All posts by មេគង្គ ប៉ុស្តិ៍

សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅអូស្រា្តលី សប្តាហ៍ក្រោយ

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំនឹងដំណើរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំ APPF របស់សម្តេចប្រធានរដ្ឋសភានាឱកាសនេះ តបតាមការអញ្ជើញរបស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។

តាមសេចក្តីជូនដំណឹងក៏បានបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ក្នុងនាមសម្តេចធ្លាប់ជាប្រធាន APPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅពេលដែលសភាប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧។ ជាមួយគ្នានេះ សម្តេចក៏នឹងអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ចែករំលែកបទពិសោធន៍ពីការដឹកនាំនិងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ផងដែរ។

អំឡុងពេលចូលរួមកិច្ចប្រជុំ ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីប្រធានរដ្ឋសភាប្រទេសអូស្រា្តលី និងទទួលជូបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនូនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិការនយោបាយនិងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសមាជិកសភាស្រ្តី និងគណៈកម្មាធិការប្រកាសរួម គណៈកម្មាធិការសហប្រតិបត្តិការតំបន់ ជាដើម៕

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។

អង្គការសភាមួយនេះ មានសមាជិក ២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឺឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី ម៉ិកស៉ិកកូរ​ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ កូស្តារីការ។

សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕

 

ករណី​រត់​ជាន់គ្នា​ក្នុង​ពិធី​បុណ្យសព​របស់​មេបញ្ជាកា​រ​អ៊ីរ៉ង់ អ្នកស្លាប់​កើនដល់​៥៦​នាក់​

អ៊ីរ៉ង់ ៖ អាជ្ញាធរ​អ៊ីរ៉ង់បាន​និយាយថា ​ចំនួន​អ្នកស្លាប់ក្នុង​ករណីរត់​ជាន់គ្នា​ក្នុង​ពិធី​បញ្ចុះសព​មេបញ្ជាការ​កំពូល​ម្នាក់​ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក បាន​កើន​ដល់​៥៦​នាក់​ហើយ​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN ។​

​មនុស្ស​ជាង​២១០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ឧប្បត្តិ​ហេតុនេះ​ដែល​កើតឡើង​នៅ​ទីក្រុង Kerman​។ សព​របស់លោក Qasem Soleimani ត្រូវបាន​តម្កល់​នៅឯ​ស្រុកកំណើត​របស់គាត់​ខណៈ​មនុស្ស​រាប់លាន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តាម​ដងផ្លូវ​សម្រាប់​ពិធី​ដង្ហែ​សព​របស់គាត់​។ ការសម្លាប់​គាត់​បាន​បង្ក​ជាការ​ភ័យខ្លាច​អំពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​។​

​លោក Soleimani ត្រូវបាន​គេ​ចាត់ទុកថា ​ជា​បុរស​មានអំណាច​បំផុត​លំដាប់​ទី​២​ក្នុងប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​មេដឹកនាំ​កំពូល​លោក Khamenei​។ ទោះបីជា​យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​បាន​មើលឃើញថា គាត់​ជា​ភេរវ​ករ​និង​ជាការ​គំរាមកំហែង​ដល់​កងទ័ព​អាមេរិក​។​

​​នៅ​ទីក្រុង Kerman ភាគ​អាគ្នេយ៍​ប្រទេស​អ៊ីរ៉ង់ មនុស្ស​ជាច្រើន​ត្រូវបាន​គេ​មើលឃើញ​នៅតាម​ដងផ្លូវ​ជាថ្មី​ម្តងទៀត​ខណៈ​សាកសព​របស់លោក Soleimani នឹងត្រូវ​បញ្ចុះ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕

 

 អ៊ីរ៉ង់គំរាមវាយប្រហារដល់ទឹកដីអាមេរិក អ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម

តេហេរ៉ង់ ៖ សារព័ត៌មាន CNN ចេញផ្សាយមុននេះថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃពុធនេះបានគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការសងសឹក ចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់ពីសំណាក់យោធាអ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។

ការគំរាមបែបនេះរបស់អ៊ីរ៉ង់ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil) បានរងការវាយប្រហារ ដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់នៅព្រឹកថ្ងៃពុធនេះ៕

