All posts by មេគង្គ ប៉ុស្តិ៍

ជំងឺគ្រុនឈាមបានសម្លាប់កុមារ២នាក់ក្នុងចំណោមអ្នកជំងឺ៧០០នាក់ នៅខេត្តឧត្តរមានជ័យ

ដោយ ៖ ស ស រ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានកុមារពីរនាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងចំណោមអ្នកជំងឺប្រមាណ៧០០នាក់ដែលកំពុងសម្រាកពញយាបាលនៅតាមបណ្តា7ព្យាបាលនានា ក្នុងខេត្តបន្ទាយមានជ័យ ក្នុងអំឡុងរដូវភ្លៀងធ្លាក់ជោកជាំបង្កឱ្យកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ និងគ្រុនឈាមនេះ។

លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំងឺគ្រុនឈាម បានចាប់ផ្ដើមផ្ទុះឡើងចាប់ពីចុងខែឧសភា រហូតមកទល់ពេលនេះដែលវដ្ដនៃជំងឺនេះបានផ្ទុះ នៅរវាង៤-៥ឆ្នាំម្តង នៃរដូវគ្រុនឈាម និងកត្តាធ្វេសប្រហែសរបស់អាណាព្យាបាលកុមារ។

លោក បានឱ្យដឹងទៀតថា ជំងឺគ្រុនឈាម បានកើតមានច្រើនជាងគេក្នុងក្រុងសិរីសោភ័ណ ក្រុង ប៉ោយប៉ែត ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។ អ្នកជំងឺភាគច្រើន ត្រូវបានអាណាព្យាបាលបញ្ជូនទៅ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា) និងមន្ទីរពេទ្យកុមារអង្គរ នាខេត្តសៀមរាប និង ចំនួនចុងក្រោយ នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្ត។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ ស្ដីពីការស្លាប់ របស់កុមារ ដោយសារជំងឺគ្រុនឈាមបន្ថែមទៀតទេ។

លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅ មុនពេលផ្ទុះជំងឺគ្រុនឈាមនេះ មន្ត្រីសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យ បង្អែក និងមណ្ឌលសុខភាព បានផ្សព្វផ្សាយពីវិធានការបង្ការការពារឆ្លងជំងឺនៅតាមគោលដៅនានា បាន ចុះបាញ់ថ្នាំ បានដាក់អាប៊ែត ក្នុងពាងទឹកអស់ចំនួន៤,៥តោន នៅគ្រប់សង្កាត់នៃក្រុងសិរីសោភ័ណ និង ក្រុងប៉ោយប៉ែត និងក្នុងឃុំខ្លះនៃស្រុកម៉ាឡៃ និងព្រះនេត្រព្រះ។

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា មកទល់ពេលនេះ អ្នកជំងឺមកទទួលពិនិត្យព្យាបាល នៅមន្ទីរពេទ្យនេះ មានចំនួនច្រើននៅឡើយ ហេតុនេះមន្ត្រីសុខាភិបាល និងគ្រូពេទ្យកំពុងបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតលើការពិនិត្យ និងព្យាបាល។

យោងតាមការឱ្យដឹងពីក្រសួងសុខាភិបាល ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាមបានផ្ទុះខ្លាំងជាងគេ នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និងក្រចេះ ជាដើម៕

លោក ថៃ នរៈសត្យា បង្ហើបពីជម្លោះដ៏អាថ៌កំបាំងស្របពេលដែលលោកត្រូវបានដកតំណែង

ភ្នំពេញ ៖ លោក ថៃ នរៈសត្យា ស្របពេលដែលត្រូវបានបញ្ចប់មុខតំណែងជារដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមព្រះរាជក្រឹត្យចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកបានសរសេររៀបរាប់ ពីដំណើរជីវិតរបស់លោកជាមួយអតីតភរិយាដើមរបស់លោក ដែលបានលែងលះគ្នា១០ឆ្នាំរួចហើយ ដោយលោកអះអាងថា ដើម្បីបកស្រាយឲ្យមហាជនទូទៅបានដឹងជាសាធារណៈពីជម្លោះដ៏អាថ៌កំបាំងរបស់លោក។

លោក ថៃ នរៈសត្យា បានសរសេរសង្ខេបយ៉ាងជ្រាលជ្រៅពីជីវិតគ្រួសារដ៏គួរភ្ញាក់ផ្អើលថា ៖ «… ខ្ញុំខ្ពើមរអើមណាស់ជម្លោះ ខ្ញុំខ្ពើមមនុស្សប្រើល្បិច រករឿងទម្លាក់កំហុសលើគេ ដើម្បីបិទបាំងភាពអាក្រក់ជួរជាតិរបស់ខ្លួនឯង ហើយខ្ញុំក៏មិនបន្ទោសអ្នកហៃអើដែរ ព្រោះគ្នាស្តាប់សម្លេងរងាវតែម្ខាង មើលទៅហាក់លង់ក្នុងដ្រាម៉ា នៃអ្នកនិពន្ធណាស់ ! ខ្ញុំខ្ពើម តែខ្ញុំចាំបាច់បំភ្លឺខ្លះវិញ ព្រោះតែហាមឃាត់ស្រីនោះមិនបាន ដើម្បីឲ្យមហាជន លោកបានឃើញនូវចំណុច គួរឲ្យខ្ពើមជាច្រើនដែលកំពុង បិទបាំងលាក់ពួន នៅក្នុងជ្រុងម្ខាងទៀត នៃជង្រុកពុតត្បុតរបស់នាង។ ខ្ញុំបានអរគុណរួចហើយ ដល់ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិច ទាំងអស់់ដែលបាន យករឿងរ៉ាវជីវិត៧០ឆ្នាំរបស់ខ្ញុំនេះ ទៅបង្ហាញជូនដល់ ពីភពលោកទាំងមូលឲ្យបានដឹង បើទោះបីជាពិតខ្លះ និងមិនពិតជាច្រើនយ៉ាងណាក៏ដោយចុះ ព្រោះថានៅក្នុងលោកនេះ គឺវាមានតែពីរហ្នឹងឯង គឺ ពិត real និង ក្លែងក្លាយឬមិនពិត fake។ មិនអីទេ មុខរបរជាអ្នកកាសែត គឺអីចឹងហើយ ហើយខ្ញុំក៏ធ្លាប់ជា ចាងហ្វាងកាសែតឡូកាល់ និងជាអគ្គនាយក នៃប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែរ។ ខ្ញុំចងចាំយ៉ាងជាប់លាប់នូវ ប្រសាសន៍របស់មេខ្ញុំ ដែលខ្ញុំគោរពស្រឡាញ់បំផុតគាត់ថា ” អាមនុស្សខ្លះ បើដេញទាន់ហើយ មិនជាន់កែងវាទេ វានៅតែថាឯងដេញវាមិនទាន់ដដែល ” គឺហេតុផលនេះហើយ ដែលខ្ញុំសម្រេចចិត្ត” ជាន់កែងតែម្តងដើម្បីបង្ហាញតថភាព។
លោក ថៃ នរៈសត្យា លើកឡើងថា “អាណិតកូនៗណាស់ Silence is over” ។

