​កាលៈទេសៈ​កើតមាន​វិបត្តិ​កូ​វីដ នឹងត្រូវ​ប្រឈម​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត​។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​បំផុត​នោះ​គឺ​ហេតុផល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​របស់​អាមេរិក​ទៅវិញ​ទេ។​

​សូមជម្រាបថា សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាម៉េរិក​បាន​ដួលរលំ​ក្នុងពេល​កំពុងមាន​ជំងឺ​កូ​វីដ​១៩ ដែលជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​របស់ខ្លួន​ក្នុងពេលដែល ក្តីសង្ឃឹម​សម្រាប់​ការ​ងើប​ឡើងវិញ​បាន​ទទួលរង​ផលប៉ះពាល់​មួយទៀត​គឺ ខណៈ​ការបាត់បង់​ការងារ​បា​ន​កើនឡើង។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​កក្កដា។ តាម​ទិន្នន័យ​នោះ​សេដ្ឋកិច្ច​អាមេរិក​នឹង​ដួល​រំលំ​យ៉ាងយូរ​ត្រីមាស​ទី​២ នៃ​ឆ្នាំក្រោយ​។​

​ខណដែល​នៅក្នុង​បរិបទ​ដែល​អាមេរិក​កំពុង​ញាំញី​ដោយ​ជំងឺ​កូ​វីដ ដែល​ឆ្លងទៅ​មនុស្ស ជាង​៤​លាន​កន្លះ និង​សម្លាប់​មនុស្ស ជាង ១​សែន ៤​ម៉ឺន​នាក់​នោះ​រដ្ឋ​ជាច្រើន​បានស្នើ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ពី​ចម្ងាយ ដើម្បី​ជៀសវាង​ការចម្លង​មេរោគ​កូ​រ៉ូ​ណា នៅក្នុង​ការប្រមូលផ្តុំ​នៅតាម​មណ្ឌលបោះឆ្នោត​។ រដ្ឋ​មួយចំនួន​បានអនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត ពី​ចម្ងាយ ដែល​ដំណើរការ​ជាច្រើន​ឆ្នាំ​មកហើយ និង​មិនដែល​ជួប​បញ្ហា ធំដុំ​ដូចជា​ការលួចបន្លំ​សន្លឹកឆ្នោត​នោះទេ​។​

​ប៉ុន្តែ​សម្រាប់​លោក​ត្រាំ​បាន​លើកឡើងថា ការបោះឆ្នោត ពី​ចម្ងាយ តាមរយៈ​សំបុត្រ អ៊ី​ម៉ែ​ល​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ២០២០​នឹង​ក្លាយជា​ការបោះឆ្នោត ដែល​មិនជា​ក់លាក់ និង​ការបន្លំ​សន្លឹកឆ្នោត ដ៏​សំខាន់​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ ដូច្នេះ​គេ​គួរ​លើក​ថ្ងៃ​បោះឆ្នោត រហូតដល់​ពេលវេលា​មួយ ដែល​ប្រជាជន​អាច​បោះឆ្នោត ធម្មតា និង​ដោយ​សុវត្ថិភាព។​

​ការធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប ៣២,៩ ភាគរយ ទោះបី​ល្អ​ជាង​ការរំពឹងទុក គឺជា​បទពិសោធន៍​ដ៏​អាក្រក់​បំផុត​ដោយ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក ចាប់តាំងពី​ឆ្នាំ ១៩៤៧ និង​បានបង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ដែល​កំពុង​កើតឡើង​យ៉ាង​ឆាប់រហ័ស​នេះ ដែល​បាន​បំផ្លាញ​ការងារ​រាប់សិប​លាន​រួចទៅហើយ​។​

