All posts by មេគង្គ ប៉ុស្តិ៍

ក្រសួង ស្នើឲ្យកងទ័ព និងពលរដ្ឋចូលរួមការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធឈរជើងនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ និងប្រជាពលរដ្ឋ ជួយទប់ស្កាត់ និងអភិរក្សសត្វរមាំង នៅតំបន់ការងារទេសភាពអាងត្រពាំងថ្ម ត្បិតចំនួនសត្វប្រភេទនេះ បានថយចុះយ៉ាងច្រើន សឹងផុតពូជ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ស្តីពីការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម» ដល់កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ ខេត្តឧត្តរមានជ័យ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួង     បរិស្ថាន បានឱ្យដឹងថា តំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលមានភូមិ  សាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ ជាប់នឹងខេត្តឧត្តរមានជ័យ ក្នុងការទ្រទ្រង់ដល់ការរស់នៅ និងបន្តពូជរបស់ប្រភេទសត្វព្រៃ សំខាន់ៗជាច្រើន ប្រភេទជាពិសេស ប្រភេទសត្វរមាំង  ដែលជាប្រភេទថនិកសត្វជិតផុតពូជបំផុតលើពិភពលោក។

ពិសេសចូលរួមទប់ស្កាត់ និងការគម្រាមកំហែង លើប្រភេទសត្វរមាំង តាមរយៈការប្រមាញ់  ការជួញដូរ ការលួចទន្ទ្រានកាន់កាប់ដីតំបន់ការពារទីជម្រក និងបន្តពូជដ៏សំខាន់របស់សត្វព្រៃជិតផុតពូជ។

លោករដ្ឋលេខាធិការ បានបន្តទៀតថា៖ សត្វរមាំងនេះរស់នៅចាប់ពីខែកក្កដា ដល់ខែមករា នៅក្នុងតំបន់ព្រៃកូនខ្លែង ជាតំបន់សហគមន៍ព្រៃឈើជាប់នឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ  និងរស់នៅបន្តពូជនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្មចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ដែលជាកន្លែងមានប្រភពទឹក ចំណីអាហារ និងទីជម្រកគ្រប់គ្រាន់។

សូមជម្រាបដែរថា ចំនួនសត្វរមាំងនៅក្នុង និងជុំវិញតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ បានកត់ត្រា មានចំនួន៧០ក្បាល ឆ្នាំ២០០៣ ប៉ុន្តែមកដល់ឆ្នាំ២០១៩នេះ មានត្រឹមតែ១៧ក្បាលប៉ុណ្ណោះ។ ចំនួននេះ ជាចំនួនដ៏តិចតួចបំផុត បើប្រៀបធៀបជាមួយ នឹងប្រភេទសត្វព្រៃជិតផុតពូជផ្សេងទៀត  ហេតុដូចនេះ ចាំបាច់ត្រូវធ្វើ ការការពារ យ៉ាងមុតមាំ ទាំងនៅតំបន់ជម្រកបន្ត ពូជ កន្លែង រកចំណី និងកន្លែងរស់នៅបណ្តោះអាសន្នរបស់វា៕

ប្រមុខការទូតកម្ពុជាស្នើនិស្សិតជាប់អាហារូបករណ៍ យកចំណេះដឹងពីបរទេសមកបំរើជាតិរបស់ខ្លួន

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ចំនួន ៣៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ផ្សេងៗ រួមមាន ៖ និស្សិតអាហារូបករណ៍ទៅអូស្រ្តាលី ២១នាក់ និងនិស្សិតអាហារូបករណ៍ទៅ ណូវែលហ្សេឡង់ ចំនួន ១៦នាក់។

បើតាមប្រសាសន៍ លោក កុយ គួង  អ្នកនាំពាក្សក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួននោះថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងរកអាហាររូបករណ៍ ជូនដល់និស្សិតកម្ពុជា ដែលមានបំណងទៅបន្តការសិក្សានៅក្រៅប្រទេស។ លោក ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានជាប់អាហាររូបករណ៍ទៅអូស្រ្តាលីនិងណូវែលហ្សេឡង់នៅពេលនេះ ថាពិតជាមោទនភាពខ្លាំងណាស់ សម្រាប់ប្រទេសជាតិ ដែលមានយុវជន មានសមត្ថភាព ជាសក្កដានុពល ដ៏ល្អរបស់ប្រទេសទៅថ្ងៃខាងមុខ។

លោកឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិ ស្វែងយល់ពីអាកាសធាតុ ប្រពៃណី រៀបចំសម្លៀកបំពាក់សម្រាប់រស់នៅ ក្នុងនោះក៏ ត្រូវស្វែងយល់ពីការរស់នៅ ការប្រើប្រាស់ភាសារ ដើម្បីអាចសម្របខ្លួនបាន ពិសេស ខិតខំរៀនសូត្រ ទទួលយកទាំងចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ ដែលគេមាន នាំយកមកបំរើប្រទេសជាតិរបស់យើង។ លើសពីនេះត្រូវចេះគ្រប់គ្រងខ្លួន មានសាមគ្គីភាព ចេះជួយយកអាសាគ្នា ហើយត្រូវតាំងខ្លួនជាតំណាងឱ្យជនជាតិខ្មែរទាំងមូល ត្រូវរក្សាតម្លៃ កិត្តិយសជាខ្មែរ បំពេញតួនាទីជាអ្នកផ្សព្វផ្សាយអំពីភាពរុងរឿងរបស់ខ្មែរលើគ្រប់វិស័យ ឱ្យបានទូលំទូឡាយ ជាពិសេស វប្បធម៌និងទេសចរដ៏សម្បូបែបរបស់យើងឱ្យបរទេសគេបានដឹង បានយល់ និងមកកំសាន្ត។

លោក ប្រាក់ សុខុន បញ្ជាក់ថា ដើម្បីក្លាយខ្លួនជាអ្នកនាំដ៏ល្អ សម្រាប់ប្រទេសជាតិ ត្រូវផ្តើមចេញពីកិច្ចខិតខំកសាងខ្លួនឱ្យបានល្អ ខិតខំបំពេញការងារដោយមិនខ្លាចនឿយហត់ មានទស្សនជាតិនិយម ជាមនុស្សស្អាតស្អំ និងមានចំណេះដឹងខ្ពង់ខ្ពស់។ជាមួយគ្នានោះ តំណាងក្រុមនិស្សិត ក៏បានប្តេជ្ញាទទួលយកនូវអនុសាសន៍ល្អៗទាំងនេះ ទៅអនុវត្តឱ្យបានល្អ ក្នុងនាមជាកូនខ្មែរ ដើម្បីនាំមកវិញនូវចំណេះ ជំនាញដ៏ពិតប្រាកដមកបំរើប្រជាជន និងប្រទេសជាតិរបស់ខ្លួននាពេលអនាគត៕

អគ្គលេខាធិកាអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានមុខតំណែងជាអគ្គលេខធិការនៃអង្គការ OIF។ ដំណើរទស្សនកិច្ចរបស់លោកជំទាវ មានរយៈ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃកម្ពុជា។

សម្រាប់ថ្ងៃទី០៣ ខែធ្នូនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួង។

បើតាមអ្នកនាំពាក្សក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកជំទាវ ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គការ OIF បន្ទាប់ពីលោកជំទាវចូលកាន់តំណែង ជាអគ្គលេខាធិការ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩មកនេះ។ ទស្សនកិច្ចផ្លូវការនេះ ប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានឹងមហាសន្និបាត អភិបាលក្រុងនិយាយភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ ជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនដ៏សំខាន់មួយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ លោកជំទាវ និងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយក៏ជួបសម្តែងការគួរសម ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីនេះលោកជំទាវក៏នឹងអញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទអង្គរ និងចូលរួមសិក្ខាសាលាតំបន់ ស្តីពី សកម្មភាពស្រាវជ្រាវ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់ហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិកនិងក្រសួងអប់រំ យុវជន និងកីឡា ហើយក៏គ្រោងទស្សនាថ្នាក់រៀនពីរភាសា នៃសាលាបឋមសិក្សាវត្តបូផងដែរ។

សូមបញ្ជាក់ថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថាបិកចំនួន ៤រូប គឺលោក Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ លោក Habib Bourguiba ប្រមុខរដ្ឋប្រទេសទុយនីស៊ី លោក Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៃប្រទេសកម្ពុជា។ បច្ចុប្បន្ន អង្គការ OIFបានក្លាយជាអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនៅក្នុងពិភពលោក (បន្ទាប់ពីអង្គការសហប្រជាជាតិ) មានរដ្ឋ នងរដ្ឋាភិបាលសមាជិកសរុបចំនួន៨៨ (សមាជិកពេញសិទ្ធិចំនួន៥៤ មិនពេញសិទ្ធិ៧ និងសមាជិកសង្កេតការណ៍ចំនួន២៧៕

