All posts by មេគង្គ ប៉ុស្តិ៍

ចិនដាក់ឱ្យប្រើប្រាស់នាវាពិឃាដទីមួយ​ដែល​ផលិតក្នុងស្រុក

ចិន ៖ នាវា​ពិឃាដរបស់ចិន​ទីមួយដែល​ផលិតក្នុងស្រុក ឈ្មោះ «Nanchang» ត្រូវបាន​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ក្នុងជួរកងទ័ពជើងទឹកចិនហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២០។ ពិធីនេះ ប្រារព្ធ​ធ្វើឡើង​នៅ​កំពង់ផែ​ក្រុង Qingdao ខេត្ត Shandong។

នាវានេះ ចាប់ផ្តើមសាងសង់​កាលពីខែមិថុនា ឆ្នាំ​២០១៧។ វាធ្លាប់ត្រូវបានដាក់បង្ហាញ​ក្នុងពិធីព្យុហយាត្រាកងទ័ពជើងទឹក កាលពីខែមេសា ឆ្នាំ២០១៩រួចមកហើយ ប៉ុន្តែពេលនោះ វាពុំទាន់ត្រូវបាន​សាងសង់រួចរាល់​នៅឡើយទេ។

នាវាពិឃាដដែលមួយគ្រឿងនេះ មាន​ទម្ងន់១ម៉ឺនតោន ប្រវែង១៨០ម៉ែត្រ និងទទឹង២០ម៉ែត្រ ដោយបំពាក់ជាមួយប្រព័ន្ធការពារដែនអាកាសថ្មី, មីស៊ីល​ប្រឆាំង​មីស៊ីល, មីស៊ីល​ប្រឆាំងនាវា និង​ប្រឆាំង​អាវុធ​ដែលបាញ់ចេញពី​នាវាមុជទឹកផងដែរ៕

 

ទូតស៊ុយអ៊ែតថ្មីប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយកម្ពុជាឱ្យកាន់តែប្រសើរ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិតត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរជាងមុន ពិសេសលើគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងអនុវត្តនៅកម្ពុជា។

ទន្ទឹមនឹងគ្នានេះដែរ ភាគីទាំងពីរបានបង្ហាញការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានសន្យាពង្រឹងនូវទំនាក់ទំនង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀតដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូតស៊ុយអែតថ្មី បានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងស៊ុយអែត ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍន៍ទាំងឡាយដែលធ្វើឡើងតាមរយៈអង្គការSIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងការបង្កើតមជ្ឈមណ្ឌលការងារនៅតាមបណ្ដារាជធានី-ខេត្តនានា។

កម្ពុជាបាននឹងកំពុងបន្តការគាំទ្រយ៉ាងសកម្មដល់កិច្ចព្រមព្រៀងសកល (Global Deal) របស់រដ្ឋាភិបាលស៊ុយអែត ដែលជាគំនិតផ្តួចផ្តើមសាកល និងមានគោលបំណងក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលប្រយោជន៍ពីសាកលភាវូបនីយកម្ម។

ជាការពិតណាស់ កិច្ចសន្ទនាសង្គមមិនមែនជាយន្តការថ្មីក្នុងការអនុវត្តការងារ ក្នុងការគ្រប់គ្រង និងដោះស្រាយនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជានោះទេ។ កម្ពុជាបាននិងកំពុងប្រើប្រាស់យន្តការនេះក្នុងក្របខណ្ឌជាច្រើនដូចជា៖ យន្តការគ្រប់គ្រងរបស់បេឡាជាតិរបបសន្តិសុខសង្គម យន្តការនៃការដោះស្រាយវិវាទការងារ យន្តការនៃការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីនៃការតាក់តែងច្បាប់ និងគោលនយោបាយនានាដែលធ្វើទ្បើងដោយមានការពិភាក្សា និងចូលរួមពីត្រីភាគី។ល។

លោករដ្ឋមន្រ្តីបានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនស៊ុយអែត ដែលជួយផ្តល់ការគាំទ្រដល់កម្ពុជា។ លោក អ៊ិត សំហេង លើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

សមយុទ្ធ​នាគមាស ​រវាង​កម្ពុជា​ និង​ចិនឆ្នាំ​២០២០​នឹង​ធ្វើ​ឡើង​ពាក់​កណ្តាល​ខែ​មីនា​

