All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត សរុបកើនឡើងដល់១៣០នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ធ្វើដំណើរពីអាមេរិកត្រឡប់មកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទើបទទួលបានមុននេះបន្តិច។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសខ្មែរ មានសញ្ជាតិអាមេរិកកាំងនេះ មានអាយុ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាសយដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ជើងហោះហើរដែលរកឃើញបុរសជនជាតិខ្មែរមានជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១១២នាក់ (ស្ត្រី ៤១នាក់ និងបុរស ៧១នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរចំនួន៨៩នាក់ (ស្រី ៣៥នាក់) និងជនបរទេសចំនួន២៣នាក់ (ស្រី ៦នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បី តាមដានសុខភាពបន្តសទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៧.៦៩% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស៨៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី, បុរសជនជាតិខ្មែរ វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕ 

 

ភ្ញៀងនឹងបន្តធ្លាក់ពីខ្សោយទៅច្រើនពីថ្ងៃទី២៤-៣០ ខែមិថុនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី បក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩លាននាក់ ស្លាប់ជាង ៤៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,១៧៩,៩១៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៧៣,៤៥៩នាក់ និងជាសះស្បើយឡើងវិញ ៤,៩០៤,២៦៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៣៨៨,០៤៩នាក់ ស្លាប់ចំនួន ១២២,៦០៧នាក់ និងជាសះស្បើយចំនួន ៩៩១,០៨១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,១១១,៣៤៨នាក់ ស្លាប់ចំនួន ៥១,៤០៧នាក់ និងជាសះស្បើយ ៥៧៩,២២៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៩២,២៨០នាក់ ស្លាប់ ៨,២០៦នាក់ និងជាសះស្បើយ ៣៤៤,៤១៦នាក់៕

 

ចិន​នឹង​ចុះហត្ថលេខា​ផ្តល់មូលនិធិ​ជាង ៧លានដុល្លារ គាំទ្រ​គម្រោង​របស់​កម្ពុជា​ចំនួន ២០

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពីមូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ឆ្នាំ​២០២០ នៅថ្ងៃទី​២៣ ខែមិថុនា។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងការបរទេស។

ក្នុង​ក្របខណ្ឌនេះ គម្រោង​កម្ពុជា​ចំនួន ២០ ត្រូវបាន​គាំទ្រ និងផ្តល់មូលនិធិ ដែលមាន​ទឹកប្រាក់​ចំនួន ៧ ២២៥ ៤០០ ដុល្លារ​អាមេរិក ភាគច្រើន​គ្របដណ្តប់​ទៅលើសកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស សន្តិសុខ​តាមប្រព័ន្ធ​អ៊ីនធឺណេត ការកសាង​សមត្ថភាព ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការ​សម្បត្តិវប្បធម៌ជាដើម៕

អាមេរិក ​និង​រុស្ស៊ី ផ្តើមពិភាក្សា​ស្តីពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ 

​វៀតណាម ៖ សហរដ្ឋអាមេរិក​ និង​រុស្ស៊ី បាន​ជួបគ្នា​នៅ​ថ្ងៃ​ច័ន្ទ​ទី​២២ ខែមិថុនា​នេះ​នៅ​ទីក្រុង Vienna ប្រទេស​វៀតណាម សម្រាប់​កិច្ចពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​ពួកគេ​ក្រោយពេល​មាន​ភាព​តានតឹង និង​ភាពមិន​ស៊ីចង្វាក់​គ្នា​ជុំវិញ​អ្វីដែល​ពួកគេ​មើលឃើញថា ជា​តម្លៃ​នៃ​ការគ្រប់គ្រង​អាវុធ​ទាំងអស់​។​ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន CNA​។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ទទូចថា​ប្រទេស​ចិន​គួរតែ​ចូលរួម​ក្នុង​កិច្ចចរចា​ស្តីពី New START ដែលជា​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​រុស្សី ព្រោះថា​ចិន​រហូតមក​ដល់ពេលនេះ មាន​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​អ្វីដែល​គេ​ចូលចិត្ត​ក្នុងការ​អភិវឌ្ឍន៍​អាវុធ​។​ទោះយ៉ាងណា ចិន​មិន​បង្ហាញ​សញ្ញា​ពី​ការ​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ឡើយ​។​

