All posts by មេគង្គ ប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ក្រសួង​មិន​យកលុយ​ករណី​ធ្វើតេស្ត​កូ​វីដ​១៩​នោះទេ​

​​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​ច្បាស់ ហើយ​ថា ក្រសួងសុខាភិបាល​មិនមាន​តម្រូវឱ្យ​យកលុយ​ពី​អ្នក​ដែល ត្រូវធ្វើ​តេស្ត​ស្វែងរក​មេរោគ​កូ​វីដ​១៩​ទេ ទោះជា​រកឃើញថា មាន​ផ្ទុក ឬ​មិនមាន​ផ្ទុកមេរោគ ដែល​កំពុងតែ​ឆ្លង​រាលដាល​នេះ​ក៏ដោយចុះ​។​

​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​រូបនោះ​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ នៅ​ទីស្តីការគណរដ្ឋមន្ត្រី ។ លោកស្រី​បញ្ជាក់ថា រាល់​ការចំណាយ​លើ​ការធ្វើ​តេស្ត​ស្វែងរក មេរោគ​កូ​វីដ​១៩​ទាំងអស់​គឺ​រដ្ឋ​ជា​អ្នកចំណាយ​ទាំងអស់ ។ លោកស្រី​ក៏បាន​ច្រានចោល​ផងដែរ​ចំពោះ ការផ្សព្វផ្សាយ​ដែលថា អ្នក​ដែល​ធ្វើតេស្ត​រក​មិនឃើញ​មេរោគ​កូ​វីដ​១៩ តម្រូវឱ្យ​បង់លុយ​។​

​លោកស្រី ឱ វណ្ណឌី​ន ក៏បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា តាម​ការប៉ាន់ប្រមាណ​ជំហាន​ដំបូង អ្នកជំងឺ Covid-19 នៅ​កម្ពុជា អាច​នឹងមាន​ការឆ្លង​ទៅដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​ជាបឋម ។ លោកស្រី​បញ្ជាក់ថា ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​មាន​សមាជិក​៣​នាក់ ដូច្នេះ​យើង​អាច​គុណ នឹង​ចំនួន​អ្នក​ឆ្លង​ចំនួន​៣៥​នាក់​។ ប៉ុន្ដែ​ក្រសួង​បាននិងកំពុង​ខិតខំ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង​បន្ដទៅទៀត​ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ មិនទាន់មាន​ការចម្លង​ណាមួយ​ចូលទៅ​សហគមន៍​នោះទេ​៕

 

 កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន​២​នាក់​បន្ថែមទៀត​ថ្ងៃនេះ​

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​នៅថ្ងៃនេះ​ថា កម្ពុជា​បាន​រកឃើញ​នូវ​ករណី​ឆ្លង​ចំនួន​២​ករណី​ថែមទៀត នៅលើ​ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​២​នាក់ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៣៥​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ​។​

​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​រូព​នោះបាន​បញ្ជាក់ថា ចំនួន​អ្នក​ផ្ទុក​វីរុស Covid-19 ទាំងអស់នេះ គឺជា​ករណី​នាំចូល ហើយ​បច្ចុប្បន្ន​អ្នក​ទាំងអស់នោះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

 

