All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា មានអត្រាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ខ្ពស់ជាងគេក្នុងតំបន់អាស៊ាន

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជា មានអត្រាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ច្រើនជាងគេ បើផ្ទៀងផ្ទាត់ជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន គឺក្នុងចំណោមអ្នកជំងឺ ១២២នាក់ មានអ្នកជាសះស្បើយដល់ ៩៦នាក់។

ខាងក្រោមនេះ ជាតួលេខក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលកើតមានជំងឺ កូវីដ ១៩ ៖

១. ថៃ ៖ ចំនួនអ្នកជំងឺ ២៦១៣នាក់, អ្នកជាសះស្បើយ ១៤០៥នាក់ (ស្មើនឹង ៥៣,១៥% នៃអ្នកជំងឺសរុប), ស្លាប់ ៤១នាក់។
២. វៀតណាម ៖ ចំនួនអ្នកជំងឺ ២៦៦នាក់, អ្នកជាសះស្បើយ ១៦៩នាក់ (ស្មើនឹង ៦៣,៥៣% នៃអ្នកជំងឺសរុប)។
៣. ប្រ៊ុយណេ ៖ ចំនួនអ្នកជំងឺ ១៣៦នាក់, អ្នកជាសះស្បើយ ១០៧នាក់ (ស្មើនឹង ៧៨,៦៨% នៃអ្នកជំងឺសរុប), ស្លាប់ ១នាក់។
៤. ហ្វីលីពីន ៖ ចំនួនអ្នកជំងឺ ៥២២៣នាក់, អ្នកជាសះស្បើយ ២៩៥នាក់ (ស្មើនឹង ៥,៦៤% នៃអ្នកជំងឺសរុប), ស្លាប់ ៣៣៥នាក់។
៥. ម៉ាឡេស៊ី ៖ ចំនួនអ្នកជំងឺ ៤៩៨៧នាក់, អ្នកជាសះស្បើយ ២៤៧៨នាក់ (ស្មើនឹង ៤៩,៦៧% នៃអ្នកជំងឺសរុប), ស្លាប់ ៨២នាក់។
៦. ឥណ្ឌូណេស៊ី ៖ ចំនួនអ្នកជំងឺ ៤៨៣៩នាក់, អ្នកជាសះស្បើយ ៤២៦នាក់ (ស្មើនឹង ៨,៨០% នៃអ្នកជំងឺសរុប), ស្លាប់ ៤៥៩នាក់។
៧. សិង្ហបុរី ៖ ចំនួនអ្នកជំងឺ ៣២៥២នាក់, អ្នកជាសះស្បើយ ៦១១នាក់ (ស្មើនឹង ១៨,៧៨% នៃអ្នកជំងឺសរុប), ស្លាប់ ១០នាក់។
៨. ឡាវ ៖ ចំនួនអ្នកជំងឺ ១៩នាក់, អ្នកជាសះស្បើយ ១នាក់ (ស្មើនឹង ៥,២៦% នៃអ្នកជំងឺសរុប)។
៩. កម្ពុជា ៖ ចំនួនអ្នកជំងឺ ១២២នាក់, អ្នកជាសះស្បើយ ៩៦នាក់ (ស្មើនឹង ៧៨,៦៩% នៃអ្នកជំងឺសរុប)។
១០. មីយ៉ាន់ម៉ា ៖ ចំនួនអ្នកជំងឺ ៦៣នាក់, អ្នកជាសះស្បើយ ២នាក់ (ស្មើនឹង ៣,១៧% នៃអ្នកជំងឺសរុប), ស្លាប់ ៤នាក់ុ៕

សហគមន៍កសិកម្មសំបូរមានជ័យផ្តល់ថវិកាជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ នាព្រឹកថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក ឆេង ថុង ប្រធានសហគមន៍សំបូរមាន ជ័យបាននាំយកថវិការបស់សមាជិកក្រុមការងារចំនួន០២លានរៀលផ្តល់ជូនគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាមដែលមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមជាប្រធាន។

