All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋសភាបានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ បានសម្រេចអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»ដែលបានរៀបចំស្នើឡើងដោយគណៈរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់នេះ មានចំនួន ៥ជំពូក និងចែកចេញ១២មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

សូមបញ្ញជាក់ថា កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងសមាជិកសភាសរុបចំនួន១១៥នាក់ និងតំណាងរាជរដ្ឋាភិបាលផងដែរ និងបានអនុម័តជាឯកច្ឆន្ទក្នុងសំឡេង១១៥ លើ១១៥ សំឡេង៕

 

 

កម្ពុជា-ចិនរៀបចំកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ ដំណាក់កាលទី២

ភ្នំពេញ ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានរៀបចំកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាគីទាំងពីរ ដំណាក់កាលទី២ ត្រូវបានរៀបចំឡើងក្រោមទម្រង់វីឌីអូចម្ងាយ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការស្ថានទូតចិនប្រចាំកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ ​និងផ្លូវ, កិច្ចសហប្រតិបត្តិការវិនិយោគ, កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច, ពាណិជ្ជកម្មអេឡិចត្រូនិក និងបញ្ហាច្បាប់មួយចំនួន ដោយផ្អែកលើខ្លឹមសារកុងសុងស៊ីដែលបានសម្រេចយ៉ាងទូលំទូលាយ ហើយក៏ទទួលបានវិវឌ្ឍនចម្បងលើវិស័យជំនួញទំនិញ, បទបញ្ញត្តិទីកន្លែងផលិត, ភាពសម្របសម្រួលងាយស្រួលសម្រាប់នីតិវិធីគយនិងពាណិជ្ជកម្ម, ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម, វិធានការសុខាភិបាលនិងរុក្ខអនាម័យ, សេវាកម្មពាណិជ្ជកម្ម, តម្លាភាព​ និងវិស័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងច្បាប់។

ភាគីទាំងពីរក៏បានណាត់ពេលវេលា នឹងជំរុញកិច្ចចរចានេះឲ្យបានឆាប់រហ័សក្រោមទម្រង់រូបភាពទាំងឡាយ ក្នុងនោះក៏បញ្ចូលទាំងទម្រង់ប្រជុំវីឌីអូផងដែរ ដើម្បីរួមគ្នាចាត់វិធានការជាក់ស្តែងក្នុងការជំរុញពាណិជ្ជកម្មសេរី, លំនឹងនៃសេដ្ឋកិច្ចតំបន់, ការការពារសង្វាក់ផលិតកម្មលើសកលលោក និងព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19។

ការពិភាក្សាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាគំនិតផ្តួចផ្តើមជាក់ស្ដែងដ៏ចម្បងនៃកុងសុងស៊ីរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស វាមានសារសំខាន់ណាស់ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មទាំងពីរប្រទេសឲ្យកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជួយជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា៕

 

សម្ដេចតេជោ ៖ អភិបាលក្រុងភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ត្រូវបញ្ជៀសប្រទូស្តរ៉ាយដោយសារស្ទះចរាចរណ៍

ភ្នំពេញ   ​៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាល និងអភិបាលខេត្តកំពង់ស្ពឺ ត្រូវខិតខំជួយសម្រួលដល់ការធ្វើដំណើររបស់មន្រ្តីរាជការ បុគ្គលិកឯកជន កម្មករ កម្មការិនី អាជីវករ រួមទាំងអ្នកសារព័ត៌មានផងដែរ ដែលតែងតែចេញចូលធ្វើការនៅរាជធានីភ្នំពេញ។

តាមរយៈសារជាសំឡេង សម្តេចតេជោ បានណែនាំឱ្យតាមដានឱ្យបានយកចិត្តទុកដាក់ខ្ពស់ចំពោះការចេញចូលរវាងភូមិសាស្រ្តខេត្តកណ្តាល ជាមួយនឹងរាជធានីភ្នំពេញ ក្រៅពីនោះ ខេត្ត កណ្តាល និងខេត្តកំពង់ស្ពឺ ក៏ត្រូវមានការសម្រួលដោះ ស្រាយនៃការធ្វើដំណើរនេះឱ្យបានល្អបំផុតផងដែរ ដើម្បីជៀសវាងការកកស្ទះ ឬមានការប្រទូស្តរ៉ាយណាមួយកើតឡើង៕

