All posts by មេគង្គ ប៉ុស្តិ៍

បារាំង​ប្រកាស​ពន្យារ​ពេល​ខ្ទប់​ពលរដ្ឋ​មិន​ឲ្យ​ចេញពីផ្ទះ​រហូតដល់​ថ្ងៃ​១១​ឧសភា​ 

ប៉ារីស ៖ ប្រធានាធិបតី​ប្រទេស​បារាំង ​លោក ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ​បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​តាម​កញ្ចក់​ទូរទស្សន៍​នាយ​ប់​ថ្ងៃ​ចន្ទ ទី​១៣ មេសា​នេះ ដោយបាន​ប្រកាស​ពន្យារ​ពេល​ខ្ចប់​ពេល​រដ្ឋ​មិន​ឲ្យ​ចេញពីផ្ទះ រហូតដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​ខាងមុខ។

​សូមជម្រាបថា នេះ​គឺជា​បទ​អន្តរាគមន៍​លើក​ទី​៤ តាំងពី​ប្រទេស​បាន​ធ្លាក់​ក្នុង​វិបត្តិ​សុខាភិបាល​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។ នៅក្នុង​សេចក្តី​ថ្លែង​រយៈពេល​ជិត ៣០​នាទី លោក​ម៉ា​ក្រុង​បានលើកឡើង​ពី​ការផ្តើម​ចុះថយ​ឥទ្ធិពល​របស់​មេ​រោគ​កូ​រ៉ូ​ណា​ថ្មី​នេះ​ផងដែរ។

​គួ​រម្លឹកថា មកដល់ពេលនេះ​ជំងឺឆ្លង COVID-19 បានសម្លាប់​មនុស្ស​ចំនួន ១៣ ៨៣២​នាក់ និង​អ្នក​ឆ្លង​ចំនួន ៣១ ៣២០​នាក់ ក្នុងនោះ​មាន ៦ ៨៨៣​នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ គិត​ត្រឹម​យប់​ថ្ងៃ​ចន្ទ ទី​១៣ មេសា​។ តាម​ប្រមុខរដ្ឋ​បារាំង មានតែ​វិធានការ​ខ្ទប់​ពលរដ្ឋ​មិន​ឲ្យ​ចេញពីផ្ទះ​ទេ​ទើប​គេ​អាច​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​បាន៕

 

កូរ៉េខាងត្បូងមាន​អ្នកជំងឺ​កូ​រ៉ូ​ណា​ចំនួន​១១៦​នាក់​លាប់​ឡើងវិញ​

សេ​អ៊ូ​ល ​៖ ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា មាន​អ្នកជំងឺ​ចំនួន១១៦ នាក់ ដែលជា​សះស្បើយ​ហើយ​លាប់​ឡើងវិញ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​កូរ៉េខាងត្បូង​រាយការណ៍​កាល​ថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩ ថ្មី​ចំនួន​២៥​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​កំណើន​ឡើង​នៃ​អ្នកជំងឺ​ដែល​លាប់​ឡើងវិញ​បាន​បង្ក​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ ខណៈ​ប្រទេស​នេះ​កំពុងតែ​ព្យាយាម​ទប់ស្កាត់​ករណី​ឆ្លង​ថ្មី​។​

​គួរ​បញ្ជាក់ថា បើ​គិត​មក​ត្រឹម​ថ្ងៃនេះ ប្រទេស​កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​កូ​វីត​១៩​សរុប ១០,៥៣៧ នាក់ និង​អ្នកស្លាប់ ២១៧ នាក់ ខណៈ​អ្នកជំងឺ ៧,៤៤៧ នាក់ ផ្សេងទៀត បានទទួល​ការព្យាបាល​ជាសះស្បើយ​៕

 