ភោជនីយដ្ឋាន និងហាងកាហ្វេចាប់ផ្ដើមប៉ះពាល់បណ្ដើរពីកូវីដ១៩

ភ្នំពេញ ៖ វីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ បាននិងកំពុងវាយប្រហារកាន់តែខ្លាំងនៅលើពិភពលោក ក្នុងប្រទេសកម្ពុជាក៏រងផលប៉ះពាល់ពីជំងឺនេះដែរ ជាក់ស្ដែងគិតត្រឹមព្រឹកថ្ងៃទី១៧ មីនា កម្ពុជារកឃើញអ្នកផ្ទុកវីរុសនេះ ចំនួន២៤នាក់ ដែលធ្វើអោយចំនួនកាន់តែច្រើននិងបង្កអោយមានការព្រួយបារម្ភពីសំណាក់ពលរដ្ឋខ្មែរផងដែរ ហើយក៏ធ្វើអោយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកាន់តែធំផងដែរ ។
បច្ចុប្បន្ននេះផលប៉ះពាល់ពីជំងឺនេះក៏បានជះឥទ្ធិពលទៅលើភោជនីយដ្ឋាននិងហាងកាហ្វេមួយចំនួន នៅរាជធានីភ្នំពេញ បណ្ដើរៗហើយផងដែរ ជាក់ស្ដែងហាងកាហ្វេ និងភោជនីយដ្ឋានដែលធ្លាប់តែមានភ្ញៀវចូលពេញៗពេលនេះ បានប្រែជាស្ងាត់និងបាត់ភ្ញៀវមួយចំនួន ។
បើតាមលោកហេង សេងលីនាយកគ្រប់គ្រងភោជនីយដ្ឋានផាកកាហ្វេ បានអោយដឹងថា ពេលនេះ ភ្ញៀវចូលក្នុងផាកកាហ្វេបានធ្លាក់ចុះបន្តិចធៀបនឹងរយៈពេលមុន គឺមុនពេលផ្ទុះជំងឺកូវីដ១៩ ។ ការធ្លាក់ចុះនេះ បានចាប់ផ្ដើមនៅពេលកម្ពុជារកឃើញអ្នកផ្ទុកដំបូង និងបន្តបន្ទាប់មកទៀត ។ លោកថា៖« ចាប់តាំងពីមុនកម្ពុជារកឃើញករណីអ្នកផ្ទុកកូវីដ១៩ម្ល៉េះហាងផាកកាហ្វេបានបង្កើនការយកចិត្តទុកដាក់ និងអនាម័យបន្ថែមទៀត ដោយអោយបុគ្គលិកទាំងអស់ ត្រូវលាងដៃអោយបានញឹកញាប់ជាងមុន ដាក់អាល់កុលលាងដៃ សម្រាប់ភ្ញៀវដែលចូលក្នុងហាង ហើយជំហ៊ានបន្ទាប់ នឹងត្រូវមានដាក់ឧបករណ៍វាស់កំដៅភ្ញៀវមុនចូលក្នុងហាងផងដែរ » ។
លោកបន្តថា ទោះបីជាពេលនេះ ផាកកាហ្វេមានការធ្លាក់ចុះភ្ញៀវក៏ពិតមែន តែមិនមែនមានន័យថាវាខ្សត់រហូតដល់ថ្នាក់អត់ភ្ញៀវនោះទេ គឺមានធម្មតា ហើយប៉ះពាល់សម្រាប់ពេលនេះ គឺអាចទប់ទាល់បាន តែសម្រាប់នៅពេលខាងមុខទៀតក៏មិនទាន់អាចព្យាករណ៍បានដឹងថាវានឹងក្លាយទៅជាយ៉ាងណានោះទេ ។លោកថា ៖‍« បើទោះបីជាបច្ចុប្បន្ននេះ មានការថមថយភ្ញៀវក្ដីក៏ភោជនីយដ្ឋានផាកកាហ្វេ មិនមានគម្រោងក្នុងកាត់បន្ថយបុគ្គលិក ឬកាត់ប្រាក់បៀវត្សរ៍ពួកគេដែរ គឺពួកគេនៅតែរក្សាបរិមាណដដែលនិងបៀវត្សរ៍នៅដដែល » ។
