All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃទី១៣ ខែមេសា នេះ មិនមានអ្នកឆ្លងថ្មី និងមិនទាន់មានអ្នកជាសះស្បើយទេ

ភ្នំពេញ ៖ តាមរបាយការយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា គិតមកដល់ថ្ងៃទី ១៣ ខែមេសា នេះ មន្ត្រីសុខាភិបាលបានធ្វើតេស្តទៅលើសំណាកលើមនុស្សជិត ៩.០០០នាក់ ឯកររកឃើញមានតែ ១២២ករណីប៉ុណ្ណោះ ដែលវិជ្ជមាននៃមេរោគ កូវីដ ១៩។  

របាយករណ៍បញ្ជាក់ថា គិតមកដល់ពេលនេះមាន អ្នកជាសះស្បើយចំនួន ៧៧នាក់ ស្មើនឹងជាង ៦៣ភាគរយ ឯចំនួនអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មានចំនួន ៤៥នាក់៕

សូម​គោរព​ជូនពរលោក ឧកញ៉ា ហេង សុវណ្ណា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ​ជូត

​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត យើងខ្ញុំជានិពន្ធនាយក និងបុគ្គលិកគេហទំព័រ សារព័ត៌មាន មេគង្គ ប៉ុស្ត៍ សូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយតាមបីបាច់ថែរក្សា ការពារ និង​ប្រសិទ្ធិ​ពរជ័យ សិរី​មង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះលោកឧកញ៉ា ហេង សុវណ្ណា និង លោកស្រី ហ៊ួន ស៊ីថា ព្រមទាំងក្រុមគ្រួសារ កុំបីឃ្លាងឃ្លៀតឡើយ។

                            គោរពជូនពីបុគ្គលិក មេគង្គប៉ុស្តិ៍

សហរដ្ឋអាមេរិកនៅតែមានអ្នកស្លាប់ដោយជំងឺ covid 19 ច្រើនជាងគេ

អាមេរិក ÷ គិតត្រឹមព្រឹកថ្ងៃអាទិត្យិត្យ​ ទី12 ខែមេសា ម៉ោងក្នុងសហរដ្ឋអាមេរិក បង្ហាញថា នៅសហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ១ូវីដ១៩ ចំនួន​ជាង ៥៣០.០០០ នាក់ ហើយ​មាន​ករណី​ស្លាប់​ចំនួន ២០.៦៨០ នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins University នៅ​ក្នុង​សហរដ្ឋអាមេរិក។

តួលេខ​នេះ​បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​នាំ​មុខ​គេ​លើ​ចំនួន​ករណី​ឆ្លង និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នេះ ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ លើសប្រទេសអ៊ីតាលីជាលើកដំបូង។ ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​មាន​ចំនួន ១៩.៤៦៨ នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins University ដដែល​នេះ។

ដើម្បី​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​ កូវីដ១៩ នេះ ឆ្លងរាលដាលកាន់តែខ្លាំងក្លាថែមទៀត អភិបាល​ក្រុង​ញូវយ៉ក នៅ​ក្នុង​រដ្ឋ​ញូវយ៉ក លោក Bill de Blasio បាន​ប្រកាស​ថា សាលារៀន​រដ្ឋ​ទាំងអស់​ដែល​កំពុងតែ​បិទ​ស្រាប់ នឹង​ត្រូវ​បន្ត​បិទ​រហូត​ដល់​ចុង​ឆ្នាំ​នេះ ដោយ​សិស្ស​សាលា​ចំនួន ១ លាន ១ សែន នាក់ មិន​អាច​ទៅ​សាលារៀន​បាន​ទេ៕

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅលើ​ពិភពលោក​សរុប ១១៤,២១៤​នាក់​

​ពិភពលោក ៖ យោងតាម​សាកលវិទ្យាល័យ Johns Hopkins (JHU) បានអោយដឹងថា ចំនួន​ករណី​ឆ្លង​សរុប​នៃ​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១,៨៥២,៦៨៦​ករណី ក្នុងនោះ​ស្លាប់​សរុប ១១៤,២១៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៤២៣,៤៧៩​នាក់​គិត​ត្រឹម​ម៉ោង ៨៖៣០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែមេសា ឆ្នាំ​២០២០ នេះ៕

