All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជាចាប់ផ្តើមពង្រឹងយន្តការដើម្បីតាមដានលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យអប់រំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដោយផ្តោតលើការលើកកម្ពស់អភិបាលកិច្ចល្អ ដែលរួមបញ្ចូលទាំងការចាប់អនុវត្ត ប្រព័ន្ធគ្រប់គ្រង ផ្អែកលើសមិទ្ធកម្ម ការពង្រឹងការអនុវត្ត ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការបង្កើនភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន។

ដើម្បីឱ្យយុទ្ធសាស្រ្តនេះ មានប្រសិទ្ធភាព អគ្គាធិការដ្ឋាន និងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំ ផ្សព្វផ្សាយ នីតិវិធីនៃការវាយតម្លៃ នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ទី២ និងទី៣ សាលារៀនស្អាត និង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអបរំ ដើម្បីលើកកម្ពស់ អភិបាលកិច្ច និងការប្រកួតប្រជែង ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ នៅក្នុងពិធីខាងលើនេះថា ក្រសួងមានទិសដៅពង្រឹងយន្តការ តាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្តោតការយកចិត្តទុកដាក់លើ ការកែលម្អយន្តការ ប្រមូលទិន្នន័យសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃឱ្យស្របនឹងគោលដៅអភិវឌ្ឍដោយចីរភាព ក៏ដូចជាការកសាងសមត្ថភាព ដើម្បីអនុវត្តការគ្រប់គ្រង តាមសាលារៀន ជាពិសេស គឺការកំណត់សូចនាករ បំពេញការងារ ដោយសាកល្បង នៅតាមអង្គភាពដែលបានជ្រើសរើស ។

លោក រដ្ឋមន្ត្រី បានបន្តថា ក្រសួងបានអនុវត្តសាកល្បង នូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងនៅតាមសាលាបឋមសិក្សាមួយចំនួន ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មួយរយៈពេលកន្លងមកឃើញថា លទ្ធផលនៃការសិក្សារបស់សិស្សមានភាពល្អប្រសើរជាងមុន។ ដូច្នេះក្រសួងនឹងពិចារណាសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង នៅតាមសាលាបឋមសិក្សាសាធារណៈ។ ហើយក៏នឹងបញ្ជ្រាបវិធីសាស្រ្តបង្រៀនថ្មីនេះ ទៅក្នុងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដោយចាប់ផ្តើមសាកល្បងនៅក្នុងខេត្តសៀមរាប។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា សម្រាប់ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅឆ្នាំ២០១៩នេះវិទ្យាល័យចំនួន៥ ត្រូវបានជ្រើសរើស ជាប់ក្នុងបញ្ជីត្រូវបានវាយតម្លៃ ស្របតាម លក្ខណវិនិច្ឆ័យ ដែលបានកំណត់ និងកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃ។ នៅថ្ងៃអនាគត ក្រសួងមិនត្រឹមតែជ្រើសរើសនាយកសាលារៀនល្អ គ្រូបង្រៀនល្អគ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ទី២ និង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំប៉ុណ្ណោះទេ ក៏នឹងឈានទៅជ្រើសរើស នាយកសាលាគរុកោសល្យឆ្នើម ប្រធានមន្ទីរឆ្នើម ឬ អាចឈានទៅជ្រើសរើសប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌឆ្នើមថែមទៀតផង៕

ច្បាស់ហើយ ! លោក ផែង វណ្ណៈ នឹងត្រូវតុលាការដោះលែងនៅព្រឹកស្អែក

ដោយ ៖ សុធី

ភ្នំពេញ ៖ លោក លី សុខ លេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ប្រកាសសាលក្រមផ្តន្ទាទោស លោក ផែង វណ្ណៈ អ្នកលេងហ្វេ សប៊ុកដ៏ល្បីល្បាញមួយរូប ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តន៍ទោសត្រឹម២ខែ ១៥ថ្ងៃ ប៉ុណ្ណោះ និងពិន័យ៤លានរៀលចូល ថវិការដ្ឋ ពាក់ បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាង ដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

យោងតាមដីកាសម្រេចរបស់តុលាការ បើគិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅគឺលោក ផែង វណ្ណៈ នឹងត្រូវ ដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះ ។

ទន្ទឹមនេះដែរ តុលាការក៏បានផ្តន្ទាទោសលោក ផែង វណ្ណៈ ដោយពិន័យជាប្រាក់ចំនួន ២លានរៀល និងសងសំណង១០០ រៀលដល់អង្គភាពសារព័ត៌មាន Fresh News ផងដែរ ។

សូមបញ្ជាក់ថា ក្នុងពេលសវនាការកន្លងមកលោក ផែង វណ្ណៈ បានសារភាពទោសកំហុសរបស់ខ្លួនដោយ ស្នើសុំតុលាការដោះលែង ព្រោះបញ្ហាសុខភាព ក្រោយបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរ ។

លោក ផែង វណ្ណៈ សរសេរក្នុងលិខិតសុំទោសថា “ ខ្ញុំមានការសោកស្តាយជាពន់ពេកនូវកំហុសឆ្គងកន្លងមក និងសុំការខន្តី អភ័យទោស ពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ” ។

លោក ផែង វណ្ណៈ ដែលជានិពន្ធនាយកសារព័ត៌មានមួយដែរនោះ បានសរសេរថា “ សូមសម្តេចតេជោមេត្តា យោគយល់ សណ្តោសប្រណីនូវកំហុសឆ្គង ដើម្បីឲ្យខ្ញុំបានជួបជុំក្រុមគ្រួសារ ព្រមទាំងបានឆាប់ទៅបន្ត ព្យាបាលជំងឺប្រចាំកាយ ”។

