All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងពាណិជ្ជកម្មជំរុញការលើកកម្ពស់ប្រសិទ្ធភាព ការងារ កូដិច នៅកម្ពុជា

ភ្នំពេញ ៖ ដើម្បីអោយផលិតផលអាហារផលិតនៅក្នុងប្រទេសកម្ពុជាទទួលបានការគាំទ្រនៅលើទីផ្សារ ក្នុងស្រុក និងនៅបរទេសក្រសួងពាណិជ្ជកម្មបានជំរុញអោយភាគីពាក់ព័ន្ធលើកកម្ពស់ប្រសិទ្ធការងារកូដិច ដែលកូដិចនេះ ជាស្ដង់ដារអនាម័យមួយត្រូវបានបង្កើតឡើងរាប់សិបឆ្នាំមកហើយ និងមានប្រទេសភាគច្រើនក្នុងពិភពលោកបានអនុវត្តការងារនេះ ។

ក្រសួងពាណិជ្ជក្មបានរៀបចំនូវសិក្ខាមួយដោយសហការជាមួយគម្រោងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ នៅសណ្ឋាគារសុខាភ្នំពេញ រយៈពេលបីថ្ងៃពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ កុម្ភៈ២០២០ ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃទី១៨ កុម្ភៈ លោក ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ បានកើតឡើងតាំងយូរឆ្នាំមកហើយ ក្រោយមកទៀត ម្ហូបអាហារត្រូវបានផលិតឡើងសម្រាប់លក់និងប្រើប្រាស់ក្នុងតំបន់តែប៉ុណ្ណោះ ។ នៅក្នុងសតវត្សកន្លងទៅផលិតកម្មម្ហូបអាហារបានកើនឡើងគួរអោយកត់សម្គាល់ ដែលធ្វើអោយផលិតផលម្ហូបអាហារថ្មីៗបានចរាចរណ៍ទូទាំងពិភពលោក ។

លោកបន្តថា ការទទួលបានគ្រប់គ្រាន់នូវអាហារដែលមានសុវត្ថិភាព ជាគន្លឹះសំខាន់ធានាដល់ការរស់នៅ ប្រកបដោយសុខភាពល្អ និងជំរុញសកម្មភាពការងារប្រចាំថ្ងៃ ។ពាក់ព័ន្ធនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា កសិកម្មខ្នាតតូចនៅតែជាប្រភពស្បៀងដ៏សំខាន់ប្រចាំប្រទេស ដែលត្រូវមានភាពធានាដើម្បីធ្វើអោយមានខ្សែចង្វាក់តម្លៃស្បៀងអាហារ និងនិរន្តរភាពសុវត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់គ្នា ។

លោក ផាន អូន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា បានមានប្រសាសន៍ផងដែរថា ការងារកូដិចមានសារៈសំខាន់ ដើម្បីឈានទៅរកការអភិវឌ្ឍស្តង់ដារម្ហូបអាហារ និងសុវត្ថិភាពអាហារពិភពលោក ។ នៅពេលប្រទេសកម្ពុជាគោរពតាមស្ដង់ដារជាក់លាក់បែបនេះ វានឹងអាចរកទីផ្សារដល់អ្នកផលិតខ្លួនឯងសម្រាប់លក់នៅលើទីផ្សារក្នុងស្រុកនិងប្រទេស ដោយសារតែស្តង់ដារកូដិចនេះ ត្រូវបានទទួលស្គាល់ពីប្រទេសជាច្រើននៅលើពិភពលោក ។

លោកបន្តថា ស្តង់ដារកូដិច នេះមិនតម្រូវអោយសហគ្រិនឬអ្នកផលិតម្ហូបអាហារអនុវត្តន៍តាមនោះទេ ព្រោះវាជាការស្ម័គ្រចិត្ត តែបើសិនជាសហគ្រាសមានស្តង់ដារនេះ វានឹងជំរុញអោយសហគ្រាសគាត់កាន់តែប្រសើរឡើង ។

