All posts by មេគង្គ ប៉ុស្តិ៍

បញ្ជូនស្រ្តីដែលប្រើហិង្សាដោយប្រើកាំបិតឆូតមុខក្មេងស្រីអាយុ ៥ឆ្នាំទៅតុលាការ

ភ្នំពេញ ៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុទ្ធី បានអះអាងថា សមត្ថកិច្ចបានបញ្ជូនស្ត្រីជាជនសង្ស័យដែលប្រើប្រាស់ហិង្សាលើកុមារីអាយុ ៥ឆ្នាំម្នាក់នោះ ទៅតុលាការនៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ។ លោក បន្តថា បទចោទដែលអធិការដ្ឋានខណ្ឌដាក់បន្ទុកលើស្ត្រីរូបនោះ គឺពាក់ព័ន្ធនឹងបទហិង្សាមានស្ថានទម្ងន់ទោស។

លោកអភិបាលខណ្ឌ ម៉ន វុទ្ធី បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ ស្នងការខណ្ឌពោធិ៍សែនជ័យ បានបានចុះឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ ឆ្នាំ យកទៅសាកសួរ ក្រោយពីស្រ្តីជាជនសង្ស័យធ្វើសកម្មភាពយកកាំបិតឆូតលើផ្ទៃមុខរបស់ក្មេង ស្រី អាយុ ៥ឆ្នាំ ម្នាក់ដែលមានផ្ទះនៅជិតគ្នា ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសរបស់គាត់បែកក្បាល កាលពីថ្ងៃទី១៤ ខែកក្កដា បណ្តាលឲ្យក្មេងស្រីរងគ្រោះ រងរបួសលើផ្ទៃមុខ ច្រមុះ ក និងដៃ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា កូនប្រុសរបស់ស្រ្តីដែលជាជនសង្ស័យ បានរើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះ ហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ បណ្ដាលឱ្យត្រូវក្បាលរងរបួសបែករយះដេរ ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរងគ្រោះរូបនោះ ក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។

ប្រភពពីអាជ្ញាធរឱ្យដឹងថា ហេតុការណ៍អំពើហិង្សាលើក្មេងស្រីដែលបង្កដោយស្រ្តីជាជនសង្ស័យរូបនេះ បានកើតឡើងនៅម៉ោងប្រមាណ ៣ និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយស្រ្តីឈ្មោះ លីវ ប៊ុនធឿន អាយុជាង ៤០ឆ្នាំ ទៅលើក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ ៥ឆ្នាំ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានប្រាប់ថា លោកមិនទាន់អាចឆ្លើយសំណួរណាមួយពីអ្នកសារព័ត៌មានបានទេនៅពេលនេះ ព្រោះលោកមិនទាន់ទទួលបានសំណុំរឿងនេះនៅ ឡើយ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឱ្យដឹងថា ករណីស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាសរុបមានចំនួន១៦០ករណី (កើតឡើងនៅខេត្តចំនួន១៤) ក្នុងនោះករណីអំពើហិង្សាក្នុងគ្រួសារ៤៨ករណី អំពើរំលោភសេពសន្ថវៈ១១០ករណី និងប្រទូសកេរ្តិ៍ខ្មាស២ករណី៕

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយទៀត

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកក្កដានេះបានចេញលិខិតអនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយទៀតឈ្មោះថា «គណបក្សប្រយោជន៍ខ្មែរ»។ គណបក្សថ្មីនេះមានលោក សុខ គឹមរស្មី ជាតំណាងស្ថាបនិកគណបក្ស។

ដើម្បីទទួលល បានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពី គណបក្សប្រយោជន៍ខ្មែរ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហា ផ្ទៃ ស្របតាមវក្យខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។ មកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ និងចុះបញ្ជីគណបក្សនយោបាយ នៅកម្ពុជា ចំនួនជាង៤០គណបក្សហើយ៕

Trump ប្តេជ្ញា​ថា​នឹងមិន​បញ្ជា​ឲ្យ​ជនជាតិ​អាមេរិក​ពាក់​ម៉ាស​ដើម្បី​ទប់ស្កាត់​កូ​រ៉ូ​ណា​នោះទេ