ក្រៅពីភោជនីយដ្ឋានមួយនេះ ក៏នៅមានហាងកាហ្វេដទៃទៀតដែរដែលរងផលប៉ះពាល់ជាក់ស្ដែងហាងកាហ្វេប្រោណដែលជាហាងកាហ្វេធំលំដាប់ក្នុងស្រុកមួយក៏កំពុងរងផលនិងបាត់បង់ភ្ញៀវដូចនឹងភោជនីយដ្ឋានផាកកាហ្វេដែរ ។
លោកចាង ប៊ុនលាង សហស្ថាបនិកហាងកាហ្វេ Brown បានមានប្រសាសន៍ថា នៅពេលដែលបញ្ហានេះ កើតឡើង ចង់មិនចង់គឺត្រូវប៉ះពាល់ជាក់ស្ដែងពេលនេះ Brown ក៏ជួបបញ្ហានូវការបាត់បង់ភ្ញៀវមួយចំនួនដែរ ក៏ប៉ុន្តែមិនទាន់ដឹងតួលេខជាក់លាក់ណាមួយនៅឡើយ ។
លោកបន្តថា ហាងកាហ្វេ Brown បានដាក់វិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលនេះដែរ ដោយបានអោយបុគ្គលិកត្រូវបង្កើនអនាម័យផ្ទាល់ខ្លួន មុនចូលធ្វើការ ត្រូវវាស់កម្ដៅពួកគាត់សិន និងត្រូវអោយលាងដៃជាមួយសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ ។ នៅក្នុងហាងក៏ដូចគ្នា អ្នកអនាម័យ ត្រូវជូតបង្កាន់ដៃទ្វារអោយបានញឹកញាប់ កន្លែងភ្ញៀវអង្គុយ ក៏ត្រូវទឹកអាល់កាល់ នៅពេលភ្ញៀវចាកចេញ ដើម្បីការពារអោយបានខ្ពស់ ។
លោកបន្ថែមថា ក្នុងពេលដែលបញ្ហាកំពុងកើតឡើងនិងអាចជួបវិបត្តិដូចនេះ រដ្ឋាភិបាលគួរជួយដល់វិស័យនេះផងដែរព្រោះវាបានផ្ដល់ការងារជាច្រើនដល់បុគ្គលិក ជាពិសេសនិស្សិតកំពុងសិក្សា ដោយបន្ធូបន្ថយនូវពន្ធ និងការផ្ដល់ឥណទានហិរញ្ញវត្ថុដែលមានការប្រាក់ពិសេស ដូចដែលផ្ដល់ទៅសហគ្រាសខ្នាតតូចនិងមធ្យដែលជាផលិតផងដែរ ។
លោកបញ្ជាក់ថា ក្រុមហ៊ុនមិនមានគោលការណ៍កាត់បន្ថយបុគ្គលិក ឬកាត់ប្រាក់ខែគាត់ឡើយ ព្រោះវាមិនអាចធ្វើទៅរួច ដោយសុខៗត្រូវបញ្ឈប់ពួកគេ ឬកាត់ប្រាក់ខែពួកគេ ដូច្នេះ ទោះបីជាយ៉ាងណា ក៏ត្រូវតែបន្តដំណើរទៅមុខ ដើម្បីជំនះនូវបញ្ហាកូវីដ១៩នេះ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាចេញផ្សាយនៅរសៀលថ្ងៃទី១៧មីនានេះ បានប្រកាសអោយបិទអាជីវកម្មកម្សាន្តសប្បាយដូចជា KTV រោងភាពយន្តនៅទូទាំងប្រទេស ពីព្រោះកន្លែងទាំងនេះ គឺជាកន្លែងងាយនឹងចម្លងកូវីដ១៩ទៅកាន់អ្នកផ្សេងទៀត ក្នុងករណីអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងនោះមានផ្ទុកមេរោគនេះ ។ ការបិទកន្លែងទាំងនេះ ក៏នឹងធ្វើអោយបាត់បង់ការងារមួយចំនែកទៀតសម្រាប់អ្នកបម្រើការងារខារ៉ាអូខេ និងរោងភាពយន្ត ដែលទាំងនេះ សុទ្ធតែជាផលប៉ះពាល់ដោយសារតែជំងឺដ៏សាហាវមួយនេះ ៕

