All posts by មេគង្គ ប៉ុស្តិ៍

លោក ហេង សួរ ៖ កម្ពុជានៅតែលើកកម្ពស់លក្ខខណ្ឌការងារកម្មកររបស់ខ្លួនជាអាទិភាពជានិច្ច ទោះគ្មាន EBA

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានសង្កត់ធ្ងន់ថា ទោះបីមាន ឬគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនដែលងាកចេញពីគោលនយោបាយនេះនោះទេ

ការថ្លែងបែបនេះរបស់លោករដ្ឋលេខាធិការបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈមានការរិះគន់ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA ដែលសហភាពអឺរ៉ុបទើបតែធ្វើដាក់កម្ពុជានាពេលថ្មីៗមកនោះ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។

បើតាមលោក ហេង សួរ នៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA វាមិនមែនដោយសារកម្ពុជាមិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត រឺសិទ្ធសេរីភាពទៅឱ្យអង្គការវិជ្ជាជីវៈនោះទេ ប៉ុន្តែវាដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។ តែទោះជាយ៉ាងណា ពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារទៅនឹងនយោបាយនោះឡើយ។

លោករដ្ឋលេខាធិការបានបន្តថា «ជនជាតិកម្ពុជាទាមទារយុត្តិធម៌ កម្ពុជាមិនចង់បានលើសគេទេ ប៉ុន្តែសុំឱ្យមានសមភាពក្នុងការសម្រេចចិត្ត ហើយសូមឱ្យមានសុភវិនិច្ឆ័យនូវអ្វីដែលជាការខិតខំរបស់កម្ពុជា»។ លោកបានអះអាងថា កម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយ ដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌។ ទោះបីជាមាន ឬគ្មាន EBA រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពនូវសេរីភាពរបស់កម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។

រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញពីគោលនយោបាយនេះទេ សូម្បីតែផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ ២០១៩-២០២៣ ក៏កម្ពុជានៅតែបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផលដែលមានភាពស្អាតស្អំ និងគោរពតាមស្ដង់ដាអន្តរជាតិ ហើយអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការរបស់អង្គការ ILO ដែលកំពុងតែអនុវត្តនៅកម្ពុជានេះស្រាប់៕

 

សម្តេចនាយករដ្ឋមន្រ្តីបញ្ជា​ឱ្យបិទ​គណនី​ Facebook អ្នក «Live» ​លក់​ផលិតផល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​បញ្ជា​ទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ឱ្យ​បិទ​រាល់​គណនី Facebook ផ្សាយ​លក់​ផលិតផល​ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ ចំណែក​អ្នក​មិន​បញ្ចេញ​កេរ្តិ៍ខ្មាស​មិន​អី​នោះទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​អនុប្រធាន​កិត្តិយស «​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​» បាន​មានប្រសាសន៍ថា ការ Live បែបនេះ ​នាំឱ្យមាន​ការបំពាន​ផ្លូវភេទ​ស្រី​ក្នុង​សង្គម​នាពេល​បច្ចុប្បន្ន ​ហើយ​អាច​នាំ​ឱ្យ​កើតមាន​ករណី​ចាប់​រំលោភ​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងបែបនេះ​ ក្នុងឱកាស​​សម្តេច​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​ផ​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​ និង​លើក​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២០ ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​៕

 

 

ប៉ា​រ៉ា​ហ្គេម​នៅ​ហ្វីលីពីន​ត្រូវបាន​ពន្យារពេល​ដោយសារ​បញ្ហា​កូ​រ៉ូ​ណា​

ហ្វីលីពីន ៖ សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​ក្រុម​ប្រឹក្សាជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ថ្នាក់ជាតិ​របស់​ប្រទេស​សិង្ហ​បុរី​ (SNPC) ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤ ខែកុម្ភៈ​ថា ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ត្រូវបាន​ពន្យារ​ពេល​ដោយ​គ្មាន​កំណត់​។​ នេះ​បើ​យោងតាម​ប្រភពពី straitstimes​។​