ប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃចំពោះបេសកកម្មការទូតអូស្ត្រាលីរបស់លោកជំទាវ Angela Corcoran

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា កន្លងមកនេះពិតជាមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយក្រសួង ស្ថាប័ន ជាពិសេស បានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Angela Corcoran ចូលជួបសម្តែងការគួរសមនិងជម្រាបលា កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ នេះ នៅវិមានព្រឹទ្ធសភា បន្ទាប់ពីលោកជំទាវត្រូវបានបញ្ចប់បេសកកម្មការទូតប្រចាំប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោកជំទាវ Angela Corcoran បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា ទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរមកដល់ពេលមានរយៈពេល៦៧ឆ្នាំ។ តាមរយៈទំនាក់ទំនងនេះប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖វិស័យការពារជាតិ ពាណិជ្ជកម្ម អប់រំ ជាពិសេសទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតនៅកម្ពុជា ទទួលបានជោគជ័យ ក៏ដោយសារមានការគាំទ្រពី ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័យលើគ្រប់វិស័យ ហើយលោកជំទាវនឹងជម្រាបទៅឯកអគ្គរដ្ឋទូតអូស្រា្តលីថ្មី ដើម្បីបន្តពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបន្តទៅទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជននិងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អប់រំ សុខាភិបាល ព្រមទាំងបានផ្តល់អាហារូបករណ៍ សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជាទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលបច្ចុប្បន្ននេះ មាននិស្សិតជាងពីរពាន់នាក់ ដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលី៕

ពលរដ្ឋជិត ៣០នាក់ នៅស្រុកពួក ខេត្តសៀមរាប ពុលត្រីប្រៃកំពិស

ខេត្តសៀមរាប ​៖​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ បាន​ពុល​ត្រី​ប្រៃ​ចំនួន​២៨​នាក់​ (​ស្រី​១៦​នាក់​)​ ធ្ងន់​០២​នាក់​ (​ស្រី​២​នាក់​)​ ដែលករណីនេះកើតឡើងកាលពី​ថ្ងៃ​ចន្ទ​ ០៦​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ ចន្លោះ​ ពី​ម៉ោង​១១​ និង​០០​នាទី​ព្រឹក​ដល់​ម៉ោង​១៤​ និង​០០​នាទី​។​

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ បានឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​បាន​ទិញ​ត្រី​ប្រៃ​ ពី​ឈ្មោះ​ប៊ូ​ នឿ​ម​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​គោក​ជួន​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ដែល​ដាក់​លក់​នៅ​ផ្សារ​ពួក​យក​ទៅ​បរិភោគ​ជាមួយនឹង​បន្លែ​ត្រប់​ ព​ពាយ​ និង​បាយ​។ តែមិនឱ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។

​ក្រោយ​បរិភោគ​បាយ​រួច​ ប្រមាណ​ជាមួយ​ម៉ោង​ក្រោយ​ ពួក​គាត់​ចាប់ផ្ដើម​មាន​អាការ​ក្អួតចង្អោរ​ ហើយ​ត្រូវ​បាន​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រា​ មណ្ឌល​សុខភាព​ខ្នាត​ និង​ទឹក​វិល​។​ លោកបញ្ជាក់ថា ​ករណីពុលនេះ មានមនុស្សរងគ្រោះនៅក្នុងឃុំពួក មានចំនួន ២១នាក់ រួមមាន ៖ ភូមិប្រយុទ្ធ ចំនួន១៣នាក់ ក្នុងនោះស្រីចំនួន០៦នាក់, ភូមិគោក ស្រុកចំនួន០៥នាក់ ស្រីទាំងអស់, ភូមិកំពង់តាយ៉ងចំនួន ០១នាក់ និងភូមិចំបក់ហែ ចំនួន០២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និងភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន ០៣នាក់។

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​កំពុង​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ចុះ​ពិនិត្យ​ និង​ស្រាវជ្រាវ​ករណី​ខាងលើ​៕

 

