All posts by មេគង្គ ប៉ុស្តិ៍

គិតត្រឹមថ្ងៃទី២០កក្កដា ការបើកប្រាក់ឧបត្ថម្ភ​ជូន​ពល​រដ្ឋ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ បានចំនួន៥៣ម៉ឺនគ្រួសារ

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានគូស​បញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បាន​ចំនួនប្រមាណជា៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់​ប្រាក់ជូន​គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាល​ពី​ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា លោក វង សូត បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ​មូល​ដ្ឋាន សូមជូន​ដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលនៅសេសសល់មិនទាន់​បាន​បើក​ប្រាក់ សូម​អញ្ជើញរួសរាន់មកបើកឱ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបាន​អនុវត្ដន៍ ពីថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋ​មន្រ្ដីបានបន្ដថា សម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា(ជុំទី១) ក៏​សូមអញ្ជើញ​ទៅ​បើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះ​ជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្នាក់ងារ​វីង​តែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសាលាឃុំ សង្កាត់៕

 

ក្រសួងធនធានទឹកបន្តអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

 

 

សម្តេច ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករនៅស្រុកព្រៃកប្បាស

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមរយៈហ្វេសប៊ុក សម្តេចតេជោបានសរសេរថា ៖ «នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ»។

សម្តេចបន្តថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។

សម្តេចបន្តទៀតថា ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៊ីន​៕

 

រុស្ស៊ី ៖ ការធ្វើ​តេស្ត​វ៉ាក់សាំង​កូ​វីដ​១៩​លើ​មនុស្ស​ទទួលបាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​

​រុស្ស៊ី ៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការធ្វើ​តេស្ដ​វ៉ាក់សាំង COVID-19 លើ​មនុស្ស ដែល​អភិវឌ្ឍ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ​ជំងឺឆ្លង និង​មីក្រូ​សារពាង្គកាយ​រុស្ស៊ី Gamaleya រួមគ្នា​ជាមួយ​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បិទ​បញ្ចប់​ហើយ​នៅឯ​មន្ទីរពេទ្យ​យោធា Burdenko ដោយ​លទ្ធផល​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​គុណភាព​គួរឱ្យ​ទុកចិត្តបាន​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក Sergey Borisevich ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​កណ្តាល​ទី ៤៨ នៃ​ក្រសួង​បាន​ប្រាប់​កាសែត Krasnaya Zvezda ថា ការធ្វើ​តេស្ដ​វ៉ាក់សាំង COVID-19 លើ​មនុស្ស​នៅ​រុស្ស៊ី​បានបញ្ចប់​ហើយ នៅឯ​មន្ទីរ​ព​ទ្យ Burdenko នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ក្រុម​អ្នកចូលរួម​ស្ម័គ្រចិត្ត​ទី ២ និង​ចុងក្រោយ មាន​សមាជិក ២០​នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។​

​លោក Borisevich បាន​បញ្ជាក់ថា ក្រុម​អ្នកស្រាវជ្រាវ​នៅ​ត្រូវការ​ពេល​សិក្សា​ជាច្រើន​ទៀត ប៉ុន្តែ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​នេះ​បាន​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​គុណភាព​គួរឱ្យ​ទុកចិត្តបាន ដោយសារតែ​វា​អាច បង្កើត​អង់​ទីករ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​៕

 

អូស្ត្រាលីប្រកាសថា ​ត្រូវការ​ពេលវេលា​ច្រើន​សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩

អូស្ដ្រាលី ៖ មន្ត្រី​សុខាភិបាល​ស្តីទី​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ទី​២០ ខែកក្កដា​ថា ការផ្ទុះ​ជំងឺឆ្លង COVID-19 យ៉ាងគំហុក​នៅក្នុង​រដ្ឋ និង​ទីក្រុងធំ​បំផុត​លំដាប់​លេខ២ របស់​ប្រទេស​អូស្ត្រាលី គឺ​កំពុងតែ​បង្កក្តី​ព្រួយបារម្ភ​ជាខ្លាំង ខណៈ​រដ្ឋាភិបាល​អូស្ត្រាលី​ទើបតែ​ប្រកាសថា ខ្លួន​ត្រូវការ​ពេល​ច្រើន​សប្តាហ៍​ទៅមុខទៀត ទើប​អាច​ទប់​ទល់នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA​។​