គួរ កត់ សម្គាល់ ថា សហគមន៍កសិកម្មសំបូរមានជ័យ មាន ទីតាំង ស្ថិត ក្នុងឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែល កន្លងមក បានចូលរួមការងារសង្គមជាច្រេីន ដូចជាការយកថវិការមកជួសជុលផ្លូវថ្នល់ ក្នុង មូលដ្ឋាន ដេីម្បី ឲ្យ បងប្អូន ប្រជាពលរដ្ឋ ដឹកនាំជញ្ជូនកសិករផលទៅកាន់ទីផ្សារ ដែល ជា ការ ចូល រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយ សហគមន៍ បាន ជំរុញ ឲ្យ កសិករ ទទួលបានភាពជោគជ័យជាច្រើន ក្នុង ការដាំដំណាំ ផ្សេងៗ ជា ច្រើន ជាពិសេស ដំណាំ ស្លឹកគ្រៃ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ផងដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ សហគមន៍កសិកម្មសំបូរមានជ័យ ដែល បាន ចូល រួម ចំណែក ផ្ដល់ ថវិកា ជូន ដល់ គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់យកទៅ ចាត់ចែង តាមតម្រូវការចាំបាច់ ក្នុង យុទ្ធនាការ នានា ជាពិសេស ក្នុង ការ ចុះផ្សព្វផ្សាយ ណែនាំ អំពី វិធានការ ចាំបាច់ ក្នុង ការ បង្ការ រទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ជា ពិសេស ការចុះ ផ្សព្វផ្សាយ ដល់ បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញ ឲ្យ ពួក គាត់ ស្វែងយល់ អំពី ការ ដាក់ ឲ្យ នៅដាច់ដោយ ឡែក រយៈពេល១៤ថ្ងៃដេីម្បីសុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕

កម្ពុជា-ថៃ ឯកភាពបើកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឡើងវិញដើម្បីដោះដូរទំនិញ

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចព្រំដែនរបស់ភាគីទាំងពីរកម្ពុជា ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឬគីឡូ ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ របស់ថៃ បានបើកដំណើរការឡើងវិញហើយ ដើម្បីធ្វើការដោះដូរទំនិញទៅវិញទៅមក។
ការបើកច្រកនេះឡើងវិញ បានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានបើកប្រជុំ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កន្លងមក ដើម្បីនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងនាំចេញនូវទំនិញកសិផលពីប្រទេសកម្ពុជា រួមមាន គ្រាប់ពោតចំណីសត្វ ផ្លែស្វាយស្រស់ និងម្ទេស ទៅកាន់ប្រទេសថៃ ។
ចំពោះអ្នកបើកបរ តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពពីស្ថាប័នជំនាញរបស់ប្រទេសថៃ និងមានការត្រួតពិនិត្យសុខភាពពីផ្នែកចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែននៅរាល់ពេលឆ្លងកាត់។ ចំពោះមធ្យោបាយដឹកជញ្ជូន ត្រូវមានការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ មុនអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែន ដែលការសម្រេចនេះ នឹងអនុវត្តន៍នៅចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១២រសៀលតែប៉ុណ្ណោះ៕

សមត្ថកិច្ចថៃចាប់ពលករខ្មែរអង្គុយផឹកស៊ីបំពានបំរាមគោចរ ក្នុងម្នាក់ពិន័យមិនតិចជាង៤ម៉ឺនបាត

ប្រទេសថៃ ៖ សមត្ថកិច្ចថៃដេញចាប់ពលករខ្មែរប្រុសស្រីចំនួន១៧នាក់ បន្ទាប់ពីពលករខ្មែរទាំងនោះនាំគ្នាប្រជុំផឹកស៊ីឡូឡា នៅមុខបន្ទប់ស្នាក់នៅ ដែលបំពាន។ សេចក្ដី ប្រកាសរបស់រាជរដ្ឋាភិបាលថៃ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៤/៦ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ។ពលករខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួងដើម្បីចាត់ វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ។
សមត្ថកិច្ចក្នុងមូលដ្ឋានថាៈការចាប់ពលករខ្មែរប្រុស ស្រីដែលអង្គុយផឹកស៊ី១៧នាក់ បង្ករសំលេងរំខានអ្នកដទៃនិងបំពានបំរាមគោចរ រប់ស៎ព្រះរាជាណាចក្រថៃ ហើយពលករប្រុស ស្រីទាំងអស់នោះឈមទៅនិងពិន័យក្នុងម្នាក់មិនតិចជាង៤ម៉ឺនបាត ឬនឹងទាំងពិន័យនឹងជាប់គុកទៀតផង ដោយសារតែការអនុវត្តច្បាប់របស់ប្រទេសគេ៕