“ប៉ុន្មានថ្ងៃនេះខ្ញុំត្រូវរងការវាយប្រហារពីសំណាក់ស្រីកំណាច ម្នាក់ជាអតីតភរិយា ដែលដាច់អហង្ការបានប្តឹងសុំលែងលះខ្ញុំតាមផ្លូវច្បាប់ជាស្ថាពរ ជាងដប់ឆ្នាំហើយ គឺតាំងពីអំឡុងឆ្នាំ ២០០៨ ដែលកាលនោះ លោកប្រធានគណ:មេធាវីនៃរាជរដ្ឋាភិបាល ឃី តិច លោកបានដឹងច្បាស់ ព្រោះស្រីនោះបានទៅពឹងពាក់នៅស្ថាប័ននេះ ព្រមទាំងគំរាមដោយត្រង់ៗកាលពីពេលនោះថា នឹងធ្វើឲ្យខ្ញុំអស់ទាំងការងារ និងទាំងជីវិតនយោបាយ ។

ដោយអំណាចច្បាប់ ខ្ញុំបានចាកចេញមករស់នៅតាមសមត្ថភាពដែលខ្ញុំអាច ខ្ញុំខំដោយលំបាកលំបិនណាស់អស់ជាច្រើនឆ្នាំ ជាមួយភរិយាក្រោយទើបសាងបានដោយលំបាកនូវជម្រកដ៏ធួនល្មមមួយនៅ ដាច់ស្រយាលឯជាយក្រុង។ខ្ញុំបានរៀបចំកម្មវិធីឡើងផ្ទះនោះទៅតាម លទ្ធភាពស្តួចស្តើងរបស់ខ្ញុំ តែបែរជាស្រីកំណាចនោះផុសបរិហារកេរ្តិ៍ខ្ញុំបំភ័ន្តមតិមហាជន ឲ្យមើលមកខ្ញុំនេះដូចជាមនុស្សអាវាសែ ដែលទើបដើរចោលក្រុមគ្រួសារអីចឹង។ ឃើញដូចនេះខ្ញុំក៏បានពិភាក្សាជាមួយកូនៗទាំងអស់ចង់សរសេរបកពីរឿង នាងនោះដើម្បីកុំឲ្យងងើលក្នុងការឈ្លានពានខ្ញុំមិនលើកលែងជារហូតមក ពេក ព្រោះយើងបានលែងលះគ្នាតាមផ្លូវតុលាការ”ច្បាប់រដ្ឋ”ជាង១០ឆ្នាំ ហើយ តែកូនៗខ្ញុំគាត់សុំខ្ញុំថាកុំអាលអី បើប៉ាសរសេរសុំត្រឹមផ្ញើចូលឆាតគាត់សិនចុះ ដើម្បីកុំឲ្យគាត់យល់ថាគាត់ perfect ពេក ហើយចេះតែមានគំនិតបំផ្លាញគេមិនឈប់ដូចនេះ។ ខ្ញុំបានសរសេរហើយផ្ញើចូលឆាតនាងនោះ តែនាងមិនត្រឹមតែមិនយកទៅពិចារណាទេ គឺថែមទាំងឆាតមកជេរប្រមាថខ្ញុំ ដូចទម្លាប់ដែលនាងធ្លាប់តែកៀបសង្កត់មើលងាយខ្ញុំ ដូចកាលពីមុន (ខ្ញុំមានសម្លេងជេរប្រមាថនេះ)ហើយបន្តចេតនាអាក្រក់ជាមួយបន ភឿនក្នុងការបំផ្លាញ់ខ្ញុំថែមទៀតឥតដកដៃតាមចរិតអាក្រក់របស់គាត់។ ខ្ញុំធន់ទ្រាំរងការប្រមាថក្រោយការលែងលះច្រើនឆ្នាំ មិនបើកកាយអីទេព្រោះអាណិតកូនដែលនៅតូចៗ តែពេលនេះកូនៗខ្ញុំគេធំដឹងក្តីអស់ហលយ ដូចនេះដើម្បីកុំឲ្យយល់ច្រឡំមកលើខ្ញុំខ្លាំងពេក ខ្ញុំសុំបង្ហាញជូននូវសំណេររបស់ខ្ញុំទៅនាងនោះដូចខាងក្រោមនេះ ៖” បើមិនបិទមាត់ទេ កុំថាខ្ញុំខ្វះការយោគយល់ ។ ខ្ញុំសម្រេចចិត្តនឹងនិទានរឿងល្បិចកលនៃអំពើផិតក្បត់ដ៏សាហាវរបស់ ស្រីអំនួតម្នាក់ ដែលចេះតែបំផ្លាញច្រើនជាងកសាង។ ខ្ញុំនឹងបកបង្ហាញសាធារណជនក្នុងឲ្យពួកគេបានដឹងតាំងពី ក ដល់ អ ។ ពីប្រុសសហាយទាំងមកពីអាមេរិក ទាំងនៅខ្មែរ ទាំងអាម្នាក់នៅតាខ្មៅ ទាំងអាម្នាក់ដែលខ្ញុំទៅធាក់ទ្វារចាប់បានរួមគ្នានៅបន្ទប់លេខ 14 នៃផ្ទះសំណាក់មួយនៅត្រើយម្ខាង។ ចាប់បានប៉ុណ្ណឹងហើយគ្មានញិនអីបន្តិចគឺហ៊ានជេបញ្ចោរខ្ញុំនៅ ចំពោះមុខប្រុសសាហាយដែលកំពុងភ័យស្លន់នោះទៀត ម្នាក់នោះខ្ញុំស្គាល់ទាំងប្រពន្ធរបស់គេទៀត ប្រពន្ធម្នាក់នេះគោរពរាប់អានខ្ញុំណាស់ ហើយគឺប្រពន្ធម្នាក់នោះឯងដែលតេមកប្រាប់ខ្ញុំពីការលួចជួបគ្នា នេះ។ គឺបង្ហាញទាំងអស់ រាប់ទាំងអាសង្ហារឈ្មោះ ដួង តារា ដែលល្បីថាពូកែខាង IT ម្នាក់ថែមទៀត ដែលវានេះមានទំនាក់ទំនងគ្នាស្អិតរមួតរាប់ឆ្នាំមកហើយ ហើយទើបតែមានការងារ និងមានប្រពន្ធមិនជាយូរប៉ុន្មាននេះ។ គឺវានោះហើយដែលឃុបឃិតជាមួយស្រីនោះនាំដល់ការបំផ្លាញ villa របស់កូនៗខ្ញុំ ឲ្យក្លាយជាផ្ទះការ៉ាអូខេ…បន្ទាប់មកក៏គឺវានេះទៀតដែរ ដែលទើបនឹងមានមុខមានមាត់មានលុយ ជាអ្នកនៅពីក្រោយការកម្ទេចវីឡានេះឲ្យទៅជាផ្ទះល្វែងទៀត។ ដោយវាជាម្ចាស់លុយក្នុងការជួយឲ្យស្រីនោះវាយផ្ទះវីឡាចោលដើម្បី ធ្វើជាផ្ទះល្វែងនោះ វាមានអាទិភាពជ្រើសរើសយកអាល្វែងកណ្តាលទៀតផង ឥឡូវកំពុងដាក់លក់។ និយាយពីការហិនហោចការបញ្ចាំផ្ទះវីឡានៅធនាគារ Acleda ជាមួយ អង្គរជុំកាត់ដេរ យកលុយមកចាយវាយមិនដឹងមុខ រហូតដល់វ័ណ្ឌក ត្រូវធនាគារបង្ខំអនុវត្តនិតិវិធីធនាគារ ក៏មកអង្វរខ្ញុំឲ្យលក់ដីជាទីស្រឡាញ់របស់ខ្ញុំមួយកន្លែងនៅ កំពង់សោម ឲ្យទៅម្ចាស់ផ្សារទំនើប Samudara តម្លៃបាន៣១ម៉ឺនដុល្លារ ដោយសន្យាថាឲ្យតែខ្ញុំព្រមលក់ដីខ្ញុំបន្តិចជាប់ថែម ដើម្បីយកប្លង់ផ្ទះមកវិញទុកឲ្យកូនៗនៅគេឈប់ប៉ះពាល់ផ្ទះនេះទៀត ហើយ។ ស្រីម្នាក់នោះប្រើល្បិចអោនលំទោនដាក់ខ្ញុំដោយសន្យាជាមួយខ្ញុំថា មិនកាន់ប្លង់ផ្ទះនោះទៀតទេទុកឲ្យខ្ញុំកាន់ការពារចុះ ប៉ុន្តែគ្រាន់តែបានប្ល្ង់ផ្ទះនោះមកដល់ដៃវិញ ក៏យកទៅទុកធ្វើមិនដឹងទៅ ! មិនដឹងថាក្រោយមក ប្លង់នេះត្រូវដាក់បញ្ចាំនៅកន្លែងណាទៀតដែរ ព្រោះឃើញតែខ្វះតែរហូត។