​ជំងឺ COVID-19 បាន​ផ្ទុះឡើង​យ៉ាងខ្លាំង​នៅ​រដ្ឋ Victoria ភាគ​អាគ្នេយ៍​អូស្ត្រាលី ដោយ​ក្នុងនោះ​ក៏មាន​ទីក្រុង​មែ​ល​ប៊​ន ផងដែរ​។ កាលពី​ថ្ងៃ​ច័ន្ទ​រដ្ឋ Victoria បាន​បំបែក​កំណត់ត្រា​មាន​អ្នក​ឆ្លង COVID-19 ច្រើន​បំផុត​រហូតដល់​ទៅ ៤៣៨​នាក់​ក្នុង​មួយថ្ងៃ ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​រឹតតែ​ខ្លាំង ចំពោះ​ការបន្ត​ផ្ទុះ​ជំងឺ​នេះ​ឆ្លង​នេះ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​។ រដ្ឋាភិបាល Victoria បាន​បញ្ជា​ឱ្យ​ប្រជាជន​ទាំងអស់​ពាក់​ម៉ាស ឬ​បិទមុខ​របស់​ពួកគេ ឲ្យ​ជិត​នៅពេល​ចេញពីផ្ទះ ដើម្បី​បង្ការ​ឲ្យ​កុំ​ឲ្យ​ឆ្លង ឬ​ចម្លង COVID-19 ទៅកាន់​អ្នកដទៃ​។​

​មន្ត្រី​សុខាភិបាល​ស្តីទី​លោក Paul Kelly បាន​និយាយថា​វា​នឹង​ចំណាយពេល “​ច្រើន​សប្តាហ៍​” ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នេះ នៅពេលដែល​គេ​មើលឃើញ អត្រា​ឆ្លង​កើនឡើង​វិញ​ជា​បណ្តើរៗ​។​ សូមជម្រាប់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​នៅ​ប្រទេស​អូស្ដ្រាលី​មាន​ជាង ១២,០០០​នាក់ ក្នុងនោះ​ស្លាប់ ១២៣​នាក់ និង​ជាសះស្បើយ​វិញ​ជាង ៨,៤០០​នាក់​៕

 

ពលរដ្ឋចំនួន៣១គ្រួសារទាមទារអោយអាជ្ញាធរខេត្តផ្តល់បណ្ណក្រីក្រដល់ពួកគាត់

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៣១គ្រួសារមកពីសង្កាត់ភ្នៀតនិងឃុំសំបួរបានឡើងមកសាលាខេត្តបន្ទាយមានជ័យដើម្បីសុំឲ្យអាជ្ញាធរផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់ខណៈពួកគាត់អ្នកក្រពិតអត់បណ្ណ័ឯអ្នកមានកំរិតមធ្យមមានបណ្ណ័ក្រីក្រ។
ការស្នើសុំនេះធ្វើឡើងនៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។
លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍ថាក្នុងនាមលោកជាអភិបាលរងខេត្តគាត់ទទួលស្គាល់ថាប្រជាពលរដ្ឋទាំង៣១គ្រួសារនេះមិនដឹងថាជាគ្រួសារក្រីក្រពិតប្រាកដរឺយ៉ាងណានោះទេ។លោកបានបន្តថាតែប្រជាពលរដ្ឋទាំង៣១គ្រួសារនេះក៏មិនត្រូវឡើងមកខេត្តសុំប័ណ្ណក្រីក្រពីខេត្តនោះដែរព្រោះសំអាងថា មេភូមិ មេ ឃុំ ចៅសង្កាត់ជាភ្នែកច្រមុះរបស់ខេត្តធ្វើអ្វីមួយពិតជាសុក្រិតត្រឹមត្រូវណាស់។លោកបានបន្តថាប្រជាពលរដ្ឋទាំង៣១គ្រួសារនេះគាត់និងទទួលយកទាំងអស់តែអំណោយចែកជូនតាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តវិញតែអារឿងសុំប័ណ្ណក្រីក្រនោះទុកឲ្យប្រធានមន្ទីរផែនការចុះធ្វើអត្តសញ្ញាណកម្មឲ្យបានពិតប្រកដសិន។គួបញ្ជាក់ផងដែរថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាព ក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺធ្វើការងារធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្តេចបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុក ដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការ
ឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួល បាននូវប្រាក់ឧបត្ថម្ភនេះ។ចំណែកលោកស្រី ព្រំសុីណាត ប្រធានមន្ទីរផែនការខេត្តបាននិយាយថានៅថ្ងៃទី២១ ខែកក្កដា នេះ លោកស្រីនិងចុះធ្វើអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារហើយ ខណៈដែលបានអះអាងថាជាគ្រួសារក្រីក្រពិតប្រាកដ។
សូមបញ្ជាក់ផងដែរថាលក្ខណ័ដែលទទួលបានប័ណ្ណក្រីក្រពិតនោះគឺប្រជាពលរដ្ឋ រស់នៅឯកកោគ្មានកូនទីពឹង គ្មានផ្ទះសម្បែងពិត មានជីវភាពតោកយ៉ាក ទើបជាប់ជាជនក្រីក្រពិតប្រាកដអាចទទួលបានប័ណ្ណក្រីក្រនេះបាន៕