បើតាមលោក អាឡិចហ្សង់ ហ្វីនតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានមានប្រសាសន៍ថា ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលជាសមាជិក នៃ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានអនុវត្តន៍នូវស្តង់ដារកូដិចនេះ តែការអនុវត្តស្តង់ដារនៅក្នុងប្រទេសនីមួយៗ មានកម្រិតខុសៗគ្នា តែអង្គការបានព្យាយាមធ្វើអោយយ៉ាងណាអោយកម្រិតស្តង់ដារនៃប្រទេសទាំងអស់មានគម្លាតស្តង់ដារនៅកៀកៗគ្នា ។

គួរបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចក្ខុកោណដំណាក់កាលទី៤ គឺការពង្រឹងការប្រកួតប្រជែង តាមរយៈការបង្កើតផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច លើកកម្ពស់គុណភាពគឺជាគោលនយោបាយអាទិភាព ៕

នាយករដ្ឋមន្ត្រីអូស្ត្រាលី ខឹងសម្បារចំពោះការបញ្ឈប់ផលិតរថយន្តម៉ាក Holden

បរទេស ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកស្កុត ម៉ូរីសុន បាននិយាយថា លោកខឹងសម្បារ និង ខកចិត្ត ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន General Motors ក្នុងការចូលបញ្ឈប់ការផលិត រថយន្តម៉ាក Holden ។

លោក Morrison បាននិយាយថា អ្នកបង់ពន្ធរបស់ប្រទេសអូស្ត្រាលី បានដាក់ប្រាក់រាប់ពាន់លាន ទៅក្នុងក្រុមហ៊ុនពហុជាតិសាសន៍មួយនេះ។

ប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាទីផ្សារ រថយន្តចង្កូតស្តាំ ដូច្នេះនៅពេលការលក់រថយន្ត យីហោ Australian Holden របស់ក្រុមហ៊ុន GM កំពុងធ្លាក់ចុះ ក្រុមហ៊ុនមិនអាចបង្ហាញអំពីការវិនិយោគ ដើម្បីបន្តផលិតរថយន្តបង្កូតស្តាំនេះ បានទេ។

ការផ្លាស់ប្តូរនេះ ធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងប្រទេសអូស្រ្តាលី ដោយ សារតែម៉ាក Holden របស់ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់មួយ ក្នុងចំណោមក្រុមហ៊ុនរថយន្តលក់ដាច់បំផុតរបស់ប្រទេស ៕

ឧកញ៉ា គិត ធាង បង្ហាញ​វត្តមាន​លើកដំបូង​ក្នុង​សវនាការ​ថ្ងៃនេះ​

​ភ្នំពេញ ៖ ឧកញ៉ា គិត ធាង អតីត​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ត្រូវបាន​គេ​រាយការណ៍​ថា បានបង្ហាញ​មុខជា​លើកដំបូង​ក្នុង​សវនាការ​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​កាលពីពេល​កន្លងទៅ រហូត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់នេះ​ដាក់ពន្ធនាគារ បើ​ទោះ ជា​វត្តមាន​ឧកញ៉ា​ម្នាក់នេះ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ក្រោយ​ការចាប់ខ្លួន រហូតមកដល់​ថ្ងៃនេះ ក៏ដោយចុះ ។

​តាម​ព័ត៌មាន​ទទួលបាន​គឺ​បន្ទាប់ពី​បើក​សាវ​នា​ការ​ជាច្រើនលើក​ច្រើនសារ​នាពេល​កន្លង​ទៅដោយ​គ្មាន​វត្តមាន ឧកញ៉ា គិត ធាង នោះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ តុលាការ រាជធានី​ភ្នំពេញ អាច​បញ្ជា​ឲ្យ​មន្ត្រី​ពន្ធនាគារ​នាំខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន និង​ជា​ម្ចាស់ មជ្ឈមណ្ឌល កម្សាន្ត រ៉ុ​ក យកទៅ​ឈ​នៅក្នុង​រង្វង់​ក្រចកសេះ ដើម្បី​សួរចម្លើយ។​

​ជនជាប់ចោទ​ឈ្មោះ គិត ធាង មាន​ងារ​ជា​ឧកញ៉ា ដែលជា​ថៅកែ​ជួញដូរ​គ្រឿងញៀន ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ត្រូវបាន​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) នាំខ្លួន​ទៅ កាន់​សវនាការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនបាន​ដាក់​ខ្នោះដៃ​ដូច ជនជាប់ចោទ​ដទៃទៀត​ឡើយ​។​

​ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញថា ជនជាប់ចោទ​ឈ្មោះ គិត ធាង បាន ចូលក្នុង​សវនាការ​ដោយមាន​សម្លៀកបំពាក់​ធ​ម្ម​តា មិន​ដូច​ជនជាប់ចោទ​ផ្សេងៗ​ទេ ដោយ​ពាក់ អាវ​ដាក់​ក្នុង​ខោ​ក្រវ៉ាត់​ដោយ​ខ្សែក្រវ៉ាត់​មានតម្លៃ ជាមួយនឹង​ម៉ាស​ការពារ​មុខ ថែមទៀត ។​

​សូម​ជម្រាបជូន​ថា សំណុំរឿង ជួញដូរ​គ្រឿងញៀន​ដ៏​ធំ នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ដែលមាន​លោក​ឧកញ៉ា​ជា​មេខ្លោង មាន​ជនជាប់ចោទ​ប្រមាណ​ជិត ៣០​នាក់ មាន​លោក អ៊ឹម វណ្ណៈ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សុក កែវ​បណ្ឌិត ជា​តំណាង​អយ្យការ ដែល​ធ្វើឡើង​ដោយ​អសាធារណៈ ដោយ​តុលាការ​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ និង​អ្នកសារព័ត៌មាន ចូល​ស្តាប់​នោះទេ ក្រោម​ហេតុផល​ថា សំណុំ​រឿងនេះ មាន​ជនជាប់ចោទ​ជា​អនីតិជន​។​

​គួរ​បញ្ជាក់ថា កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជន ជាប់ចោទ អតីត ឧកញ៉ា គិត ធាង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ទៅតាម​ដីកា​របស់ តុលាការ បន្ទាប់ពី​រកឃើញថា អតីត​ឧកញ៉ា​រូបនេះ គឺជា​មេខ្លោង​បើក​ឲ្យ​មានការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​មជ្ឈមណ្ឌល រ៉ុ​ក (ROCK) អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ក្រោយពី​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ជា​បណ្តោះ អាសន្ន ឧកញ៉ា គិត ធាង បាន​សុំ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​រហូត មកដល់ពេលនេះ ហើយ​បើទោះជា​មានការ​បើកសវនាកា​រ​ជំនុំ​ជម្រះក្តី​លើ​ជន​ជាប់ ចោទ​ជា​ឧកញ៉ា​ថៅកែ​ជួញដូរ​គ្រឿងញៀន​រូបនេះ​ក្តី​ក៏​ពុំដែល​ឃើញ​ឧកញ៉ា​រូបនេះ​មាន​វត្តមាន ក្នុង​សវនាការ​នោះឡើយ ៕

 

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាប្រតិកម្មការព្យួរ EBA ២០ភាគរយ

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជា​តំណាង​ឲ្យ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង និងផលិតផល នានាជាង ៥៨០រោងចក្រក្នុងប្រទេសកម្ពុជា ដែល​បាន​ផ្ដល់​ការងារ​ដល់​កម្មករប្រមាំ ៧៥ម៉ឺននាក់ បានសំដែងការខកចិត្តចំពោះសហភាពអឺរ៉ុប ចំពោះ​សេចក្ដី​សម្ដេច​ប្រកាស​ថ្ងៃ ១២កុម្ភៈឆ្នាំ២០២០ របស់សហភាពអឺរ៉ុបដែលព្យួរ ផ្នែកខ្លះនៃកម្មវិធីអនុ គ្រោះពន្ធ EBA ចំពោះ​កម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃ១៧ ខែកុម្ភៈ។

សេចក្តីប្រកាសរបស់ GMACដដែលបាន បញ្ជាក់ថា GMAC គោរព​និង​គាំទ្រ​ការ​ចូលរួម​របស់​សហភាព​អឺរ៉ុប​ក្នុងការកែលំអគោលនយោ បាយសិទ្ធិមនុស្ស ប៉ុន្តែ​ជា​អកុសល​ដោយ​ការ​ដក​នូវ​ការ​ជួយ​ភ្លាមៗ​បែប​នេះ​ពីប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ មិនមែនជាវិធីដែល ត្រូវបន្តទៅមុខនោះទេ។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថាសមាគម សូមជម្រុញឲ្យ សហភាពអឺរ៉ុបផ្ដល់ អត្ថ​ប្រយោជន៍ EBA ដូចដើមវិញសម្រាប់វិស័យកាត់ដេរ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកប ដោយ​ចីរ​ភាព និងប្រជាជនកម្ពុជារាប់សែននាក់ដែលទទួលបានផលប្រយោជន៍ពីកម្មវិធី EBA ដើម្បី​ចាក​ចេញ​ពីភាព​ក្រីក្រ លើកកម្ពស់ សិទ្ធិមនុស្សរបស់ពួកគេនៅកន្លែងការងារ និងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ៕