សហគមន៍អឺរ៉ុបបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការដើម្បីគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោកស្រី ខាមិន មូរីណូ ( Carmen Moreno ) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតថ្មីរបស់លោកស្រី ខាមិន មូរីណូ នៅកម្ពុជា ដែលពិតជាមានសារៈសំខាន់ណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែរឹងមំា និងរីកចម្រើនថែមទៀត។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា កម្ពុជា-សហភាពអឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នាកសាង នូវវិបុលភាពដល់ប្រជាជនទាំងសងខាង មិនតែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកលលោកផងដែរ ។

លោកស្រី ខាមិន មូរីណូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្នុងរយៈពេលប្រមាណជាង២៥ឆ្នាំ កន្លងមកនេះ សហភាពអឺរ៉ុប បានក្លាយជាដៃគូសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ។ហើយបេសកកម្មនេះ សហភាពអឺរ៉ុប នៅតែមានឆន្ទៈអនុវត្តបន្តទៅមុខទៀត ដើម្បីគំាទ្រដល់ការរីកចម្រើនរបស់កម្ពុជា។

លោកស្រីកអគ្គរដ្ឋទូត បានលើកឡើងបន្តថា ជំនួយគំាទ្ររបស់សហភាពអឺរ៉ុបមកកម្ពុជានាពេលកន្លងមក មានទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភា ដែលជាស្ថាប័នកំពូល មានតួនាទីសំខាន់នៅក្នុងការចូលចំណែកការអភិវឌ្ឍប្រទេសជាតិ។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និង ពេញចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការដើម្បីឱ្យបេសកកម្មការទូត របស់លោកស្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។ សម្តេចប្រធាន សង្ឃឹមថា លោកស្រីឯកអគ្គរដ្ឋទូត នឹងបានស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា ពិសេសគឺការថែរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់របស់កម្ពុជា៕

 

មន្រ្តីនគរបាលជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៣៦រូបត្រូវបានព្រះមហាក្សត្របញ្ចប់គោរមងារជាឧកញ៉ា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​បាន​ត្រាស់បង្គាប់​ដោយ បញ្ចប់​គោ​រម្យ​ងារ​ជា​ឧកញ៉ា​ដល់​នាយ​នគរបាល​ជាន់ខ្ពស់​ចំនួន​៣៦​រូប នៃ​ក្រសួងមហាផ្ទៃ។

បើតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា មន្រ្តីនគរបាលទាំង៣៦រូប ​ក្នុងនោះ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​២​រូប​,​ឧ​ត្ត​ម​សេនីយ៍​ឯក​១០, ឧ​ត្ត​ម​សេនីយ៍​ទោ​១០​រូប​, ឧ​ត្ត​ម​សេនីយ៍​ត្រី​៤​រូប​, វរសេនីយ៍ឯក​២​រូប​, វរសេនីយ៍ទោ​៦​រូប​, វរសេនីយ៍ត្រី​១​រូប និង​អនុសេនីយ៍ឯក​១​រូប៕

​សូម​អាន​ព្រះរាជ​ក្រិ​ត្យ​ខាងក្រោម ៖

 

 

​តុលាការ​ថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​

ភ្នំពេញ ៖ តុលាការ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា អតីត​មេដឹកនាំ​បក្សប្រឆាំង ហើយ​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ​ដែល​គេ​រំពឹងថា សវនាការ​នឹង​បើក​នាពេល​ឆាប់ៗ​ខាងមុខនេះ ។​
​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ក្រោយពី​បាន​ស្រាវជ្រាវ ​និងស៊ើបសួរ​ចប់សព្វគ្រប់​ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់ ហើយ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ​ស​ន្ឋិ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​ចៅក្រម​ស៊ើប សួរ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ​ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ តុលាការ​ជំនុំជម្រះ​៕

ករណីបាក់​រលំ​ប្លង់​សេ​អគារ​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​ ៖ ស្លាប់​មនុស្ស​៣​នាក់ និង​រងរបួស​១៣​នាក់​

ខេត្តសៀមរាប ៖ គិតត្រឹមយប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ ករណី​បាក់ស្រុត​សំណង់​អគារ​សាលាឆាន់​ក្នុង​វត្ត​ប្រាសាទ​គោកចក ខេត្តសៀមរាប​នោះ​គឺ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​ស្រាល​១៣​នាក់។​ នេះបើយោងតាម​របាយការណ៍​រប​ស់​សមត្ថកិច្ច។