ភ្នំពេញ ៖ លោកឧ​ត្តម​សេនីយ៍​ទោ ​ថោង ​សូលីម៉ូ ​អ្នក​នាំ​ពាក្យ​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ​ បានថ្លែង​ឲ្យ​ដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ​ថា ​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២០ ​រវាង​កង​ទ័ព​កម្ពុជា​ និងក​ងទ័​ព​រំដោះ​ប្រជាជន​ចិន​នឹងចាប់​ផ្តើម​នៅ​ពាក់​កណ្តាលខែ​មីនា ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ដោយ​សម​យុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «​ប្រឆាំង​ភេរវកម្ម​ និង​កិច្ច​ការ​មនុស្សធ​ម៌​»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ «សមយុទ្ធ​នាគ​មាស​ឆ្នាំ២០២០​នេះ​ នឹង​​ធ្វើឡើ​ង​លើ​របៀប​វារៈ​ជា​ច្រើន​ ប៉ុន្តែយើ​ង​សង្កត់​ធ្ងន់​តែ​ការ​ប្រឆាំង​ភេរវកម្ម​ និង​កិច្ច​ការមនុស្សធម៌​ជា​អាទិភាព​តែ​ប៉ុណ្ណោះ ​ហើយ​ជា​មួយ​គ្នា​នោះ​យើង​ក៏​មាន​សព្វាវុធ ​និង​ឧទ្ធម្ភាគចក្រ ​ច្រើន​ជាងមុន​ផង​ដែរ​ ខណៈក​ម្លាំង​ត្រៀម​ទាំង​សង​​ខាង​នឹង​ចូល​រួម​ប្រមាណ​ជា​ងពី​រ​ពាន់​នាក់​»។

បើ​តាម​អ្នក​នាំពា​ក្យដ​ដែលនេះ​បា​ន​ឲ្យ​ដឹង​ទៀត​ថា សមយុទ្ធនេះនឹ​ង​ធ្វើឡើ​ង​នៅ​ទីលាន​បាញ់​គ្រាប់​ពិតតេជោ ​សែន​ជុំគិរី​ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ​ឃុំ​ត្រពាំង​រាំង ​ស្រុក​ជុំគីរី ​ខេត្ត​កំពត​។ ផ្តោត​សំខាន់​លើវិញ្ញាសា​មួយ​ចំនួន​ ដូច​ជា​ការ​ប្រឆាំង​ភេរវកម្ម​, ការ​រំដោះ​ចំណាប់​ខ្មាំង, ​ការ​សង្រ្គោះប្រ​ជាពលរ​ដ្ឋ​ពី​គ្រោះ​ធម្មជាតិ​, ការ​បំពេញ​ភារកិច្ច​ក្រោម​ឆ័ត្រ​អង្គ​ការ​សហប្រជាជាតិ ​និង​វិស្វកម្ម​ជា​ដើម​។អាវុធ​យុទ្ធ​ភ័ណ្ឌ​ សំខាន់​ៗ​ ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​លំហាត់​នាគ​មាស​ឆ្នាំ​នេះ​ រួម​មាន​ដូ​ច​ជា​៖ រថពាស​ដែក​, រថក្រោះ,​ កាំភ្លើង​ធំ,​ កាំភ្លើង​ត្បាល់,​ ឧទ្ធម្ភាគចក្រ ​និង ​អាវុធ​គាំទ្រ​ពី​លើ​អាកាស​ជា​ដើម​។

យ៉ាង​ណាក៏​ដោយ​លោក​ឧត្តម​សេនីយ៍ទោបាន​បញ្ជាក់​ថា ​ការ​ធ្វើ​សម​យុទ្ធ​នេះមិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស ​ឬ​បុគ្គល​ណាមួ​យ​នោះ​ឡើយ​ការធ្វើនេះ​នឹ​ង​ធ្វើ​ឡើង​ជា​រៀងរា​ល់​ឆ្នាំ ​ហើយនិ​ង​មាន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់ក​ងទ័ព​កម្ពុជា​និង​ទទួលប​ទ​ពិសោធន៍​បន្ថែម​ដល់​ពី​ប្រទេស​ជា​មិត្ត​តែ​ប៉ុណ្ណោះ៕​

 

 

អ៊ីរ៉ង់ទទួលស្គាល់ថាពិតជាច្រឡំបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនដែលនាំឲ្យមនុស្ស១៧៦នាក់បាត់បង់ជីវិត

តេហេរ៉ង់ ៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក មហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារដោយសម្តែងការសោកស្តាយ និងសូមអភ័យទោស ក៏ដូចជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បន្ទាប់ពីការទទួលស្គាល់ថា ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលនាំឲ្យមនុស្សចម្រុះជាតិសាសន៍ ១៧៦នាក់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែមករា នោះមែន។ នេះបើតាមការចេញផ្សាយដោយ CNA។

តាមរយៈសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិ និងក្រសួងការបរទេសអ៊ីរ៉ង់ ដែលត្រូវបានទូរទស្សន៍រដ្ឋអ៊ីរ៉ង់ចេញផ្សាយដោយផ្ទាល់នោះ ដោយសារតែកំហុស បង្កឡើងដោយកត្តាមនុស្ស និងធ្វើឡើងដោយអចេតនា ទើបជើងហោះហើររបស់អ៊ុយក្រែននោះ ត្រូវបានមីស៊ីលបាញ់ចំ។ យោធាអ៊ីរ៉ង់បានសម្តែងការសុំទោសដោយស្មោះត្រង់ និងយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្ម ហើយបានសន្យាថានឹងកែលម្អប្រព័ន្ធការពារដែនអាកាសខ្លួន ដើម្បីបង្ការកុំឲ្យមានកំហុសដ៏ធ្ងន់ធ្ងរបែបនេះ កើតឡើងតទៅទៀតនាថ្ងៃអនាគត។
បន្ថែមពីការទទួលស្គាល់កំហុសនេះ អ៊ីរ៉ង់ក៏បានសន្យានាំយកជនទាំងឡាយ ដែលពាក់ព័ន្ធក្នុងករណីនេះ ទៅទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា «យន្តហោះនោះបានធ្លាក់ដោយសារការភ័ន្តច្រឡំរបស់មនុស្ស នៅអំឡុងពេលដែលភាពចលនាត្រូវបានបង្កឡើង ដោយផែនការខ្មៅងងឹតរបស់អាមេរិក»៕

 

ប្រធានរដ្ឋសភាកម្ពុជាប្រាប់ទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ថា យន្តការសភាមានសារៈសំខាន់ក្នុងការកសាងសន្តិភាព ហើយសភាកម្ពុជាគំាទ្រនយោបាយពហុនិយម

អូស្រ្តាលី ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រធានវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF លើកទី២៧ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាពេលព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ សម្តេច បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា គឺសភាមានតួនាទីចម្បង ក្នុងការបង្ការនិងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជាសន្តិភាព និងការអភិវឌ្ឍ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបវេទិកាAPPF ថា អំណាចរបស់សភា ស្ថិតនៅក្នុងតួនាទីត្រួតពិនិត្យការសម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់ប្រជាជនក្នុងនយោបាយពិភពលោក។
កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា។ ពិធីបើកជាផ្លូវការកិច្ចប្រជុំនៅព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកនេះដែរ ក្នុងនាមសម្តេច ជាប្រធាន APPF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់បណ្តាសភានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។ សម្តេច បានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅចំពោះមុខប្រតិភូចូលរួម ទំាងសមាជិកនិងអ្នកសង្កេតការណ៍ប្រមាណ៣០ប្រទេស ឯកឧត្តម តូនី ស្មីត ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា ដើម្បីធានាដល់នីតិរដ្ឋដែលផ្តល់វិបុលសុខដល់ប្រជាពលរដ្ឋ។ ប្រធាន APPF លើកទី២៨ បានស្នើដល់សមាជិកចូលរួមជជែក ចែករំលែកបទពិសោធន៍គ្នា ដោយការស្រឡាញ់ជុំវិញបញ្ហាសន្តិសុខ សេដ្ឋកិច្ច ស្រ្តី និងកិច្ចសហប្រតិបត្តិការ ដែលសេចក្តីសម្រេចលើវិស័យទំាងអស់នោះ នឹងបម្រើដល់ផលប្រយោជន៍ប្រជាជននៅក្នុងតំបន់និងសកលលោក។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ។

ឯកឧត្តម តូនី ស្មីត បានស្វាគមន៍ដល់បណ្តាប្រទេសផ្សេងទៀតចូលជាសមាជិកAPPF ជាពិសេសបណ្តាប្រទេសដែលជាកោះនៅជុំវិញប្រទេសអូស្ត្រាលី។ ប្រធានរដ្ឋសភាអូស្រ្តាលី គូសបញ្ជាក់ថា APPF បានផ្តល់ឱកាសស្មើគ្នាដល់សមាជិក ដើម្បីកិច្ចសហប្រតិបត្តិការមួយដ៏ស្មោះត្រង់ក្នុងការដោះស្រាយបញ្ហារួមជូនពលរដ្ឋ។

ខាងក្រោមនេះជាខ្លឹមសារទំាងស្រុង នូវសុន្ទរកថារបស់ សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំAPPF លើកទី២៨ នៅប្រទេសអូស្រ្តាលីនោះ៕

 

មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់ ក្នុង​អំពើ​ប្លន់​​ហាង​លក់​គ្រឿងអលង្ការ​មួយ​​នៅប្រទេស​ថៃ​

​ថៃ ៖ ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​៣​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ថៃ​ នៅពេល​ខ្មាន់កាំភ្លើង​ពាក់​ស្រោម​មុខ​ម្នាក់​ប្លន់​ហាង​លក់​គ្រឿងអលង្ការ​មួយ​។​

​មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​នៅពេល​ជនល្មើស​ប្រើ​កាំភ្លើងខ្លី​បាញ់ប្រហារ​ដោយ​មិន​រើសមុខ​ក្នុង​ខេត្ត Lopburi កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មុនពេល​រត់គេចខ្លួន​ជាមួយ​គ្រឿងអលង្ការ​ដែល​មានតម្លៃ​៥០០,០០០​បាត (១៦,៥០០​ដុល្លារ​)​។​

​ប៉ូលិស​ខេត្ត​បាន​ប្រាប់ AFP ថា​ អ្នក​ផ្សេងទៀត​ដែល​ត្រូវបាន​សម្លាប់​គឺជា​សន្តិសុខ​និង​អ្នកលក់​។​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​អ្នក​វាយប្រហារ​សម្រុកចូល​ទៅក្នុង​ហាង​ដោយ​បើក​ការបាញ់ប្រហារ​និង​លោត​លើ​តុ​គិតលុយ​ខណៈ​ជនរងគ្រោះ​បាន​ដេក​ក្នុង​ភាពឈឺចាប់​លើ​ឥដ្ឋ​។​

​មេបញ្ជាការរង​លោក Sumeth Punsri បាន​និយាយថា ការវាយប្រហារ​ដ៏​សាហាវ​នេះ​បាន​កើតឡើង​ត្រឹម​តែមួយ​នាទី​ប៉ុណ្ណោះ​ មុនពេល​ខ្មាន់កាំភ្លើង​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​។ បន្ទាប់ពី​ហេតុការណ៍​នេះ អាជ្ញាធរ​បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​ចំនួន​១០០,០០០​បាត​សម្រាប់​ព័ត៌មាន​ណាមួយ​ដែល​ឈានដល់​ការចាប់ខ្លួន​ជនល្មើស​៕

 

ក្រុមអាជីវករចំនួនជាង៧០នាក់នៅរអូរត្រេះ ស្នើសុំលក់ដូរនៅទីនោះបន្តទៀត

ខេត្តព្រះសីហនុ ៖ អាជីវករលក់ដូរនៅតាមឆ្នេរអូរត្រេះ ជាង ៧០នាក់ បាននាំគ្នាស្រែកទាម ទារស្នើសុំអភិបាលខេត្តនេះ អនុញ្ញាតឲ្យពួកគេអាចលក់ដូរនៅទីនេះបន្តទៀត។ សំណើរបស់ក្រុមអាជីវករនេះ បានធ្វើឡើង ខណៈរដ្ឋបាលខេត្តនេះគ្រោងចាត់វិធាន ការរុះ រើតូប របស់ពួកគេ ។

ក្រុមអាជីវករទាំង៦២តូប ដែលប្រឈមការនឹងការរុះរើតូប បាននាំគ្នាជួបជុំតវ៉ានៅឆ្នេរ អូរត្រេះ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្នើសុំជួបអភិបាលខេត្ត ឯកឧត្តម គួច ចំរើន ដើម្បីជជែករកដំណោះស្រាយដែលមិនមែនជាវិធានការរុះរើតូបរបស់ពួកគេ។ ការទាមទាររបស់អាជីវករ នៅថ្ងៃទី៨ ខែមករា ម្សិលមិញនេះ បានកាន់រូបថត សម្តេច ហ៊ុន សែន និង សម្តេចព្រឹទ្ធបណ្ទិត ប៊ុនរ៉ាន់នី ហ៊ុន សែន ព្រមទាំងសរសេរបដាថា អរគុណ សន្តិភាព និងរៀបរាប់ទៀតថា ពួកគេជំពាក់លុយធនាគារ ព្រោះខ្ចីលុយយកមកធ្វើ តូប នេះ។