 

ក្រសួងទេសចរណ៍ នឹងបើកការិយាល័យនៅតាមក្រុង ស្រុក ខណ្ឌ ដែលចាំបាច់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បី​រក្សាទុក​ការិយាល័យ​ទេសចរណ៍​ដែល​មាន​ស្រាប់នៅតាមក្រុង ស្រុក ខណ្ឌមួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍ បន្ថែម​ទៀត​នៅ​តាមក្រុង ស្រុក ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈ​មាន​ការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។ នេះ​ជា​ការ​បញ្ជាក់​របស់លោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាល​ពី​ថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ឌួង វីរៈ បានឱ្យដឹងថា កាល​ពី​កំឡុង​ពេល​ពិភាក្សា​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​រចនា​សម្ពន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ (អនុក្រឹត្យ៣ផ្សេងគ្នា) ក្រសួងទេសចរណ៍​ធ្លាប់​បាន​ធ្វើ​សំណើ​ទៅ​ក្រសួង​មហា​ផ្ទៃ ដើម្បីស្នើឱ្យរក្សាការិយាល័យទេសចរណ៍ ដែលមានស្រាប់នៅតាមក្រុង ស្រុក ខណ្ឌ​រួច​ហើយ​នោះ គឺសូមរក្សាទុក។ ចំពោះក្រុង ស្រុក ខណ្ឌចំនួនទៀត ដែល​ចាំបាច់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​មិនទាន់​មាន​ការិយាល័យ​ទេសចរណ៍ គឺសូម​បង្កើត​ឱ្យ​មាន​ការិយាល័យ​ទេសចរណ៍​ថ្មីៗបន្ថែមទៀត។

លោក​អនុរដ្ឋលេខាធិការបានបន្តថា អនុក្រឹត្យស្ដីពីរចនាសម្ពន្ធរដ្ឋបានក្រុង ស្រុក ខណ្ឌ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា អនុញ្ញាតឱ្យក្រសួងទេសចរណ៍ធ្វើសំណើទៅក្រសួងមហាផ្ទៃ ប្រសិនបើក្រុង ស្រុក ខណ្ឌ​ណា មានសក្ដានុពលទេសចរណ៍ ហើយចាំបាច់ត្រូវបង្កើតការិយាល័យទេសចរណ៍ ដើម្បី​សុំ​បើក​ការិយាល័យ​ទេសចរណ៍​ថ្មីនៅក្រុង ស្រុក ខណ្ឌនោះ។ តាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍ ក្រុងទាំងអស់នៅប្រទេសកម្ពុជា សុទ្ធ​តែ​មាន​សក្ដានុពល​ទេសចរណ៍​ទាំង​អស់ ប៉ុន្តែដើម្បីបង្កើតការិយាល័យទេសចរណ៍បាន ការិយាល័យ​នោះ​ត្រូវ​មាន​ខ្សែ​គណនេយ្យ​ភាព​ចំពោះ​អភិបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

លោក​ថា ខុសគ្នាត្រង់ថា ពី​មុន​ការិយាល័យ​ទេសចរណ៍​ត្រូវ​មាន​ខ្សែ​គណនេយ្យ​ភាពត្រង់​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ឬត្រង់មកក្រសួងទេសចរណ៍ផ្ទាល់ ប៉ុន្តែបច្ចុប្បន្នអត់ធ្វើដូច្នោះទេ ដើម្បី​បើក​ការិយាល័យ​ទេសចរណ៍​នៅតាមក្រុង ស្រុក ខណ្ឌបាន ការិយាល័យ​នោះ​ត្រូវ​មាន​ខ្សែ​គណនេយ្យ​ភាព​ត្រង់ទៅអភិបាល​ក្រុង ស្រុក ខណ្ឌនោះ៕

