All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុន Air Asia ចង់បង្កើត Cambodia Air Asia នៅកម្ពុជា

ភ្នំពេញ ៖ លោក Bo Lingam ប្រធានក្រុមហ៊ុនអាកាសរណ៏ Air Asia បានលើកឡើងថា ដោយមើលឃើញពីវិស័យអាកាសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ និងភ្ញៀវទេសចរមានកំណើនឱ្យកត់សំគាល់ ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍សំបុត្រថោក (Low Cost Carrier -LCC) មានយន្តហោះច្រើនជាងគេបំផុតនៅអាស៊ី និងហោះទៅកាន់គោលដៅចំនួន១៦៥ជុំវិញពិភពលោក ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia។

ការលើកឡើងរបស់លោក Bo Lingam បែបនេះធ្វើឡើងក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

ជាការឆ្លើយតបនាយឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្វាគមន៍នូវបំណង ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍សំបុត្រថោក (Low Cost Carrier -LCC) ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ីសម្រាប់ការវិនិយោគបរទេស។ ទន្ទឹមនោះនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានណែនាំឱ្យតំណាងក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៍អនុញ្ញាតទៅប្រមុខរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខ៕

 

អាមេរិកត្រៀមខ្លួនចរចាមែនទែនជាមួយអ៊ីរ៉ង់ ក្រោយប្រឈមមុខដាក់គ្នាដ៏តានតឹង

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាប្រកបដោយភាពប្រាកដប្រជា ជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីប្រឈមមុខដាក់គ្នាដ៏តានតឹងអស់រយៈពេលជាច្រើនថ្ងៃ។ បើតាមលិខិតមួយច្បាប់ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC។

ក្នុងលិខិតមួយផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Kelly Craft ក៏បានបញ្ជាក់ផងដែរថា ការសម្លាប់លោក Qasem Soleimani គឺជាសកម្មភាពការពារខ្លួនសុទ្ធសាធរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ផែនការវាយប្រហារមកលើបុគ្គលិកទូត និងយោធាអាមេរិក នៅក្នុងតំបន់ ដឹកនាំដោយមេទ័ពអ៊ីរ៉ង់រូបនេះ។

លិខិតនេះដដែលបន្ថែមទៀតថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាប្រកបដោយភាពប្រាកដជាជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌ ជាមួយវត្ថុបំណងបង្កាការបំផ្លិចបំផ្លាញសន្តិសុខ និងសន្តិភាពអន្តរជាតិ ឬក៏ការបង្កជម្លោះណាមួយពីសំណាក់របស់ដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការបន្ថែម ក្នុងករណីចាំបាច់សំដៅការពារផលប្រយោជន៍អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងបុគ្គលិក ឬពលរដ្ឋអាមេរិកទាំងអស់។

យ៉ាងណាក៏ដោយភាគីអ៊ីរ៉ង់ នៅមិនទាន់មានការឆ្លើយតបចំពោះការត្រៀមរបស់អាមេរិកនេះទេ។

សូមជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងរឹងតែខ្លាំងកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលជាង ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក អេន អាល់អាស្សាដ (Ayn al-Asad) ស្ថិតនៅភាគខាងលិចខេត្ត អាន់បារ (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អ៊ឺប្រ៊ីល (Erbil) នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព កាស្សេម សូឡៃមេនី (Qasem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់កាលពីសប្ដាហ៍មុន៕

 

 

អាមេរិក​អះអាងថា យន្តហោះអ៊ុយ​ក្រែ​ន១៧៦នាក់​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ម៉ី​សីល​

អាមេរិក ៖ មន្ទីរ​បញ្ជ​កោណ​របស់​សហរដ្ឋអាមេរិក បាន​អះអាង ករណី​យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ គឺ​ដោយសារ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ម៉ី​សីល មិនមែន​ដោយសារ​បញ្ហា​គ្រឿង​ម៉ាស៊ីន​ទេ នេះ​បើ​យោងតាម​ផ្កាយរណប​ស៊ើបការណ៍​របស់​អាមេរិក។

