All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់កម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ភាគនៃប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឲ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជាតិនីតិបុគ្គល និងភាគនៃប្រាក់បៀវត្សជាប់ពន្ធ ប្រចាំខែរបស់និយោជិតនិវាសនជន៕

សូមអានអនុក្រឹត្យទាំងស្រុង៖

 

ចំនួនមនុស្សស្លាប់ដោយសារវីរុស COVID-19 នៅចិនកើនដល់២,១១២នាក់

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់២,១១២នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់៧៤,៥០០នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA។

បើតាមអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះមនុស្ស១០៨នាក់បន្ថែមទៀត បានស្លាប់ធ្វើឲ្យចំនួនកើនដល់២,១១២នាក់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួន៦១៥នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន១៣ របស់ចិន ធ្វើឲ្យចំនួនកើនដល់៧៤,៥០០០នាក់៕

 

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ម្នាក់​ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ​១៧​ឆ្នាំ

​កូរ៉េខាងត្បូង ៖ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Lee Myung-bak ត្រូវបាន​គេ​នាំទៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ ទី១៩ ខែកុម្ភៈ ដើម្បី​ចាប់ផ្តើម​ដាក់ទោស​រយៈពេល១៧ឆ្នាំ​ពីបទ​ទទួល​សំណូក និង​ការលួចបន្លំ​ថវិកា បន្ទាប់ពី​ចាញ់​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ទោស​ស្រាល​ជាង​នេះ។​

​លោក Lee ដែល​កាន់តំណែង​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៣ ត្រូវបាន​ជាប់ពន្ធនាគា​រ​រយៈពេល​ខ្លី​កាលពី​ឆ្នាំ ២០១៨ បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​រយៈពេល ១៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១៣ ពាន់​លាន​វ៉ុ​ន (១១ លាន​ដុល្លារ​អាមេរិក​) ប៉ុន្តែ​ត្រូវបាន​ធានា​ឲ្យ​នៅក្រៅ​ឃុំ ខណៈពេលដែល​គាត់​បាន​ប្តឹង​ឧទ្ធរណ៍។​

​គាត់​ត្រូវបាន​គេ​រកឃើញថា​មាន​កំហុស​ពីបទ​បង្កើត​មូលនិធិ​រាប់លាន​ដុល្លារ និង​ទទួល​សំណូក​ពី​ក្រុមហ៊ុន Samsung Electronics ជា​ថ្នូរ​នឹង​ការលើកលែងទោស​ប្រធាន​របស់ខ្លួន​គឺ​លោក Lee Kun-hee ដែល​ត្រូវបាន​ជាប់ពន្ធនាគារ​ពីបទ​គេចពន្ធ។​

​នៅក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​បានចេញ​បញ្ជា​ឲ្យ​ដាក់ទោស​ធ្ងន់​ជាង​នេះ​ដោយ​និយាយថា “​លោក Lee មិនបាន​បង្ហាញ​សញ្ញា​នៃ​វិប្បដិសារី ឬ​អារម្មណ៍​នៃ​ការទទួលខុសត្រូវ​ចំពោះ​កំហុស​របស់គាត់​ឡើយ​” ។​តុលាការ​បាន​និយាយថា លោក​ក៏បាន​បន្ទោស​មន្ត្រីរាជកា​រ​ដែល​លោក​បានធ្វើការ​ជាមួយ និង​បុគ្គលិក​ក្រុមហ៊ុន Samsung ផងដែរ។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាច្រើនរូប​បាន​ជាប់​ឃុំឃាំង បន្ទាប់ពី​បាន​ចាក​ចេញពី​តំណែង ខណៈ​ដែលជា​ញឹកញាប់​ចេញ​មកពី​ការស៊ើបអង្កេត​ដែល​បានចាប់ផ្តើម​ដោយ​គូប្រជែង​នយោបាយ​របស់ខ្លួន ។​ចំណែក​អ្នក​ស្នង​តំណែង​របស់លោក Lee គឺ​លោកស្រី Park Geun-hye បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​រយៈពេល ៣២ ឆ្នាំ​ពីបទ​ទទួល​សំណូក និង​រំលោភ​អំណាច បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ឆ្នាំ ២០១៧ ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ទូទាំងប្រទេស​ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​តាម​ដងផ្លូវ​យ៉ាងខ្លាំង។​