អ៊ីរ៉ង់បាញ់មីស៊ីលរាប់សិបគ្រាប់ លើមូលដ្ឋានទ័ពក្នុងប្រទេសអ៊ីរ៉ាក់ជាកន្លែងកងទ័ពអាមេរិកស្នាក់នៅ

អាមេរិក ៖ មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិកបានអះអាងថា មូលដ្ឋានទ័ពចំនួនពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ ដែលមានវត្តមានកងទ័ពអាមេរិកនៅទីនោះបានរងការវាយប្រហារដោយគ្រាប់មីស៊ីលអ៊ីរ៉ង់រាប់សិបគ្រាប់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់បានអះអាងថា ក្នុងចំណោមការវាយប្រហារមូលដ្ឋានទ័ពពីរទីទាំង នៅក្នុងទីក្រុង អេប្រីល (Ebril) នោះ គឺមានមូលដ្ឋានទ័ពអាកាសមួយឈ្មោះ អេនអាល់អាស្សាដ (Ain al-Asad) បានទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនជាង១០គ្រាប់ និងបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន តែមិនទាន់មានការបញ្ជាក់អំពីចំនួនច្បាស់លាស់នោះឡើយ។

មន្ទីរបញ្ចកោណអាមេរិក និងមេបញ្ជាការទ័ពប្រចាំប្រទេសអ៊ីរ៉ាក់ កំពុងតែធ្វើការត្រួតពិនិត្យ លើចំនួនការខូចខាតជារួមនៅឡើយ។ ក្រសួងការពារជាតិអាមេរិក ក៏ធ្លាប់បានអះអាងផងដែរថា មូលដ្ឋានទ័ពខាងលើនេះ គឺសុទ្ធតែស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ និងបានប្រាប់យោធាទីនោះឲ្យប្រុងជើងការកម្រិតខ្ពស់ រួចទៅហើយកាលពីប៉ុន្មានថ្ងៃមុននេះ៕

ថ្ងៃខួប៧មករា ប្រធានបក្សកាន់អំណាចប្តេជ្ញាការពារសន្តិភាព និងបង្កើនល្បឿនសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ នៅក្នុងមីទ្ទីញអបអរសាទរខួបលើកទី៤១ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា ៧៩ – ៧ មករា ២០២០ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសមិទ្ធផលធំរបស់គណបក្សកាន់អំណាច ដែលបានធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរ ជាមួយនឹងការរក្សាកំណើនសេដ្ឋកិច្ចជាតិ។ ថ្ងៃខួប ០៧ មករា នេះដែរ ប្រធានគណបក្សកាន់អំណាច ប្តេជ្ញារក្សាសន្តិភាព និងការពារឯករាជ្យ អធិបតេយ្យភាពជាតិកម្ពុជា ទោះស្ថិតនៅក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ។

សមិទ្ធផលធំៗ ដែលប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលេចនៅចំពោះមុខមហាជនជាង៣ម៉ឺននាក់ និងផ្សាយគ្រប់បណ្តាស្ថានីយ៏ទូរទស្សន៍ គឺការរក្សាបាន នូវសុខសន្តិភាព សន្តិសុខសណ្នាប់ធ្នាប់ ការពង្រឹងខឿនសេដ្ឋកិច្ច ពាណិជ្ជកម្ម ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងការប្តេជ្ញាប្រែក្លាយជាប្រទេសឲ្យមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើតាមសម្តេចតេជោ ៤១ឆ្នាំមក នេះ កម្ពុជា បានពុះពារគ្រប់ឧបសគ្គ និងការលំបាកច្រើនឥតគណនា ឆ្លងកាត់ ដំណាក់កាលប្រវត្តិសាស្ត្រ ដើម្បីរស់ឡើងវិញ។ កម្ពុជា សម្រេចបាននូវការកែ ទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយ ការកាត់បន្ថយភាពក្រីក្រឲ្យកំរិតទាប ជួយ លើកកំពស់សុខុមាលភាពជីវភាពប្រជាជន តាមរយៈគោលនយោបាយជាតិ គាំពារសង្គម និងការលើកកំពស់ជីវភាពរបស់កសិករនៅមូលដ្ឋាន។ ក្នុងនាម ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានប្រកាសការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាពជាតិ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ហើយការប៉ុនប៉ងណាដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយដាក់បង្ខំ ឲ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយក បានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យជនរួមជាតិ បន្តរួបរួមសាមគ្គីគ្នា ជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលកម្ពុជា នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏រុងរឿង។ គួរបញ្ជាក់ដែរ ឆ្នាំ២០១៩ កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ចំណែកផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់កើនពី១៥៤៨ ក្នុងឆ្នាំាំ២០១៨ ដល់ប្រមាណ១៦៧៩ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមកក្រោម១០ភាគរយ នាបច្ចុប្បន្ន។ កម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារធ្វើមានប្រមាណ ០,៣ភាគរយ ប៉ុណ្ណោះ៕

