All posts by មេគង្គ ប៉ុស្តិ៍

ជំនួយ​ពី​ចិន​សម្រាប់​ប្រយុទ្ធប្រឆាំង​កូ​វី​ដ១៩​​នឹង​មក​ដល់​កម្ពុជា​នៅ​យប់​នេះ

ភ្នំពេញ ៖ តាម​រយៈ​ផេកហ្វេសប៊ុកផ្លូវការស្ថានទូត​ចិន​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ជំនួយ​សម្រាប់​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​វីរុស​កូ​វី​ដ ១៩ នឹង​មក​ដល់​កម្ពុជា​ នៅ​យប់​ថ្ងៃនេះ ១៧ មីនា នេះ​។

​ផេក​ផ្លូវការ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​បាន​សរសេរ​ថា «​តាម​ការ​ប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃ​ទី​១៧ ខែមីនា សារធាតុ​ Detection Reagent​ ជំងឺ​វីរុស​ COVID-19​ សម្រាប់​២០០០​នាក់ ដែល​ជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា ​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ ហើយ​ជំនួយ​សារធាតុ​ទាំងនេះ ​នឹង​ត្រូវ​បាន​ទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។

ផេកដដែលបន្តថា ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹងជងឺ​វីរុសជូន​ចំពោះ​ភាគី​កម្ពុជា​»។

សូម​ជម្រាបថា ​កម្ពុជា​បាន​រក​ឃើញ​ករណី​កើត​មាន វីរុស​កូ​វី​ដ ១៩ សរុប​២៤​ករណី គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៧ ខែមីនា​នេះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសខ្មែរឥស្លាម អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសខ្មែរឥស្លាម អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣, ២៤៖ បុរសខ្មែរឥស្លាម អាយុ ៧៥ឆ្នាំ និង ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំ៕

 

 

រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០៕

 

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ចំនួន១២នាក់ថែមទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះបានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ (COVID-19) ចំនួន១២នាក់ថ្មីទៀត។ អ្នកឆ្លងជំងឺថ្មីទាំង១២នាក់ មាននៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ៕

 

គ្រប់​វត្ត​អារាម​នឹង​ទូងស្គរសូធ្យ​ព្រះធម៌​នៅ​ថ្ងៃទី​២៣ ខែមីនា ដើម្បី​កម្ចាត់​គ្រោះ​ចង្រៃបង្កដោយ COVID-19

​ភ្នំពេញ ៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញប្រកាស​ដោយ​អំពាវនាវដល់​ព្រះ​មេគុណ ព្រះគ្រូ​អនុគុណ ព្រះចៅអធិការ​គ្រប់​វត្ត​ និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង ប្រទេស​ទូងស្គរ​ឲ្យ​បាន​គ្រប់គ្នាៗ និង​ប្រកាស​សូធ្យ​ព្រះធម៌​មាន​រតន​សុ​ក្ការ​ម្ភៈ​និង​រតន​សូត្រជាដើមឲ្យ​បាន​កងរំពង​គ្រប់​វត្ត​អារាម​នា​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៣,០០​នាទីរសៀល​ខាងមុខ។​

​សូម​អាន​ប្រកាស​ទាំងស្រុង​ដូចខាងក្រោម ៖

 

បារាំងប្រកាសបិទប្រទេសទាំងស្រុង ដើម្បីទប់ទល់ការរាតត្បាតជំងឺ COVID-19

ប៉ារីស ៖ រដ្ឋាភិបាលបារាំង បានសម្រេចបិទប្រទេសទាំងស្រុងលែងឱ្យប្រជាជនចេញពីផ្ទះ លើកលែងតែករណីចាំបាច់បំផុត ដើម្បីទប់ស្កាត់ការរីករាតត្បាតនៃជំងឺផ្លូវដង្ហើមថ្មី COVID-19 ខណៈដែលប្រទេសអឺរ៉ុបក៏កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាតត្បាតនៃជំងឺមួយនេះ។ នេះបើយោងតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។

លោកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅយប់ថ្ងៃចន្ទ ទី១៦ ខែមីនា បានចេញមុខថ្លែងសារដោយផ្ទាល់ទៅកាន់ប្រជាជនបារាំងសាជាថ្មីម្តងទៀត ជុំវិញវិធានការថ្មី ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។ លោកប្រធានាធិបតីបារាំងបានប្រកាសឲ្យប្រជាជនទាំងអស់នៅទូទាំងប្រទេសបារាំងស្ថិតនៅតែក្នុងផ្ទះ ដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ លើកលែងតែក្នុងករណីចាំបាច់បំផុត។ លោកក៏បានលើកឡើងផងដែរ ម្តងហើយម្តងទៀតថា បារាំងនៅពេលនេះ “កំពុងស្ថិតក្នុង «ស្ថានភាពសង្រ្គាម» គឺសង្រ្គាមទល់នឹងមេរោគកូរ៉ូណាថ្មី។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ប្រទេសបារាំង មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៥,៤៣៧នាក់ ហើយមនុស្ស១២៧នាក់ហើយ បានស្លាប់បាត់បង់ជីវិត៕

ម៉ាឡេស៊ីហាមពលរដ្ឋមិនឲ្យចេញក្រៅប្រទេស និងជនបរទេសមិនឲ្យចូលប្រទេសរយៈពេល២សប្តាហ៍ដើម្បីទប់ស្កាត់ COVID-១៩

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទថា ប្រទេសម៉ាឡេស៊ីនឹងរារាំងពលរដ្ឋមិនឲ្យចេញទៅក្រៅប្រទេស និងជនបរទេសមិនឲ្យ ចូលក្នុងប្រទេសរយៈពេល២សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

លោក Muhyiddin Yassin ធ្វើការប្រកាសខាងលើ នាឱកាសថ្លែងទៅកាន់ប្រជាជាតិម៉ាឡេស៊ី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក Muhyiddin បានបញ្ជាក់ដូច្នេះថា ៖ « បទបញ្ញត្តិទាំងនេះគឺជាផ្នែកមួយនៃការរឹតត្បិតការធ្វើដំណើរ ដែលអនុម័តដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុង គោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

បើតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ពលរដ្ឋម៉ាឡេស៊ីនៅក្នុងស្រុកទាំងអស់ ត្រូវបានហាមឃាត់ ធ្វើដំណើរចេញក្រៅប្រទេស ហើយអ្នកពលរដ្ឋដែលត្រឡប់មកពីបរទេសនឹងត្រូវអនុវត្តវិធានការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ខណៈជនបរទេស ក្នុងនោះរួមមានទាំងភ្ញៀវទេសចរ ក៏នឹងត្រូវមិនបានអនុញ្ញាតឱ្យចូលក្នុងប្រទេសម៉ាឡេស៊ីដែរ ក្នុងកំឡុងពេលនេះ។ ចំណែកឯ ពិធីជួបជុំនៅតាមទីសាធារណៈ សកម្មភាពនានានៅក្នុងប្រទេសទាំងមូល មានដូចជាព្រឹត្តិការណ៍សាសនា ជំនួបកីឡា សកម្មភាពវប្បធម៌ និងសង្គម នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នាថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន ១២៥នាក់ទៀត ក្នុងនោះមាន ៩៥ករណីមានជាប់ទាក់ទងជាមួយនឹង ពិធីជួបជុំលក្ខណៈសាសនា ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៉ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ី ផេថាលីង (Sri Petaling) នៃទីក្រុងគូឡាំឡាំពួរ។ បើធ្វើការបូកបន្ថែមនឹងករណីថ្មីនេះ តួលេខសរុបនៃអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ីបានកើនដល់ ៥៥៣ករណី ក្នុងនោះអ្នកជំងឺជាង ៤០នាក់បានជាសះស្បើយ៕

ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០។

ក្រសួងបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩°C អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី ១៨-២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យមជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C ។
ចាប់ពីថ្ងៃទី ១៧-២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយ ដោយឡែកតែ ខេត្តកោះកុង នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។

ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា៕

 

ក្រសួងប្រកាសឱ្យអ្នកជិះយន្តហោះលេខ PG933 មកពីថៃនៅថ្ងៃទី៩ មីនា​ មកពិនិត្យសុខភាព

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) អ្នកដំណើរម្នាក់នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២ លើជើងហោះហើរលេខ PG 933 មកពី ទីក្រុងបាងកកប្រទេសថៃ បានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ ។ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើនេះ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាល មានទូរស័ព្ទទៅលេខ១១៥ដើម្បីមន្ត្រីសុខភាពជួយពិនិត្យសុខភាព៕