​រីឯ​លោក Roh Moo-hyun អតីត​មេដឹកនាំ​ម្នាក់ទៀត​បានធ្វើ​អត្តឃាត​ខ្លួនឯង បន្ទាប់ពី​ត្រូវបាន​សាកសួរ​នៅក្នុង​ការស៊ើបអង្កេត​ពីបទ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​របស់គាត់៕

 

ពលករខ្មែរម្នាក់ស្លាប់ក្នុងចំណោមអ្នករបួស១២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ

ប្រទេសថៃ ៖ ពលករខ្មែរចំនួន ១២នាក់ ជិះតាមរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានស្លាប់បាត់បង់ជីវិតម្នាក់ និង១១ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈដែលពួកគេទាំងអស់គ្នា បានម៉ៅរថយន្តនេះចេញដំណើរពីស្រុកអារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ទៅកាន់រោងចក្រមួយកន្លែង ក្នុងខេត្តសុងខ្លា ហើយក៏បានជួបនឹងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ដោយសភាពផ្លូវរអិល ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនមូលនិធិ មិត្តភាព សាមគ្គី ហាតយ៉ៃ បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២០ ដោយ រថយន្តម៉ាកតួរីស ដឹក ពលករ ខ្មែរ ចំនួន ១២ នាក់ ពី ព្រំដែន អារញ្ញ ប្រាថេត ទៅ ខេត្ត សុងខ្លា ជួប គ្រោះថ្នាក់ ចរាចរណ៍ តាម ផ្លូវ បណ្ដាល ឲ្យ ពលការិនីខ្មែរ ស្លាប់បាត់បង់ ជីវិត ០១នាក់ របួស ធ្ងន់ស្រាល ១១នាក់ ។

ហេតុការណ៍ នេះ បានកេីតឡើងនៅម្ដុំផ្លូវជាតិអេសៀររ៉ាត់តះភូមិ ស្ថិត នៅ ក្នុង ភូមិ ៤ សង្តាត់ថាឆាង ស្រុកបាង ក្លាំ ខេត្ត សង់ក្លា ប្រទេស ថៃ ។

យោង តាម ប្រភព ព័ត៌មាន បាន ឲ្យ ដឹង ថា រថយន្ត ឈ្នួល ខាង លើ បាន ធ្វើ ដំណើរ ទៅទទួល ពលករខ្មែរចំនួន១២នាក់ ពី ព្រំដែន ស្រុក អារញ្ញ ប្រាថេត ក្នុងខេត្តស្រះកែវ ដេីម្បី បន្ត ដំណើរ ទៅ ខេត្ត សុងខ្លា ប៉ុន្ដែ អកុសល រថយន្ត ឈ្នួល ខាង លើ បាន ជ្រុល ទៅ បុក គូទ រថយន្ត សណ្ដោង តាម ផ្លូវ ដែលឈប់សំចត បណ្ដាល ឲ្យ មាន មនុស្ស ស្លាប់ និង រង របួស ជា ច្រើន នាក់ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវ បាន សមត្ថកិច្ច ថៃ បញ្ជូន យក ទៅ ព្យាបាល នៅ មន្ទីរ ពេទ្យ បាងក្លាំ និង មន្ទីរពេទ្យ ហាតយ៉ៃ ខេត្ដសង់ក្លា ។

នៅកន្លែងកើតហេតុនោះដែរ គេសង្គេតឃើញអ្នកបើកបររថយន្តធំឈ្មោះ ផុងសាក់ ច័ន្ទថន កំពុងឈររេរារង់ចាំសមត្ថកិច្ចហៅទៅសាកសួរ ដោយលោកមិនបានគេចខ្លួនទៅណានោះទេ ។

