All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,០៨១,៥៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០៥,០៧៤នាក់ និងជាសះស្បើយឡើងវិញ ៣,៤៥៣,៦៣៦នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើនដដែល។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០០៧,២៣២នាក់ ស្លាប់ចំនួន ១១២,៤៦៩នាក់ និងជាសះស្បើយចំនួន ៧៥៨,៥១២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៦៩១,៩៦២នាក់ ស្លាប់ចំនួន ៣៦,៤៩៩នាក់ និងជាសះស្បើយ ៣០២,០៨៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៦៧,៦៧៣នាក់ ស្លាប់ ៥,៨៥៩នាក់ និងជាសះស្បើយ ២២៦,៧៣១នាក់៕

 

ទទួលទានទឹកពេលព្រឹកព្រហាម អាចជួយព្យាបាលជំងឺបានច្រើនយ៉ាង

លោកអ្នកប្រហែលជាងឿងឆ្ងល់ហើយថា គ្រាន់តែទទួលទានទឹកពេលព្រឹកព្រហាមសោះ ហេតុអ្វីអាចព្យាបាលជំងឺបានច្រើនមុខនោះ ។ ក៏ប៉ុន្តែវិធីសាស្ត្រ គឺបានសាកល្បងលើមនុស្សច្រើននាក់មកហើយ និងទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្តផងដែរ ។

យោងតាមសៀវភៅបោះផ្សាយនិងនិពន្ធដោយ លីវ អាប៊ុន នៅឆ្នាំ ២០០៩ បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនដោយសារតែសាម៉ីខ្លួនមានជំងឺប្រចាំកាយច្រើនមុខ និងត្រូវប្រើប្រាស់ថ្នាំជាប្រចាំ ។ ក៏ប៉ុន្តែក្រោយពីអនុវត្តន៍ការទទួលទានទឹកនៅព្រឹកព្រហាម និងបញ្ឈប់ការទទួលទានថ្នាំគ្រប់យ៉ាងក៏ស្រាប់តែលទ្ធផលដែលទទួលបានគឺ ជំងឺទាំងឡាយក្នុងក៏បានធូរស្រាលច្រើនក្នុងរយៈពេលប្រមាណ១ខែទៅ៣ខែ ។

នៅក្នុងសៀវភៅបោះផ្សាយនេះ ការទទួលទានទឹកពេលព្រឹកព្រហាមបានជួយព្យាបាលរោគដល់ទៅជាង៤០មុខក្នុងនោះរួមមាន ជំងឺកាចសាហាវៗផងដែរ ។ លទ្ធផលនៃការព្យាបាលរោគដោយការទទួលទឹកមានដូចជា ៖
១-រោគឈឺក្បាល
២-រោគលើសឈាម
៣-រោគខ្វះឈាម
៤-រោគខ្យល់ចាប់
៥-រោគខ្យល់បណ្ដាលអោយវៀចមាត់
៦-រោគសរសៃវិញ្ញាណ
៧-រោគស្លាប់ដៃជើង
៨-រោគរុម៉ាទិស(ឈឺសន្លាក់ដៃជើង )
៩-រោគធាត់ដុះពោះខ្លាញ់ច្រើន
១០-រោគរោយចុកសរសៃនិងឆ្អឹង
១១-រោគខ្សោយហ៊ឹងត្រចៀក
១២-រោគញ័របេះដូង
១៣-រោគរសេះរសោះដៃជោះង
១៤-រោគក្អក
១៥-រោគហឺត
១៦-រោគរលាករន្ធខ្យល់ក្នុងសួត
១៧-រោគរបេង
១៨-រោគរលាកខួរក្បាល
១៩-រោកឈឺថ្លើម
២០-រោគឈឺតម្រងទឹកមូត្រ (រ៉ាំង )
២១-រោគដុះថ្មក្នុងថ្លើម
២២-រោគជាតិជូរក្នុងក្រពះច្រើន
២៣-រោគក្រពះស្រុត
២៤-រោគមួលធ្លាក់ឈាម
២៥-រោគធ្លាក់ក្រសាលគូថ
២៦-រោគទល់លាមក
២៧-រោគឬសដូងបាត
២៨-រោគទឹកនោមផ្អែក
២៩-រោគទឹកនោមប្រៃ
៣០-រោគខ្សោយសរសៃចក្ខុវិញ្ញាណ
៣១-រោគឈឺភ្នែក
៣២-រោគភ្នែកចេញឈាម
៣៣-រោគស្ត្រីរដូវមិនទៀង
៣៤-រោគរាក់ស
៣៥-មហារីកស្បូន
៣៦-រោគមហារីកដោះ
៣៧-រោគរាលករន្ធច្រមុះ
៣៨-រោគឈឺបំពង់ក ….។
វិធីទទួលទឹកអោយត្រូវនឹងក្បួនតម្រាគឺនៅពេលព្រឹកព្រហាមភ្ញាក់ពីដំណេកភ្លាមត្រូវញ៉ាំទឹកអោយបាន១កែវធំរួចលើកដៃលើកជើងធ្វើចលនាមួយសន្ទុះ បន្ទាប់មកទទួលទាន២កែវធំទៀត រួចក៏អង្គុយធ្វើដងខ្លួនត្រង់ (លក្ខណៈដូចសម្មាធិ ) បន្ទាប់មកទទួលទានទឹកមួយកែវទៀត ។ បន្ទាប់ពីទទួលទានទឺកហើយ អាចងួតទឹក សម្អាតកាយលុបមុខមាត់ ជាធម្មតា ។