បើតាមសារ​ព័ត៌មាន BBC បានផ្សាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បានធ្វើការ​សន្និដ្ឋាន​ថា ​ពេលវេលា​នៃ​ការធ្លាក់​យន្តហោះ​នេះ​បង្ហាញថា​ យន្ដហោះ​អាច​ត្រូវបាន​គេ​យល់ច្រឡំ​ថា​ ជា​យន្តហោះ​ចម្បាំង​របស់​អាមេរិក​នៅ​ពេលដែល​អ៊ីរ៉ង់​បាន​ត្រៀម​សម្រាប់​ការ​សងសឹក​អាមេរិក ក្រោយ​ការធ្វើឃាត​មេទ័ព​អ៊ីរ៉ង់ លោក Qassem Soleimani ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

ដោយឡែកសារព័ត៌មាន CBS News បាន​ដកស្រង់​ប្រភពព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​ដែល​និយាយថា ​ផ្កាយរណប​មួយ​បាន​រកឃើញថា ​កាំជ្រួច​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផ្ទុះឡើង​ចំនួន ២ គ្រាប់​បន្ទាប់​ការធ្លាក់​យន្តហោះ។ ចំណែកសារព័ត៌មាន Newsweek បាន​ដកស្រង់​សម្តី​មន្ទីរ​បញ្ច​កោណ​និង​មន្ត្រី​ស៊ើបការណ៍​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ក៏ដូចជា​មន្ត្រី​ស៊ើបការណ៍​អ៊ីរ៉ាក់​ផងដែរ​ ដោយ​និយាយថា​ ​ជើងហោះហើរ​អន្តរជាតិ​អ៊ែរ​ឡាញ PS752 ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​Tor ដែល​ផលិត​នៅ​រុស្ស៊ី​។​

ទោះបីយ៉ាងណាជុំវិញ​បញ្ហា​មេដឹកនាំ​កាណាដា​និង​អង់គ្លេស​បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ពេញលេញ​និង​ហ្មត់ចត់​លើ​ការធ្លាក់​យន្តហោះ​ដែល​បានសម្លាប់​មនុស្ស​ទាំងអស់ ១៧៦ នាក់​នៅលើ​យន្តហោះ​ ខណៈដែលអ៊ីរ៉ង់ក៏បាន​ច្រោ​ន​ចោល​ទាំង​ស្រង់នូវការចោទប្រកាន់ខាងលើនេះ ​ដោយ​អះអាងថា ករណី​ធ្លាក់​យន្តហោះ​នេះ ​គឺ​មិនមែនជា​ដោយសារ​វាយប្រហារ​ភេរវកម្ម ឬមួយ​ក៏​គ្រាប់​មី​ស៊ី​ល​នោះទេ គឺ​វា​ធ្លាក់​ដោយសារ​ម៉ាស៊ីន​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយ​ក្រែ​ន (Ukraine International Airlines) ជើងហោះហើរ​លេខ​៧៥២ បាន​ដឹក​អ្នកដំណើរ និង​អាកាសយាន​និក​ទាំងអស់​សរុប​១៧៦​នាក់ បាន​ធ្លា​ក់នៅ​ជាយ​រដ្ឋធានី​តេ​ហេ​រ៉ង់ របស់​ប្រទេស​អ៊ីរ៉ង់ ដែលកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​អ៊ីរ៉ង់​បានធ្វើការ​វាយប្រហារ​មី​ស៊ី​ល​ទៅលើ​មូលដ្ឋាន​អាកាស​ចំនួន​២​ទីតាំង​របស់​កងកំលាំង​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

ករណី​យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់​នោះ​មាន​អ្នកស្លាប់​ទាំង​១៧៦​នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​អ៊ី​រ៉ង់ ៨២​នាក់​, កាណាដា ៦៣​នាក់ អ៊ុយ​ក្រែ​ន ១១​នាក់​, ស៊ុយអែត​១០​នាក់​, អា​ហ្វ​ហ្គា​នី​ស្ថាន​៤​នាក់​, អាល្លឺម៉ង់ ៣​នាក់ និង​អង់គ្លេស​៣​នាក់​៕

 

CPP ចាប់ផ្តើម​ពិចារណា​អំពី​តួនាទី​ភារកិច្ច​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ និង​ក្រុមការងារបក្ស​

​ភ្នំពេញ ៖ សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​និង​ជា​អនុប្រធានបក្ស​ប្រជាជន​កម្ពុជាបាន​ថ្លែង​ឲ្យ​ដឹងថា គណបក្ស​កំពុងតែ​សិក្សា​ញែក​តួនាទី ភារកិច្ច​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​បម្រើ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់ ព្រោះ​ការងារ​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់។