តួអង្គ «​តា​ជូជក់​» ​ក្នុង​រឿង « ព្រះមហា​វេសន្តរជាតក » ទទួលមរណភាព ក្នុង​វ័យ​ជាង​៨០​ឆ្នាំ​

ភ្នំពេញ ៖ វិ​រ​សិល្បករ​ជើងចាស់​ដ៏​មាន​ទេពកោសល្យ​ និង​ល្បីឈ្មោះ​ក្នុង​វិស័យ​សិ​ល្បៈ​នៅ​កម្ពុជា​លោក ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​នៃ​ការសម្តែង​ជា​តួអង្គ « តា​ជូជក់ » ក្នុង​យីកេរ រឿង​ព្រះមហា​វេសន្តរជាតក​នោះបាន​ទទួលមរណភាព​ ក្នុង​វ័យ​ជាង​៨០​ឆ្នាំ ដោយ​រោគាពាធ។​

​តាម​ព័ត៌មាន​ទទួលបាន​វរ​សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​រូបនោះ​បានទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ ខណៈ​នៅវេលា​ម៉ោង ៩​ព្រឹក​នេះ សាច់ញាតិ និង​ក្រុមគ្រួសារ យក​សព​របស់លោក ព្រឹ​ទ្ធា​ចា​រ្យ​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត ឫស្សី​ស្រស់ រាជធានី​ភ្នំពេញ​។​

​មរណភាព​វរ​សិ​ល្ប​ករ​ជើងចាស់​រូបនោះ​គឺជា​ការបាត់បង់​ធនធានមនុស្ស​ផ្នែក​វិស័យ​សិ​ល្បៈ​នៅ កម្ពុជា​ដែល​គ្រប់គ្នា​សូម​សម្តែង​នូវ​ការសោកស្តាយ​និង​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ហើយ​បួងសួង​សូម​វិញ្ញាណ​ក្ខ​ន្ធ័​លោក​ទៅកាន់​សុគតិភព៕

 

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​២២​ករណី​បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃនេះ​

​ចិន ៖ គណៈកម្មការ​សុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា​ប្រទេស​ចិន​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២២ ករណី​បន្ថែមទៀត​កាលពី ថ្ងៃអាទិត្យ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​មាន​១៦​ករណី​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងអស់​ខាងលើ​គឺមាន​១៧ ករណី​ជា​ករណី​ឆ្លង​ក្នុងស្រុក​ដែល​បាន​រកឃើញ​ក្នុង​តំបន់​ស្វ័យ​ត Xinjiang ភាគ​ខាងលិច​។ ​ចំណែក ៥ ករណី​ទៀត​ជា​ករណី​នាំចូល​ដែល​ពាក់ព័ន្ធ​នឹង​ជនបរទេស​។ ប្រទេស​ចិន​ក៏បាន​រាយការណ៍​ថា​មាន​អ្នកជំងឺ​មិន​បញ្ចេញ​រោគសញ្ញា​ថ្មី​ចំនួន​១៣​ករណី​ផងដែរ បើ​ប្រៀបធៀប​កាលពី​ថ្ងៃមុន​មាន ៤២ ករណី។​

​អាជ្ញាធរ​សុខាភិបាល​បាន​និយាយថា​គិត​មកដល់​ថ្ងៃអាទិត្យ​នេះ​ប្រទេស​ចិន​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប ៨៣.៦៨២ នាក់​ដែល​ត្រូវបាន​បញ្ជាក់​។ ចំនួន​អ្នកស្លាប់​នៅតែមាន​ចំនួន ៤.៦៣៤ នាក់​៕

 