​នៅបន្ទាប់ពីលោក ផែង វណ្ណៈ បានសរសេលិខិតសុំការលើកលែងទោសពីសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ជាផ្លូវការរួចមក មានមជ្ឈដ្ឋាមួយចំនួនបានពីចារណាថា បើសិនជាតុលាការលើកលែងការចោទប្រកាន់មែននោះ ប្រាកដជាត្រូវគេរិះគន់ថា តុលាការកំពុងធ្វើដំណើរលើមាគ៌ា វប្បធម៌និទណ្ឌភាព ដែលអ្នកមានទោសផ្សេងទៀតក៏អាចទទួលបាននូវវិធានបែបនេះដូចគ្នា៕

ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់ រ៉ូយ៉ាល់សុខចាន់

ដោយ ៖ សុផល

ខេត្តសៀមរាប ៖ ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់រ៉ូយ៉ាល់សុខចាន់ នៅចំណុចក្រុមទី៧ ក្នុងភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរា​ប វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះឈ្មោះ ROWESAM ភេទប្រុស ឆ្នាំកំណេីត១៩៨៥ មុខរបរជាភ្ញៀវទេសចរណ៍ជនជាតិ អង់គ្លេស លិខិតឆ្លងដែនលេខ 527248245 បានចូលតាមច្រកទ្វារប្រលានយន្ដហោះខេត្តសៀមរាបកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៩ ហេីយបានមកស្នាក់នៅក្នុងផ្ទះសំណាក់រ៉ូយ៉ាល់សុខចាន់ ភូមិឃំុកេីតហេតុខាងលើ។

ក្រោយពីការពិនិត្យលេីខ្លួនសាកសពសមត្ថកិច្ចបានឃេីញថា ពំុមានស្នាក់ស្នាមទេ។

សមត្ថកិច្ចសន្និដ្ថានថា សពជនរងគ្រោះស្លាប់ដោយសាប្រេីថ្នាំងងុយដេកហួសកំរិត បណ្ដាលអោយស្លាប់ សពជនរងគ្រោះបានយកទៅរក្សាទុកនៅមន្ទីពេទ្យខ្មែរសូវៀតភ្នំពេញ ដេីម្បីរង់ចាំក្រុមគ្រួសារមកទទួលយក៕ 

តុលាការកំពុងដំណើរការសំណុំរឿងជនជាតិចិន១២នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់

​ដោយ ៖ នូវី 

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ទៅតុលាការបន្ទាប់ពីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ដោយខុសច្បាប់ប្រព្រិត្តនៅក្នុងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាននិយាយថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ដែលបានធ្វើការបង្ខាំងជនជាតិចិនដូចគ្នាចំនួនបីនាក់នៅក្នុងផ្ទះសំណាក់ពីរកន្លែងគឺផ្ទះសំណាក់សុផល ថាវី និងផ្ទះសំណាក់លីហ៊ូវ ដើម្បីជំរិតទារប្រាក់ដោយខុសច្បាប់។ប្រតិបត្តិការឆ្មក់ឃាត់ចាប់ជនសង្ស័យនិងរំដោះជនរងគ្រោះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានប្រាប់ឱ្យដឹងថាកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន១២នាក់ខាងលើអនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន។

លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះ៣នាក់ជាជនជាតិចិនត្រូវបានជនសង្ស័យជនជាតិចិនទាំងនោះបង្ខាំងទារប្រាក់និងធ្វើទារុណកម្មហើយផ្ញើរូបភាពទៅគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន ក្រោយពីក្រុមជនសង្ស័យឱ្យប្រាក់ទៅជនរងគ្រោះខ្ចីលេងល្បែងចាញ់អស់ប្រាក់និងគ្មានប្រាក់សងទៅក្រុមជនសង្ស័យទាំងនោះវិញ។ជនរងគ្រោះរងការធ្វើទារុណកម្មបង្កឱ្យរបួសស្នាមពេញខ្លួន ហើយត្រូវបានកម្លាំងនគរបាលរំដោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ១,ឈ្មោះ ឌូ ស៊ីងយុន ភេទប្រុស អាយុ២៩ឆ្នាំ ២,ធូលី ជូល ភេទប្រុស អាយុ១៨ឆ្នាំ និង៣,ធៀន ចាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅខេត្តកាន់ ស៊ូ ប្រទេសចិន ៕

បង្កៃគ្រាប់ B40 នៅ៤កន្លែងផ្សេងគ្នាក្បែរសាលារៀនមួយ នៅសង្កាត់អូរស្មាច់

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់ប្រភេទ B40 ចំនួន៤គ្រាប់ ដោយគ្រាប់ទាំងនោះ សុទ្ធសឹងតែជាគ្រាប់ មានសភាពនៅល្អៗទាំងអស់ ដែលគេយកទៅដាក់ច្នៃបង្កៃកប់ក្នុងដី និងចាក់រំសេវទុកបំផ្ទុះ តែសំណាងល្អមិនមានសិស្ស ឬប្រជាពលរដ្ឋណាម្នាក់ បានប៉ះពាល់ដល់គ្រាប់ទាំងនោះឡើយ។