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្តេជ្ញា​ថា​នឹងមិន​បញ្ជា​ឱ្យ​ជនជាតិ​អាមេរិកាំង​ពាក់​ម៉ាស់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នោះទេ​។​ នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​ការអត្ថាធិប្បាយ​របស់​លោក​បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​ជំងឺឆ្លង​កំពូល​របស់​ប្រទេស​គឺ​លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋ​និង​ថ្នាក់មូលដ្ឋាន​ត្រូវធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​។ លោក​បណ្ឌិត Fauci បាន​បន្ថែមថា “​ការពាក់​ម៉ាស់​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ហើយ យើង​គួរតែ​ប្រើ​វា​អ្នក​ទាំងអស់គ្នា​”​។ ការពាក់​ម៉ាស់​បានក្លាយ​ជា​រឿង​នយោបាយ​នៅ​សហរដ្ឋអាមេរិក​។​

​គួ​រម្លឹកថា​លោក​ប្រធានាធិបតី Trump ដែល​ធ្លាប់​ប្រឆាំងនឹង​ការពាក់​ម៉ាស់​គឺ​បាន​ពាក់​វា​ជា​សាធារណៈ​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​ ​ប៉ុន្តែ​ថ្លែង​ទៅកាន់​សារព័ត៌មាន Fox News នៅ​ថ្ងៃ​សៅរ៍​នេះ លោក Trump បាន​និយាយថា លោក​មិន​យល់ស្រប​នឹង​អាណត្តិ​ម៉ាស់​ជាតិ​ទេ​ដោយ​និយាយថា ប្រជាជន​គួរតែមាន​សេរីភាព​ពិតប្រាកដ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន អាមេរិក​មាន​អ្នក​ឆ្លង​កូ​វីដ​ជាង​៣.៦​លាន​នាក់​ហើយ​មាន​អ្នកស្លាប់​ជាង​១៣៩,០០០​នាក់​ដែលជា​កម្រិត​ការស្លាប់​ខ្ពស់បំផុត​នៅលើ​ពិភពលោក​៕

 

ប្រធាន គ.ជ.ប ៖ តើមន្ត្រីបោះឆ្នោតមានតួនាទីសំខាន់ប៉ុនណាសម្រាប់ស្រុកទេស?

ខេត្តរតនគិរី ៖ បន្ទាប់ពីបានបញ្ចប់ភារកិច្ចនៅខេត្តស្ទឹងត្រែង ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តដំណើរជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តរតនគិរី នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បានរាយការណ៍សង្ខេបជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថា ខេត្តរតនគិរី បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៤៧.៧៤៨ គ្រួសារ ស្មើនឹង ២០៦.៨៥៧ នាក់ ក្នុងនោះគឺមានជនជាតិដើមភាគតិចចំនួន ៨អំបូរ រួមមាន ជនជាតិទំពួន គ្រឹង ចារាយ កាវ៉ែត កាចក់ ព្រៅ ព្នង និងលន់ ដែលជនជាតិដើមភាគតិចទាំងនេះ មានចំនួន ៥៨% នៃចំនួនប្រជាពលរដ្ឋទូទាំងខេត្ត។ តាមការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅខេត្តរតនគិរី ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ១១០.៣៩៩ នាក់ ហើយផែនការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២០ នេះ គឺ ៣.៧៥៤ នាក់។ លោកបានបន្ថែមថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ សរុបចំនួន ១០០.៣១២ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៧៨ ការិយាល័យ។