 

 

សម្តេចតេជោប្រកាសថា នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ សាច់ ​ពី​ខាងក្រៅ ​ដោយបង្កើន​ការដាំ​ដុះ​​ និង​ចិញ្ចឹម​ក្នុងស្រុក

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រ​​កម្ពុជា​​បានប្រកាសថា នឹង​កាត់បន្ថយការនាំបន្លែ ​សាច់ ពីប្រទេសខាងក្រៅ ​​ដោយការបង្កើនដាំដុះ និងចិញ្ចឹម​ក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន​ ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែ​​ពី​ប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់​គរុសិស្ស ​គរុនិស្សិត​បញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ​ចំនួន១,៩៧៧នាក់ ​នៅវិទ្យាស្ថានជាតិអប់រំ​ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅ​ នឹងត្រូវ បំផុស​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​យើង​ធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ​ហើយត្រូវ​កាត់​បន្ថយ ការនាំចូល​​ពី​​ប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។

សូមបញ្ជាក់ថា ​នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ​៤០០តោន ក្នុងមួយថ្ងៃៗ​​ពី​​ប្រទេស​វៀតណាម ​និងប្រទេសថៃ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ពីរ​រយ​លាន​​ដុល្លារ​អាមេរិក​ ខណៈ មន្រ្តីអះអាងថា ​ការ​ដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេស ​ជាំដើមនោះ៕

 

 

វេជ្ជបណ្ឌិត​ចិន​ប្រើ​ឈាម​អ្នកជំងឺ​ដែលជា​សះស្បើយ ដើម្បី​ព្យាបាល​អ្នក​ផ្ទុក COVID-19

​ចិន ៖ វេជ្ជបណ្ឌិត​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី១៧ ខែកុម្ភៈ​ថា ​គ្រូពេទ្យ​នៅ​សៀង​ហៃ​កំពុង​ប្រើប្រាស់​ឈាម​ពី​មនុស្ស​ដែល​បានជា​សះស្បើយ​ពី​វីរុស​កូ​រ៉ូ​ណា ​(COVID-19) ដើម្បី​ព្យាបាល​អ្នក​ដែល​កំពុង​ផ្ទុក​វីរុស​ឆ្លង​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​អ្នកជំនាញ​សង្គ្រោះបន្ទាន់​ជាន់ខ្ពស់​ម្នា​ក់នៅ​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​នៅពេល​ក្រោយ​ថា ការប្រើប្រាស់​ឈាម​អ្នកជា​សេះ​ស្បើយ គឺជា​វិធីសាស្ត្រ​ដែលមាន​សុពលភាព​ខ្លាំងណាស់​ក្នុងការ​ធ្វើតេស្ត៍​ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ទទួលបាន​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​បង្កើន​ភាពស៊ាំ​របស់​អ្នកជំងឺ​។​

​លោក​វេជ្ជបណ្ឌិត Mike Ryan ប្រធាន​កម្មវិធី​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា​ការប្រើប្រាស់​ឈាម​របស់​អ្នក​ទើប​ជាសះស្បើយ ដើម្បី​ព្យាបាល​លើ​អ្នកជំងឺ​គឺ​ធ្លាប់​បានបង្ហាញ​ពី​ប្រសិទ្ធភាព និង​ការជួយ​សង្គ្រោះ​ជីវិត​ប្រឆាំងនឹង​ជំងឺ​ដូចជា បានបង្ហាញ​ប្រសិទ្ធភាព និង​ការជួយ​សង្គ្រោះ​ជិវិត ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​រលាក​ផ្លូវដង្ហើម និង​សួត​។

​បើតាម​តួលេខ​ចុងក្រោយ​បញ្ចេញ​ដោយ​រដ្ឋាភិបាល​ចិន ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស COVID-19 កើនឡើង​ដល់​ជិត ១,៨៦៨​នាក់ ខណៈ ៧២,៤៣៦​នាក់​ឆ្លង​នៅតាម​បណ្តា​ខេត្ត និង​តំបន់​ចំនួន​៣១​ទូទាំងប្រទេស​ចិន​៕

 