ហ្វីលីពីនឡើងមកលេខ១​ក្នុងតំបន់​អាស៊ានដែលមាន​អ្នកជំងឺកូវីដ១៩ ច្រើនជាងគេ

អាស៊ាន ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២០នេះ ហ្វីលីពីនបាន​វ៉ាដាច់​ប្រទេសម៉ាឡេស៊ី ឡើងមកលេខ១​ក្នុងតំបន់​អាស៊ាន​ដែលមាន​អ្នកជំងឺកូវីដ១៩ ច្រើនជាងគេ។ នេះបើយោងតាមសារព័ត៌មាន Worldometers។

ហ្វីលីពីន មាន​អ្នកជំងឺកូវីដ១៩ ចំនួន ៤៩៣២នាក់ (ស្លាប់ ៣១៥នាក់, ជាសះស្បើយ ២៤២នាក់) ខណៈម៉ាឡេស៊ី មានអ្នកជំងឺ ៤៨១៧នាក់ (ស្លាប់ ៧៧នាក់, ជាសះស្បើយ ២២៧៦នាក់)។ ឥណ្ឌូណេស៊ី លេខ៣ ចំនួន ៤៥៥៧នាក់, សិង្ហបុរី លេខ៤ ចំនួន ២៩១៨នាក់ និងថៃ​លេខ៥ ចំនួន ២៥៧៩នាក់៕

អាមេរិក​មាន​មនុស្ស​ស្លាប់ថ្មី​១៥១៦​នាក់​ក្នុង​មួយថ្ងៃ​ដោយសារ​កូ​រ៉ូ​ណា​

អាមេរិក ៖ ក្នុង​រយៈពេល​២៤​ម៉ោង សហរដ្ឋអាមេរិក​មាន​ករណី​អ្នកស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 ចំនួន​១៥១៦​នាក់ ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ២៣,៦២១​នាក់​។​

​គេហទំព័រ​ពិភពលោក worldometers.info បាន​ឲ្យ​ដឹងថា ករណី​ឆ្លង​ថ្មី​ក្នុង​មួយថ្ងៃ​ចំនួន​២៦,៥៦៦​ករណី ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់​ជាង​៥៨៦,៨៦៦​ករណី

​ដោយឡែក​ក្រៅពី​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​មាន​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ ឈរ​លេខ​១​លើ​កំពូល​តារាង​, ក៏​នៅមាន​ប្រ​ទស​មហាអំណាច​ធំៗ​ចំនួន​ទៀត ដែលមាន​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​លើ​ពិភពលោក រួមមាន​៖ អ៉ី​តា​លី អេ​ស្ប៉ា​ញ អង់គ្លេស បារាំង និង​អាល្លឺម៉ង់​៕

 

ដំណឹងល្អ! ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន១៤នាក់បន្ថែមទៀត សរុបកើនដល់៩១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន១៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៩១នាក់ និងមិនមានករណីឆ្លងថ្មីនោះឡើយ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៣១នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕

 

 

សម្តេច ហ៊ុន សែន និងមេដឹកនាំអាស៊ាន បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conference

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៧រាច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នឹងបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺ កូវីដ-១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។

ក្រៅពីការជួបប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ានហើយនោះ មេដឹកនាំអាស៊ានទាំង១០ ក៏នឹងអញ្ជើញប្រជុំកំពូលពិសេសជាមួយ មេដឹកនាំដឹកនាំដៃគូអាស៊ាន៣ផ្សេងទៀត រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលអាស៊ានបូក៣នេះ ក៏នឹងជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏មានសារសំខាន់ចំនួន០២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ១៩នេះ៕

 

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៊ីរ៉ង់ កើនដល់៤,៥៨៥នាក់

អ៊ីរ៉ង់ ៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសអ៊ីរ៉ង់៤,៥៨៥នាក់ បន្ទាប់ពីចំនួន១១១ ករណីថែមទៀត ក្នុងរយៈពេល២៤ម៉ោងនៅទូទាំងប្រទេស។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មានស៊ិនហួនាយប់ថ្ងៃទី១៣ ខែមេសានេះ។