សម្រាប់អ្នកមិនធ្លាប់វាពិតជាពិបាកលេបណាស់ ព្រោះនៅព្រឹកព្រហាមមិនទាន់ដុះធ្មេញលុបមុខ ហើយមកត្រូវញ៉ាំទឹកច្រើនទៀត ក៏ប៉ុន្តែសូមព្យាយាមអនុវត្តន៍បន្តិចម្ដងៗ ដោយពីចំណុះទឹកទៅច្រើន នោះលោកអ្នកនឹងឃើញលទ្ធផលគួរជាទីពេញចិត្ត ៕

ប្រតិបត្តិករទេសចរ ជំរុញអោយពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងស្រុក ប្រសើរជាងទៅបរទេសក្នុងស្ថានភាពកូវីដ-១៩

ភ្នំពេញ ៖ ក្នុងពេលស្ថានភាពកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលអាក្រក់ទៅលើវិស័យផ្សេងៗ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យទេសចរណ៍ក៏បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ១៩នេះដែរ ដែលធ្វើអោយកម្ពុជាបាត់បង់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់លាន ហើយក៏បានធ្វើអោយបាត់បង់ចំណូលរាប់ពាន់លានផងដែរនោះ ប្រតិបត្តិករវិស័យទេសចរបានជំរុញអោយពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងស្រុកឡើងវិញដើម្បីទប់ស្កាត់ការធ្លាក់ចុះបន្តទៀតនៅក្នុងវិស័យនេះ ។

បើតាមលោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី០៦ មិថុនា ២០២០នេះ បានអោយដឹងថា បច្ចុប្បន្ននេះ វិស័យមួយជាច្រើនកំពុងប្រឈមនឹងបញ្ហាដោយសារតែវិបត្តិកូវីដ១៩ហើយវិស័យទេសចរណ៍ជាវិស័យមួយដែលរងគ្រោះធ្ងន់ផងដែរពីជំងឺកូវីដ១៩នេះ ជាក់ស្ដែងចាប់តាំងពីផ្ទុះជំងឺនេះនៅលើពិភពលោកកម្ពុជាបានបាត់បង់ភ្ញៀវទេសចរបរទេសរាប់លាននាក់ ដូច្នេះបើមិនមានវិធានការក្នុងការទប់ស្កាត់និងស្រោចស្រង់ឡើងវិញនោះទេ វានឹងបន្តបាត់បង់កាន់តែច្រើននិងប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំងផងដែរ ។