​ខណៈ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​នៅតែ​បន្ត​សន្យាថា​នឹង​មានការ​ស្តារឡើងវិញ​យ៉ាងខ្លាំង​នោះ ករណី​កូ​វីដ​១៩ បាន​កើន​ឡើងវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​លុបបំបាត់​វឌ្ឍនភាព​មុននេះ​ឆ្ពោះទៅរក​ការ​ងើបឡើង​វិញ និង បង្ខំ​ឱ្យ​អាជ្ញាធរ​នៅក្នុង​រដ្ឋ​មួយចំនួន​ធ្វើការ​រឹតត្បិត​ឡើងវិញ ជាហេតុ​បញ្ជូន​កម្មករនិយោជិត​ត្រឡប់ទៅផ្ទះ​វិញ​។​

​ទិន្នន័យ​របស់​ក្រសួង​ការងារ​ចុងក្រោយបង្អស់​នេះ​បានបង្ហាញ​ពី​ការកើនឡើង​ដំបូងៗ​ប្រចាំ​សប្តាហ៍​ជាប់ៗ​គ្នា​នូវ​ការទាមទារ​អត្ថប្រយោជន៍​គ្រា​គ្មាន​ការងារ​ធ្វើ​បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ការទាមទារ​ជាច្រើន​សប្តាហ៍ ដោយ​ជំរុញឱ្យមាន​ការអំពាវនាវ​ជាថ្មី​ដល់​សភា​ដើម្បី​អនុម័ត​ការចំណាយ​បន្ទាន់​ថ្មី​ជុំ​បន្ទាប់​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​៕

 

 

ទីបំផុត ​Suzuki Cup 2020 ត្រូវ​លើក​ទៅធ្វើ​នៅ​ឆ្នាំ​២០២១​វិញ

បរទេស ​៖ សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) បានប្រកាសថា ព្រឹត្តិការណ៍ Suzuki Cup ឆ្នាំនេះ​នឹងត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ​២០២១ វិញ បន្ទាប់ពី​បានធ្វើការ​ពិភាក្សា​យ៉ាងច្រើន មុននឹង​ឈានដល់​ការសម្រេចចិត្ត ដោយសារ​ជំងឺ Covid-19​។​

​ដើមឡើយ​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) គ្រោង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ដោយបាន​មើលឃើញ​ពី​កត្តា​សុខភាព និង​សុវត្ថិភាព​របស់​កីឡាករ​គ្រូបង្វឹក ដៃគូ​អ្នកគាំទ្រ និង​សាធារណជន​មាន​អាទិភាព​ខ្ពស់បំផុត ដែល​នាំ​ឲ្យ​ឈានដល់​ការពន្យារពេល​ប្រកួត​ដល់​ឆ្នាំក្រោយ​

​គួររំលឹកថា វៀតណាម ជា​ម្ចាស់​ជើងឯក​ពាន AFF Suzuki Cup 2018 ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ក្នុង​លទ្ធផល ៣-២​ទាំងពីរ​ជើង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

 

ក្រសួងធនធានទឹកបញ្ជាក់ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនាថ្ងៃទី៣១ ខែកក្កដានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង
២- ទន្លេមេគង្គ-ក្រចេះ
៣- ទន្លេមេគង្គ-កំពង់ចាម
៤- ទន្លេបាសាក់-ចតុមុខ
៥- ទន្លេមេគង្គ-អ្នកលឿង
៦- ទន្លេបាសាក់-កោះខែល
៧- ទន្លេសាប-ព្រែកក្តាម
៨- ទន្លេសាប-កំពង់លួង៕

ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀតបានជាសះស្បើយ គ្មានអ្នកឆ្លងថ្មីទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០២នាក់ ហើយគ្មានរកឃើញអ្នកឆ្លងថ្មីនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០២នាក់រួមមានស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅគីឡូលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គាត់បាន ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ត្រូវបានព្យាបាលជាសះឡើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕ 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៧.៤លាននាក់ ស្លាប់ជាង៦៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៤៥១,៩២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៧៥,៥៣១នាក់ និងជាសះស្បើយឡើងវិញ ១០,៩១៩,៩២៦នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៦៣៤,៥៥៧នាក់ ស្លាប់ចំនួន ១៥៥,០៧៩នាក់ និងជាសះស្បើយចំនួន ២,២៧៨,០៧៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៦១៣,៧៨៩នាក់ ស្លាប់ចំនួន ៩១,៣៧៧នាក់ និងជាសះស្បើយ ១,៨២៤,០៩៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៦៣៩,៣៥០នាក់ ស្លាប់ ៣៥,៧៨៦នាក់ និងជាសះស្បើយ ១,០៥៩,០៩៣នាក់៕