សិង្ហ​បុរី​រកឃើញ​អ្នក​ឆ្លង​COVID-19​ថ្មី ចំនួន៣៣៤​ករណី​បន្ថែមទៀត​

សឹង្ហ​បុរី ៖ ប្រទេស​សឹង្ហ​បូរី​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នៃ COVID-19 ចំនួន​៣៣៤​នាក់​បន្ថែមទៀតកាលពី​ម្សិលមិញនាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វី​រ៉ុ​សនៅ​ទូទាំងប្រទេស​កើនឡើង​ដល់៣.២៥២នាក់​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​សិង្ហ​បុរី​វ័យ​៧០ ឆ្នាំ​នាំ​ម្នាក់ទៀត​បាន​ស្លាប់ ដោយសារ​ជំងឺ COVID-19 កាលពី​ម្សិលមិញ បាន​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់ ដោយសារ​ជំងឺ COVID-19 នៅ​សិង្ហ​បុរី កើនឡើង​ដល់​១០​នាក់​។​

​ដោយឡែក​អ្នកជំងឺ​២៥​នាក់​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ កាលពី​ម្សិលមិញ​នាំ​ឲ្យ​ចំនួន​ជាសះស្បើយ ពី​ជំងឺ COVID-19 ចំនួន​៦១១ នាក់​៕

 

ក្រសួង ៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន៥នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីឡើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៩៦នាក់ និងមិនមានករណីឆ្លងថ្មីនោះឡើយ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៦នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

ករណីជាសះស្បើយមានចំនួន៥នាក់៖

បុរសជនជាតិម៉ាឡេស៊ីចំនួន២នាក់ អាយុ៥១ឆ្នាំ និងអាយុ៣៤ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ជាអ្នកធ្វើការងារសាសនានៅតាមភូមិឃុំ ស្រុកកងមាស ខេត្តកំពង់ចាម បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យខេត្តកំពង់ចាម។

បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ ដែលស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានលាប់ជំងឺកូវីដ-១៩នោះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងបានណែនាំ គាត់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត និងត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងការការពារការចម្លង ទៅក្រុមគ្រួសារ និងអ្នកដទៃឱ្យបានខ្ជាប់ខ្លួនជាប់ជាប្រចាំ។

ជនជាតិខ្មែរ០២នាក់ មានបុរសអាយុ៤៥ឆ្នាំ ជាអ្នកដែលបានវិលត្រឡប់ មកពីការចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងស្ត្រីអាយុ៤១ឆ្នាំ ជាភរិយាបុរសអាយុ៤២ឆ្នាំ អ្នកជំងឺទាំងពីរនាក់រស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តបាត់ដំបង៕ 

 

ក្រសួង​នឹង​អនុញ្ញាត​ឱ្យរៀបចំ​ការប្រឡង​បាក់ឌុប​តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​ឱ្យដឹង​កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២០​ថា ចំពោះ​សិស្ស​ដែលត្រូវប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ និង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ក្រសួង​នឹង​អនុញ្ញាតឱ្យ​រៀបចំ​ការប្រឡង​តាម​ប្រព័ន្ធ​សិក្សា​ពីចម្ងាយ ឬប្រព័ន្ធ​អេឡិចត្រូនិក ទៅ​តាម​ប្រតិទិន​គ្រឹះស្ថាន​សិក្សា​រៀងៗខ្លួន ដោយ​ធានា​នូវ​ស្តង់ដាគុណភាព​ដែល​អាចទទួលយកបាន។

ក្រសួង​បន្តថា គ្រឹះស្ថាន​សិក្សា​ដែល​អនុវត្តតាម​ការណែនាំរបស់​ក្រសួង គឺអាច​ចេញ​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ និងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ ដោយ​មានការ​ទទួលស្គាល់​ពី​ក្រសួង ប៉ុន្តែ​សាមី​គ្រឹះស្ថាន​សិក្សា​ត្រូវ​ចុះហត្ថលេខាដោយ​ខ្លួនឯង។

សូម​អាន​បន្ថែម​ក្នុង​សេចក្តីណែនាំ​ខាងក្រោម៖ 

 

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​អ៊ីរ៉ង់​កើន​ដល់ ៤,៦៨៣​នាក់​