 

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដនោះទេ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដំណឹងល្អឲ្យដឹងថា ថ្ងៃនេះមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដនោះទេ ចំណែកអ្នកជាសះស្បើយក៏មិនមានដែរ ខណៈអ្នកជាសះស្បើយសរុបមានចំនួន៧៧នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩៕

 

ថ្នាក់ដឹកនាំអាស៊ាន និងប្រទេសបូក៣នឹងបើកកិច្ចប្រជុំកំពូលពិសេសស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំរបស់អាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានឯកភាពចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ ត្រូវធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងជាប្រធានអាស៊ាន ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព រាជធានីភ្នំពេញរួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ៕

 

សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន២៣៣នាក់ទៀត សរុប២,៥៣២នាក់

សិង្ហបុរី ៖ សារព័ត៌មាន CNA រាយការណ៍នាព្រឹកថ្ងៃចន្ទនេះថា ពេញមួយថ្ងៃអាទិត្យម្សិលមិញសិង្ហបុរីបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ២៣៣នាក់បន្ថែមទៀត ដែលសរុបករណីឆ្លងលើប្រទេសដីកោះមួយនេះកើនដល់ ២,៥៣២ករណី។

នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ ៥១ករណីគឺជាប្រភេទឆ្លងជាចង្កោមៗ, ១៥ករណីឆ្លងពីអ្នកជំងឺមុនៗ និង ១៦៧ករណីទៀត មិនដឹងថា ពួកគេបានឆ្លងពីប្រភពណាឲ្យបានច្បាស់លាស់នៅឡើយទេ ដោយអាជ្ញាធរកំពុងធ្វើការតាមដានប្រវត្តិអ្នកជំងឺ COVID-19 ទាំងនេះជាបន្តទៀត។

សូមជម្រាបថា ខណៈករណីឆ្លងសរុបបានកើនឡើងដល់ ២,៥៣២នាក់នោះ អ្នកជាសះស្បើយសរុបវិញក៏បានកើនដល់ ៥៦០នាក់ផងដែរ និងអ្នកជំងឺសរុប ០៨នាក់ស្លាប់៕

 

លោកឧកញ៉ា ហេង សុវណ្ណា នាំយកស្បៀងអាហារ និងថវិកាជូនគ្រួសារក្រីក្រនៅក្នុងតំបន់មូលដ្ឋានសមុទ្រពី

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ ជំងឺកូវីឌ-១៩ ជាប្រចាំនៅតាមមូលដ្ឋាន។

នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែចេត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ លោកឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សា គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង លោកស្រី ហ៊ួត ស៊ីថា បាននាំយកស្បៀងអាហារ គ្រឿង ឧបភោគ បរិភោគ និងថវិកាទៅចែកជូនគ្រួសារក្រីក្រជួបការខ្វះខាតចំនួន១០គ្រួសារនៅក្នុង ភូមិអុង ក្នុងតំបន់ (មូលដ្ឋានសមុទ្រ)។

ថ្លែងនៅក្នុងឳកាសនោះផងដែរ លោកឧកញ៉ា ហេង សុវណ្ណា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ រួមទាំងទាំងសមាជិក សមាជិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃនប់ ទាំងអស់ផងដែរ។

លោកឧកញ៉ា ហេង សុវណ្ណា ធ្វើការអំពាវនាវស្នើសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់និងបង្ការ ជំងឺcovid-19ដោយធ្វើអនាម័យជាប្រចាំជាពិសេសគឺថែរក្សាសុខភាពជាចំបង និងត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុល រឺជែលជាប្រចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និងរក្សាគម្លាត ២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័ ១១៥ ដើម្បី ទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅក្លីនិកឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

លោកឧកញ៉ា បន្តថា ៖ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋានជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និង អនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ផងដែរ។