ចិនប្រកាសពីជោគជ័យនៃការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺ Covid-19

ភ្នំពេញ ៖ ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន បានប្រកាសពីជោគជ័យនៃការស្រាវជ្រាវរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 និងទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ។
តាម Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា ការស្រាវជ្រាវនេះ ដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធាចិន ដោយស្របតាមស្តង់កំណត់អន្តរជាតិ និងតាមបទប្បញ្ញត្តិរបស់ចិន ហើយត្រូវបានចាត់ទុកជាកិច្ចការរៀបចំបឋម ដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាព ដែលអាចធានាបាននៃដំណើរការផលិតក្នុងទ្រង់ទ្រាយធំ៕

ធនាគារជាតិនៃកម្ពុជាដាក់ចេញវិធានការ៥ចំណុចរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បន្ថែមលើវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញកាលពីពេលថ្មីៗនេះ។

វិធានការទាំង៥ចំណុចនេះរួមមាន៖

១) ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។

២) កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។

៣) កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។

៤) កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

៥) កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕

WHO អំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវចាត់វិធានការក្តៅ ដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណា

ញូដេលី ៖ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានសកម្មភាពខ្លាំងក្លានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងដែលបានរីករាលដាលយ៉ាងឆាប់រហ័សដោយព្រមាននៅថ្ងៃអង្គារទី១៧ ខែមីនាថា ប្រទេសមួយចំនួនកំពុងឆ្ពោះទៅរកការឆ្លងសហគមន៍នៃជំងឺដ៏សាហាវនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ WHO បានសង្កត់ធ្ងន់ថា ការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) បានរីករាលដាលខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅទូទាំងពិភពលោកក្រៅពីចិន ដែលបង្ខំឲ្យប្រទេសជាច្រើនចាត់វិធានការកាន់តែតឹងរ៉ឹង ក្នុងនោះមានទាំងការបិទព្រំដែន ដាក់ការរឹតបន្តឹងលើអ្នកដំណើរបរទេស ឬហាមពួកគេចូលក្នុងប្រទេស និងបូករួមទាំងការបិទសាលារៀន ព្រមទាំងបំរាមគោចរក្នុងស្រុកជាដើម។

អង្គការ WHO បានរំលឹកថា ក្តីព្រួយបារម្ភនៅពេលនេះ គឺទៅលើប្រព័ន្ធសុខាភិបាលនៃប្រទេសភាគច្រើនតែម្តង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនអាចទប់ទល់បាននោះឡើយ ក្នុងករណីមានការផ្ទុះជំងឺឆ្លងរាលដាល នៅក្នុងកម្រិតធ្ងន់នោះ។ លោកស្រី ភូណាម ខេត្រាផល ស៊ីង (Poonam Khetrapal Singh) ប្រធានអង្គការ WHO ថ្នាក់តំបន់បានលើកឡើងថា «យើងត្រូវតែបង្កើនវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់វីរុសនេះ កុំឲ្យឆ្លងទៅកាន់មនុស្សកាន់តែច្រើនទៀត…។ ការឆ្លងវីរុស (COVID-19) ជាចង្កោមៗត្រូវបានរាយការណ៍រួចទៅហើយ។ ពិតណាស់យើងត្រូវធ្វើអ្វីបន្ថែមទៀត និងជាបន្ទាន់ផងដែរ»។

សូមជម្រាបថា បច្ចុប្បន្នប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេគឺម៉ាឡេស៊ីមានរហូតដល់ ៦៧៣ករណី ក្នុងនោះអ្នកជំងឺ០២នាក់ស្លាប់ ខណៈហ្វីលីពីនមានអ្នកឆ្លងជិត ២០០ករណី និងអ្នកជំងឺ១២នាក់ស្លាប់៕

 