លោកបន្តថា ដើម្បីទប់ស្កាត់នូវកាត់ធ្លាក់ចុះនៃវិស័យទេសចរណ៍បន្តទៀតនោះ ក្នុងនាមជាប្រតិបត្តិករទេសចរមួយរូបនៅកម្ពុជាសម្រេចបង្កើតកញ្ចប់ទេសចរណ៍ក្នុងស្រុក និងអំពាវនាវអោយពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងស្រុកទៅកាន់គោលដៅទេសចរណ៍មួយចំនួនតាមបណ្ដាខេត្តសក្ដានុពលដូចជាខេត្តជាប់មាត់សមុទ្រ ខេត្តសៀមរាប និងខេត្តភូមិភាគឦសានជាដើម ។

លោកបន្ថែម ការបង្កើតកញ្ចប់សេវាកម្មទេសចរណ៍ក្នុងស្រុកនេះ ដោយសារតែអស់រយៈពេលប៉ុន្មានខែកន្លងមកហើយ ចាប់តាំងពីផ្ទុះកូវីដ១៩មកពលរដ្ឋកម្ពុជាជាច្រើននៅសំងំតែក្នុងផ្ទះឬទៅបំពេញការងារធម្មតា ដោយមិនបានធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសឬក៏តំបន់ទេសចរណ៍នានាក្នុងប្រទេសព្រោះតែមិនទាន់ទុកចិត្តស្ថានភាពកូវីដ១៩ ។ ហេតុដូច្នេះការបង្កើតកញ្ចប់ទេសចរណ៍នេះឡើងនឹងនាំពលរដ្ឋកម្ពុជាទៅកាន់រមណីយដ្ឋានថ្មីៗ មិនធ្លាប់មានដោយរមណីយដ្ឋានខ្លះជាលក្ខណៈឯកជនដូច្នេះបើសិនជាធ្វើដំណើរលក្ខណៈឯកជន ក៏មិនអាចចូលទស្សនាបានដែរជាក់ស្ដែងចំការម្រេចនៃក្រុមហ៊ុន La Plantation នៅខេត្តកំពតជាដើម ។ លោកថា៖« ការធ្វើដំណើរជាមួយកញ្ចប់សេវាទេសចរណ៍ក្នុងស្រុកនេះ អ្នករៀបចំនឹងគិតគូរម៉ត់ចត់ពីវិធានការការពារទៅតាមក្រសួងសុខាភិបាល ដោយក្នុងនោះ រថយន្តដែលធ្លាប់ផ្ទុក៣០នាក់មកផ្ទុកត្រឹម១៥នាក់ និយាយរួមគឺត្រូវកាត់បន្ថយជាងពាក់កណ្ដាល ហើយមុននឹងឡើងរថយន្តតម្រូវអោយស្ទង់កំដៅក្នុងខ្លួនលាងអាល់កុល និងចែកម៉ាស់ជូនម្នាក់១ឬពីរក្នុងមួយថ្ងៃ ដើម្បីអោយគាត់ប្រើប្រាស់ » ។

បើតាមលោកឈុន មករា អគ្គលេខាធិការរងនិងជាប្រធាននាយកដ្ឋានគ្រប់ក្រងទីភ្នាក់ងារមគ្គុទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថាក្នុងពេលកម្ពុជាផ្ទុះជំងឺកូវីដ១៩ អាជីវកម្មមួយត្រូវបានបិទដើម្បីទប់ស្កាត់ការចម្លងនៃជំងឺនេះ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានប្រកាសបិទតំបន់ទេសចរណ៍ណាមួយឡើយ ដូច្នេះភ្ញៀវទេសចរនៅតែអាចធ្វើដំណើរកម្សាន្តនិងចូលស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ព្រមទាំងចូលភោជនីយដ្ឋានទទួលទានអាហារជាធម្មតា ។ យ៉ាងណាក៏ដោយរដ្ឋាភិបាលក៏បានប្រកាសអោយអាជីវកម្មដែលនៅបម្រើការធម្មតា ត្រូវអនុវត្តន៍វិធានការការពារជំងឺកូវីដ ១៩ អោយបានម៉ត់ចត់ផងដែរ បើសិនជាមិនព្រមធ្វើតាមអាចនឹងមានការបិទជាបន្តបន្ទាប់ ។