​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​បូល ​(APSF) ​និង​គណៈកម្មាធិការ​រៀប​ចំ របស់​ហ្វីលីពីន​បានធ្វើ​សេចក្ដី​ប្រកាសថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងវិញ​ដើម្បី​ផលប្រយោជន៍​និង​សុខុមាលភាព​សុខុមាលភាព​រាងកាយ និង​អារម្មណ៍​របស់​អត្ត​ព​លិ​ក​ប៉ា​រ៉ា​និង​បុគ្គលិក​កីឡា​ទាំងអស់​ដែល​ចូលរួម​។​

​សេចក្ដី​ថ្លែង​ការ​ណ៍នេះ​គឺ​បន្ទាប់ពី​អនុសាសន៍​របស់​គណៈកម្មកា​រ​កីឡា​ហ្វីលីពីន ​(PSC) កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដើម្បី​ផ្លាស់ប្តូរ​ព្រឹត្តិការណ៍​នេះទៅ​ថ្ងៃក្រោយ​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល APG ត្រូវបាន​ពន្យារពេល​ដោយ​អ្នករៀបចំ​កម្មវិធី​បានប្រកាស​កាលពី​ខែធ្នូ​មុន​ថា​ ខ្លួន​នឹងត្រូវ​ផ្លាស់ប្តូរ​ពីថ្ងៃ​ទី ១៨-២៤ ខែមករា​ដល់​ថ្ងៃទី ២០-២៨ ខែមីនា​ដោយសារ​កង្វះ​ថវិកា​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​។​

​យោងតាម​សេចក្តីថ្លែងការណ៍ APG គួរតែ​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​មួយឆ្នាំ​។ ខណៈពេលដែល​ប្រធាន SNPC លោក Kevin Wong ទទួលស្គាល់​ការពន្យា​ពេល​ដោយសារ​បញ្ហា​កង្វល់​ជុំវិញ​វិ​រុស​កូ​រ៉ូ​ណា​ថ្មី​(COVID-19)​ដែល​កំពុង​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​។​

​សូមជម្រាបថា បើតាម​តួលេខ​ចុងក្រោយ​ដោយ​រដ្ឋាភិបាល​ចិន ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស COVID-19 កើនឡើង​ដល់​ជិត១,៧៧០នាក់ ខណៈ ៧០,៥៤៨​នាក់​ឆ្លង​នៅតាម​បណ្តា​ខេត្ត និង​តំបន់​ចំនួន ៣១ ទូទាំងប្រទេស​ចិន​៕

 

 បេតិកភណ្ឌរស់នៃរមណីយដ្ឋានអង្គរជាផ្នែកមួយក្នុងការទាក់ទាញទេសចរក្រៅពីប្រាសាទ

ខេត្តសៀមរាប ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្រៅពីប្រាសាទដ៏ល្បីលាញ ឧទ្យានអង្គរនៅមានមរតករស់ដែលគេហៅថាជា បេតិកភណ្ឌអរូបីដូចជា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរបបរស់នៅប្រចាំថ្ងៃដែលអ្នកស្រុកនៅតំបន់អង្គរបានប្រកាន់ខ្ជាប់ខ្ជួន និងប្រតិបត្តិតៗគ្នារាប់ជំនាន់មកហើយ។

ក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បន្តថា ទាំងនេះសុទ្ធសឹងជាអ្វីដែលភ្ញៀវទេសចរចង់ឃើញ ចង់ដឹង និងចង់ស្រាវជ្រាវស្វែងយល់អំពីមរតករស់ក្រៅពីប្រាសាទ។ ការរៀបចំភូមិឋាន ផ្ទះ កន្លែងសិប្បកម្មតាមបែបបុរាណ មធ្យោបាយធ្វើដំណើរតាមរទេះគោ សុទ្ធតែជាផលិតផលបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរទស្សនា ដែលទទួលបានបទពិសោធន៍ ហើយនាំអារម្មណ៍ភ្ញៀវទាំងនោះឱ្យមើលឃើញអំពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនខ្មែរយើងកាលពីសម័យអង្គរ។