តំណាងអាជីវករម្នាក់ លោក វុទ្ធី បានអោយដឹងថា ក្រុមអាជីវករ បានទៅលក់នៅទីនោះ ជាងម្ភៃឆ្នាំមកហើយ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ស្បោង សារ៉ាត់ ដែល កាលណោះ ឯកឧត្តម ធ្វើជាអភិបាលខេត្ត។លោកឲ្យដឹងទៀតថា អាជីវករម្នាក់ៗ ចំណាយ ថវិកាយ៉ាងតិចជាង ១០ម៉ឺនដុល្លារ ដើម្បីរៀបចំតូបលក់ដូរនៅទីនេះ ហើយភាគច្រើន គឺ អាជីវករ បានខ្ចីលុយពីធនាគារ។ ដូច្នេះ បើរដ្ឋាភិបាលមិនអនុញ្ញាតឲ្យក្រុមអាជីវករ អាច លក់បានទេនោះ ពួកមិនដឹងបានលុយពីណា ដើម្បីសងធនាគារឡើយ៖ យើងត្រូវការ ដំណោះស្រាយ ដែលអាចទទួលយកបាន យើងជំពាក់ធនាគារ។ យើងចង់បានកន្លែងលក់ ដូរដូចនៅអូរឈើទាលអ៊ីចឹង។ បានន័យថា មិនបានធ្វើដូចអូរឈើទាលទេ គឺចង់ធ្វើកន្លែង លក់ ដូរអាស្រ័យផលដូចអូរឈើទាល ហេតុអីគេលក់ដូរបានតំបន់ឆ្នេរដូចគ្នា។

ជុំវិញសំណើរបស់អាជីវករនេះ អ្នកយកព័ត៌មាន អាស៊ីអាគ្នេយ៍ មិនអាច សុំការបំភ្លឺពីអ្នកនាំ ពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ក៏មិនអាចសុំការឆ្លើយតបបានដែរ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុចុះកាលពីថ្ងៃទី៤ ខែធ្នូ ចោទប្រកាន់ថា ការលក់ដូររបស់ពលរដ្ឋមួយចំនួននៅលើឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដែលមានទី តាំង នៅ ភូមិ៤ និងភូមិ៦ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដូចជា ការសង់តូប ស្តង់ រោង ឬការដាក់លក់ដូរ នៅតាមឆ្នេរបានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ គ្មាន សោភ័ណភាព និងប៉ះពាល់ អនាម័យ បរិស្ថាននៅតំបន់ឆ្នេរ។ សេចក្ដីជូនដំណឹងបន្តថា ដើម្បីរៀបចំឆ្នេរឲ្យមានរបៀបរៀបរយ សោភ័ណភាព និងអនាម័យ បរិស្ថានល្អ រដ្ឋបាល ខេត្តព្រះសីហនុសូមឲ្យអាជីវកររុះរើតូប ស្តង់ រោង ឬការដាក់តាំងលក់ដូរផ្សេងៗដែលគ្មាន សណ្ដាប់ធ្នាប់ចេញវិញទាំងអស់ ក្នុងរយៈ ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។ រដ្ឋបាលខេត្តព្រមានថា ក្នុងករណីអាជីវករមិនរុះរើរដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈ ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។

តំណាងអាជីវករ ម្នាក់ទៀត គឺ៖ អ្នកស្រី រស់ ភារម្យ បាន អះអាងទៀតថា ក្រុមអាជីវករ ត្រៀមខ្លួនសហការជាមួយអាជ្ញាធរខេត្តក្នុងករណីអាជ្ញាធរចង់រៀបចំសណ្ដាប់ធ្នាប់និងសោភ័ណភាពតំបន់ឆ្នេរអូរត្រេះនេះ។ លោកបន្តថា ក្រុមអាជីវករចង់ជួបអភិបាលខេត្ត ដើម្បី ជជែក ពីការកែលម្អគុណភាពតូប ឬការរៀបចំប្រព័ន្ធលូជៀសវាង ពី ការបំពុលបរិស្ថាន នៅទីនោះ៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី២ រវាងអាមេរិក ចិន អាចអូសបន្លាយដល់ចុងឆ្នាំនេះ

ចិន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ២ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ លោកអាចនឹងរង់ចាំបញ្ចប់កិច្ចព្រមព្រៀង ណាមួយ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា យើងនឹងចាប់ផ្តើមចរចាភ្លាមៗ ពីកិច្ចព្រមព្រៀងដំណាក់កាលទី ២ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងចំណាយពេលយូរបន្តិច ។ ដូច្នេះលោកប្រហែលជាត្រូវរងចាំរហូតដល់ចប់ការបោះឆ្នោតសិន ដោយសារ លោកគិតថា បើចាំដល់ពេលនោះ ទើបប្រទេសទាំងពីរអាចធ្វើកិច្ចព្រមព្រៀងបានប្រសើរជាងមុន ។

គួរបញ្ជាក់ថា កាលពីចុងខែធ្នូរកន្លងទៅ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី ១ រវាងប្រទេសទាំងពីរ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ១៥ ខែមករា នេះ នៅសេត្តវិមាន៕