លោកបន្តថា កញ្ចប់សេវាកម្មទេសចរណ៍ដែលបង្កើតឡើងដោយប្រតិបត្តិករទេសចរក្នុងស្រុក នឹងជួយចិញ្ចឹមអ្នកផ្ដល់សេវាទេសចរណ៍មួយចំនួនដើម្បីទប់ទល់នឹងការចំណាយរបស់ខ្លួនក្នុងពេលវិបត្តិនេះ ខណៈភ្ញៀវទេសចរបរទេសមកកម្ពុជាស្ទើរតែធ្លាក់១០០ភាគរយទៅហើយ ។ លោកថា៖«ចាប់តាំងពីមានវិបត្តិកូវីដ១៩ តាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោកបានអោយដឹងថា វិស័យទេសចរណ៍បានបាត់បង់ចំណូលប្រមាណ៨០ពាន់លានដុល្លារអាមេរិក ក្នុងនោះភ្ញៀវទេសចរបានធ្លាក់ចុះប្រមាន៦០លាននាក់ផងដែរ ។ ដោយឡែកកម្ពុជា របាយការណ៍ត្រឹមខែមេសា កម្ពុជាទទួលបានទេសចរអន្តរជាតិតែជាង១,១៦លាននាក់ប៉ុណ្ណោះធ្លាក់ចុះ៥២ភាគរយបើធៀបនឹងឆ្នាំ ២០១៩ »។

លោកបញ្ជាក់ផងដែរថា សម្រាប់ទេសចរក្នុងស្រុកដែលចង់ធ្វើដំណើរកម្សាន្តនិងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅតាមតំបន់ទេសចរណ៍នានា គឺជាឱកាស ដោយសារតែពេលនេះតម្លៃស្នាក់នៅសណ្ឋាគារក៏មានកម្រិតទាប ព្រោះតែមិនមានភ្ញៀវ ហើយកញ្ចប់ទេសចរណ៍ក៏មានតម្លៃសមរម្យអាចអោយពលរដ្ឋមានលទ្ធភាពធ្វើដំណើរកម្សាន្តបានច្រើន ៕

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីទៀតលើបុរសខ្មែរមកពីប្រទេសបារាំង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះថា មានករណីវិជ្ជមានកូវីដ១៩ ថ្មីមួយករណីទៀត កាលពីថ្ងៃទី៦ ខែមិថុនា។ ករណីថ្មីនេះ កើតលើបុរសជនជាតិខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩នៅថ្ងៃទី០៦ ខែមិថុនា។

សូមបញ្ជាក់ថា អ្នកមានវីរុសកូវីដ១៩ទាំងអស់នៅកម្ពុជា ដែលបានរកឃើញ គឺមាន ១២៦នាក់ ក្នុងនោះ ១២៣នាក់ បានជាសះស្បើយ និង ៣នាក់ទៀត កំពុងសម្រាកព្យាបាល៕ 

អាជ្ញាធរខេត្តកំពង់ចាមចុះណែនាំពីការប្រើស្លាកយីហោអក្សរខ្មែរនិងបរទេស

ដោយ ប៉ែន សុផល

កំពង់ចាម ÷ ក្រុមការងារត្រួតពិនិត្យ​ ការដាក់តាំងផ្សព្វផ្សាយផ្សេងៗ ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ បានចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្ម​ ក្នុងក្រុងកំពង់ចាម​ ដេីម្បី​ពន្យល់ណែនាំ​ អំពីច្បាប់ លេីការលើកស្លាកអាជីវកម្ម​ ដោយ​អនុលោមតាមច្បាប់។

លោក​ ឈាង​ បូរិន​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​ គោលបំណងដែលក្រុមការងារចុះត្រួតពិនិត្យនេះ​ ១.ស្លាកអាជីវកម្មដែលបានលើកជាភាសាបរទេស ដែល មិនត្រឹមត្រូវតាមច្បាប់កំណត់។

២.ត្រួតពិនិត្យអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនប័ត្រចុះបញ្ជី ពាណិជ្ជកម្ម។