 

ខឹងឪពុកស្តីបន្ទោសរឿងដើរលេង និងប្រើគ្រឿងញៀន ដុតផ្ទះខ្លួនឯងចោល

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងដែលសង់ឡើងថ្មក្រោម ឈើលើប្រកសង្ក័សី ត្រូវបានក្លាយជាចំណីអគ្គីសភ័យ ក្រោមស្នាដៃកូនប្រុសញៀនថ្នាំលួចដុត។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិង អគ្គីភ័យបានឲ្យដឹងថាផ្ទះដែលកូនដុតកំទេចចោលនោះធ្វើអំពីឈើប្រក់ស័ង្កសី ថ្មក្រោម មានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រម្ចាស់មាន ឈ្មោះ ស្រឹម វុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើមានសមាជិកក្នុងគ្រួសារចំនួន៦នាក់ ស្រី២នាក់។

លោកស្នងរងបានអោយដឹងទៀតថា ដោយយោងសម្តីរបស់ជនរងគ្រោះរៀបរាប់ថាគ្រោះអគ្គីភ័យនេះ គឺកើតឡើងដោយសារកូនប្រុសរបស់ខ្លួនជាមនុស្សញៀនថ្នាំ ឈ្មោះ ស្រឹម រស្មី អាយុ២៣ឆ្នាំជាអ្នកដុត ។ នៅមុនដុតគឺគាត់ជាឪពុកបានស្តីបន្ទោស និងវាយជាច្រើនរំពាត់ទៅលើកូនដើម្បីអោយវាបញ្ឈប់ការដើរលេងនិងជក់គ្រឿងញៀន។ដោយឥទ្ធិពលនៃគ្រឿងញៀនគ្របដណ្តប់កូនប្រុសគាត់មិនស្តាប់ការប្រៀនប្រដៅ បានឡើងទៅលើផ្ទះដុតពូកបណ្តាលអោយឆេះរាលដាលពេញលើផ្ទះរួចរត់ចុះគេចខ្លួនបាត់។

លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថាពេលកំពុងឆេះនេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿងនិងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿង បានអន្តរាគមន៍បាញ់ពន្លត់។ដោយក្នុងនោះមានកម្លាំងចូលរួមជួយពីសំណាក់ នគរបាលខេត្ត ស្រុក កម្លាំងសឹករងស្រុកនិងកម្លាំងអាជ្ញាធរមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថាក្រោមអំណាចអគ្គីសភ័យដែលឆាបឆេះពេញបន្ទុក កម្លាំងជំនាញពិបាកក្នុងការគ្រប់គ្រង តែក្រោយធ្វើការបាញ់ពន្លត់អស់ទឹកជាច្រើនរថយន្តទើបធ្វើអោយភ្លើងមានការថមថយនិងគ្រងគ្រងបានទាំងស្រុងក្នុងរយៈពេលមួយម៉ោងក្រោយ។ប៉ុន្តែទោះជាការគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងក៏ដោយ ទំហំខូចខាតដែលម្ចាស់ផ្ទះបានលើកឡើងថាមានខាតបង់ក្នុងគ្រោះអគ្គីសភ័យនេះមានទំហំរហូតដល់ទៅជិតពីរម៉ឺនដុល្លា៕

សន្និសីទសារព័ត៌មានស្ដីពី «ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម»

