All posts by មេគង្គ ប៉ុស្តិ៍

តំបន់ប្រតិបត្តិការសឹករង និងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដាក់កម្លាំងជួយរុះរើ សំណង់ពីការឆេះផ្ទះរបស់ពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងយុវជនមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ បានចុះជួយរុះរើសំណល់ពីអគ្គិភ័យឆាបឆេះផ្ទះ និងរៀបចំទុកដាក់សំភារៈផ្សេងៗ ដើម្បីសម្រួលការលំបាករបស់ពលរដ្ឋរងគ្រោះ ។
កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្បន្ទាយមានជ័យ ដែលបានចុះជួយរុះរើ សំណល់ខាងលើនេះ ស្ថិតក្រោមការអន្តរាគមន៍ និងការសម្របសម្រួលពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជារងភូមិភាគ៥ និងការបញ្ជាផ្ទាល់ពីលោក ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីអគ្គីភ័យឆាបឆេះផ្ទះ១ខ្នងរបស់លោក អេម ពៅ និងអ្នកស្រី ឈុន វណ្ណា ស្ថិតនៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានទទឹង៨ម៉ែត្រ និងបណ្តោយ២០ សង់អំពីឈើលើថ្មក្រោម បណ្តាលឲ្យខូចខាតអស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណជា៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។
ឆ្លើយតបទៅនឹង ចុះជួយនេះលោក អេម ពៅ និងភរិយា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជឹម ប៊ុនអាន និងកម្លាំងអាវុធហត្ថ នគរបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័នមួយចំនួន និងក្រុមយុវជនចលនាយុវជនកម្ពុជាក្រុម១៥៧ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាមិត្តភក្ត័ទាំងអស់ ដែលបានសួរសុខទុក្ខ តាំងពីពេលកើតហេតុរហូតមកទល់ពេលនេះ ៕

COVID-19 ៖ ១ថ្ងៃប៉ុណ្ណោះ ឥណ្ឌាមានអ្នកឆ្លងថ្មី៣,៧២២នាក់ និងស្លាប់១៣៤នាក់

ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះមានមនុស្ស១៣៤នាក់បានស្លាប់ និង៣,៧២២នាក់ទៀតឆ្លងជំងឺ COVID-19 តែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរឥណ្ឌាបានអះអាងថា បូកបញ្ចូលទិន្នន័យបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ៧៨,០០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២,៥៤៩នាក់។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះផងដែរថា ចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 បានកើនឡើងដល់ ២៦,២៣៥នាក់ និង ៤៩,២១៩នាក់កំពុងស្ថិតក្នុងការព្យាបាល។

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះគឺជាថ្ងៃទី ៥១ហើយ ដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19។ វិធានការរឹតបន្តឹងមួយចំនួនត្រូវបានដករួចទៅហើយ នៅមុនការបិទបញ្ចប់វិធានការបិទប្រទេស ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ប៉ុន្មានថ្ងៃខាងមុខនេះក្នុងនោះមានដូចជា ការអនុញ្ញាតឲ្យខ្សែរថភ្លើងមួយចំនួនដំណើរការឡើងវិញ និងការធ្វើពាណិជ្ជកម្មខ្លះៗជាដើម៕

 

ស្នងការរាជធានីភ្នំពេញណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវតែមានការអត់ធ្មត់ខ្ពស់

ភ្នំពេញ ៖  លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ​ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ។ លោកស្នងការ បានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះ នឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង។

លោកឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងដូច្នេះ កាលពី​ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្នុងពេល​អញ្ជើញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍ តាមបណ្តាអធិការខណ្ឌទាំង១៤ នៅភ្នំពេញ​ ដែលមានមន្ត្រីចូលរួម​សរុបចំនួន ៧២៨ នាក់ ( បែកចែកជា ៤ វេន ផ្សេងគ្នា ) ដើម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

​លោកស្នងការ បានកោតសរសើរដល់កម្លាំងទាំងអស់ ដែលបានខិតខំទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើន បានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍។ ល ។

​លោកស្នងការ ក៏បាន​បញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីទាំងអស់ ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ ( អាចនិយាយបានដោយប្រើកាស )។ បន្ថែមលើនេះលោកស្នងការ ក៏បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​៕​​

 

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​៣​នាក់​ទៀត​ក្នុងស្រុក​​

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បានទទួល​របាយការណ៍​នៃ​ករណី​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន ៣​ករណី​បន្ថែមទៀត ដែល​ត្រូវបាន​បញ្ជាក់​នៅលើ​ទឹកដី​ចិន​កាលពី​ថ្ងៃ​ពុធ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​ករណី​ឆ្លង​ថ្មី​ទាំង​៣​ខាងលើ​ត្រូវបាន​បញ្ជា​ក់ន​ទៅក្នុង​ស្រុក​ដោយ​២​រ​ករណី​នៅ​ខេត្ត Liaoning និង​១​ករណី​ទៀត​នៅ​ខេត្ត Jilin ។​