៣.ជំរុញលើកស្លាកអាជីកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងជំរុញឲ្យអាជីកម្មមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ។

លោក​ ឈាង​ បូរិន​ បាន​បន្តថា​ ការ​ចុះ​អនុវត្ត​នេះ​ ក្រុមការងារបានត្រួតពិនិត្យអាជីវកម្ម​ ចំនួន០៨ទីតាំង​ ដែលសរសេរជាភាសាបរទេស ក្នុងនោះ១ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចំណែក៧ទីតាំងផ្សេងទៀត​ មិនទាន់បានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងសរសេរជាភាសាបរទេសដែលមិនត្រឹមត្រូវតាមច្បាប់កំណត់។​

លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ បាន​បញ្ជាក់​ថា​ ក្នុង​ការ​ចុះ​អនុវត្ត​នេះ​ដែរ​ ក្រុមការងារបានពន្យល់ណែនាំ​ អំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងធ្វើកិច្ចសន្យាដោយទុករយៈពេល ៣០ថ្ងៃ​ ក្នុងការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម និងកែសម្រួលស្លាកយីហោឲ្យបានត្រឹមត្រូវ។​

ជាមួយ​គ្នា​នោះ​ ម្ចាស់អាជីវកម្មទាំង៧ទីតាំង បានសន្យាអនុវត្តតាមកិច្ចសន្យា​ ដែលបានកំណត់ និងអរគុណដល់ក្រុមការងារបានណែនាំ ពីការប្រកបអាជីវកម្មដែលអនុលោមតាមច្បាប់​ផងដែរ​ ៕ 

ប្រេស៊ីលគំរាមដកខ្លួនចេញពី អង្គការសុខភាពពិភពលោក (WHO)

ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានគំរាមកាលពីថ្ងៃសុក្រ (៥ មិថុនា) ដើម្បីដកចេញពីអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីអង្គការអន្តរជាតិមួយនេះបានព្រមានប្រេស៊ីលអំពីការដកវិធានការរឹតត្បិតលឿនពេក ខណៈដែលជំងឺ COVID-19 មិនទាន់ធូរស្រាលផងនោះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

ការព្រមានដោយអង្គការ WHO និងការគំរាមដកខ្លួនចេញពីអង្គការមួយនេះ ដោយប្រទេសប្រេស៊ីល បានកើតមានឡើងបន្ទាប់ពីកាសែត ហ្វូឡា ដឺ សៅប៉ូឡូ (Folha de S.Paulo) បានចុះផ្សាយអត្ថបទមួយនៅទំព័រមុខរបស់ខ្លួនថា «១០០ថ្ងៃកន្លងមកហើយ… វីរុសដែលលោក បូលសូណារ៉ូ ចាត់ទុកថាជាជំងឺផ្តាសាយតូចតាចនោះ បានផ្តាច់ជីវិតប្រជាជនប្រេស៊ីលរៀងរាល់នាទី។ អំឡុងពេលដែលលោកអ្នកអានកាសែតនេះ ប្រជាជនប្រេស៊ីលម្នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសកូរ៉ូណា»។

សេចក្តីរាយការណ៍អំពីស្ថានភាពជំងឺ COVID-19 នៅប្រេស៊ីលកាលពីថ្ងៃសុក្រ បានធ្វើឲ្យប្រទេសអាមេរិកឡាទីនមួយនេះឡើងទៅឈរលេខ៣ ក្នុងនាមជាប្រទេស មានករណីស្លាប់ ច្រើនជាងគេលើលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ខណៈចំនួនករណីឆ្លងវិញគឺប្រទេសនេះបានឈរនៅលេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕

 

លោក ត្រាំ បញ្ជាឲ្យដកកងទ័ពអាមេរិកទ្រង់ទ្រាយធំ ចេញពីប្រទេសអាល្លឺម៉ង់

អឺរ៉ុប ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាដកកងទ័ពចំនួន ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលប្រការដែលទំនងជាបង្កើនក្តីបារម្ភនៅអឺរ៉ុបទាំងមូលអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារទ្វីបនេះ។ បើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣៤,៥០០ នាក់ មកនៅត្រឹម ២៥,០០០នាក់ប៉ុណ្ណោះ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧។

ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹង រវាងលោកផ្ទាល់ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាំងហ្គែឡា មើគែល (Angela Merkel) ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានមួយរយៈ ហើយស្ត្រីដ៏មានឥទ្ធិពលបំផុតលើពិភពលោករូបនេះ ក៏ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ដូណាល់ ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់លើកទឹកដីអាមេរិកនោះផងផែរ៕

 

រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន នៅកោះកុងក្រៅ ខេត្តកោះកុង

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង ដែលមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន៨រូបផ្សេងទៀត។

គណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុនកោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យអភិវឌ្ឍន៍តាម សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី៕

 

ផ្លូវក្រាលកៅស៊ូ AC ចំនួន៧ខ្សែ និងសំណង់សិល្បការតាមដងផ្លូវ បានបើកការដ្ឋានជួសជុលជាស្ថាពរ

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានប្រកាសឲ្យដំណើរការការដ្ឋានជួសជុលផ្លូវAC ចំនួន ៧ ខ្សែប្រវែងសរុប ២.៤២៤ ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ក្នុងពិធីបើកការដ្ឋាននេះ លោកអភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា នេះជា ការឆ្លើយតបចំពោះសេចក្តីត្រូវការបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល។ ព្រោះផ្លូវទាំងនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរដ្ឋបាលខេត្ត ប្រើប្រាស់ធនធានដែលមាន ដើម្បីជួសជុលផ្លូវនេះឱ្យមានសភាពល្អប្រសើរឡើងវិញ ព្រោះថាផ្លូវទាំងនេះ បម្រើឲ្យការធ្វើដំណើរ ការដឹកជញ្ជូនកសិផល របស់បងប្អូន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើកការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រទេសយើងមានសុខសន្តិភាពដូចបច្ចុប្បន្ន ទើបទើបយើងមានឱកាសអភិវឌ្ឍន៍ កសាងផ្លូវលំ ផ្លូវថ្នល់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដូចសព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបញ្ជាក់ថា មានសន្តិភាពទើបមានអ្វីៗដូចពេលនេះ ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតដែរថា ក្រោយផ្លូវទាំង ៧ខ្សែនេះ បានជួសជុលរួច សូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សា និងប្រើប្រាស់ផ្លូវទាំងនេះឲ្យបានគង់វង្សយូរអង្វែង៕

៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញផ្លែម្ទេសស្រស់ទៅប្រទេសថៃ សម្រេចបានជាង៣ម៉ឺនតោន

ភ្នំពេញ ៖ នៅរយៈពេល៥ខែដំបូងឆ្នាំ២០២០នេះ កម្ពុជានាំចេញផ្លែម្ទេសស្រស់ទៅកាន់ប្រទេសថៃ សម្រេចបានជាង៣ម៉ឺនតោន ដែលចំនួននេះមានកើនយ៉ាងខ្លាំងបើធៀបនឹងឆ្នាំកន្លងទៅ។ នេះបើការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់។ ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១,០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១,៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១,៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥,៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥,៥១៣ តោន។ ដោយឡែក ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០,៨៥២តោន»។

សូមជម្រាបថា ប្រជាជនថៃនិយមចូលចិត្ត ពិសាម្ទេសជាអាហារប្រចាំថ្ងៃរបស់ខ្លួន ដែលតម្រូវការនេះធ្វើឲ្យកម្ពុជា មានឱកាសអាចនាំចេញទៅប្រទេសនេះបាន ដើម្បីបំពេញការខ្វះខាត។ ម្ទេសដែលកម្ពុជានាំចូលទៅថៃភាគច្រើនជាម្ទេសដៃនាង និងម្ទេសអាចម៍សត្វ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត៧លាននាក់ ស្លាប់ជិត៤០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៨២៦,៩៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៩៧,៤៣៣នាក់ និងជាសះស្បើយឡើងវិញ ៣,៣១២,៩២៤នាក់។