​លោក Daryl Kimball នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រប់គ្រង​អាវុធ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា​ការទទូច​ចង់​រួមបញ្ចូល​ទាំង​ប្រទេស​ចិន​បាន​បង្ហាញថា​រដ្ឋបាល Trump មិនមាន​ភាពម៉ឺងម៉ាត់​ចំពោះ​កិច្ចព្រមព្រៀង​នោះទេ​។​

​លោកបាល​មានប្រសាសន៍​ថា​“ ការសន្និដ្ឋាន​តែមួយគត់​ដែល​ខ្ញុំ​អាច​ដឹង​គឺថា​…​រដ្ឋបាល​របស់លោក Trump មិនមាន​ចេតនា​ពង្រីក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ New START ឡើយ និង​ព្យាយាម​ឲ្យ​ចិន ដែល​មិន​ចាប់អារម្មណ៍​សោះ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ត្រីភាគី​ស្តី​ព​ការគ្រប់គ្រង​អាវុធ ដែល​នេះ​ជា​លេស​មួយ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផុត​ការ​បរិច្ឆេទ​”​។​

​លោក Trump បាន​លុបចោល​ស​ន្និ​សញ្ញា​ជាច្រើន​ជាមួយនឹង​រុស្សី ដូច​ជាស​ន្និ​សញ្ញា​ស្តី​ហោះហើរ​លើ​ដែនអាកាស និង​នុយក្លេអ៊ែរ​ចម្ងាយ​ធ​ម្យ​ម​។ ទោះ​បែបនេះ​ក្ដី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Marshall Billingslea និង​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergei Ryabkov មិនទាន់​ពិភាក្សា​អំពី​អនាគត​ស​ន្និ​សញ្ញា New START ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ ២០១០ និង​ត្រូវផុត​ការ​បរិច្ឆេទ​វិញ​នៅ​ខែ កុម្ភៈ ឆ្នាំ ២០២១​ខាងមុខ​។​

​ដូច្នេះ​វា​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​ស្មុគស្មាញ​មួយ​ដោយ​ទុកឱ្យ​ការចរចា​នៃ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយនឹង​ប្រទេស​ចិន​សិន ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ដែល​នឹង​មកដល់​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង New START ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១០ រវាង​មហាអំណាច​ទាំងពីរ ដោយ​វា​បានដាក់​កម្រិត​ឲ្យ​ភាគី​ទាំងពីរ​មាន​ក្បាល​នុយក្លេអ៊ែរ​មិន​លើសពី ១.១៥០​គ្រាប់​៕

 

វិស័យមីននៅកម្ពុជាឈានដល់របត់នៃការគ្រប់គ្រងព័ត៌មានតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មីនាសតវត្សទី២១

ភ្នំពេញ​ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០​ នៅអាជ្ញាធរមីនមាន ពិធី​ចុះ​ហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាង​អាជ្ញាធរមីន និងអង្គការ Mine Advisory Group (MAG) ស្តីពីប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មានប្រតិបត្តិការនៅទីវាល ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់របត់មួយនៃការគ្រប់គ្រងព័ត៌មាន តាមរយៈការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការគ្រប់គ្រងទិន្នន័យវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងសតវត្សទី២១នេះ។

អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្នែកវិស័យសកម្មភាពមីន នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករ​បោស​សម្អាត​មីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យការរៀបចំផែនការសកម្មភាពមីនទទួលបានជោគជ័យ និងស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥។

លោកបានបន្តលើកឡើងថា ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីននៅទូទាំងប្រទេស គឺជាកត្តាចាំបាច់មួយ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូឲ្យទាន់ពេលវេលា ដើម្បីឆ្លើយតបនូវតម្រូវការរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយអាចទាញយក និងប្រើប្រាស់ព័ត៌មាន ប្រកបដោយគុណភាព និងសុក្រឹតភាព ស្របតាមទំនើបនីយកម្មនៃបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន។

ការរួមចំណែកលើកដំបូងរបស់កម្មវិធី HDR&D របស់សហរដ្ឋអាមេរិក តាមរយៈអង្គការ MAG នេះ នឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រី-បុគ្គលិកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់អាជ្ញាធរមីនទូទាំង ២៥ រាជធានី-ខេត្ត ដោយអាចប្រមូលនូវទិន្នន័យបានលឿនជាងមុន និងអាចរាយការណ៍មកអាជ្ញាធរមីន បានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ សូម​ថ្លែង​អំណរគុណ​ជូនចំពោះ HDR&D និងអង្គការ MAG តំណាង​ដោយ លោក Shathel Fahs ដែលបានចូលរួមជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយនាថ្ងៃនេះ អង្គការ MAG បាននាំមកនូវកម្មវិធី HDR&D ចូលរួមឧបត្ថម្ភគាំទ្រការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីន​នៅ​ទូទាំងប្រទេស ផងដែរ៕

