All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១៤លាននាក់ ស្លាប់ជាង៥៩ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៩២៤,៣០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៩១,៨៣៥នាក់ និងជាសះស្បើយឡើងវិញ ៨,២៦៥,៥៥៧នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦៨៣,៣២៤នាក់ ស្លាប់ចំនួន ១៤១,០១៦នាក់ និងជាសះស្បើយចំនួន ១,៦៧៣,១៧៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,០១៤,៧៣៨នាក់ ស្លាប់ចំនួន ៧៦,៨២២នាក់ និងជាសះស្បើយ ១,៣៦៦,៧៧៥នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ១,០០៥,៦៣៧នាក់ ស្លាប់ ២៥,៦០៩នាក់ និងជាសះស្បើយ ៦៣៦,៦០២នាក់៕

 

ស្រុកស្រីសន្ធរបន្តអនុវត្តគម្រោងមូលនិធិឃុំដេីម្បីសាងសង់ផ្លូវបេតុងចំនួន៣គម្រោង

ខេត្តកំពង់ចាម ៖ គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២០ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ចំនួន៣គម្រោង នា ព្រឹក ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នៅ សាលា ស្រុក ស្រីសន្ធរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក បេត រ៉េងឃីម អភិបាល រង ស្រុក ស្រីសន្ធរ ដោយ មាន ការ ចូលរួម ពី គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។
ក្នុង នាម អាជ្ញាធរ ខេត្ត លោក ឡី មិច បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុក ស្រីសន្ធរ ដែល បាន រៀបចំ នីតិវិធី នៃ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ របៀបរៀបរយ ល្អ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី លុបបំបាត់នូវ ភាព អនាធិបតេយ្យ ដែល បង្ក ឡើង ដោយ ក្រុម ឆ្លៀត ឱកាស មួយ ចំនួន ផងដែរ ។

ជាមួយគ្នា នោះ លោក បេត រ៉េងឃីម អភិបាល រង ស្រុក ស្រីសន្ធរ ក៏បាន ធ្វើ ការ សំណូមពរ ដល់ ក្រុម អ្នក ទទួល ការ ដែល បាន ធ្វើ ការ ប្រកួតប្រជែង ដេញ ថ្លៃ បាន គម្រោងនេះ គឺសូម ឲ្យ ការអនុវត្ត គម្រោង ធ្វើ យ៉ាងណា ត្រូវ ឲ្យ មាន តម្លាភាព ហេីយ ធ្វើ ការ សាងសង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ ដោយ គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ នេះ គឺមាន ផ្លូវ ចំនួន ៣ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំទងត្រឡាច សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤៣០ គ.ម ទទឹង៣ម កម្រាស់០.១៥ម នៅភូមិទងត្រឡាច ។
២-ឃុំ ព្រែក ដំបូក សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៥៧០ គ.ម ទទឹង៤ម នៅភូមិស្វាយម៉ូ ។
៣-ឃុំ ស្វាយ ខ្សាច់ ភ្នំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.២៩០ គ.ម ទទឹង៦ម នៅភូមិស្វាយត្បូង ៕ ដោយ ៖ ប៉ែន សុផល

ចាប់រថយន្តដឹកលើសទម្ងន់២២៨ គ្រឿង និងពិន័យជាង៤រយលាន រៀល ក្នុងខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ ៖​ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។ តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។

ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖

  • លើសពី ៥%-១០% មានចំនួន ១០គ្រឿង
  • លើសពី ១០%-២០% មានចំនួន ១៣០គ្រឿង
  • លើសពី ២០% មានចំនួន ៨៨គ្រឿង

សូមម្ចាស់រថយន្តដឹកទំនិញមេត្តាគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលអាចបំផ្លាញផ្លូវជាតិ និងខាតបង់ថវិកាជាតិ៕

 

ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកចាប់ពីថ្ងៃទី១៧ដល់ ២១ សីហា

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែកក្កដានេះ បានចេញប្រកាស ស្តីពីការអនុញ្ញាតឲ្យកម្មករនិយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ ឈប់សម្រាករយៈពេល៥ ថ្ងៃ នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដោយមានប្រាក់ឈ្នួល ដើម្បីសងថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ បានចេញអនុក្រឹត្យផ្លូវការ ស្តីពីការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃបុណ្យចូលឆ្នាំថ្មី៕ 