គ្រាប់ B40 ដែលគេដាក់ច្នៃប្លង់ទុកចោល ដោយគេសង្ស័យថា ជារឿងទំនាស់ដីធ្លី ហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ស្ថិតនៅខាងក្រោយសាលាអនុវិទ្យាល័យរួតចំប៉ី ហ៊ុន សែន ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

កម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា គ្រាប់ប្រភេទគ្រាប់ B40 ផលិតនៅប្រទេសសូវៀត ចំនួន ៤គ្រាប់ បានយកទៅកប់ក្នុងរណ្តៅ និងចាក់រំសែវ មានបីកន្លែងខុសគ្នា ដោយឃ្លាតពីកន្លែងមួយ ទៅកន្លែងមួយមានចម្ងាយប្រហែល ជា ១០ម៉ែត្រ និង គ្រាប់ DKចំនួន ១គ្រាប់ មានចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីគ្រាប់ B40 ដែលដាក់ជាលក្ខណៈច្នៃបង្កៃ ទុកចោលដូចគ្នាផងដែរ។ កម្លាំងជំនាញការពារកន្លែងកើតហេតុ និងបានទាក់ទងទៅកម្លាំងស៊ីម៉ាក់ ដើម្បីប្រមូលយកគ្រាប់ទាំងនោះ យកទៅរក្សាទុក នៅកន្លែងមានសុវត្ថិភាព។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាយ៉ាងយកចិតតទុកដាក់បំផុត ដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័​យរ៉ែប្រេងកាត

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ មិថុនា នេះ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់ គ្រងរ៉ែប្រេងកាត និងផលិតផលរ៉ែប្រេងកាត ដែលជាច្បាប់មួយដ៏មានសារៈសំខាន់ដើម្បីបើកផ្លូវឱ្យកម្ពុជា អាចធ្វើការទាញយកផលពីរ៉ែប្រេងកាតបាន ដែលតាមការអះអាងរបស់ក្រសួងរ៉ែ និងថាមពលបាន ឱ្យដឹងថា កម្ពុជាមានប្លុកប្រេងកាតប្រមាណ ២៥ប្លុក ហើយថាកម្ពុជាបានចាប់ផ្តើមធ្វើសកម្មភាពសិក្សា ស្រាវជ្រាវ និងរុករកធនធានប្រេងកាតដំបូងតាំងតែពីអំឡុងទសវត្សរ៍ទី៦០ ហើយបានបន្តសកម្មភាព នេះជាបន្តបន្ទាប់ តែរហូតមកទល់នឹងពេលនេះកម្ពុជានៅពុំទាន់អាចទាញយកផលពីរ៉ែប្រេងកាតនេះ បាននៅឡើយទេ ព្រោះកម្ពុជាពុំទាន់មានច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

គួររំលឹកថា កាលពីសម័យអតីតរដ្ឋកម្ពុជាបានអនុម័តបទប្បញ្ញត្តិប្រេងកាតនេះដែរដើម្បីធ្វើជា មូលដ្ឋានគ្រឹះ ក្នុងការបើកផ្លូវឱ្យអ្នកវិនយោគទុនចូលរួមធ្វើការដេញថ្លៃជាលក្ខណៈអន្តរជាតិលើកទី១ នៅក្នុងឆ្នាំ១៩៩១។

តែអាស្រ័យដោយបទប្បញ្ញត្តិប្រេងកាតឆ្នាំ១៩៩១ ពុំអាចឆ្លើយតបទៅនឹងការវិវត្ត នៃវិស័យប្រេងកាតក្នុងបរិបទនៃការអភិវឌ្ឋសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់កម្ពុជាបាន ហេតុដូច្នេះ ហើយ ទើបរាជរដ្ឋាភិបាលបានរៀបចំតាក់តែងឡើងវិញនូវសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេង កាត និងផលិតផលប្រេងកាត ដើម្បីគ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាតឱ្យមានប្រសិទ្ធភាព តម្លា ភាព និងគណនេយ្យភាព ទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងដើម្បីជំរុញការ អភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលដែលការស្វែងរុករក និងការអភិវឌ្ឍ ធនធានប្រេងកាត ទាំងដែនគោក និងដែនសមុទ្រ កំពុងដំណើរការទៅមុខដែលក្នុងនោះប្លុកប្រេងកាត មួយនៅដែនសមុទ្រកំពុងឈានទៅរកការផលិតធនធានប្រេងកាតលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ កម្ពុជានាពេលខាងមុខនេះ។

សូមជម្រាបជូនថា៖ សម័យប្រជុំរដ្ឋសភាកាលពីព្រឹកមិញនេះ ក្រៅពីការអនុម័តទៅលើច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ក៏មានការពិភាក្សា និងអនុម័តផងដែរអំពីច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណ រដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ,កិច្ចព្រមព្រាង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជម្រុញ និងការការពារទៅវិញទៅ មកនៃវិនិយោគ,កិច្ចព្រមព្រាងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពី ការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ រួមនឹងច្បាប់ស្តីពីការបង្កើតអង្គការបណ្តាញអន្តរ ជាតិសម្រាប់ឫស្សី និងផ្តៅ៕