លោកបន្តទៀតថា បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្តទុកដាក់ ហើយអ្នកស្រុកតំបន់អង្គរនៅតែកំពុងបន្តប្រតិបត្តិនៅឡើយ ដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឱ្យទំនៀមទាំងអស់នេះអាចគង់វង្សតកូនតចៅរហូតទៅ និងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះនាឆ្នាំ១៩៩២ មានផ្ទៃដីសរុប៤០១ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះរួមមានទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យាចំនួន៩១ បរិស្ថាន និងសហគមន៍មនុស្សផងដែរ៕

 

ចំនួន​អ្នកស្លាប់​ដោយ​វីរុស​ COVID-19 ឬកូ​រ៉ូ​ណា​ថ្មីនៅ​ចិន​កើន​ដល់​១៧០០​នាក់​

​ប៉េកាំង ៖ គណៈកម្មការ​សុខាភិបាល​ចិន​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ការឆ្លង​វីរុស COVID-19 ឬកូរ៉ូណា​ថ្មី​នៅ​ប្រទេស​ចិន​បាន​កើន​ឡើងដល់​១៧០០​នាក់​ហើយ ខណៈ​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៧០.៤០០ នាក់​បាន​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំងប្រទេស​។ ​នេះ​បើ​យោងតាមសារព័ត៌មាន CNA។​

​របាយ​ការ​ប្រចាំថ្ងៃ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល ពេញ​មួយថ្ងៃ​អាទិត្យ​ម្សិលមិញ​មាន​មនុស្ស​ចំនួន​១០០​នាក់​បន្ថែមទៀត​ស្លាប់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​ដែលជា​តំបន់​រង​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ ខណៈ​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​១.៩៣៣ ដែល​បានធ្វើ​ឲ្យ​កើន​ដល់​៧០.៤០០​នាក់​នៅ​ទូទាំងប្រទេស​ចិន​៕

 

មន្ត្រី​សុខាភិបាល​ចិន ៖ បុគ្គលិក​ពេទ្យ​ប្រមាណ​១.៧១៦​នាក់​ឆ្លង​វីរុស COVID-19 (​កូ​រ៉ូ​ណាថ្មី)​

​ចិន ៖ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពីចុងសប្តាហ៍កន្លងទៅ​ថា ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ដែល​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​ប្រមាណ ១.៧១៦​នាក់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា​ បាន​ឆ្លង​វីរុស COVID-19 (​កូ​រ៉ូ​ណាថ្មី) ហើយ​ក្នុងចំណោម​អ្នក​ទាំងអស់នោះ​មាន ៦​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។​

​នៅក្នុង​ចំណោម អ្នក​ដែល​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​ចិន ៨៧% គឺជា​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ដែល​ធ្វើការ​នៅ​ទីក្រុង​វូ​ហាន​ខេត្ត​ហ៊ូ​ប៉ី​និង​ជា​តំបន់​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះឡើង​វីរុស​កូ​រ៉ូ​ណា​ដំបូង​បំផុត​កាលពី​ខែធ្នូ ដោយបាន​សម្លាប់​មនុស្ស​ចំនួន ១,៥២៦ នាក់ និង​អ្នក​ឆ្លង​ជាង ៦៧១០០ នាក់​ផ្សេងទៀត​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​មន្ត្រី​សុខាភិបាល​ចិន បានប្រកាស​ជា​ផ្លូវការ​អំពី​ស្ថានភាព​របស់ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មួយ​សប្តាហ៍ ក្រោយ​ការស្លាប់​របស់​គ្រូពេទ្យ​ជំនាញ​ភ្នែក​ម្នាក់ គឺ​លោក Li Wenliang ដែលជា​អ្នក​ចេញមុខ​និយាយ​មុនគេ អំពី​គ្រោះថ្នាក់​នៃ​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​ក្រោយមក​លោក​បែរជា​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន និង​ចោទប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតប្រាកដ​ទៅវិញ​៕