អារ៉ាប់រួម បាញ់បង្ហោះ​យានអវកាស​ទៅភពអង្គារ ចេញពី​កោះមួយនៅជប៉ុន

ជប៉ុន ៖ យានអវកាស​របស់​អារ៉ាប់រួម បាននឹង​កំពុងធ្វើដំណើរឆ្ពោះទៅភពអង្គារ​ហើយ ​ក្រោយបាញ់បង្ហោះចេញពីកោះ Tanegashima ប្រទេសជប៉ុន នាព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០។ នេះជាបេសកកម្ម​រុករកភព​ដំបូងហើយ ​របស់​ពិភព​អារ៉ាប់។ នេះបើយោងតាមសារព័ត៌មានចិន CGTN។

យានអវកាស​ដែលមានឈ្មោះថា «Amal ឬ HOPE» គ្រោង​នឹង​ធ្វើដំណើរ​រយៈពេល ៧ខែ ចម្ងាយ ៥០០លានគីឡូម៉ែត្រ ដើម្បីទៅដល់ភពអង្គារ ពោលគឺ​រំពឹងថានឹង​ទៅដល់​ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ​២០២១ ដែលត្រូវ​ជាខួប ៥០ឆ្នាំ​នៃការបង្កើតប្រទេស។

យាន HOPE ​ត្រូវបាន​បាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែត H-IIA F42 របស់​ក្រុមហ៊ុនជប៉ុន Mitsubishi។ ដើមឡើយបេសកកម្មនេះ គ្រោង​បាញ់បង្ហោះ​តាំងពីថ្ងៃទី១៤កក្កដា ប៉ុន្តែត្រូវពន្យារពេលមកដល់ថ្ងៃនេះ ដោយ​សារ​បញ្ហាអាកាសធាតុ។

យ៉ាងណាមិញ យានអវកាសនេះ នឹងមិនចុះចតលើផ្ទៃដី​ភពអង្គារឡើយ ដោយ​គ្រាន់តែ​នៅលើគន្លងប៉ុណ្ណោះ ​ក្នុងរយៈពេលមួយឆ្នាំភពអង្គារ ឬស្មើនឹង ៦៨៧ថ្ងៃ។ បេសកកម្មរបស់​វា គឺដើម្បីផ្តិតយករូបភាព​អាកាសធាតុ​ បរិយាកាសភពអង្គារ ដើម្បីក្លាយ​ជាមូលដ្ឋាន​ស្រាវជ្រាវបន្ថែម​ក្នុងការ​បញ្ជូន​មនុស្ស​ទៅភពនោះ ​ក្នុងរយៈពេល ១០០ឆ្នាំក្រោយ។ ​អារ៉ាប់រួម ក៏ចង់​ឱ្យគម្រោងនេះ ក្លាយ​ជាប្រភព​ជំរុញ​យុវជន​អារ៉ាប់ផងដែរ៕

 

 

ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី២០ខែកក្កដានេះ

ភ្នំពេញ ៖ គិតត្រឹមម៉ោង​៩ និង៣០ព្រឹក​ ថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០២០​នេះ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ហើយក៏មិនមានជាសះស្បើយឡើយ ដូច្នេះចំនួនសរុបកូវីដ-១៩​ ចំនួន១៧១ នាក់ដដែល​ ចំនួនសំរាកនៅពេទ្យ៣៥នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣៦នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ទោះបីបែបនេះក្តី CDC បានលើកឡើងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ ទន្ទឹមនោះត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។ ទន្ទឹមនោះយើងបានធ្វើតេស្តចំនួន៥២៥០២នាក់ ស្មើនឹង​៣១៦២ ក្នុង១លាននាក់៕

 

មេដឹកនាំ​ហុងកុង ៖ កូវីដ១៩រលក​ទី​២​គ្រប់គ្រង​លែង​បាន​ហើយ​

ហុងកុង ៖ មេដឹកនាំ​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ​កាលពីចុងសប្តាហ៍​ថា COVID-19 បាន​រីក​រាលដាល​ហួស​ពី​ការគ្រប់គ្រង​ហើយ​នៅក្នុង​ទីក្រុង​នេះ ខណៈ​លោកស្រី​បានប្រកាស​អំពី​កំណត់ត្រា​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់ជាង​១០០​ករណី​និង​បាន​បញ្ជា​ឲ្យ​មាន​វិធានការ​គម្លាត​សង្គម​ថ្មីៗ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​គឺជា​កន្លែង​ដំបូង​គេ​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​វីរុស​នៅពេល​វា​លេច​ចេញពី​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​ប៉ុន្តែ​ទីក្រុង​នេះ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វា​ហើយ​បានបញ្ចប់​ការចម្លង​ក្នុង​សហគមន៍​នៅ​ចុងខែ​មិថុនា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ ករណី​ជាច្រើន​បានចាប់ផ្តើម​ផ្ទុះឡើង​ម្តង​ទៀតហើយ​ក្រុមគ្រូពេទ្យ​ព្រួយបារម្ភ​ថា វា​កំពុង​រីក​រាលដាល​ដោយ​មិនអាច​ការពារ​បាន​នៅក្នុង​ទឹកដី​ដែលមាន​ប្រជាជន​៧.៥​លាន​នាក់​មួយ​នេះ​។​

