All posts by មេគង្គ ប៉ុស្តិ៍

បញ្ឆេះរថយន្តបើកម៉ាស៊ីនត្រជាក់ឲ្យកូនដេក ត្រូវចោរលួចទាំងឡាន ទាំងកូន

ភ្នំពេញ ៖ ទុកកូនឲ្យគេងក្នុងរថយន្តដោយ បញ្ឆះ និងមានសោជាប់ក្នុងរថយន្តស្រាប់ ត្រូវចោរលួចចូលបើកយកទៅបាត់ទាំងឡាន ទាំងកូន ហើយម្ដាយស្រែកទ្រហោយំ និងដួលសន្លប់ជាច្រើនដង ផ្អើលសមត្ថកិច្ច ១២ ខណ្ឌ ក្នុងក្រុងភ្នំពេញទាំងយប់ ។ ហេតុការណ៍នេះ បាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជា ៨យប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅផ្លូវ ១៤៣សង្កាត់អូរឡាំពិក ខណ្ឌចំការមន ធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយមានឈ្មោះ ពៅ បុប្ផា អាយុ៣៨ឆ្នាំ និងប្ដីឈ្មោះ ណុប ពិសី អាយុ៣៨ឆ្នាំ បានជិះរថយន្ត ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2s -4126 ពីផ្ទះមកលក់ដូរមានបុកល្ហុង ប្រហិត នៅផ្លូវកើតហេតុខាងលើ ដោយឃើញកូនតូចអាយុពីរខែ និងបងវាម្នាក់ទៀត អាយុ ១១ ឆ្នាំ រួចក៏បញ្ឆេះរថយន្តបើកម៉ាស៊ីនត្រជាក់ទុកកូនឲ្យដេកនៅក្នុងនោះ មួយសន្ទុះក្រោយមក មានជនសង្ស័យមានគ្នា ២នាក់ដើរក្រឡឹងរថយន្ត២ ទៅ ៣ជុំ រួចធ្វើសកម្មភាពលួចរថយន្តទៅបាត់ ម្ដាយឪពុកភ័យស្លន់ស្លោ ទ្រហោយំរាយការណ៍ ទៅសមត្ថកិច្ច ផ្អើលអាជ្ញាធរមានសមត្ថកិច្ចទាំង ១២ខណ្ឌក្នុងរាជធានីភ្នំពេញ ដេញស្ទាក់ចាប់បានរថយន្ត ចំណុចក្បាលថ្នល់ រីឯជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពបានបន្តទៀតថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយ ដោយប្ដូរតៃកុងរថយន្តចំនួន ៤លើកស្មើនឹង៤នាក់ ។ បន្ទាប់ពីសមត្ថកិច្ចដេញស្ទាក់យករថយន្តនិង កូនៗតូចពីរនាក់បងប្អូនបានមកវិញ ក៏បាននាំយករថយន្ត និងជនរងគ្រោះ ទៅអធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងធ្វើការស្រាវជ្រាវស្វែង រកក្រុមជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែកក្មេងទាំអពីរនាក់មិនមានបញ្ហាអ្វីនោះឡើយ៕

ឆេះកន្លែងលាងម៉ូតូ និងប្តូរប្រេងម៉ាស៊ឺននៅខណ្ឌចំការមន(Video)

ភ្នំពេញ៖ករណីអគ្គីភ័យឆាបឆេះផ្ទះលាងម៉ូតូប្តូរប្រេងម៉ាស៊ឺននិងលក់ប្រេងសាំងបណ្តាលអោយឆេះអស់ទាំងស្រុងហេតុការណ៍កេីតឡេីងកាលពីវេលាម៉ោង៤០នាទីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩ស្ថិត នៅតាមបណ្តោយផ្លូវ៤៣០កែងនិងផ្លូវ៤៨០ក្នុងសង្កាត់ទួលទំពូង២ខណ្ខចំកាមនរាជធានីភ្នពេញ។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានអោយដឹងថាមូលហេតុដែលបង្កអោយមានអគ្គីភ័យនេះបណ្តាលមកពីជាងផ្សារដែកឡើងផ្សារដំបូលខាងលើបានធ្លាក់កំទេចធូបផ្សារធ្លាក់មកលើធុងប្រេងបណ្តាលអោយឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធរសន្ធៅដោយសារទីតាំងខាងលើត្រូវបានប្តូម្ចាស់ហើយក៏មានកាផ្សារប្រហែលមកពីធ្លាក់កំទេចភ្លើងដែលផ្សារមកចំធុងដែលមានផ្ទុកប្រេងទេីបណ្តាលអោយមានកាឆាបឆេះហើយក៏មានកាជួយពន្លត់ផងដែរតែមិនអាចទប់ស្គាត់បានទើបបណ្តាលអោយមានការឆេះកាន់តែខ្លាំងបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ដល់ក្រុមអ្នកពន្លត់អគ្គីភ័យបានចេញរថយន្តមកជួយបាញ់ទប់ស្គាត់ទើបមិនមានកាប៉ះពាល់ដល់អ្នកជិតខាង។