ឈ្លោះប្រកែកជាមួយប្រុសជាសង្សារ រត់ទៅលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ នារីម្នាក់បានលោតពីលើស្ពានអាកាសស្ទឹង មានជ័យបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីឈ្លោះគ្នាជាមួយសង្សារបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ អាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅកន្លែងកើតហេតុភ្លាមៗ គូសង្សារទាំងពីរមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូង គេឃើញប្រុសស្រី ២នាក់បានជិៈម៉ូតូPCX ពណ៌ស មិនចាំស្លាកលេខ ឌុបគ្នាតាមបណ្តោយផ្លូវ២៧១ទឹសដៅ ពីកើតទៅលិចឡើងលើស្ពានអាកាសស្ទឹងមានជ័យបានបន្ទិចក៏ឈប់ម៉ូតូហើយក៏លឺសូរសំឡេងឈ្លោះប្រកែកគ្នាខណៈពេលនោះក៏ស្រាប់តែខាងស្រីលោតពីលើស្ពានចុះមកក្រោមកំពួស ប្រហែល៣ម៉ែត្របណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់។

ចំណែកឯខាងប្រុសក៏ជិៈម៉ូតូចុះមកក្រោមហើយក៏លើកសង្សារឲ្យអង្គុយនិងទាក់ទ ងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ ភ្លាមៗសមត្ថកិច្ចក៏មកដល់ហើយក៏ទាក់ទង់ទៅរថយន្តសង្រ្គោះឲ្យមកដឹកនារីរងគ្រោះទៅមន្ទីពេទ្យដើម្បីសង្រ្គោះជីវិតផងដែរ ។

ក្រោយពីកើតហេតុបុរសជាសង្សារបានជិៈម៉ូតូតាមពីក្រោយរថយន្តសង្គ្រោះបន្ទាន់ទៅបាត់ទៅបន្សល់ទុកតែស្បែកមួយគូនៅកន្លែងកើតហេតុ៕

សម្តេច ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៣

​ ដោយ ៖ សុផល

ខេត្តស្វាយរៀង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្វាយរៀងអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលអាជ្ញាធរខេត្តស្វាយរៀងបានបំពេញនាពេលកន្លងមកជូន សម្ដេចក្រឡាហោម ផងដែរដូចជាស្ថានភាពរដ្ឋបាលដែនដី, និងសមិទ្ធផលសំខាន់ៗដែលគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តស្វាយរៀង ក្នុងអាណត្តិទី២សម្រេចបានព្រមទាំងអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្តស្វាយរៀងនិងក្រុមប្រឹក្សាក្រុង ស្រុកអាណត្តិទី៣ ផងដែរ។

លោកបន្តថា សមិទ្ធផល និងស្នាដៃការងារដែលគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តស្វាយរៀងសម្រេចបានព្រមទាំងលទ្ធផលនៃការបោះឆ្នោតនាពេលនេះគឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេច។

សម្តេចក្រឡាហោ ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ។

ហេតុនេះក្រុមប្រឹក្សាខេត្ត ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយមិនត្រូវប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

សម្តេចក្រឡាហោមស ខេងបានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡេីង ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាគណៈបញ្ជាការឯកភាពខេត្តត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌខេត្តទាំងមូលដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួនជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់និងល្បែងសុីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

សូមបញ្ជាក់ថា នៅអាណត្តិទី៣នេះក្រុមប្រឹក្សាខេត្តស្វាយរៀងមានចំនួន២៣រូបក្នុងនោះលោកជុំ ហាតត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្ត៕

ឆក់កាបូប៤លើកបានសម្រេច ចេញឆក់ម្តងទៀតជាប់អន្ទាក់របស់ប៉ូលិស

ដោយ ៖ សុផល

ខេត្ដកំពង់ចាម ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ក្នុងភូមិសាស្ដ្រក្រុងកំពង់ចាម និងតាមទីប្រជុំជន។ ជនសង្ស័យបានសារភាពថា រូបគេធ្លាប់បានធ្វើសកម្មភាពចំនួន ៤លើករួចមកហើយ។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះថា កាលពីនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបេនរថយន្តក្រុងជីអេសធី ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីឈ្មោះ ឆៃ ហឿង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈពេលដែលជនរងគ្រោះដើរទៅរកបង្គន់អនាម័យ។ ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ប្រាក់រៀលចំនួន ៣០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាក Nokia ចុចពិលចំនួន ១គ្រឿង។

លោកស្នងការរងបញ្ជាក់ថា ទទួលបានព័ត៌មានខាងលើនេះភ្លាម និងទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តនោះ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ័ត្ន ដារិទ្ធ ហៅអាវែង អាយុ២៨ឆ្នាំ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំណែកឯបក្ខពួកម្នាក់ទៀតឈ្មោះ ប៉ែន ពិសិដ្ឋ ហៅឃ្លាន អាយុ៣០ឆ្នាំ បានរត់គេចខ្លួនបាត់។

តាមចម្លើយរបស់ឈ្មោះ រ័ត្ន ដារិទ្ធ ហៅអាវែង បានឆ្លើយសារភាពថា កន្លងមកខ្លួន និងឈ្មោះ ប៉ែន ពិសិដ្ឋ ហៅឃ្លាន ធ្លាប់ធ្វើសកម្មភាពឆក់កាបូប នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានចំនួន០៤លើកគឺលើក ទី ១៖ ឆក់កាបូប កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្បែរផ្ទះពេទ្យគា ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម, លើកទី២៖ ឆក់កាបូប កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលភូមិស្វាយក្រហ មគែ ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម, លើកទី៣៖ ឆក់កបូប កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រ ពាំងតាហំ ឃុំរអាង ស្រុកកំពង់សៀម និងលើកទី៤ ឆក់កាបូប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចបេនរថយន្ដក្រុងជីអេសធី ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ផ្អែកតាមចម្លើយខាងលើ សមត្ថកិច្ចជំនាញបាននាំជនសង្ស័យទៅចង់ឲ្យបង្ហាញទីកន្លែង ដែលបោះចោលកាបូប នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាលទ្ធផលយើងរកឃើញកាបូបបានចំនួន០២ ដែលបានធ្វើសកម្មភាពឆក់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលភូមិស្វាយក្រហមគែ និងឆក់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបេនរថយន្តក្រុងជីអេសធី ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕

ចោរលួចគោនៅប៉ៃលិន ប្រើស្ទីលវ៉ៃគោច្រកបាវទាំងមូល

​ដោយ ៖ សហការី

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅចំណុចវាលចែង ក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព ទ្រព្យសម្បត្តិ របស់ខ្លូន ខណៈអំពើចោរកម្ម បានកើតមានជាហូរហែរនៅក្នុងមូលដ្ឋាន របស់ពួកគាត់ ។

ជាក់ស្តែងកាលពីវេលាម៉ោង១៤ និង៤០នាទីរសៀល ថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីចោរលួចគោមួយក្បាលដោយវះយកពោះក្នុងចេញ រួចច្រកគោទាំងមូល ចូលក្នុងការ៉ុងដឹកតាមម៉ូតូ ត្រូវប្រជាពលរដ្ឋប្រទះឃើញ មានការសង្ស័យ ក៍នាំគ្នាដេញតាម ស្រាប់លោកចោរភ័យក៍ទម្លាក់ការ៉ុងច្រកគោចោលកណ្តាលផ្លូវ ជិៈគេចខ្លូនតែម្តង ។

បើតាមលោក ចេង តូ អ្នកគ្រប់គ្រងចំណុចវាលចែង ភូមិអូរចិតប្រាំ ឃុំអូរអណ្តូង បានរៀបរាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា៖ សត្វគោមួយក្បាលដែលត្រូវចោរលួច ដឹកតាមម៉ូតូ យកមកទម្លាក់ចោលនេះ មានម្ចាស់ឈ្មោះ សួង ធា ភេទប្រុស រស់នៅចំណុចវាលចែង ចំណែកសត្វគោ ដែលបាត់នេះគឺជនរងគ្រោះ បានប្រវាស់ពីឈ្មោះ សាក់ រស់នៅត្រូល ក្នុងស្រុករតនៈមណ្ទល ខេត្តបាត់ដំបង យកមកមើល ។លោក បានបន្តទៀតថា៖ ករណីចោរលួចគោនេះ ដំបូងឡើយគឺជនសង្ស័យ បានជិៈម៉ូតូមួយម៉ាកឌ្រីម ០១៤ (មិនស្គាល់ស្លាកលេខ) ដោយជិៈចេញពីចំណុចខាងកើតសាលាវាលចែង ក្នុងទឹសដៅពីត្បូងទៅជើង មានន័យថាទៅត្រូល ក្នុងទឹកដីស្រុករតនៈមណ្ទល ខេត្តបាត់ដំបងវិញ ហើយចំពោះករណី ចោរលួចគោ នៅចំណុចវាលចែងនេះ បានកើតឡើងចំនួន៧លើកមកហើយ គឺសមត្ថកិច្ចជំនាញមិនទាន់បង្ក្រាបបាននៅឡើយទេ ។

លោក បានបន្តថា៖ បញ្ហចោរកម្ម នៅចំណុចវាលចែង គឺ កើតឡើងជាហូរហែរមកហើយ ជូនកាលចោរលួចព្រទ្យសម្បត្តិក្នុងផ្ទះ ដែលម្ចាស់ទៅចំការបាត់ ,ចោរ លួចគោជាដើម ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅចំណុចខាងលើ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព ក្នុងការរស់នៅ ប្រកបមុខរបរប្រចាំថ្ងៃ ជាមួយគ្នានេះ ពួកគាត់ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចទាំង អស់ មិនបានប៉ុស្ត៍ អធិការស្រុក ឬខេត្តនោះទេ សូមមេត្តាចុះល្បាតដល់ចំណុចវាលចែង ផង ដើម្បី ឲ្យពួកគាត់មានភាពកក់ក្តៅ ក្នុងការរសនៅផងដែរ ៕

អាជ្ញាធរខេត្តកំពង់ចាម លុបឈ្មោះក្រុមហ៊ុនមួយមិនឲ្យចូលដេញថ្លៃធ្វើផ្លូវ

ដោយ ៖ សហការី

ខេត្តកំពង់ចាម ៖ ដើម្បីអភិវឌ្ឈន៏ផ្លូវថ្នល់ក្នុងឃុំចំនួន៦ រួមមាន ឃុំស្រម៉ ឃុំត្រពាំងគរ ឃុំព្រៃចារឃុំព្រីងជ្រុំ ឃុំផ្តៅជុំ ឃុំសំពងជ័យ ដែលមានទឹកប្រាក់រាប់រយលានរៀល ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃ នាព្រឹកថ្ងៃទី១៤ មិថុនា ២១៩ នេះ នៅសាលប្រជុំសាលាស្រុកជើងព្រៃ ។

ក្នុងឱកាសនោះ មានក្រុមហ៊ុនជាច្រើនបានចូលរួមដេញថ្លៃដោយមានតម្លាភាព ក្នុងនោះក៏មានក្រុមហ៊ុន១ ត្រូវបានគណ៖កម្មការប្រកាសលុបឈ្មោះចេញពីបញ្ជីមិនឲ្យចូលរួមដេញថ្លៃក្នុងថ្ងៃនោះទេ ដោយសារតែបានប្រព្រិត្តខុសនីតិវិធីដេញថ្លៃ ហើយក៏ជាការព្រមានដ
ល់ក្រុមហ៊ុនផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្នផងដែរ។

លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ឲ្យដឹងថា រាល់ពេលមានការដេញគម្រោងធំៗគឺកន្លងមកមានវត្តមានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ចើញចូលរួមដេញថ្លៃហើយនៅព្រឹកថ្ងៃទី១៤មិថុនា ត្រូវបានឯកឧត្តម អ៊ុភឿន គុណវុឌ្ឈ អភិបាលរងខេត្តនិងសហការីបានចូលរួមតាមដានសង្កេតដោយផ្ទាល់មើលទិដ្ឋភាពនៃការដេញថ្លៃគម្រោងចំនួន០៦ឃុំ ហើយក៏បានស្នើសុំឲ្យបណ្តាឃុំនីមួយៗធ្វើយ៉ាងណាការប្រព្រិត្តិទៅមានតម្លាភាពនិងអាចទទួលយកបាន ក្នុងការសាងសង់ផ្លូវលំងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរនោះតាមភូមិឋាន។

ឯកឧត្តមអ៊ុភឿន គុណវុឌ្ឈ អភិបាលរងខេត្តមានប្រសាសន៏ថា ក្នុងការដេញថ្លៃឃុំចំនួន៦នេះរូបលោកមកដើម្បីតាមដានមើលការដេញថ្លៃ បានប្រព្រិត្តទៅតាននីតិវិធីនិងមានតម្លាភាពដែរទេ ហើយប្រសិនបើមានក្រុមហ៊ុនដេញថ្លៃណាមួយបង្កភាពអាណាធិបតេយ្យនោះ នឹងត្រូវដេញចេញមិនអនុញ្ញាតឲ្យដេញថ្លៃឡើយ។ កន្លងមកដោយសារតែមានក្រុមហ៊ុនមួយនៅស្រុកជើងព្រៃ មិនបានគោរពតាមនីតិវិធីច្បាប់នៃដេញថ្លៃទើបរូបលោកលុបឈ្មោះចោល មិនឲ្យចូលរួមដេញថ្លៃនៅក្នុងខេត្តកំពង់ចាម ។

លោក អ៊ុភឿន គុណវុឌ្ឈ អភិបាលរងខេត្តមានប្រសាសន៏បន្តថា ក្រុមហ៊ុនដែលមកចូលរួមដេញថ្លៃសូមយកស្រោមសំបុត្រមកដាក់ក្នុងហឹប និងូមពិនិត្យមើលតំលៃឲ្យបានច្បាស់លាស់ផងដែរ ។សម្រាប់លទ្ធផលយកកអ្នកណាដែលបានដេញថ្លៃតិចជាងគេនឹងឈ្នះ នេះជាល័ក្ខណ្ឌនៃការដេញថ្លៃក្នុងករណីបើអ្នកដេញទី១ ពិនិត្យឃើញតួរលេខសរសេរមិនត្រូវ និងត្រូវជ្រើសយកអ្នកនៅបន្ទាប់ ។ មានអ្នកខ្លះមកដេញចង់តាមរយៈ «ទឹកតែ» គឺត្រូវហាមឃាត់មិនឲ្យមាននោះទេ សូមរក្សានូវភាពថ្លៃថ្នូក្នុងពេលដែលមកចូលរួមដេញថ្លៃ គោរពបទបញ្ជារផ្ទៃក្នុងដែលមានជាច្រើនចំនុច ។

សូមជម្រាបថា ការដេញថ្លៃលសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមបណ្តាឃុំ ស្រុក នានា ក្នុងខេត្តកំពង់ចាមនាពេលកន្លងមក តែងមានភាពរញ៉េរញ៉ៃយ៉ាងអនាធិបតេយ្យ ទើបនៅដំណាក់កាលចុងក្រោយនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចយកមកដាក់ដេញថ្លៃនៅសាលាស្រុកផ្ទាល់ ដើម្បីបញ្ជៀសនូវបញ្ហាផ្សេងៗមិនឲ្យមាន៕ 

តម្លៃមាស ពេជ្រ នៅកម្ពុជា ប្រែប្រួលតិចតួចក្នុងរយៈពេលពីរ ឬបីថ្ងៃម្តង

ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃតម្លៃគ្រឿងអលង្ការ មាស ពេជ្រ ឬប្លាទីន ទាំងការលក់ចេញ និងទិញចូល តែងមានការប្រែប្រួលទៅតាមតម្លៃទីផ្សារអន្តរជាតិ ពិសេសនៅសហអាមេរិកដែលជាទីផ្សារធំ។ នៅគ្រាដែលបច្ចុប្បន្នតម្លៃកំពុងមានការកើនឡើងនោះ ម្ចាស់អាជីវកម្មលក់មាស និងពេជ្រ ក្នុងរាជធានីភ្នំពេញ បានប្រាប់ពីវិធីរកផលចំណេញពីការប្រើប្រាស់នៅគ្រឿងអលង្កការ ដែលមានតម្លៃនោះ។

ស្របពេលដែលស្ថានភាពជីវភាពប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន មានភាពប្រសើរឡើងនោះ ការចំណាយទៅលើគ្រឿងអលង្ការមានតម្លៃ ដូចជា មាស ពេជ្រ និង ប្លាទីន ជាដើម ក៏មានកាន់តែកើនឡើងខ្ពស់ទៅតាមនោះដែរ។