តេ​ហេ​រ៉ង់ ៖ ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ប្រទេស​អ៊ីរ៉ង់ បាន​កើន​ដល់​៤,៦៨៣​នាក់ បន្ទាប់ពី អ្នកស្លាប់​ថ្មី​៩៨​នាក់ ត្រូវបាន​រាយការណ៍ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។ ​នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​។​

​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​បានបញ្ជាក់​ទៀតថា ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំងប្រទេស​ក៏បាន​កើន​ដល់ ៧៤,៨៧៧​នាក់​ផងដែរ និង ៤៨,១២៩​នាក់​បានជា​សះស្បើយ​៕

 

លោក ត្រាំ ប្រកាសផ្អាកផ្តល់មូលនិធិដល់ WHO

អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ អំពីការផ្អាកផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក ពីព្រោះលោកនិយាយថា អង្គការនេះបានបិទបាំងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។

ការសម្រេចរបស់លោក ត្រាំ ទៅលើអង្គការសុខភាពពិភពលោក ឆ្លុះបញ្ចាំងពីជំនឿរបស់លោកដែលថា អង្គការនេះមានភាពលំអៀងទៅរកប្រទេសចិន និងឃុបឃិតដើម្បីរារាំងគូប្រជែងសេដ្ឋកិច្ចដ៏សំខាន់របស់សហរដ្ឋអាមេរិក មិនឲ្យបើកចំហអំពីគ្រោះមហន្តរាយសុខភាពដែលកំពុងកើតឡើង។

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកបានណែនាំរដ្ឋបាលរបស់លោកឲ្យបញ្ឈប់ការផ្តល់មូលនិធិ ខណៈធ្វើការពិនិត្យឡើងវិញ ដើម្បីវាយតម្លៃតួនាទីរបស់អង្គការសុខភាពពិភពលោក ដែលគ្រប់គ្រង និងគ្របដណ្តប់ការរីករាលដាលនៃវីរុសនេះមិនបានត្រឹមត្រូវ។

យោងតាមប្រធានាធិបតីអាមេរិក វ័យ៧៣ឆ្នាំខាងលើ អង្គការសុខភាពពិភពលោក បានការពារតម្លាភាពជុំវិញការផ្ទុះឡើងនៃវីរុសនេះ ហើយសហរដ្ឋអាមេរិកដែលជាស្ថាប័នផ្តល់មូលនិធិធំបំផុតរបស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ប្រាក់ចំនួន ៤០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន ឥឡូវនេះនឹងពិភាក្សាអំពីអ្វីដែលពួកគេនឹងធ្វើ ជាមួយប្រាក់ទាំងអស់ដែលផ្តល់ទៅឲ្យអង្គការសុខភាពពិភពលោក៕

 

ប្រទេសអាស៊ានបូកបីចេញសេចក្តីប្រកាសរួមចំនួន១៣ចំណុចស្ដីអំពីបញ្ហាជំងឺកូវីដ-១៩

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះប្រទេសអាស៊ានបូក៣ បានបើកកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩​។ កិច្ចប្រជុំអាស៊ានបូក៣​ គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេស បូកដៃគូ៣ទៀត រួមមាន​ ចិន​ ជប៉ុន​ និងកូរ៉េខាងត្បូង ហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ាន ព្រមទាំងអគ្គអគ្គនាយកនៃអង្គការសុខភាពពិភពលោកផងដែរ។

ក្រោយកិច្ចប្រជុំ ប្រទេសអាស៊ានបូកបីបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី ពិសេសស្ដីអំពីបញ្ហាជំងឺកូវីដ-១៩ ដែលមានចំណុចសំខាន់ៗចំនួន១៣៖

១ – លើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរព័ត៌មានជាទៀងទាត់ដោយសេរី និងបើកចំហ និងមានតម្លាភាពស្ដីពីស្ថានភាពជាក់ស្ដែង និងវិធានការដែលបានអនុវត្តដោយប្រទេសនីមួយៗ ចែករំលែកបទពិសោធន៍ និងពង្រីកការគាំទ្រផ្នែកបច្ចេកទេសទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ និងតាមដានការចម្លងក៏ដូចជាការព្យាបាលផងដែរ។