ក្នុងនោះផងដែលមានរថយន្តពន្លត់អគ្គីភ័យបានចេញមកអន្តរាគមន៍បានបាញ់ទឹកអស់ជាច្រើនគ្រឿងទើបរលត់ជាស្ថាពរហើយក៏មានក្រុមអ្នកពន្លត់អគ្គីភ័យបានរងរបួសម្នាក់ក្នុងកាជួយចូលបាញ់ក្ទឹកក្នុងនោះផងដែរចំណែកកាខូចខាតសំភារះផ្ទះខាងលើអស់ទាំងស្រុងមិនទាន់ដឹងថាជាទឹកប្រាក់អស់ប៉ុន្មាននោះទេ។

យោងតាមពីសមត្ថកិច្ចក្នុងហេតុការណ៏ករណីអគ្គីភ័យនេះបណ្តាលអោយមានការឆេះសំភារះមានម៉ូតូមួយគ្រឿងនិងប្រេងម៉ាស៊ឺនប្រេងសាំងហើយរបស់របរដែលមាននៅក្នុងនោះខូចខាតអស់ទាំងស្រុង៕              MG_4514bb

 

 

 

 

 

 

 

 

មន្ត្រីអ៊ីរ៉ាក់២៧រូបបញ្ចប់វគ្គជំនាញបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

ភ្នំពេញ ៖ មន្ត្រីអ៊ីរ៉ាក់ចំនួន២៧នាក់មក ពីក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនតំបន់ឃឺត បានបញ្ចប់ដោយជោគជ័យក្នុងវគ្គហ្វឹកហ្វឺន ស្តីពីការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់អតីតសមរភូមិ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺនអ៊ីរ៉ាក់-កម្ពុជា គាំទ្រថវិកាដោយប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)។

ក្រោយការទទួលការបណ្តុះបណ្តាលជំនាញបោសសំអាតមីនទាំងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែង កងកម្លាំងមកពីប្រទេសអ៊ីរ៉ាក់ បានកោតសរសើរចំពោះស៊ីម៉ាក់ ដែលពេញដោយសមត្ថភាពក្នុងការហ្វឹកហ្វឺនជំនាញបោសសំអាតមីន។

កងកម្លាំងអ៊ីរ៉ាក់ មកពីក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រុមជនជាតិឃឺតសរុបចំនួន២៥នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលពីរសប្តាហ៏ ពីមន្ត្រីជំនាញរបស់ស៊ីម៉ាក់ លើជំនាញបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅអតីតសមរភូមិជាក់ស្តែង។ តំណាងសិក្ខាកាមអ៊ីរ៉ាក់ បានកោតសរសើរចំពោះស៊ីម៉ាក់ ដែលពេញដោយសមត្ថភាពក្នុងការហ្វឹកហ្វឺនជំនាញបោសសំអាតមីន។

ចំណេះជំនាញបោសសំអាតមីននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងសកម្មភាពបោសសំអាតមីននៅប្រទេសរបស់ខ្លួន ត្បិតអ៊ីរ៉ាក់នៅប្រឈមជាមួយនឹងគ្រាប់មីនយ៉ាងសន្ធឹកសន្ធាប់នៅឡើយ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នៅទីបញ្ជាការស៊ីម៉ាក់ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារមីន បានបញ្ជាក់ថា ស្ថានភាពសង្គ្រាមស៊ីវិល មកពីប្រទេសអ៊ីរ៉ាក់ និងនៅកម្ពុជាគឺមិនមានលក្ខណៈខុសគ្នាប៉ុន្មាននោះទេ ព្រោះសង្គ្រាមបានបន្សល់ទុកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នៅក្នុងដី និងបានសម្លាប់ជីវិតប្រជាជនស្លូតត្រង់ជាច្រើននាក់។ អ៊ីរ៉ាក់វិញក៏រងគ្រោះដោយសារគ្រាប់មីនប្រមាណ២៥លានគ្រាប់ផងដែរ។ ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុក ការងារបោសសំអាតមីន ជាការងារអាទិភាពសំខាន់មួយ ដើម្បីកាត់បន្ថយអត្រារងគ្រោះដោយសារមីន និងជម្រុញគោលដៅអភិវឌ្ឍនៅមូលដ្ឋាន។