ដោយឡែក អ្នកបើកបររថយន្តតួរីសឈ្មោះ វ៉ាត់រិន ផៈកៈម៉ា អាយុ ៥៣ ឆ្នាំ ដែលបានរងរបួសស្រាល បាននិយាយថា រថយន្តរបស់លោកត្រូវបានគេជួលអោយដឹកពលករខ្មែរស្របច្បាប់ ពីព្រំដែនថៃ កម្ពុជា ក្នុងស្រុកអារញ្ញប្រាថេត ទៅកាន់រោងចក្រផលិតអាហារសមុទ្រ មួយកន្លែង ក្នុងខេត្តសុងខ្លា ។

លោកបានបន្តថា លុះមកដល់ត្រង់ចំណុចកើតហេតុ គឺលោកក៏បានឃើញដែរ ចំពោះរថយន្តធំដែលកំពុងឈប់នៅលើផ្លូវផ្នែកខាងឆ្វេងដៃ ( ថៃប្រកាន់ឆ្វេង ) ដោយលោកបានបួងចង្កូតងាកទៅខាងស្តាំដើម្បីឡើងជែងរថយន្តនោះ ប៉ុន្តែដោយសារផ្លូវទើបភ្លៀងរួច ហាក់បីដូចជាមានសភាពរអិល គឺរថយន្តរបស់លោកមិនអាចគេចផុតពីរថយន្តធំ ទើបធ្វើអោយជញ្ជាំងមួយចំហៀងផ្នែកខាងឆ្វេង ត្រូវច្រៀកខ្ទេចគ្មានសល់ ទើបបង្កអោយមានបញ្ហាបែបនេះ ។

បច្ចុប្បន្នតម្រួតថៃកំពុងធ្វើការយ៉ាងសស្រាក់សស្រាំហើយចំពោះបញ្ហាខាងលើនេះ ក្នុងការដោះស្រាយទៅលើអាយុជីវិតពលករខ្មែរទាំងស្លាប់ និង របួស ដោយសារតែពួកគេសុទ្ធតែជាពលករដែលចូលទៅបម្រើការងារស្របច្បាប់ទាំងអស់ ៕

ឃាត់ខ្លួនជនសង្ស័យជាប្តី ដែលបានប្រល័យជីវិតប្រពន្ធ

ខេត្តកំពង់ចាម ៖ ជនសង្ស័យក៏ម្នាក់ត្រូវបានកំលាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រម៉ាញ់ចាប់ខ្លួនបាន បន្ទាប់ពីបានធ្វើសកម្មភាពវាយសំលាប់ប្រពន្ធខ្លួនហើយគេចខ្លួន។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធីស្នងការរងនគរបាលខេត្តកំពង់ចាមបានអោយដឹងថានៅថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទី សមត្ថកិច្ចនគរបាលយើងបានទទួលពត៌មានពីប្រជាពលរដ្ឋថាបានប្រទះឃើញមនុស្សស្លាប់ នៅចំណុចក្បែរមាត់ស្រះ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលបានពត៌ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាអោយកម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកំពង់ចាម ព្រមទាំងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរអាងចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពឈ្មោះ ចន្ធូ ភេទស្រី អាយុប្រហែល ៣០ឆ្នាំ ជាង មិនស្គាល់ស្រុកកំណើត បច្ចុប្បន្នស្នាក់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក ហេង វុទ្ធី បានបន្តថាបន្ទាប់ពីធ្វើការពិនិត្យនិងស្រាវ ជ្រាវរួចមក សមត្ថកិច្ចជំនាញកំណត់បានមុខសញ្ញាជនសង្សយឈ្មោះ ណេន ប៉ឹក ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាប្តី) បានធ្វើសកម្មភាពវាយសម្លាប់ទៅ NJ in the TVលើជនរងគ្រោះ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន ។ លោក ហេង វុទ្ធី បានបញ្ជាក់ថាបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមបរក្សាឃុំរអាង យកទៅបញ្ចុះនៅមុខវត្តបល្ល័ងពេជ្រ ស្ថិតនៅភូមិ៕