ព័័ត៌មានខ្លីៗ និងសំខាន់ៗ ប្រចាំថ្ងៃ

សិស្ស និងនិស្សិតគ្រប់កម្រិតនៅទូទាំងកម្ពុជា ត្រូវចូលវិស្សមកាលចាប់ពីពេលនេះរហូតដល់ជូនដំណឹងជាថ្មី      

ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់នៅទូទាំងកម្ពុជាឈប់សម្រាកមុនកាលកំណត់វិស្សមកាលចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។

ការសម្រេចបែបនេះ បានធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19 ។ជាមួយនេះ ក៏តម្រូវឲ្យប្រមូលព័ត៌មាននូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សា ទៅកាន់្រទេសដែលផ្ទុះជំងឺ Covid-19 ក្នុងអំឡុងពេល១៤ថ្ងៃ មុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ប្រសិនបើមាននិស្សិតដែលធ្លាប់ចេញទៅក្រៅប្រទេស ហើយមានការសង្ស័យបញ្ហាសុខភាព អាចទាក់ទងទៅលេខ ១១៥ ដើម្បីពិនិត្យសុខភាព៕

ពលរដ្ឋកម្ពុជា ត្រូវផ្អាកដំណើរទៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ដើម្បីបង្ការការឆ្លងនៃកូវីដ-១៩

រាជរដ្ឋាភិបាលគម្ពុជា បានអំពាវនាវដល់ពលរដ្ឋកុំធ្វើដំណើរទៅបណ្តាប្រទេសនៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៤ចំណុចប្រាប់ពលរដ្ឋខ្មែរទាំងអស់មិនត្រូវធ្វើដំណើរទៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើពុំមានការចាំបាច់ដែលខានពុំបាន។ រដ្ឋាភិបាលក៏បានស្នើឱ្យមន្ត្រីរាជការ និងពលរដ្ឋកម្ពុជា ដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសទាំងនេះ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ ថ្ងៃដើម្បីតាមដានសុខភាព។

គិតត្រឹមម៉ោង៩យប់ថ្ងៃទី១៥ ខែមីនា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន១២ករណី ដែលក្នុងនោះមានជនជាតិខ្មែរ៤នាក់ និងបរទេស៨នាក់៕

អេស្ប៉ាញស្ថិតក្នុងស្ថានភាពអាសន្ន ខណៈកូវីដ១៩ សម្លាប់១៩២នាក់

អេស្ប៉ាញ ៖ អេស្ប៉ាញដាក់ប្រជាពរដ្ឋរបស់ខ្លួន ៤៧លាននាក់នៅក្រោមការការរឹតត្បិតការធ្វើដំណើរមួយផ្នែកធំកាលពីថ្ងៃទី១៤ ខែមីនា ដែលជាផ្នែកនៃការប្រកាសភាពគ្រាអាសន្នរយៈពេល១៥ថ្ងៃដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

ដោយត្រូវអនុវត្តជាបន្ទាន់ជនជាតិអេស្ប៉ាញទាំងអស់ត្រូវនៅក្នុងផ្ទះ លើកលែងតែការចេញទៅទិញអាហារ ឱសថ និងទៅធ្វើការ ឬទៅមន្ទីរពេទ្យ។ រង្គសាល ភោជនីយដ្ឋាន ហាងទំនិញ ដែលលក់ទំនិញក្រៅពីស្បៀង និងទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃត្រូវតែបិទ។រាល់ពិធីកម្សាន្តសប្បាយ និងសកម្មភាពកីឡា ក៏ត្រូវតែបិទ រួមមានរោងភាពយន្ត មហោស្រព កន្លែងហែលទឹក និងទីលានប្រកួតកីឡាបាល់។

គិតត្រឹមថ្ងៃអាទិត្យ អេស្ប៉ាញមានអ្នកស្លាប់ដោយវីរុសកូវីដ១៩ចំនួន១៩៣នាក់ និង៦.២៥០នាក់ឆ្លង៕