 

កម្ពុជាសម្រេចបើកច្រកព្រំដែនជាមួយវៀតណាមឡើងវិញ ក្រោយបិទដោយសារកូវីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍សេចក្ដីសម្រេច ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចូលកម្ពុជា ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលវៀតណាម ដោយពលរដ្ឋកម្ពុជា។

យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសស្ដីពី ការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ក្នុងលិខិតចុះហត្ថលេខាដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនោះ បានបញ្ជក់ថា ចាប់ពីពេលនេះតទៅ ជាមួយវៀតណាម កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុងក្រោយរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្តកន្លងរួចមកហើយ ជាមួយ ប្រទេសដទៃទៀត ដោយអនុញ្ញាតឱ្យពលរដ្ឋវៀតណាម ចូល-ចេញ កម្ពុជា និងតម្រូវឱ្យពលរដ្ឋវៀតណាមទាំងអស់នោះ អនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩។

ជាងនេះទៅទៀត ពលរដ្ឋវៀតណាម ជាពិសេស អ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀត អាចនឹងទទួលបានទិដ្ឋាការផ្សេងៗ លើកលែងតែទិដ្ឋាការទេសចរណ៍ ស្រមតាមអនុក្រឹត្យស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្ដោប្រវេសន៍ចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។

គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាទៅក្រសួងការបរទេស ឱ្យផ្ញើលិខិតផ្លូវការមួយទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា បញ្ជាក់ពីការបិទព្រំដែនបណ្ដោះអាសន្ន មិនអនុញ្ញាតឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ ចាប់ពីម៉ោង ២៣:៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០៕

សម្ដេចតេជោ ៖ បញ្ហា Covid-19 មិន​មែន​ជា​​ឧបសគ្គ​​សម្រាប់​​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​នោះទេ

ខេត្តកណ្តាល ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា​​៖ ថ្វីត្បិតបញ្ហា Covid-19 បានក្លាយជាវិបត្តិសេដ្ឋកិច្ចជាសាកល ប៉ុន្តែ​វា​មិន​មែនជា​ឧបស​គ្គ​រាំ​ង​ស្ទះ​ដល់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជានោះទេ។

នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ដែល​នឹង​ក្លាយទៅជាអាកាសយានដ្ឋានដ៏ទំហំប្រចាំប្រទេសស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២០​នេះ​សម្តេ​ចតេជោថា បញ្ហានៃជំងឺ Covid-19 វាមិនមែនជាបញ្ហា ឬជា​ឧបសគ្គ​សម្រា​ប់​កម្ពុជា​ក្នុង​កិច្ចសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ៖“កាលពីប៉ុន្មានថ្ងៃមុន សម្តេចបានចុះ ត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ ដែល​រហូត​មក​ដល់​ពេល​នេះ​ជិតបានបញ្ចប់ហើយ ហើយ​តាមរយៈនៃ​ការកសាងទាំងនេះគឺ​មាន​តម្រូវការ​កម្លាំង​កម្មក​រ​បម្រើការងាររាប់ពាន់នាក់។ ដោយឡែក សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ បើឈានដល់ការសាងសង់ក្នុងដំណាក់កាលទី២ គឺត្រូវការ​កម្លាំង​កម្មករ​រហូត​ប្រមាណ​២​ម៉ឺន​នាក់ក្នុងមួយថ្ងៃ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖ ក្រៅពីការសាងសង់ទាំងនេះ សម្រាប់​តែ​ផ្នែក​សាងសង់លំនៅដ្ឋានក៏សុទ្ធតែមានដំណើរការ ដូចជាក្រុមហ៊ុនជីបម៉ុង ក្រុម​ហ៊ុន​បុរី​ប៉េងហួត និង​ក្រុមហ៊ុន​ផ្សេង​ៗ​មួយ​ចំនួន​នៅ​តែ​បន្ត​សកម្ម​ភាព​សាង​សង់​ដែលមា​ន​តម្រូវ​ការ​ផ្នែក​កម្លាំង​ពលកម្មដដែល ដូច្នេះវាអត់ទា​ន់​មាន​អីប្រែប្រួល​ច្រើន​នោះទេ​ដែល​បណ្តាល​ម​ក​ពី Covid-19 លើកលែងតែវិស័យចំនួន២ រួមមានវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ។