អាជ្ញាធរចិន ៖ មនុស្សសរុប១២,៥៥២នាក់ជាសះស្បើយពីវីរុស COVID-19

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន១២,៥៥២នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ១,៧០១នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១២,៥៥២នាក់ដូចខាងលើ។

បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ជិត ១,៨៦៨នាក់ ខណៈ ៧២,៤៣៦នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន៕

 

ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់១,៨៦៨នាក់នៅប្រទេសចិន

ចិន ៖ ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសថ្មី COVID-19 ឬកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនបានកើនឡើងដល់១,៨៦៨នាក់ និងឆ្លងជាង៧២,៥០០នាក់នៅថ្ងៃអង្គារ ១៨ កុម្ភៈនេះបន្ទាប់ពីមនុស្ស៩៣នាក់ទៀតបានស្លាប់នៅក្នុងខេត្តហ៊ូប៉ីដែលជាតំបន់រងការវាយប្រហារដ៏ខ្លាំងបំផុត។ នេះបើយោងតាមសារព័ត៌មាន CNA។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៨៦៨នាក់ បន្ទាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ មានអ្នកជំងឺ COVID-19 ចំនួន៩៨នាក់ទៀត ដោយឡែកមនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ១,៨៨៦នាក់នៅតាមបណ្តាខេត្ត និងតំបន់មួយចំនួនរបស់ចិន។

ជាមួយគ្នានោះក្រុមអ្នកជំនាញ និងក្រុមវេជ្ជបណ្ឌិតចិនក៏បានប្រកាសថា ផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានទទួលស្គាល់ថា ក្លរ៉ូគីន ហ្វូស្វាត (Chloroquine Phosphate) ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី COVID-19។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ លោកស្រី Sun Yanrong បានបន្ថែមដូច្នេះថា ៖ «ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មតថា ថ្នាំក្លរ៉ូគីន ហ្វូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាល វីរុសកូរ៉ូណា ឬ Covid-19 ហើយការព្យាបាលសាកល្បង ទ្រង់ទ្រាយធំនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន»៕

ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែកុម្ភៈ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមា ពី២២-២៧ អង្សាសេ និងអតិបរមាពី៣១-៣៥អង្សាសេ។

ក្រសួងបានឲ្យដឹងទៀតថា នៅរយៈពេលនេះ នៅផ្នែកខ្លះនៃតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្សោយ៕

 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត២ពាន់នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប១,៩៧៧នាក់ នារី ៨១៥នាក់។ ពិធីនេះប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ។

គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន ៖ និស្សិតអធិការអប់រំ ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី ៣៨៨នាក់៕

 

ទេសចរមកពីកប៉ាល់  Westerdam  ដែលចូលចតផែក្រុងព្រះសីហនុដើរទស្សនាទីក្រុងភ្នំពេញ

 ភ្នំពេញ ៖ ភ្ញៀវទេសចរចំរុះជាតិសាសន៏ចំនួន ១៨៦នាក់ ក្នុងចំណោម ៦២០នាក់ឡើងមកពីកប៉ាល់ Westerdam  ដែលចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ពេលនេះកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ រេស៊ីដង់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយត្រូវបាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីក្រោមឧិវាទ អញ្ជើញទៅសួរសុខទុក្ខដល់ទីតាំងស្នាក់នៅ និងបានជូនដំណើរ ទស្សនាទេសភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ នេះ ដែលជាការផ្តល់នូវភាពកក់ក្តៅ និងជាកាយវិការមនុស្សធម៌ពិតៗ សំរាប់ភ្ញៀវទេសចរតាមកប៉ាល់ Westerdam  ដែលបណ្តាប្រទេសនានាមានការព្រួយបារម្មណ៏ពីការរីករាលដាលនៃជំងឺឆ្លង Covid.19។