បើតាមលោក ប៉ែន ឈុនឌី ខេត្តរតនគិរី មានក្រុង ស្រុក ចំនួន ៩ និងឃុំ សង្កាត់ ចំនួន ៥០ ហើយភូមិសាស្រ្តផ្លូវគមនាគមន៍មួយចំនួនជួបនូវការលំបាកក្នុងពេលចល័តក្រុមចុះឈ្មោះបោះឆ្នោត និងការដឹកជញ្ជូនសម្ភារបោះឆ្នោត ដូចជា នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ និងភូមិប៉ាក់កែ ឃុំវើនសៃ ស្រុកវើនសៃ។ ចំណែកឯប្រវតិ្តនៃការប្រើប្រាស់វិញលោកបានឱ្យដឹងថា អគារដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺបានសាងសង់នៅឆ្នាំ១៩៩០ ហើយរដ្ឋបាលសាលាខេត្តបានឱ្យ ល.ខ.ប ខ្ចីធ្វើជាទីស្នាក់ការបណ្តោះអាសន្នតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ រហូតមកដល់ពេលនេះ ស្ថានភាពអគារមានលក្ខណៈទ្រុឌទ្រោមខ្លាំងពិបាកដល់ការអនុវត្តការងារបច្ចេកទេស និងការទុកដាក់សម្ភារបរិក្ខារសម្រាប់បម្រើឱ្យការបោះឆ្នោត។ លោកបានបន្តថា ល.ខ.ប មានដីមួយកន្លែងដែលរដ្ឋបាលខេត្តបានប្រគល់ឱ្យធ្វើជាកម្មសិទ្ធិ មានទំហំ ១.៦០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ប៉ុន្តែមិនទាន់មានមធ្យោបាយសាងសង់ដោយស្នើសុំ គ.ជ.ប ជួយរកមធ្យោបាយដោះស្រាយ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានកត់សម្គាល់ថា ជនជាតិដើមភាគតិចមានចំនួនច្រើន ហើយសិទ្ធិរបស់ពួកគេត្រូវបានគោរព គឺ “ជនជាតិដើមភាគតិច ឬប្រជាពលរដ្ឋទូទៅត្រូវតែមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ប្រសិនបើពួកគេមានឯកសារត្រឹមត្រូវតាមច្បាប់។ សន្លឹកឆ្នោតរបស់មនុស្សម្នាក់គ្មានការរើសអើង ស្មើនឹង ១សំឡេងដូចគ្នា មិនថាអ្នកមាន ឬអ្នកក្រ អ្នកតូច ឬអ្នកធំ ឬជនជាតិដើមភាគតិចនោះទេ”។

ឯកឧត្តមប្រធាន គ.ជ.ប បានចោទសួរថា តើមន្ត្រីបោះឆ្នោតមានតួនាទីសំខាន់ប៉ុនណាសម្រាប់ស្រុកទេស?

ឆ្លើយតបទៅនឹងសំណួរនេះ ឯកឧត្តម ស៊ិក ប៊ុនហុក បានពន្យល់ថា តួនាទីរបស់មន្រ្តីបោះឆ្នោតមិនថាតែនៅកម្ពុជាទេ គឺសំខាន់ណាស់សម្រាប់ប្រទេសជាតិមួយ ដែលត្រូវរក្សាបាននូវអ្វីដែលយើងកំពុងតែមានតាមរយៈការបោះឆ្នោត។ តួនាទីរបស់យើងដែលឯកឧត្តមប្រធានក្រើនរម្លឹក ជាពិសេសគឺ៖

– ស្វែងយល់ឱ្យបានច្បាស់ពីដំណាក់កាលទាំងបី គឺមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយបោះឆ្នោត

– ត្រូវរៀបចំការបោះឆ្នោតមួយប្រកបដោយត្រឹមត្រូវ អព្យាក្រឹត និងមិនលម្អៀង ទង្វើរបស់យើងនរណាគេក៏ដឹងដែរ ពីព្រោះមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិច្រើនណាស់ ដែលគេតាមមើលយើង ដើម្បីជ្រើសរើសមេដឹកនាំតាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ

– គោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់មន្រ្តីបោះឆ្នោត។

មន្រ្តីបោះឆ្នោតនៃ ល.ខ.ប រតនគិរី ពិតជាត្រងត្រាប់ និងបន្តអនុវត្តតាម។

ឆ្លើយតបទៅនឹងសំណូមពររបស់ ល.ខ.ប ឯកឧត្តមប្រធានបានបញ្ជាក់ថា ខេត្តរតនគិរី គឺមួយក្នុងចំណោមខេត្តចំនួន ៦ ផ្សេងទៀត ដែលមិនទាន់មានអគារផ្ទាល់ខ្លួន ហើយនឹងមាននៅពេលអនាគត។ ការដែលមិនទាន់មានអគារ ដោយសារ គ.ជ.ប ជាកូនពៅនៃស្ថាប័នរដ្ឋ ព្រោះ គ.ជ.ប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤លាននាក់ ស្លាប់ជិត ៦០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤,១៧៤,៣៣២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៩៨,៤១៣នាក់ និងជាសះស្បើយឡើងវិញ ៨,៤១៧,៩១០នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៧៦៤,៩៦១នាក់ ស្លាប់ចំនួន ១៤១,៩៤៣នាក់ និងជាសះស្បើយចំនួន ១,៧១១,១៧៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,០៤៨,៦៩៧នាក់ ស្លាប់ចំនួន ៧៧,៩៣២នាក់ និងជាសះស្បើយ ១,៣៦៦,៧៧៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,០៤០,៤៥៧នាក់ ស្លាប់ ២៦,២៨៥នាក់ និងជាសះស្បើយ ៦៥៤,០៧៨នាក់៕