ក្រសួងបានឲ្យដឹងដែរថា បានរកឃើញករណីឆ្លងថ្មី ចំនួន១,៦១៧ករណីថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវីរ៉ុស កើនឡើងដល់៧៣,៣០៣នាក់ នៅក្នុងប្រទេស។ សរុបមានអ្នកជំងឺ៤៥,៩៨៣នាក់ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ខណៈ៣,៨៧៧នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងទទួលការព្យាបាល។

គិតមកទល់ពេលនេះ អ៊ីរ៉ង់ បានធ្វើតេស្តរកវីរ៉ុស COVID-19 លើប្រជាជនចំនួន២៧៥,៤២៧នាក់។ អ៊ីរ៉ង់បានប្រកាសរកឃើញករណីឆ្លងវីរ៉ុសដំបូង នៅថ្ងៃទី១៩ ខែកុម្ភៈ ហើយជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរ៉ុស និងចំនួនអ្នកស្លាប់ ច្រើនជាងគេបំផុត នៅតំបន់មជ្ឈិមបូព៌ា៕

 

ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ពីតិចទៅច្រើនចាប់ពីថ្ងៃទី១៥-១៧ ខែមេសា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលពីថ្ងៃទី១៥-២១ ខែមេសា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានព្យាករណ៍ថា ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាបបន្តគ្របដណ្តប់ មកលើតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមានលក្ខណៈដូចខាងក្រោម៖

 

មហាសេដ្ឋីដែលផ្តល់លុយឲ្យគណបក្សលោក ដូណាល់ត្រាំ ស្លាប់ដោយសារជំងឺ COVID-19

បរទេស ÷ លោក ស្ទេនលី ឆឺរ៉ា (Stanley Chera) ដែលជាជាមហាសេដ្ឋីអចលនទ្រព្យអាមេរិកក្នុងទីក្រុងញូយ៉ក និងជាមិត្តរបស់ប្រធានាធិបតីអាមេរិកលោក  ត្រាំ បានស្លាប់ដោយសារវីរុស កូវីដ១៩ ក្នុងវ័យ ៧៨ឆ្នាំ។ នេះបើដូណាល់តាមសារព័ត៌មាន CNN បានផ្សាយនារសៀលថ្ងៃទី១៣ ខែមេសា នេះ។

មហាសេដ្ឋីស្ទេនលី ឆឺរ៉ា បានសម្រាកព្យាបាល ក្រោមស្ថានភាពសន្លប់ស្ដូកស្ដឹងនៅឯមន្ទីរពេទ្យ ដោយមានផ្ទុកជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី២៤ ខែមីនា មកម្ល៉េះ។

សូមបញ្ជាក់ថា លោក Stanley Chera ត្រូវបានគេដឹងថា គឺជាអ្នកឧបត្ថម្ភដ៏ធំរបស់គណបក្សសាធារណៈរដ្ឋ និងជាមិត្តម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មហាសេដ្ឋីអចលនៈទ្រព្យរូបនេះ ធ្លាប់បានបរិច្ចាគប្រាក់សរុប ៤០២,៨០០ដុល្លារដល់លោក ត្រាំ ផងដែរ៕

ទេព្តាឆ្នាំថ្មីឆ្នាំជូត ព្រះនាង «គោរាគៈទេវី» នឹងយាងមកដល់វេលាម៉ោង ៨ ៖ ៤៨នាទីយប់នេះ

ភ្នំពេញ ៖ តាមទំនៀមទម្លាប់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត នឹងចូលមកដល់នៅវេលាម៉ោង ៨ ៖ ៤៨នាទីយប់នេះ ថ្ងៃចន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២០។

ទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប នឹងយាងចូលមកដល់នាម៉ោង៨និង៤៨នាទីយប់នេះថ្ងៃ ដើម្បីជាការចាប់ផ្តើមចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខ្មែរ និងបណ្តាប្រជាជាតិនៅអាស៊ីមួយចំនួន ដូចជា ថៃ ភូមា និងឡាវ បានអនុវត្ត។