ទន្ទឹមនឹងការកើនឡើងនៃថ្លៃចំណាយគ្រឿងអលង្ការមានតម្លៃ ប្រជាពលរដ្ឋ កម្ពុជា ក៏អាចទាញយកផលចំណេញពីការប្រើប្រាស់នេះ តាមរយៈការតាមដានព័ត៌មានស្តីពីការឡើង ចុះនៃហាងឆេងតម្លៃគ្រឿងអលង្ការទំាំងអស់នោះផងដែរា។

គួរជម្រាបថា ក្នុងប្រទេសកម្ពុជា តម្រូវការប្រើប្រាស់គ្រឿងអលង្ការមានតម្លៃទំាំងអស់នេះ គឺមានច្រើន ក្នុងកំឡុងរដូវរៀបអាពាហ៏ពិពាហ៏ និង ពិធីបុណ្យទានផ្សេងៗ ពោលគឺចាប់ពីខែតុលា រហូតដល់មុនរដូវវស្សាចូលមកដល់ នាខែឧសភា។ នៅពេលដែលតម្រូវការប្រើប្រាស់ មានកាន់តែច្រើន នោះតម្លៃនឹងកើនទៅតាមនោះដែរ។

ដោយឡែក អ្នកប្រើប្រាស់គ្រឿងអលង្ការប្លាទីន មួយចំនួនតែងតែយល់ឃើញថា គ្រឿងអលង្ការសុទ្ធល្អ នឹងធ្វើឲ្យយើងអាចប្រើប្រាស់បានយូ ហើយនឹងមិនខាតច្រើនពេលយកមកលក់វិញ ឬក៏ធ្វើការប្តូរម៉ូដជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ន មាសមួយជី មានតម្លៃប្រមាណ ១៦០ដុល្លារ តែតួលេខនេះ នឹងមានការប្រែប្រួលតិចតួច ក្នុងចន្លោះពី ពីរទៅ បីថ្ងៃ ហើយអាចនឹងប្រែប្រួលខ្លំាងក្នុងរយៈពេល១ខែ ទៅតាមទីផ្សារធំនៅសហរដ្ឋអាមេរិក៕

ថ្ងៃ១៥មិថុនា នេះ កាលពី៥៧ឆ្នាំមុនកម្ពុជាឈ្នះក្តីលើភាគីថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ

ភ្នំពេញ ៖ កាលពី៥៧ឆ្នាំមុន ក្នុងថ្ងៃទី១៥ ខែមិថុនា នេះ គឺជាថ្ងៃដែលតុលាការយុត្តិធម៌អន្ដរជាតិ នៅទីក្រុង ឡាអេ បានសម្រេចបង្គាប់ឱ្យភាគីប្រទេសថៃ ត្រូវតែដកយោធារបស់ខ្លួនចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ ដើម្បីប្រគល់ប្រាសាទ និងតំបន់ខ្លះនៅជុំវិញប្រាសាទព្រះវិហារ ឱ្យភាគី ប្រទេសកម្ពុជា។

ថ្ងៃ១៥ មិថុនា នេះ (១៩៦២-១៥ មិថុនា ២០១៩) គឺជាខួបទី៥៧ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដោយបានច្រានចោលការលើកឡើងរបស់ភាគីថៃ និងគាំទ្រទឡ្ហីករណ៍របស់កម្ពុជា។

តុលាការអន្តរជាតិ នេះ បានកំណត់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីដែលស្ថិតក្រោមអធិប តេយ្យរបស់កម្ពុជា ហើយបង្គាប់ឱ្យភាគីថៃ ត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា។ជាមួយគ្នានោះ តុលាការក៏តម្រូវឱ្យថៃ ត្រូវប្រគល់នូវរាល់វត្ថុបុរា ដែលថៃ បានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុង អំឡុងពេលដែលថៃ កាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

សូមរំលឹកថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនជុំវិញ ប្រាសាទព្រះវិហាររវាង កងកម្លាំងប្រយុទ្ធកម្ពុជា និងថៃ នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញតាមសំណើរបស់ភាគីកម្ពុជា និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចជាថ្មីម្តងទៀតឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ៕         ( ទិដ្ឋភាព នៅ តុលាការ យុត្តិធម៌ អន្តរជាតិ ក្រុង ឡាអេ នៅ ថ្ងៃ បើក សវនាការ ស្ដាប់ ការ បកស្រាយ ផ្ទាល់ មាត់ រវាង ភាគី កម្ពុជា និង ថៃ ស្ដីពី បញ្ហា ព្រះវិហារ នៅ ថ្ងៃ ទី ១៥ មេសា ឆ្នាំ ២០១៣។ )

ប្រធានសភាហុងគ្រី ប្រកាសគាំទ្រកម្ពុជា ធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបបន្តផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ភ្

ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃនេះ ប្រធានសភាហុងគ្រី លោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) បានប្រកាសគាំទ្រ ចំពោះកម្ពុជា ធ្វើយ៉ាងណាឲ្យ សហភាពអឺរ៉ុបបន្តផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា។

លោកប្រធានសភា ឡាស្លូ កូវៀវ៍ (Laszlo Kover) បានបញ្ជាក់ជូនសម្តេចតេជោថា នឹងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរ។ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហភាពអឺរ៉ុប ឯកឧត្តមបានគូសបញ្ជាក់ថាហុងគ្រី បន្តគាំទ្រទាំងស្រុងចំពោះកម្ពុជាធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបបន្តផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា។ កម្ពុជាមិនគួរត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបឡើយ។ សម្តេចតេជោ បាន ថ្លែងអំណរគុណចំពោះហុងគ្រីដែលបានជួយគាំទ្រកម្ពុជា ក្នុងការតស៊ូមតិជាមួយសហភាពអឺរ៉ុប ដើម្បីផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ពាក់ព័ន្ធទៅនឹងរឿង ប្រព័ន្ធអនុគ្រោះពន្ធ។