UEFA Euro 2020 ត្រូវលើកពេលប្រកួត ទៅឆ្នាំ២០២១វិញ ដោយសារ COVID-19

អឺរ៉ុប ៖ សមាគមសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានសម្រេចចិត្តលើកពេលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្វីបអ៉ឺរ៉ុប UEFA Euro 2020 ទៅឆ្នាំក្រោយ ខណៈពិភពលោកទាំងមូលកំពុងបង្កើនយុទ្ធនាការប្រឆាំងនឹង COVID-19។ នេះបើតាមសារព័ត៌មាន RT។

ការប្រកាសពីការសម្រេចចិត្តលើកពេលនេះ ត្រូវបានប្រកាសដោយសមាគមបាល់ទាត់ន័រវែស ដែលបានទទួលស្គាល់ UEFA Euro 2020 ដែលគ្រោងនឹងធ្វើឡើងពី ថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ជាមួយការប្រកួតនៅលើទីលានក្នុងទីក្រុងចំនួន១២ នៅទូទាំងអឺរ៉ុប ត្រូវបានលើកពេលរហូតដល់ឆ្នាំក្រោយ វិញ។ ពោលគឺពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១៕

 

ម៉ាឡេស៊ី រកឃើញអ្នកស្លាប់ពីរនាក់ដំបូង ដោយសារកូវីដ១៩

ម៉ាឡេស៊ី ៖ អ្នកជំងឺកូវីដ១៩ ពីរនាក់នៅក្នុងប្រទេសម៉ាឡេស៊ិ បានស្លាប់នៅថ្ងៃអង្គារ ទី១៧ ខែមីនា ដោយក្នុងនោះមានបុរសម្នាក់ ទើបតែត្រលប់មកពីចូលរួមពិធីសាសនាអ៊ីស្លាម Sri Petaling ដែលជាហេតុបង្កឲ្យករណីឆ្លងកើនឡើងជាង៤០០ករណីនៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមសារព័ត៌មាន Channelnewsasia។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Adham Baba បាននិយាយថា បុរសវ័យ៣៤ឆ្នាំខាងលើ ដែលគេស្គាល់ថាជាករណីទី១៧៨ បានចូលរួមពិធីសាសនាដ៏ធំ នៅឯវិហារអ៊ីស្លាម Masjid Jamek ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ ទី១ ខែមីនា នៅក្នុងទីក្រុង Kuala Lumpur។

អ្នកជំងឺទី១៧៨ខាងលើ បានក្តៅខ្លួននៅថ្ងៃទី០៥ ខែមីនា រួចធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Permai Hospital ក្នុងរដ្ឋ Johor។ បន្ទាប់មកស្ថានភាពរបស់គេកាន់តែអាក្រក់ ហើយក្រោយមកគេក៏បានស្លាប់នៅឯមន្ទីរពេទ្យ Sultanah Aminah Hospital នៅថ្ងៃអង្គារ៕

 

កម្ពុជា រកឃើញឆ្លងកូវីដ៩ករណីថែមទៀតសរុបកើនដល់៣៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញករណីកូវីដ១៩ ចំនួន៩ករណីថ្មីទៀត នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣៣នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
គិតរហូតមកដល់ថ្ងៃទី១៧ ខែមីនានេះ មានចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនដល់សរុបចំនួន៣៣នាក់ហើយ ខណៈដែលរាជរដ្ឋាភិបាលបានដាក់វិធានការជាបន្តបន្ទាប់។

អ្នកឆ្លងជំងឺកូវីដ៣៣នាក់នោះរួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសខ្មែរឥស្លាម អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសខ្មែរឥស្លាម អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសខ្មែរឥស្លាម អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសខ្មែរឥស្លាម អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរឥស្លាមអាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរឥស្លាម២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរឥស្លាមនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរឥស្លាមនៅខេត្តកោះកុង
និងទី៣៣៖ បុរសជនជាតិខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ៕