ទេសចរ២៣៣នាក់ចុងក្រោយ បានចាកចេញពីនាវា Westerdam មកភ្នំពេញ

ភ្នំពេញ ÷ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃនេះថា អ្នកទេសចរចំនួន២៣៣នាក់ចុងក្រោយ បានចាកចេញពីនាវា Westerdam ហើយនៅថ្ងៃពុធនេះ ក្រោយពីលទ្ធផលតេស្តអវិជ្ជមាននៃវីរុស COVID-19។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា អ្នកទេសចរចំនួន២៣៣នាក់ចុងក្រោយ បានចាកចេញពីនាវា Westerdam អស់ហើយនៅព្រឹកថ្ងៃពុធនេះ ក្រោយលទ្ធផលពីវិទ្យាស្ថាន ប៉ាស្ទ័ររកមិនឃើញវត្តមាននៃវីរុសចំពោះពួកគេទាំងអស់។ អ្នកទេសចរទាំងនោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តាមរថយន្តក្រុងចំនួន១០ ដែលអាជ្ញាធរបានរៀបចំ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរៀងៗខ្លួនវិញ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយកប្រតិបត្តិនាវា Westerdam លោក Orlando Ashford និងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍អ្នកទេសចរណ៍ ចុះពីលើនាវា ថែមទាំងជូននូវវត្ថុអនុស្សាវរីយ៍ដល់អ្នកទេសចរម្នាក់មួយផងដែរ។

យ៉ាងណាក្តីចំពោះនាវិកចំនួន៧៤៧នាក់វិញ ពួកគេត្រូវរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រសិន ដើម្បីបង្ហាញថាពួកគេបានចាកចេញពីកម្ពុជាទៅវិញជាមួយនឹងសុខភាពល្អ និងសុវត្ថិភាព។ នេះជាការបញ្ជាក់របស់ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។ ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ។ នេះជាការបញ្ជាក់របស់ លោល ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមការគ្រោងទុក ភ្ញៀវទេសចរ ដែលនៅសល់ជាង៥០០នាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

សូមបញ្ជាក់ដែរថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះ បានបញ្ជាក់ថា សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញចំនួន៧៨១នាក់ ត្រូវ បានធ្វើតេស្តទាំងអស់ ដោយទទួលលទ្ធផលអវិជ្ជមាននៃវីរុសកូរូណាថ្មី។ ចំពោះស្ថានភាពរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សំគាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ម្សិលម៉ិញថា ការអនុញ្ញាឲ្យនាវាខ្នាតយក្សមួយនេះចូលចត គឺដើម្បីបុព្វហេតុជួយសង្គ្រោះប្រជាពលរដ្ឋ គ្រប់ជាតិសាសន៏នៅលើនាវា និងដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ ត្បិតប្រទេសផ្សេងទៀត មិនព្រមឲ្យនាវាមួយនេះចូលចត៕

ឆ្នាំ២០១៩ ពលរដ្ឋកម្ពុជាមានការងារធ្វើ ១០លាននាក់ រក្សាបានអត្រា៩៩.៣%

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១៩ កម្ពុជានៅតែរក្សាបានអត្រាមានការងារធ្វើ ៩៩.៣% ដដែល ខណៈចំនួនប្រជាពលរដ្ឋដែលមានការងារ ធ្វើមានប្រមាណ១០លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស និងក្នុងប្រទេស ក្នុងនោះមានទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ វិស័យកសិកម្ម មន្ត្រីសាធារណៈ និងផ្នែកនានាមួយចំនួនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

របាយការណ៍នេះត្រូវបានបង្ហាញឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅបន្តនៅឆ្នាំ២០២០ របស់ក្រសួងការងារ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលខិតខំបង្កើតការងារជូនប្រជាពលរដ្ឋ រហូតមានកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់។