ការធ្វើដំណើរក្នុងរាជធានីភ្នំពេញមិនត្រូវបានហាមឃាត់ ឬរឹតត្បិតឡើយ

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងថា រាល់ការធ្វើដំណើរនៅទូទាំងរាជធានីភ្នំពេញ មិនត្រូវបានហាមប្រាម ឬរឹតត្បិតឡើយ ។
ក្នុងសេចក្តីណែនាំដដែល នៅបានបង្គាប់ឲ្យអាជ្ញធរគ្រប់ជាន់ថ្នាក់ក្រោមឱវាទ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋថែមទៀតផង៕

សិង្ហបុរី មួយថ្ងៃរកឃើញអ្នកឆ្លង COVID-19 ថ្មីជិត៣០០នាក់ 

សិង្ហបុរី ៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញបានរកអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៨៧នាក់ទៀត សរុបករណីឆ្លងក្នុងប្រទេសដីកោះមួយនេះ កើនឡើងរហូតដល់ ១,៩១០ ករណី។ នេះបើតាមការចេញផ្សាយដោយ CNA។

ការរកឃើញអ្នកឆ្លង COVID-19 ថ្មីប្រមាណ២៨៧នាក់ខាងលើនេះ មិនត្រឹមតែជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ តែវាក៏ជាការកើនឡើងទ្វេដង បើធៀបនឹងកំណត់ត្រាចាស់ កាលពីថ្ងៃពុធថែមទៀត។ ភាគច្រើននៃករណីឆ្លងថ្មីទាំង២៨៧នាក់នេះ គឺជាការឆ្លងលក្ខណៈជាចង្កោមៗតែម្តង។

សូមជម្រាបថា នៅក្នុងចំណោមករណីឆ្លងសរុបទាំង១,៩១០ករណីនោះ មាន០៧នាក់ស្លាប់, ៤៦០នាក់ជាសះស្បើយ និង២៩នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕

 

រដ្ឋមន្ត្រីក្រសួងអប់រំសរសេរលិខិតផ្ទាល់ដៃស្នើឲ្យមន្ត្រី បុគ្គលិកសិក្សា បន្តធ្វើការជាធម្មតា

ភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី១០ ខែមេសា នេះ បានធ្វើសេចក្តីអំពាវនាវតាមរយៈលិខិតមួយច្បាប់ដែលលោកសរសេរដោយដៃផ្ទាល់ ផ្ញើជូនមន្ត្រី បុគ្គលិកសិក្សា សិស្សានុសិស្ស និងអាណាព្យាបាល សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលជាវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នៅកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានរំលឹកឲ្យមន្ត្រី បុគ្គលិកបន្តធ្វើការជាធម្មតា និងកុំធ្វើដំណើរឆ្លងស្រុក ឆ្លងខេត្ត ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំការបរទេសអាស៊ាន តាមវីដេអូ ខនហ្វើរេន

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញលទ្ធផលនៃកិច្ចប្រជាក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញលទ្ធផលនៃកិច្ចប្រជាក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២ ស្តីពីជំងឺ កូវីដ ១៩ តាមរយៈកិច្ចប្រជុំតាមវីដេអូ ខនហ្វើរេន។

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយ សរុបកើនដល់៧២នាក់ និងរកឃើញថ្មី១នាក់

ភ្នំពេញ ៖ ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៤នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧២នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៧នាក់ នៃអ្នកឆ្លងសរុប១១៩ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

អ្នកជាសះស្បើយទាំង៤នាក់រួមមាន៖

បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំ នៅភូមិរ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក អនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តកណ្តាល។ បុរសនេះដែលបានប៉ះពាល់ផ្ទាល់ ជាមួយបុរសអាយុ៦០ឆ្នាំ ដែលវិលត្រឡប់ពីពិធីសាសនា នៅប្រទេសម៉ាឡេស៊ី។

បុរសជនជាតិខ្មែរអាយុ៤៥ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តកំពង់ចាម ។ បុរសនេះ ជាកម្មករសម្អាតព្រះវិហារឥស្លាម និងជាអ្នកប៉ះពាល់ជាមួយជនជាតិម៉ាឡេស៊ី។

បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅក្រុងព្រះវិហារ ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តព្រះវិហារ ។ បុរសរូបនេះ ជាអ្នកត្រឡប់មកពីពិធីសាសនានៅម៉ាឡេស៊ី។

បុរសជនជាតិម៉ាឡេស៊ី អាយុ៥៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងកែប ទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។ បុរសនេះ មកធ្វើការងារសាសនានៅកម្ពុជា។

ចំពោះការរកឃើញករណីថ្មីម្នាក់ គឺជាស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែង ដែលស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ ។ ដោយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

កម្មករនិយោជិតដែលមិនគោរពតាមការណែនាំនឹងត្រូវបញ្ចប់ការងារ ឬមានទោស

ភ្នំពេញ ៖ ក្រសួងការងារនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងណែនាំដល់ម្ចាស់សហគ្រាស រោងចក្រ អ្នកបើកបរ ម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករ និយោជិត ដោយតម្រូវឲ្យអនុវត្តតាមការណែនាំមួយចំនួនជាកំហិត។

ចំណុចសំខាន់ៗដែលក្រសួងតម្រូវឲ្យអនុវត្តតាម រួមមាន ÷ កម្មករ និយោជិត និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះហើយដែលត្រូវទៅបំពេញការងារក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ត្រូវមានប័ណ្ណសម្គាល់ខ្លួនដែលបញ្ជាក់ថា ជាកម្មករ និយោជិត ហើយត្រូវមកធ្វើការងាររៀងរាល់ថ្ងៃជាធម្មតា។ ក្នុងករណីខកខាន ត្រូវបានចាត់ទុកថាមានកំហុសធ្ងន់ ហើយប្រឈមនឹងការបញ្ចប់កិច្ចសន្យាការងារដោយគ្មានសំណង។ ជាងនេះទៀត មិនត្រូវចូលរួមធ្វើសកម្មភាពញុះញង់ បំភិតបំភ័យកម្មករ និយោជិតផ្សេងទៀតឡើយ បើមិនដូច្នេះទេ នឹងត្រូវទទួលទោសតាមច្បាប់ព្រហ្មទណ្ឌ និងច្បាប់ជាធរមានដទៃទៀត។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដូចខាងក្រោម ÷

និស្សិតកូរ៉េ ទារថ្លៃបង់សាលាវិញ ពេល​ត្រូវបាន​បិទ​ដោយសារ​កូវីដ១៩

កូរ៉េខាងត្បូង ៖ និស្សិត​មួយចំនួន បាន​បង្ហាញការមិនសុខចិត្តបើកការបង្រៀនតាមអនឡាញ ក្នុងអំឡុង​វិបត្តិកូវីដ១៩​ ហើយប្រមូលផ្តុំតវ៉ា​ថា សិទ្ធិរៀនសូត្ររបស់ខ្លួនត្រូវបានបំពាន និងទាមទារថ្លៃបង់សាលាមកវិញ។ នេះបើតាម​​ការចុះផ្សាយរបស់ Yonhap News។

សាកល​វិទ្យាល័យ​ភាគច្រើន បាន​ពន្យារពេល​ចាប់ផ្តើម​សិក្សា​ឆមាសថ្មី​ត្រឹម២សប្តាហ៍ កាលពីខែមីនា ហើយ​បាន​បើកការបង្រៀនតាមអនឡាញ ក្នុងអំឡុង​វិបត្តិកូវីដ១៩នេះ។ ប៉ុន្តែ​មាន​និស្សិត​មួយចំនួន បាន​បង្ហាញការមិនសុខចិត្ត​ ហើយប្រមូលផ្តុំតវ៉ា​ថា សិទ្ធិរៀនសូត្ររបស់ខ្លួនត្រូវបានបំពាន និងទាមទារថ្លៃបង់សាលាមកវិញ។

