All posts by មេគង្គ ប៉ុស្តិ៍

លោក ស៊ី ជីនពីង សន្យាកាត់បន្ថយផលប៉ះពាល់នៃវីរុស COVID-19 ឬកូរ៉ូណាថ្មីឲ្យបានតិចបំផុត

ប៉េកាំង ៖ ប្រធានាធិបតីស៊ីជីនពីងបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៣ ខែកុម្ភៈនេះថា ប្រទេសចិនពិតជានឹងអាចកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសដោយសារវីរុសកូរ៉ូណាថ្មី (COVID-19) ហើយនឹងរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចតាមផែនការ។ នេះបើយោងតាមសារព័ត៌មាន CNA។

ការថ្លែងរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងនៅពេលលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) ជួបសន្ទនាគ្នាតាមទូរស័ព្ទ ស្តីអំពីស្ថានការណ៍ទូទៅនៃការរីករាលដាលវីរុស COVID-19 និងផលប៉ះពាល់ចំពោះសេដ្ឋកិច្ច។ ទោះបីជាយ៉ាងក៏ដោយ លោក ស៊ី ជិនពីង បានប្រាប់លោក មហាធៀ ថា ចិននឹងពុះពារសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០។

ប្រទេសចិនបាននិងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការប្រើប្រាស់វិធានការតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ និងព្យាបាលអ្នកឆ្លងវីរុស COVID-19 ជាពិសេសនៅក្នុងខេត្តហ៊ូប៉ី (Hubei)។ បើតាមសារព័ត៌មានរដ្ឋចិន ក្រុមអ្នកប្រឹក្សានយោបាយរបស់មហាអំណាចសេដ្ឋកិច្ចលេខ១ ប្រចាំទ្វីបអាស៊ីមួយនេះ កំពុងតែបង្កើតនូវដំណោះស្រាយមួយចំនួន ដើម្បីគាំទ្រដល់ផ្នែកសេដ្ឋកិច្ច ដែលត្រូវបានធ្វើឲ្យរាំងស្ទះដោយតែការផ្ទុះវីរុសកូរ៉ូណាថ្មី៕

 

 

ចំនួនមនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មីនៅចិនកើនដល់ជិត១,៥០០នាក់

វូហាន ៖ គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ឲ្យដឹង នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនបានកើនឡើងដល់៤៨២៣នាក់ហើយ និងជាង ៦៤,០០០នាក់ទៀតឆ្លង ខណៈខេត្ត Hubei និងទីក្រុងវូហាន (Wuhan) គឺនៅតែជាចំណុចរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ នេះបើតាមសារព័ត៌មាន CNA។

គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺត្រូវបានបូកសរុបនៅក្រោយពីអាជ្ញាធរសុខាភិបាលចិន បានរាយការណ៍អំពីមនុស្សស្លាប់ ១១៦នាក់បន្ថែមទៀត នៅរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយក្នុងចំណោមនោះ ៨៨នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី៕

 

នាយករដ្ឋមន្ត្រី អញ្ជើញទៅស្វាគមន៍អ្នកដំណើរលើនាវា WESTERDAM មុនពេលពួកគេចាកចេញពីកម្ពុជា

 

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយទេសចរចម្រុះជាង2ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam  របស់សហរដ្ឋអាមេរិក ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ។ ការសម្រេចនេះ នៅបន្ទាប់ពីសម្តេចបានអនុញ្ញាតឲ្យនាវានោះអាចចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ ​ក្នុងចំណោមអ្នកនៅលើនាវាជាង ២ពាន់នាក់ នោះនោះ មានចំនូន ៥០០នាក់់  នឹងត្រូវបញ្ជូនតាមជើងយន្តហោះនៅព្រលានកងកេង ឆ្ពោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តទៅតាមគោលដៅរបស់ពួកគេ ខណៈនាវានេះ ត្រូវបានអនុញ្ញាតឲ្យសំចតនៅកម្ពុជា តែមួយថ្ងៃប៉ុណ្ណោះ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ នេះ បានបង្ហាញថា ៖ អរគុណសន្តិភាព ! ដោយសារតែកម្ពុជា មានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៍ដ៏ធំដែលគ្មានកន្លែងចូលចតឱយមកចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើ នាវាអស់រយះពេល១៣ថ្ងៃ មកហើយឱយបានវឹលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។

ព្រឹកស្អែកថ្ងៃ១៤ កុម្ភៈ ២០២០​ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ចាស់ផ្ទះ ដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ សុំអរគុណ អង្គការសុខភាពពិភពលោក និងប្រទេសនាៗដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងពេលលំបាក ។

លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានថ្លែងថា ក្រុមការងារខេត្តព្រះសីហនុ ក៏បានរៀបចំរថយន្តក្រុង ប្រមាណ៣០ គ្រឿងសម្រាប់ដឹកជញ្ជូនអ្នកដំណើរជាង៥០០នាក់នេះ ពីនាវាទៅកាន់ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ ហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ប្រទេសគោលដៅដែលពួកគេបានកំណត់។ ទោះយ៉ាងណា អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកកាសែតដែរថា ការងារនេះ គឺត្រូវធ្វើឡើងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យអ្នកទេសចរទាំងនោះស្នាក់នៅខេត្តព្រះសីហនុទេ។