​ករណី​ឆ្លង​ថ្មីៗ​ទាំង​០៣​ករណី ដែល​បាន​រាយការណ៍​នៅថ្ងៃនេះ វា​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទាំងអស់ នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៨២,៩២៩​ករណី​ក្នុងនោះ​មនុស្ស ៤.៦៣៣ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​សម្រាប់​រយៈពេល​ដូចគ្នានេះ​អាជ្ញាធរ​សុខាភិបាល​ចិន ក៏បាន​រកឃើញ​អ្នកជា​សះស្បើយ​ឡើងវិញ​ពី​ជំងឺ COVID-19 ចំនួន ០៦​នាក់​ផងដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​នៅ​ទូទាំងប្រទេស​ចិន កើន​ដល់ ៧៨,១៩៥ ករណី​៕

 

កាតារកឃើញករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក

ដូហា ៖ ក្រសួងសុខាភិបាលនៃប្រទេសកាតា បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៩០នាក់ថ្មីទៀត ទើបត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ នាំឲ្យករណីឆ្លងក្នុងប្រទេសសេដ្ឋីប្រេង និងឧស្ម័នមួយនេះកើនឡើងដល់ ២៦,៥៣៩ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលកាតាបានអះអាងថា ទោះបីជាមានករណីឆ្លងដល់រាប់ម៉ឺននាក់ពិតមែន ប៉ុន្តែសម្រាប់អ្នកស្លាប់វិញ គឺមានចំនួនទាបតែបំផុតតែ ១៤នាក់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយវិញមានចំនួន ៣,១៤៣នាក់ ក្នុងចំណោមករណីឆ្លងសរុប ២៦,៥៣៩ករណីខាងលើនេះ។ ក្រសួងបញ្ជាក់ថា ភាគច្រើននៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកាតា គឺជាពលករបរទេស ដែលត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែក នៅក្នុងកន្លែងធ្វើការពិនិត្យ និងតាមដានរកវីរុសកូរ៉ូណា ក្រោយពីពួកគេត្រូវបានអាជ្ញាធរស៊ើបដឹងថា ធ្លាប់មានប្រវត្តិទាក់ទង ជាមួយអ្នកឆ្លងជំងឺ COVID-19 មុនៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធម្សិលមិញ អាជ្ញាធរកាតាបានធ្វើតេស្តរក COVID-19 លើមនុស្សសរុប ១៣៩,១២៧នាក់ហើយ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៤លាននាក់ ស្លាប់ជិត ៣០ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៤២៥,៦៣៩ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៩៧,៧៦៥នាក់ និងជាសះស្បើយឡើងវិញ ១,៦៥៧,២៨៦នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័របានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤៣០,៣៤៨នាក់ ស្លាប់ចំនួន ៨៥,១៩៧នាក់ និងជាសះស្បើយចំនួន ៣០៩,៨២៩នាក់៕

 

ថ្ងៃនេះមិនមានអ្នកជំងឺកូវីដ១៩ជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដនៅសល់ម្នាក់គត់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែល ទទួលបានមុននេះបន្តិច៕

 

ថ្ងៃម្សិលមិញ នគរបាលផាកពិន័យយានយន្ត ចំនួន១១៤៩គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន១១៤៩គ្រឿងល្មើសច្បាប់ ស្មើនឹង១១៤៩ ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១១៤៩គ្រឿងនេះ មានម៉ូតូចំនួន៧៤៦គ្រឿង ល្មើសច្បាប់ ស្មើនឹង៧៤៦ករណី និងរថយន្ដ ចំនួន៤០០គ្រឿង ល្មើសច្បាប់ស្មើនឹង៤០០ករណី ។

ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព  ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ផ្ទុកទំនិញលើស, និងករណី ផ្សេងៗជាច្រើនទៀត ។

ដោយឡែកក្នុងរយៈពេល១៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន២២,០៤២គ្រឿង ល្មើសច្បាប់ស្មើនឹង២២,០៤២ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង២២,០៤២គ្រឿងនេះ មានម៉ូតូចំនួន១៦១៣៤គ្រឿង ល្មើសច្បាប់ស្មើនឹង១៦៨៧៤ករណី និងរថយន្ដ ចំនួន៥៩០៨គ្រឿងល្មើសច្បាប់ ស្មើនឹង៥៩៤៦ករណី ។

ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់, បញ្រ្ចាស ។ ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន ៖ មិនពាក់ខ្សែក្រវ៉ាត់, និងផ្ទុកទំនិញលើស, ភ្លើង ។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៣ថ្ងៃនេះ ថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើររយៈពេល១៣ថ្ងៃនេះ ៕