ក្រុមប្រឹក្សា​កូរ៉េ​សម្រាប់​ការអប់រំ​សាកលវិទ្យាល័យ បាន​លើកឡើង​ថា សាកលវិទ្យាល័យ​គ្មាន​លទ្ធផល​ក្នុងការ​សងថ្លៃសិក្សា​ឱ្យនិស្សិតវិញឡើយ ដោយសារតែ​កំពុងជួប​ផលវិបាកហិរញ្ញវត្ថុ ជាពិសេស​ថ្មីៗនេះ សាលាត្រូវចំណាយទៅឱ្យនិស្សិត​បរទេស​ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីទប់ស្កាត់ការឆ្លងមេរោគ ព្រមទាំង​ការចំណាយលើការរៀបចំ​ការសិក្សា​អនឡាញផងដែរ។ ប៉ុន្តែជំនួសមកវិញ សាលា​នឹងពិចារណា​ផ្តល់ជូន​ជាពិសេស​ដើម្បី​គាំទ្រ​ដល់​និស្សិត​ដែល​ទទួលរងផលប៉ះពាល់៕

 

ព្រឹកនេះរដ្ឋសភាប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»។ កិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃនេះដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំនាព្រឹកថ្ងៃនេះផងដែរ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ នឹងដឹកនាំមន្ត្រីរបស់ខ្លួន ដើម្បីការពារសេចក្តីព្រាងច្បាប់មួយនេះនៅចំពោះមុខសមាជិក សមាជិការដ្ឋសភា៕

 

កងទ័ពនឹងចល័តរថក្រោះ និងរថពាសដែកសរុប២២គ្រឿងពីទីលានជុំគិរី ចូលមកកងពល៧០

ភ្នំពេញ ៖ អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ នៅរសៀលថ្ងៃទី៩ មេសា ឆ្នាំ២០២០ នេះ បានចេញបទបញ្ជាឲ្យកងពលលេខ៧០ ចល័តរថក្រោះប្រភេទតេ៥៥ ចំនួន១០គ្រឿង និងរថពាសដែកប្រភេទBMP-1 ចំនួន១២គ្រឿង ពីសាលាតេជោសែនជុំគីរី ចូលមកកាន់ទីបញ្ជាការដ្ឋានកងពលលេខ ៧០ វិញក្រោយធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០ ជាមួយកងទ័ពចិនបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ ដោយចាប់ផ្ដើមយុទ្ធដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ជាកំហិត។

ក្នុងបទបញ្ជាដែលចុះហត្ថលេខាដោយ ឯ.ឧ. វង្ស ពិសេន ពុំមានការបញ្ជាក់ពីភាពចាំបាច់ ឬមូលហេតុណាមួយដែលនាំឲ្យមានការចល័តរថក្រោះ និងរថពាសដែកទាំងនេះ នោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព និងសុវត្ថិភាពប៉ុណ្ណោះ។

គួរកត់សម្គាល់ថា បទបញ្ជានេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលទៅវិញទៅមករវាងរាជធានី ខេត្ត ក្រុង ស្រុក នៅទូទាំងកម្ពុជា ចាប់ពីម៉ោងសូន្យរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ ដោយអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស កូវីដ ១៩៕

រណ្តាប់ទទួលទេវតាសង្ក្រាន្តឆ្នាំជូត ទោស័ក ព.ស.២៥៦៤

មហាសង្ក្រាន្តឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២ ៥៦៤ នឹងចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០២០ នាវេលាម៉ោង ២០ និង ៤៨នាទី ( ជាវារៈមហាសង្ក្រាន្ត )។

ថ្ងៃអង្គារ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២០ ជាវារនៈវ័នបត ។ថ្ងៃពុធ ៨ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែ មេសា គ.ស ២០២០ ជាវារនៈវ័នបត ។ថ្ងៃព្រហស្បត៍ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០២០ នៅវេលាម៉ោង ១ និង ២៤នាទី ៣៦វិនាទី ជាវារៈឡើងស័ក ។

ទេវតាឆ្នាំថ្មីព្រះនាម គោរគៈទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុមហារាជិកា ទ្រង់អម្ពរពណ៌ លឿង លម្អនៅព្រះការណ៍ដោយផ្កា អង្គារបុស្ស អភរណ កែវមុក្តា សោយ តេលំ គឺប្រេង ( ប្រេងដែលមនុស្សអាចបរិភោគបាន ) ជាអាហារ គង់លើស្តេច ខ្លា ។