លោកឧកញ៉ា ហេង សុវណ្ណា បានបញ្ជាក់បន្ថែមថា ៖ បច្ចុប្បន្ននេះស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននិងកំពុងរីករាតត្បាតជាសកលពេញពិភពលោក ។ ហើយបញ្ហាគ្រោះអាសន្ននេះ រាជរដ្ឋាភិបាលមិនបាននៅព្រងើយកន្តើយ ដើម្បីប្រយុទ្ធបង្ការ ការពារទប់ស្កាត់ជំងឺដ៏កាចអានេះឡើយ។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់បទបញ្ជាណែនាំ និងអំពាវនាវឱ្យប្រជាពលរដ្ឋយើង នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមកុំឱ្យពលរដ្ឋយើង មានការជួបជុំឬចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន ព្រោះមេរោគកូវីដ-១៩ នេះ ងាយឆ្លងនាំឲ្យការឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង។

ជាទីបញ្ជប់លោកឧកញ៉ា ហេង សុវណ្ណា បានធ្វើការចណែកជូននូវ អំណោយទាំង ១០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករទំងន់ ២៥ គីឡូក្រាម , មី១កេះ ,ទឹកត្រី១យួរ ,ក្រម៉ា១ , ម៉ាស់៥ , អាលកុល ១ដប និងថវិកាចំនួន១០ម៉ឺនរៀល (ក្នុងនោះមានថវិកាផ្ទាល់ របស់ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងលោកជំទាវ ដាញ ផល្លី ចំនួន៥ម៉ឺនរៀល។ ក្រៅពីនេះ លោក ឧកញ៉ា ហេង សុវណ្ណា បានឧបត្ថមថវិកាជូនអាជ្ញាធរភូមិចំនួន ៤០ម៉ឺន រៀល និងកម្លាំងការពារមូលដ្ឋានរាម ចំនួន ១០ម៉ឺនរៀលងដែរ ៕

ពី

ភ្លៀងកក់ខែ បំផ្លាញលំនៅឋាន សាលារៀន កុដិអស់ជាច្រើននៅស្រុកថ្មពួក

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានឃុំចំនួនពីររបស់ស្រុកថ្មពួកបានរងឥទ្ធិពលនៃខ្យល់កន្ត្រាក់នៃភ្លៀងកក់ខែ បណ្តាលអោយផ្ទះសម្បែង សាលារៀន និងកុដិព្រះសង្ឃ បានរងនូវការខូចខាត។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ខែមេសាឆ្នាំ២០២០ លើភូមិចំនួន៤ ក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាល មូលដ្ឋានបានឲ្យដឹងថា៖នៅវេលាម៉ោង៥និង៣០នាទីល្ងាចមិញនេះ មានភ្លៀងកក់ខែ លាយឡំមកជាមួយផ្គររន្ទះនិងខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំគោករមៀត និង២ភូមិនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកបានរងនូវការខូចខាតសរុបចំនួន៥១ខ្នង សាលារៀន១និងនិងកុដិ១ខ្នង ។

ប្រភពដដែលបានបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតលំនៅឋាន មាននៅឃុំគោករមៀតគឺភូមិតាម៉ាំងរបើកដំបូលអស់ចំនួន៤១ខ្នង ក្នុងនេះ ធ្ងន់ធ្ងរ៤ខ្នង និងធ្លាក់ពីលើកំណល់១ខ្នង របើកដំបូលសាលារៀន១ខ្នងនិងភូមិបឹងតាស្រីរបើកដំបូលអស់ចំនួន៩ខ្នង ធ្ងន់៥ ខ្នង កុដិ១ខ្នង ចំណែកឃុំបន្ទាយឆ្មារ ខូចខាតចំនួន៣ខ្នង គឺនៅភូមិដងរ៉ែក របើកដំបូលអស់ចំនួន២ខ្នងធ្ងន់និងភូមិប្រសាទត្បែងចំនួន១ខ្នងធ្ងន់សរុបទាំងអស់ចំនួន៥៣ខ្នង ក្នុងនោះ ធ្ងន់១២ ធ្លាក់ពីលកំណល់១ខ្នងនិងសលារៀន១ខ្នង កុដិ១ខ្នង៕

សាខាកាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់ពលរដ្ធខ្វះខាតនៅស្រុកត្បែងមានជ័យ

សាខា.ក.ក្រ.ក.ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រុមការងារ រួមជាមួយអនុសាខាស្រុកត្បែងមានជ័យ ស.ស.យ.ក.ខេត្ត ស្រុក និង អជ្ញាធរស្រុកបាន ចុះពិនិត្យស្នាក់ការអនុសាខាស្រុកត្បែងមានជ័យ និងបានបន្តនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ នៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ចពោលគឺទីណាមានការលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា។នៅក្នុងនោះដែរឯកឧត្តម រួមជាមួយក្រុម ការងារសាខាក៏បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ ការថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារទប់ស្កាត់មេរោគ កូវីដ១៩ និងបានចែកសាប៊ូជូនបងប្អូនប្រជា ពលរដ្ឋផងដែរ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមានៅ៖អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ ថវិកាមួយចំនួន សាប៊ូ ១ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយពីរបៀបលាងសម្អាតដៃជាមួយសាប៊ូ ៕ ដោយ ÷ កូវ ប៊ុនហេង

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន៣នាក់ទៀត និងរកឃើញករណីឆ្លងថ្មីម្នាក់

ភ្នំពេញ ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៥នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២០ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។

អ្នកជាសះស្បើយទាំង៣នាក់រួមមាន ៖ ស្ត្រីជនជាតិបារាំងអាយុ៤៨ឆ្នាំ ជាភ្ញៀវទេសចរបារាំងមកកម្សាន្តខេត្តព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានរុសកូវីដ-១៩ ចំនួន០២លើក ហើយកំពុងដាក់ស្នាក់នៅបន្ទប់ ដាច់ដោយឡែកនៃសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ រង់ចាំជើងហោះហើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានជាសះស្បើយដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង។ បុរសរូបនេះ ជាអ្នកដែលស្និទ្ធស្នាល ជាមួយក្រុមអ្នក ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និងមានមុខរបរជាចុងភៅ ហើយបានអមដំណើរទៅផ្សព្វផ្សាយសាសនា នៅខេត្តកោះកុង និងបានសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកោះកុង។ បុរសជនជាតិខ្មែរអាយុ៦២ឆ្នាំ នៅរាជធានីភ្នំពេញ មានប្រវត្តិធ្វើដំណើរមកពីប្រទេសបារាំង ហើយបានជាសះស្បើយដោយទទួលលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌល សុខភាពចាក់អង្រែក្រោម។

ដោយឡែកចំពោះករណីរកឃើញអ្នកមានជំងឺកូវីដ-១៩ម្នាក់ថ្មីទៀត គឺជាស្ត្រីជនជាតិចិនអាយុ៣១ឆ្នាំ ទទួលលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ស្នាក់នៅបណ្ដោះអាសន្ននៅផ្លូវ ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ជាអ្នកទេសចរ និងជាមិត្តភក្ដិរបស់ស្ត្រីជនជាតិចិនអាយុ៣០ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ៕

 

កូវីដ១៩ ៖ សមត្ថកិច្ចខេត្តព្រះវិហារចុះអនុវត្តបទបញ្ជាផ្អាកការធ្វើដំណើរឆ្លងកាត់ចេញចូលក្រុង ស្រុក ខេត្ត

ខេត្តព្រះវិហារ ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ធានាអោយបាននូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋទូទៅចៀសផុតពីការឆ្លងរីករាលដាលរោគកូវីដ១៩ ដល់សហគមន៍ កម្លាំងចំណុះអោយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ គ្រប់បណ្តាក្រុង ស្រុក បាន និងកំពុងអនុវត្តន៍ចុះតាមគោលដៅ បិទការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងយកចិត្តទុកដាក់ផងដែរ។