​គួរបញ្ជាក់​ថា នាវា​ទេសចរណ៍ Westerdam ដឹក​មនុស្ស​សរុប​ជាង ២.២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១,៤៥៥​នាក់ និង​បុគ្គលិក​នាវា​ចំនួន ៨០២​នាក់ បាន​ចូល​ចត នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ​ហើយ នៅវេលាម៉ោង ៦ ល្ងាច ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ នេះ​។ អ្នកដំណើរលើនាវា ​ រួមមាន៤១ ជាតិសាសន៍ ក្នុងនោះ មានជនជា​តិអាមេរិក​ច្រើនជាងគេ រហូតដល់៦​៥១នាក់ បន្ទាប់ម​កជនជាតិកា​ណាដា ២៧១នាក់ និងអង់គ្លេ​ស១២៧នាក់ រួម​នឹងជាតិសា​សន៍ដទៃ​ផ្សេងទៀត។ នាវាទេ​សចរណ៍នេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America ដែល​មានមូលដ្ឋា​ននៅសហរដ្ឋ​អាមេរិក។

​នាវា​ Westerdam បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​​វាមិនត្រូវបានស្វាគមន៍ដោយអាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ (​អាមេរិក​) ផងដែរ ដោយបដិសេធមិនឲ្យចូលចនោះឡើយ ដោយសារ​តែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់​នាក់នៅ​លើនាវានោះ អាច​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី (Covid-19) ហើយទើបពួកគេត្រូវបានអនុញ្ញាតឲ្យចូលសំចតនៅកំពង់ផែកម្ពុជា ៕

 

កូឡុំប៊ី ស្វែងរកការនាំចេញផ្ការហូតដល់៣ពាន់លានដុល្លារនៅឆ្នាំ២០៣០

បរទេស ៖ ប្រធានាធិបតីប្រទេសកូឡុំប៊ី នឹងព្យាយាមបង្កើនការនាំចេញផ្ការបស់ខ្លួន មួយទ្វេជាពីរ រហូតដល់ ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅទសវត្សរ៍ក្រោយ តាមរយៈការបង្កើនប្រភេទផ្កាថ្មីៗ និងពង្រីកទីផ្សារនៅតំបន់អាស៊ី និងអាមេរិកឡាទីន។

ការប្រកាសអំពីគោលដៅនេះ ស្របគ្នានឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលជាចំនុចនៃការនាំចេញផ្កាច្រើនបំផុតប្រចាំឆ្នាំ ពីប្រទេសនៅតំបន់អាន់ឌៀនមួយនេះ ដែលជាធម្មតាដឹកជញ្ជូនទៅសហរដ្ឋអាមេរិក ច្រើនជាងគេ ។

ប្រទេសកូឡុំប៊ី ជាប្រទេសនាំចេញផ្កាធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសហូឡង់។ យោងតាមតួលេខពីសមាគមនាំចេញផ្កាកូឡុំប៊ី បានអោយដឹងថា ទិវានៃក្តីស្រឡាញ់ ត្រូវបានរាប់ចូលប្រាក់ចំណូលប្រចាំឆ្នាំបានពីការលក់ផ្កាចំនួន ១៥% ស្មើនឹង ចំនួន ១.៥ ពាន់លានដុល្លារ ។

ផ្កាប្រមាណ ៦៦០ លានផ្កា បានមកពីពូជប្រមាណ ១៥០០ ប្រភេទ ត្រូវបាននាំចេញ ទៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសម៉ិកស៊ិក សម្រាប់ថ្ងៃបុណ្យនៃក្តីស្រ លាញ់។ លោក Duque បាននិយាយថា ផែនការពង្រីកនេះ រួមមានការស្វែងរកឱកាសនៅក្នុង ទីផ្សារ ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសអាមេរិកឡាទីនផ្សេងទៀត ហើយបច្ចុប្បន្នវិស័យនេះ ផ្តល់ការងារប្រហែល ១៤ ម៉ឺន ដល់ប្រជាជនកូឡុំប៊ី៕

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅចិនកើនឡើងយ៉ាងគំហុក អ្នកស្លាប់កើនជាង ២ដង