ជាមួយគ្នានេះ សម្ដេចតេជោ បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនឯកជន និង​អ្នកអភិវឌ្ឍន៍​ទាំង​អស់ បន្តសកម្មភាពសាងសង់ និងវិនិយោគរបស់ខ្លួនបន្តទៀត ព្រោះវិបត្តិ Covid-19 មិន​មែន​ជាឧបសគ្គធំសម្រាប់កម្ពុជានោះទេ ខណៈដែ​លពិភពលោ​កកំពុងតែ​ទទួល​បាន​សញ្ញា​វិជ្ជ​មានក្នុងការឈានទៅសម្រេចបាន១០០ភាគរយ៕

ខេត្តកណ្តាល​ ទាក់ទាញទុនវិនិយោគប្រមាណជិត២៧លានដុល្លារ​ លើវិស័យឧស្សាហកម្ម

ខេត្តកណ្តាល ៖ ស្របពេលដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តកណ្តាល កំពុងត្រូវបានយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍ នៅក្នុងអំឡុងចុងត្រីមាសទី២ ឆ្នាំ២០២០នេះ លំហូរទុនវិនិយោគបន្ថែមជិត២៧លានដុល្លារទៀត បានចាក់បញ្ចូលទៅក្នុងខេត្តកណ្តាល ទៅលើវិស័យឧស្សាហកម្ម។

លំហូរទុនវិនិយោគ​ បន្ថែមជិត២៧លានដុល្លារ ទៅលើគម្រោងចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគាំទ្រឱ្យចាប់ដំនើរ​ការនៅក្នុងស្រុកចំនួន២ នៃខេត្តកណ្តាល ដែលស្រូបយកកមលាំងពលកម្មប្រមាណជិត១.៤០០នាក់។
​ គម្រោងទាំង៣ ដែលទទួលបានការគាំទ្រខាងលើនេះ រួមមាន ៖
​ ទី១- ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។
ទី២- ក្រុមហ៊ុន LUCKY UNIQUE ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៤កន្លែង។
ទី៣- ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។
​ អភិបាលខេត្តកណ្តាល ឯកឧត្តម​ គង់ សោភ័ណ្ឌ បានស្វាគមន៍ចំពោះវត្តមានថ្មីនៃក្រុមហ៊ុនវិនិយោគទាំងអស់ខាងលើនេះ ហើយក្នុងនាមជាអាជ្ញាធរក្នុងតំបន់ នឹងព្យាយាមជួយសម្របសម្រួលដល់កិច្ចដំណើរការរបស់ក្រុមហ៊ុន ធ្វើយ៉ាងណាដើម្បីផ្តល់ជូននូវភាពល្អប្រសើរដល់ក្រុមហ៊ុនបណ្តាក់ទុន ក៏ដូចជាសេដ្ឋកិច្ចរបស់សង្គមជាតិផងដែរ៕

អាងស្តុកទឹកនៅភ្នំវល្លិ៍ កំពុងត្រូវគេទន្ទ្រានកាន់កាប់តែមន្ត្រីជំនាញថា អត់ដឹង !

ខេត្តកែប ៖ បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា អាងស្តុកទឹកដ៏ធំមួយកន្លែង ត្រូវបានគេយកត្រាក់ទ័រមកឈូសឆាយដើមស្មាច់ដុះ ក្នុង អាងទឹកចោលអស់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្ទង់សរ ជាប់នឹងភូមិសាស្ត្រភ្នំវល្លិ៍ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការឈូសឆាយរំលោភយកដីអាងទឹកនៅភ្នំវល្លិ៍ នេះ អាជ្ញាធរអះអាងថា អត់មានអ្នករំលោភ យកដីអាងទឹកនោះទេ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋមានលំនៅដ្ឋា នជិតអាងទំនប់ទឹក និយាយប្រាប់ថា គាត់បានឃើញត្រាក់ទ័រមួយគ្រឿងបានចុះឈួ ស ឆាយ ព្រៃស្មាច់ដុះនៅក្នុងអាងទឹក ។តែក្រោយមកត្រាក់ទ័រមួយគ្រឿងនោះ បានឈប់ឈូសឆាយដោយ ម្ចាស់ ត្រាក់ទ័រ និយាយ ថា ឈួ ស ឆាយ មិនកើតដោយសារតែភក់ផុងពេក ។ ទោះជាត្រាក់ទ័របានដកថយពីក្នុងអាងទឹក ក៏ដោយលុះនៅព្រឹកថ្ងៃ ទី១៣ ខែមីនា នេះ មានមនុស្ស ២ នាក់ទៀតកំពុងបន្តកាប់ស្ការដើមស្មាច់នៅក្នុងអាងទឹកស្ថិតក្នុងភូមិ អន្ទុងសរ ឃុំពងទឹក ។