ក្រសួងសុខាភិបាលប្រកាសឱ្យផ្អាកការកម្មវិធីប្រគំតន្រ្តីនៅតាមទីធ្លាសាធារណៈដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចឱ្យផ្អាកការកម្មវិធីប្រគំតន្រ្តីនៅតាមទីធ្លាសាធារណៈ ដែលមានមនុស្សច្រើនកុះករ នៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

 

អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទកាសែត ជជែកពី កូវីដ១៩ នៅកម្ពុជា

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០  អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញជាវាគ្មិនពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕

ព័ត៌មានខ្លីៗ និងសំខាន់ៗប្រចាំថ្ងៃ

ដើមឆ្នាំនេះ អគ្គិភ័យកើតឡើង ២៦១ករណី ស្លាប់៤នាក់ និងរងរបួស១៣នាក់

 


នៅត្រីមាសទី១ ដើមឆ្នាំនេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ២៦១លើក បណ្តាលឲ្យមនុស្សស្លាប់ ៤ នាក់ និង ១៣នាក់ទៀតរងរបួស។ តួលេខនេះ មានការកើនឡើងទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ ដែលបានផ្ដល់ឲ្យដោយនាយកដ្ឋានបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃចន្ទ។

លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា គ្រោះអគ្គិភ័យក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ នេះ បានកើតឡើងចំនួន ២៦១លើក មានការកើនឡើងចំនួន ៨២លើក បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៩ ដែលបានកើតឡើងចំនួន ១៧៩លើកប៉ុន្តែមានការខូចខាតផ្ទះពលរដ្ឋតិចជាងឆ្នាំមុន គឺត្រឹមតែ ១៨៩ខ្នង និងតូបលក់ដូរអស់ ៦០តូបប៉ុណ្ណោះ៕

អាមេរិកចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាលើអ្នកស្ម័គ្រចិត្ត៤៥នាក់

 


ក្រុមវេជ្ជសាស្ត្រសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ បានចាប់ផ្តើមការសាកល្បងប្រើប្រាស់វ៉ាក់សាំងប្រឆាំង កូវីដ ១៩ លើអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អជិត ៥០នាក់។

វ៉ាក់សាំងឈ្មោះ RNA-1273 ស្រាវជ្រាវនិងបង្កើតឡើងដោយអ្នកវិទ្យាសាស្ដ្រនៃវិទ្យាស្ថានសុខភាពជាតិ និងសហការីនៅក្រុមហ៊ុនជីវបច្ចេកវិទ្យាModerna។

ការពិសោធនេះ នឹងធ្វើឡើងទៅលើអ្នកស្ម័គ្រចិត្ដដែលមានសុខភាពល្អចំនួន ៤៥នាក់ អាយុចន្លោះពី១៨ ដល់ ៥៥ឆ្នាំដោយរៀបចំតាមដំណាក់កាលផ្សេងៗគ្នារយៈពេល៦សប្ដាហ៍ ដែលជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោក ប៉ុន្ដែយ៉ាងហោចណាស់ ក៏ត្រូវចំណាយពេលដល់ ១៨ខែទៀតដែរ ទើបវ៉ាក់សាំងនេះ អាចប្រាកដថានឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈបាន ឬក៏យ៉ាងណា? ៕

ក្រសួងប្រាប់ឲ្យរាជធានី-ខេត្ត បង្កើតគណៈកម្មការប្រយុទ្ធនឹង COVID-19

 


រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានផ្ញើលិខិតជូនទៅអភិបាលរាជធានី-ខេត្ត ណែនាំឲ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺ Covid-19 នៅរាជធានី-ខេត្ត ដើម្បីឆ្លើយតបប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺនេះ ខណៈនៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញចំនួន ១២ករណីបន្ថែមទៀត និងកំពុងរៀបចំដាក់នៅដោយឡែក ដើម្បីពិនិត្យតាមដានសុខភាព។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមីនា នេះ កម្ពុជាបានរកឃើញ១២ករណីហើយនៃការឆ្លង COVID-19 រួមមាន បុរសចិនម្នាក់ បុរសខ្មែរ២នាក់ និងបុរសខ្មែរ-អិស្លាម ២នាក់ បុរសបារាំងម្នាក់ ទារកបារាំងម្នាក់ បុរសអង់គ្លេសម្នាក់ ស្ត្រីអង់គ្លេស២នាក់ បុរសកាណាម្នាក់ និង បុរសប៊ែលហ្សិកម្នាក់។ បុរសចិន បានជាសះស្បើយវិញ៕

រដ្ឋាភិបាលទម្លាក់ថវិកា ៥០លានដុល្លារសម្រាប់ ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដែលប៉ះពាល់ដោយ EBA និង COVID-19

 


រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាពិសេសចំនួន ៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យម នៅគ្រាដែលកម្ពុជាកំពុងជួបបញ្ហាដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ និងការរីករាលដាលនៃវីរុស COVID-19។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីចុងខែកុម្ភៈ កន្លងមកថា ថវិកា៥០លានដុល្លារដែលរដ្ឋាភិបាលទម្លាក់ឱ្យសហគ្រាសធុនតូច និងមធ្យម គឺដើម្បីដោះស្រាយការរងផលប៉ះពាល់ពីវីរុស Covid-19 និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅក្នុងវិស័យកែច្នៃផលិតផល កិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលស្ថិតក្នុងការប្រកួតប្រជែងជាដើម។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលទទួលការងារនេះពីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ម្ចាស់សហគ្រាសទាំងអស់ ដែលកំពុងជួបប្រទះបញ្ហារកស៊ីនោះ គឺអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីបាន ដោយសហគ្រាសមួយ អាចទទួលបានថវិកាដល់ ៣០ម៉ឺនដុល្លារ៕

 ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

 

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣។

ដូចបណ្តាឆ្នាំមុនៗដែរ ដើម្បីជាលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមួយឆ្នាំពីរដង គឺពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យជាតិទាំងពីរនេះ មានចំនួនសរុបប្រហែលជា ១៤លានដុល្លារអាមេរិក៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទកាសែត ជជែកពី កូវីដ១៩ នៅកម្ពុជា

 


នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញជាវាគ្មិនពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕

មន្ត្រីសុខាភិបាល ប្រាប់ឲ្យក្រុមវេជ្ជសាស្ត្រឯកជន រាយការណ៍បន្ទាន់ករណីសង្ស័យរោគសញ្ញា Covid-19

ខេត្តព្រះវិហារ ៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលនៃខេត្តព្រះវិហារ បានថ្លែងណែនាំដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជននៅតាមក្រុង ស្រុកនានាក្នុងខេត្ត ត្រូវសហការជាមួយ មន្ទីរសុខាភិបាល ខេត្ត ដោយរាយការណ៍មកជាបន្ទាន់ ក្នុងករណីសង្ស័យថា មានប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន មានរោគសញ្ញាវីរុសកូរ៉ូណា ឬ Covid-19។
ការថ្លែងណែនាំរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបែបនេះ ក្នុងគ្រាដែលលោក និងសហការី អញ្ជើញចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺ Covid-19 ដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជន នៅតាមបណ្តាស្រុក៤ ក្នុងនៃខេត្តព្រះវិហារ រួមមាន៖ ស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកជ័យសែន និងស្រុកឆែប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៧ខែមិនា២០២០នេះ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឲ្យដឹងទៀតថា ការចុះអប់រំផ្សព្វផ្សាយស្តីពីជងឺ Covid-19 នេះ គឺមានការចូលរួមពីអ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជន មកពីស្រុកជាំក្សាន្តចំនួន ៣០សេវាឯកជន ស្រុកគូលែនចំនួន ៣១សេវាឯកជន ស្រុកជ័យសែនចំនួន ១៥សេវាឯកជន និងស្រុកឆែបចំនួន ១៧សេវាឯកជន ហើយការផ្សព្វផ្សាយនេះ ចង់ឲ្យពួកគាត់ជួយផ្សព្វផ្សាយបន្ត និងសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងករណីសង្ស័យមានរោគសញ្ញាជំងឺ Covid-19 ត្រូវរាយការណ៍មកមន្ទីរសុខាភិបាលខេត្តជាបន្ទាន់។
លោកបានគូសបញ្ជាក់ទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមន្ទីរសុខាភិបាលខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់អ្នកប្រកបសេវាសុខាភិបាលឯកជន នៅតាមស្រុកនានាក្នុងខេត្ត និងបានចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំនានាក្នុងខេត្តឲ្យ ពួកគាត់ បានយល់និងមានវិធានាការការពារនិងអនាម័យអោយបានល្អនិងលាងដៃនិងអាកុលឬសាប៊ូមុនពេលបរិភោគចំណីអាហារនិងពាក់ម៉ាស់អោយបានគ្រប់គ្នាមុនពេលចេញដំណើទៅណាមកណា៕ ដោយ ៖ កូវ ប៊ុនហេង