មន្ត្រីសមត្ថកិច្ចបានអោយដឹងថា ច្រកចេញចូលឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយ ទៅស្រុកមួយ បូករួមទាំងគោលដៅទេសចរណ៍ និងទីប្រជុំជនផងនោះ ចាប់តាំងពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ យប់ម៉ិញ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាន និងកំពុងអនុវត្តន៍បិទការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងយកចិត្តទុកដាក់ខ្ពស់បំផុត។

សកម្មភាពទាំងនេះ ត្រូវបានអនុវត្តតាមបទបញ្ជាបន្ទាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងកាលៈទេសៈពិសេសចំពោះមុខក្នុងពេលបច្ចុប្បន្នដើម្បីទប់ស្កាត់មិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍។

ក្នុងសកម្មភាពនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យដោយអនុវត្តតាមខ្លឹមសានៃបទបញ្ជារបស់រាជរដ្ឋាភិបាលទាំងស្រុង ទៅលើអ្នកដែលបន្តការធ្វើដំណើរនៅតាមបណ្តាច្រកចេញចូលទូទាំងខេត្តផង ក៏ដូចជាការជួបជុំប្រមូលផ្តុំផឹកស៊ីសប្បាយនៅតាមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍នានាផងដែរ ដែលសកម្មភាពមួយនេះ បានធ្វើអោយមតិមហាជនជាច្រើន បានសម្តែងការគាំទ្រ និងវាយតម្លៃថាជាវិធីសាស្ត្រដ៏ល្អប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ក្រោយពីសមត្ថកិច្ចបានអនុវត្តតាមគោលដៅចំពោះការធ្វើចរាចរណ៍នៅតាមច្រកចេញចូលទាំងអស់ ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានការធ្វើចរាចរណ៍ឡើយ រហូតដល់ថ្ងៃទី១០ ខែមេសា នេះសូម្បីតែនៅតាមទីផ្សារមួយចំនួនក៏មានសភាពស្ងាត់ផងដែរ ដោយសារតែពួកគាត់បានយល់ដឹងអំពីកិច្ចខិតខំយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលទៅលើផលអាក្រក់របស់រោគដ៏កាចសាហាវមួយនេះ៕ ដោយ ៖ កូវ ប៊ុនហេង

 

 

អភិបាលខេត្តកំពង់ចាម ប្តេជ្ញាបន្តដំណើរការអភិវឌ្ឍខេត្តបន្ថែមទៀត បើទោះបីប្រឈមនឹងវិបត្តិ កូវីដ១៩ ក្តី

ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអះអាងថា ទោះបីជាយ៉ាងណា ជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់រាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍របស់ខេត្តនោះឡើយ ជាក់ស្ដែងការសាងសង់ស្ពានគៀនជ្រៃ ត្រូវបានសម្រេចមុនផែនការកំណត់ តែជាង៤ខែ ជាមួយគ្នានោះ គម្រោងសាងសង់ខឿនច្រាំងទន្លេប្រវែង១៨៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម ត្រូវបានរៀបចំបុកគ្រឹះស្ថាបនាផងដែរ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នៅទូទាំងខេត្តកំពង់ចាម មានអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន១៦នាក់ សុទ្ធសឹងតែជាភ្ញៀវបរទេស ហើយត្រូវបានព្យាបាលជាសះស្បើយចំនួន៧នាក់ ជាបន្តបន្ទាប់ ក្នុងនោះភ្ញៀវទេសចរ និងបុគ្គលិកលេីនាវា Viking Cruise Journey បន្ទាប់ពីនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ២ដង ហើយត្រូវបានធ្វើតេស្តដោយគ្មានផ្ទុកជំងឺកូវីដ១៩ទេនោះ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីសណ្ឋាគារមេគង្គ ត្រឡប់ទៅស្រុកកំណើតវិញ ដូច្នេះសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ហាក់ដូចជាមានការធូស្បេីយក្នុងអារម្មណ៍ ព្រមទាំងចេញដេីរធ្វើការហាត់ប្រាណនៅទីសាធារណៈ និងប្រកបមុខរបរលក់ដូរឡើងវិញផងដែរ។