 អង់គ្លេស នឹងពិន័យ ឬដាក់ពន្ធនាគារអ្នកដែលមិនព្រមនៅដាច់ដោយឡែកករណីឆ្លង កូវីដ.១៩

អង់គ្លេស ៖ រដ្ឋបាលអង់គ្លេស ដាក់ប្បញ្ញត្តិថ្មីមួយ ដោយតម្រូវឲ្យប្រជាជនណាដែលបដិសេធនៅដាច់ដោយឡែកត្រូវប្រឈមជាប់ពន្ធនាគារ ឬរងការផាកពិន័យរហូតដល់ ១.០០០ ផោន (ជាង១.២០០ដុល្លារ)។

បទប្បញ្ញត្តិស្តីពីការការពារសុខភាព (វីរុសកូរ៉ូណា) ឆ្នាំ ២០២០ ដែលបានចេញផ្សាយនៅលើវេបសាយរបស់រដ្ឋាភិបាល និយាយថា អ្នកដែលសង្ស័យឆ្លងវីរុសកូរ៉ូណា អាចត្រូវបានឃាត់ខ្លួនទុករហូតដល់ ១៤ ថ្ងៃនៅក្នុងមន្ទីរពេទ្យដែលមានសុវត្ថិភាព ឬទីតាំងសមរម្យផ្សេងទៀត។

បទប្បញ្ញត្តិនេះ ក៏តម្រូវឲ្យពួកគេក៏ត្រូវប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់ពួកគេ និងបញ្ជីឈ្មោះអ្នកដែលពួកគេបានជួបថ្មីៗផងដែរ៕

ច្រកអន្តរជាតិប៉ោយប៉ែត នឹងមិនអនុញ្ញាតឲ្យជនបរទេសមកពី ៦ប្រទេសចូលកម្ពុជា


ប៉ោយប៉ែត ៖ ចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តទៅ នឹងមិនអនុញ្ញាតឲ្យជនបរទេសមកពី ៥ប្រទេសចូលទឹកដីកម្ពុជា តាមច្រកទ្វារប៉ោយប៉ែត នេះឡើយ ចំណែកជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់ នឹងត្រូវអនុវត្តការហាមឃាត់នៅវេលារំលងអធ្រាត្រឈនចូលថ្ងៃទី១៩ ខែមីនា ឆ្នា២០២០។

លោក ឆោម ភ័ព្វ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្តីទី នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ដូច្នេះថា«នេះជាការអនុវត្តតាមការណែនាំរបស់សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាតជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី Covid-19 ៕

បុគ្គលដែលមានកូវីដ១៩ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុផ្ទះ តាមការណែនាំរបស់ជំនាញ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ដាក់ចេញវិធានការណែនាំដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល១៤ថ្ងៃនៅក្នុងបន្ទប់ដាច់ដោយឡែករួមទាំងអនុវត្តវិធានមួយចំនួនដើម្បីធានាថា ពួកគេពិតជាបានចូលរួមទប់ស្កាត់មិនឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលទៅកាន់អ្នកដទៃ។

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីនីតិវិធីដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ៕ 

 ក្រសួងប្រកាសឱ្យអ្នកជិះយន្តហោះលេខ PG933 មកពីថៃនៅថ្ងៃទី៩ មីនា​ មកពិនិត្យសុខភាព


ភ្នំពេញ ៖ រដ្ឋបាលក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ មីនានេះ បានអំពាវនាវឱ្យដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG 933 ត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) អ្នកដំណើរម្នាក់នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២ លើជើងហោះហើរលេខ PG 933 មកពី ទីក្រុងបាងកកប្រទេសថៃ បានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ ។ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ
នេះ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាល មានទូរស័ព្ទទៅលេខ១១៥ដើម្បីមន្ត្រីសុខភាពជួយពិនិត្យសុខភាព៕

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងបិទមិនអោយជនបរទេចំនួន៦ប្រទេសចូលកម្ពុជា

បន្ទាយមានជ័យ ៖ អនុវត្តតាមបម្រាមរបស់ក្រសួងការបរទេសនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីម៉ោងសូន្យៗនាទីថ្ងៃទី១៧និងថ្ងៃទី១៨ខែមីនា២០២០និងមិនអោយជនបរទេសចំនួន6ប្រទេសចូលកម្ពុជាឡើយ។