​កាលពី​ថ្ងៃអាទិត្យ លោកស្រី​នាយក​ប្រតិបត្តិ Carrie Lam បាន​និយាយថា ការឆ្លង​ជាង​៥០០​ករណី​ត្រូវបាន​បញ្ជាក់​នៅក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុងក្រោយ​ដែល​នាំ​ឲ្យ​ចំនួន​សរុប​របស់​ទីក្រុង​នេះ​កើន​ដល់​១,៧៨៨​ករណី​ជាមួយ​អ្នកស្លាប់​ចំនួន​១២​នាក់​។​ មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​បញ្ជាក់​ត្រឹម​ថ្ងៃអាទិត្យ​មួយថ្ងៃ​ដែល​នេះ​ជា​កំណត់ត្រា​ខ្ពស់បំផុត​ប្រចាំថ្ងៃ​សម្រាប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​។​

​លោកស្រី Lam បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​គិតថា​ស្ថានភាព​នេះ​ពិតជា​ធ្ងន់ធ្ងរ​ណាស់​ហើយ​មិនមាន​សញ្ញា​ណាមួយ​ដែលថា​ស្ថានភាព​កំពុង​ត្រូវបាន​គ្រប់គ្រង​នោះទេ​”​។​លោកស្រី Lam បានប្រកាស​ពី​វិធានការ​គម្លាត​សង្គម​ថ្មី​កាលពី​សប្តាហ៍​មុន​ដោយបាន​បិទ​អាជីវកម្ម​ជាច្រើន​រួមទាំង​រង្គសាល ក្លិប​ហាត់ប្រាណ​និង​ក្លិប​រាត្រី​ផងដែរ​ហើយ​បាន​បញ្ជា​ឲ្យ​អ្នក​រាល់គ្នា​ពាក់​ម៉ាស់​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​។​

​កាលពី​ថ្ងៃអាទិត្យ លោកស្រី Lam បានប្រកាស​ពី​វិធានការ​ថ្មីៗ​រួមមាន​ផែនការ​ធ្វើ​ឲ្យ​វា​មាន​ភាពចាំបាច់​ក្នុងការ​ពាក់​ម៉ាស់​នៅ​ខាងក្នុង​កន្លែង​សាធារណៈ​ណាមួយ​និង​បទបញ្ជា​ថ្មី​សម្រាប់​មន្ត្រី​រដ្ឋការ​ឲ្យ​ធ្វើការ​ពី​ផ្ទះ​៕

 

អ្នកនាំពាក្យ ៖ អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័ក នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា រាល់អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន។

លោកស្រីសង្កត់ធ្ងន់ថា ៖ “សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ គឺចាំបាច់បំផុតត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឱ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ដែលរស់នៅ និងចូលមកកម្ពុជា។ ខ្ញុំសូមបញ្ជាក់ផងដែរថា  ប្រសិនបើមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឱ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឫទទួលការផាកពិន័យ  ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥  ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ជាដើម” ។

គួររម្លឹកថា ពេលថ្មីៗនេះ ស្ត្រីជនជាតិខ្មែរ-អាមេរិកម្នាក់ បានរត់គេចខ្លួនពីកន្លែងចត្តាឡីស័ក ហើយបានទៅពួនសម្ងំនៅសណ្ឋាគារមួយនៅខេត្តកំពង់ចាម និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះរកឃើញ ហើយក៏ចាប់ផ្តើមបន្តអនុវត្តវិធានការចត្តាឡីស័កនៅខេត្តកំពង់ចាមតែម្តង ហើយសំណាករបស់ស្រ្តីរូបនេះ ត្រូវបានក្រុមឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាល បានយកទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ រួចរាល់ដែរ ដោយរង់ចាំតែលទ្ធផលប៉ុណ្ណោះ។ ចំពោះពាក់ព័ន្ធនឹងការផាកពិន័យ និងទទួលទោសបែបណាចំពោះស្ត្រីរូបនេះនៅពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ដោយត្រូវរង់ចាំវិធានចត្តាឡីស័ករួចរាល់សិន៕