ប៉េកាំង ៖ ករណីឆ្លងវីរុសកូរ៉ូណា បានកើនឡើងយ៉ាងគំហុកគឺប្រមាណ ១៤.៨៤០នាក់ រីឯចំនួនអ្នកស្លាប់កើនឡើងជាង ២ដង គឺចំនួន ២៤២នាក់ ក្នុងរយៈពេលតែក្នុងមួយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុណ្ណោះ។ ចំនួននេះ បានធ្វើឲ្យអ្នកឆ្លងវីរុសកូរ៉ូណា(COVID-19) នៅចិនកើនដល់ ៥៩.៥៣៩នាក់ និងឆ្លងទូទាំងពិភពលោកចំនួនជាង៦ម៉ឺននាក់។ ចំពោះអ្នកស្លាប់សរុបមានចំនួន ១.៣៦៣នាក់ ក្នុងនោះនៅចិន១,៣៦១នាក់ នៅហ្វីលីពីនម្នាក់ នៅហុងកុងម្នាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិន ក្នុងខេត្ដហ៊ូប៉ី។
គួរកត់សម្គាល់ថា ដោយសារតែសេដ្ឋកិច្ចចិន ជាចំណែកនៃសេដ្ឋកិច្ចពិភពលោកជិត ១៧ភាគរយ ហេតុនេះ បើសេដ្ឋកិច្ចចិនធ្លាក់ចុះនោះសេដ្ឋកិច្ចពិភពលោកក៏ប៉ះពាល់ដូចគ្នា។
សូមជម្រាបថា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ បណ្ដាប្រទេសមួយចំនួនដែលបារម្ភពីការឆ្លងវីរុសនេះ បានលុបចោលជើងហោះហើរជាមួយប្រទេសចិន និងហាមឃាត់មិនឲ្យអ្នកធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ចូលក្នុងប្រទេសរបស់គេឡើយ។ ជាមួយគ្នានេះ រោងចក្រ និងក្រុមហ៊ុនអន្ដរជាតិមួយចំនួននៅក្នុងប្រទេសចិន ក៏ត្រូវបិទទ្វារជាបណ្តោះអាសន្ន ដែលសកម្មភាពទាំងអស់នេះត្រូវបានបង្អាក់ចរន្ដសេដ្ឋកិច្ចចិនមិនឲ្យដំណើរការជាប្រក្រតីទេ ខណៈដែលវីរុសកូរ៉ូណានៅតែបន្ដសម្លាប់មនុស្ស ដោយមិនទាន់មានវិធានការជាក់លាក់ដើម្បីទប់ស្កាត់នៅឡើយ៕

កម្មករសំណង់ឈ្លោះគ្នារឿងមាន់ជុះអាចម៍ដាក់កន្លែងដេកក្លាយជាឃាតកម្ម

ខេត្តបន្ទាយមានជ័យ ៖ នគរបាលនៃអធិការស្រុកម៉ាឡៃ បានតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាឃាតករភ្លាមៗ បន្ទាប់ពីចាក់សម្លាប់កម្មករសំណង់ដូចគ្នាក្នុងរឿងមាន់ជុះអាចម៍ដាក់កន្លែងដេក កាលពីព្រលប់ថ្ងៃទី ១២ខែកុម្ភៈឆ្នាំ២០២០ ក្នុងភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថាបន្ទាប់ពីមានករណីឃាតកម្មខាងលើសមត្ថកិច្ចរបស់លោកបានចុះទៅដល់កន្លែងកើតហេតុនិងបានសង្គ្រោះជនរងគ្រោះឈ្មោះរតនាភេទប្រុសអាយុ៣៣ មានទីលំនៅ ឃុំបន្ទាយនាងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបានមកធ្វើកម្មករសំណង់ធ្វើផ្ទះនិងស្នាក់នៅផ្ទះឈ្មោះ យុកសារ៉េត ភេទ ស្រីអាយុ 58 ឆ្នាំនៅភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃក៏បានឈ្លោះប្រកែកគ្នា រឿងមាន់ជុះអាចម៍ដាក់កន្លែងដេកគ្នាចុះឡើងក៏ឈ្មោះខួច ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅភូមិបន្ទាយជ័យឃុំបន្ទាយជ័យស្រុកចំការលើខេត្តកំពង់ចាមបានមកស្នាក់នៅជាកម្មករសំណង់ដូចគ្នានៅនឹងជាមួយនឹងជនរងគ្រោះ បានយកកាំបិតបត់ស្ទុះចាក់ទៅលើឈ្មោះ រតនា ចំទ្រូងក្រោមដោះឆ្វេងលិចមួយក៏បិត បណ្ដាលអោយចុកឈាមរហូតស្លាប់នៅពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកស្រុកម៉ាឡៃ នៅវេលាម៉ោង ៦ និង៥០នាទី ព្រលប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រោយកើតហេតុភ្លាមៗជនសង្ស័យឈ្មោះ អូន ខួចបានរត់គេចខ្លួនមួយយប់ទៅពួនសំងំនៅគុម្ពឬស្សីជាប់ព្រំដែនកម្ពុជាថៃក្នុងឃុំអូរសំព័រ ដើម្បីបម្រុងគេចខ្លួនទៅប្រទេសថៃតែត្រូវបាននគរបាលស្រុកសហការជាមួយនគរបាលការពារព្រំដែនគោកតាមសា្រវជ្រាវចាប់មកវិញនៅវេលាម៉ោង ៩ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានធ្វើការប្រគល់ជនសង្ស័យទៅខាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យយកទៅស្នងការនគរបាលខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

ចិន​ដកតំណែង​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ប្រចាំខេត្ត Hubei

​ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែកុម្ភៈ​ថា​ប្រទេស​ចិន​បាន​ដកតំណែង​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ប្រចាំខេត្ត Hubei ដែលជា​ចំណុចកណ្តាល​នៃ​ការផ្ទុះ និង​រីក​រាលដាល​ដំបូង​របស់​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19 ដែល​បានសម្លាប់​មនុស្ស ១.៣៥៥ នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​បើតាម​របាយការណ៍​ថា លោក Jiang Chaoliang ត្រូវបាន​ដកចេញ​ពី​តំណែង ជា​អគ្គលេខា​បក្សកុម្មុយនិស្ត​ប្រចាំខេត្ត Hubei ហើយ ដោយ​ត្រូវ​ដាក់ជំនួស​វិញ​ដោយ​លោក Ying Yang ដែលជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទីក្រុង​សៀង​ហៃ ខណៈ​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត​ក្នុង​ខេត្ត ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការដកតំណែង​នេះ​បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការផ្ទុះ​កំហឹង និង​រិះគន់​ពី​សំណាក់​ប្រជាជន​លើ​បណ្តាញ​សង្គម​ចិន ជុំវិញ​ការស្លាប់​របស់លោក​វេជ្ជ​បណ្ឌិត Li Wenliang៕

 

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ផ្តោតលើការថែទាំ និងកិច្ចការពារការវិនិយោគ

ភ្នំពេញ ៖ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលមានលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងខាងភាគីកម្ពុជា និង លោក ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងខាងភាគីជប៉ុន បានដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ហើយតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា កិច្ចប្រជុំ ទ្វេភាគីមួយនេះ គឺជាផ្នែកមួយនៃយន្តការដើម្បីថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងតាំងតែពីឆ្នាំ ២០០៩មកម្ល៉េះ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០០៧។

តាមសេចក្តីថ្លែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ឆ្លងកាត់កិច្ចប្រជុំចំនួន១៨លើក កន្លងទៅនេះ បញ្ហាប្រឈមមួយចំនួនដែលអ្នកវិិយោគបានលើកឡើង ត្រូវបានភាគីរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ជូននូវដំណោះស្រាយដ៏សមស្របជាបន្តបន្ទាប់ ដែលបានញ៉ាំងឱ្យមានការបណ្តាក់ទុនវិនិ យោគបន្ថែមនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកសម្រាប់កិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នាពេលនេះត្រូវ ផ្តោតការពិភាក្សាលើចំណុចអាទិភាពមួយចំនួនទាក់ទងទៅនឹងបរិយាកាសវិនិយោគនៅកម្ពុជារួមមាន៖ ១.វឌ្ឍនភាពនៃការត្រៀមបើកច្រកទ្វារអន្តរជាតិស្ទឹងបត់, ២.ពន្ធអប្បបរមា, ៣.ការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ និងទី៤.តម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។

ឆ្លៀតយកឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអរគុណចំពោះក្រុមអ្នកវិនិយោគជប៉ុនដែលបានផ្តល់នូវ ទំនុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ក៏បានសរសើរចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះ កង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន ជាពិសេស អគ្គនាយកដ្ឋានពន្ធដារដែលបានដោះស្រាយ បញ្ហាពន្ធមួយចំនួនធំ។

គួររំព្ញកថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាត គម្រោងវិនិយោគជប៉ុនចំនួន ១៤៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២៧៨៥ លានដុល្លារអាមេ រិក៕

សវនាកាសំណុំរឿងលោក កឹម សុខា ឈានមកដល់អង្គហេតុនៃការបង្កើតគណបក្សសង្ក្រោះជាតិ

ភ្នំពេញ ៖ សវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានឈានមកដល់ថ្ងៃទី៩ សប្តាហ៍ទី៥ ហើយ ពាក់ព័ន្ធការចោទប្រកាន់អំពីបទ “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

សវនាការនៅថ្ងៃនេះនឹងផ្តោតសំខាន់ទៅលើអង្គហេតុសកម្មភាពរបស់លោក កឹម សុខា នៅចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ពោលគឺក្នុងកំឡុងពេលលោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងកណ្តាលអាធ្រាត្រ។

ការពិភាក្សានេះ គ្រោងនឹងត្រូវចែកចេញជា៣ដំណាក់កាល ដោយជជែកពីអង្គហេតុនៃការបង្កើតនិងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ អង្គហេតុ ជុំវិញការបោះឆ្នោត ឆ្នាំ២០១៣ និង អង្គហេតុ ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ រហូតដល់ការចាប់ខ្លួន លោក កឹម សុខា តែម្តង។

ជាមួយគ្នានេះ គេសង្កេតឃើញថា នៅតាមដងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ មានកងកម្លាំងចម្រុះបានដាក់ពង្រាយជាធម្មតា ដើម្បីសម្រួលចរាចរណ៍ជូនអ្នកដំណើរ ហើយក្រុមអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិល សកម្មជនអតីតគណបក្សសង្គ្រោះជាតិ នៅតែបន្តការតាមដានសំណុំរឿងដ៏ក្តៅគគុកនេះ យ៉ាងយកចិត្តទុកដាក់ផងដែរ។