លោកវរសេនីយ៍ឯក ឆោម ភ័ព្វ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្តីទីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថាដោយអនុវត្តតាមការណែនាំរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងតាមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តោប្រវេសន៍ប៉ោយប៉ែតបានចាត់អោយមានការបិទផ្សាយនៅឈ្មោះប្រទេសចំនួន6ដែលរដ្ឋាភិបាលហាមមិនអោយចូលកម្ពុជាជាសវាងការរាលដាលនៃ ជំងឺវីរុស កូវិដ១៩ (Covid 19) រួមមានអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ បិទមិនអោយចូលនៅម៉ោង00ថ្ងៃទី១៨។

ក្រៅពីការបិទផ្សាយនៅចំនួនប្រទេសទាំង៦ នគរបាលអន្តោប្រវេសន៍បានបិទផ្សាយតាមគោលដៅជាច្រើននៅវិធានការណ៍ការពារជំងឺវីរុស កូវិដ១៩ (Covid 19) ជាពិសេសការចែកម៉ាសជូនដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលឆ្លងកាត់តាមច្រកអន្តរជាតិប៉ោយប៉ែត។

យោងតាមកិច្ចប្រជុំ ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ ជំងឺវីរុស កូវិដ១៩ (Covid 19) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អគ្គនាយករងអន្តោប្រវេសន៍, ប្រធាននាយកដ្ឋាន, ក្រុមផ្តល់ទិដ្ឋាការ, នាយ-នាយរងប៉ុស្តិ៍ និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។

​លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើង នូវបញ្ហាមួយចំនួនមានដូចជា អ្នកដំណើរមកពីប្រទេសទាំង៦ មានប្រទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ហាមចូលប្រទេស, ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស នៃប្រទេសទាំង៦ មកពីប្រទេសទាំង៦ ហាមមិនឲ្យចូល, អ្នកការទូត អង្គការក្រៅរដ្ឋាភិបាល (NGO) បរទេស នៃប្រទេសទាំង៦ ដែលមានប័ណ្ណការទូត ពីក្រសួងការបរទេស និងក្រុមគ្រួសារមានប័ណ្ណការទូត និងទិដ្ឋាការ អនុញ្ញាតឲ្យចូល តែត្រូវរក្សាការរស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ, ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែន មកពីប្រទេសទាំង៦ អនុញ្ញាតឲ្យចូល តែត្រូវណែនាំឲ្យរស់នៅផ្តាច់ខ្លួន រយៈពេល ១៤ថ្ងៃ, ជនបរទេសទាំង ៦សញ្ជាតិ មកពីប្រទេសផ្សេងៗ ដែលគាត់បានស្នាក់នៅលើសពី ១៤ថ្ងៃ ត្រូវមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ Stamps ឯកសារបញ្ជាក់ផ្សេងៗ ទើបអនុញ្ញាតឲ្យចូល, ចំពោះ Pilots ដែលមានការហោះហើរ ដល់ប្រទេសនោះហើយ ស្នើឲ្យចូល ត្រូវពិនិត្យចត្តាឡីស័កច្បាស់លាស់ រក្សារយៈពេល ១៤ថ្ងៃ ដូចគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដាក់ចេញ នូវវិធានការត្រួតពិនិត្យលើបញ្ជីឈ្មោះ អ្នកដំណើរតាមផ្លូវអាកាស (Manifest) មកពិនិត្យមុននឹងវាយតម្លៃភ្ញៀវចូល, ត្រួតពិនិត្យ Stamps ចូលប្រទេសនានា ដើម្បីឆែកប្រវត្តិដំណើរ, សំណូមពរឲ្យបង្ហាញ Boarding Pass មុន Last Destination, ត្រូវបំពេញអាស័យដ្ឋាន និងលេខទំនាក់ទំនងឲ្យបានច្បាស់លាស់, ត្រូវធ្វើការសម្ភាសន៍ ត្រូវបង្កើនចំនួនប្រធានគោលដៅ នាយរងប៉ុស្តិ៍តាមវេន, ត្រូវឲ្យគូសសញ្ញា Tick Yes, No ឈ្មោះប្រទេសដែលគាត់រស់នៅ ១៤ថ្ងៃ, ត្រូវមានរបាយការណ៍ជាប់ជាប្រចាំ អំពីបញ្ហា Covid 19, ត្រូវសហការល្អជាមួយ ផ្នែកចត្តាឡីស័ក និងពិនិត្យការយកចិត្តទុកដាក់, ត្រូវមានវិធានការការពារ ការឆ្លងរបស់មន្រ្តី ត្រូវពាក់ស្រោមដៃ និងម៉ាស់៕