លោកបានបន្តថា ក្នុងចំណោមកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់នោះ មានអ្នកធ្វើការនៅក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (នៅក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានប្រមាណជាង ១.៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ២.២លាននាក់) នៅក្នុងវិស័យកសិកម្មមានប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈមានប្រមាណ ៥០ម៉ឺននាក់ ព្រមទាំងពលករ និងកម្មសិក្សាការីនៅក្រៅប្រទេសមានប្រមាណជាង ១.២៨លាននាក់ ដោយបាននាំចំណូលប្រមាណ ៦.៥០០លានដុល្លារ៕

 

ទូតអាមេរិកចាត់ទុកកម្ពុជាជាប្រទេសដែលមានមនុស្សធម៌ខ្ពស់

ភ្នំពេញ ÷ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ផាទ្រីក មើហ្វី បានចាត់ទុកឥរិយាបថរបស់កម្ពុជា ថា ជាកាយវិការមនុស្ស ធម៌យ៉ាងធំធេងសម្រាប់ពិភពលោក។ ការបង្ហាញទស្សន:បែបនេះខណៈលោកជួបពិភាក្សាការងារជាមួយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា។

លោកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតប យ៉ាងឆាប់រហ័សជាទី បំផុត ក្នុងការទទួលឲ្យកប៉ាល់ westerdam បានចូលចតនៅក្រុងព្រះសីហនុ ។

ឯកឧត្តម ចាត់ទុកថា នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ហើយប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេនោះ នោះនឹងអាចមាន វិបត្តិមនុស្សធម៌ជាក់ជាមិនខាន ។ លោក បានបញ្ជាក់ថា អាមេរិក បានសហការជាមួយស្ថាប័នកម្ពុជា ជាពិសេ សក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី បានយ៉ាងល្អ។ អ្វីដែលជាកត្តាសំខាន់នោះ គឺនៅពេលនេះយើងមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ហើយសហរដ្ឋអាមេរិកនឹងបន្តសហការជាមួយកម្ពុជាបន្តទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ហើយការងារនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានវិបត្តិមបុស្សធម៌ ព្រោះថាប្រសិនណា បើនាវា westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុទេ មិនដឹងថាកប៉ាល់នេះ ត្រូវបានទៅចូលចតនៅទីណាឡើយ។

ម្យ៉ាងទៀតប្រសិនបើ មានអ្វីកើតឡើងនៅលើកប៉ាល់នោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។ សម្ដេចបានបញ្ជាក់ថា បើទោះបីកប៉ាល់មានអ្នកជំងឺ ក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចតកាន់តែលឿនបំផុតទៀតផង ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺនៅលើកប៉ាល់ កុំឲ្យឆ្លងទៅកាន់អ្នកដទៃទៀត។ សម្ដេចពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីកប៉ាល់ ដោយទឹកមុខរីករាយ ហើយខ្លះទៀត បាន ឱនលុតជង្គង់ថើបដី ដែលនោះគឺជាកាយវិកាមួយ ធ្វើឱ្យសម្ដេចមានភាពតក់ស្លុតបំផុត។ សម្ដេចបានថ្លែងថា នៅពេលនេះអ្នកដំណើរតាមកប៉ាល់ភាគច្រើនបានចេញពីកម្ពុជាទៅហើយ ហើយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី បញ្ជាក់ថា មានជំងឺនេះ។

ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថា អ្នកដំណើរនៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្តកន្លងមក គឺមិនមានទេ ហើយអ្នកដំណើរ ដែលបានទៅដល់ប្រទេសថៃ ក៏រដ្ឋាភិបាលថៃ ក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕

ក្រសួងសុខាភិបាល​ចេញ​សេចក្តីប្រកាស​ស្ដីពី​បច្ចុប្បន្នភាព​សុខភាព​អ្នកដំណើរ​លើ​នាវា Westerdam

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ស្ដីពី​បច្ចុប្បន្នភាព​សុខភាព​អ្នកដំណើរ​លើ​នាវា Westerdam ទាំងអស់​ដែល​នៅ​សេសសល់​ប្រមាណ​៧៨១​នាក់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ គឺ​មិនមាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី (Covid-19) ទេ ហើយ​ពេលនេះ​ភាគី​ពាក់ព័ន្ធ​កំពុង​សម្រួល​ដល់​ពួកគេ​ដើម្បី​ចាកចេញ​ពី​កម្ពុជា​។​