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមករា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ ជាមួយនិងខ្យល់មូសុងឦសានខ្សោយបក់គ្របដណ្តប់ លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C ។

២៖ តំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ។

៣៖ តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។

ក្រសួងបញ្ជាក់ទៀតថា ក្នុងចន្លោះនៃរយៈពេលព្យាករណ៍នេះ អាចមានភ្លៀងខ្សោយ ពិសេសនៅបណ្តាខេត្តនាតំបន់មាត់សមុទ្រ៕

 

 

មនុស្សស្លាប់៤០នាក់ របួស២១៣នាក់ ដោយសាររត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់ 

តេហេរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់៤០នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតទទួលរងរបួស ដោយសារការរត់ជាន់លើគ្នានៅក្នុងពិធីបុណ្យសព លោក កាស្សេម សូឡៃមេនី (Qassem Soleimani) មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន Al Jazeera។

មន្ត្រីគ្រប់គ្រងគ្រាមានអាសន្នអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់ថា ប្រជាជនដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសពចំនួន៤០នាក់ និង២១៣នាក់ទៀតទទួលរងរបួសដោយសារហេតុនេះហើយ ទើបពិធីបញ្ចុះសពលោក Soleimani ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មី នឹងត្រូវប្រកាសនាពេលក្រោយទៀត។

ពិធីបុណ្យសពលោកមេទ័ពអ៊ីរ៉ង់ Qassem Soleimani ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការ រក្សារបៀបរៀបរយ។ លោក Soleimani ដែលមួយរយៈចុងក្រោយនេះមានភាពល្បីល្បាញខ្លាំងក្នុង ទំព័រសារព័ត៌មានអន្តរជាតិ តាមរយៈការព្រមានសហរដ្ឋអាមេរិក ជាបន្តបន្ទាប់នោះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកងទ័ពអាកាសអាមេរិក លើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន៕

 

សារព័ត៌មានកូរ៉េខាងជើង ៖ មជ្ឈឹមបូព៌ានឹងក្លាយជាផ្នូររបស់កងទ័ពអាមេរិក បើផ្ទុះសង្រ្គាមជាមួយអ៊ីរ៉ង់

សេអ៊ូល ៖ គេហទំព័រព័ត៌មានកូរ៉េខាងជើង អារីរាំង មារី (Arirang Meari) បានចេញផ្សាយថា តំបន់មជ្ឈិមបូព៌ានឹងក្លាយជាទីវាលបញ្ចុះសពរបស់កងទ័ពអាមេរិក បើសិនជាលោក ដូណាល់ ត្រាំ ប្រកាសធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន Sputnik។

គេហទំព័រ Arirang Meari កាលពីសប្តាហ៍មុនក៏បានកត់សម្គាល់ដែរថា បើតាមអ្នកជំនាញជាច្រើន សហរដ្ឋអាមេរិកកំពុងដើរចូលក្នុងភាពចលាចល នៃសង្រ្គាមមជ្ឈិមបូព៌ាដោយខ្លួនឯង រីឯសម្ព័ន្ធមិត្តធំៗមួយចំនួនរបស់អាមេរិក ទំនងជានឹងមិនគាំទ្រ ឬក៏ចូលរួមជាមួយលោក ដូណាល់ ត្រាំ ក្នុងការធ្វើសង្រ្គាមទល់នឹងទីក្រុងតេហេរ៉ង់នោះដែរ ដោយសារតែបញ្ហានយោបាយផ្ទៃក្នុង ព្រមទាំងការព្រួយបារម្ភពីផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចរបស់ពួកគេ។