តាមរយះរថយន្តក្រុងចំនួន១០គ្រឿង បានដឹកភ្ញៀវទេសចរ ទាំង ១៨៦នាក់ទស្សនាទីក្រុងភ្នំពេញ ដោយក្តីរីករាយ និងពុំមានការព្រួយបារម្មណ៏ពីផលប៉ះពាល់ និងពុំមានភ្ញៀវទេសចរ ណាម្នាក់ ត្រូវបានរកឃើញវិជ្ជមាននៃ ជំងឺ Covid .19 នោះទេ។ តាមការបញ្ជាក់ពីមន្ត្រីសុខាភិបាល ដែលប្រចាំការនៅសណ្ឋាគារសុខាភ្នំពេញ រ៉េស៊ីដង់ បានឲ្យដឹងថា ៖ ពេលនេះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៦២០នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារខាងលើ និងត្រូវបានត្រួតពិនិត្យសុខភាពជាប្រចាំដោយការយកចិត្តទុកដាក់បំផុត តាមលក្ខណៈវេជ្ជសាស្ត្រ ហើយមកដល់ពេលនេះ ពួកគេពុំបានរកឃើញចំណុចវិជ្ជមានណាមួយកើតមានលើភ្ញៀវទេសចរណាម្នាក់នោះឡើយជាមួយគ្នានេះ ក៏មានការចូលរួមពីតំណាងស្ថានទូតសាមី ចូលរួមសហការដោយយកចិត្តទុកដាក់ផងដែរ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរទាំងអស់មកពីកប៉ាល់ Westerdam ដែលបានចូលចតនៅខេត្តព្រះសីហនុ ត្រូវបានទទួលស្វាគមន៏យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីសម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមមនុស្សធម៌ ចំពោះមនុស្សផងគ្នា ដែលកប៉ាល់មួយនេះត្រូវបានបដិសេធមិនឲ្យចូលចតតាមបណ្តាប្រទេសមួយចំនួនដោយសារការភ័យខ្លាចការឆ្លងជំងឺ Covid…19មួយនេះ៕

ខេត្តបន្ទាយមានជ័យចូលឆ្នាំបន្ទាយឆ្មារនឹងរៀបចំយ៉ាងគគ្រឹកគគ្រេង

បន្ទាយមានជ័យ ៖ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានត្រៀមរួចជាស្រេចហើយ នូវការរៀបចំកម្មវិធី«ចូលឆ្នាំបន្ទាយឆ្មារ» យ៉ាងគគ្រឹកគគ្រេងជូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយរីករាយ នៅទីតាំងប្រាសាទបន្ទាយឆ្មារ ស្ថិតនៅខាងជើងទីរួមខេត្តបន្ទាយមានជ័យ ក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកនាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាឆ្នាំ២០២០ ខាងមុខនេះ។

ដោយការត្រៀមរៀបចំនេះបានឆ្លងដល់ការប្រជុំជាលើកទី២កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ក្រោមវត្តមាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការអប់រំ យុវជននិងកីកា និងលោកជំទាវ កែ សួនសុភី លោកអភិបាលខេត្ត អ៊ុំ រាត្រី ព្រមទាំងអង្គភាពជុំវិញខេត្ត។
កិច្ចប្រជុំជាលើកទី២នេះ ក្នុងន័យត្រៀម រៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២០ជូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយរីករាយ នៅទីតាំងប្រាសាទបន្ទាយឆ្មារ ។ដោយមានការរៀបចំអោយមាន៖

១.ការតាំងបង្ហាញពិព័រណ៌ផលិតផលតាមស្តង់
២.ការលេងល្បែងប្រជាប្រិយ
៣.ការសម្តែងក្បាច់គុនល្បុក្កតោ
៤.កម្មវិធីកម្សាន្តបន្ទាយឆ្មារត្រជាក់ចិត្ត
៥.កម្មវិធីរាំវង់ស្គរដៃ
៦.កម្មវិធីប្រទ្បងពាក់កណ្តាលផ្តាច់ព្រ័ត្រជ្រើសរើសបវរស្រ្តីវ័យចំណាស់ ។

ប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលត្រូវបានកសាងឡើងចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារត្រូវបានជួសជុលឡើងវិញនិងបានរៀបចំឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ឲ្យមានការចាប់អារម្មពីភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករពីសំណាក់លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។