បើតាមប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ វែ ន ស៊ុ អាយុ ៦៧ឆ្នាំ នៅភូមិអន្ទង់សរ បាននិយាយប្រាប់ថា ប្រជាពលរដ្ឋរស់នៅជុំវិញអាងទឹកនេះ សប្បាយរីករាយណាស់ ព្រោះមានបានគុណអាងទឹកនេះ ប្រើខួបប្រាំង វស្សា។ ពលរដ្ឋរូបនេះ និយាយថា អាងទឹកនេះយូរហើយសូមរក្សា ថែទាំកុំឱ្យបំពានយកដីក្នុងទឹក ។

បើតាមលោក ឃី នាង ប្រធានមន្ទីរធនធានទឹកខេត្ត កែប បាននិយាយប្រាប់ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៣ ខែមីនា ថា អាងទំនប់ទឹកនៅខេត្ត កែប មានចំនួន១១ កន្លែង ហើយអាងទឹកទាំង១១ កន្លែងនេះ មិនត្រូវបានគេរំលោភយកដីក្នុងអាងទឹកយកធ្វើកម្មសិទ្ធិទេ៕

រាជរដ្ឋាភិបាលចំណាយ២៥​លាន​ដុល្លារ ក្នុង១​ខែ សម្រាប់​គ្រួសារ​ក្រីក្រ៦០​ម៉ឺន​គ្រួសារ​

ខេត្តកណ្តាល​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​ថ្ងៃទី​២៤ ខែមិថុនា​ខាងមុខនេះ សម្តេច​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

ការប្រកាសបែបនេះរបស់សម្តេចធ្វើឡើងកាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ ក្នុងពេល​អញ្ជើញ​ទៅពិនិត្យ​មើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងត្រូវ​ចំណាយ​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក ក្នុង ១​ខែៗ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ៦០​ម៉ឺន​នាក់​។​ ថវិកទាំងនោះ បានមកពីចំណូលពន្ធគយ ខណៈដែលមន្ត្រីរាជការប្រមាណពី ៦ ទៅ ៧ម៉ឺននាក់ បានស្ម័គ្រចិត្តផ្តល់ប្រាក់បៀរត្សរ៍ដល់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ១៩ ដែលទទួលបានសរុបប្រមាណ ១០ម៉ឺនដុល្លារ។ រីឯថវិកាពីសប្បុរសជននានា រាជរដ្ឋាភិបាល ទទួលបានប្រមាណ ១៥លានដុល្លារអាមេរិក ហើយចំណាយទៅវិញក្នុងការទិញសម្ភារៈពេទ្យ អស់​ប្រមាណពី ៨ ទៅ ៩លានដុល្លារ។

​ក្នុង​អនុក្រឹត្យ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ បាន​បង្ហាញថា គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌ ត្រូវ​បានទទួល​ប្រាក់ឧបត្ថម្ភ ដែល​បែង​ចែកជា ៣​ប្រភេទ ចាប់ពី ១៦០០០ រៀល ដល់ ១២​ម៉ឺន​រៀល ក្នុង ១​ខែ​។ ក្នុងនោះ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ជនពិការ និង​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ព្រមទាំង​គ្រួសារ​ក្រីក្រ ដែលមាន​សមាជិក​ផ្ទុកមេរោគ​អេដស៍ ក៏មាន​ឈ្មោះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះដែរ​។​