ព្រះនាងទ្រង់សោយ តេលំ ជាអាហារ ដែលជាប្រភេទប្រេងរុក្ខជាតិ អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃៈ (ស្តេចខ្លា) ជាពាហនៈ។

វិធីរៀបរណ្តាប់ ៖

ត្រូវរៀបក្រាលសំពត់ពណ៌ ស (អាចក្រាលសំពត់ព័ណ៌លឿងក៏បាន ព្រោះទេវតាឆ្នាំនេះ គ្រងអម្ពរពណ៌លឿង ) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ ថ្នាក់ មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសី ប៉ាឆា មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់លើជើងពាន ១១ ដូងឡៅ ១ គូ ទឹកស្អាត ២ កែវ ។

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និង មានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ ថ្នាក់ ចុះមក ឬ រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន ប្រាំ ធូប ប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និង លើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ ។

បន្ថែមលើអ្វីដែលមានចែងនៅក្នុងសៀវភៅ មហាសង្ក្រាន្តត្រូវរៀបចំឱ្យមានប្រេង គឺជាប្រេងអ្វីក៏ដោយដែលមនុស្សអាចបរិភោគបាន ចំនួន ២ ចាន ដែលអាចជាចានចង្កឹះ ចានគោម ឬ ចានសំប៉ាត ក៏បានដាក់នៅក្នុងគ្រឿងរណ្តាប់ទទូលទេវតាព្រោះទេវតាឆ្នាំនេះ សោយប្រេង ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ មានរយៈពេល៤ថ្ងៃ ដោយមានដូចតទៅនេះ។ ថ្ងៃទី១៖ ត្រូវនឹងថ្ងៃទី១៣ ខែមេសា វេលាម៉ោង២០:៤៨នាទីជាថ្ងៃមហាសង្ក្រាន្ត។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ជាវារៈវ័នបត, ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែមេ ជាវារៈវ័នបត ដូចជាដែលគេហៅថាថ្ងៃកណ្តាល និងចុងក្រោយជាថ្ងៃវរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃស្រេចបរិបូណ៍ចូលជាសកលឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ តទៅ៕

មេទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ ប្រាប់ឱ្យពលទាហានត្រៀមទប់ស្កាត់រាល់ហេតុការណ៍នានាតាមព្រំដែន

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងបែបនេះ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំមន្ត្រីយោធាសំខាន់ៗរបស់អង្គភាព ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅក្នុងអង្គភាព វរៈសេនាតូចលេខ១ និងលេខ២ ដើម្បីជួបសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា ដល់នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងនៅតំបន់ដាច់ស្រយាលនោះ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង សួរសុខទុក្ខនាយទាហាន និងពលទាហាន មកពីអង្គភាពវរៈសេនាតូចលេខ១ និងលេខ២ ដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខ ដើម្បីបំពេញតួនាទី និងភារកិច្ច ក្នុងកិច្ចការងារ ការពារបូរណភាពទឹកដី។ ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយ នូវបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ស្តីពី ការលើកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងការដាក់ចេញ នូវបទបញ្ជាមួយចំនួនទៀត របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពី ការបិទច្បាប់ ទូទាំង កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមប្រយុទ្ធមួយរយភាគរយ និងត្រៀមកម្លាំងរង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើ ដើម្បីទប់ស្កាត់រាល់បញ្ហា ដែលកើតមានឡើង ជាយកថាហេតុផ្សេងៗ ។
ផ្សព្វផ្សាយ អោយមានការចូលរួម ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការឆ្លងពីជម្ងឺកូវីដ១៩ ជាសកល និងបញ្ហា នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា បញ្ជាការដ្ឋានកងទ័ពជើងគោក បានចេញបទបញ្ជា អោយមានការប្រមូលកម្លាំង អោយស្ថិតនៅក្នុងអង្គភាព ដើម្បីត្រៀមប្រយុទ្ធ និងការរង់ចាំបទបញ្ជាពីថ្នាក់លើ នៅក្នុងកាលៈទេសៈណាមមួយ ដែលតម្រូវអោយមានការចល័តទ័ព ឬក៏ចេញបំពេញបេសកកម្ម ដោយត្រូវរង់ចាំបទបញ្ជាពីថ្នាក់លើ ។ លោកថា ប្រមុខរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ និងគិតគូបំផុត ពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សំដៅធ្វើយ៉ាងណាអោយប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ទទួលបាន នូវផាសុខភាពល្អ។ លោកបានផ្តាំផ្ញើដល់នាយ និងពលទាហានទាំងអស់ ត្រូវខិតខំថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត និងមានអម័យល្អ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា។