និយាយពីលុយលក់ដីផ្ទះនៅកំពង់សោមនោះវិញ គឺគ្រាន់តែបានលុយភ្លាមស្រីល្បិចនោះបានទារយក១ម៉ឺនភ្លាមយ៉ាង តក់ក្រហល់ដោយនិយាយថាមានការត្រូវដោះស្រាយជាបន្ទាន់ផ្សេងទៀតភ្លាម ។ ក្រោយពីខ្ញុំឲ្យលុយ១ម៉ឺននោះទៅ ភាពហ៊ឹកហ៊ាក់ក៏ត្រឡប់មកវិញភ្លាម ដោយឃើញបនភឿនពួកគេជិះពេញៗឡានដោយទឹកមុខរីករាយភ្លាមដែរ។

ចំណែកលុយ៣០ម៉ឺន ខ្ញុំមានភារកិច្ចត្រូវយកទៅទូទាត់ជាមួយធនាគារ អេស៊ីលីដា ជ្រោយចង្វារដើម្បីលោះប្លង់ផ្ទះ villa នោះមកវិញនិងត្រូវចេញជំនួសចំណែករបស់អង្គរជុំថែមទៀត ដោយហេតុថាស្រីម្ចាស់ផ្ទះនេះវាថ្លៃថ្នូរពេក ដែលសូម្បីតែការយកប្លង់ផ្ទះរបស់ខ្លួនឯងទៅបញ្ចាំធនាគារចំនួន ២០ម៉ឺននោះ ក៏គេមិនទទួលដែរ ព្រោះក្រេឌីតវាឡើងកប់ពេក ដូចនេះត្រូវពឹងពាក់ទៅលើអ្នកមេអណ្តើក co-between ម្នាក់ទៀតគឺអង្គរជុំ ដោយព្រមឲ្យគេបន្ថែមពីលើ ១០ម៉ឺនទៀត សារុបទាំងស្រីនោះយក និងមេអណ្តើកយកបន្ថែមគឺ ៣០ម៉ឺនដុល្លា USA ដូចនេះលុយនោះខ្ញុំមិនបានប៉ះពាល់សូម្បីតែមួយសេនឡើយ ។

សូមសាធារណៈជនលោកមេត្តាពិចារណារកហេតុផលដោយអធ្យាស្រ័យផងចុះថា ” បើគង់តែនិងវ៉ៃបំផ្លាញ villa ធុនមធ្យមដ៏ល្អច្រឡឹងមួយនេះចោល ហើយសង់ផ្ទះល្វែងដូចសព្វថ្ងៃដដែល តើចាំបាច់ទេដែលសុំអង្វរខ្ញុំឲ្យលក់ដីនៅកំពង់សោមយកមកសង្គ្រោះ វាដើម្បីវាយចោលហើយសង់ជាផ្ទះល្វែងជាមួយអាសំណព្វចិត្ត ដួង តារា ដែលក្រោយសងើហើយវាពុះយកល្វែងកណ្តាលនោះធ្វើអី បើវាត្រូវរលាយតែទាំងពីរអ៊ីចឹងនោះ ? តើជាភាពងងើល អំនួត អត្តនោម័ត ល្ងង់ ឬឆ្លាតខ្លាំង ដែលវ៉ៃផ្ទះធំចោលទៅធ្វើជាផ្ទះល្វែងបានតែ៣ល្វែង ហើយឲ្យ ដួង តារា យកអាល្វែងកណ្ដាលអីចឹងនោះ? ។ អំពើរបៀបអីក៏នាងនោះអាចធ្វើបានដែរ រាប់ទាំងការប្រមាថមកលើក្រុមគ្រួសារខ្ញុំ និងអំពើហឹង្សាគ្មានគតិមកលើរូបខ្ញុំឥតឈប់ឈរ ដែលកូនៗរបស់ខ្ញុំធ្លាប់បានឃើញដោយផ្ទាល់ភ្នែកនូវរឿងខ្លះនៃករណីនេះ ហើយថ្មីៗនេះគំរាមសម្លាប់ខ្ញុំថែមទៀត ខ្ញុំមានសម្លេង។ . ខ្ញុំមិនមែនដើរចោលផ្ទះដូចការបរិហារនោះទេ ខ្ញុំត្រូវបង្ខំចិត្តចាកចេញដោយអំណាចសាលក្រមតុលាការ ព្រោះតែការប្តឹងសុំលែងលះរបស់ស្រីនោះ ទោះបីជាខ្ញុំខំសម្រុះសម្រួលយ៉ាងណាក៏មិនព្រមដាច់ខាត ព្រោះតែកំពុងជក់សូរក្នុងការចង់លែងខ្ញុំ ដើម្បីសេរីភាព និងគោលបំណងមួយ ឬច្រើនជាងនេះ។ តាមផ្លូវច្បាប់ នាងនោះអស់សិទ្ធិពាក់ព័ន្ធគ្នាជាមួយខ្ញុំ តាមសាលដីការតុលាការនៃប្រទេសផង និងតាមបំណងដែលស្រីនោះចង់បានផង ដូចនេះការបរិហារកេរ្តិ៍ខ្ញុំ គឺជាបទល្មើសព្រហ្មទណ្ឌ ចំណែកឯការកសាងគ្រួសារ និងសំបុកទ្រមុំថ្មីរបស់ខ្ញុំ វាជាសតិរបស់មនុស្សជាតិ ដោយហេតុថា “សត្វត្រូវមានសំបុក មនុស្សត្រូវមានផ្ទះ”ខ្ញុំ ខ្ពើមរអើមណាស់ជម្លោះ ខ្ញុំខ្ពើមមនុស្សប្រើល្បិចរករឿងទម្លាក់កំហុសលើគេដើម្បីបិទបាំង ភាពអាក្រក់ជួរជាតិរបស់ខ្លួនឯង ហើយខ្ញុំក៏មិនបន្ទោសអ្នកហៃអើដែរ ព្រោះគ្នាស្តាប់សម្លេងរងាវតែម្ខាង មើលទៅហាក់លង់ក្នុងដ្រាម៉ា “Drama” នៃអ្នកអ្នកនិពន្ធណាស់ ! ខ្ញុំខ្ពើម តែខ្ញុំចាំបាច់បំភ្លឺខ្លះវិញព្រោះតែហាមឃាត់ស្រីនោះមិនបាន ដើម្បីឲ្យមហាជនលោកបានឃើញនូវចំណុចគួរឲ្យខ្ពើមជាច្រើនដែលកំពុង បិទបាំងលាក់ពួននៅក្នុងជ្រុងម្ខាងទៀតនៃជង្រុកពុតត្បុតរបស់នាង។ ខ្ញុំបានអរគុណរួចហើយដល់ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិច ទាំងអស់់ដែលបានយករឿងរ៉ាវជីវិត៧០ឆ្នាំរបស់ខ្ញុំនេះ ទៅបង្ហាញជូនដល់ពីភពលោកទាំងមូលឲ្យបានដឹង បើទោះបីជាពិតខ្លះ និងមិនពិតជាច្រើនយ៉ាងណាក៏ដោយចុះ ព្រោះថានៅក្នុងលោកនេះគឺវាមានតែពីរហ្នឹងឯង គឺ ពិត real និង ក្លែងក្លាយឬមិនពិត fake។ មិនអីទេ មុខរបរជាអ្នកកាសែតគឺអីចឹងហើយ ហើយខ្ញុំក៏ធ្លាប់ជាចាងហ្វាងកាសែតឡូកាល់ និងជាអគ្គនាយកនៃប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែរ។ ខ្ញុំចងចាំយ៉ាងជាប់លាប់នូវ ប្រសាសន៍របស់មេខ្ញុំ ដែលខ្ញុំគោរពស្រឡាញ់បំផុតគាត់ថា ” អាមនុស្សខ្លះបើដេញទាន់ហើយមិនជាន់កែងវាទេ វានៅតែថាឯងដេញវាមិនទាន់ដដែល ” គឺហេតុផលនេះហើយ ដែលខ្ញុំសម្រេចចិត្ត”ជាន់កែងតែម្តងដើម្បីបង្ហាញតថភាព” ចិត្តវិទ្យានៃរបបអ្នកនាំពាក្យ គឺមិននាំរឿងទេ ! តែវគ្គសិក្សាជាទ្រឹស្តីបទមូលដ្ឋាននៃអ្នកនៃពាក្យបានបង្ហាញថា ៖ ” បើចង់រម្ងាប់ព័ត៌មានក្លែងក្លាយ ត្រូវប្រតិកម្មរហ័សដោយព័ត៌មាន ” Kill the fake News is push out the Real News”។