គេហទំព័រដដែលបានបង្ហាញទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើនដដែល ខណៈដែលសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩៥៣,៤១៩នាក់ ស្លាប់ចំនួន ១១១,៣៨១នាក់ និងជាសះស្បើយចំនួន ៧១៩,៥១៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៦៤៥,៨២៦នាក់ ស្លាប់ចំនួន ៣៥,០៤០នាក់ និងជាសះស្បើយ ២៨៨,៦៥២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៤៩,៨៣៤នាក់ ស្លាប់ ៥,៥២៨នាក់ និងជាសះស្បើយ ២១២,៦៨០នាក់៕

 

កងពលតូចអន្តរាគមន៍លេខ៧ប្រចាំខេត្តព្រះវិហារ ដាំកូនស្វាយលើផ្ទៃដី ២៥ហិកតា

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានដឹងនាំកម្លាំង នាយទាហាន នឹងពលទាហាន ដើម្បីចុះធ្វើសកម្មភាពការបង្ករបង្កើនផលដាំកូនស្វាយ កែវមាឌ លើផ្ទៃដីចំនួន២៥ ហិកតា រួមទាំងតំណាំផ្សេងៗ ព្រោះតំណាំទាំងអស់នេះ អាចជួយសំរួលដល់អង្គភាពរួមទាំងជីវភាពគ្រូសារ របស់បងប្អូនគ្រួសារកងទ័ព អោយកាន់តែមាន ប្រសើរឡើង ។

ទាំងអស់នេះក្រោមការដឹកនាំខិតខំប្រឹងប្រែងរបស់លោកឧត្តមសេនីយ៍ ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួុមនឹងឯកឧត្តម មេបញ្ជារការ រង ធ្វើអោយអង្គភាពទាំងមូល មានការរីកចំរើន ពីរ១ឆ្នាំ ទៅ១ឆ្នាំ គួរអោយកត់សំគាល់ ក្នុងការងារបង្ករ បង្កើនផល រួមទាំងការងារ ក៍សាងក្នុងអង្គភាព។

លោកក៍បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ត្រូវធ្វើការអនាម័យអោយបានគ្រប់ៗគ្នា លាងដៃនឹងទឹកសំលាប់មេរោគ ជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយពិសេសត្រូវសម្រាកក្នុងមុង ធ្វើការសំអាតអនាម័យជុំវិញផ្ទះ អោយបានស្អាតព្រោះរដូវនេះគឺជារដូវភ្លៀងធ្លាក់ សត្វមូសសំបូរណាស់ ដូចឆ្នេះយើងត្រូវចូលរួមទប់ស្កាត់ការពារទាំងអស់គ្នា ដើម្បីជៀសវាងពីរជំងឺគ្រុនចាញ់ផងដែរ ៕ កូវ ប៊ុនហេង

ចាប់ខ្លួនមេប៉េអឹមប្រឆាំងគ្រឿងញៀនខេត្តតាកែវ រឹបអូសថ្នាំញៀន២ គ.ក្រ. កាំភ្លើងខ្លី២ដើម

ខេត្តតាកែវ ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះធ្វើការចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលមានឋានន្តរសក្តិ័ វរសេនីយ៍ត្រី និងមានតួនាទីជានាយការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀន២គីឡូក្រាម ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជនសង្ស័យមានឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី និងមានតួនាទីជានាយការិយាល័យបទល្មើសគ្រឿងញៀន ។ ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ បានធ្វើសកម្មភាពជួួញដូរគ្រឿងញៀន ត្រូវបានកម្លាំងចាប់ឃាត់ខ្លួនបាន ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម ។

បន្ទាប់មកកម្លាំងបានបន្តចុះសហការ ទៅឆែកឆេរផ្ទះរបស់ជនសង្ស័យចំនួន២ទីតាំង ៖
ទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។

ទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងគ្រឿងញៀន២គីឡូក្រាម រួមទាំងអាវុធ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេសអាស៊ានបូកបី

 