លោក អភិបាលខេត្ត បានបន្តថា ទោះជាយ៉ាងណា យើងមិនត្រូវ ភ្លេចខ្លួនធ្វេសប្រហែសនោះឡេីយ គឺយេីងត្រូវបន្តការផ្សព្វផ្សាយសារអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ និងណែនាំដល់ពលករដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ ឲ្យពួកគាត់អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដេីម្បីធ្វើការពិនិត្យតាមដានសុខភាព ព្រមទាំងមានការផ្គត់ផ្គង់ជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងជីវភាពផងដែរ។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានជម្រុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យធ្វើការសិក្សា ក្នុងការផ្គត់ផ្គង់គ្រាប់ពូជលេីដីទំនេរ របស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់លើការចិញ្ចឹមសត្វ របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕ ដោយ ៖ ប៉ែន សុផល

រដ្ឋាភិបាលសម្រួលវិធានការឲ្យពលរដ្ឋ អាចធ្វើដំណើរទៅមករវាងភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការសម្រួលការដាក់កំហិតលើការធ្វើដំណើរ ដែលបានប្រកាសកាលពីម្សិលមិញ។

យោងតាមសេចក្តីសម្រេចថ្មី ប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលរវាងភ្នំពេញ និងខេត្តកណ្តាល និងអាចធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយទៀត ដែលស្ថិតក្នុងខេត្តតែមួយប៉ុណ្ណោះ។ ចំណែកការធ្វើដំណើរឆ្លងចេញពីខេត្តមួយ ទៅខេត្តមួយទៀត នៅតែត្រូវហាមឃាត់ដដែល។

គួររំលឹកថា បទបញ្ជាលើកទី១ ដែលប្រមុខរដ្ឋាភិបាល ចេញនៅថ្ងៃទី៩ ខែមេសា ម្សិលមិញ គឺហាមមិនឲ្យធ្វើដំណើរចេញពីភ្នំពេញ ចូលទៅគ្រប់ខេត្ត រួមទាំងខេត្តកណ្តាលផងដែរ និង ហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត។ ចំពោះការដឹកជញ្ជូនទំនិញ មិនត្រូវបានហាមឃាត់ឡើយ។ ហើយបទបញ្ជាលើកទី១ និងលើកទី២ របស់ប្រមុខរាជរដ្ឋាភិបាល គឺចាប់អនុវត្តពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ខាងមុខ៕

អ្នករារាំងដល់ការអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវជាប់ទោសពី៥ ទៅ១០ឆ្នាំ ពិន័យរាប់សិបលានរៀល

ភ្នំពេញ ៖ យោងតាមខ្លឹមសារនៃទោសបញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្ន ដែលអានដោយលោក ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានចែងពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ថា ៖ ដោយមិនគិតដល់ បទល្មើសព្រហ្មទណ្ឌដទៃទៀតអំពើដោយចេតនារារាំង ឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល។ ចំពោះ អំពើរារាំងដល់កិច្ចប្រតិបត្តិការ ពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ កាលបើអំពើនេះនាំឲ្យមានចលាចលជាសាធារណៈ ឬ ប៉ះពាល់ដល់សន្តិសុខជាតិ។  

សេចក្តីព្រាងច្បាប់នេះ ក៏បានចែងអំពីបទមិនគោរពវិធានការពេលប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ផងដែរ ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមបញ្ញត្តិនៃមាត្រា៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល ។

ជាមួយគ្នានោះដែរ ខ្លឹមសារនៃព្រាងច្បាប់នេះ ក៏បានចែងពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរ បស់នីតិបុគ្គល ថា នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា ៤២(ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងនៃច្បាប់នេះ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១រយលានរៀល ទៅ ១ពាន់លានរៀល ព្រមទាំងទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ។ នីតីបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែង ក្នុងមាត្រា៤២ នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៨ខែច្បាប់នេះ។ នីតិ បុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀលទៅ ៥០០លានរៀល ព្រមទាំងទោស បន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា១៦៨ នៃក្រមព្រហ្មទណ្ឌ៕