សូមជម្រាបថា លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានបញ្ចប់មុខតំណែង តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ ករណីដកតំណែងលោក ថៃ នរៈសត្យា ដែលជាអ្នកនាំពាក្យក្រសួងវប្បធម៌ផងដែរនោះ កើតឡើងក្រោយមានរឿងរ៉ាវផ្ទាល់ខ្លួនក្នុងគ្រួសារនារយៈពេលចុងក្រោយ នេះ៕

ACU ប្រាប់ឱ្យសមាជិកក្រុមប្រឹក្សាអាណត្តិទី៣ ចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកាសទ្រព្យសម្បត្តិ និងបំណុលដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុក ខណ្ឌអាណត្តិទី៣ ឆ្នាំ២០១៩ ឱ្យមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដើម្បីបំពេញកាតព្វកិច្ចជាមន្ត្រីស្ថាប័នរដ្ឋ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ជ្រួកវៀតណាម នៅតែបន្តនាំចូលខេត្កកំពង់ចាម ខណៈអាជ្ញាធរកំពុងហាមឃាត់

ដោយ ៖ សុផល

ខេត្តកំពង់ចាម ៖ រថយន្ដមួយគ្រឿង ដែលដឹកជ្រូកចេញពីប្រទេសវៀតណាម ឆ្លងកាត់តាមស្ពានគីហ្សូណា ខេត្តកំពង់ចាម ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នាតាមចាប់បាន នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៣ ឃុំល្វា ស្រុកចំការលើ។

បេីតាមការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ចាមបានអោយដឹងថានៅវេលាម៉ោង៩និង៣០នាទីយប់បានទទួលពត៏មានរាយការណ៍មកថា មានរថយន្តដឹកជ្រូកម៉ាកសាំយ៉ុងព៌ណស ស្លាកលេខភ្នំពេញ 2F -4776ហើយបានប្រដេញដល់ស្រុកចំការលើហើយបានសហការណ៍ជាមួយកងរាជអាវុធហត្ថស្រុកចំការលើ ស្នាក់ការកងរាជអាវុធហត្ថ៧១០និងបានសុំសហការណ៍ជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ កងរាជអាវុធហត្ថស្រុកបារាយប្រដេញព័ទ្ធស្ទាក់ឃាត់ចាប់បាននៅវេលាម៉ោង១២និង២៥នាទីដែលស្ថិតនៅក្នុងចំការកៅស៊ូ ភូមិ៣ឃុំល្វា ស្រុកចំការលើក្នុងនោះសត្វជ្រូករស់មានចំនួន ១៣ ក្បាល។

ប្រភពពដដែបានបន្ដទៀតថា សត្វជ្រូករស់ទាំអស់នេះដឹកចេញពីប្រទេសវៀតណាមតាមខេត្តត្បូងឃ្មុំកាត់តាមស្ពានគីហ្សូណាខេត្តកំពង់ចាមហើយរថយន្តនិងជ្រូកទាំងអស់នោះបានឃាត់ទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលនឹងយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថាoនស្រាវជ្រាវបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វហេីយបានប្រគល់អោយវិទ្យាស្ថានការិយាល័យនិងអនុវត្តន៍បន្តតាមនិតិវិធីច្បាប់៕ 

មន្ទីរពេទ្យខេត្តតាកែវ បំភ្លឺរឿងស្ត្រីសម្រាលកូនហើយភ្លេចកំប្រេសក្នុងស្បូន

ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តតាកែវ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបំភ្លឺជុំវិញការបង្ហោះនៅលើបណ្ដាញសង្គម Facebook ថាពេទ្យឆ្មប់ពេលសម្រាលកូនគេហើយ ភ្លេចយកបង់រុំរបួស (កុំប្រេស) ចេញពីក្នុងពោះ បណ្ដាលឲ្យជនរងគ្រោះចុកពោះធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បើតាមគណនីហ្វេសប៊ុក នួន ឈិន ដែលជាប្តីរបស់ស្ត្រីម្នាក់បានឆ្លងទន្លេនោះ បានសរសេរលើហ្វេសប៊ុក ឲ្យដឹងថា ភរិយាខ្ញុំរួចផុតពីគ្រោះថ្នាក់ហើយ ខ្លាចហើយពេទ្យផ្នែកសម្ភព នៅមន្ទីពេទ្យបង្អែកខេត្តតាកែវ សំអាតមិនស្អាតហើយថែម ទាំងមានបង់រុំរបួសក្នុងស្បូនទៀត។

លោកបានបន្តថា ស្វាគមន៍កូនប្រុស និន វិសុទ្ធារ័ត្ន ទំងន់ ៣,៣គ.ក្រ កើតនៅវេលាម៉ោង ១០ ៖ ៥០ នាទីព្រឹកថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០១៩។