២- ប្ដេជ្ញាកសាងសមត្ថភាពសម្រាប់ប្រព័ន្ធសុខាភិបាលជាតិ និងតំបន់ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងការរាតត្បាតការការពារបុគ្គលិកសុខាភិបាលជួរមុខ និងធានាការចែកចាយផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រអោយបានគ្រប់គ្រាន់ ជាពិសេសឧបករណ៍ធ្វើរោគវិនិច្ឆ័យ ឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្ត្រនានាដែលប្រកាន់ខ្ជាប់នូវគោលបំណងនៃប្រសិទ្ធភាពសុវត្ថិភាព និងភាពងាយស្រួល។

៣- ពិចារណារៀបចំការបម្រុងទុក ការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗរបស់អាស៊ានបូកបី ដែលអាចជួយឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់។ លើកទឹកចិត្តការប្រើប្រាស់កន្លែងបម្រុងបន្ទាន់ក្នុងតំបន់ដែលមានស្រាប់ រួមមានឃ្លាំងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងបង្កបម្រុងបន្ទាន់របស់អាស៊ាន៣ សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ។

៤ – លើកទឹកចិត្តការគាំទ្រ និងជួយគ្នាទៅវិញទៅមករវាងប្រទេសអាស៊ានបូកបីក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខខាភិបាលសាធារណៈ រួមមានការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលសាធារណៈ ការផ្ដល់អាហារូបករណ៍និងកម្មវិធីសិក្សាសម្រាប់និស្សិតមកពីប្រទេសសមាជិកអាស៊ាន ដើម្បីសិក្សានៅសាលាពេទ្យនៃប្រទេសបូកបី។

៥- ព្យាយាមធានាឲ្យបាននូវការផ្ដល់ហិរញ្ញប្បទានគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការរាតត្បាតការការពារប្រជាពលរដ្ឋរួមទាំងស្វែងរកលទ្ធភាពនៃការបង្កើតមូលនិធិពិសេសដែលអាចធ្វើទៅបានក្នុងការឆ្លើយតបទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណៈ តាមរយៈការស្នើសុំមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកមួយ និងមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងការគាំទ្របន្ថែមពីបណ្ដាប្រទេសបូកបី។

៦- លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ការគាំទ្រ និងជំនួយសមស្របដល់ប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ានបូកបី ដែលកំពុងស្នាក់នៅបំពេញការងារ និងសិក្សាក្នុងបណ្ដាប្រទេសអាស៊ានបូកបី ដោយធានាសុវត្ថិភាព និងសមត្ថភាពចំពោះអ្នកដែលរងផលប៉ះពាល់ដោយជំងឺកូរវីដ១៩។

៧- ជំរុញបន្ថែមការលើកកម្ពស់ទំនាក់ទំនងសាធារណៈ ប្រកបដោយប្រសិទ្ធភាព ធានាតម្លាភាព និងផ្ដល់ព័ត៌មានជាក់លាក់ដល់សាធារណជន។

៨- បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរក្សាការបើកច្រកទីផ្សារ រក្សាលំហូរពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ឱ្យរឹងមាំ ធានាការចាត់វិធានការបន្ទាន់សម្រាប់ការឆ្លើយតបចំពោះសុខភាពសាធារណៈ និងចំគោលដៅសមាមាត្រប្រកបដោយតម្លាភាព និងមានលក្ខណៈជាបណ្ដោះអាសន្ន ព្រមទាំងមិនបង្កើតរបាំងមិនចាំបាច់ដល់ការធ្វើពាណិជ្ជកម្ម ឬបង្កើតការរំខានដល់ខ្សែសង្វាក់ផលិតកម្មពិភពលោក។

៩- បញ្ជាក់សាជាថ្មីការប្ដេជ្ញាចិត្តដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅរកផែនការស្ដារឡើងវិញក្រោយការរាតត្បាត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ដាកំណើនឡើងវិញ រក្សាស្ថិរភាពទីផ្សារ និងទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។

១០- ពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើអោយមានស្ថិរភាពផលិតកម្ម និងស្ថិរភាពផ្គត់ផ្គង់ទំនិញ និងសេវាកម្មសំខាន់ៗ រួមបញ្ចូលទាំងការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ផលិតផលកសិកម្ម ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅតំបន់។

១១- ប្ដេជ្ញាធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាល និងបញ្ចប់ការរាតត្បាត ខណៈដែលកំពុងដោះស្រាយនូវផលវិបាកសង្គម និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ ការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាកំណើនប្រកបដោយចីរភាព។