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងកូវីដ១៩ ដែលរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០៤ មិថុនា ២០២០នេះ ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក ត្រាន់ ទាន់ អាន់ (Tran Tuan Anh) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជប៉ុន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការអាស៊ានផងដែរ ដោយទទួលបានលទ្ធផលសំខាន់ៗមួយចំនួន ។

ខ្លឹមសារទាំងនោះរួមមាន ១) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលកិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើសំណើក្នុងការបង្កើតគណៈកម្មការពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និងពិភាក្សាលើការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប៉ាន សូរស័ក្តិ បានចែករំលែក និងផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកក្នុងការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រើប្រាស់ឧស្សហកម្ម៤.០ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ ។

២) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី ដោយបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឱ្យមានការឆ្លើយតបដ៏រហ័ស និងស្របគ្នា និងកិច្ចសហការគ្នាតាមរយៈយន្តការអាស៊ានបូកបី ដែលមានស្រាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងបានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ១៩ តាមរយៈជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងគ្រូពេទ្យ ជាដើម ៕

ជប៉ុនផ្ដល់ជំនួយឥតសំណង ៤១,៤លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងចំនួន ៣នៅកម្ពុជា

ភ្នំពេញ ៖ ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃសុក្រទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤.៥០១ លានយ៉េន ប្រមាណជា៤១,៤លានដុល្លារ អាមេរិក សម្រាប់អនុវត្តគម្រោងចំនួនបីនៅកម្ពុជា នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ។

ចំពោះគម្រោង ដែលត្រូវអនុវត្តន៍ ឯកអគរដ្ឋទូតជប៉ុន ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ គម្រោងទី១.គឺធ្វើឱ្យប្រសើរឡើង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានទឹកប្រាក់ចំនួន២.១៥៣លានយ៉េនប្រមាណ១៩,៦លានដុល្លារអាមេរិក ដើម្បីសាងសង់អគារពេទ្យនិងការតម្លើងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗ។គម្រោងទី២គឺកម្មវិធីអាហារូបករណ៍សំរាប់ការអភិវឌ្ឍន៍ធនធានមនុស្សមានទឹកប្រាក់ចំនួន៣៤៨លានយ៉េនប្រមាណ៣,២លានដុល្លារអាមេរិក ដើម្បីផ្តល់ឱកាសដល់មន្រ្តីកម្ពុជាវ័យក្មេងឱ្យទៅសិក្សានៅថ្នាក់ក្រោមឧត្តមសិក្សានៅប្រទេសជប៉ុន ហើយចាប់តាំងពីឆ្នាំ២០០១មន្រ្តីកម្ពុជាជាង៤០០នាក់បានទៅសិក្សានៅប្រទេសជប៉ុនក្រោមគម្រោងនេះ និងគម្រោងទី៣ គឺកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រ សម្រាប់ការការពារនិងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ចំនួន២.០០០លានយ៉េន ប្រមាណ១៨,៤០លានដុល្លារអាមេរិក។

ឯកអគ្គរដ្ឋទូតជប៉ុនសង្ឃឹថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសរថែមទៀត។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយដ៍មានសារៈសំខាន់ ក្នុងការរួមចំណែកស្ដារ និងអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើនរួមមាន ៖ ការបោសសំអាតមីន ,ការលើកកម្ពស់ សុខភាព អនាម័យជនបទ,ផ្គត់ផ្គង់ទឹកស្អាត, បណ្ពោះបណ្ដាលធនធានមនុស្ស ,វិស័យវប្បធម៌ , វិស័យអប់រំ ប្រព័ន្ធគមនាគមន៍ ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។

គួររំលឹកថាកាលពីថ្ងៃទី២៤ខែមីនាឆ្នាំនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានសរុបចំនួន៣៤.១៣៨លានយ៉េនប្រមាណ៣១០លានដុល្លារអាមេរិក សម្រាប់ ពង្រីកការផ្គត់ផ្គង់ទឹក នៅក្រុងតាខ្មៅ ការបោសសំអាតមីន និងជំនួយសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនិងការធ្វើឲ្យប្រសើរឡើងនៃផ្លូវជាតិលេខ៥៕