​ការ​ថ្លែង​អះអាង​របស់​សម្តេច​ក្រឡា​ហោម ស ខេង បែបនេះធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ ​ក្នុងឱកាស​អញ្ជើញ ជា​អធិបតី​អបអរសាទរ ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧​មករា (១៩៧៩-២០២០) នៅ​ខេត្តបាត់ដំបង។​

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​បន្ថែមថា ការសិក្សា​បែងចែក​តួនាទី​ភារកិច្ច​នេះ ដើម្បី​កំណត់​ឲ្យ​ច្បាស់លាស់​ថា កិច្ចការងារ​របស់​គ​ណ​បក្ស គឺ​ក្រុមការងារ​បក្ស​ជា​អ្នកធ្វើ ហើយ​អ្វី​ដែលជា​កិច្ចការងារ​របស់​រាជ​រដ្ឋាភិបាល គឺ​ប្រគល់​ឲ្យ​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ជា​អ្នកអនុវត្ត​។ សម្តេច​បន្តថា ក្រុមការងារ​រាជរដ្ឋាភិបាល មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​គាំទ្រ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់ តាំងពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់ឃុំ ដើម្បី​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ៕

 

អាជ្ញាធរក្រុងប៉ោយប៉ែត ផ្ដើមកាត់សំយាបផ្ទះអាជីវករដែលរំលោភលើចិញ្ចើមផ្លូវ

ប៉ោយប៉ែត ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ បានចាប់ផ្ដើមចុះរុះរើ និងកាត់សំយាបផ្ទះមួយចំនួនដែលសង់រំលោភ លើចិញ្ចើមផ្លូវ និងរៀបចំសម្ភារៈផ្សេងៗ ដែលដាក់តាំងលក់ចូលលើចំណី ផ្លូវ ព្រមទាំងកាយខឿនចិញ្ចើមផ្លូវ ដែលបងប្អូនចាក់ខ្ពស់ហួសកម្រិត ចិញ្ចើមផ្លូវ ដើម្បីរៀបចំសម្រាប់ការធ្វើដំណើរដោយថ្មើរជើង ។

ករណីចុះអនុវត្តនូវវិធានការនេះ ដោយសារ ម្ចាស់ផ្ទះខ្លះមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ពីសេសនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅពីមុខវត្តផ្សារកណ្ដាល រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ
ប៉ោយប៉ែត។

នៅក្នុងប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយ អភិបាលរងក្រុងប៉ោយប៉ែត លោក កែវ តារារស្មី រួមកម្លាំងនគរបាលក្រុង កម្លាងកងរាជអាវុធហត្តក្រុង ប្រជាការពារ និងមន្ត្រីមូលដ្ឋានជាច្រើនរួបទៀត។

លោកអភិបាលក្រុងរង កែវ តារារស្មី មានប្រសាសន៍ថា ៖ ជំហានដំបូង គីឲ្យបងប្អូនពលតដ្ឋដែលសង់សំយាបផ្ទះលក់ដូរនៅទំនិញគ្រប់ប្រភេទនោះឲ្យពួកគាត់កាត់ និងរុះរើសំយាបផ្ទះដែលសង់រំលោភផ្លូវ ចំនួន៥ម៉ែត្រ គិតចាប់ពីចិញ្ចើមដើម្បីយកឃឿនធ្វើជាផ្លូវផ្នើរជើង និងផ្លូវជិះកង់ទៅថ្ងៃ អនាគត ផ្លូវជាតិលេខ៥ ក្លាយជាផ្លូវអាស៊ាន ហាយវេវាន់ ដូច្នេះយើងចាំបាច់ត្រូវពង្រីកផ្លូវដើរ ផ្លូវកង់ និងផ្លូវម៉ូតូ ដោយឡែកលើទ្រូវផ្លូវ យើងធ្វើដំណើរតែយានយន្តប៉ុណ្ណោះ។

លោកបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃឧសានវាទចុងក្រោយ ដែលរដ្ឋបានក្រុងបាន
ដាក់លិខិតជូនជាច្រើនដង ជាច្រើនសារ ហើយថ្ងៃនេះ ក្រុមកងកម្លាំង និងអនុវត្តវិធានការក្ដៅតែម្ដង មិនអនុញ្ញាតបន្តមក តសំយ៉ាប ឬតាំងលក់ ដូរមុនទៀតឡើយ។ ជាងនេះលោកក៏អំពាវនាវដល់ ពលរដ្ឋដែលរស់នៅតាមផ្លូវជាតិក្ដីឬក៏រស់នៅក្នុងក្រុងប៉ោយប៉ែត សូមមេត្តាចូលរួមជាមួយអាជ្ញាធរដោយសហការរុះរើសំណង់ដែលសាងសង់លើចិញ្ចើមផ្លូវ ។

លោកបញ្ជាក់ថា ជំហានទីមួយនេះ អាជ្ញាធរ និងកំណត់យកចិញ្ចើម
ផ្លូវតែ៥ម៉ែត្រប៉ុណ្ណោះ សល់ប៉ុន្មានឲ្យបងប្អូនពលរដ្ឋលក់ដូរធម្មតា ដោយសារតែលោកអភិបាលក្រុង ធ្វើយ៉ាងណាកំណត់ផ្លូវសម្រាប់ថ្មើរជើង ឲ្យបានត្រឹម៥ម៉ែត្រ៕

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនៅស្រុកត្បែងមានជ័យ បណ្តាលឲ្យបុរសម្នាក់ស្លាប់

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកត្បែងមានជ័យ បន្ទាប់ពីបុរសរូបនេះ បានជិះម៉ូតូជួបនឹងគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចជាមួយរថយន្ត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧ ៖ ៣០នាទី រសៀល ក្នុងពេលភាគីទាំងពីបើកបរស្របទិសគ្នាពីលិចទៅកើតត លើកំណាត់ផ្លូវជាតិលេខ 62 ចន្លោះ គីឡូម៉ែត្រលេខ 138/139 ក្នូងភូមិសេដ្នកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលអ្នកជិះម៉ូតូបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិម សាមិត ភេទប្រុស នៅភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ រីឯអ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ 3A 0876 នៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានបញ្ជួនជនរងគ្រោះមកមន្ទីរពេទ្យ 6 មករា តាមរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្នាននគបាលខេត្ត លុះមកដល់មន្ទីពេទ្យ 6 មករា អ្នករបួសរូបនោះបានស្លាប់។

បច្ចុប្បុន្ន សមត្ថកិច្ច ក៍បានប្រគល់សាកសពជួនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមករក្សាទុកប៉ុស្តិ៍នគរបាលរដ្នបាល ដេីម្បីចាត់ចែងតាមនីតិវិធី៕

ក្រសួង​ពាណិជ្ជកម្ម៖ តម្លៃប្រេងអាចមានការប្រែប្រួល​ មិនអាចព្យាករណ៍បាន

ភ្នំពេញ ៖ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញសេចក្តីជូនដំណឹង​នៅថ្ងៃទី៩ មករានេះថា យោងទៅលើស្ថានភាព​ទីផ្សារ​អន្តរជាតិ​បច្ចុប្បន្ន តម្លៃ​ប្រេង​ឥន្ធនៈ​អាចមានការប្រែប្រួល​មិនអាចព្យាករណ៍បានឡើយ។

ក្រសួង​បន្តថា ទោះបីជាមាន​ការកើនឡើង​តម្លៃ​ប្រេង​ឥន្ធនៈ​ក្តី ក្រសួង​នឹង​គណនាតម្លៃ​ប្រេង​ទៅតាម​ប្រកាស​របស់​អន្តរ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួងរ៉ែ និង​ថាមពល នូវ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល ១៥ថ្ងៃម្តង ដូចអ្វីដែលបាន​ឯកភាព​គ្នា​អនុវត្ត​កន្លងមក៕

 

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធខួបលើកទី៤១ ទិវាជ័យជម្នះ៧មករា

ដោយ : ក. ប៊ុនហេង
ខេត្តព្រេះវិហារ : លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មានប្រសាសន៍ថា អ្នកប្រឆាំងស្មារតី៧មករា ជាអ្នកស្រលាញ់របបប្រល័យពូជសាសន៍ និងជាអ្នកប្រឆាំងដំណើរការលូតលាស់របស់ជាតិ។ លោកថ្លែងបែបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២0 ក្នុងឱកាសប្រារព្ធខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរួចផុតពីចង្កូមមច្ចុរាជ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយក្រុមប្រល័យពូជសាសន៍ដ៏សែនឃោរឃៅនោះ។