 

សម្តេចតេជោអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕

​​ទិវា​នៃ​ក្ដី​ស្រលាញ់​១៤កុម្ភៈ, អភិបាល​ខេត្តកំពង់ចាម​​ផ្តល់​អាហារ​សម្រាប់​​កុមារ​កំព្រា​ទទួលទាន ​

ខេត្តកំពង់ចាម​ ៖ ដើម្បី​ជាការលើក​ទឹកចិត្ត​​ដល់​ក្មួយៗ​កុមារ​កំព្រា​​ឲ្យ​មាន​ការ​ខិតខំ​រៀនសូត្រ​ ក្រេបជញ្ជក់​យក​ចំណេះដឹង​ ដើម្បី​យក​ទៅ​កសាង​អនាគត​ខ្លួន​ឯងផងនោះ​ នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​១៤​ កុម្ភៈ​ ឆ្នាំ​២០២០នេះ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​​ផ្កល់​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់​សម្រាប់ក្មួយៗ​ដែល​ជា​កុមារ​កំព្រា​ នៃ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ ព្រមទាំង​បាន​សន្យា​ថា​នឹង​ផ្តល់​អាហារ​ពិសេស​នៅ​ថ្ងៃ​៨មីនា​ និង​ថ្ងៃ​ជិត​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ជា​បន្តបន្ទាប់នាថ្ងៃខាងមុខ​ផង​ដែរ​​។

លោក ​នៅ​ វណ្ណៈ​ ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ មជ្ឈមណ្ឌលនេះ ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង​ បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។​
ជាមួយ​គ្នា​នោះ​មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម​ មាន​កុមារ​ក្នុង​មណ្ឌល​សរុប​៧៣នាក់​ ក្នុង​នោះ​កុមារ​រៀនខាងក្រៅ១០នាក់​ ផ្នែក​អគ្គិសនី​៣នាក់​ ផ្នែក​លេខាធិការ​៥នាក់​ និង​ផ្នែក​រីសីប២នាក់​ ផង​ដែរ។ ដោយ​ឡែក​ មន្ត្រីក្របខណ្ឌ​ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែល​កំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន​៖​ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម​ ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង​ ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់​។ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ​ដើម្បី​ថ្ងៃអនាគត​។ ទំនេរ​ពី​ការ​សិក្សា​ មេដោះបាននាំកុមារដាំដំណាំ​ បន្លែ​ស្ពៃក្ដោប​ ផ្កា​ខាត់ណា​ ស្ពៃខៀវ​ ត្រកួន​ពោត​ និង​ដំឡូង​ ព្រមទាំង​ចិញ្ចឹមមាន់ ទា និងត្រី​ ផង​ដែរ​៕ ដោយ ៖ ស៊ាន ច័ន្ទដា

 

ទំនិញកម្ពុជាជាង ៩ពាន់មុខនៅតែទទួលបានការអនុគ្រោះពន្ធ (EBA)

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដីជូនដំណឹងដល់​សាធារណជន អំពី​មុខ​ទំនិញ​ចំនួន៤០ (សែសិប) មុខនៃបន្ទាត់ពន្ធ ៦ (ប្រាំមួយ) ខ្ទង់ ដែល​ផលិត​នៅ​កម្ពុជា​ហើយ​មាន​សមត្ថភាព​ប្រកួតប្រជែង ដែល​អ្នក​នាំ​ចេញ​កម្ពុជា​មាន​លទ្ធភាព​អាច​បង់​ពន្ធនាំចេញ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

ទន្ទឹមនោះ នៅសល់មុខទំនិញប្រមាណជាង ៩ពាន់ (ប្រាំបួនពាន់) មុខទៀត នៅ​តែទទួល បាន​ភាព​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ (EBA) ក្នុង​គោល​បំណង​បន្ត ជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សា​ការ​ងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ។