 

មនុស្ស៥០នាក់ស្លាប់ និងជាង៣លាននាក់រងគ្រោះដោយទឹកជំនន់នៅឥណ្ឌា

ឥណ្ឌា ៖ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់៥០នាក់បានស្លាប់ និងជាង៣លាននាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលកើតចេញមកពីភ្លៀងធ្លាក់ខ្លាំងក្នុងខែវស្សានៅរដ្ឋអាសាម (Assam) ភាគពាយព្យ ប្រទេសឥណ្ឌា។

ភ្លៀងធ្លាក់ខ្លាំងបានជន់លិចភូមិរាប់ពាន់ ហើយជំរំផ្តល់ជំនួយរាប់រយត្រូវបានបង្កើតឡើងដើម្បីផ្តល់ជម្រកដល់អ្នកដែលបានភៀសខ្លួនចេញពីលំនៅដ្ឋាន។ ភ្លៀងធ្លាក់ខ្លាំងក្នុងខែវស្សាតែងកើតមាននៅក្នុងរដ្ឋអាសាម ប៉ុន្តែនៅឆ្នាំនេះភ្លៀងធ្លាក់ខ្លាំងបានកើតឡើងស្របពេលដែលប្រទេសឥណ្ឌាកំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។

ក្រុមមន្រ្តីបាននិយាយដែរថា ឧទ្យានជាតិកាហ្ស៊ីរ៉ាន់ហ្គា (Kaziranga) នៅក្នុងរដ្ឋនេះដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូត្រូវបានលិចលង់ ហើយសត្វព្រៃយ៉ាងហោចណាស់៥១ក្បាលបានងាប់។ ក្រុមមន្ត្រីបានជួយសង្គ្រោះសត្វចំនួន១០២ក្បាល និងបានថាសត្វខ្លា និងសត្វរមាសមួយចំនួនបានវង្វេងចូលក្នុងភូមិក្បែរៗនោះដើម្បីគេចពីទឹកជំនន់។ ឧទ្យានជាតិកាហ្ស៊ីរ៉ាន់ហ្គា មានសត្វរមាសកុយមួយរស់នៅក្នុងនោះប្រហែល២ភាគ៣ នៃ ចំនួនសត្វរមាសកុយមួយសរុបនៅទូទាំងពិភពលោក៕

 

អាមេរិក​គាំទ្រ​ប្រទេស​នានា​ដែល​ត្រូវ​ចិនរំលោភបំពាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​អាមេរិក ៖ សហរដ្ឋអាមេរិក​នឹងធ្វើ​ការគាំទ្រ​ដល់​ប្រទេស​នានា​ដែល​ពួកគេ​ជឿជាក់ថា ចិន​រំលោភ​អធិបតេយ្យភាព​របស់​ពួកគេ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo កាលពី​ថ្ងៃ​ពុធ​ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន CNA​។​