​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ទាំងស្រុង​នៅ​ខាងក្រោម​នេះ​៖

 

អាជ្ញាធរចិន ៖ មនុស្សសរុប១៤,៣៧៦នាក់ជាសះស្បើយពី COVID-19

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន១៤,៣៧៦នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១,៨២៤នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១៤,៣៧៦នាក់ដូចខាងលើ។

តាមគណៈកម្មការខាងលើនេះថា អ្នកជំងឺ COVID-19 ចំនួន ១១,៩៧៧នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥,២៤៨នាក់កំពុងស្ថិតនៅក្នុងការពិនិត្យនៅឡើយ ដោយសារសង្ស័យថា អាចឆ្លងវីរុស COVID-19។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញដដែល មនុស្សរហូតដល់ ២៥,០១៤នាក់បានចាកចេញពីមណ្ឌលត្រួតពិនិត្យនានា ក្រោយពីពួកគេ មិនត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 នោះឡើយ។

សូមជម្រាបថា បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិនចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ២,០០៤នាក់ ខណៈ ៧៤,១៨៥នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន៕

 

 

ចំនួនមនុស្សស្លាប់ដោយសារវីរុស COVID-19 នៅចិនកើនដល់២,០០៤នាក់

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃទីពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,០០៤នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ ៧៤,១៨៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះមនុស្ស ១៣៦នាក់បន្ថែមទៀតបានស្លាប់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួន ១,៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១របស់ចិន។ ដោយឡែកនៅក្រៅចិនដីគោកវិញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីននេះមានចំនួន ៩០៥នាក់ ក្នុងនោះជប៉ុនជាប់លេខ២ បន្ទាប់ពីចិនដែលអ្នកផ្ទុក COVID-19 រហូតដល់ខ្ទង់៦០០ករណី។ ចំនួនអ្នកស្លាប់ក្រៅចិនដីគោក គឺមាន ០៤ករណី រួមមាន៖ ១ករណីនៅកោះតៃវ៉ាន់, ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង១ករណីទៀតនៅបារាំង៕

 

សមាគមចលនាយុវជនកម្ពុជា បន្តជួយឧបត្ថម្ភជនចាស់ជរា ពិការនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សប្បុរសជនតាមរយៈសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋចំនួន៦គ្រួសារនៅក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃដែលកំពុងជួបប្រទះនូវការខ្វះខាតព្រោះតែទីទ័លក្រ។ការចែកជូនធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ក្រោមការចូលរួមពីអាជ្ញាធរដែនដីនិងកងកម្លាំងគ្រប់ប្រភេទ។

លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោមការយកចិត្តទុកដាក់និងណែនាំពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ជនចាស់ជរា ជនពិការនិងមានជំងឺប្រចាំកាយខ្វះខាតជួបការលំបាក និងក្មេងងាយរងគ្រោះត្រូវបានទទួលការជួយជ្រោមជ្រែង ផ្តល់ការយកចិត្តទុកដាក់និងជួយឧបត្ថម្ភ។ ជាក់ស្តែងដោយទទួលបានព័ត៌មានថា មានជនចាស់ជរាជនពិកានិងមានជំងឺប្រចាំចំនួន៦គ្រួសាររស់នៅភូមិសាស្ត្រខាងលើដែលកំពុងជួបការលំបាក លោកបានដឹកនាំ សមាជិក និងកៀងគរសប្បុរសជនដើម្បី ជួយដល់ពួកគាត់។ក្រោយប្រមូលបានសម្ភារ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជនសមាគមន៍បានធ្វើការបែងចែកនិងប្រគល់ជូន ក្នុង១គ្រួសារ អង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេះស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១កញ្ចប់ សាប៊ូ១កញ្ចប់ ប្រេងឆា២ដប ទឹកបរិសុទ្ធ១យួរ ត្រីខ១០កំប៉ុង ។ដោយឡែកគ្រួសារទាំង៦គ្រួសារ មានចាស់ជរា៣គ្រួសារត្រូវបានទទួលទឹកប្រាក់បន្ថែម៥ម៉ឺនរៀល ហើយសម្រាប់១គ្រួសារដែលមានជំងឺធ្ងន់ទទួលបានទឹកប្រាក់ព្យាបាល៦៦ម៉ឺនរៀល ជនពិកាដំបៅជើង២៣ម៉ឺនរៀល និងជនពិកាខ្វះខាត១គ្រួសារនៅសង្កាត់ប៉ោយប៉ែតទទួលបានថវិកា១០ម៉ឺនរៀល៕