លោកបានលើកឡើងថា អ្នកប្រឆាំងស្មារតី៧មករា ជាអ្នកស្រលាញ់របបប្រល័យពូជសាសន៍ និងជាអ្នកប្រឆាំងដំណើរការលូតលាស់របស់ជាតិ បានបញ្ជាក់ថា ៖ «ស្មារតី៧មករា បានផ្តល់នូវមេរៀន និងបទពិសោធន៏ ដ៏មានតម្លៃបំផុតសម្រាប់យើងទាំងអស់គ្នា ដើម្បីកសាង និងការពារមាតុភូមិតទៅមុខទៀត។

ស្មារតី៧មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត បានក្លាយជាបញ្ហាក្នុងប្រវត្តិសាស្រ្តទៅហើយ ដូច្នេះអ្នកដែលប្រឆាំង និងស្មារតី៧មករា គឺជាអ្នកស្រលាញ់ របបប្រល័យពូជសាសន៍ ជាអ្នកប្រឈមនឹងដំណើរការលូតលាស់របស់ប្រទេសជាតិ»។

លោកបន្តថា ស្មារតី៧មករា នៅស្ថិតស្ថិរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចអនាគតយូរអង្វែង ប្រៀបដូចជាប្រទីបបំភ្លឺផ្លូវដែលនាំពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ដូចនេះ បើគ្មានថ្ងៃ៧មករាទេនោះ ក៏យើងគ្មានថ្ងៃនេះដែរ។

លោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានលើកឡើង ថា ស្មារតីសាមគ្គីសង្រ្គោះជាតិ របស់គណបក្សប្រជាជនកម្ពុជា បានតស៊ូរំដោះជាតិ រំដោះប្រជាជនខ្មែរទាំងអស់ ឲ្យរួចផុតពីរណ្ដៅនរកនៃរបបអាវខ្មៅ ប៉ុល ពត ដ៏សាហាវយង់ឃ្នង កាប់សម្លាប់ប្រជាជនស្លូតត្រង់ សម្លាប់អ្នកចេះដឹងខ្មែរចោលស្ទើរទាំងអស់ ដែលនេះជាសោកនាដកម្មដ៏សែនខ្លោចផ្សារ។ បើគង់តែបានការតស៊ូរំដោះ របស់គណបក្សប្រជាជនទេនោះ ម្លោះប្រជាជាតិ ប្រជាជានជនច្បាស់ជាវីវរ មានទុក្ខធ្ងន់កាន់តែខ្លាំងឡើងមិនខាន។

លោកបញ្ជាក់ថា បន្ទាប់ពីទទួលជ័យជម្នះរួចមក ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់សន្តិភាព ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន ឃើញថាស្រុកទេសមានការផ្លាស់ប្ដូរមុខមាត់គួរឲ្យភ្ញាក់ផ្អើល មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ សាលារៀន វត្តអារាម វិហារសាសនាឥស្លាម សាសនាគ្រិស្ត អគារខ្ពស់ៗ ប្រព័ន្ធធារាសាស្ត្រកាន់តែទំនើប ប្រជាពលរដ្ឋមានជីវភាពធូរធារ មានមធ្យោបាយ និងសម្ភារទំនើបៗប្រើប្រាស់ និងមានសេដ្ឋកិច្ចហក់លោតខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបញ្ជាក់ថា កាលពី៤១ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជា គ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត រង់ចាំតែថ្ងៃស្លាប់មកដល់តែប៉ុណ្ណោះ។ ប៉ុន្តែ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេស ចេរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេស មានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍនរីកចម្រើន និងបានសាងកិត្យានុភាព លើឆាកអន្តរជាតិសារជាថ្មីផងដែរ៕

លោក Trump ដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីមាត់ជ្រោះនៃសង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ដោយអះអាងថា ក្រុងតេហេរ៉ង់ហាក់ដូចជាកំពុងដកថយហើយបន្ទាប់ពីបានបាញ់គ្រាប់មីស៊ីលដោយ មិនបានបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិក ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់។ នេះបើតាមសារព័ត៌មាន CNA។