១២- រក្សាការរូបរួមគ្នាដោយមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈដើម្បីចាត់វិធានការផ្សេងទៀតតាមតម្រូវការ។

១៣- ណែនាំអោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី ធ្វើជាអង្គភាពសម្របសម្រួលជាស្នូលដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានបូកបី ដើម្បីតាមដានការអនុវត្តការប្ដេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានា ដែលបានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសនេះ៕

 

វ៉ាក់សាំងពិសេសមួយរបស់ចិនសម្រាប់ជំងឺ COVID-19 ឈានដល់ដំណាក់កាលព្យាបាលលើកទី២ហើយ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា វ៉ាក់សាំងពិសេសមួយរបស់ចិន សម្រាប់ជំងឺ COVID-19 បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយក៏ត្រូវបាន WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលលើកទី២នេះ។

ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថាន វិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុស COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ ព្យាបាលជំងឺលើកទី២»៕

 

សម្ដេច​តេ​ជោស្នើ​មេដឹកនាំ​អាស៊ាន​ត្រូវតែ​រួមដៃគ្នា ​នឹង​ប្រែក្លាយ​ការ​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​-១៩​ ទៅជា​សមរភូមិ​រួម

ភ្នំពេញ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យអាស៊ាន ត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធវីដេអូនអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន​ សែន បានលើកឡើងថា ពេលកន្លងមក វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើន គឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស។ ក្នុងបរិការណ៍សកលភាវូបនីយម្ម និងសមារណកម្មតំបន់, សម្តេច យល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន​ សែន ក៏បានចូលរួមចែករំលែកនូវទស្សនៈមួយចំនួន៦ ដូចខាងក្រោម៖

ទី១៖ ដោយកូវីដ១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិនទាន់បានយល់ដឹង, អាស៊ានត្រូវការចាំបាច់នូវ (១)៖ ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេល វេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស, បទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និង តាមដាន; (២)៖ ការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ និង (៣)៖ ការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន, បច្ចេកទេស, និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាល ជាដើម។

ទី២៖ អាស៊ានដែលជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួល និង កិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់ ដូចជា ការចាត់វិធានការជាឯកតោភាគី ជាអាទិ៍ ការបិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម និងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរ, ការប្រកបមុខរបរ, ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃប្រទេស​ជិតខាងផងគ្នា ក្នុងតំបន់អាស៊ានយើង។

ទី៣៖ ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវការថវិកា, សម្ភារបរិក្ខារ ក៏ដូចជាកម្លាំង មនុស្សច្រើន, អ្វីដែលកម្ពុជា អាចផ្តល់ជាបទពិសោធន៍ គឺការជំរុញ និងបំផុសនូវវប្បធ៌មចែករំលែក ដែលនៅក្នុងនេះ គឺមានការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន, ការចែករំលែកពីដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទៅប្រជាជន, ការចែករំលែកអ្នកមានធនធានទៅសង្គម និងអ្នកគ្មានធនធាន និងការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធ៌មនេះ គឺមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកាជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួម, ស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។

ទី៤៖ យើងត្រូវជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោស ដែលជា ល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព, ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌ និង សាមគ្គីភាពអន្តរជាតិ, កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ ចូលចត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ។ កម្ពុជា មិនត្រឹមតែបាន និងកំពុងជួយព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ, ប៉ុន្តែ ក៏បានព្យាបាលទាំងជនបរទេស រួមមាន ឥណ្ឌូណេស៊ី ២នាក់, ម៉ាឡេស៊ី ១៣នាក់, ចិន ១នាក់ អង់គ្លេស ៥នាក់, បារាំង ៤០នាក់, កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, និងអាមេរិកកាំង ២នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។

ទី៥៖ យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេស ចំពោះប្រជាជនអាស៊ាន ដែលជាប់គាំងដំណើរ ឬ រងគ្រោះដោយជំងឺកូវីដ១៩។ ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់បណ្ដាប្រទេសសមាជិកអាស៊ាន ដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាប់គាំងដំណើរតាមផ្លូវ និងនៅតាមព្រលានយន្តហោះមួយចំនួនកន្លងមក។ កម្ពុជា ក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ។ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជា បានសម្របសម្រួលឱ្យម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋម៉ាឡេស៊ី ដែលជាប់នៅកម្ពុជាចំនួន ១១១នាក់។