​លោក Pompeo បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ពួកយើង​នឹង​ប្រើប្រាស់​អ្វី​ទាំងអស់​ដែល​ពួកយើង​មាន និង​គាំទ្រ​ដល់​ប្រទេស​ទូទាំង​ពិភពលោក ដែល​បានដឹងថា ចិន​រំលោភ​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​ពួកគេ ឬ​រំលោភ​ដែនទឹក​ផងដែរ​”​។ ​លោក​បន្តថា “​ពួកយើង​នឹង​ផ្តល់ជំនួយ​ដល់​ប្រទេស​ទាំងនោះ តាមតែ​ពួកយើង​អាចធ្វើ​បាន​មិន​ថា​ក្នុង​ស្ថាប័ន​ពហុភាគី មិន​ថា​ក្នុង​អាស៊ាន (ASEAN) មិន​ថា ​តាមរយៈ​ការឆ្លើយតប​ផ្លូវច្បាប់​ក៏ដោយ ពួកយើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​ពួកយើង​អាច​”​។ លោក​ចង់​សំដៅ​ទៅដល់​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN)​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​បាន​បញ្ជាក់ថា អាមេរិក​នឹង​ចាត់ទុក​ការស្វែងរក​ធនធានធម្មជាតិ​របស់​ចិន នៅក្នុង​ដែនទឹក​មាន​ជម្លោះ​ថា​ជា​រឿង​ខុសច្បាប់​។ មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត បាន​ព្រមាន​ពី​លទ្ធភាព​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​ចិន និង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ នឹង​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា ជាការ​បង្ខិតបង្ខំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ជាការ​ឆ្លើយតប កាលពី​ព្រឹក​ថ្ងៃ​ពុធ ប្រទេស​ចិន​បាន​និយាយថា ខ្លួន​មិន​ខ្លាច​ការដាក់ទណ្ឌកម្មរ​បស់​សហរដ្ឋអាមេរិក​ឡើយ លើ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទីក្រុង​ប៉េកាំង​ក៏បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​បាន​បង្កបញ្ហា​និង​ធ្វើឱ្យមាន​អស្ថិរភាព​នៅក្នុង​តំបន់​។​

​ប្រទេស​ចិន​បានទាមទារ​គ្រប់គ្រង​ដែនទឹក ៩០​ភាគរយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ប្រ៊ុយណេ ម៉ាឡេស៊ី ភី​លី​ពី​ន តៃវ៉ាន់ និង​វៀតណាម​ក៏​ទាមទារ​គ្រប់គ្រង​ចំណែក​ខ្លះ​នៅក្នុង​ដែនទឹក​ដែល​សម្បូរ​ទៅ​ធន់​ធាន​ធម្មជាតិ​នោះដែរ​។​ទីក្រុង​ប៉េកាំង​បាន​សាងសង់​មូលដ្ឋានគ្រឹះ​ជាច្រើន​ក្នុង​តំបន់ ប៉ុន្តែ​ចិន​ថា ចេតនា​របស់ខ្លួន​គឺ​សន្តិភាព​៕

 

អាជ្ញាធរខេត្តកំពង់ចាមស្នេីដល់អ្នកសារព័ត៌មានជួយពិនិត្យតាមដានដំណើរការដេញថ្លៃគម្រោង មូលនិធិឃុំ

ខេត្តកំពង់ចាម ៖ លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាមបានសំណូមពរដល់អ្នកសារព័ត៌មាន ក៏ដូចជាអាជ្ញាធរស្រុក និងម្ចាស់លទ្ធកម្មសូមឲ្យចូលរួមទាំងអស់គ្នាក្នុងការជួយពិនិត្យ និង តាមដានក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ បេីមានភាពមិនប្រក្រតីណាមួយ គឺសូមឲ្យរាយការណ៍ជាបន្ទាន់ដេីម្បីចូលរួមដោះស្រាយលុបបំបាត់នូវភាពអសកម្មដែលបង្កឡើងដោយជនឆ្លៀត ឱកាសទាំងឡាយណានោះ។ ការស្នើឡើងយ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ដេញថ្លៃគម្រោងមូលនិធិ ឃុំចំនួន៨គម្រោងរបស់ឃុំទាំង៧នៃស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោក ជៀម វុត្ថា អភិបាល រង ស្រុក ស្ទឹងត្រង់ បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ រក្សា របៀបរៀបរយ និង កុំ បង្កភាព អនាធិបតេយ្យ ដែល នាំឲ្យ មាន ការ ប៉ះពាល់ ដល់ ដំណើរការ ដេញ ថ្លៃ និង ការ អភិវឌ្ឍន៍ នៅ មូលដ្ឋាន ទៀត ផង ។