នៅក្នុងឧិកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភថវិកា ដល់មេបញ្ជាការរងប្រចាំទិសជួរមុខ ៣០ម៉ឺនរៀល នាយសេនាធិការរង ២០ម៉ឺនរៀល អង្គភាពវរៈសេនាតូចលេខ២ ចំនួន ២លានរៀល កងអនុសេនាធំទី១,ទី២ និងកងអនុសេនាធំទី៣ ក្នុងមួយកងអនុសេនាធំ ទទួលបានថវិកា ១លាន៥០ម៉ឺនរៀល។ ដោយឡែក អង្គភាពវរៈសេនាតូចលេខ១ ទទួលបានថវិកា ៤លានរៀល សម្រាប់ទុកដោះស្រាយនៅក្នុងអង្គភាព។

បន្ទាប់ពីបានបញ្ចប់បំពេញបេសកកម្ម នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នោះមក នៅថ្ងៃអាទិត្យ ទី១២មេសាឆ្នាំ២០២០ លោកឧត្តមសេនីយ៍មេបញ្ជាការ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំមន្ត្រីយោធា និងមន្ត្រីសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង ស្រុក រួមជាជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះទៅកាន់ទីជនបទមួយ ដើម្បីសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ចំនួន ៥គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងគ្រួសារ។ គ្រួសារអតីតយុទ្ធជនទាំង៥គ្រួសារនោះ ៤គ្រួសារជាគ្រួសារពលី ស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែប និង១គ្រួសារទៀត ជាគ្រួសារនិវត្តជន ស្ថិតនៅក្នុងឃុំត្មាតពើយ ស្រុកជាំក្សាន្ត ដោយក្នុង១គ្រួសារ ទទួលបានថវិកា ៨ម៉ឺនរៀល អង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ មី១កេស ប្រេងឆា១លីត្រ និងទឹកបរិសុទ្ធ១យួរ ផងដែរ៕

៖ ថៃរកឃើញករណីឆ្លង COVID-19 ចំនួន២៨ករណីបន្ថែមទៀត សរុបកើនដល់ ២,៥៧៩នាក់

បាងកក ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ២៨ករណីថ្មី និងស្លាប់២នាក់ ដែលជាតួលេខទាបបំផុតមួយ បើធៀបទៅនឹងសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ អ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ២,៥៧៩នាក់ និងស្លាប់៤០នាក់ ខណៈអ្នកជំងឺ ១,២៨៨នាក់ បានជាសះស្បើយទាំងស្រុង គិតចាប់តាំងពី COVID-19 ផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករា មក។

អាជ្ញាធរសុខាភិបាលថៃថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ដែលភាគច្រើនត្រូវបានរាយការណ៍ក្នុងរដ្ឋធានីបាងកក មាន១៨ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ, ៧ករណីមិនមានជាប់ពាក់ព័ន្ធនឹងករណីចាស់ និង៣ករណី រកឃើញនៅលើពលរដ្ឋថៃ ៣នាក់ ធ្លាប់ធ្វើដំណើរទៅកាន់ខេត្ត Sulawesi ភាគខាងត្បូង ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីសាសនាមួយ កាលពីខែមីនាកន្លងទៅ៕