​តាម​អនុក្រឹត្យ ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅ​ទីប្រជុំជន ក្នុង​រាជធានី​ភ្នំពេញ ទទួលបាន​ពី ២៨០០០ រៀល ដល់ ១២​ម៉ឺន​រៀល​។ ចំណែក​ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅ​ទីប្រជុំជន ក្រៅពី​រាជធានី​ភ្នំពេញ ក៏​ទទួលបាន​ពី ២៨០០០ រៀល ដល់ ១២​ម៉ឺន​រៀល​ដែរ​។ រីឯ​ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅ​ជនបទ ទទួលបាន​ចាប់ពី ១៦០០០ រៀល ដល់ ៨​ម៉ឺន​រៀល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​ថ្ងៃ​ពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល នឹង​ប្រកាស​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នេះ​៕

 

WHO ៖ ពិភពលោក​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​នៃ​ការផ្ទុះ​ឡើង COVID-19

​បរទេស ៖ អង្គការ​សុខភាព​ពិភពលោក ​(WHO) ​បាន​និយាយថា ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​នៃ​ការ​ផ្ទុះឡើង​យ៉ាងខ្លាំង​បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​ថ្មី​ជាង ១៥០,០០០​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុង​មួយថ្ងៃ ចាប់តាំងពី​ការផ្ទុះ​ឡើង​ដំបូង​នា​ចុងឆ្នាំ​២០១៩ ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ជាក់ស្តែង​ពី​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​“ ពិភពលោក​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​នៃ​គ្រោះថ្នាក់​”​។ វីរុស​នៅតែ​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​មនុស្ស​ភាគច្រើន​នៅតែ​ងាយ​រងគ្រោះ​។​

​ចំណែក​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប លោក​វេជ្ជបណ្ឌិត ហាន ក្លាក់ បាន​និយាយថា​៖ រលក​ទី​ពីរ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩ អាច​កើតមាន​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​។ ដូច្នេះ អ្វីដែល​យើង​ត្រូវធ្វើ គឺត្រូវធ្វើ​តេស្ដ​អ្នក​សង្ស័យ​ឆ្លង​ឲ្យ​បាន​ឆាប់​បំផុត និង​ដាក់​ពួកគេ​ដាច់ដោយឡែក​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ប្រសិនបើ​ត្រូវ​ព្យាបាល គឺ​មិនត្រូវ​មានការ​មាក់ងាយ ឬរើសអើង​នោះឡើយ​។​

​សូមជម្រាបថា គិត​មកដល់ពេលនេះ ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាលដាល​ទៅលើ​ប្រទេស និង​ដែនដី​សរុប​ចំនួន ២១៣ ជុំវិញ​ពិភពលោក ជាមួយនឹង​ករណី​ឆ្លង​សរុប​ចំនួន ៨,៧៥៧,៧៥០​នាក់​។ ក្នុងនោះ​ស្លាប់​ចំនួន ៤៦២,៥១៩​នាក់ និង​ជាសះស្បើយ​ចំនួន ៤,៦២៥,៤៤៩​នាក់​៕

 

ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមរយៈហ្វេសប៊ុកផេក សម្តេចតេជោបានសរសេរថា នៅព្រឹកថ្ងៃទី ២២ មិថុនា នេះ ខ្ញុំនឹងទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចបន្តថា នៅពេលនេះការសាសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចឲ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ សង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។

សម្តេចបន្តទៀតថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានោះ សម្តេចក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនឹងចៀសផុតពីជំងឺកូវីដ-១៩​ទាំងអស់គ្នា៕

 

ក្រសួងបរិស្ថានលើកទឹកចិត្តដល់សហគមន៍ក្នុងខេត្តកោះកុងបង្កើនការចិញ្ចឹមគ្រំចំពុះទា

ខេត្តកោះកុង ៖ ក្រសួងបរិស្ថាន លើកទឹកចិត្តដល់សហគមន៍ក្នុងខេត្តកោះកុងបង្កើនការចិញ្ចឹមគ្រំចំពុះទា ខណៈគ្រំប្រភេទនេះមានតម្រូវការទីផ្សារខ្ពស់ដែលនឹងជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង។
ឯកឧត្តម នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា គ្រំមួយប្រភេទនេះនៅបរទេសគេល្បីល្បាញឈ្មោះណាស់ ដោយសារវាមានរស់ជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាវិញ ប្រជាពលរដ្ឋហាក់មិនសូវស្គាល់ទេ ដោយហេតុនេះហើយទើបក្រសួងទាក់ទាញឲ្យភោជនីយដ្ឋានប្រចាំសណ្ឋាគារល្បីៗ និងភោជនីយដ្ឋានធំៗនៅកម្ពុជាចាប់អារម្មណ៍បង្កើតមុខម្ហូប ដែលនឹងជួយឲ្យប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទាបានទទួលទីផ្សារកាន់ធំ និងអាចពង្រីកមុខរបរនេះកាន់តែច្រើនដើម្បីលើកស្ទួយជីវភាពឲ្យកាន់តែធូរធារ។