លោក មុន ឈិន ជាប្ដីស្ត្រីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឆ្លងទន្លេធម្មតា ដោយមានពេទ្យឆ្មបស្ត្រីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។

លុះបង្កើតហើយបាន ៣ថ្ងៃ ខ្លួននាំប្រពន្ធមកសម្រាកនៅផ្ទះក្នុងស្រុកសំរោង បានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់ខ្លួនចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារបានយកទៅពេទ្យកជនក្នុងឃុំ ត្រូវពេទ្យពិនិត្យឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះយកតែហូឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារ ក៏បានបញ្ជូនបន្តមកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

បុរសជាប្ដីស្ត្រីរងគ្រោះ បានអះអាងថា នៅមន្ទីរពេទ្យកាល់ម៉ែត ពេទ្យបានប្រាប់ថា ប្រពន្ធរបស់ខ្លួនមានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសំរាកព្យាបាល ក្នុងសភាពធ្ងន់ធ្ងរ។

បើតាមសេចក្ដីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្ត បានពន្យល់ថា ករណីសម្រាលកូនរបស់ស្ត្រីរូបនេះ ត្រូវបានវះកាត់ទ្វារមាស និងបូមជំនួយ ដូច្នេះដំណើរការសម្រាល់មានការហូរឈាមខុសធម្មតា ដែលត្រូវកុំប្រេស ដើម្បីឃាត់ទប់ឈាម ដោយរក្សាទុកកុំប្រេសនោះ រយៈពេលជាមធ្យមពី ២៤ទៅ ៤៨ម៉ោង។

មន្ទីរពេទ្យបង្អែកខេត្ត បានបកស្រាយទៀតថា ពេលសម្រាលរួច ស្ដ្រីខាងលើ បានចេញពីមន្ទីរពេទ្យ ដោយសន្យាថា នឹងមករកពេទ្យឆ្មបសំអាតតាមក្រោយ តែផ្ទុយទៅវិញ គាត់មិនបានហៅពេទ្យមកសំអាតទេ គាត់សំអាតដោយខ្លួនគាត់ ដោយយកកុំប្រេស២ដុំ៕

កាណាដា អនុម័តលើការពង្រីកបំពង់បង្ហូរប្រេង ក្នុងពេលឆាប់ៗនេះ

បរទេស ៖ រដ្ឋបាលប្រទេសកាណាដា បានអនុម័តសំណើមួយ ដែលមានជម្លោះ ក្នុងការពង្រីក បំពង់បង្ហូរ ប្រេងឆៅ របស់ប្រទេសកាណាដា នៅភាគខាងលិច ដែលប្រទេសនេះ បានទិញកាល ពី ឆ្នាំ មុន ដោយផ្តល់ក្តីសង្ឃឹមដល់វិស័យឧស្សាហកម្មថាមពល ដែលកំពុង មានសម្ពាធ ប៉ុន្តែ កំពុងធ្វើឱ្យក្រុមបរិស្ថាន មានការខឹងសម្បារលើបញ្ហានេះ។

منظر لحقل نفط خريص. أرشيف رويترز

នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បាននិយាយនៅក្នុង សន្និសីទព័ត៌មួយ ថា ការសាងសង់បណ្តាញបំពង់បង្ហូរប្រេង Trans Mountain នឹងចាប់ផ្តើមឡើងវិញនៅឆ្នាំនេះ។

មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់និយាយ ដោយមិនបញ្ចេញឈ្មោះ ថា ទីក្រុងអូតាវ៉ា រំពឹងថានឹងមានបញ្ហាប្រឈមផ្នែកច្បាប់ ចំពោះការអនុម័តសំរាប់ការសាងសង់នេះ ។

គម្រោងនេះនឹងបង្កើនសមត្ថភាពបំពង់បង្ហូរប្រេង Trans Mountain មួយទ្វេរជាបី ដើម្បីផ្ទុកប្រេងបានចំនួន ៨៩ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ពីតំបន់វាលប្រេងរបស់ខេត្ត អាល់ប៊ើរតា រហូតដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ប្រទេសអង់គ្លេស ដោយកាត់បន្ថយការកកស្ទះលើបំពង់បង្ហូរដែលមានស្រាប់ និងការនាំចេញចម្រុះ ពីសហរដ្ឋអាមេរិក៕

កម្ពុជា-សិង្ហបុរី បើកកិច្ចប្រជុំស្តីពីកិច្ចការនយោបាយ ការពារជាតិ សេដ្ឋកិច្ច និងវិនិយោគ

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះ បាន កិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-សិង្ហបុរីលើកទី១ ដឹកនាំដោយលោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងលោក ភីទ័រ តាន់ អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការអាស៊ី និងអាស៊ាន នៃក្រសួងការបរទេសសឹង្ហបុរី នៅទីក្រុងភ្នំពេញ។

កិច្ចប្រជុំនេះ បានផ្ដោតទៅលើកិច្ចពិគ្រោះយោបល់ តាមអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចពិគ្រោះយោបល់ នយោបាយកម្ពុជា សិង្ហបុរី ដែលបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចផ្លូវការ នៅកម្ពុជា របស់លោក វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី កាលពីឆ្នាំ២០១៧ ក្នុងគោលបំណងតាម ដាន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី គ្រប់និស្ស័យ នឹងបន្តពង្រីកកិច្ចសហ ប្រតិបត្តិការ ក្នុងក្រប ខណ្ឌតំបន់ និងការផ្លាស់ប្ដូរទស្សន:គ្នា លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម រវាងកម្ពុជា និងសិង្ហបុរី ដែលប្រទេសកម្ពុជា-សិង្ហបុរី គឺជាមិត្តភក្កិដ៏យូរលង់ណាស់មកហើយ ក្នុងនោះកម្ពុជា គឺជាប្រទេសទី១ ដែលបានទទួលស្គាល់សិង្ហបុរី បន្ទាប់ពីទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៦៥។

ទំនាក់ទំនងកម្ពុជា-សិង្ហបុរី ផ្ដើមចេញពីអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដោយផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តលើកិចច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា។ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនា នៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅ ស្ដែងចេញតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច នៅគ្រប់កម្រិត មានការកើនឡើង នៃទំហំពាណិជ្ជកម្ម ទៅវិញទៅមក។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់លើកទីមួយនេះនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរទាំង ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ការវាយតម្លៃរួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា សន្តិសុខនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងរចនាសម្ព័ន្ធស្ថាប័ន ក្នុងវិស័យសុខាភិបាល និងការដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យឈានឆ្ពោះឡើងមួយកម្រិតទៀត៕

ក្រសួងអប់រំ ជំរុញឱ្យមានការលើកកម្ពស់អនាម័យ និងបរិស្ថាននៅតាមសាលារៀន

​ដោយ ៖  សុត្ថារ៉ា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំ យុវជននិងកីឡា បានជំរុញឱ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បន្ថែមទៀត ទៅលើចលនាជម្រុញឱ្យសាលារៀន មានបរិស្ថានល្អ មានអនាម័យល្អ ធានាដល់ការពង្រឹងសុខមាលភាពរបស់សិស្សានុសិស្សនៅតាមសាលារៀន។