សូមជម្រាបថា សវនាការសំណុំរឿងលោក កឹម សុខា ពាក់ព័ន្ធទោសក្បត់ជាតិ ឃុបឃិតជាមួយបរទេសនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសម្រចធ្វើរយៈពេល ២ថ្ងៃក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយសវនាការនេះ នឹងអាចពន្យារពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់សក្ខីកម្មជូនដល់តុលាការ ៕

ក្រសួងសេដ្ឋកិច្ច រៀបចំសេចក្តីព្រាងផែនការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំឡើងនូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធ សាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ហើយសេចក្តីព្រាងផែនការសកម្ម ភាពមួយនេះត្រូវបានលើកជារបៀបវារៈសម្រាប់សិក្ខាសាលាកាលពីម្សិលមិញ ដោយមានការចូលរួមពីគ្រប់ ផ្នែកពាក់ព័ន្ធ សរុបចំនួនជិត ៤០០នាក់ ដោយបានពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សំដៅធានាឱ្យការរៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធ កម្មសាធារណៈឆ្នាំ២០១៩-២០២៥នេះ មានភាពគ្រប់ជ្រុងជ្រោយអាចដាក់ឱ្យអនុវត្តបានដោយរលូន។
ក្នុងសិក្ខាសាលានេះ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហ៊ីវ សុវណ្ណ បានគូស បញ្ជាក់ថា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ត្រូវបានអនុម័ត ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ និងបានប្រកាសដាក់ឱ្យអនុវត្តរួមគ្នា ជាមួយ យុទ្ធសាស្ត្រចំនួន២ផ្សេងទៀត ដោយការរៀបចំសេចក្ដីព្រាងផែនការសកម្មភាពកែទម្រង់ប្រព័ន្ធលទ្ធកម្មសា ធារណៈឆ្នាំ ២០១៩-២០២៥ គឺផ្អែកទាំងស្រុងលើផែនទីចង្អុលផ្លូវ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត នៃការ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩ -២០២៥។
ដោយឡែក ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ដ្ឋានលទ្ធកម្មសាធារណៈមានអនុសាសន៍ថា ដើម្បីសម្រេចបាននូវគោលបំណង និងទិសដៅយុទ្ធសាស្ត្រនៃ ការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ គឺចាំបាច់តម្រូវឱ្យមានការរៀបចំផែនការសកម្ម ភាពលម្អិតសម្រាប់អនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។ ជាមួយ គ្នានេះ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានរៀបចំសេចក្ដីព្រាងផែនការសកម្មភាពនេះ ដោយផ្អែកទាំងស្រុង លើផែនទីចង្អុលផ្លូវ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩ -២០២៥ ដោយបំបែកជាសកម្មភាពលម្អិត និងបានកំណត់ច្បាស់ពីក្របខណ្ឌពេលវេលាទៅតាមត្រីមាស នីមួយៗនៃឆ្នាំ ព្រមទាំងបានកំណត់ច្បាស់លាស់ពីអង្គភាព/ស្ថាប័នទទួលខុសត្រូវលើការអនុវត្តសកម្មភាពកែ
ទម្រង់នីមួយៗសម្រាប់អនុវត្តរយៈពេល ៧ឆ្នាំគឺចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៥។
សេចក្ដីព្រាងឯកសារផែនការសកម្មភាពនេះ ត្រូវបានរៀបចំចេញជា ៥ផ្នែក រួមមាន៖ ១.ការរៀបចំ និង ការអនុម័តផែនការលទ្ធកម្ម, ២.ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, ៣.ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចលទ្ធកម្ម, ៤.ការពង្រឹងឯករាជ្យភាពនៃយន្តការដោះស្រាយបណ្តឹងតវ៉ា និង ៥.ហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ដែលរួមមាន៖ ការកែលម្អក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ ការរៀបចំសៀវភៅណែនាំស្តីពីលទ្ធកម្មសាធារណៈ ការសិក្សាអំពីការប្រើប្រាស់លទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិច និងការ កសាងសមត្ថភាពជាដើម៕

កម្ពុជា ហៅការសម្រេចរបស់ EU ជុំវិញបញ្ហា EBA ថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរ

កម្ពុជា ហៅការសម្រេចរបស់ EU ជុំវិញបញ្ហា EBA ថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរភ្នំពេញ ៖ គណៈកម្មការសហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានចេញសេចក្តីសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា។ ភ្លាមៗបន្ទាប់ពីការប្រកាសព្យួរផ្នែកខ្លះនៃ EBA ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា ជារឿងដ៏អយុត្តិធម៌ដែលផ្តើមចេញពីការភាន់ច្រលំ និងការយល់ខុសពីតថភាព ជាក់ស្តែងនៅកម្ពុជា។ ក្រសួងការបរទេសកម្ពុជាក៏បាន ហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប នេះថា បានធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរ។

សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានប្រកាសពីសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ជាបណ្តោះអាសន្នដោយលើកហេតុផលថា កម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធដែលផ្ទុយទៅនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ស្របពេលដែលកម្ពុជា កំពុងបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធគណៈកម្មការអឺរ៉ុបនៅថ្ងៃជាមួយគ្នាបានស្វាគមន៍ការសម្រេចរបស់សភាខ្លួន ក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម និងសាទរចំពោះការប្រឹងប្រែងរបស់វៀតណាម ក្នុងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិការងារ។ គណៈកម្មការអឺរ៉ុប ថា កិច្ចព្រមព្រៀងនឹងត្រូវចូលជាធរមាននៅឆ្នាំ២០២០ នេះ បន្ទាប់ពីសភាវៀតណាមផ្តល់សច្ចាប័ន។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាយប់ថ្ងៃទី១២ ខែកុម្ភៈ បានសរសេរថា ៖ « សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់វឌ្ឍនភាពជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុប ក៏ដោយ ក៏សេចក្តីសម្រេចនេះ ពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយចំពោះសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។ ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»។

ទោះយ៉ាងនេះក្តី ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ កម្ពុជាបានបញ្ជាក់ជំហសោយទន់ភ្លន់ថា នឹងនៅតែប្តេជ្ញាពង្រឹងទំនាក់ទំនង ជាមួយសហភាពអឺរ៉ុបដោយឈរលើស្មរតីគោរពនិងការទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងបន្តអនុវត្តន៍តាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់ EU លោក Josep Borrel បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែល ចេញនៅថ្ងៃពុធ ថា៖ «សហភាព អឺរ៉ុប នឹងមិនឈរមើលនោះ ឡើយ នៅពេលដែលប្រជាធិបតេយ្យត្រូវបានផាត់ចោលការ គោរពសិទ្ធិមនុស្ស ត្រូវបានរឹតត្បិត ហើយសេរីភាពនៃការ ជជែកពិភាក្សាត្រូវបានបំបាត់»។

តាមសេចក្តី ប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប ដដែលបង្ហាញថា ការដកហូតផ្នែកខ្លះនៃ EBA នេះ នឹងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់សហភាព អឺរ៉ុប ជារៀងរាល់ឆ្នាំក្នុងទំហំទឹកប្រាក់ប្រហែល ១.១០០លានដុល្លា ក្នុងនោះប៉ះពាល់ដល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់ខ្លះ ខណៈដែលផលិតផលសម្រាប់ធ្វើដំណើរក៏ដូចជាស្ករ ស ត្រូវបានដកហូតទាំងអស់។ ប្រសិនបើ មិនមានការជំទាស់ពីសភា និងក្រុមប្រឹក្សាអឺរ៉ុបនោះទេ សេចក្តីសម្រេចពីការដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន នេះ នឹងចូលជាធរមាននៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខ។

អតីតប្រធានគណបក្សប្រឆាំងដែល កំពុងរស់នៅនិរទេសខ្លួន នៅបរទេសលោក សម រង្ស៊ី បានថ្លែងប្រាប់ប្រព័ន្ធឃោសនាបរទេសជាភាសាខ្មែរ ថា លោកគាំទ្រទាំងស្រុងទៅនឹង លក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពដើម្បីចៀសវាងពីការដកហូតផលប្រយោជន៍ពាណិជ្ជកម្ម តែលោក សម រង្ស៊ី មិនបាននិយាយមួយមាត់ណាសោះចំពោះក្តីបារម្ភទៅនឹងផលប៉ះពាល់លើកម្មករ កម្មការិនីរោងចក្រដោយសារការបាត់បង់ EBA នោះទេ។

គួររំលឹកថា របាយការណ៍របស់សហភាព អឺរ៉ុប បង្ហាញថា ការនាំចេញ ទំនិញកម្ពុជា ទៅអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ៥,៨៨ពាន់លានដុល្លារ ដែលក្នុងនោះ ធ្វើឡើងក្រោមប្រព័ន្ធអនុគ្រោះពន្ធមានរហូតដល់ជិត ៩៦ភាគរយឬក្នុងទំហំ ៥,៦៦ពាន់លានដុល្លារ។ របាយការណ៍របស់សហភាព អឺរ៉ុបដដែល ក៏ឱ្យដឹងដែរថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុប រួមមាន ៖ សម្លៀកបំពាក់ ៧៤,២ភាគរយ ស្បែកជើង ១២,៦ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ៣ភាគរយ។ ចំណែករបាយការណ៍របស់ធនាគារពិភពលោក ចេញកាលពីឆ្នាំ២០១៩ បានព្យាករថា បន្ទាប់ពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជាអាចនឹងតម្រូវឱ្យបង់ពន្ធប្រហែល ១២ភាគរយលើផលិតផលសម្លៀកបំពាក់ និង ១៦ភាគរយលើស្បែកជើង សម្រាប់ការនាំចេញទៅអឺរ៉ុប៕