 

បុរសដែលបាញ់សម្លាប់សត្វកេងកេង នៅភ្នំបូកគោចូលសារភាពនៅក្រសួង បរិស្ថាន

ភ្នំពេញ ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកេង កាលពីថ្ងៃទី១០ ខែឧសភា និងត្រូវបានផ្សព្វផ្សាយនៅលើហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណៈ និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃតទៅទៀត រួមទាំងបានប្រគល់កាំភ្លើងបាញ់សត្វនោះ ឲ្យទៅក្រសួងផងដែរ។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់សត្វកេងកងធំមួយក្បាល នោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។ បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជន ទទួលស្គាល់ការពិត ដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយក្បាល ស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ លោកសន្យាថា នឹងប្រគល់អាវុធដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួននិងស្នើសុំការសណ្តោសប្រណីពីសាធារណជនដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។

លោកបានថ្លែងថា តាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថានទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។លោកបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។ រដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិនិងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសត្វកេងកេងគឺជា ប្រភេទសត្វកម្រជិតផុតពូជហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម៕

រដ្ឋបាលសាលាស្រុកឆែប បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបម្រើសេវាសាធារណ:ជូនពលរដ្ឋ

ខេត្តព្រះវិហារ ៖ រដ្ឋបាលសាលាស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពលោក សុខ សាន្តតារា អភិបាលនៃគណៈអភិបាលស្រុកឆែប ដោយមានការអញ្ជើញចូលរួមពី អាជ្ញារធរ ភូមិ ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ។

បន្ទាប់ពីប្រជុំពិភាក្សាអស់រយ:ពេលជិត៣ម៉ោង លោក សុខ សាន្តតារា អភិបាលស្រុកឆែប បានណែនាំដល់មន្ទីអង្គភាពទាំងអស់ ក្នុងដែនរដ្ឋបាលស្រុករបស់ខ្លួនត្រួវតែបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ស្រុក និងបន្តផ្តល់សេវាសារធារណៈដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ទ្ធភាពខ្ពស់ នឹងមានការទទួលខុសត្រូវ។

លោកបានប្រាប់ដល់ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់យកភាពស្មោះត្រង់ ដើម្បីទទួលបានភាពជោគជ័យ លើការចុះអនុវត្តភារកិច្ច នៅចំពោះមុខ ជូនថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោក សុខ សាន្តតារា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហាមលួចឆ្លងដែនចូលប្រកបមុខរបបរក្នុងទឹកដីឡាវ ព្រោះអាចបង្កអោយបងប្អូនមានគ្រោះថ្នាក់ដល់អាយុជីវិត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។

លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ តែកម្ពុជា ពុំទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះនៅឡើយទេ។

លោក បានស្នើអោយកូនចៅបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសទាំងអស់ ប្រសិនបើមានអាការៈ ក្តៅខ្លួន ក្អក ឬ ហៀរសំបោរខុសធម្មតា ត្រូវស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយ:ពេល១៤ថ្ងៃសិន ហើយត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពសុំប្រឹក្សាយោបល់ពីក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលអាការៈរោគទាំងនោះ។ លោកថា ក្រោយការពិនិត្យ និងព្យាបាលរួចហើយ ក្រុមពេទ្យបញ្ជាក់ថា គ្មានការកើតឡើង នៃជំងឺកូវីដ១៩ នោះទេ នោះទើបអាចរស់នៅជាមួយក្រុមគ្រួសារ និងញាតិមិត្ត បងប្អូន ឬ ឪពុកម្តាយបានដូចដើម៕ ដោយ ៖ កូវ ប៊ុនហេង

រថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុននាគខៀវពន្លះរថយន្ត សេរីទំនើប RANGROVERខ្ទិចមួយចំហៀង

ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងរងការខូចខាតយ៉ាងដំណំខណៈកំពុងតែឆ្លងផ្លូវត្រូវរថយន្តកូរ៉េដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុននាគខៀវបុកពេញទំហឹង។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សំបួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក RANG ROVER ព៍ណខ្មៅពាក់ស្លាកលេខ កម្ពុជា 3456789 បើកបរចេញពីក្នុងបុរីលឹមឈាងហោចំការដូងពីទិសដៅពីលិចទៅកើតបំរុងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តដឹកស៊ីម៉ងត៏មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍បៃតងឆ្នូតលឿងពាក់ស្លាកលេខភ្នំពេញ 3C 5310បើកបរពីទិសដៅពីជើងទៅត្បូងបានជ្រុលចង្កូតទៅបុករថយន្តសេរីទំនើបខាងលើពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៏ខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយគ្នានៅពេលក្រោយុ៕