ដោយឡែកទាក់ទិននឹងសំណុំរឿងមជ្ឈិមបូព៌ានេះដែរ លោក ជុង សេយុន (Jeong Se Hyun) ដែលជាអតីតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានយល់ថា មរណភាពរបស់លោក Qassem Soleimani អាចនឹងធ្វើឱ្យលោក គីម ជុងអ៊ុន មានសម្ពាធផ្លូវចិត្ត ហើយកូរ៉េខាងជើងនឹងកាន់តែមានការប្រុងប្រយ័ត្នជាងមុន មុននឹងទម្លាយពីទីតាំងដែលលោក គីម ស្ថិតនៅ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបានកត់សម្គាល់កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកដែលបានសម្លាប់លោក សូឡីនី នៅទីក្រុងបាកដាដ៕

 

តុលាការអង់គ្លេសកាត់ទោសនិស្សិតឥណ្ឌូនេស៊ីម្នាក់ឲ្យជាប់គុកមួយជីវិត ករណីរំលោភភេទដូចគ្នាជិត២០០នាក់

មែនឆេស្ទឺរ ៖ និស្សិតឥណ្ឌូនេស៊ីម្នាក់ត្រូវបានតុលាការក្រុងមែនឆេស្ទឺរ នៃចក្រភពអង់គ្លេសកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងករណីរំលោភប្រុសដូចគ្នារហូតដល់ទៅ១៩៥នាក់ក្នុងរយៈពេល ២ ឆ្នាំកន្លះតាមរយៈការពង្វក់ដោយដាក់ថ្នាំសណ្តំ។ នេះបើតាមសារព័ត៌មាន CNA។

ប៉ូលិសអង់គ្លេសជឿជាក់ថា ស្ថិតក្រោមការកាត់ក្តីអមដោយភស្តុតាង និងសាក្សីជាច្រើនកន្លងមកនេះ និស្សិតជនជាតិឥណ្ឌូណេស៊ីឈ្មោះ រ៉ៃញ៉ាដ ស៊ីណាហ្គា (Reynhard Sinaga) ត្រូវបានតុលាការសម្រេចឲ្យ ជាប់ពន្ធនាគារអស់មួយជីវិតនៅអង់គ្លេស។

ប៉ូលិលបន្តថា ដោយសារតែពាក្យបណ្តឹងទៅលើនិស្សិតឥណ្ឌូណេស៊ី Reynhard Sinaga មានច្រើនខ្លាំងពេក ដូច្នេះការកាត់ក្តីដោយតុលាការត្រូវបានធ្វើឡើងជាច្រើនលើក ខណៈពាក្យបណ្តឹងដែលបានលើកយកមកកាត់ក្តីរួចនោះ គឺទើបតែសម្រេច៨៨ករណីប៉ុណ្ណោះ ក្នុងចំណោមជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងសរុប១៥៩ករណី។

លោក Reynhard Sinaga មានអាយុ ៣៦ឆ្នាំត្រូវបានប៉ូលិសអង់គ្លេសរកឃើញថា តែងតែបានហៅជនរងគ្រោះទៅផ្ទះរបស់ខ្លួន ក្នុងន័យស្នើសុំជំនួយអ្វីមួយ ហើយក្រោយមកជនល្មើសរូបនេះ ក៏បានដាក់ថ្នាំសណ្តំបុរសទាំងនោះ ហើយចាប់ផ្តើមសកម្មភាពរំលោភបំពានផ្លូវភេទតែម្តង។ ជនរងគ្រោះភាគច្រើន គឺជានិស្សិតមិនទាន់បញ្ចប់ការសិក្សា និងមានអាយុ ២០ឆ្នាំស្តើង៕

 

ចំណីអាហារ ៦​ប្រភេទ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លក់​ដូរ​នៅ​តាម​សាលា​រៀន

ភ្នំពេញ ៖ តាម​រយៈ​​សេចក្ដី​ណែនាំ​លេខ​១៨ អយក.សណន ចុះ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដែល​ត្រូវ​បាន​ហាម​ឃាត់​។