ទី៦៖ អាស៊ាន ត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋ កិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់ ។ កម្ពុជា យល់ថា អាស៊ានត្រូវពន្លឿនការអនុវត្តផែន​ការ និងយន្តការនានាដែលមានស្រាប់ ឱ្យបានលឿន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់, លុបបំបាត់របាំងមិនមែនពន្ធ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម។ បន្ថែមពីនេះ យើងក៏ត្រូវជំរុញការអនុវត្តគំនិតផ្តួចផ្តើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដោយផ្តោតលើ (១)៖ ការលើកកម្ពស់សហគ្រាសមីក្រូ, តូច និង មធ្យម (MSMEs) និងការបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា (Start-ups); (២)៖ ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជន និង សាធារណៈ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និង (៣)-ការអភិវឌ្ឍធនធានមនុស្ស និង ជំនាញវិជ្ជាជីវៈឌីជីថល៕

 

 

ក្រសួងពាណិជ្ជកម្ម ស្នើឲ្យភាគីបញ្ជាទិញពន្លឿនការទទួលយកផលិតផលតាមកិច្ចព្រមព្រៀង

ភ្នំពេញ ៖ រដ្ឋបាលក្រសួងពាណិជ្ជកម្ម (MoC) កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា បានចេញសេចក្ដីប្រកាសដោយអំពាវនាវឲ្យក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងក្រុមហ៊ុនបញ្ជាទិញទំនិញធ្វើដំណើរ ដែលមានប្រភពពីប្រទេសកម្ពុជា ត្រូវរក្សាការប្ដេជ្ញាចិត្តតាមរយៈការទទួលយករាល់ផលិតផលដែលបានផលិតរួចហើយទៅតាមលក្ខខណ្ឌដែលមានក្នុងកិច្ចព្រមព្រៀង។

សេចក្ដីប្រកាសរបស់ MoC ដែលចុះហត្ថលេខាដោយលោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១ មក ប្រទេសកម្ពុជាបានធ្វើជាដៃគូជាមួយអង្គការអន្តរជាតិខាងការងារ (ILO) លើគម្រោងរោងចក្រកាន់តែប្រសើរនៅប្រទេសកម្ពុជា ដែលតម្រូវឲ្យរោងចក្រកាត់ដេរនាំចេញទាំងអស់នៅប្រទេសកម្ពុជា ត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយ ILO ដើម្បីធានាការគោរពតាមច្បាប់ជាតិ និងស្ដង់ដាការងារអន្តរជាតិ ហើយកម្ពុជា គឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយស្ដង់ដាការងារ។

ឯ.ឧ. ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងលិខិតនោះថា៖ « ខ្ញុំសូមអំពាវនាវដល់ដៃគូរបស់យើង ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរដែលមានប្រភពពីប្រទេសកម្ពុជាត្រូវរក្សាការប្ដេជ្ញាចិត្ត ចំពោះប្រទេស កម្ពុជា និងជាពិសេសចំពោះកម្មកររបស់យើង។ យើងចង់ឲ្យអ្នកគោរពតាមកិច្ចព្រមព្រៀងរបស់អ្នក និងមិនត្រូវលុបចោលការបញ្ជាទិញដែលត្រូវបានដាក់រួចហើយ និងទំនិញត្រូវបានផលិតរួចហើយ ឬកំពុងផលិតនៅពេលបច្ចុប្បន្ន»។

ក្នុងសេចក្តីប្រកាសក៏បានរំលឹកដល់ភាគីបញ្ជាទិញផងដែរថា៖ «អ្នកបានរួមចំណែកដល់ការអភិវឌ្ឍសង្គមរបស់ប្រជាជនកម្ពុជា រាប់លាននាក់ ដែលកំពុងពឹងផ្អែកលើវិស័យទាំងនេះក្នុងជីវភាពរស់នៅរបស់ពួកគេ»៕