បើតាមលោក មាស សុភា រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំបំពាក់បំប៉នជំនាញបោសសំអាតមីនដល់កងទ័ពកម្ពុជា ដើម្បីជួយពន្លឿនការងារបោសសំអាតមីនឲ្យបានឆាប់រហ័ស ទៅតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កម្មវិធីនៃការបណ្តុះបណ្តាលជំនាញបោសសំអាតមីន ក្រោមគម្រោងកម្មវិធី South-South Cooperation ដែលផ្តល់ជំនួយរបស់ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា ត្រូវបានចែកចេញជាពីរផ្នែក ក្នុងនោះមានការបញ្ជូនមន្ត្រីជំនាញរបស់ស៊ីម៉ាក់ទៅបណ្តាប្រទេសដែលត្រូវការទទួលការបណ្តុះបណ្តាល និងមួយទៀតគឺការបញ្ជូនមន្ត្រីពីបណ្តាប្រទេសផ្សេងមកទទួលការបណ្តុះបណ្តាលផ្ទាល់ពីស៊ីម៉ាក់នៅកម្ពុជា។ តាមរយៈជំនួយនេះ ស៊ីម៉ាក់ បានធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺនកងកម្លាំងមកពីប្រទេសនានាចំនួន១០ ដែលមានទាំងអ៊ីរ៉ាក់ អង់ហ្គោឡា កូឡុំប៊ី ឡាវ និងមកពីម៉ូហ្សាំប៊ិកផងដែរ ហើយនេះជាលើកទី៥ហើយ ដែលស៊ីម៉ាក់ បានធ្វើការបណ្តុះបណ្តាលជំនាញបោសសំអាតមីនដល់កងកម្លាំងមកពីប្រទេសអ៊ីរ៉ាក់ ដែលសរុបមកដល់ពេលនេះ មានប្រមាណ១០០នាក់៕

រដ្ឋសភានឹងប្រជុំអនុម័តច្បាប់់បើកផ្លូវការទាញយកផលពីរ៉ែប្រេងកាតនៅម្ពុជា

ភ្នំពេញ ៖ កម្ពុជា នៅតែមិនអាចទាញយកផលពីរ៉ែប្រេងកាត និងផលិតផលប្រេងកាតបាននៅឡើយទេរហូតមកដល់ពេនេះ ព្រោះច្បាប់ស្តីពីការគ្រប់គ្រងវិស័យនេះ មិនទាន់ត្រូវបានអនុម័តដោយរដ្ឋសភានៅឡើយ ហើយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋសភានឹងធ្វើការប្រជុំដើម្បីអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយ ដើម្បីបើកផ្លូវឱ្យដំណើរការបូមយកប្រេងកាតបាន។

នេះបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ នៅក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភាជាតិ។

សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីព្រឹកមិញនេះបានពិនិត្យ ទៅលើរបៀបវារៈមួយចំនួនសម្រាប់ដាក់ចូលទៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី២ នីតិកាល ទី៦ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ រួមមាន ៖

១.ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ជំនួសឯកឧត្តម ពៅ សាមី ដែលទទួលមរណភាព។

២.សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

៣.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេសស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

៤.សេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

៥.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពី ការជម្រុញ និការការពារេទៅវិញទៅមកនៃវិនិយោគ និង៦.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ៕ ដោយ ៖ ភិរ៉ាន្ទ

លោក ផែង វណ្ណៈ ដែលកំពុងជាប់ពន្ធនាគារសរសេរលិខិតសុំទោសសម្តេច ហ៊ុន សែន

ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ លោក ផែង វណ្ណៈ  ដែលកំពុងជាប់ឃុំពាក់ព័ន្ធនឹងសំណុំរឿងជាច្រើន បានសរសេរលិខិតសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នូវព័ត៌មានដែលខ្លួនបានសរសេរ ដោយប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនផងដែរ។?

លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា «ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។

លោក ផែង វណ្ណៈ បានសរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទ ចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថា នឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះ កើតឡើងជាថ្មីម្តងទៀត»។

សូមរំលឹកថា លោក ផែង វណ្ណៈ ត្រូវបានលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ប្តឹងពីបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោក រងបណ្តឹងនេះ ដោយសារតែលោក ចោទជាសំណួរថា បើលោក មានទោស ដោយគ្រាន់យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា និស្សិតឆ្នាំ៤ ដែលស្លាប់ដោយសារយុវតី យិន ម៉ាណា បើករថយន្តបុក (អចេតនា) ចុះសម្តេច ហ៊ុន សែន ឲ្យគេយកថវិកា ទៅចូលបុណ្យសពលោកបណ្ឌិត កែម ឡី យ៉ាងម៉េចទៅវិញ?

លោក គី តិច ចាត់ទុកសំណួររបស់លោក ផែង វណ្ណៈ ថាមានចេតនាចោទសម្តេច ហ៊ុន សែន ថាជាអ្នកនៅក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី៕

ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ មិថុនា ​នេះ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នឹងសម្ភោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើរជើងនាងគង្ហីង ដែលបំពាក់ដោយជណ្តើរយន្តដ៏ទំនើបជាផ្លូវការ។

តាមការប្រកាសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្ពានអាកាសថ្មើរជើងនាងគង្ហីង សាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។

នៅពេលដែលស្ពានអាកាសថ្មើរជើងដាក់ឲ្យប្រើប្រាស់ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងក្នុងពេលចង់ធ្វើដំណើរឆ្លងកាត់ផ្លូវ៕

កែតម្រូវឈ្មោះក្នុងសំបុត្រកំណើត ចំណាយតែ៥ពាន់រៀលទេ

ភ្នំពេញ ៖ ចង់កែតម្រូវឈ្មោះក្នុងសុំបុត្រកំណើត ត្រូវធ្វើយ៉ាងណាខ្លះ? ខាងក្រោមនេះជានីតិវិធីខ្លះៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សាធារណជន ដែលខុសឈ្មោះក្នុងសំបុត្រកំណើត ហើយត្រូវស្នើសុំកែតម្រូវជាថ្មី។

ករណីខុសឈ្មោះក្នុងសំបុត្រកំណើត បុគ្គលដែលជាអ្នកចង់កែតម្រូវ ត្រូវទៅកាន់តុលាការខេត្តរបស់ខ្លួន ដែលភ្ជាប់ទៅជាមួយ សំបុត្របញ្ជាក់កំណើតដែលខុសឈ្មោះនោះ ព្រមទាំងឯកសារយោងមួយចំនួនដែលមានឈ្មោះត្រឹមត្រូវដូចជា ៖
១. អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ
២. វិញ្ញាបនបត្របណ្ដោះអាសន្នបឋមភូមិ
៣. វិញ្ញាបនបត្របណ្ដោះអាសន្នទុតិយភូមិ
៤. សញ្ញាបត្របរិញ្ញាបត្រ
៥. វិញ្ញាបនបត្រ ឬ ប័ណ្ណសរសើរផ្សេងៗដែលទទួលបានកន្លងមក

សូមបញ្ជាក់ថា ឯកសារយោងនេះគឺមិនដូចគ្នាឡើយ អ្នកខ្លះមានត្រឹមបាក់ឌុប ឬ ឌីប្លូម ឬ អ្នកខ្លះទៀត មានតែលិខិតបញ្ជាក់ផ្សេងៗ តែហោចណាស់ត្រូវភ្ជាប់ទៅជាមួយយ៉ាងហោចណាស់ឱ្យបានពីរទៅបីសន្លឹកក្រៅ ពីអត្តសញ្ញាណប័ណ្ណ ទើបមន្ត្រីព្រមជឿជាក់ និង ធ្វើការកែតម្រូវជូន ។

ក្រោយភ្ជាប់ឯកសារយោងគ្រប់គ្រាន់ដែលបញ្ជាក់ថា យើងពិតជាឈ្មោះបែបនេះមែន នោះមន្ត្រី ឬ បុគ្គលិកបណ្ដែតក្នុងតុលាការខេត្ត ឬ ក្រុង នឹងឱ្យពាក្យបំពេញសុំកែតម្រូវ បន្ទាប់ពីបំពេញ និង ផ្ដិតមេដៃហើយ បងប្អូនត្រូវបង់ថ្លៃពន្ធត្រឹមតែ ៥ ០០០ រៀលប៉ុនណោះជាការស្រេច ។ ក្រោយបំពេញពាក្យស្នើរសុំកែតម្រូវបាន ១ ទៅ ២ សប្ដាហ៍ ទើបក្រុមការងារទាក់ទងដើម្បីទៅទទួលតាមរយៈលេខទូរសព្ទដែលដាក់ក្នុងពាក្យ ស្នើរសុំនោះ ។
កន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃក៏បានឱ្យដឹងដែរថា ប្រសិនបើបងប្អូនចង់កែតម្រូវទិន្នន័យអត្តសញ្ញាណ អាចអញ្ជើញទៅកាន់ទីតាំងមួយចំនួនដូចជា ៖