ភ្នំពេញ ៖ នៅសាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម SME» ដោយមានការសម្របសម្រួលពី លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីដំណើរការ ក៏ដូចជានីតិវិធីពាក់ព័ន្ធនានា នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់ សហគ្រានធុនតូច និងមធ្យម ដើម្បីទទួលបានឥណទានមានការប្រាក់ទាប សម្រាប់ជំរុញបន្ថែមដល់ការអភិវឌ្ឍសហគ្រានធុនតូច និងមធ្យម ឲ្យមានលទ្ធភាព គ្រប់គ្រាន់ ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងចំណូលជាក់ស្ដែងរបស់ប្រជាពលរដ្ឋ បំពេញតម្រូវការក្នុងស្រុក ដែលជាកត្តាស្នូលដើម្បីលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ចជាតិ៕

ស្ត្រី​ដែល​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក មិនមានជំ​ងឹ​កូ​វីដ​១៩​ទេ​

​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ ឈ្មោះ រ៉ូ​ស វី​រ៉ា ដែល​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ ហើយ​បង្ក​ការភ្ញាក់ផ្អើល​និង​រិះគន់​យ៉ាងខ្លាំង​នោះ ឥឡូវនេះ​ត្រូវបាន​មន្ត្រី​ជំនាញ​សុខាភិបាល​អះអាងថា ស្ត្រី​រូបនោះ​មិនមាន​ជំងឺ​កូ​វីដ​១៩​នោះទេ បន្ទាប់ពី​ចាប់​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព​ជាថ្មី​រយៈពេល១៤​ថ្ងៃ​នៅក្នុង​ខេត្តកំពង់ចាម​។

​តាម​សារព័ត៌មាន​ក្នុងស្រុក​ដែល​បាន​ដកស្រង់​សំដី​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មក​ចុះផ្សាយ​នៅថ្ងៃនេះ​ដោយ​លោក​បញ្ជាក់ថា បន្ទាប់ពី​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព​ជាថ្មី​រយៈពេល​១៤​ថ្ងៃ ហើយ​ពិនិត្យ​សុខភាព​ជាថ្មី​ចំនួន​ពីរដង​រួចមក ស្ត្រី​រូបនេះ​មិនមាន​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​នោះទេ​។ លោក​អភិបាលខេត្ត បាន​បន្ថែមថា ស្ត្រី​រូបនេះ​នឹងត្រូវ​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅថ្ងៃនេះ​ផងដែរ៕

 

ថ្ងៃនេះ ចិនរកឃើញករណីឆ្លង COVID-19 ថ្មី ជាង១០០នាក់ថែមទៀត

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន១០៥ករណីបន្ថែម។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។

គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ១០៥ករណីខាងលើនេះ ៩៦ករណីស្ថិតនៅតំបន់ស្វយ័តស៊ីជាំង (Xinjiang) ភាគពាយ័ព្យប្រទេស, ០៥ករណីនៅខេត្តលាវនីង (Liaoning) និងមួយករណីនៅប៉េកាំង ចំណែកឯ ០៣ករណីទៀតជាករណីនាំចូលពីបរទេស។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៨៤,១៦៥ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និង ៧៨,៩៥៧នាក់៕

 

រោងចក្រ​ផលិត​អគ្គិសនី​៤០០​មេ​ហ្កា​វ៉ា​ត់​នៅ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​សាងសង់​បាន​៩០%​ហើយ

ខេត្ត​កណ្ដាល ៖ អភិបាលខេត្ត​កណ្ដាល​កាលពី​ម្សិលមិញ​បានឱ្យដឹងថា រោងចក្រ​ផលិត​អគ្គិសនី នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល មាន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល ៤០០​មេ​ហ្គា​វ៉ា​ត់ ដំណើរការ​ដោយ​ប្រេង​ខ្មៅ ឧស្ម័ន និង​ហ្គាស លើ​ផ្ទៃដី​៤៣​ហិកតា មាន​អនុភាព​បំពេញបន្ថែម​សម្រាប់​ការប្រើប្រាស់​អគ្គិសនី​នៅ​ទូទាំងប្រទេស និង​មាន​អនុ​ស្ថានីយ​១​កន្លែង អនុភាព​២៣០​គីឡូវ៉ុល សម្រាប់​ផ្គត់ផ្គង់​ក្នុង​ខេត្តកណ្តាល​ទាំងមូល​បានសម្រេច​ការសាងសង់​បាន​៩០%​ហើយ ហើយក៏​គ្រោង​នឹង​ដាក់ឱ្យ​ដំណើការ​នៅ​ចុងខែ​សីហា ឆ្នាំ​២០២០​ខាងមុខនេះ។​