កត់សម្គាល់៖ ដូចដែលបានលើកឡើងខាងលើនេះ ឃើញថា វារៈវ័នបត ឆ្នាំនេះ រយៈពេល ២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ ខែមេសា ហើយជាសរុបទៅពិធីបុណ្យចូលឆ្នាំ នាឆ្នាំនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា។រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់គ្រឿងពលីការផ្សេងៗ ។

ត្រូវរៀបក្រាលសំពត់ពណ៌ ស (អាចក្រាលសំពត់ព័ណ៌លឿងក៏បាន ព្រោះទេវតាឆ្នាំនេះ គ្រងអម្ពរពណ៌លឿង ) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ ថ្នាក់ មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសី ប៉ាឆា មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់លើជើងពាន ១១ ដូងឡៅ ១ គូ ទឹកស្អាត ២ កែវ ។

ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បី នមស្សកាថ្វាយបង្គុំ ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ។

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និង មានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ ថ្នាក់ ចុះមក ឬ រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន ប្រាំ ធូប ប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និង លើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ ។

បន្ថែមលើអ្វីដែលមានចែងនៅក្នុងសៀវភៅ មហាសង្ក្រាន្តត្រូវរៀបចំឱ្យមានប្រេង គឺជាប្រេងអ្វីក៏ដោយដែលមនុស្សអាចបរិភោគបាន ចំនួន ២ ចាន ដែលអាចជាចានចង្កឹះ ចានគោម ឬ ចានសំប៉ាត ក៏បានដាក់នៅក្នុងគ្រឿងរណ្តាប់ទទូលទេវតាព្រោះទេវតាឆ្នាំនេះ សោយប្រេង ៕

រដ្ឋាភិបាលហាមឃាត់ការធ្វើដំណើរឆ្លងកាត់ខេត្ត ក្រុង ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមេសា នេះ បានចេញបទបញ្ជាដាក់កំហិតក្នុងការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្កើន និងទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ19។

បើតាមបទបញ្ជានេះ រាជរដ្ឋាភិបាល បានហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេសរួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញទេ)។

ក្នុងនោះក៏កំហិតក្នុងការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំ ណើរឆ្លងកាត់ខេត្តមួយ ទៅខេត្តមួយ ដែលបទបញ្ជានេះ នឹងចូលជាធរមាននៅម៉ោង 00:00 ថ្ងៃទី៩ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ៕

ក្រសួងមហាផ្ទៃ ៖ គ្មានផែនការដោះលែងអ្នកទោសស្រាលៗ ដើម្បីបង្ការជំងឺកូវីដ១៩ទេ

ភ្នំពេញ ៖ មណ្ឌលអប់រំ កែប្រែ និងពន្ធនាគាររាជធានី-ខេត្តទាំងអស់ កំពុងអនុវត្តវិធានការយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងការពារមន្ត្រី និងជនជាប់ឃុំកុំឲ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ប៉ុន្តែពុំមានផែនការដោះលែងអ្នកទោសនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ការលើកឡើងនេះ បន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឲ្យពន្ធនាគារ ដោះលែងអ្នកទោសនយោបាយ ឬអ្នកទោសប្រព្រឹត្តស្រាលៗ ដើម្បីការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។
លោក នុត សាវនា បញ្ជាក់ថា វិធានការបង្ការ និងការពារទាំងនោះ ដូចជាផ្អាកការចូលសួរសុខទុក្ខជនជាប់ឃុំបណ្ដោះអាសន្ន ការបាញ់ថ្នាំសម្លាប់មេរោគក្នុងពន្ធនាគារជាប្រចាំ បង្កើតកន្លែងលាងដៃនៅតាមពន្ធនាគារ និងមានការផ្គត់ផ្គងសាប៊ូដុំ និងសាប៊ូបោកខោអាវគ្រប់គ្រាន់ជាដើម។ លោកអះអាងបន្ថែមថា ពន្ធនាគារ ក៏បានដាក់ចេញវិធានការ ចាំបាច់នានាជាបន្តបន្ទាប់ទៀតដើម្បីសង្គ្រោះ និងអន្តរាគមន៍បន្ទាន់ក្នុងករណីមានការឆ្លងរាតត្បាតក្នុងពន្ធនាគារ៕