លោក បណ្ឌិត សភាចារ្យ ណាត ប៊ុនរឿង រដ្ឋលេខធិការនិងជាតំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សាលារៀនជាកន្លែងបណ្តុះគ្រាប់ពូជន៍ដ៏មានសក្កដានុពលបំផុតក្នុងការកសាងប្រទេសជាតិ ដូច្នេះក្រៅពីមានគ្រូបង្រៀនល្អ សាលារៀនក៏ត្រូវតែស្អាត ពោលគឺ មានសោភណ្ឌមាន បរិស្ថាន អនាម័យ និងសុវត្ថិភាពចំណីអាហារដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការពង្រឹងធនធានមនុស្ស ជាពិសេសឆ្លើយតបកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ ដើម្បីប្រសិទ្ធភាព នៃការអប់រំ ក្នុងសម័យទំនើប និងបច្ចេកវិទ្យា។

លោក រដ្ឋលេខាធិការបានលើកឡើងដូច្នេះ នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ និងនិតិវិធីនៃការវាយតម្លៃ នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនថ្នាក់ល្អ ថ្នាក់ទី១ ទី២ និងទី៣ ភាសាខ្មែរ គណិតវិទ្យា សាលាស្អាត និង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កាលពីរសៀលថ្ងៃទី១៨ខែ មិថុនា នេះ នៅវិទ្យាស្ថានជាត់អប់រំ។

ឯកឧត្តម រដ្ឋលេខាធិការ បានស្នើឱ្យភាគីពាក់ព័ន្ធ ទាំងអស់ ដោយផ្តើមចេញពីនាយកសាលាលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានល្អ តាមគោលការណ៍ សាលារៀនជំនាន់ថ្មី ដើម្បីធ្វើការប្រកួតប្រជែង និងទទួលបានការវាយតម្លៃល្អ ជាអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំ។

ឯកឧត្តមបណ្ឌិត សភាចារ្យ ណាត ប៊ុនរឿន ក៏បានជម្រុញឱ្យប្រធានមន្ទីរ បន្តពិនិត្យ តាមដាន នៅតាមសាលារៀន ក្នុងខេត្តនីមួយៗ មុននិងផ្ញើរបាយការណ៍ ឬ បញ្ជូនឈ្មោះមក ចូលរួមប្រកួតប្រជែងមកក្រសួង៕

កម្ពុជា ស្នើឲ្យចិនជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត

ភ្នំពេញ ៖ នាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយលោក វ៉ានកាង អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន។ ក្នុងជំនួបនេះ សម្ដេចតេជោ បានស្នើឲ្យភាគីចិនជួយបណ្ដុះបណ្ដាលធនធានមនុស្សលើបច្ចេកវិទ្យា និងវិទ្យាសាស្រ្តដល់កម្ពុជា។

នេះបើតាមការដូចបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោក វ៉ាន់ កាង បានគោរពជម្រាបជូន សម្តេចតេជោថា ក្នុងដំណើរទស្សន កិច្ចរបស់ឯកឧត្តម មកកាន់ប្រជាណាចក្រកម្ពុជានៅពេលនេះ គឺមានទិសដៅពីរ ទី១ គឺដើម្បីសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ និងទី២ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្នុងឱការនេះ លោកបានគោរពស្នើសុំទស្សនៈរបស់សម្ដេចតេជោលើកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិ ទ្យានេះ ។

សម្តេចតេជោ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺចាំបាច់ត្រូវការ ធនធានមនុស្ស ការស្រាវជ្រាវនិងជំរុញការអភិវឌ្ឍ , ក្នុងយុគសម័យឌីជីថល ឬក៏ក្នុងសម័យបដិវត្តន៍ឧស្សាហ កម្មទី៤ នេះ គឺចាំបាច់ណាស់ត្រូវមានការសិក្សា ការស្រាវ ជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យា IT ប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្ត្រដទៃទៀត ៕

សាលាឧទ្ធរណ៍នឹង​ជម្រះរឿងក្ដីសុំទម្លាក់ការចោទលើអតីតបុគ្គលិកវិទ្យុ RFA នៅថ្ងៃទី ២១ មិថុនា

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ សំណុំរឿងរបស់អតីតបុគ្គលិកវិទ្យុ អាស៊ីសេរី (RFA)ចំនួនពីររូប លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ សុជាមេត្តា នឹងត្រូវសាលាឧទ្ធរណ៍បើកសវនាការនៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ពាក់ព័ន្ធបទចោទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ»។

យោងតាមលិខិតអញ្ជើញរបស់ក្រឡាបញ្ជីសាលាឧទ្ធរណ៍ចុះថ្ងៃទី ១៦ មិថុនា បានឲ្យដឹងថា សំណុំរឿងរបស់លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា នឹងបើកសវនាការនៅថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹកនៅបន្ទប់សវនាការទី៣។

សូមជម្រាបថា លោក យាង សុជាមេត្តា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) បានថ្លែងថា នៅថ្ងៃទី ២១ មិថុនា សាលាឧទ្ធរណ៍នឹងបើកសវនាការលើសំណុំរឿងចំនួន ២ គឺរឿងលោកទាំង២នាក់ស្នើសុំឲ្យតុលាការបញ្ឈប់ការដាក់ពួកលោក ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងបណ្ដឹងទាមទារយក សម្ភារដែលតុលាការបានរឹបអូសនោះមកវិញ។

លោក សំ ចំរើន មេធាវីការពារក្ដីលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា បានថ្លែងថា លោកនឹងចូលរួមក្នុងសវនាការនេះ ហើយខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីកូនក្ដីលោកមានសេរីភាពពេញលេញ៕

ព្រះរាជជីវប្រវត្តិសង្ខេបសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ

ភ្នំពេញ ៖ ថ្ងៃទី១៨ មិថុនានេះ ជា មន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ឯកជន និងប្រជារាស្ត្រខ្មែរគ្រប់លំដាប់ថ្នាក់ត្រូវបានឈប់សម្រាកនៅថ្ងៃទី១៨ មិថុនានេះ ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៨៣ យាងចូល៨៤ព្រះវស្សា។

ថ្ងៃនេះ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការក៏ត្រូវបានឈប់សម្រាកមួយថ្ងៃ។ក្នុងឱកាសទិវាចម្រើន ព្រះជន្មប្រកបដោយនក្ខត្តឫក្សដ៏ឧត្តមនេះ ប្រជារាស្ត្រខ្មែរប្រុស-ស្រី ក៏បាននាំគ្នាថ្វាយសព្ទសាធុការយ៉ាងកងរំពង ចំពោះព្រះមាតាជាតិដ៏ជាទីគោរពស្រឡាញ់របស់ខ្លួនផងដែរ។

ក្នុងឱកាសនេះ «មេគង្គប៉ុស្តិ៍» សូមលើកយកឯកសារសង្ខេបពីព្រះរាជជីវប្រវត្តិរបស់សម្តេចម៉ែ មកជម្រាបជូន ដូចខាងក្រោម ៖

ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះនាមដើមថា ប៉ូល-ម៉ូនិក អ៊ីហ្សហ្ស៊ី Paule Monique IZZI ប្រសូតនៅថ្ងៃទី១៨ ខែ មិថុនាឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឬហូជីមិញ។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី បានទទួលមរណភាពនៅសង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិវៀតណាម។ទ្រង់មានជេដ្ឋភគិនី ឬបងស្រីម្នាក់នាម អាន-ម៉ារី អ៊ីហ្សហ្ស៊ី Anne-Marie IZZI ។