​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានសម្រេច​ឧបត្ថម្ភ​ថវិកា​ប្រមាណ ២០​លាន​រៀល​សម្រាប់​អ្នកស្លាប់ និង ៣​លាន​រៀល សម្រាប់​អ្នករងរបួស​ក្នុង​ហេតុការណ៍​នេះ​ផងដែរ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​នេះ កើតមាន​ហេតុការណ៍​បាក់​រលំ​ប្លង់​សេ​អគារ​សាលាឆាន់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ បណ្តាលឱ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ១៣​អង្គ​/​នាក់ រងរបួស​ធ្ងន់​ស្រាល និង ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត៕

 

Messi ក្លាយជា​ម្ចាស់​ពាន Ballon d’Or ជា​លើក​ទី៦

​បរទេស ៖ ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona គឺ​កីឡាករ Lionel Messi បានឈ្នះ​ពានរង្វាន់ Ballon d’Or ជា​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក​ជា​លើក​ទី៦ សម្រាប់​ឆ្នាំ​២០១៩​នេះ។ ​នេះ​បើ​យោងតាម​ប្រភពពី BBC។​

​ចំណែក​លេខ​២ ធ្លាក់​ទៅ​ខ្សែការពារ​របស់​ហង្ស​ក្រហម Liverpool គឺ​កីឡាករ Virgil van Dijk ខណៈ Cristiano Ronaldo​ ដែល​ឈ្នះ​បាន​៥​ដង​ឈរ​នៅ​លេខ​៣​។​ ក្នុងនោះ​ដែល​អ្នកចាំទី Alisson បាន​ពាន Yashin Trophy តំណាង​ឲ្យ​អ្នកចាំទី​ល្អ​នាំមុខ​ Marc Andre ter Stegen របស់​អាល្លឺម៉ង់ និង​អ្នកចាំទី​ប្រេ​ស៊ី​ល​ម្នាក់ទៀត គឺ Ederson​។​ ដោយឡែក ខ្សែការពារ Matthijs de Ligt បាន​ពានរង្វាន់ Kopa Trophy ដែល​តំណាង​ឲ្យ​កីឡាករ​ល្អ​បំផុត​អាយុ​ក្រោម​២១​ឆ្នាំ​៕

 

អភិបាល​ខេត្តពីរ​រូប​ត្រូវ​បាន ព្រះមហាក្សត្រ​ប្រោស​ព្រះរាជ​ទាន​​គ្រឿងឥស្សរិយយស

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោតម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសជាតិតូបការជូន លោក គូច ចំរើន អភិបាលខេត្តព្រះសីហនុ និងគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូន លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស គឺ​យោង​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​អគ្គម ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះ​បើ​យោង​តាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទើបតែទទួលបាននៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

សូម​ជម្រាបថា លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា ២០១៩ ជំនួស លោក យន្ត មីន ដែល​បាន​សុំ​លាលែង​ពី​តំណែង​ក្រោយពីរលំបាក់អគារកម្ពស់ ៧ជាន់ នៅក្រុងព្រះសីហនុ បណ្តាល​ឱ្យ​មាន​មនុស្ស ២៨នាក់​ស្លាប់ និង​២៦នាក់រងរបួស។

ចំណែក លោក ទៀ សីហា អតីត​អភិបាល​រង​ខេត្ត​សៀមរាប​ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​សៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជំនួសលោក ឃឹម ប៊ុនសុង ដែល​ត្រូវ​បាន​ត្រាស់​បង្គាប់ដំឡើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួង​ការ​ពារ​ជាតិ បន្ទាប់ពីលោកត្រូវ បានចូលនិវត្តន៍ពី អភិបាលខេត្តសៀមរាប៕

រណសិរ្ស២ធ្នូជាព្រឹត្ដិការណ៍សំខាន់ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសប្រារព្ធមិទ្ទីញ មហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានៅសាលសន្និសីទចតុម្មុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថារណសិរ្ស ២ធ្នូ បានរំដោះ និងសង្គ្រោះជីវិតយើងទំាងអស់គ្នា និងបានស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្ដបន្ទាប់។ «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។

សម្តេចបានគូសបញ្ជាក់ថា បច្ចុប្បន្ន គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់សមាជិក សមាជិកា យុវជនជំនាន់ក្រោយទំាងអស់លើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបពោ្ចញអស់កម្លាំងកាយចិត្ដ ក្នុងការបម្រើប្រទេសជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល៕