គួរ បញ្ជាក់ ផង ដែរ ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ចំនួន ៨គម្រោង ដែល ត្រូវ ស្ថាបនា ផ្លូវ និង ស្តារ ប្រឡាយ ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំ អារក្ស ត្នោត សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤០០ គ.ម ទទឹង៤ម កម្រាស់០.១៥ម នៅភូមិ បែកអន្លូង ។
២-ឃុំ ពាមកោះស្នា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២១៩ គ.ម ទទឹង៤ម នៅភូមិ កោះកណ្តាល និង ភូមិស្រែស ។
៣-ឃុំ ពាមកោះស្នា ស្តារប្រឡាយដីទួលរការ ប្រវែង ០.៧០០ គ.ម ទទឹងមធ្យម ២២.០៦ម ជម្រៅ១.៧០ ម នៅភូមិទួលរការ ។
៤-ឃុំ ខ្ពបតាងួន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣៧ គ.ម ទទឹង៤ម នៅភូមិ ខ្ពបតាងួន ភូមិអន្លង់សំឡី និង ភូមិអូររុន ។
៥-ឃុំ ព្រះ អណ្តូង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៦៧គ.ម ទទឹង៤ម នៅភូមិ ព្រះអណ្តូង២ ។
៦-ឃុំ ព្រែក បាក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៨០គ.ម ទទឹង៤ម នៅភូមិ ព្រែករលួស និង ភូមិព្រែកកក់ ។
៧-ឃុំ មេសជ្រៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤០៧គ.ម ទទឹង៤ម នៅភូមិ ក្បាលអូរ និង ភូមិត្រពាំងឈូក ។
៨-ឃុំ សូភាស ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ១.៥០ គ.ម ទទឹង៤ម នៅភូមិ ស្រប ៕ ដោយ ៖ ប៉ែន សុផល

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញប្រកាសតែងតាំងប្រធានថ្មីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ រដ្ឋរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមថ្មី ជំនួសលោក ជា ក្រូច ដែលត្រូវចូលនិវត្តន៍។

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាមក្រោមវត្តមានលោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយ មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

បន្ទាប់ ពី ទទួលបាន ការ តែងតាំង លោកស្រី សម ផល្លា ប្រធានមន្ទីរ ព័ត៌មាន ថ្មី បានឡើងប្តេជ្ញាចិត្ត ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងមន្ទីរ និងបណ្តាការិយាល័យ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រ កម្ពុជា។

ថ្លែង ក្នុង ឱកាសនោះ ដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធាន មន្ទីរ ព័ត៌មាន ថ្មី ឲ្យ ធ្វើ ការ ដឹកនាំ ប្រកប ដោយ ភាព យុត្តិធម៌ និង ត្រូវ មាន ការ ប្រជុំ ជា រៀងរាល់ ព្រឹក ដើម្បី ប្រមូល រាល់ ទិន្នន័យ សកម្មភាព និង ហេតុការណ៍ ផ្សេង ៗ ដេីម្បី រាយការណ៍ ទៅ ដល់ ថ្នាក់ដឹកនាំ និង ធ្វើ ការ ផ្សព្វផ្សាយ ទៅ ដល់ មហាជន ផង ដែរ ។

ជាមួយគ្នា នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ក៏បាន ណែនាំ ដល់ ប្រធាន មន្ទីរ ថ្មី ឲ្យ មាន ការ ខិតខំ ពង្រឹង សមត្ថភាព វិវត្តន៍ តាម សម័យ កាល ជឿនលឿន ហើយ ទាមទារ ឲ្យ មាន ការ តាំងចិត្ត មុតមាំ ក្នុង ការ ដឹកនាំ មន្ត្រី ក្រោម ឱវាទ ជាពិសេស ត្រូវ ខិតខំ គ្រប់គ្រងនិង តាមដាន ព័ត៌មាន ដេីម្បី ធ្វើ ការ ប្រឆាំង រាល់ ព័ត៌មាន ក្លែងក្លាយ ហើយ ត្រូវ ខិតខំ ផលិត ព័ត៌មាន បទ យកការណ៍ ដេីម្បី ធ្វើ ការ ផ្សព្វផ្សាយ ផងដែរ ៕ ដោយ ៖ ប៉ែន សុផល