ក្រុមអ្នកជំនាញការចិនបាញ់សម្លាប់មេរោគកូវីដ១៩ បានជាង១លាន ៥សែនម៉ែត្រការ៉េរយៈពេល១៥ថ្ងៃ

ភ្នំពេញ ៖ លោក ប៉ៃ សំបូរ បានឲ្យដឹងថា ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិន ចំនួន១០រូបបានបំពេញការងារស្ម័គ្រចិត្ត​បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅ១០រាជធានី/ខេត្ត របស់​កម្ពុជាបើគិតជាម៉ែត្រការ៉េ គឺជាង១លាន៥សែនម៉ែត្រការ៉េក្នុងរយៈពេល១៥ថ្ងៃ។
ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិនចំនួន១០រូប ​បានធ្វើដំណើរវិលត្រឡប់​ទៅកាន់ប្រទេសខ្លួនវិញហើយ នៅរាត្រីថ្ងៃទី១២ ខែឧសភា បន្ទាប់ពីបានបំពេញបេសកកម្ម រយៈពេល១៥ថ្ងៃ ក្នុងការបាញ់សម្លាប់មេរោគកូវីដ១៩ និងបណ្តុះបណ្តាល ដល់គ្រូពេទ្យនៅប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមអ្នកជំនាញការចិន ដែលមកបានជួយកម្ពុជា និងបានថ្លែងអំណរគុណ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែលបានសហការគ្នាយ៉ាងល្អ លើកិច្ចការមនុស្សធម៌នេះ។ លោកបញ្ជាក់ថា ភាគីចិន បានបញ្ជាក់ថា នឹងបន្តជួយដល់កម្ពុជាថែមទៀត ប្រសិនបើមានការស្នើសុំ។
សូមជម្រាបថា ក្រុមអ្នកជំនាញការស្ម័គ្រចិត្តទាំង១០នាក់ បានមកដល់កម្ពុជា កាលពីរាត្រីថ្ងៃទី២៨ ខែមេសា​ ដោយកិច្ចការនេះ ​ស្ថិតក្រោមការសម្របសម្រួល របស់វេទិការសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍ចិន បានសហការគ្នា យ៉ាងជិតស្និទ្ធ ជាមួយ​ក្រសួងសុខាភិបាលកម្ពុជា៕

មន្រ្តីឧទ្យានុរក្សទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ

ខេត្តកំពង់ឆ្នាំង ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិសេសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោករដ្ឋលេខាធិការ ខណៈដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ៧គ្រឿង នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ លោកបានបន្ថែមថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវ:ចម្រុះនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ការបង្កើតប្រព័ន្ធអេកូឡូស៊ី និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចាំបាច់ត្រូវធ្វើការការពារនិងអភិរក្ស ក៏ដូចជាការប្រើប្រាស់ឲ្យមាននិរន្តរភាព។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ចំពោះការខិតខំក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាព នៅក្នុងខេត្តកំពង់ឆ្នាំង ដោយឈរលើមូលដ្ឋាននិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការប្រគល់សម្ភារៈមធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន៧គ្រឿង របស់ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោងផងដែរ៕

ឆេះ​នាវា​ដឹក​ប្រេង​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​យ៉ាងតិចណាស់​៧​នាក់​

ឥណ្ឌូនេស៊ី ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយ​មនុស្ស​យ៉ាងតិច​៧​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​នាវា​ដឹក​ប្រេង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​យប់​ថ្ងៃ​អង្គារ ខណៈ​អាជ្ញាធរ​បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​អ្នកស្លាប់​ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់សិប​នាក់​ដែល​ជាប់​នៅលើ​ជណ្ដើរ​នៅពេលដែល​នាវា​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឯ​កំពង់ផែ​សមុទ្រ Belawan នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ជិះទូក​មួយ​ផ្សេងទៀត​បាន​ប្រយុទ្ធ​ជាមួយ​ភ្លើង​អស់​ជាច្រើន​ម៉ោង​ដើម្បី​ពន្លត់​អណ្តែត​នៅលើ​នាវា​ដែលមាន​ទង់ជាតិ​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​ចត​ដើម្បី​ជួសជុល​។​ដោយឡែក​មនុស្ស ២២​នាក់​ទៀត ក៏បាន​ទទួលរង​របួស​ផងដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​យ៉ាងណាមិញ​មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​៕

 

គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២

ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំពេញអង្គនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយរបៀប វារៈសំខាន់ជាងគេ ដែលគណៈរដ្ឋមន្រ្តីពិនិត្យ និងពិភាក្សា គឺសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ បន្ទាប់ពីនោះគឺបញ្ហាផ្សេងៗមួយចំនួនទៀតជារបៀបវារៈទី២៕