ចំណី​អាហារ​ ៦​ប្រភេទ​​គឺ ៖ ១. ​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ហួស​កំណត់​កាល​បរិច្ឆេទ។ ២. គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ។ ៣. ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់។ ៤. ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម​ខ្លាំង កាហ្វេ ការ៉េម ទឹក​ស៊ីរ៉ូប៍​គ្រប់​ប្រភេទ។ ៥. ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ និង៦. ចាហួយ​គ្រប់​ប្រភេទ នំ​ដូ​ណាត់ នំ​ផ្អែម​ខ្លាំង។

សូម​ជម្រាប​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ៦ មករា ឆ្នាំ ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​យុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ដោយ​យុទ្ធនាការ​ជំហាន​ដំបូង​នេះ​បាន​ប្រព្រឹត្ត​ទៅ​​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម​​។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ យុទ្ធនាការ​នេះ​ត្រូវ​ធ្វើ​បាន​ធ្វើ​ឡើង​ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​អ្នក​លក់​ដូរ ដែល​ជា​គោលដៅ​សំខាន់​ ឱ្យ​មាន​បញ្ហា​សុខភាព​ដល់​សិស្សានុសិស្ស​ ជា​ពិសេស​កុមារ​តូច​ៗ​។

ការ​រៀប​ចំ​យុទ្ធនា​ការ​នេះ​គឺ​ដើម្បី​ធានា​ថា ចំណី​អាហារ​នៅ​ក្នុង​សាលា​រៀន​មិន​មាន​សារធាតុ​គីមី និង​មាន​អនាម័យ​ល្អ និង​ធានា​បាន​ថា សិស្សានុសិស្ស​មិន​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ចំណី​អាហារ​ក្នុង​សាលា​រៀន ជា​ពិ សេស​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​តំបន់​ដាច់​ស្រយាល៕

 

 

៣១គម្រោងវិនិយោគថ្មីតម្លៃជាង២ពាន់លានដុល្លារ នឹងចាប់ផ្តើមនៅដើមឆ្នាំនេះក្នុងរាជធានី ខេត្តចំនួន៧

ភ្នំពេញ ៖ នៅដើមឆ្នាំ២០២០ គម្រោង វិនិយោគថ្មីចំនួន៣១ ដែលត្រូវបានអនុម័តយល់ព្រម ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងខែធ្នូ ឆ្នាំ២០១៩ នឹងចាប់ផ្តើមដំណើរ ការ លើផលទុនសរុបជាង ២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមតួលេខដែល បានកត់ត្រា និងបង្ហាញដោយ CDC។
គម្រោងវិនិយោគថ្មីៗទាំង៣១ នោះ រួមមាន នៅក្នុងរាជធានីភ្នំពេញចំនួន ៨ទីតាំង ខេត្ត តាកែវ ចំនួន ២ទីតាំង ខេត្តស្វាយរៀង ចំនួន ២ទីតាំង ខេត្តកណ្តាល ចំនួន ៦ទីតាំង ខេត្ត កំពង់ស្ពឺ ចំនួន៦ទីតាំង ខេត្តព្រះសីហុន ចំនួន៦ទីតាំង និងខេត្តពោធិសាត់ ចំនួន១ទីតាំង។
ពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជា គេមើលឃើញថា លំហូរវិនិយោគនៅតែមានជាបន្ត បន្ទាប់ ចំណែកការនាំចេញសម្រាប់ឆ្នាំ២០១៩ ក៏មានកំណើនគួរឲ្យកត់សម្គាល់ដែរបើទោះ បីជាកម្ពុជាកំពុងប្រឈមនឹងបញ្ហាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ឬហៅថា អ្វីគ្រប់យ៉ាង លើកលែងតែអាវុធដោយសហភាពអឺរ៉ុប ក៏ដោយ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុង រយៈពេល ៩ខែដើមឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និង ស្បែកជើង ដែលមានតម្លៃជាង ៧,៩៧ ពាន់លានដុល្លារ កើនឡើង ១៣,១៨ ភាគរយ ពី មួយឆ្នាំទៅមួយឆ្នាំ ដែលស្នើនឹងជាង ៩រយលានដុល្លារ។
របាយការណ៍ដដែល បញ្ជាក់ថា ទីផ្សារនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែក ជើងកម្ពុជា ទៅបរទេស មានដូចជា អាមេរិក គិតជាទឹកប្រាក់ ២,៥ពាន់លានដុល្លារ សហ ភាពអឺរ៉ុបចំនួន ២,៤ពាន់លានដុល្លារ ចក្រភពអង់គ្លេសចំនួន ៦៧០លានដុល្លារ ជប៉ុនចំនួន ៧១១ លានដុល្លារ ប្រទេសសមាជិកអាស៊ានចំនួន ១២១លានដុល្លារ និងបណ្តាប្រទេស ផ្សេងទៀតប្រមាណ ១,៥ ពាន់លានដុល្លារ៕ ដោយ ៖ អ៊ុក សំអាង