ថ្ងៃនេះ ​ចិន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ​

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ជាតិ​របស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែកក្កដា​ថា ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ម្សិលមិញ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺជា​ករណី​នាំចូល​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​អ្នកធ្វើដំណើរ​មកពី​បរទេស ហើយ​បើ​ប្រៀ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​៦​ករណី​ដែល​បាន​រាយការណ៍​នាំចូល​ផងដែរ​។ ទីក្រុង​ប៉េកាំង​មិនបាន​រាយការណ៍​ពី​ករណី​ថ្មី​ណាមួយ​នោះទេ ក្នុង​រយៈពេល ១០​ថ្ងៃ​ជាប់​គ្នា។​

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ដែល​បានបញ្ជាក់​នៅក្នុង​ប្រទេស​ចិនដីគោក​មាន​រហូតដល់ ៨៣.៦១២នាក់​។ ចំនួន​អ្នកស្លាប់​នៅតែ​មិន​ផ្លាស់ប្តូរ​នៅ ៤.៦៣៤ នាក់​៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣.៦លាននាក់ ស្លាប់ជិត ៥៩ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៦៧១,១៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨៥,៩២៩នាក់ និងជាសះស្បើយឡើងវិញ ៨,០២៤,៧៣០នាក់។

គេហទំព័របង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦១៥,៣៥៥នាក់ ស្លាប់ចំនួន ១៤០,០៩១នាក់ និងជាសះស្បើយចំនួន ១,៦៤៣,៥០៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៩៧០,៩០៩ នាក់ ស្លាប់ចំនួន ៧៥,៥២៣នាក់ និងជាសះស្បើយ ១,២៥៥,៥៦៤នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩៧០,១៦៩នាក់ ស្លាប់ ២៤,៩២៩នាក់ និងជាសះស្បើយ ៦១៣,៧៣៥នាក់៕

 

ថ្ងៃនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ថ្មីម្នាក់ទៀត នាំចូលពីក្រៅប្រទេស

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាន នៅសង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បុរសនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច។ វត្ថុសំណាកលើកទីបីរបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហើយ បច្ចុប្បន្នអ្នកជំងឺខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ចំពោះអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្ត ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៦នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៦នាក់) ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់៕

 

១ថ្ងៃ ឥណ្ឌារកឃើញមានអ្នកឆ្លង COVID-19 ជិត​៣០,០០០នាក់

ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងបានរកឃើញករណីឆ្លងថ្មីៗចំនួន ២៩,៤២៩នាក់ ដែលជាអត្រាឆ្លងថ្មីៗខ្ពស់បំផុតមិនធ្លាប់មាន និងមនុស្ស ៥៨២នាក់បន្ថែមបានស្លាប់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា​នៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩៣៦,១៨១ករណី​ក្នុងនោះ ២៤,៣០៩នាក់បានស្លាប់។ ដោយឡែកមនុស្សជាង ៥៩២,០០០នាក់ បានជាសះស្បើយឡើងវិញ ដែលក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬ អ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល​នៅតាមមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួនជិត ៣២០,០០០នាក់។

សូមជម្រាបថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក តែទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្ត នៅក្នុងតំបន់ដែលមានករណីឆ្លង ផ្ទុះខ្លាំងនៅឡើយ (Containment Zones)៕

 

ឆមាសទី១ ឆ្នាំ២០២០ អត្រាកើតជំងឺគ្រុនចាញ់ ធ្លាក់ចុះ៧០ភាគរយ និងគ្មានមនុស្សស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសថា ក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនចាញ់ បានកើតឡើងនៅកម្ពុជាសរុបមាន ៤៥៤០ ករណី ដោយបានថយចុះ ៧០% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលមានដល់ទៅ ១៥.១៦៥ករណី ហើយ៦ខែមកនេះ មិនមាននរណាម្នាក់បានស្លាប់ដោយជំងឺគ្រុនចាញ់ទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺគ្រុនចាញ់នៅកម្ពុជា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០០២ បានឱ្យដឹងថា ក្នុងនោះ ជំងឺគ្រុនចាញ់ប្រភេទសន្ធិ (Plasmodium falciparum [P f) មាន ៣៨១ករណី (គឺថយចុះ ៨០% បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ដែលមាន ១៩២០ករណី)៕

 