សម្តេចតេជោ អះអាងថា នឹងបន្តជួយទេសចរលើនាវា Westerdam រហូតទីបំផុត

 

ភ្នំពេញ ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កម្ពុជានឹងបន្តជួយឲ្យអ្នកទេសចរដែលស្ថិតនៅលើនាវា Westerdam ទាំងអស់អាចវិលទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញរហូតដល់ទីបញ្ចប់។    សម្តេចតេជោចាត់ទុកការមិនអនុញ្ញាតឲ្យនាវាទេសចរចូលចតគឺជាវិបត្តិ មនុស្សធម៌ដ៏ធំមួយសម្រាប់ពិភពលោក។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ ជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកម៉ិញ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា កំពុងសហការយ៉ាងជិតស្និតជាមួយមន្ត្រីជំនាញរបស់អង្គការសុខភាពពិភពលោក ពិនិត្យយ៉ាងម៉ត់ចត់ តាមរយៈយកសំណាករបស់ទេសចរនៅលើនាវាដែលនៅសេសសល់ចំនួន២៣៣នាក់ និងនាវិកជាង៧០០នាក់ មកធ្វើការពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុននឹងអនុញ្ញាតឲ្យពួកគាត់ចុះពីនាវា និងបន្តធ្វើដំណើរទៅកាន់ប្រទេសកំណើតខ្លួនវិញ។ សម្តេចតេជោ បន្ថែមថា កម្ពុជា នឹងជួយអ្នកទេសចរលើនាវាឲ្យបានវិលត្រលប់ទៅស្រុកទេសរបស់ខ្លួនវិញ រហូតដល់ទីបំផុត។ ការមិនទាន់បញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតបានគ្រប់ ចំនួនទាំងអស់ មិនមែនដោយសារពួកគាត់មានវិរុសCOVID-19 ទេ តែដោយ សាររង់ចាំការទិញសំបុត្រយន្តហោះពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួនប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការមិនទទួលយកនាវា ទេសចរខ្នាតយក្ស Westerdam គឺជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយ។

គួរជម្រាបដែរថា អ្នកទេសចរចំនួន៥០០នាក់ ដែលបានមកដល់ និងស្នាក់នៅ រាជធានីភ្នំពេញ ក្រោយចុះពីនាវាខ្នាតយក្សនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឌូបៃចំនួន៣០០នាក់ មួយចំនួនទៀតធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ នឹងមួយចំនួនទៀតនឹងហោះទៅកាន់ប្រទេសណាមួយនៅក្នុង តំបន់អាស៊ាន ដែលព្រមទទួលឲ្យពួកគាត់ Transit។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើទៅអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតចំពោះករណីស្ត្រីអាមេរិកាំងម្នាក់ ដែលផ្ទុកវីរុសកូរ៉ូណា ដែលអាជ្ញាធរម៉ាឡេស៊ីបានរកឃើញ ត្បិតស្វាមីរបស់គាត់មិនមានផ្ទុកវីរុសនេះទេ។