ឯ.ឧប្រធានសភា ចង់ឃើញការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ជាមួយនឹងការពង្រីកលើវិស័យវប្បធម៌ ទេសចរណ៍អប់រំ និងវិស័យផ្សេងៗទៀត រួមជាមួយនឹងទំនាក់ទំនងទ្វេភាគីផងដែរ។ សម្ដេចបានបញ្ជាក់ថា ទស្សនកិច្ចនេះគឺដើម្បីបន្តពង្រីកទំនាក់ទំនងដែលមានពីមុនមកមិនមែនជាទំនាក់ទំនងដែលទើបនឹងចាប់ផ្ដើមទេ ហើយសម្ដេចចង់ឃើញគោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការពង្រឹងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យមានជាអនុស្សារណៈយោគយល់គ្នារវាងសភានៃប្រទេសទាំងពីរ។ លោកប្រធានសភា បានបញ្ជាក់ថា សភាក៏ដូចជាប្រទេសហុងគ្រី នឹងបន្តគាំទ្រកម្ពុជាក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត។ ពិសេស ហុងគ្រី នឹងការបន្តផ្ដល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាផងដែរ។ ឯកឧត្តមក៏សង្ឃឹមថាកម្ពុជា នឹងបញ្ជូននិស្សិតទៅបន្តការសិក្សានៅហុងគ្រី ហើយយកចំណេះដឹង ទៅអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ហុងគ្រីដែលតែងតែជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសហុងគ្រី។

គួរបញ្ជាក់ថា ឡាស្លូ កូវៀវ៍ (Laszlo Kover) គឺជាប្រធានសភាទី១ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងបានជួបជាមួយសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាសម្ដេច ហេង សំរិនប្រធានរដ្ឋសភា។ ឯកឧត្តមបានឃើញប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍន៍ ស្របពេលដែលកម្ពុជាពីមុនមានតែបាតដៃទទេ និងជាប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាម ប៉ុន្តែបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងលឿនរហ័ស៕

កាប់ប្រពន្ធស្លាប់ព្រោះរឿងប្រច័ណ្ឌ រត់រួចបាន១៧ម៉ោងត្រូវសមត្ថកិច្ចតាមចាប់ជាប់

ខេត្តត្បូងឃ្មុំ ៖ ក្នុងរយ:ពេលតែជាង១៧ម៉ោងប៉ុណ្ណោះ ឃាតកដែលបានកាប់សំលាប់ប្រពន្ធ ដោយសារតែរឿងប្រច័ណ្ឌងប់ងុលពេក ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមប្រមាញ់ចាប់ខ្លួនបានហើយ។

លោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីហឹង្សាក្នុងគ្រួសារមួយមានស្ថានទម្ងន់(សំលាប់ប្រពន្ធ) បង្កឡើងដោយប្តីឈ្មោះ ព្រាប ម៉ាយ អាយុ ២៣ឆ្នាំ បានយកកាំបិត ដេញកាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ រស់នៅក្នុងផ្ទះជាមួយ ត្រូវជាច្រើនកាំបិត បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយជនបង្កបានរត់គេចខ្លួនបាត់។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ប្តីប្រពន្ធខាងលើនេះ ទើបរៀបការថ្មីៗមិនទាន់បានប៉ុន្មានផង ក៏មានជម្លោះជាញឹកញាប់។ នៅពេលថ្មីៗនេះប្រពន្ធបានចុះមកនៅផ្ទះឪពុកបង្កើតរបស់ខ្លួន ដោយខ្លាចប្តីធ្វើបាបលើរាងកាយ។ ប្រភពដដែលបានបន្តថា បុរសជាប្តីជាមនុស្សប្រច័ណ្ឌប្រពន្ធខ្លាំងណាស់ ទើបមានការប្រើហឹង្សាបែបនេះ។ លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី បុរសជាប្តីបានយកកាំបិតបុ័ងតោ កាប់ប្រពន្ធចំនួន៤កាំបិតបណ្តាលអោយស្លាប់។

លោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា ក្រោយកើតហេតុ លោក ឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការអោយមន្ត្រីជំនាញតាមបណ្តាលប៉ុស្តិ៍គ្រប់ស្រុក ក្រុង ក្នុងខេត្តត្បូងឃ្មុំ ចេញប្រតិបត្តិការ ស្រាវជ្រាវពួនស្ទាក់ ឃ្លាំមើលគ្រប់ច្រករបៀងដើម្បីចាប់ជនដៃដល់។ លោកអធិការបានបន្តថានៅវេលាម៉ោង ៦និង២០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កំលាំងជំនាញនៃអធិការនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកំកងវរសេនាតូចគាំទ្រកភ្លើងធំ(យោធភូមិភាគ២) និងកំលាំងប៉ុស្តិ៍នគរបាលជីរោទិ៍២ បានធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្សយ័ ឈ្មោះ ភាព ម៉ាយ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងខណៈដែលជនសង្សយ័ប្រុងឡើងរថយន្តឈ្នួលទៅខេត្តសៀមរាប។ បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី៕ ដោយ ៖ សុផល