ថ្លែងក្នុងឱកាសដឹកនាំប្រតិភូដែលជាក្រុមចុងភៅប្រចាំសណ្ឋាគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជាចុះពិនិត្យការចិញ្ចឹមគ្រំចំពុះទា និងការកែច្នៃផលនេសាទនៅខេត្តកោះកុង ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនានេះ ឯកឧត្តម បានឲ្យដឹងថា នៅបរទេសគ្រំប្រភេទនេះ មានតម្លៃចាប់ពីជិត១០ដុល្លារឡើងទៅ ប៉ុន្តែសម្រាប់ប្រជាសហគមន៍នៅខេត្តកោះកុង អាចចិញ្ចឹមលក់បាន ក្នុងមួយគីឡូក្រាមថ្លៃត្រឹមតែ២.៥០០ ដល់៣.០០០រៀលប៉ុណ្ណោះ ដោយសារតែខ្វះទីផ្សារ និងការចាប់អារម្មណ៍ពីប្រជាជនចំពោះគុណប្រយោជន៍របស់វា ទៅលើមុខម្ហូបដែលមានរស់ជាតិឆ្ងាញ់។

បើតាមការបញ្ជាក់ពីលោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ នៃក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រជាសហគមន៍ដែលកំពុងចិញ្ចឹមគ្រំចំពុះទានៅក្នុងខេត្តកោះកុងមានចំនួន៣កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប ដែលទី១មាននៅតំបន់មុខលំហរពាមក្រសោបចាស់ ទី២មាននៅកោះកាង និងទី៣នៅចំណុចឡាំដាំជាប់នឹងឈូងជ្រោយប្រស់។
សូមបញ្ជាក់ថា កន្លងមកប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទាលក់នៅខេត្តកោះកុង បាននាំចេញទៅលក់ឲ្យប្រទេសជិតខាងក្នុងតម្លៃមួយទាប។ ហេតុនេះហើយ ទើបក្រសួងបរិស្ថាន បានទាក់ទាញបណ្តាសណ្ឋាគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជា ចូលរួមទិញគ្រំប្រភេទនេះពីប្រជាពលរដ្ឋ ដើម្បីលើកទឹកចិត្តដល់សហគមន៍ក្នុងការបង្កើនការចិញ្ចឹម៕

ការកែលម្អគុណភាពកំណាត់ផ្លូវជាតិលេខ៣ ខេត្តកំពត-វាលរេញ សម្រេចបាន ៧៩,៦០%

ខេត្តកំពត ៖ ការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ ៣ កំពត-វាលរេញ ឋិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុប្រវែងសរុបចំនួន ៥៤,៣គីឡូម៉ែត្រ សម្រេចបាន ៧៩,៦០% ហើយ។ នេះបើតាមបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខណ:លោកបានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការងារអនុវត្តន៍គម្រោងនេះ។

គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យគុណភាពនៃសំណង់អនុលោមតាមបទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែងជាង៥៤គម ចែកជាពីរកំណាត់។ ទី១គឺចាប់ពីគ.ម.១៤៧+១០០ ដល់គ.ម. ១៨១+០០០ ប្រវែង៣៤គម ត្រូវបានជួស ជុល និងក្រាលកៅស៊ូ AC ហើយ គ.ម. ១៨១+០០០ ដល់គម២០១+៤០០ ប្រវែង២០គម ត្រូវធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកកម្ពស់តួផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

គួររំលឹកថា កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ១២លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទាន IDA Credit។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង សាធារណការ និងដឹកជញ្ជូន ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងមុខហើយធ្វើ ខាងក្រោយម្ដងទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី ថែទាំផ្លូវ(Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់យើងឱ្យបានគង់វង្សជាប់បានយូរ និង បានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ ចរាចរណ៍ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាផងដែរ៕