 

កម្ពុជា​ឈ្នះ​មេដាយមាស​១គ្រឿងហើយ ​ពីស៊ី​ហ្គេម​​នៅ​ហ្វីលីពីន​

​ភ្នំពេញ ៖ អបអរសាទរ ​កម្ពុជា​ឈ្នះ​មេដាយមាស​ទី​១​ពី​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​រសៀល​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៩ ដោយ​កីឡាករ យ៉ុង ម៉េង​លី ឈ្នះ​មេដាយមាស​១​គ្រឿង លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis លើ​វិញ្ញាសា Padded Stick ទំងន់ ៦០-៦៥ គីឡូក្រាម៕

 

អូស្ត្រាលីត្រៀមខ្លួនជាស្រេចក្នុងការបន្តចូលរួមចំណែកជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ លោកជំទាវ អេនជែលឡា កូកូរ៉ាន (Angela Cocoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ចប់អាណត្តិ ចូលជួបជម្រាបលា នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកជំទាវទូត​​​​បានសម្ដែងនូវអំណរគុណ ចំពោះមេដាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់ជូនលោកជំទាវ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យដោះមីន។ លោកជំទាវ ក៏បានសម្ដែងនូវអំណរសាទរយ៉ាងខ្លាំង ជូនដល់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលការអភិវឌ្ឍ យ៉ាងឆាប់រហ័សជាទីបំផុត។

លោកជំទាវលើកឡើងថា លោកជំទាវបាន​មកកម្ពុជាកាលពីឆ្នាំ១៩៩៣-៩៤ ហើយនៅពេលនោះ​ ភ្នំពេញមានការអភិវឌ្ឍគួរជាទីមោទនៈទីបំផុត។ ជាងនេះទៀត ជំទាវក៏បានសម្តែងនូវការសប្បាយរីករាយ ដែល​អូស្ត្រាលី បានចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជា អោយមានការរីកចម្រើន រហូតដល់ថ្ងៃនេះ ហើយលោកជំទាវ ក៏បានសម្ដែងជូនសម្ដេចតេជោផងដែរថា ​រដ្ឋាភិបាលអូស្ត្រាលី បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តចូលរួមចំណែក ក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេច ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ ជាពិសេស រវាងយុវជននិងយុវជន របស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ​ បានសម្ដែងនូវការរីករាយ និងអរគុណផងដែរ ចំពោះការបំពេញបេសកកម្ម របស់លោកជំទាវ អេនជេឡា នៅកម្ពុជា ដោយបេសកម្មរបស់លោកជំទាវ បានជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ​ ក្នុងនោះ លោកជំទាវ បានជំរុញឲ្យមានរៀបចំ ការប្រជុំកំពូល នៅ​អូស្ដ្រាលី, ជំរុញទំនាក់ទំនង រវាងយុវជននិងយុវជន និងដំណើរទស្សនកិច្ចសិក្សា របស់យុវជនអូស្ត្រាលី មកកាន់កម្ពុជា, ហើយនិងជំរុញឲ្យមានការអនុញ្ញាត នាំចូលទំនិញប្រមាណ៩៧ភាគរយ ពីកម្ពុជាចូលទៅអូស្ត្រាលី។

សម្ដេចតេជោ បានមានប្រសាសន៍ថា នេះគឺជាមូលដ្ឋានដ៏ល្អ ដែលយើងអាចលើកស្ទួយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមក បានជួយដល់កម្ពុជាយើង ជាពិសេសលើវិស័យកសិកម្ម, ការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ​ដែលជួយធ្វើការស្រាវជ្រាវ ធ្វើឲ្យអង្ករកម្ពុជា ទទួលបានលេខ ១ នៅក្នុងឆាកអន្តរជាតិ៕

ទូតអឺរ៉ុបថ្មី ៖ កម្ពុជាកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនោះលោកជំទាវបានមានប្រសាសន៍ថា កម្ពុជាមានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លោកជំទាវបានមានប្រសាសន៍បន្ថែមថា ទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Carmen ដែលបានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណនូវការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោកជំទាវបានលើកឡើងព្រោះអ្វីដែលលោកជំទាវបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងគប្បី ណាឈរ លើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង៕