ទីប្រឹក្សាពិសេសរបស់ UN ប្តេជ្ញាជួយកម្ពុជាក្នុងដំណើរអភិវឌ្ឍន៍ប្រកបដោយចិរភាព

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Jeffrey D. Sachs ទីប្រឹក្សា ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព។ ទីប្រឹក្សាពិសេស របស់អគ្គលេខាធិការយូអិន ត្រៀមជានិច្ចដើម្បីជួយដល់កម្ពុជា ជំរុញដល់ការអភិវឌ្ឍកម្ពុជា តំបន់អាស៊ាន និងតំបន់ដទៃទៀតឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Jeffrey D. Sachs បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ពេល នេះគឺ ឯកឧត្តម បានឃើញដោយផ្ទាល់ភ្នែក នូវការអភិវឌ្ឍរបស់កម្ពុជា ដែលក្នុងនោះមាន ទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍលើវិស័យសុខាភិបាល និងការអភិវឌ្ឍន៍ លើដទៃទៀតដែលហួសពីការស្មាន។ លោក នឹងទស្សនកិច្ចនៅកម្ពុជា ប្រទេសឡាវ និង ម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការ រវាង ប្រទេសអាស៊ាន និងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជ កម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍អឺរ៉ុប និងអាស៊ាន មានទំនាក់ទំនង និងសហប្រតិបត្តិការល្អ ។ លោកនឹងទៅធ្វើទស្សនកិច្ច និងគ្រោងជួបថ្នាក់ ដឹកនាំសហគមន៍អឺរ៉ុបនៅសប្តាហ៍បន្ទាប់ ដើម្បីជម្រុញលើកស្ទួយកិច្ច សហប្រតិបតិ្តការ រវាងសហគមន៍អឺរុប និងអាស៊ាន។ លោកពុំចង់ឃើញមានការបែកបាក់គ្នា រវាងតំបន់ និងតំបន់ទេ។ ផ្ទុយមកវិញ លោកនឹងឆ្លុះបញ្ចាំងពីភាពខ្លាំង និងសារខាន់ៗនូវកិច្ចសហប្រតិបត្តិ ការ រវាងតំបន់និងតំបន់ទៅវិញ។ លោកបញ្ជាក់ចំពោះមុខសម្តេចថា លោកត្រៀមជានិច្ចដើម្បី ជួយដល់កម្ពុជាជំរុញដល់ការអភិវឌ្ឍកម្ពុជាតំបន់អាស៊ាន និងតំបន់ដទៃទៀតឲ្យ មានការ អភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោបានជម្រាបជូន លោកថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជា ឲ្យ ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងប្រទេសមាន ចំណូល ខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការ នាំ អង្ករចេញ បានទទួលភាពជោគជ័យជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយជាប្រទេសផលិត ស្បៀង និងសល់ស្បៀងថែមទៀត។

សម្តេចតេជោបានមានប្រសាសន៍បន្តថាបញ្ហាបច្ចុប្បន្ននេះរបស់កម្ពុជា ពិសេ សភ្នំពេញ បច្ចុប្បន្ន គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញទេ។ បញ្ហាផ្សេងទៀត ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅ ទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែលបញ្ហានេះបាននាំមកនូវការ បារម្ភសម្រាប់ កម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ស

សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បី ណារួមគ្នា ធ្វើការដោះស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំ ទ្រ គោលនយោបាយនិងរាល់អ្វីៗ ដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហ ប្រជា ជាតិ បានដាក់ចេញមក៕

ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណដែលទើបផ្ទុះឡើង

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺរលាកសួតម្យ៉ាង ដែលមិនទាន់ស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ)។ បើទោះជាមិនទាន់មកដល់ប្រទេសកម្ពុជាក៏ដោយ តែការជូនដំណឹងរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីជំងឺមួយប្រភេទនេះ បានកើតឡើងនៅប្រទេសចិន និងបានឆ្លងមកដល់ប្រទេសថៃ។

ក្រសួងសុភិបាលបានឱ្យដឹងថា មន្ត្រីជំនាញកំពុងតែធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតនៃស្ថានភាពកើតឡើងជំងឺរលាកសួតមិនទាន់ស្គាល់អត្តសញ្ញាណនេះ។  ជំងឺនេះត្រូវបានឃើញ និងរាយការណ៍ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមាណិតចិនជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន និងមានអ្នកជំងឺខ្លះមានរោគសញ្ញាហត់ និងថតកាំរស្មីអ៊ិច បានបង្ហាញថា មានដំបៅសួតសងខាង៕

 

 