សេចក្ដីប្រកាសនេះ​បាន​ចេញ​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ថា​ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​លិខិត​លេខ Ares (2020) 868510 ចុះ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈកម្មការអឺរ៉ុប (European Commission) តាម​រយៈ​ស្ថាន​ទូត​សហ​ភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា អំពី​នីតិវិធី​នៃ​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​សម្បទាន​ពន្ធ ចំពោះមុខទំនិញមួយចំនួន ក្រោម​ក្របខ័ណ្ឌ​អនុ​គ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ (EBA)»។

តាមនីតិវិធីនៃបទប្បញ្ញត្តិស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខ​ទំនិញ​ដែល​បាន​ស្នើ​សុំ​ព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន ៤០ មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និង​សភា​អឺរ៉ុប ពិនិត្យលើ ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ ២ (ពីរ)​ខែ​ជា​បន្ត​​ទៀត ចាប់​ពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងន័យនេះ សភា​អឺរ៉ុប​មាន​សិទ្ធិ​ជំទាស់​ទៅ​នឹង​សេចក្ដី​ស្នើ​ច្បាប់​សុំព្យួរ​ជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភា​អឺរ៉ុប​អាច​ប្រើ​ពេល​វេលា ២ (ពីរ)ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា។

តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង ៤០​មុខ ទៅ កាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឲ្យព្យួរសម្បទានពន្ធជាបណ្ដោះ​អាសន្ន​នៅ​ចុង​ឆ្នាំ២០២០ មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់ទីផ្សារអឺរ៉ុបដដែល ដោយសារ រាជរដ្ឋាភិបាលបាន និង​កំពុង​អនុវត្ត​នូវ​កំណែ​ទម្រង់​មុត​ស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩៕

 

 

សវនករស្ថាប័នធានាគុណភាពជប៉ុនបង្ហាញថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប ៖ អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) ធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ ដើម្បីពិនិត្យវាយតម្លៃតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ថាបានអនុលោមតាមចំណុចទាមទារនៃស្តង់ដារ ISO14001:2015 ដែរឬទេនោះ ជាលទ្ធផលពុំមានឃើញភាពមិនអនុលោមទេ។

នេះបើតាមលើកឡើងរបស់លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA ក្នុងឱកាសបិទកម្មវិធីសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ម៉ាម៉ូរុ យ៉ាម៉ាដា បន្តថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គររបស់អាជ្ញាធរជាតិអប្សរានៅតែបន្តត្រឹមត្រូវតាមចំណុចដែលទាមទារ។ ប៉ុន្តែលោកបានផ្តល់អនុសាសន៍៤ចំណុចសម្រាប់កែលម្អ ដូចជាទំនាក់ទំនងផ្ទៃក្នុង ផ្ទៃក្រៅការកំណត់គោលដៅការងារបរិស្ថាន និងគ្រប់គ្រងកំណត់ត្រានៃការកត់ត្រា ដើម្បីបង្កើនប្រសិទ្ធិភាពប្រើប្រាស់ ISO14001:2015។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា លទ្ធផលទាំងនេះបង្ហាញឱ្យឃើញពីការខិតខំ និងការចូលរួមរបស់មន្រ្តី-បុគ្គលិកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់អនុវត្តធ្វើយ៉ាងណាឆ្លើយតបនូវលក្ខខណ្ឌនានាដើម្បីទទួលបានវិញ្ញាប័នបត្រ ISO14001:2015។

លោកបានបញ្ជាក់ថា ករណីនេះដូចជាវិញ្ញាសារប្រឡងមួយ កម្រនឹងមានភាពឥតខ្ចោះណាស់ តែងមានកំហុសមួយចំនួន តែវាមិនធ្ងន់ធ្ងរដែលមិនអាចកែសម្រួលបានទេ យើងត្រូវទទួលស្គាល់កំហុស ដើម្បីដឹងនូវចំណុចខ្វះខាតរបស់ខ្លួន។ លោកក៏បានថ្លែងអំណរគុណចំពោះសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) លោក ម៉ាម៉ូរុ យ៉ាម៉ាដា ដែលបានខិតខំបំពេញការងារនឹងលះបង់ពេលវេលាមកវាយតម្លៃប្រកបដោយវិជ្ជាជីវៈនិងសុក្រិតភាព ឆ្លុះបញ្ចាំងការពិតជាក់ស្តែង ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តទៅតាមគោលនយោបាយរបស់ស្ថាប័នធានាគុណភាពជប៉ុន(JQA)៕