តាមរយៈសន្និសីទសារព័ត៌មានធំមួយនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោកបានសង្កត់ធ្ងន់ថា មិនមានជនជាតិអាមេរិកណាម្នាក់ បានរងគ្រោះថ្នាក់ដោយសារគ្រាប់មីស៊ីល ដែលមានគោលដៅវាយប្រហារ ទៅលើមូលដ្ឋានចំនួនពីររបស់អាមេរិកឡើយ។ លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា «គ្មានជនជាតិអាមេរិកណាម្នាក់ បានរងគ្រោះដោយសារការវាយប្រហារកាលពីយប់មិញ ដោយរបបដឹកនាំអ៊ីរ៉ង់ឡើយ។ អ៊ីរ៉ង់ហាក់ដូចជាដកថយហើយ ដែលនេះគឺជាអ្វីមួយដែលល្អសម្រាប់គ្រប់ភាគី និងល្អខ្លាំងសម្រាប់ពិភពលោកទាំងមូល…»។

ក្រៅពីការសន្យាថា នឹងទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗទៅលើប្រទេសអ៊ីរ៉ង់នោះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញសញ្ញាស្វាគមន៍ផងដែរ ចំពោះអ្វីដែលលោកផ្ទាល់លើកឡើងថា ជាការដកថយរបស់អ៊ីរ៉ង់ ចេញពីការប្រឈមមុខដាក់គ្នា។ ៕

 

ខ្មាន់កាំភ្លើងនាំបុរសម្នាក់មកបាញ់សម្លាប់ក្នុងហាង ស៊ុប និងខារ៉ាអូខេគ្រួសារ នៅសង្កាត់បឹងរាំង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន​ខ្មាន់កាំភ្លើងនាំយកមកបាញ់សម្លាប់ នៅក្នុងនៅភោជនីដ្ឋានមួយកន្លែងយីហោ«ហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ »នៅវេលាម៉ោងជាង ៤ ទៀបភ្លឺ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ ស្ថិតនៅចំណុច ផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុគ្គលិកក្នុងហាង ដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នា ចូលមកហូបស៊ុប។ ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ តែម្តងដោយគ្មានឮប្រកែកគ្នាអ្វីមួយមាត់ទេ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស ២នាក់ផ្សេងទៀត បើករថយន្ត និងជិះម៉ូតូ ១គ្រឿងមកទទួល បើកគេចខ្លួនបាត់។ភ្លាមៗ ជនរងគ្រោះមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះឡើយ ដោយរង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន។

ព័ត៌មានលម្អិត នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

លោក ត្រាំ ប្រកាសថា មិនអនុញ្ញាតឲ្យអឺរ៉ង់មានអាវុធនុយក្លេអែរ

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអែរនោះឡើយ ហើយអាមេរិកនឹងវាយបកបន្តទៀត។

ថ្លែងក្នុងស្ននិសីទព័ត៌មានមួយ នាយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ ដែលត្រូវនឹងពេលព្រឹកម៉ោង១១ នៅសហរដ្ឋអាមេរិក ក្រោយពេលអ៊ីរ៉ង់ ការវាយប្រហារតាមដែនអាកាសមុខលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ លោក ត្រាំ បានអះអាងថា មិនមានទាហានអាមេរិកណាម្នាក់ស្លាប់នោះទេ ដោយសារតែប្រព័ន្ធជូនដំណឹងអាសន្ន ត្រូវបានប្រកាស ហើយទាហានដែលនៅក្នុងមូលដ្ឋានទាំងពីរ
បានភៀសខ្លួនទៅកន្លែងមានសុវត្ថិភាពទាន់ពេលវេលា មុនពេលដែលគ្រាប់មីស៊ីលហោះមកដល់។ ជាមួយគ្នានេះដែរ លោកដូណាល់ ត្រាំ បានចោទដោយចំៗទៅលើប្រទេសអ៊ឺរ៉ង់ថា គឺជាអ្នកផ្គត់ផ្គង់ពួកឧទ្ទាមហេប៊ូឡា ហើយបានប្រកាសបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអឺរ៉ង់។