ប្រធានអង្គការ WHO អរគុណសម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវា Westerdam ចូលសំចត

ភ្នំពេញ ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃ១២​ខែ កុម្ភៈបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពុងផែក្រុងព្រះសីហនុ។ តំណាងអង្គការអន្តរជាតិរូបនេះបានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាកាយវិការបង្ហាញពីសាមគ្គីភាព ខណៈពិភពលោកកំពុងជួបវិបត្តិ។ 

តាមបណ្តាញទំនាក់ទំនងសង្គមធ្វីតធឺលោក Tedros ឱ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោដែលបានអនុញ្ញាតឱ្យមានការចូលចតនៃនាវា Westerdam នៅខេត្តព្រះសីហនុ។ នេះជាការបង្ហាញនូវ ការស្វាគមន៍ ប្រកបដោយ សាមគ្គីភាព ក្នុងគ្រាដែលពិភពលោក កំពុងស្ថិតនៅក្នុងតំណាក់ ដើម្បីបឈ្ឈប់ការ រីករាលដាល មេរោគCOID19”។

សូមជម្រាបថា ការសម្រេចអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើររបស់ក្រុមហ៊ុន Holland America Line ធ្វើឡើងបន្ទាប់ពីនាវាដែលដឹកអ្នកដំណើររហូតដល់ ​១៤៥៥​នាក់ និង​អ្នកបម្រើ​ក ៨០២ នាក់នេះត្រូវបានបដិសេធ​​ឲ្យ​ចូល​ចត​ពី​សំណាក់​ប្រទេស ហ្វីលីពីន ថៃ ជប៉ុន កោះ​តៃវ៉ាន់ និងកោះ ហ្គាម ក្រោមហេតុផលភ័យខ្លាចការរាតត្បាតនៃកូរ៉ូណាវីរុស COVID19៕

 

 ចំនួនមនុស្សស្លាប់នៅចិនដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មីកើនដល់ ១,៣៥៥នាក់

ប៉េកាំង ៖ អាជ្ញាធរចិនបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម COVID-19 ឬវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់១,៣៥៥នាក់ និងឆ្លងជិត ៦០,០០០នាក់នៅទូទាំងប្រទេសចិន។ នេះបើតាមសារព័ត៌មាន CNA។

អាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) ជាកន្លែងផ្ទុះឡើងខ្លាំងក្លាបំផុតនៃវីរុសផ្លូវដង្ហើម COVID-19 បានប្រកាសឲ្យដឹងថា មនុស្សស្លាប់សរុប២៤២នាក់បន្ថែមទៀតបានស្លាប់ និង១៤,៨៤០នាក់ឆ្លងកាលពីថ្ងៃពុធម្សិលមិញនេះ៕

ស្វីសបន្តគាំទ្រមន្ទីរពេទ្យ គន្ធបុប្ផា នូវថវិកាប្រមាណ១២លានដុល្លារ ពីឆ្នាំ២០១៩ដល់២០២១

ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសស្វីស បានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា គិតជាថវិកាប្រមាណជា៦០លានដុល្លារអាមេរិក និងបានបន្តគាំទ្រពីឆ្នាំ២០១៩ដល់ឆ្នាំ ២០២១ នូវទឹកប្រាក់ប្រមាណជា ១២លានដុល្លារបន្ថែមទៀត ក្នុងរយៈពេល៣ឆ្នាំ ដើម្បីទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជា។

ថ្លែងប្រាប់ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ លោកជំទាវ ការីន សាលីណូ (Carin SALERNO) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស្វីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ខាន នៅទីក្រុងបាងកក បានឱ្យដឹងថា ក្រៅពីកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យជាច្រើនជាមួយកម្ពុជា រដ្ឋាភិបាលស្វីសបានជួយឧបត្ថម្ភគាំទ្រក្នុងវិស័យសុខាភិបាល ដោយផ្តោតទៅលើការមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩៤មកម៉េះ។ នេះបើតាមការបញ្ជាក់របស់ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងការបរទេស នៅក្រោយជំនួបទ្វេភាគីនេះ។
អ្នកនាំពាក្សបន្តថា រដ្ឋាភិបាលស្វីសបានផ្ដោតសំខាន់ ទៅលើវិស័យ សុខាភិបាលដែលជួយទៅលើសុខភាពកុមារ,សុវត្ថិភាពស្បៀងនិងវិស័យកសិកម្ម ។

ចំពោះវិស័យសុខាភិបាលនៅកម្ពុជា ស្វីសនៅតែបន្តគាំទ្រដល់ថវិកាប្រចាំឆ្នាំចំនួន៤លានហ្វ្រង់ស្វីសស្មើនឹង៤ លានដុល្លារ ក្នុង១ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជាបច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិត ជនជាតិខ្មែរក៏ដោយ។