១.នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េងហួត បឹងស្នោរ) ។

២. សាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក ៕

សម្តេច ស ខេង បញ្ជាឲ្យបង្ក្រាបការលាងលុយ ខណៈកម្ពុជាត្រូវចាត់ទុកជាប្រទេសពណ៌ប្រផេះ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ ខណៈដែលកម្ពុជាត្រូវបានអង្គការហិរញ្ញវត្ថុ (FATF) ចាត់ទុកថា ជាប្រទេសស្ថិតក្នុងបញ្ជីពណ៌ប្រផេះ។

សម្ដេច ស ខេង បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាធ្លាប់បានបង្ក្រាប ជាបន្ដបន្ទាប់ នូវការនាំលុយចូលដ៏ច្រើនលើសលុបនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តិផងដែរ។

សម្ដេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងលាងលុយ ឥលូវនេះកម្ពុជា ត្រូវចាត់ទុកថា ជាប្រទេសពណ៌ប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀត វាទៅខ្មៅ នោះបើសិនណាជារឿងមិនយកចិត្តទុកដាក់។ ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានតែមនុស្សមួយក្រុមនោះទេ ប៉ុន្ដែបើងាប់ងាប់ប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក»។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ប្រសិនបើស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាម ទៅសម្ដេចផ្ទាល់តែម្តង ហើយមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែង។

យ៉ាងណាក៏ដោយ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានក្រើនរំលឹកថា រាល់អ្នកដែលប្រព្រឹត្តបទល្មើសនេះ ពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។

យ៉ាងណាសម្តេច ស ខេង បានប្រកាសថា នៅឆ្នាំ២០១៩នេះ ត្រូវតែបញ្ចប់ការចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ពីព្រោះជាការទទួលខុសត្រូវធំធេង និងធ្ងន់ធ្ងន់ណាស់ ចំពោះមុខប្រវត្តិសាស្រ្តទាំងអស់គ្នា ដូចនេះ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសគ្រឿងញៀន នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តអោយបាន។ បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានដាក់បម្រាមមិនអោយមានកម្លាំងនគរបាល ទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំងប្រព្រឹត្ត គ្រឿងញៀននោះទេ បើកម្លាំងទៅយាមនៅទីនោះ ដូចជាទៅយាមកន្លែងគ្រឿងញៀនតែម្តង៕

អ្នកកាសែតជាង៤០ប្រទេសចូលរួមសន្និសីទកំពូល«សារព័ត៌មានអាស៊ី»លើកទី១៦ នៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ បានចាប់ផ្តើមប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ នេះ នាសណ្ឋាគារសុខា ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប។

អង្គសន្និសីទសារព័ត៌មានអាស៊ី លើកទី១៦ នេះ នឹងពិភាក្សារបៀបវារៈចំនួន៥ ដែលនឹងមានថ្នាក់ដឹកនាំ តំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមប្រមាណ ៥០០នាក់ចូលរួម ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិប្រមាណជាង ២៥០នាក់ ដែលមកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោកមានដូចជា៖ ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សាម័រ ជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍និងអ្នកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតាក់តែងគោលនយោបាយនៅជុំវិញពិភពលោកដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យា ទំនើប ។

សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» និងជជែកពិភាក្សាលើប្រធានបទមួយចំនួន ដូចជា​ ៖ ការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងបន្លំ, របៀបដឹកនាំក្នុងយុគសម័យសារព័ត៌មាន នៃ បដិវត្តន៍ឧស្សាហកម្មជំនាន់ ទី៤, ការបង្កើតកម្មវិធីដ៏ មាន ប្រសិទ្ធភាព ក្នុង យុគសម័យ ឌីជីថល, និន្នាការ នៃ បច្ចេកវិទ្យា4K និងឥទ្ធិពលនៃភាពពិត កើន និងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន។

សន្និសីទនេះ នឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើប និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមផងដែរ៕

រដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើម៉ាឡេស៊ី បន្ថែមការទិញអង្ករ និងការពារពលករខ្មែរ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យប្រទេសម៉ាឡេស៊ី រួមគ្នាបន្តជួយគាំទ្រយកចិត្តទុកដាក់ និងការពារឱ្យបានសមរម្យ ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ី និងបង្កើនការទិញអង្ករពីកម្ពុជាច្រើនថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នេះបើតាមលោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ ឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១១ខែមិថុនា នៅទីស្តីការក្រសួង។

លោកជំទាវបានលើកឡើងទៀតថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាគីម៉ាឡេស៊ី បានសហការធ្វើការជាមួយស្ថានទូតកម្ពុជា នៅទីក្រុងកូឡាឡាំពួ និង អង្គការអន្តរជាតិ អង្គការអន្តោប្រវេសន៍ ក្នុងការសហការ ដោះស្រាយទាន់ពេលវេលា ជួយពលករមានបញ្ហា ហើយក៏បានរួម ចំណែកក្នុងការបញ្ជូន ពួកគេត្រឡប់មកប្រទេសវិញតាមផ្លូវច្បាប់ផងដែរ។

ទាក់ទិនវិស័យពាណិជ្ជកម្ម និង វិនិយោគ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការធ្វើពាណិជ្ជកម្ម រវាង ប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៧ មានប្រហែល៤១១លានដុល្លារ ខណៈឆ្នាំ២០១៨ ទំហំពាណិជ្ជបានកើនឡើងទៅដល់ ៤៧៤លានដុល្លារអាមេរិក។

ភាគីទាំងពីក៏បានមើលឃើញនូវភាពចន្លោះប្រហោងជាច្រើនដែលត្រូវពង្រឹង ដើម្បីឱ្យទំហំពាណិជ្ជកម្ម និង ការវិនិយោគមានការកើនឡើងថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ។ ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យភាគីទាំងពីរកម្ពុជា ម៉ាឡេស៊ី ជម្រុញការចរចាលើកិច្ចព្រមព្រៀង ស្ដីពី ការជៀសវាងការយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិន ក្នុងនាមប្រទេសសមាជិកអាស៊ាន ដែលកិច្ចការនេះ បាននិងកំពុងដំណើរការចរចា ប៉ុន្តែមិនទាន់ចប់សពគ្រប់នៅឡើយ។

ក្រៅពីនេះ កិច្ចពិភាក្សា ក៏បានលើកយកនូវ កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ដែលកន្លងមកម៉ាឡេស៊ី ធ្លាប់បានផ្តល់អាហារូបករណ៍ និងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជាជាច្រើនលើក ហើយស្នើឱ្យបង្កើន ការផ្តល់អាហាររូបករណ៍សម្រាប់មន្រ្តីកម្ពុជាបានពង្រីកសមត្ថភាព ដើម្បីរួមចំណែកដល់ការបង្កើនធនធានមនុស្សឱ្យបានកាន់តែច្រើនបន្ថែមទៀត។

សម្រាប់វិស័យទេសចរណ៍វិញ ក៏មានកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរណ៍ ម៉ាឡេស៊ី មកកម្ពុជាមានចំនួនជាង៦៥ពាន់នាក់ ដែលចំនួននេះមានការកើនឡើងបើធៀននិងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតថ្មី ម៉ាឡេស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី បានគិតគូរពីបញ្ហាពលករបរទេស ព្រោះនេះជាបញ្ហាអាទិភាពមួយរបស់រដ្ឋាភិបាល។ លោកក៏បានសន្យាថា នឹងខិតខំផ្ដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយភាគីកម្ពុជា ក្នុងនោះ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវិស័យជាច្រើនទៀត នឹងត្រូវបានពង្រីកបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅម៉ាឡេស៊ី កាលពីចុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងបំរើការងារនៅម៉ាឡេស៊ី។ហើយប្រទេសម៉ាឡេស៊ីបានផ្លាស់ប្តូរលក្ខខណ្ឌការងារថ្មីជាច្រើន ដែលក្នុងនោះរួមមា៖ នីតិវិធីក្នុងការជ្រើសរើសពលករ និងការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជាឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត៕ 

អាជ្ញាធរចាប់ផ្តើមចុះវាស់វែងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក ចាប់ពីថ្ងៃទី១០ ខែមិថុនា ​នេះតទៅ

ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេស បានចុះវាស់វែង និងកំណត់ព្រំដី ក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ផ្តើមអនុវត្តការងាររបស់ខ្លួន ចាប់ពីថ្ងៃទី១០ ខែមិថុនា នេះតទៅ និងអំពាវនាវអោយសាធារណៈជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ នឹងដីធ្លីក្នុងតំបន់ខាងលើចូលរួមសហការឱ្យមានប្រសិទ្ធភាពខ្ពស់។

សាលារាជធានីភ្នំពេញ បានសេចក្តីជូនដំណឹង ស្តីពីការវាស់វែងនិងការកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនានេះ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ។

នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ៖ យោងលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩របស់ទីស្តីការគណៈរដ្ឋមន្ត្រីសេចក្តីសម្រេចលេខ០៥៤ចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ស្តីពីការបង្កើតគណៈកម្មការដឹកនាំអនុវត្តលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩របស់ទីស្ដីការគណៈរដ្ឋមន្ត្រី សេចក្តីសម្រេចលេខ០៥៥សសរចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចុះវាស់វែងនិងកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជននិងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដីដែលស្ថិតនៅក្នុងផ្ទៃបឹងជើងឯក ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌដង្កោរាជធានីភ្នំពេញក្រុងតាខ្មៅខេត្តកណ្ដាល ឲ្យបានជ្រាបថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯកនៃគណៈកម្មាធិការដឹកនាំអនុវត្តលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងចុះបំពេញការងារដូចខាងក្រោម៖
១ / ចុះស្វែងរកចំណុចព្រំដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់ផ្ទៃដីទំហំ១៩០ហិកតាដែលត្រូវបំរុងទុកសំរាប់អភិវឌ្ឍន៍។

២ / ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯងទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ៣ ចុះសិក្សានិងវាស់វែងកំណត់និយាមការបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទៅទីតាំងបឹងជើងឯក។

ក្រុមការងារបច្ចេកទេស ចុះវាស់វែង និងកំណត់ព្រំដី ក្នុងផ្ទៃបឹងជើងឯក និងចុះអនុវត្តការងារខាងលើចាប់ពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩នេះតទៅ។

ទទួលបានសេក្តីជូនដំណឹងនេះ សូមសាធារណៈជននិងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លីតំបន់ជើងឯកដូចមានផែនទីភ្ជាប់អញ្ជើញចូលរួមសហការឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

ការប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិថ្មី នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១២-១៧មិថុនា

ភ្នំពេញ ៖ នៅព្រឹកស្អែកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រសួងមហាផ្ទៃ បាននឹងចាប់ផ្តើមប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា រាជធានី ខេត្ត អាណត្តិទី៣ នៅ ២៥រាជធានី ខេត្តទូទាំងប្រទេស ដែលចេញដំណើរដំបូងពីរាជធានីភ្នំពេញ បន្ទាយមានជ័យ ត្បូងឃ្មុំ និងនៅខេត្តកណ្តាល។

យោងតាមបញ្ជីរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមិថុនា នឹងរៀបចំប្រកាសនៅខេត្តកំពត កំពង់ស្ពឺ ឧត្តមានជ័យ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង និងខេត្តសៀមរាប។ ថ្ងៃទី១៤មិថុនា នៅខេត្តព្រះវិហារ កែប រតនគិរី ស្ទឹងត្រែង និងព្រះសីហនុ។ ថ្ងៃទី១៥ ខែមិថុនា នៅខេត្តកោះកុង ពោធិ៍សាត់។ ថ្ងៃទី១៦មិថុនា នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ថ្ងៃទី១៧មិថុនា នៅខេត្តកំពង់ធំ ក្រចេះ មណ្ឌលគិរី និងកំពង់ចាម។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣ ដោយបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងទាំង ៧ គឺមានគណបក្ស ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នៅក្រុមប្រឹក្សារាជធានីខេត្ត និងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ រួមមាន៖
១-គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរាជធានី ខេត្ត ចំនួន៥៥០ និងអាសនៈក្រុង ស្រុក ខណ្ឌ ចំនួន ៣៤៨៤។
២-គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាខេត្ត ចំនួន៦ និង អាសនៈក្រុង ស្រុក ខណ្ឌ ចំនួន ៣៨។៣-គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈក្រុមប្រឹក្សាខេត្ត ចំនួន៣ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៣។
ដោយឡែក ប្រធានក្រុមប្រឹក្សារាជធានីខេត្ត ទាំង ២៥ នៅទូទាំងប្រទេស និងតំណែងប្រធានក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ទាំង ២០៣ នៅទូទាំងប្រទេស បានទៅលើគណបក្សប្រជាជនកម្ពុជា៕