សូមជម្រាបថា នាព្រឹកព្រហាមថ្ងៃពុធនេះ មីស៊ីលរបស់អ៊ីរ៉ង់សរុបចំនួន ២២គ្រាប់ បានបាញ់មកលើមូលដ្ឋានយោធា២កន្លែងរបស់អាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលក្នុងនោះមីស៊ីល១៧គ្រាប់ត្រូវបានបាញ់មកលើមូលដ្ឋានទ័ពអាកាស អាល់ អាសាដ (Al-Asad) ក្នុងខេត្តអាន់បា (Anbar) ប៉ុន្តែ២គ្រាប់មិនបានផ្ទុះ។ ចំណែកមីស៊ីល៥គ្រាប់ទៀតបានធ្លាក់ក្នុងមូលដ្ឋានទ័ពក្នុងខេត្តអឺប៊ីល (Erbil) ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

គេដឹងថា ការវាយប្រហារនេះរបស់អ៊ីរ៉ង់គឺជាការឆ្លើយតបចំពោះការសម្លាប់ប្រមុខកងកម្លាំងទ័ពពិសេសរបស់អ៊ីរ៉ង់ពីសំណាក់ពីសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន។ អ៊ីរ៉ង់បានហៅការធ្វើឃាតនោះនោះថាជា “សកម្មភាពបង្កសង្រ្គាម” និង “ជាសកម្មភេរវកម្ម” ហើយបានប្តេជ្ញាសងសឹកវិញ។មិនត្រឹមតែប៉ុណ្ណេះ អ៊ីរ៉ង់ បានព្រមានថា ខ្លួននឹងវាយប្រហារលើទីតាំងឈរជើងរបស់អាមេរិកចំនួន១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ៕

 

ទឹកស្ទឹងមង្គលបូរី អាចធានាការប្រើប្រាស់បានតែក្នុងរយៈពេល០៣ថ្ងៃទៀតប៉ុណ្ណោះ

ខេត្តបន្ទាយមានជ័យ ៖ លោក ចាន់​ យុត្ថា​ រដ្ឋលេខាធិការក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​មុខ​ព្រួញ​ខេត្ត​បាត់ដំបង​ ខេត្តបន្ទាយ​មានជ័យ​ និង​ខេត្តឧត្តរមានជ័យបានឲ្យដឹងថា យោងតាមការពិនិត្យជាក់ស្ដែង ប្រភពទឹកនៅស្ទឹងមង្គលបូរី អាចធានាការប្រើប្រាស់បានតែក្នុងរយៈពេល០៣ ថ្ងៃទៀតប៉ុណ្ណោះ។

ការបញ្ជាក់របស់លោករដ្ឋលេខាធិការបែបនេះក្នុងឱកាសអញ្ជើញចុះចុះ​ពិនិត្យ​ និង​អន្តរាគមន៍​បូមទឹក​សង្រ្គោះ​ស្រូវ​ប្រាំង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​រសៀលថ្ងៃពុធ​ ១៤កើត​ ខែ​បុស្ស​ ឆ្នាំកុរ​ ឯក​ស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​០៨​ ខែ​មករា​ ឆ្នាំ​២០២០នេះ។ លោកថា គឺដោយហេតុថា ស្រុកមង្គលបុរីមានការដាំដុះស្រូវប្រាំងរហូតដល់ទៅជិត៨ ម៉ឺនហិកតា ( ផែនការខេត្ត៧ពាន់ហិកតា ) ក្នុងនោះមានការដាំដុះស្រូវប្រាំងលើកទី១ ជាង៥ម៉ឺនហិកតា និងស្រូវប្រាំងលើកទី២ ជាង២ម៉ឺនហិកតា។

​លោករដ្ឋលេខាធិការ​សង្កត់ធ្ងន់ថា ចំពោះមុខបញ្ហានេះ លោកបានដឹកនាំក្រុមការងារបង្វែរទឹកពីប្រភពផ្សេងមកកាន់ស្រុក ដោយដំឡើងស្ថានីយបូមទឹកចេញពីស្ទឹងសិរីសោភណ្ឌ ទម្លាក់ចូលប្រឡាយមេឲ្យហូរចូលទៅក្នុងស្ទឹងមង្គលបុរី។ ទន្ទឹមនេះលោករដ្ឋលេខាធិការក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សូមកុំធ្វើការដាំដុះស្រូវប្រាំងបន្ថែមទៀត ព្រោះទឹកដែលបង្វែរទៅនេះ គឺអាចឆ្លើយតបតែទៅលើការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ក្នុងការប្រើប្រាស់ទៀតសោត ក៏ត្រូវចូលរួមសន្សំសំចៃ ព្រោះរដូវ​ប្រាំង នៅសល់រយៈពេលវែងទៀត៕ 