រូបឯកសារ

ប្រមុខកងទ័ពកម្ពុជា ៖ គ្រប់កាលៈទេសៈ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងគិតគូរពីសុខទុក្ខរបស់កងទ័ព

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ សម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងជម្រាបជូននាយទាហាន នាយទាហានរង និងពលទាហានថា ៖ គ្រប់កាលៈទេសៈទាំងអស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តែងគិតគូរយកចិត្តទុកដាក់ជានិច្ចអំពីសុខទុក្ខនិងការរស់នៅរបស់កងទ័ព ក្នុងនាមចាអគ្គភស្តុភារជាន់ខ្ពស់។

ការថ្លែងរបស់សម្តេចពិជ័យ ទៀ បាញ់ បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងពិធីអបអរសារទរខួប១០ឆ្នាំថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នេះ ដោយមានការអញ្ជើញចូលរួមពីនាយទាហានជាន់ខ្ពស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងមកពីបណ្តាកងឯកភាពជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ សម្តេចពិជយ័សេនា ទៀ បាញ់ បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកដោយក្តីនឹករលឹក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុ នសែន ជូនចំពោះនាយទាហាន នាយទាហានរងនិងពលទាហានព្រមទាំងក្រុមគ្រួសារទាំងអស់។សម្តេចបានថ្លែងថា៖ពិធីអបអរសារទរខួប១០ឆ្នាំថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣នៅពេលនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤១ទិវាជយ័ជំនះមករា១៩៧៩-២០២០នៅថ្ងៃស្អែកនេះ។

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទ សូមសំដែងនូវភក្តីភាពដ៍ជ្រាលជ្រៅ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គ្រប់កាលៈទេសៈរាល់ការលំបាករបស់កងទ័ព ពិសេសកងពលអន្តរាគមន៍លេខ៣ ក្នុងនាមជាអគ្គភ័ស្តុភារជាន់ខ្ពស់។

ជាមួយគ្នានេះដែរសម្តេចពិជយ័សេនា ទៀ បាញ់ បានថ្លែងមនោសញ្ចេតនារីករាយអបអរសារទរជាមួយមេបញ្ជាការរងនិងពលទាហានទាំងអស់ នៃកងពលធំងអន្តរាគមន៍លេខ៣ និងសូមសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលះទេសះតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជននិងសង្គមជាតិទាំងមូល។

សម្តេចពិជ័យសនា ទៀ បាញ់ ក៍បានធ្វើការណែនាំដល់នាយទាហាននិងពលទាហានទាំងអស់ត្រូវអនុវត្តអោយបានល្អនូវតួនាទីភារកិច្ចរបស់កងទព័ចំនួន៩ចំនុច និងផ្តាំផ្ញើដល់មេបញ្ជាការតាមបណ្តាអង្គភាព ត្រូវមានការលើកទឹកចិត្តដល់ពលទាហានដែលនៅឆ្ងាយ តាមរយៈការដំឡើងស័ក្កិអោយ មិនត្រូវមើលឃើញតែអ្នកនៅក្បែរខ្លួននោះទេ។
ទន្ទឹមនិងនោះសម្តេចក៍បានថ្លែងនូវការអរគុណចំពោះអង្គភាពសម្ពន្ធ័មេត្រីទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់អង្គភាពកងពលធំន្តរាគមន៍លេខ៣ និងកងពលតូចទាំងបីចំណុះ។ នៅក្នុងឱកាសនោះផងដែរសម្តរចបានឧបត្ថម្ភថវិកាចំនួន២០លានរៀល និងសម្ភារៈមួយចំនួនផងដែរ៕ 