សម្តេចបញ្ជាក់បន្ថែមថា វីរុសកូរ៉ូណានេះ បាននឹងកំពុងវាយប្រហារសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ពិសេសលើវិស័យទេសចរណ៏ និងវិស័យដឹកជញ្ជូន។ ទេសចរ ចិន រាប់លាននាក់ បានផ្អាកការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសផ្សេង ចំណែកឯទេសចរពីអឺរ៉ុប មិនហ៊ានធ្វើដំណើរមកកាន់អាស៊ី ដោយសារខ្លាចវីរុសកូរ៉ូណា។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ កុម្ភៈថា  អាជ្ញាធរកម្ពុជា កំពុងយកសំណាករបស់អ្នកទេសចរចំនួន២៣៣នាក់ដែលកំពុងនៅលើនាវា មកធ្វើការពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមិនទាន់ទទួលបានលទ្ធផលនៅឡើយ។ បើសិនលទ្ធផលបង្ហាញថា អវិជ្ជមានអ្នកទេសចរទាំងនោះ នឹងត្រូវអនុញ្ញាតចាកចេញពីនាវា ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ខ្លួនវិញ៕

 

 

អាជ្ញាធរជំរុញការត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ធំៗ និងអគារខ្ពស់ៗ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំអោយអភិបាលខណ្ឌ ទាំង១៤ ធ្វើការយកចិត្តទុកដាក់ អោយបានម្មត់ចត់លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ធំៗជាពិសេសអគារខ្ពស់ និងគ្មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្តិភាពជៀសវាងការសាងសង់សំណង់ ខុសបច្ចេកទេស ដែលអាចមានបញ្ហាកើតឡើងជាយថាហេតុ។

ការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពី ការពង្រឹងគុណភាព សុវត្ថិភាព ការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធ រួមទាំងអភិបាលខណ្ឌទាំង១៤ផងដែរ ។

លោក ឃួង ស្រេង ក៏បានជំរុញអោយអាជ្ញាធរគ្រប់ខណ្ឌ ត្រូវចុះពិនិត្យមើលរាល់ការដ្ឋានសាង់សង់ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់មានបញ្ហាធ្លាក់និងបាក់ដងស្ទូចសំរាប់យោងសម្ភារៈឡើងទៅខាងលើការដ្ឋាន ជាហេតុនាំអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

លោក អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា រាល់ការដ្ឋានសំណង់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវធានាឱ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរ ដែលឆ្លងកាត់ការដ្ឋាន និងត្រូវហ៊ុព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសសំណង់ ជាពិសេសកម្មករ កម្មការិនី មិនត្រូវអនុញ្ញាតិអោយសំរាក នៅក្នុងការដ្ឋានជាដាច់ខាត រាល់ពេលបញ្ចប់ម៉ោងការងារ ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើង៕

រដ្ឋបាលរាជធានីភ្នំពេញ បន្តប្រគល់ម៉ូតូដឹកសំរាមបែបទំថ្មីដល់ខណ្ឌចំនួន៤បន្ថែមទៀត

ភ្នំពេញ ៖ ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូន ម៉ូតូដឹកសំរាមទំនើបៗឱ្យគ្រប់ខណ្ឌ និងសង្កាត់ទាំង១០៥ ដើម្បីងាយស្រួលក្នុងការនាំយកកាកសំណល់ទៅចាក់ ឬ ប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់ម៉ូតូដឹកសំរាមទំនើបៗជាលើកទី៣នេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ទៅឱ្យខណ្ឌចំនួន៤គឺខណ្ឌកំបូលចំនួន៧គ្រឿង ខណ្ឌដង្កោរ១២គ្រឿង ខណ្ឌព្រែកព្នៅ៥គ្រឿង និងខណ្ឌច្បារអំពៅចំនួន២គ្រឿងបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីទី៤ខែវិច្ឆិកា ឆ្នាំ២០១៩ អភិបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះលើកទី១ដល់ចំនួន៤ គឺខណ្ឌ ជ្រោយចង្វារ,ដូនពេញ,ចំការមន និងខណ្ឌបឹងកេងកង លើកទី២នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ប្រគល់ទៅខណ្ឌ ច្បារអំពៅ, ពោធសែនជ័យ,មានជ័យ,ទួលគោក ,៧មករា ,សែនសុខ និងរដ្ឋាករស្វយ័តផ្សារធំថ្មីចំនួន១គ្រឿង ៕