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៤.៦លាននាក់ ស្លាប់ជិត ៦១ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤,៦៣០,២៤៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦០៨,៥៣៣នាក់ និងជាសះស្បើយឡើងវិញ ៨,៧៣០,១៣១នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៨៩៤,០៧៨នាក់ ស្លាប់ចំនួន ១៤៣,២៦៣នាក់ និងជាសះស្បើយចំនួន ១,៨០២,៣៣១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,០៩៩,៨៩៦នាក់ ស្លាប់ចំនួន ៧៩,៥៣៣នាក់ និងជាសះស្បើយ ១,៣៧១,២២៩នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,១១៨,១០៧នាក់ ស្លាប់ ២៧,៥០៣នាក់ និងជាសះស្បើយ ៧០០,៣៩៩នាក់៕

 

ប្រធាន គ.ជ.ប ៖ សិទ្ធិបោះឆ្នោតរបស់ជនជាតិដើមភាគតិច ត្រូវបានលើកកម្ពស់

ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកត់ សម្គាល់ថា សិទ្ធិរបស់ជនជាតិដើមភាគតិច ត្រូវបានគោរព ចំពោះសេរីភាពនៅក្នុងការបោះឆ្នោត ។ 

ជនជាតិដើមភាគតិច មានសិទ្ធិដូចពលរដ្ឋធម្មតា ក្នុងការចុះឈ្មោះបោះឆ្នោត បោះឆ្នោត ប្រសិនបើពួកគាត់មានឯកសារត្រឹមត្រូវតាមច្បាប់។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងឱកាសសំណេះសំណាល ជាមួយមន្ត្រីលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តរតនគិរី នៅរសៀលថ្ងៃទី១៧ កក្កដានេះ៕

ការងារបង្កបង្កើនផលរដូវវស្សា នៅខេត្តព្រៃវែងសម្រេចបាន ៨០ភាគរយហើយ

ខេត្តព្រៃវែង ៖ ល្បឿនការងារបង្ករបង្កើនផលរដូវវស្សា ឆ្នាំ២០២០ សម្រាប់ខេត្តព្រៃវែង មកទល់ថ្ងៃទី១៦ ខែកក្កដា សម្រេចព្រួសបានសរុបជាង ២០ម៉ឺន ហិកតា ស្មើនឹង ៨០.០៦% ។ ក្នុងនេះ ស្រូវស្រាលសម្រេចបាន ៥៧ ៤៣១ ហិកតា, ស្រូវកណ្ដាល ជាង១១ម៉ឺន ហិកតា និងស្រូវធ្ងន់ ៣១ ៦៤៧ ហិកតា ។ នេះបើតាមប្រធានមន្ទីរកសិកម្មខេត្ត។

កសិករបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ ដោយគិតមកត្រឹម ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ គឺសម្រេចប្រមូលផលស្រូវបានសរុបចំនួន ១១ ៣២២ ហិកតា ទទួលបានបរិមា ណផលសរុបចំនួន ៤៣ ៣០៤ តោន ដែលទិន្នផលជា មធ្យមចំនួន ៣.៨២ តោនក្នុងមួយហិកតា។ ដោយឡែកដំណាំសាកវប្បកម្មសម្រេចបានសរុបចំនួន ៩៦២ ហិកតា, ក្នុងនេះមានបន្លែគ្រប់មុខ ៩៤២ ហិកតា, ម្ទេសគ្រប់មុខ ៨ ហិកតា, ពោតស ៦ ហិកតា និងឪឡឹក ៦ ហិកតា។ ចំពោះការនាំស្រូវចេញទៅប្រទេសវៀណាមគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ សម្រេចបានសរុបចំនួន ៩៣ ២៥៨ តោន (តម្លៃស្រូវ IR504 = ៨៩០ រៀល និងតម្លៃស្រូវ OM5451 = ៨១០ រៀល)។ដោយឡែកសម្រាប់ខែនេះគិតត្រឹមថ្ងៃទី០១ កក្តដា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្រេចនាំចេញស្រូវទៅកាន់ប្រទេសបានសរុបចំនួន ៣៥ ២៥៣ តោន ។ សរុបរួមបូកយោងចាប់ពីថ្ងៃទី២២ខែ មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ខែ កក្តដា ឆ្នាំ២០២០ សម្រេចបានចំនួន ១២ម៉ឺន ៨ ៥១១ តោន៕