ឆ្នាំ២០១៩ សមត្ថកិច្ច​​ឃាត់ខ្លួន​​មនុស្ស​​ជាង ២ពាន់នាក់ និង​​រឹបអូស​​គ្រឿងញៀន ៧៥០គីឡូក្រាម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កាលពីឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៩.៨០៦ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៩ កន្លងមកនេះ សមត្ថកិច្ច អនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៩.៨០៦ករណី (កើនឡើងប្រមាណ២២.៥៤%) ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០.៤៩០នាក់ (កើនឡើងប្រមាណ២៤,៥៤%) ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៧៥០គីឡូក្រាម (កើនឡើងប្រមាណ៣៩,៩៦%)”។

នាយឧត្តមសេនីយ៍ បានបន្ដថា សមត្ថកិច្ច ក៏បានបង្កក និងរឹបអូសនូវអចលន និងចលនវត្ថុជាសម្ភារ និងថវិកាពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនោះ បង្ក្រាបបានករណីធំៗ ចំនួន៦១ករណី ដែលមានជនសង្ស័យចំនួន១៤០នាក់ ជនបរទេស៥៤នាក់ មេក្លោងចំនួន២៧នាក់ និងបណ្ដាញរបស់ពួកវា ១១៣នាក់។

លោកបន្ថែមថា ជាមួយគ្នានេះ តាមរយៈប្រតិបត្តិការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានទប់ស្កាត់ និងលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លិបកម្សាន្ដ និងទីតាំងសប្បាយដ្ឋានានា ទូទាំងប្រទេស នៅចុងឆ្នាំ២០១៩កន្លងទៅនេះ។

យោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ សម្ភារចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿង ញៀន ដែលបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត រួមមាន រថយន្ដ៧២គ្រឿង, ម៉ូតូ២.៦៥៣ គ្រឿង, ទូរស័ព្ទ ៧.០៤១គ្រឿង, ជញ្ជីង ៣៩៨គ្រឿង, អាវុធវែង ១១ដើម, អាវុធខ្លី១១ដើម , ប្រាក់កម្ពុជា ៩៨.៦៨២.៤០០រៀល, ប្រាក់អាមេរិក ១២៨.៨២២ដុល្លារ, ប្រាក់ថៃ ៨១.៥៧០ បាត, ប្រាក់វៀតណាម ១៦.៥៧៨.០០០ដុង, ព្រមទាំងបង្កកផ្ទះល្វែង១កន្លែង និងផ្ទះដីឡូត៍១កន្លែង នៅខេត្តកំពង់ស្ពឺ៕

 

 

អង់គ្លេស​បន្ត​ផ្តល់​ថវិកា​ដើម្បី​បញ្ចប់​កម្មវិធី​សកម្មភាព​មីន​សកល​ទី​២​ នៅ​កម្ពុជា​

ភ្នំពេញ ៖ ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ លោកទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញា​ធរ​មីន​​ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​នៅ​និវេសនដ្ឋាន​ឯកអគ្គ​រាជ​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ប្រតិបត្តិករ HALO Trust MAG និង​ អង្គការ​ NPA។