កម្លាំងចម្រុះកម្ពុជា នឹងធ្វើសមយុទ្ធសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ នៅព្រលានអន្តជាតិភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ក្រោមប្រធានបទ «ការសង្គ្រោះ ចំណាប់ខ្មាំងលើយន្ត ហោះ» នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមលិខិតរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្ញើជូន រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
សមយុទ្ធប្រចាំឆ្នាំនេះ នឹងមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួមមានទាំងយន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ ជាដើម។
ក្នុងលិខិតដដែល លោក ម៉ៅ ហាវណ្ណាល់ បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយអន្តរាគម ន៍ ផ្សព្វផ្សាយព័ត៌មាននេះ តាមរយៈវិទ្យុ និងទូរទស្សន៍ទាំងអស់ជូនសាធារណជនឱ្យបានជ្រាបទូលំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការប្រតិបត្តិការឱ្យបានរលូន និងទទួលបានជោគជ័យ និងដើម្បីកុំឱ្យសាធារណជនមានការភ័ន្តច្រឡំពីព្រឹត្តិការណ៍លំហាត់ សមយុទ្ធនេះ៕

ធនាគារជាតិម្ពុជា ៖ ឆ្នាំ២០២០ កម្ពុជានឹងរក្សាកំណើនសេដ្ឋកិច្ច ៧ភាគរយ ទោះបីគ្មាន EBA ក៏ដោយ

ភ្នំពេញ ៖ បើទោះបីជាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ក៏ការនាំចេញរបស់កម្ពុជា នៅតែបន្ដកើនឡើង និងរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៧ភាគរយ នៅក្នុងឆ្នាំ ២០២០ នេះ ។ នេះបើតាម របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលមានចំណងជើងថា «វឌ្ឍនភាពម៉ាក្រូ សេដ្ឋ កិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» បានបញ្ជាក់ថា «កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ត្រូវបានរំពឹងថា អាចសម្រេចបានក្នុងរង្វង់ ៧ភាគរយ ជាមួយ នឹងកម្រិតអតិផរណាប្រមាណ ២,៣ភាគរយ។ ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្ដល់ អំណោយផលដល់ការនាំ ចេញ ការវិនិយោគរបស់បរទេស និងវិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលសេដ្ឋកិច្ច ទទួលបានលទ្ធផលជាលំដាប់ ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ី ជម្រៅ សម្រាប់គាំទ្រដល់ការរីកចម្រើន នៃសេដ្ឋកិច្ចប្រកបដោយចីរភាព»។
របាយការណ៍ដដែលបានអះអាងថា បើទោះបីជាសហភាពអឺរ៉ុប ដែលអាចនឹងសម្រេចដក EBA ពីកម្ពុជានៅខែកុម្ភៈ ឆ្នាំ២០២០ ក្តី ក៏ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា នៅតែបន្ដមានកំណើនតាមការរំពឹងទុក។
គួរជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយ ផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។
ដោយឡែក ការកំណើនប្រាក់ឈ្នួលអប្បបរិមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ៕

គ្មានការដកតំណែងអភិបាលខេត្តកែប ដោយសារបាក់រលំអគារស្លាប់ និងរបួស ៥៩នាក់នោះទេ

ភ្នំពេញ ៖ គ្មានការដកតំណែងលោក កែន សត្ថា អភិបាលខេត្តកែប នោះទេ បើទោះបីជាមានមនុស្សមួយចំនួនពិសេសមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជំរុញឲ្យមានការដកតំណែងអភិបាលខេត្តកែបយ៉ាងណាក៏ដោយ។ សម្ដេចតេជោ ក៏បានព្រមាននឹងចាត់ការទៅលើអ្នកលើកឡើងឲ្យមានការតំណែងអភិបាលខេត្តកែបផងដែរ ពិសេសមន្ត្រីក្នុងជួរដ្ឋាភិបាលតែម្ដង។

សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ នៅក្នុងសន្និសីទក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅក្នុងខេត្តកែប និងនៅបន្ទាប់ពីមានអ្នកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និងមន្ត្រីរដ្ឋាភិបាលផង បានផ្ញើសារទៅក្នុងបណ្ដាញទំនាក់ទំនងរបស់សម្ដេច ដូចជា Whatapp និង Telegram ជាមួយ ក្នុងគោលបំណងចង់ឲ្យដកតំណែងអ្នកនេះ អ្នកនោះ តែសម្ដេចតេជោ បានបញ្ជាក់ថា នេះ ជាពេលវេលាគិតពីរឿងសំខាន់ក្នុងការជួយសង្គ្រោះជីវិតពលរដ្ឋ មិនមែនជាពេលគិតគូរពីអ្នកណាខុស អ្នកណាត្រូវនោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន មានប្រសាសន៍ថា«នៅពេលដែលកើតរឿងភ្លាម មានអ្នកបង្ហោះតាមហ្វេសប៊ុក ហើយក៏មានអ្នកវាយសារចូលមកក្នុង Whatapp និង Telegram របស់ខ្ញុំ ធ្វើការស្ដីបន្ទោសអ្នកនេះ ស្ដីបន្ទោសអ្នកនោះ ត្រូវការដកអ្នកនេះ ត្រូវការដកអ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់ក្នុងអ្វីដែលជាការគិតធំបំផុត គឺបញ្ហាសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋរបស់យើង។ មិនមែនជាបញ្ហាត្រូវរករឿងអ្នកណាខុស អ្នកណាត្រូវ នៅពេលនោះទេ នេះជារឿងនៅពេលក្រោយ។ ក៏ប៉ុន្ដែ ខ្ញុំអាចបញ្ជាក់ក្នុងការជៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីមិនត្រូវបានដកចេញពីតំណែងទេ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមាននឹងពិនិត្យទៅលើមន្ត្រីក្នុងជួរដ្ឋាភិបាលមួយចំនួនដែលបានបង្ហោះសារលើហ្វេសប៊ុក និងអ្នកផ្ញើសារមកសម្ដេច ក្នុងគោលបំណងឲ្យដកតំណែងអភិបាលខេត្តកែប នោះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ការរលំបាក់អគារនេះ វាមិនមែនមានតែនៅកម្ពុជានោះឡើយ នៅបណ្ដាប្រទេសជាច្រើនក៏មានដែរ តែមិនដែលឃើញមានការដកតំណែងអភិបាលខេត្ត ឬក្រុងរបស់ប្រទេសទាំងនោះទេ។ សម្តេច បន្តថា កំហុសធំ គឺដោយសារតែការសាងសង់ខុសបច្ចេកទេសរបស់មេការសំណង់ ប៉ុន្ដែទោះជាយ៉ាងណា មេការសំណង់ និងកូនរបស់គាត់ ក៏បានបាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានឧបទ្ទវហេតុនេះដែរ ថា «បឋមវិភាគលើបច្ចេកទេសបានបង្ហាញថា ទីមួយ សរសៃដែកតូចជាងស្តង់ដារ; ទីពីរ ក្តារពុម្ព ដកមុនពេលកំណត់ ប្រហាក់ប្រហែលតែជាងដប់ថ្ងៃ! តែយ៉ាងណាក្តី មេការសំណង់ និងកូនប្រុសរបស់គាត់ បានស្លាប់ក្នុងកម្ទេចសំណង់»នោះដែរើ។

សូមជម្រាបថា ក្រោយពីបានបិទបញ្ចប់ការរុករកក្រុមរុករកបានរកឃើញ អ្នករងគ្រោះក្នុងឧបទ្ទវេហេតុនេះ ចំនួន ៥៩នាក់ ក្នុងនោះ អ្នកស្លាប់មានចំនួន ៣៦ នាក់អ្នកដែលរស់រានមានជីវិតចំនួន ២៣នាក់។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសម្រាប់អ្នកដែលរងរបួស ទទួលបាន ១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សម្រាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព។
គិតមកទល់នឹងម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ ខែមករា ម្សិលមិញនេះ រដ្ឋាភិបាលបានទទួលថវិកាឧបត្ថម្ភពីសប្បុរសជនបានចំនួនជិត ២លានដុល្លាអាមេរិក ហើយសម្រាប់ជួយដល់ជនរងគ្រោះ៕ ( រូបឯកសារ)