ចាប់ជនបរទេស៣នាក់ ពាក់ព័ន្ធករណីឆបោកលុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បរទេស​៣​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​(​លុយ​១០,៧៥០​ដុល្លារ​) កើតឡើង​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បរទេស​ទាំង​៣​នាក់​នោះ​រួមមាន ៖ ទី​០១​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០២​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០៣​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ចំណែក​វត្ថុតាង​ចាប់យក​៖ ១-​កុំព្យូទ័រ​ចំនួន​០៣​គ្រឿង (​ម៉ាក Dell ពណ៌​ទឹកខ្មៅ​ចំនួន​០១​គ្រឿង និង​ពណ៌​ទឹកប្រាក់​ចំនួន​០១​គ្រឿង ,​ម៉ាក​Asus ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​) ២-​ស៊ីម​កាត (​ប្រើ​រួច​) មួយចំនួន , ៣/​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​, ៤/​ទូរស័ព្ទដៃ​ម៉ាក VIVO ពណ៌​ស្លាប​កំ​ភេ​ន​ចំនួន​០១​គ្រឿង ,៥/​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ខៀវ​ចំនួន​០១​គ្រឿង​, ៦-​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង ,៧/​លិខិតឆ្លងដែន​ចំនួន​០៤​ក្បាល (​លេខ​A09043956 របស់​ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន​០១​ក្បាល​, លេខ​A06489995 របស់​ឈ្មោះ DIKE IFEANYI EVARISTUS ចំនួន​០១​ក្បាល​, លេខ​A04999241 របស់​ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន​០១​ក្បាល​, លេខ​A07644429 របស់​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ចំនួន​០១​គ្រឿង​) , ៨/​ឆ្នាំង​សាក​កុំព្យូទ័រ​ចំនួន​០៣, ៩/​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 1AF-5376 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​0023876 , ១០/​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AF-4446 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​002283 ចំនួន​០១​គ្រឿង​, ១១/​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស​ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1D-4761 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 1051695 ចំនួន​០១​គ្រឿង ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​៤៥​នាទី មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Favour Grace Williams ដែល​ដាក់ រូប​មនុស្ស​ស្រី​នៅលើ​Profile បាន​ផ្ញើ​សារ​ចូលមក​គណនី​ហ្វេ​ស​ប៊ុ​ក របស់​ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ដែលមាន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Kuy Savoeurn សុំ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​សារ​តប​ទៅវិញ​ព្រោះ​គិតថា គ្រាន់តែ​សុំ​រាប់អាន​គ្នា​។

​សមត្ថកិច្ច​បាន​បន្តថា បន្ទាប់មក​ឈ្មោះ Favour Grace Williams បាន​ផ្ញើ​សារ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់គេ ប្រាប់​ជនរងគ្រោះ ថែមទាំង​បាន​ផ្ញើលិខិត​ឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជា​ជនជាតិ​អាមេរិក ធ្វើការ​ជា​គិលានុបដ្ឋាយិការ​យោធា បម្រើ​ការងារ​នៅ​ជំរុំ​យោធា ក្នុង​ក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​សារ​មក​ជនរងគ្រោះ​ថា រូបគេ​ចង់​ពិភាក្សា​អ្វីមួយ​ដែល​សំខាន់​ជាមួយ​ជនរងគ្រោះ គឺថា​រូបគេ រើស​បាន​ប្រអប់​មួយ​នៅក្រោម​ដើមឈើ ដែល​នៅក្នុង​ប្រអប់​នោះ​មាន​ទឹកប្រាក់​យ៉ាងច្រើន​ទៅដល់ ៣.៥ លាន ដុល្លារ​អាមេរិក ហើយ​រូបគេ​ចង់យក​លុយ​នោះមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ប្រភព​ដដែល​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា តាមរយៈ​សារ​នោះ​គឺ​ចង់ឱ្យ​ជនរងគ្រោះ​អ្នក​ទទូ​លុយ​នោះ នៅ​ក្រុមហ៊ុន​អាកាសចរណ៍ ប៉ុន្តែ​ឱ្យ​ជនរងគ្រោះ​ផ្ញើ​អាសយដ្ឋាន​របស់​ជនរ​ង​គ្រោះ​ទៅ​រូបគេ​សិន រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​អាសយដ្ឋាន​ទៅឱ្យគេ ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​កញ្ចប់​អីវ៉ាន់ និង​វិក្កយបត្រ​ផ្ញើ​អីវ៉ាន់​តាម​ក្រុមហ៊ុន​ដឹក ជញ្ជូន​មកឱ្យ​ជនរងគ្រោះ​បានឃើញ​ជាមុនសិន ។ បន្ទាប់មក​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ប្រហែល​០៨​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​កំពុងតែ​នៅ​ខេត្តកំពត ស្រាប់​តែមាន​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​អីវ៉ាន់ មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស បាន​ប្រើ​លេខ​ទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទ​ចូល​លេខ ០៩៦ ៨៩៨ ៥៥៥៩ របស់​ជនរងគ្រោះ​ប្រាប់ថា អីវ៉ាន់រ​បស់បង​មកដល់​ហើយ សូម​បង​ចាំ​ទទួល​អីវ៉ាន់ មួយសន្ទុះ​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ ក៏បាន​ប្រើ​លេខ​ទូរស័ព្ទ​លេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ម្តងទៀត ប្រាប់ថា អីវ៉ាន់​ដែល​ផ្ញើមក​នោះ ត្រូវ​បង់ពន្ធ​ចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​លុយ​ចំនួន ៧៥០ ដុល្លារ​អាមេរិក​នោះ​ទៅតាម​ភ្នាក់ងារ​វី​ង​នៅ​ខេត្តកំពត​។