ក្នុង​ឱកាស​នោះ​ លោកស្រី​​ Tina Redshaw​ បាន​មាន​ប្រសាសន៍​ថា​ ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ថវិកា​ចំនួន​៤,៣​លាន​ដុល្លារ​អាមេរិក​ បន្ថែម​ជួយ​ដល់​កម្មវិធី​សកម្មភាព​មីន​សកល​ទី​២​ (GMAP2) ក្នុង​រយៈ​ពេល​១ឆ្នាំ​ ដែល​បញ្ចប់​នៅ​ខែ​មីនា​ ឆ្នាំ​២០២១​មុននឹង​ចាប់​ផ្តើម​បន្ត​កម្មវិធី​សកម្មភាព​មីន​សកលទី៣ ឆ្នាំ​២០២១​ ។ លោក​ស្រី​ឯកអគ្គ​រាជ​ទូត​​ បាន​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា​ និង​ចក្រភព​អង់គ្លេស​មាន​បេសកកម្ម​រួម​គ្នា​ក្នុង​ការ​ចូលរួម​សង្រ្គោះជីវិត​​មនុស្សឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយតប​ ក្នុង​នាមសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​​ លោកទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ចក្រភព​អង់គ្លេស​ ដែល​បាន​ចូលរួម​ជួយ​ដល់​ការងារ​បោស​សម្អាត​មីន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​ លើ​ផ្ទៃ​ដី​ជាង​ ១២២​ គីឡូម៉ែត្រ​ក្រឡា​ និង​រក​ឃើញ​គ្រាប់​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជិត​ ៧​ ម៉ឺន​គ្រាប់​​​។ ​ទន្ទឹមនោះលោក​ទេសរដ្ឋមន្រ្តី​​ក៏បាន​ស្នើ​សុំឲ្យចក្រភព​អង់គ្លេស​ បន្ត​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​នូវ​​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ (២០១៨-២០២៥)​ ដើម្បី​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​ដែល​គ្មាន​គ្រោះ​ថ្នាក់ដោយ​សារ​មីន​ និង​គ្មាន​មីន​ឆ្នាំ​២០២៥​៕

 

រដ្ឋមន្ត្រីការងារស្នើសហជីពចូលរួមទប់ស្កាត់អំពើប្រព្រឹត្តខុសនីតិវិធីច្បាប់

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យ លោក លី វេង ប្រធានសហភាពសហជីពការងារខ្មែរ និងសហការីមកពីសហព័ន្ធសហជីពចំនួន៥ទៀត ចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍មួយចំនួនពីលោករដ្ឋមន្រ្តី ដើម្បីពង្រឹងការងាររបស់ខ្លួន បន្ថែមទៀតក្នុងការផ្តល់ការការពារ និងលើកកម្ពស់សិទ្ធិបងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោក លី វេង បានជម្រាបជូនលោករដ្ឋមន្រ្តី ពីការខិតខំការងារកន្លងមករបស់សហភាពសហជីពការងារខ្មែរ ដែលបានរួមចំណែកក្នុងការគាំទ្រនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រទេសជាតិបន្តរីកចំរើនលើគ្រប់វិស័យ បងប្អូនកម្មករនិយោជិតទទួលបាននូវឱកាសការងារ ប្រាក់ឈ្នួលកាន់តែប្រសើរ ការពារសិទ្ធិ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការទទួលបាននូវកិច្ចគាំពារសង្គម។

លោករដ្ឋមន្រ្តី បានកោតសសើរការងារកន្លងមករបស់សហភាពសហជីពនេះ ហើយផ្តល់អនុសាសន៍ឱ្យសហភាពសហជីពនេះ ខិតខំបន្តចូលរួមសកម្មភាពឱ្យកាន់តែផុសផុលថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយ ក៏ដូចជាវិធានការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាលសម្រេច បានជោគជ័យ ដើម្បីធានានូវដោះស្រាយការងារជូនបងប្អូនកម្មករនិយោជិត រោងចក្រ សហគ្រាស នៅតែអាចបន្តផលិតកម្ម អាជីវកម្ម សិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនូវតែធានាបាន។

លោករដ្ឋមន្រ្តី បានស្នើដល់សហភាពសហជីព នេះ ត្រូវចូលរួមទប់ស្កាត់ការអំពើប្រព្រឹត្តខុសនីតិវិធីច្បាប់ ឬសកម្មភាពដែលមានចរិកជាការញោះញុងដើម្បីទាមទារអ្វីមួយដែលខុសពីច្បាប់ ដែលនាំឱ្យមានការខាតបងទាំងបងប្អូនកម្មករនិយោជិត ម្ចាស់រោងចក្រ សហគ្រាស ហើយនិយាយជារួមខាតបង់ដល់ប្រទេសជាតិយើងតែម្តង។ យើងត្រូវរួមគ្នាដើម្បីប្រយោជន៍ជាតិយើង ព្រោះថា បើរោងចក្រ សហគ្រាស គេមិនអាចដំណើរការបានហើយ កុំថាឡើយសហជីពមានសិទ្ធិដើម្បីទាមទារនេះ ទាមទារនោះ សហជីពខ្លួនឯងហ្នឹងក៏ចប់អាជីពដែរ។