ដោយលោកជំទាវបានចំណាយថវិការជាច្រើនចូលរួមឧបត្ថក្នុងការជុសជុលប្រាសាទឡើងវិញមិនថែមតែប៉ុណ្ណោះលោកជំទាវ ម៉ៅម៉ាល័យ បានចំណាយពេលវេលាដ៍មានតំលៃចុះជាប់ជាប្រចាំរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងនៅតាមប្រាសាទនិងជំវិញប្រាសាទ។ អ្វីដែលពិសេសជាងនោះទៀតក្នុងរយះពេលចុងកក្រោយនេះលោកជំទាវបានផ្តួចផ្តើមកសាង ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យស្ពានបណ្តែតទឹកអាងជើងគ្រុស កន្លែងទស្សនាថ្ងៃលិចនៅអាងជើងគ្រុស ។ដែលសមទ្ធិផលទាំងនេះបានធ្វើអោយមានការចាប់អារម្មទៅទស្សនាយ៉ាងច្រើនកាលពីបុណ្យចូកឆ្នាំនិងបុណ្យភ្ជុំបិណ្យកាលពីឆ្នាំទៅ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាខាងមុខ តាមការរៀបចំរបស់រដ្ឋបាលខេត្តប្រាសាទបន្ទាយឆ្មារ និងកាន់តែមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិកាន់ច្រើនជាងឆ្នាំមុន៕

រថភ្លើងបុកគ្រឿងចក្រឈូសដីបណ្តាលអោយមានអ្នករងរបួសនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ : យ៉ាងហោចណាស់ មនុស្សម្នាក់បានរងបួសធ្ងន់ខណៈដែលរថភ្លើង បុកជាមួយគ្រឿងចក្រឈូសឆាយដី ។

ក្នុងហេតុការណ៍នៃការបុកនេះបានកើតឡើងនៅវេលាម៉ោង៧និង៥៥ នាទីព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២០ចំនុចប្រសព្វផ្លូវជាតិវាងក្រុងនិងកំណាត់ផ្លូវដែក មុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា៖នៅមុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រកំពុងឈូសដី(សាសើ) បានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើង បណ្តាលឲ្យរថភ្លើងបុកពេញទំហឹងក្រឡាប់ គ្រឿងចក្រសង្កត់លើអ្នកបើកបរបណ្តាលអោយរងរបួសធ្ងន់។

សមត្ថកិច្ចដដែលបានបញ្ជាក់អោយដឹងថាអ្នករងគ្រោះក្នុងហេតុការណ៍បុកនោះមានឈ្មោះ រឿង វាសនា ភេប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ ហើយបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នាស្រុកមង្គលបូរី ។ចំណែកគ្រឿងចក្រឈូសដីនិងរថភ្លើងរងនូវការខូចខាតធ្ងន់ទាំង២គ្រឿង ។

ប្រភពដដែលបានបញ្ជាក់ថា៖នៅក្នុងហេតុការណ៍បណ្តាលឲ្យថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយ គ្រឿងចក្រឈូសដី(សាសើ) បើកបំពានរំលោភសិទ្ធអាទិភាពរបស់រថភ្លើង។ករណីនេះ ភាគីតំណាងក្រុមហ៊ុនទាំងសងខាងបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕

ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​ភាគច្រើន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

​ភ្នំពេញ ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃនេះ​ថា ស្ត្រីៗ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ដូចជា ជួញដូរ​ចែកចាយ​និង​រក្សាទុក​គ្រឿងញៀន​ជាដើម។​

​លោកស្រីរដ្ឋមន្ត្រីក្រសួង​កិច្ច​ការិនី​បានឱ្យដឹងថា ដោយ​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​ក្រសួង​កិច្ចការនារី បាន​ចុះ​ពិនិត្យ​ស្ថានភាព​ស្ត្រី​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​២៨ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត ហើយ​បាន​រកឃើញថា ស្ត្រី​កំពុង​ជាប់ពន្ធនាគារ​ភាគច្រើន បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿង​នឹង​គ្រឿងញៀន ដូចជា​ជួញដូរ ចែកចាយ និង​រក្សាទុក​។​

​សូមជម្រាបថា បើតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​នាគារ​បាន​បង្ហាញថា ប​ច្ចុ​ប្ប​នេះ​មាន​ស្ត្រី​ជាង ៣​ពាន់​នាក់​កំពុង​ជាប់ពន្ធនាគារ ក្នុងចំណោម​អ្នក​ជាប់ពន្ធនាគារ​ប្រមាណ ៣៦,០០០​នាក់​ក្នុង​ទូទាំងប្រទេស៕