​ក្រោយមក​លេខ​ទូរស័ព្ទ​ខាងលើ បាន​និយាយ​ហេតុផល​ផ្សេងៗ ធ្វើឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឱ្យ​រូបគេ តាម​ភ្នាក់ងារ​វី​ង នៅក្នុង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ អស់​លុយ​សរុប​ចំនួន ១០៧៥០ ដុល្លារ (​មួយ​ម៉ឺន​សូន្យ​ពាន់​ប្រាំពីរ​រយ​ហាសិប​ដុល្លារ​អាមេរិក​) ហើយ​ជនរងគ្រោះ​ពុំ​បានទទួល​អីវ៉ាន់​អ្វី​សោះ ។ លុះដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​០០​នាទី លេខ​ទូរស័ព្ទ​ខាងលើ គឺមាន​មនុស្ស​ស្រី​មិន​ស្គាល់ឈ្មោះ បាន​ទូរស័ព្ទ​ចូលមក​លេខ​របស់​ជន​រងគ្រោះ តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ ចំនួន​១០០០០ ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​)​ថែមទៀត ទើប​ជនរងគ្រោះ​បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ង្កោ ដើម្បីឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម ជនសង្ស័យ​ខាងលើ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវីធី​ច្បាប់ ។

​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ទី​០១​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ទី​០២​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​០៣​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ រួម​និង​វត្ថុតាង ត្រង់ចំណុច​បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ៕

 

ក្រសួងសុខាភិបាល ៖ រយៈពេល៦ខែ ឆ្នាំ២០២០ ស្ថានភាពជំងឺគ្រុនឈាម ថយចុះ៨៨%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅរយៈពេល៦ខែ ឆ្នាំ២០២០ គឺចាប់ពីខែមករា ដល់ខែមិថុនាកន្លងមកនេះ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា បានថយចុះប្រមាណ៨៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមនៅទូទាំងប្រទេស ៖ ជំងឺគ្រុនឈាមក្នុងរយៈពេលពីខែមករា-មិថុនា ក្នុងឆ្នាំ២០២០ មានចំនួនសរុប ៣.៣៣៩ករណី និងស្លាប់ចំនួន៤ករណី (អត្រាស្លាប់០,០៣%)។ ក្នុងអំឡុងប្រាំមួយខែដើមឆ្នាំ២០២០នេះ គឺករណីជំងឺគ្រុនឈាមបានថយចុះប្រមាណជា ៨៨% បើប្រៀបធៀបជាមួយឆ្នាំ ២០១៩ ក្នុងរយៈពេលដូចគ្នាដែលមាន ២៨.២៨៥ករណី និងស្លាប់ ៣២នាក់៕