បារាំង និងអាមេរិក កំណត់គោលដៅរយៈពេល១៥ថ្ងៃ ដើម្បីដោះស្រាយជម្លោះពន្ធឌីជីថល

បារាំង ៖ យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសបារាំង បានកំណត់រយះពេល ១៥ ថ្ងៃ ដើម្បីដោះស្រាយជម្លោះ ពន្ធ លើក្រុមហ៊ុនឌីជីថល។

កាលពីឆ្នាំមុន ប្រទេសបារាំងបានសម្រេចចិត្តដាក់ពន្ធ លើក្រុមហ៊ុនឌីជីថល ចំនួន ៣ ភាគរយ ដោយអះអាងថា វាជាការចាំបាច់ ដើម្បីធ្វើឱ្យក្រុមហ៊ុនអ៊ីនធឺណេតទាំងនោះ បង់ ចំណែកពន្ធរបស់ពួកគេ។ ពន្ធនេះផ្តោតលើក្រុមហ៊ុន ដែលមានប្រាក់ចំណូលប្រចាំឆ្នាំសរុប យ៉ាងហោចណាស់ ៧៥០ លានអឺរ៉ូ ស្មើនឹង៨៣៤ លានដុល្លារអាមេរិក នៅទូទាំងពិភពលោក និង ២៥ លានអឺរ៉ូ ស្មើនឹង២៨.១៥ លានដុល្លារអាមេរិក ក្នុងប្រទេសបារាំង។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធ រហូតដល់ ១០០ ភាគរយ លើទំនិញបារាំង ដែលមានតម្លៃ ២.៤ ពាន់លានដុល្លារអាមេរិក ដើម្បីសងសឹកប្រទេសបារាំង ក្នុងនោះស្រា និងឈីស របស់បារាំងមាននៅក្នុងបញ្ជីទំនិញ ដែលត្រូវកំណត់ដាក់ពន្ធ។

អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបើកសវនាការជាសាធារណៈ ដោយផ្តល់ឱកាសដល់ក្រុមហ៊ុននាំចូល និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីថ្លឹងថ្លែងករណីរបស់ ពួកគេ ដោយក្រុមហ៊ុននាំចូលផលិតផលបារាំង និងក្រុមហ៊ុនផលិតផលិតផលបារាំងផ្ទាល់បាននិយាយថា ការដាក់ពន្ធលើប្រទេសបារាំង នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាជីវកម្មរបស់ពួកគេ។

លោក Rachael Stelly អ្នកប្រឹក្សាគោលនយោបាយ ជាមួយសមាគមឧស្សាហកម្មកុំព្យូទ័រ និងទំនាក់ទំនង បាននិយាយថា ឥឡូវនេះក្រុមហ៊ុននានា ត្រូវព្យាយាមស្វែងយល់ពីរបៀប ដើម្បីអនុវត្តតាមប្រព័ន្ធថ្មីនេះ ចាកចេញពីបទដ្ឋាន និងពន្ធ ពិភពលោក ដែលមានជាយូរមកហើយ ដូច្នេះវាមានបន្ទុករដ្ឋបាលចំពោះក្រុមហ៊ុនទាំងនេះ៕

អ៊ីរ៉ាក់ស្នើសហរដ្ឋអាមេរិកឱ្យបញ្ជូនក្រុមការងាររៀបចំការដកកងទ័ពទៅវិញ

អ៊ីរ៉ាក់ ៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Adel Abdel Mahdi បានសម្រេចស្នើទៅកាន់សហរដ្ឋអាមេរិក ដើម្បីឲ្យបញ្ជូនគណៈប្រតិភូមកកាន់ទីក្រុងបាដាដសម្រាប់ការចាប់ផ្តើមត្រៀមរៀបចំខ្លួនដកកងទ័ពអាមេរិកចេញពីប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN។

នៅក្នុងការនិយាយតាមទូរស័ព្ទមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo, លោក Abdel Mahdi បានដាក់សំណើឱ្យអាមេរិកបញ្ជូនប្រតិភូនានាមកកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីកំណត់យន្តការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់សភាសម្រាប់ការដកកងកម្លាំងបរទេសចេញពីប្រទេសអ៊ីរ៉ាក់ ក្រោយឈរជើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុនសភាអ៊ីរ៉ាក់ បានបោះឆ្នោតគាំទ្រឲ្យបណ្តេញកងទ័ពបរទេសទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីអាមេរិកបានប្រើយន្តហោះដ្រូនវាយប្រហារនៅទីក្រុងបាកដាដរបស់អ៊ីរ៉ាក់ ដោយផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ហើយការវាយប្រហារនោះក៏បានផ្តាច់ជីវិតលោក Abu Mahdi al-Muhandis ដែលជាមេកងជីវពលអ៊ីរ៉ាក់ម្នាក់ផងដែរ។