 

សម្ដេចតេជោប្រកាសអនុញ្ញាតឲ្យអ្នកដំណើរក្នុងកប៉ាល់ WESTERDAM ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាមេរិក ចូលសំចតនៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ និងសម្រួលគ្រប់កិច្ចការពាក់ព័ន្ធជូននោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរ ក្នុងនាវាជាង២,០០០នាក់ ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។

ក្នុងឱកាសអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កា ដល់អ្នកទេសចរ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសមិនឲ្យមានការរើសអើងភ្ញៀវទេសច ដែលចេញពីនាវានេះទេ មិនតែនៅខេត្តព្រះសីហនុ ឬនៅទីណានោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្ដេចបានណែនាំឲ្យត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកនៅលើនាវា ទៅតាមកោះនានានៅក្នុងខេត្តព្រះសីហនុ ប្រសិនបើអ្នកទាំងអស់នោះត្រូវការ ខណៈដែលយន្ដហោះចំនួន៤គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក៏ត្រៀមដើម្បីដឹកមកអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ អាចចាកចេញទៅធ្វើដំណើរកម្សាន្ដ នៅក្នុងខេត្តព្រះសីហនុ ហើយបើសិនមានបំណងទៅទស្សនកិច្ច នៅខេត្តសៀមរាប ទីនោះយើងនឹងបង្កលក្ខណៈងាយស្រួលមានក្រុមហ៊ុន អាកាសចរណ៍កម្ពុជាអង្គរអ៊ែរ៤គ្រឿង ដែលបានត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន គឺផ្ដល់ឱកាសសម្រាប់អ្នកដែលនៅនាវាដើម្បីចុះទៅងូតទឹកសមុទ្រ និងកន្លែងនានាដែលលោកតំណាងសហរដ្ឋអាមេរិកបានលើកសំណើមិញ ខ្ញុំបានឆ្លើយតបរួចហើយអនុញ្ញាត ឲ្យពួកគាត់បានចុះទៅលេងកម្សាន្ដ»។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ បើសិនជាមានការឆ្លងណាមួយ គឺឆ្លងចំពោះសម្ដេចតែម្ដង។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែក ដើម្បីលើកស្ទូយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង ហើយសម្រាប់ពីព្រលានយន្ដហោះកងកេង ទៅកាន់ព្រលានយន្ដហោះភ្នំពេញ បានរៀបចំនៅទីកន្លែងនោះយ៉ាងល្អហើយដែរ ដូច្នេះសូមកុំមានការភ័យខ្លាចអំពីការដែលត្រូវឆ្លងជំងឺនេះ ឬជំងឺនោះ។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕

 

លោក ឃួង ស្រេង អញ្ជើញទទួលស្វាគមន៍ និងជូនដំណើរភ្ញៀវទេសចរនៅលើកប៉ាល់ Westerdam ហោះត្រឡប់ទៅកាន់ស្រុងកណើតវិញ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញដើម្បីទទួលស្វាគមន៍ និងជូនដំណើរក្រុមភ្ញៀវទេសចរទាំង ១៤១នាក់ នៅលើកប៉ាល់ Westerdam ដែលជាក្រុមជើងទី២។

សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩៖២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង១០០នាក់ផងដែរនោះ ក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ និងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ៕

 