កិច្ចប្រជុំអាស៊ានឯកភាពបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម។

បើតាម ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបថា តាមរយៈកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ ចំនួន៨ ចំណុច។ ប្រមុខរដ្ឋាភិបាលអាស៊ានទទួលស្គាល់ថា កន្លងមកអាស៊ានមានយន្តការពិសេស ទៅលើវិស័យសុខាភិបាលអាស៊ាន និងយន្តការផ្សេងៗទៀតរបស់អាស៊ាន ដែលបានធ្វើការជាមួយគ្នាកន្លងទៅ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ។

១. ប្រមុខរដ្ឋាភិបាលអាស៊ាន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈពិ សេសចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង និងការពារប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន តាមរយៈការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ពិសេសគឺការកសាង និងពង្រឹងសមត្ថភាពនៅប្រព័ន្ធសុខាភិបាលនៃប្រទេសមួយ។
២. ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យនិ ងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀតក្នុងគោលដៅការពារដល់គ្រូពេទ្យជួរមុខ។
៣. ជំរុញទំនាក់ទំនងសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាពតាម រយៈការប្រើប្រាស់យន្តការផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយស្ដីពីការផ្សព្វផ្សាយវីរុសកូវីដ១៩។
៤. អាស៊ានប្ដេជ្ញាចិត្តរួមគ្នាឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្រប សម្រួលគោលនយោបាយនៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមកិច្ចដោយសារជំងឺមួយនេះ។ ពិសេសគឺក្នុងគោលដៅការពារប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន និងការពារម៉ាក្រូសេដ្ឋកិច្ចអាស៊ាន។
៥. បន្តការប្ដេជ្ញាចិត្តធ្វើយ៉ាងណាឲ្យទីផ្សារអាស៊ានបើកចំហ សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងអាស៊ាននិងប្រទេសនៅខាងក្រៅអាស៊ាន ក្នុងគោលដៅធានានូវសន្តិសុខស្បៀងនិងស្ថេរភាពការផ្គត់ផ្គង់ថ្នាំពេទ្យនិងសម្ភារៈវេជ្ជសាស្រ្តជាដើម។
៦. បន្តការអនុវត្តយន្តការសមស្របដើ ម្បីបង្កើតនូវជំនឿស្ថេរភាពសេដ្ឋកិច្ចក្នុងតំបន់តាមរយៈគោលនយោបាយរបស់ប្រទេសសមាជិកនីមួយៗដែលជួយដល់ប្រជាពលរដ្ឋដូចជា ជាពាណិជ្ជករ ដែលរងផលប៉ះពាល់ដោយសារតែជំងឺឆ្លងមួយនេះ ពិសេសសហគ្រាសធុនតូចនិងមធ្យម។
៧. លើកទឹកចិត្តនិងគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុដល់ដៃគូអាស៊ានក្នុងការគាំទ្រប្រឆាំងនឹងជំងឺឆ្លង។ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាក្នុងការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ ។
៨. ប្រមុខរដ្ឋាភិបាលអាស៊ានមានការប្ដេជ្ញាចិត្តក្នុងការរក្សាសាមគ្គីភាពមិត្តភាពក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺមួយនេះ និងរួមគ្នាសហការធ្វើការជាមួយនឹងអង្គការសុខភាពពិភពលោកនិងដៃគូខាងក្រៅរបស់អាស៊ាននិងសហគមន៍អន្តរជាតិនៅក្នុងការបន្តទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណារក្សាម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់អាស៊ាននឹងបន្តការកសាងសហគមន៍អាស៊ាន៕

កម្ពុជា ស្នើឱ្យសមាជិកអាស៊ានបញ្ចៀសការបិទច្រកព្រំដែនជាឯកតោភាគី

ភ្នំពេញ ៖ សម្ដេចតេជោ បញ្ជាក់ថា អាស៊ានជាសហគមន៍មាន វាសនា រួមគ្នាគប្បីត្រូវលើកកម្ពស់ការសម្របសម្រួលននិងកិច្ចសន្ទនាឲ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវវិធានការផ្សេងៗដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមក្នុងតំបន់ ដូចជាការចាត់វិធានការជាឯកតោភាគី ជា អាទិ៍ ការបិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំ ណឹងជាមុន ដែលអាចបង្កផលប៉ះពាល់ដល់ច្រវ៉ាក់ផ្គត់ផ្គង់ផលលិតកម្មនិងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋ កិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរការប្រកបមុខរបបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលប្រទេស ជិតខាងផងគ្នាក្នុងតំបន់អាស៊ាន.៕