​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក រួមជាមួយ​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​អគ្គនាយក​អគ្គីសនី​កម្ពុជា និង​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ចុះ​ចំ​ពេញ​ដំណើរ​ទស្សនកិច្ច​ពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​រោងចក្រ​អគ្គិសនី​អនុភាព ៤០០​មេ​ហ្គា​វ៉ា​ត់ និង​អនុ​ស្ថានីយ​២៣០​គីឡូវ៉ុល ស្ថិតនៅ​ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ។​

​លោក កែវ រតនៈ បាន​ថ្លែងថា ដែរ​ថា សមិទ្ធផល​ដ៏​ធំធេង​ដែល​បាន​ផុស​ឡើង​នេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ជ្រើសរើស​ទឹកដី ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល ជាទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​សាងសង់ រោងចក្រ​អគ្គិសនី​នេះ​ឡើង​។​

​លោក កែវ រតនៈ បាន​បន្តថា ថាមពល​អគ្គិសនី ពិត​ជាមាន​សារបនរ​យោជន៍​ខ្លាំងណាស់ ក្នុង​ការជួយ​បង្កើន​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ការរីកចំរើន ដែល​មិនអាច​ខ្វះ​បានឡើយ ខណៈដែល​ក្រោយពេល​រោងចក្រ​អគ្គិសនី​ដ៏​ធំ និង​ថ្មី​សន្លាង​នេះ​បាន​ដំណើរការ យើង​នឹងមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ តាម​តម្រូវការ៕

 

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ករណី​ចាប់ជំរិត ​និង​រំដោះ​ជនរងគ្រោះ​ជនជាតិ​ចិន​ដូចគ្នា​ចំនួន​៣​នាក់

​​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជំរិត​ទារប្រាក់​ដោយបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ហើយ​បាន​រំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​ដូចគ្នា​បាន​ចំនួន​៣​នាក់។​

​សមត្ថកិច្ច​បញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ខាងលើនេះ ធ្វើឡើង​នៅ​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។ ប្រតិ​ប​ត្ត​ការ​នេះ​ធ្វើឡើង ដោយ​ទទួលបាន​ដំណឹង​ពី​ជនរងគ្រោះ ដែល​បាន​រត់​រួច ហើយ​ប្រាប់​គេ​ជួយ​ទើប​លោក​ដឹង ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ជួយ​តែម្តង ហើយ​ឃាត់​បាន​ជនជាតិ​ចិន ដែលជា​ជនដៃដល់​២​នាក់ និង​រំដោះ​ជនរងគ្រោះ​៣​នាក់ រួមទាំង​ដកហូត​បាន​សម្ភារ​សម្រាប់​ធ្វើ​សកម្មភាព​ជាច្រើន​ថែមទៀត ។​

​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​នៅក្នុង​ករណី​ខាងលើនេះ​នៅឡើយ​ទេ ខណៈដែល​សមត្ថកិច្ច​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕

 

ក្រសួងធនធានទឹកបញ្ជាក់ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនាថ្ងៃទី៣០កក្កដានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង
២- ទន្លេមេគង្គ-ក្រចេះ
៣- ទន្លេមេគង្គ-កំពង់ចាម
៤- ទន្លេបាសាក់-ចតុមុខ
៥- ទន្លេមេគង្គ-អ្នកលឿង
៦- ទន្លេបាសាក់-កោះខែល
៧- ទន្លេសាប-ព្រែកក្តាម
៨- ទន្លេសាប-កំពង់លួង៕