កាលពីនៅវ័យកុមារភាព ទ្រង់បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម និង មធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និង នៅវិទ្យាល័យដេកាត ក្រុងភ្នំពេញ។កញ្ញាចេះ និង ប្រើប្រាស់ភាសាខ្មែរបារាំង និង អង់គ្លេស។នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរ ហើយមកដល់បច្ចុប្បន្ន ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

នៅខែមេសា ឆ្នាំ១៩៥២ កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បានរៀបអភិសេកជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ ជាលក្ខណៈឯកជន ហើយរៀបអភិសេកជាផ្លូវការ នៅឆ្នាំ១៩៥៥។ ក្រោយរាជាភិសេក ទ្រង់មានបុត្រា២ព្រះអង្គ គឺព្រះបាទ នរោត្តម សីហមុនី ជាមហាក្សត្របច្ចុប្បន្ន និង ព្រះបាទ នរោត្តម នរិន្ទ្រពង្ស ដែលបានសោយទិវង្គតដោយសាររោគាពាធ។

លុះដល់ឆ្នាំ១៩៩២ អ្នកម្នាង ម៉ូនិក ត្រូវបានព្រះករុណាសម្ដេចនរោត្តម សីហនុ ប្រទានគោរមងារជាសម្ដេចព្រះជាយា។ មួយឆ្នាំបន្ទាប់មក អ្នកម្នាងទទួលគោរមងារជាសម្ដេចព្រះមហេសី ហើយនៅឆ្នាំ១៩៩៦ ទ្រង់ទទួលបរមងារជា សម្ដេចព្រះរាជអគ្គមហេសី។ ក្រោយមកទៀត ទ្រង់ត្រូវបានថ្វាយព្រះបរមងារថាជា ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

គួរបញ្ជាក់ថា សម្តេចព្រះវររាជមាតាជាតិខ្មែរ ឬ សម្តេចម៉ែ ទ្រង់ជាមហេសីតែមួយក្នុងចំណោមមហេសីនិង អ្នកម្នាងទាំង៧ របស់អតីតព្រះមហាក្សត្រខ្មែរ ដែលបានទទួលព្រះស្រឹង្គារ ក្តីស្រឡាញ់ មេត្តា ប្រោសប្រណីយ៉ាងខ្លាំងក្លាពីព្រះស្វាមីក្នុងរយៈពេលដ៏យូរលង់ជាង កន្លះសតវត្សរ៍កន្លងទៅនេះ។

ព្រះអង្គបានយាងតាមអតីតព្រះមហាក្សត្រទៅស្ទើរគ្រប់ទិសទីក្នុងគ្រប់ កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២ នោះឡើយ។

នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ នេះ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៣ យាងចូល៨៤ ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ៕

ចាប់មនុស្សជំរិតទារប្រាក់តាំងពីភ្នំពេញ មកជាប់ខ្នោះនៅបន្ទាយមានជ័យ

ដោយ ៖ នូវី

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយជ័យក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់ពង្រាយនៅលើកំណាត់ផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណរហូតដល់ក្រុងប៉ោយប៉ែតដើម្បីធ្វើឆែកឆេរលើគ្រប់រថយន្តដែលសង្ស័យ។ការពង្រាយនេះធ្វើឡើងនៅព្រលប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩នេះលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា: ដោយបានទទួលព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិថាមានករណីចាប់ជំរិតទារប្រាក់ពីភ្នំពេញ ហើយជនល្មើសអាចនឹងមកដល់ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង៣០នាទីអាធ្រាត្រថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងកំលាំងអធិការដ្ឋាននគរបាលស្រុកក្រុងពាក់ព័ន្ធ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការ និងលោកបានធ្វើការឆែកឆេរស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យបីនាក់នឹងរំដោះជនរងគ្រោះម្នាក់នៅចំនុចសណ្ឋាគារប៉ោយប៉ែតស៊ីធី។

លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ បន្តថា : ក្នុងនោះកម្លាំងបានស្ទាក់ចាប់បានជនល្មើស និងបក្ខពួក០៣នាក់រួមមាន :១-ឈ្មោះ ព្រាប វណ្ណាភេទ ប្រុស ២៣ឆ្នាំជាអ្នកបើកបររថយន្ត។២- ឈ្មោះ ព្រាប វណ្ណះ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកចាប់ជំរឹត។៣- ,ឈ្មោះ វ៉ាន់ ស្រេត ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកសមគំនិត ។ ​រឹបអូសរថយន្តម៉ាកតូយ៉ូតាឡិចសុីស៣០០មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស៕

ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០នាក់ជុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងប្លុកផ្លូវរថភ្លើង

ភ្នំពេញ​ ៖ មនុស្សប្រុសស្រីជិត២០នាក់និងថ្នាំញៀនចំនួន១៤០កញ្ចប់តូច ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួន កាលពី វេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់គ្មានលេខ(សំណង់មិនរៀបរយ) ផ្លូវរថភ្លើង ក្រុម២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាដោយ
បានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក អ៊ុ បញ្ញា ជាក្រឡាបញ្ជីអមផង ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ស៊ិន វណ្ណស នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប្រតិបត្តិការសរុបចំនួន ១៥នាក់បានចុះដល់ចំណុចខាងលើធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤០កញ្ចប់តូច និងឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ភេទប្រុស។

បន្ទាប់មកក្រុមការងារខាងការិយាល័យប្រឆាំងគ្រឿងញៀនបានឈានទៅធ្វើការបង្រ្កាបតាមបណ្តោយផ្លូវរថភ្លើងឃាត់ខ្លួនមនុស្សបានចំនួន១៨នាក់ ស្រី១នាក់ និងម៉ូតូចំនួន ១២គ្រឿងបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕

លិចទូកដឹកទេសចរដែលចាស់ទ្រុឌទ្រោម១គ្រឿង បានលិចនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ

ដោយ ៖ សហការី
ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាច្រើននាក់ដែលបានធ្វើដំណើរតាមទូកទេសចរណ៍របស់ក្រុមហ៊ុន ដា លី ធួរ ខេមបូឌា ហើយបានលិចនៅក្នុងសមុទ្រក្រុងព្រះសីហនុ នោះ គឺបណ្តាលមកពីរទូកមួយគ្រឿងនេះ មានសភាពចាស់ទ្រុតទ្រោមខ្លាំងពេកព្រោះ សំបកទូកធ្វើដែក ចាក់ស្មាច់ នាំមកពីប្រទេសថៃ ប៉ុន្តែ មិន មាន គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។

ទាក់ទិន បញ្ហា នេះ លោក ណុប បញ្ញា ស្នងការរង នគរបាល ខេត្ត ព្រះសីហនុ ទទួលបន្ទុកផែនទេសចរណ៍ បានឱ្យដឹងថា យប់ ម៉ិញ នេះ មាន ទូក ដឹក ភ្ញៀវ ទេសចរ ១ គ្រឿង របស់ ក្រុមហ៊ុន ដា លី ធួ រ ខេមបូឌា បានលិចនៅក្នុងសមុទ្រទ្រ មាន ទី តាំង នៅ ទល់មុខ ឆ្នេរ ម្លប់ជ្រៃ ស្ថិត ក្នុង ក្រុង ព្រះសីហនុ នៅ ម៉ោង ៩ យប់ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ ។