ក្រៅពីនេះរដ្ឋាភិបាលស្វីស បានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្ម និងផ្នែកបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរណ៍ និងផ្ដល់ជំនួយសម្រាប់វិស័យដោះមីន ពីឆ្នាំ 2020-2025 នូវថវិកា 6លានដុល្លាបន្ថែមទៀត តាមផែនការកម្ពុជានឹងបញ្ចប់ការដោះមីននៅឆ្នាំ 2025 ដែលកម្ពុជានឹងគ្មានគ្រាប់មីន។ ជាមួយគ្នានោះ រដ្ឋាភិបាលស្វីស បានផ្ដល់ជំនួយលើអភិបាលកិច្ចល្អ និងវិមជ្ឈការដោយមានកិច្ចសហការជាមួយនឹងក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានផ្តល់ជំនួយដល់វិស័យបោសសំអាតមីននៅកម្ពុជា និងជំនួយអភិវឌ្ឍន៍ជាច្រើនទៀតនៅកម្ពុជា ព្រមទាំងបានបន្តនឹងជំរុញបង្កើនទំហំពាណិជកម្ម នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ នៅក្នុងឆ្នាំ២០២០ នេះ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត និងដឹកនាំអ្នកធុរកិច្ច ជាប្រធានក្រុមហ៊ុនធំៗរបស់ស្វីសមកសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា និងជំរុញទេសចរណ៍ស្វីស មកកម្ពុជា ដើម្បីឲ្យកម្ពជាបន្តមានកំណើនសេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍ប្រជាជននិងប្រទេសទាំង២។

គួរបញ្ជាក់ផងដែរថា ក្រៅពីការគាំទ្ររបស់រដ្ឋាភិបាលស្វីស រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុង ១ឆ្នាំ១០លានដុល្លារ កាកបាទក្រហមកម្ពុជា ផ្ដល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំ១លានដុល្លារ និង មូលនិធិគន្ធបុប្ផា បានរួមចំណែកជាថវិកា ក្នុង១ឆ្នាំប្រមាណ ជា៥លានដុល្លារផងដែរ៕

កម្ពុជា គុយបា ពេញចិត្តចំពោះទំនាក់ទំនងការទូត និងការជួយគ្នាទៅវិញ ទៅមក

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមជាតំណាងឱ្យប្រជាជាតិកម្ពុជា និងលោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ក្នុងនាមជាតំណាងឱ្យ ប្រជាជាតិគុយបា បានបង្ហាញអំពីការពេញចិត្តចំពោះទំនាក់ទំនងការទូត និងការជួយគ្នាទៅវិញ ទៅមក នៃប្រជាជាតិទាំងពីរនៅក្នុងគ្រាលំបាក។ ការបង្ហាញពីមនោសញ្ចេតនាទៅវិញទៅមកបែបនេះធ្វើឡើងក្នុង ឱកាសដែលលោកជំទាវទូតគុយបាថ្មីប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចប្រធាន រដ្ឋសភាកម្ពុជា នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ កុម្ភៈនេះ។

ក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា កម្ពុជា-គុយបា មានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ គឺនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះគម្រប់៦០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរ ដែលចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្ត ថែរក្សា និងលើកកម្ពស់រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា គុយបា ជា មិត្តដ៏ល្អរបស់កម្ពុជា តែងជួយ និងគាំទ្រគ្នានៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបាន រំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ចពីប្រទេសមហាអំណាចមួយចំនួន នាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងបានផ្តល់ជំនួយភ្លាមៗមកដល់ ពលរដ្ឋកម្ពុជាដែលនៅរស់រានមានជីវិតពីរបប ប៉ុល ពត ជាពិសេសការជួយរបស់គុយបាមកលើផ្នែកសុខា ភិបាល ដែលជាជំនួយដ៏មានសារៈសំខាន់បំផុតក្នុងគ្រាដែលសុខភាពប្រជាជនកម្ពុជានាពេលនោះមាន បញ្ហាលំបាកយ៉ាងខ្លាំង ហើយដោយឡែកលោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ឯកអគ្គរដ្ឋទូត គុយបាថ្មីក៏បានអរគុណចំពោះកម្ពុជាវិញដែរ។ គុុយបា អរគុណកម្ពុជា ក៏ព្រោះតែកម្ពុជាមិនបានគាំទ្រ ចំពោះការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមកលើប្រទេសគុយបា ហើយដែលប្រទេស ទាំងពីរតែងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទាំងអស់។ លោកជំទាវ បានអរគុណរដ្ឋសភា កម្ពុជា ដែលតែងជំរុញដល់ការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-គុយបា ឲ្យរឹងមាំជាលំដាប់ ពិសេសតាម រយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។

លោកជំទាវទូតបានលើកឡើងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិន មែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការ ជាច្រើនរួមគ្នា និងថា លោកជំទាវមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់ តែរឹងមាំឡើង ខណៈដែលសម្តេចប្រធានរដ្ឋសភាកម្ពុជាបានអះអាងថា រដ្ឋសភាកម្ពុជាពិតជាពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ ទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការទូតរបស់លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដោយនឹងធ្វើកិច្ច សហប្រតិបត្តិការពេញលេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវទទួលបានជោគជ័យ៕