ជាមួយគ្នានោះរដ្ឋមន្រ្តី ក៏បានរំលឹកឱ្យសហភាពសហជីព ចូលរួមគាំទ្រ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះវិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាល់នៃជំងឺរាតត្បាតជាសកល កូវិដ-១៩។

សហភាពសហជីការងារខ្មែរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល់ជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែបានគាំទ្រ និងផ្តល់នូវអនុសាសន៍ដល់ដំណើរការងារប្រកបដោយជោគជ័យនាពេលកន្លងមក ហើយបានប្តេជ្ញាខិតខំអនុវត្តនូវរាល់អនុសាសន៍ល្អៗដើម្បីធ្វើយ៉ាងណាអោយការអនុវត្តនូវវិជ្ជាជីវៈក្នុងនាម ជាសហជីពនេះ អាចដើរតួនាទីកាន់តែប្រសើរដល់ការការពារសិទ្ធិ និងផលប្រយោជន៍របស់ប្អូនកម្មករនិយោជិត ចូលរួមឱ្យម្ចាស់ រោងចក្រ សហគ្រាស ទទួលបាននូវផលចំណេញ ហើយក៏ដូចជាចូលរួមក្នុង ការអភិវឌ្ឍប្រទេសជាតិយើង។

សូមបញ្ជក់ថា សហភាពសហជីពការងារខ្មែរ មានសហព័ន្ធសហជីពជាសមាជិកចំនួន៥ និងមានសហជីពមូលដ្ឋានសរុបចំនួន១០២ ហើយមានកម្មករនិយោជិតជាសមាជិកសរុប ចំនួន ២៣ ៣២២នាក់៕

 

ក្រសួងអប់រំសម្រេចឲ្យសិស្ស និងនិស្សិតឈប់សម្រាកមុនកាលកំណត់នៅទូទាំងប្រទេសដើម្បីបង្ការទប់ស្កាត់ Covid-19

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។

ការសម្រេចរបស់ក្រសួងអប់រំនេះធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19។

សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំទាំងស្រុង៖

 

អ៊ីតាលីជួបវិបត្តិខ្វះគ្រឿងបរិក្ខារពេទ្យ ខណៈចំនួនអ្នកស្លាប់កើនដល់១,៨០៩នាក់

រ៉ូម ៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបកើនដល់ ១,៨០៩នាក់ និងឆ្លងសរុប ២៤,៧៤៧នាក់ បន្ទាប់ពីពេញមួយថ្ងៃអាទិត្យម្សិលមិញអ្នកជំងឺ COVID-19 សរុប ៣៦៨នាក់បន្ថែមទៀតបានស្លាប់ ខណៈអាជ្ញាធប្រកាសថា គ្រែអ្នកជំងឺ និងគ្រឿងបរិក្ខារពេទ្យសំខាន់ៗផ្សេងទៀត កំពុងប្រឈមមុខភាពខ្វះខាតធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ CNA។

ប្រទេសអ៊ីតាលីមានប្រជាជានរស់នៅជាង ៦០លាននាក់ គឺកំពុងស្ថិតនៅក្នុងការបិទទ្វារនៅឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ឡុមបាឌី (Lombardy) ដោយនៅទីនោះមនុស្ស១,២១៨នាក់ ដែលភាគច្រើនជាមនុស្សចាស់ជរា។

អភិបាលទីក្រុង មីឡេន (Milan) ដែលស្ថិតនៅក្នុងតំបន់ខាងលើដែរ គឺលោក អាតធីលីយ៉ូ ហ្វុនថាណា (Attilio Fontana) បានលើកឡើងថា «ពេលនេះទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលី កំពុងតែរងវិបត្តិធ្ងន់ធ្ងរឡើងៗហើយ។ យើងកំពុងឈានទៅរការខ្វះខាតគ្រែ និងឧបករណ៍ដកដង្ហើមសិប្បនិម្មិត សម្រាប់អ្នកជំងឺ ដែលយើងពិតជាមិនអាចទៅរកនៅទីណាបានទេ»។ បច្ចុប្បន្ននេះ ប្រទេសអ៊ីតាលីកំពុងតែរង់ចាំការនាំចូលគ្រឿងបរិក្ខាពេទ្យ យ៉ាងច្រើនពីបរទេស៕