ទូតខ្មែរនៅថៃអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ បើមិនមានភាពចាំបាច់សូមកុំចាកចេញពី ថៃនៅថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ បើមិនមានភាពចាំបាច់សូមកុំចាកចេញពីប្រទេសថៃ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃជាតិខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ជៀងវាងការឆ្លងជំងឺកូវីដ១៩ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ អាជីវករ ទាំងអស់ បើមិនមានភាពចាំបាច់សូមកុំធ្វើដំណើរ ចាកចេញពីប្រទេសថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ប្រភពដដែលបន្ដថា កន្លងមកស្ថានទូតធ្លាប់បានជម្រាបជូនដំណឹងដល់សាធារណជន អំពីវិធានការជាច្រើនដែលរដ្ឋាភិបាលថៃបានប្រកាសក្នុងការបង្ការ នឹងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះជាពិសេសស្ថានទូតបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

ប្រភពបន្ដថា ៖ ”ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ សូមបងប្អូន ពលករ សិស្ស និស្សិត នឹងអាជីវករ ដែលកំពុងសិក្សា ធ្វើការ នឹងរស់នៅ ក្នុងប្រទេសថៃ មេត្តាចូលរួមសហការជាមួយប្រទេសម្ចាស់ផ្ទះបើមិន មានភាពចាំបាច់ សូមមេត្តាជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បី ចូលរួមចំណែកក្នុងការបង្ការ នឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែបងប្អូនពលរដ្ឋខ្មែរដែលមានបំណងចូលមកប្រទេសថៃសូមមេត្តាតាមដានព័ត៌មានស្តីពីវិធានការនានារបស់ប្រទេសទាំងពីរ ឲ្យបានច្បាស់លាស់ និងពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ”។

ប្រសិនបើបងប្អូនពលរដ្ឋខ្មែរនៅប្រទេសថៃមានរោគសញ្ញាផ្លូវដង្ហើមដូចជាក្អកឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែន ហើយមានគ្រុនក្តៅខ្លាំងសូមមេត្តាទំនាក់ទំនងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃតាមរយៈលេខ ០២-៥៩០ ឬ Hotline ១៤២២ ជាបន្ទាន់និងអាចទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទូរស័ព្ទលេខ ០៩២-៨០៥ ០៥៦១ ឬ ០៩៤ ០៩២ ៥៩០៥៕

 

ក្រសួងសុខភិបាលប្រកាសឲ្យបិទ KTV និងរោងភាពយន្តទូទាំងប្រទេសដើម្បីទប់ស្កាត់  COVID-19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅដើម្បីទប់ស្កាត់  COVID-19៕