លោក ណុប បញ្ញា ស្នងការរង នគរបាល ខេត្ត ព្រះសីហនុ បាន ឱ្យ ប្រព័ន្ធ ផ្សព្វផ្សាយ ដឹង នៅ ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ ថា ទូក ទេសចរណ៍ ១ គ្រឿង ដែល លិច នោះ ដោយសារ បញ្ហា លក្ខណៈ បច្ចេកទេស គឺ មិន ជាប់ ពាក់ព័ន្ធ បញ្ហា អាកាសធាតុ មិនល្អ មូលដ្ឋាន នេះ មាន ភ្លៀង ធ្លាក់ មាន រលក សមុទ្រ និង ខ្យល់ បោកបក់ ខ្លាំង នោះទេ ។

លោក ថា ហេតុការណ៍ ខាងលើ នេះ គឺ បណ្តាល ឱ្យ មាន ការខូចខាត ទ្រព្យសម្បត្តិ មួយចំនួន និង ខូចខាត ទូក ដឹក ភ្ញៀវ ទេសចរណ៍ ខ្លះៗ ប៉ុន្តែ មិន មាន គ្រោះថ្នាក់ ដល់ អាយុជីវិត មនុស្ស ទេ ។

បើទោះបីជាមានការលើកឡើង របស់ លោក ស្នងការ រងរូបនេះខ្វែងគំនិតគ្នា ជាមួយ ភ្ញៀវទេសចរណ៍ជាច្រើននាក់ដែលពួកគេ ធ្លាប់បានជិះទូកលិចមួយនេះក៏ដោយ ភ្ញៀវទាំងនោះនៅតែមានការប្រុងប្រយ័ត្នជានិច្ច ពួកគាត់ថា ទូកចាស់ទ្រុឌទ្រោមគាត់ លែងហ៊ាន ជិះទៀតហើយ ព្រោះមាន ហានិភ័យ ខ្ពស់ណាស់ ថ្ងៃក្រោយវាអាចលិចលង់ នៅពេលណាមួយ ដោយ យថាហេតុ។

ផ្តើម ពី បញ្ហា នេះ លោក ណុប បញ្ញា បាន ក្រើនរំលឹក ដល់ ប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវទេសចរ ឱ្យ ប្រុងប្រយ័ត្ន ខ្ពស់ ក្នុង ការធ្វើដំណើរ តាម សមុទ្រ ។ ព្រោះថា រដូវ នេះជា រដូវវស្សា មាន ភ្លៀង ធ្លាក់ ច្រើន មាន ខ្យល់ បោកបក់ និង មាន រលក សមុទ្រ ធំៗ ផង នោះ ។ លោក សូម អំពាវនាវ ដល់ អ្នក ធ្វើដំណើរ តាម ផ្លូវ សមុទ្រ ជាពិសេស ភ្ញៀវទេសចរ ធ្វើ ដំណើរ កម្សាន្ត តាម សមុទ្រ និង ប្រជា នេសាទ ជាដើម ត្រូវ បង្កើន ការប្រុងប្រយ័ត្ន ពី សុវត្ថិភាពរបស់ ខ្លួន ឱ្យបាន ជា ប្រចាំ ។

ជាងនេះទៀត ប្រសិនបើ សង្កេតឃើញថា នៅ មូលដ្ឋាន ខេត្ត ព្រះសីហនុ កំពុងតែ មាន ភ្លៀង ខ្យល់ និង រលក សមុទ្រ បោកបក់ ខ្លាំង សូម កុំ ធ្វើ ណើ រតា ម សមុទ្រ ឱ្យសោះ ដើម្បី ការពារ សុវត្ថិភាព ទាំងអស់គ្នា ៕

កម្ពុជា ជំរុញបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ពិសេសក្នុងសិប្បកម្មផលិតឥដ្ឋ

ដោយ ៖ សហការី

ភ្នំពេញ ៖ ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុគស្មាញ ដែលមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងឥរិយាបថសហគមន៍។ ភាពក្រីក្រ និងការមិនយល់ដឹង របស់សហគមន៍ ដែលមានកម្រិតទាប គឺជាមូលហេតុចម្បងដែលនាំឱ្យមានពលកម្មកុមារ។រាជរដ្ឋាភិបាលមានឆន្ទះក្នុងការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ជាពិសេសនៅក្នុងសិប្បកម្មផលិតឥដ្ឋ។

ដើម្បីគ្រប់គ្រង និង អភិវឌ្ឍវិស័យសិប្បកម្មផលិតឥដ្ឋ ឱ្យមានបទដ្ឋានការងារល្អប្រសើរ និងធានានិរន្តរភាព នៃការលុបបំបាត់ពលកម្មកុមារ នៅក្នុងវិស័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានី\ខេត្ត នៅទីស្តីការក្រសួង។

លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កុមារ គឺជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ដើម្បីឱ្យធនធានមនុស្សប្រកបដោយសក្តានុពល ការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចយ៉ាងសំខាន់ ដែលតម្រូវឱ្យមានការអនុវត្ត តាមបែបពហុវិស័យបញ្ចូលគ្នា។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារជាបញ្ហាដ៏សំខាន់មួយ នៅក្នុងចំណោមបញ្ហាសំខាន់ជាច្រើនរបស់កម្ពុជា ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងដំណើឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព២០១៥-២០៣០។

លោក វ៉េង ហៀង អគ្គលេខាធិការ និងជាប្រធាននាយកដ្ឋានការងារកុមារ បានឲ្យដឹងថា ចំនួនពលកម្ម នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតម្រូវការ នៃវិស័យសំណង់នាពេលបច្ចុប្បន្ន ដែលទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមពង្រឹងយន្តការការពារ ទប់ស្កាត់ និងហាមឃាត់ជាដាច់ខាត ចំពោះការប្រើប្រាស់ពលកម្មកុមារ។

លោក វ៉េង ហៀង បញ្ជាក់ថា បើសិនជារកឃើញថា មានសិប្បកម្ម ឬ ទីតាំងណា មានប្រើប្រាស់កម្លាំងពលកម្មកុមារ នឹងត្រូវអនុវត្តវិធានការផ្លូវច្បាប់ជាធរមាន ដោយមិនមានការអត់អោន។

សូមបញ្ជាក់ថា ចំនួនសិប្បកម្មផលិតឥដ្ឋ មានការកើនឡើង ពីចំនួន៧៨នៅឆ្នាំ២០០៤ ដល់ចំនួន៣៧៩ នៅឆ្នាំ២០១៦ ហើយបានកើនដល់ចំនួន ៤២៧ សិប្បកម្មផលិតឥដ្ឋ នៅឆ្នាំ២០១៩។ ជាមួយគ្នានេះ គេក៏បានរកឃើញថា មានកុមារដែលច្បាប់អនុញ្ញាតិ ឱ្យធ្វើការបាន ពោលគឺ ចាប់ពីអាយុ១៥ឆ្នាំឡើង ទៅមានចំនួន៣៩៤នាក់ កំពុងធ្វើការក្នុងសិប្បកម្មលផលិតឥដ្ឋ ប៉ុន្តែក៏អាចនឹងមានកុមារក្រោមអាយុ១៥ឆ្នាំធ្វើការផងដែរ ដោយសារពួកគេរស់នៅក្នុងសហគមន៍ផលិតឥដ្ឋបែបគ្រួសារ៕