 

កម្ពុជា​បណ្តេញ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៦១​នាក់​ទៅ​ប្រទេស​វិញ​

​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​បណ្តេញ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន ៦១​នាក់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ ខណៈដែល​ការបណ្តេញ​នេះ​ធ្វើឡើង​នៅ​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ស៊ើប និង​អនុវត្ត​នីតិវិធី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ទទួល​មកពី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បទល្មើស ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ត្រូវបាន​បណ្តេញចេញ​តាម​ប្រកាស​ក្រសួងមហាផ្ទៃ ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​រយ​:​ពេល​០៣​ឆ្នាំ ដោយមាន​យន្តហោះ​ពិសេស​ចំនួន​០២​គ្រឿង​មក​ទទួល​ជនសង្ស័យ ៕

 

តម្លៃប្រេងហក់ឡើងខ្លាំងបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារលើកងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់

តូក្យូ ៖ តម្លៃប្រេងបានឡើងខ្ពស់នៅថ្ងៃពុធ ទី៨ មករានេះ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកសងសឹកទៅលើកងទ័ពអាមេរិកដែលមានមូលដ្ឋាននៅក្នុងអ៊ីរ៉ាក់ តាមអ្វីដែលសន្យារបស់ខ្លួនក្នុងការវាយបកវិញជុំវិញការសម្លាប់ឧត្តមសេនីយ៍កំពូលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA។

ផ្សារប្រេងពិភពលោករួមទាំងនៅសហរដ្ឋអាមេរិកបានរង្គោះរង្គើចាប់តាំងពីការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះមកម្ល៉េះ ខណៈអ្នកវិភាគជាច្រើនបានព្រមានអំពីភាពតានតឹង ឬក៏សង្គ្រាមទ្រង់ទ្រាយធំអាចផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីប្រេងឡើងថ្លៃ តម្លៃមាសលើទីផ្សារសកលក៏បានកើន ២%បន្ថែមទៀតផងដែរ ដោយមួយអោនស្មើនឹង ១,៦០០ដុល្លារអាមេរិក មិនធ្លាប់មានឡើយក្នុងរយៈពេល ០៦ឆ្នាំមកនេះ។

ដោយឡែកតម្លៃប្រេងនៅអាមេរិកបានកើនឡើង លើសតម្លៃកាលពីថ្ងៃអង្គារ ខណៈដែលការភ័យខ្លាចចំពោះផលប៉ះពាល់ លើការផលិតប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃកើនឡើង។ តម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើងដល់ ៦៣.៦៣ដុល្លារក្នុងមួយបារ៉ែល ស្មើនឹង ០.៩៣% នៃកំណើន និង Brent កើនឡើងដល់ ៦៩.៣៤%ក្នុងមួយបារ៉ែលស្មើនឹង ១.១០%នៃកំណើន៕

 

យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនធ្លាក់នៅជិតក្រុងតេហេរ៉ង់ស្លាប់១៧៦នាក់

តេហេរ៉ង់ ៖ សារព័ត៌មាន Aljazeera ចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា មនុស្សទាំងអស់នៅលើយន្តហោះអ៊ុយក្រែន ដែលបានធ្លាក់ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់នោះ គ្មាននរណាម្នាក់នៅរស់នោះឡើយ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយថា មនុស្សទាំងអស់ដែលជិះនៅលើយន្តហោះមានសរុបចំនួន១៧៦នាក់ (ទាំងអ្នកដំណើរ និងអ្នកបម្រើការងារ)។ យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅជាយរដ្ឋធានីតេហេរ៉ង់ កាលពីប៉ុន្មានម៉ោងមុននេះ ដោយសារការកំហុសបច្ចេកទេស នៅពេលយន្តហោះព្យាយាមហោះឡើង។

បើតាមអាជ្ញាធរបានបញ្ជាក់ថា យន្តហោះខាងលើ គ្រោងហោះចេញពីអាកាសយានដ្ឋានអ៊ីរ៉ង់ នៅវេលាម៉ោង ៥ និង១៥នាទីព្រឹកព្រហាមថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) ប៉ុន្តែត្រូវបានពន្យារពេល១ម៉ោងរហូតដល់ម៉ោង ៦៖១២នាទីទើបហោះចេញ ដោយមានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិ បូរីស្ពីល (Boryspil) នៃរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន៕