អាជ្ញាធរ​ចិន ៖ អ្នក​ឆ្លង​វិ​រុស​កូ​រ៉ូ​ណា​៦.៧២៣​នាក់​បានជា​សេះ​ស្បើយ​

​ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​អ្នកជំងឺ​សរុប​ចំនួន ៦.៧២៣ នាក់​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ​(COVID-19) ត្រូវបាន​គេ​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​​បន្ទាប់ពី​បានជា​សះស្បើយ​កាលពី​ម្សិលមិញ​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​មាន​មនុស្ស​១.០៨១​នាក់​បាន​ដើរ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ឡើងវិញ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ ចំនួន​អ្នកស្លាប់​ដោយ​សររ​វីរុស COVID-19 ឬ​កូ​រ៉ូ​ណា​ថ្មី បាន​កើន​ឡើងដល់​ជិត ១,៥០០​នាក់​ហើយ និង​ជាង ៦៤,០០០​នាក់​នៅ​ទូទាំង​តំបន់ស្វ័យយាត​ចំនួន​៣១​នៅក្នុង​ប្រទេស​ចិន​៕

 

លីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២០ និងចាប់ផ្ដើមនៅ​ចុង​សប្ដាហ៍​នេះ

បាល់ទាត់ ៖ ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០ នឹង​ចាប់ផ្ដើម​ប្រកួត​សប្ដាហ៍​ទី​១ នា​ចុង​សប្ដាហ៍​នេះ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៥–១៦ ខែ​កុម្ភៈដោយមាន ១៣​ក្រុម​ចូលរួម។

​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កុម្ភៈ​ស្អែក​នេះ ក្រុម​យុវជន​អាយុ​ក្រោម ​១៨​ឆ្នាំ​សាលា​បាល់ទាត់​ជាតិ​បាទី ប្រកួត​ជាមួយ​ក្លិប​កង​យោធពល​ខេមរភូមិន្ទ​, វិសាខា​ត្រូវ​ជួប​នគរបាល​ជាតិ និង​មួយ​គូ​ទៀត​ភ្នំពេញ​ក្រោ​ន​ត្រូវ​ទទួល​ភ្ញៀវ​អគ្គិសនី​កម្ពុជា​៕

 

លោក ស៊ី ជីនពីង សន្យាកាត់បន្ថយផលប៉ះពាល់នៃវីរុស COVID-19 ឬកូរ៉ូណាថ្មីឲ្យបានតិចបំផុត

ប៉េកាំង ៖ ប្រធានាធិបតីស៊ីជីនពីងបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៣ ខែកុម្ភៈនេះថា ប្រទេសចិនពិតជានឹងអាចកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសដោយសារវីរុសកូរ៉ូណាថ្មី (COVID-19) ហើយនឹងរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចតាមផែនការ។ នេះបើយោងតាមសារព័ត៌មាន CNA។

ការថ្លែងរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងនៅពេលលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) ជួបសន្ទនាគ្នាតាមទូរស័ព្ទ ស្តីអំពីស្ថានការណ៍ទូទៅនៃការរីករាលដាលវីរុស COVID-19 និងផលប៉ះពាល់ចំពោះសេដ្ឋកិច្ច។ ទោះបីជាយ៉ាងក៏ដោយ លោក ស៊ី ជិនពីង បានប្រាប់លោក មហាធៀ ថា ចិននឹងពុះពារសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០។

ប្រទេសចិនបាននិងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការប្រើប្រាស់វិធានការតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ និងព្យាបាលអ្នកឆ្លងវីរុស COVID-19 ជាពិសេសនៅក្នុងខេត្តហ៊ូប៉ី (Hubei)។ បើតាមសារព័ត៌មានរដ្ឋចិន ក្រុមអ្នកប្រឹក្សានយោបាយរបស់មហាអំណាចសេដ្ឋកិច្ចលេខ១ ប្រចាំទ្វីបអាស៊ីមួយនេះ កំពុងតែបង្កើតនូវដំណោះស្រាយមួយចំនួន ដើម្បីគាំទ្រដល់ផ្នែកសេដ្ឋកិច្ច ដែលត្រូវបានធ្វើឲ្យរាំងស្ទះដោយតែការផ្ទុះវីរុសកូរ៉ូណាថ្មី៕