 

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវផ្អាកដោយសារ កូវីដ១៩

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កាលពីពេលថ្មីៗនេះ បានដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ដើម្បីផ្អាកការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំ២០២០នេះ ដែលគ្រោងធ្វើនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ។

ខាងក្រោមនេះ គឺជាសំណើរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ៖

កម្មករ កម្មការិនីរោងចក្រកំពុងបន្តធ្វើការងារជាធម្មតាប្រមាណជាង ៩០ភាគរយ

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានឲ្យដឹងថា កម្មករ-និយោជិត នៅតាមបណ្ដារោងចក្រនានាទូទាំងប្រទេសkកម្ពុជាប្រមាណជាង ៩០ភាគរយ បានទៅធ្វើការងាររបស់ខ្លួនជាធម្មតា ដោយបានអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានលើកពេលឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនាឆ្នាំនេះ។ លោក ថា ពួកគេបានយល់ដឹងអំពីការរាតត្បាតនៃវីរុសកូវីដ-១៩ ដូច្នេះទើបពួកគាត់បានមកធ្វើការងារជាធម្មតា។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុ ន សែន បានចេញអនុក្រឹត្យមួយដោយសម្រេចលើកពេលដោយមិនកំណត់សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាឆ្នាំនេះ។ ចំណែក កម្មករ-និយោជិត ដែលបានឈប់ការងារ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ នឹងត្រូវកំហិតឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្រោយចូលឆ្នាំ ហើយនឹងមិនទទួលបានប្រាក់បៀវត្សទេ ប្រសិនជាឈប់ដោយគ្មានការអនុញ្ញាតពីរោងចក្រ៕

ក្រសួងសុខាភិបាល ៖ ករណី​ឆ្លង​វីរុសកូវី១៩ នៅ​ភ្នំពេញ អាច​នឹង​ចូលករណីឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយតូច

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ករណីឆ្លងវីរុសកូវី១៩ នៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាចនឹងចូលករណីឆ្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូចប្រសិនបើការស្រាវជ្រាវបន្តរបស់ក្រុមការងាររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមគ្នាជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ រកឃើញថា មិនមានប្រភពនៃការចម្លងវីរុសកូវីដ១៩ ច្បាស់លាស់។

ការលើកឡើងដោយក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ គឺបន្ទាប់ពីរកឃើញករណីឆ្លងជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ ហើយក្រសួងកំពុងសកម្មស្រាវជ្រាវរុករកជាបន្តទៀត នូវអ្នកដែលមានហានិភ័យខ្ពស់ និងហានិភ័យទាប ដើម្បីចាត់វិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការចម្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ ក៏ប៉ុន្តែ ក៏តម្រូវឱ្យមានការចូលរួមពីពលរដ្ឋទាំងអស់គ្នានៅក្នុងការអនុវត្តវិធានការទប់ស្កាត់នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងសរុបចំនួន១២២នាក់ ស្រ្តីចំនួន៣៨នាក់ និងបុរស៨៤នាក់ ក្នុងខេត្តចំនួន១៣ ដែលបានកើតលើជនជាតិខ្មែរ ចិន អង់គ្លេស បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៊ែលហ្សិក កាណាដា អាមេរិក និងជនជាតិវៀតណាម។ ក្នុងនោះកម្ពុជាបានព្យាបាលជាសះស្បើយចំនួន៧៧នាក់ រួមមាន ៖ ជនជាតិខ្មែរ ៣៦នាក់, ចិន ១នាក់, អង់គ្លេស ៤នាក់, បារាំង ២៥នាក់, ម៉ាឡេស៊ី ១០នាក់ និងជនជាតិប៊ែលហ្សិក ១នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ ស្មើនឹង ៦៣,១១% បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ (Covid-19) ទាំងអស់។

ដោយឡែក អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន៤៥នាក់ មានស្តី្រ១៨នាក់ និងបុរស ២៧នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះ៕