សូមជម្រាបថា កងទ័ពអាមេរិកប្រមាណ៥,២០០នាក់ កំពុងឈរជើងនៅតាមមូលដ្ឋានទ័ពពាសពេញប្រទេសអ៊ីរ៉ាក់ ដើម្បីផ្តល់ការ ហ្វឹកហាត់ក៏ដូចជាជួយកងទ័ពអ៊ីរ៉ាក់ ទប់ស្កាត់ការងើបឡើងវិញនៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងនោះ ស្ថិតក្នុងចំណោម កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៊ីរ៉ាក់បានហៅឲ្យមកជួយខ្លួនទប់ទល់ជាមួយពួក ISIS កាលពីឆ្នាំ២០១៤ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត៕

 

 

អ៊ីរ៉ង់ ៖ ការវាយប្រហារលើមូលដ្ឋានយោធាអាមេរិក ជាការចាប់ផ្តើមនៃប្រតិបត្តិការសំខាន់ៗ

អ៊ីរ៉ង់ ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់គឺជាមេរៀនមួយដើម្បីឲ្យកងទ័ពអាមេរិកដកខ្លួនចេញពីតំបន់ មិនមានបំណងដើម្បីសម្លាប់ក្រុមទាហានអាមេរិកទេ។

ប្រមុខកងកម្លាំងអវកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក អាមឺ អាលី ហាជីរ៉ាដេស (Amir Ali Hajiradesh) បាននិយាយថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនោះគឺជាការចាប់ផ្តើមនៃការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ លោក ហាជីរ៉ាដេស (Hajiradesh) បាននិយាយថា ការសងសឹកយ៉ាងសមស្របដែលអ៊ីរ៉ង់បានសន្យាគឺនឹងបណ្តេញកងទ័ពអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា។ បន្ថែមលើនេះ លោកថា អ៊ីរ៉ង់បានត្រៀមមីស៊ីលរាប់រយដើមរួចជាស្រេចហើយអាចសម្លាប់ទាហានអាមេរិកយ៉ាងហោច៥រយនាក់ក្នុងរយៈពេល៤៨ម៉ោង។

សូមជម្រាបថា កាលពីថ្ងៃពុធ អ៊ីរ៉ង់បានបាញ់មីស៊ីលសរុប២២គ្រាប់ទៅលើមូលដ្ឋានយោធា២កន្លែងក្នុងប្រទេសអ៊ីរ៉ាក់ដែលមានទាហានអាមេរិកតាំងនៅដើម្បីជាការសងសឹកចំពោះការសម្លាប់ប្រមុខកងទ័ពពិសេសអ៊ីរ៉ង់លោក កាសេម សូឡេម៉ានី (Qassem Soleimani) នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី០៣ ខែមករា៕

 

កម្ពុជា​ធ្វើលំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ»

ភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២០ កម្ពុជាបានរៀបចំធ្វើលំហាត់​សមយុទ្ធ​ទ្រង់ទ្រាយធំ (AIRPEX19) ក្រោម​ប្រធានបទ «ការសង្គ្រោះ ចំណាប់ខ្មាំង​លើ​យន្តហោះ» នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ រៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ក្នុងលំហាត់សមយុទ្ធប្រចាំឆ្នាំនេះ មានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធរួមមានទាំងយន្តហោះ រថយន្តអគ្គិភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា យោងអនុសាសន៍ណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ តម្រូវឲ្យរដ្ឋជាសមាជិករៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅរៀងរាល់ពីរឆ្នាំម្តងនៅក្នុង និងជុំវិញបរិវេនអាកាសយានដ្ឋាន៕

 

 

ក្រសួងរៀបចំដែនដីដាក់ការណែនាំថ្មីស្តីពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានចេញនូវសេចក្តីណែនាំថ្មីមួយ ទៅដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ទាំងអស់ ក្នុងការពង្រឹងនូវគុណភាព និងសុវត្ថិភាពសំណង់។

ក្នុងសេចក្តីណែនាំថ្មីនេះ ក្រសួងបានហាមដាច់ខាតមិនឱ្យអនុវត្តន៍លើការងារចំនួន៥រួមមាន៖

១៖ ហាមដាច់ខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។

២៖ ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នក សាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៣៖ ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ ឬ រុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ។

៤៖ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។

៥៖ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ឬលិខិតបិទ
ការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ខាងក្រោមនេះ គឺជាសេចក្តីណែនាំថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