បបួលមិត្តភ័ក្តិមកផឹកស៊ីដល់ផ្ទះ រួចសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នៅស្រុកមោងឫស្សី

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ នេះ បានធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនបានជន សង្ស័យចំនួន២នាក់ភេទប្រុស ដែលជាជនដៃដល់ក្នុងករណីសម្លាប់មិត្តភ័ក្តិរបស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យកទ្រព្យសម្បត្តិកាលពីយប់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើល មួយនៅក្នុងក្រុម ទី១២ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្រះមួយកន្លែង ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ។

ឆ្លងតាមរយៈការពិនិត្យធ្វើកោសល្យវិច័យ
លើសាកសព និងស្រាវជ្រាវជំហ៊ានដំបូងទើបដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានមុខរបរមិនពិតប្រាដក និងមានស្លាកស្នាមរបួសនៅផ្នែកក្បាលដោយអន្លើផង ។ ជាមួយនឹងការបាត់បង់ជីវិតនេះ ក៏បានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនមួយចំនួន ដូចជាម៉ូតូ និងទូរស័ព្ទផង ដែលជារបស់ជនរងគ្រោះក៏ត្រូវបាត់បង់ ចាប់ផ្តើមពីចំណុចនេះ និងអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ រហូតកំណត់បាននូវមុខសញ្ញាសង្ស័យក្នុងករណីនេះ ។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា ក្រោយពេលធ្វើ ការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ឋក្នុងករណីនេះលោកបានសហការណ៍ធ្វើការស្រាវជ្រាវលើភូមិសាស្រ្តស្រុកចំនួន០៤គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី រហូតដល់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ ជនស័ង្សយត្រូវបានឃាត់ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួកគេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូតរួចមក ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹងបន្ថែមថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនស័ង្សយចំនួន០២នាក់នោះគឺ៖១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង
២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ នៅចំពោះមុខសមត្ថកិច្ចជនស័ង្សយបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនឈ្មោះ ម៉ិល សុខុម ភេទប្រុស កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៩ ក្នុងពេលបបួលមកផឹកស៊ីដើម្បីប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែនដោយប្រើប្រាស់ញញួរ និងដែកវាយក្បាលសម្លាប់ ហើយសែងទម្លាក់ចូលទឹកស្រះក្នុងភូមិក្បែរកន្លែងកើតហេតុ មុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាន។

ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចនគរបាលដកហូតបាន៖(ម៉ូតូចំនួន ០១គ្រឿង ដែលជារបស់ជនរងគ្រោះគឺម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុងចំនួន២គ្រឿង បន្ទះស្លាកលេខម៉ូតូចំនួន០១ មានលេខ 1X-1539 ព្រមទាំង ញញួរដែក និងកាំបិតផង។

បច្ចុប្បន្នជនសង័្សយកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ ៖ សុផល

ស្ត្រីម្នាក់ដែលកូនប្រកាសស្វែងរក បានស្លាប់ដោយអំពើឃាតកម្ម

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំមុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩រហូតមកដល់ម៉ោងកើតហេតុខាងលើ នៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះ ដោយមិនដឹងមូលហេតុ។

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបំបែកសំណុំរឿងបានហើយ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្មដែលឃាតករ គឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ។ តាមរបាយការណ៍បានឲ្យដឹងថា ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិតកាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់)ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។

ករណីកូនស្រីប្រកាសស្វែងរកម្តាយដែលបាត់ខ្លួនប៉ុន្មានថ្ងៃមុន គឺជាករណីឃាតកម្មមិត្តភ័ក្តិសម្លាប់មិត្តភ័ក្តិត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់មុននេះបន្តិច នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ ករណីស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្រ្ត សម្លាប់មិត្តភក្រ្តនេះស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កាលពីសប្តាហ៍មុនកូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភ័ក្តិ(ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះអាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់ នៅទួលសង្កែ១យប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាង យកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។

តាមសម្តីកូនតូចនោះ បានប្រាប់ថា ពេលដែលដាក់រូបគេចុះពីម៉ូតូហើយ អ៊ំស្រី(ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។ ក្រោយពីកើតហេតុកូនស្រីរបស់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ ជាមួយនេះកូនស្រីរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាងដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ៕

ក្រសួងការងារចាប់ផ្តើមពង្រឹងការធ្វើអធិការកិច្ចក្នុងការដ្ឋានសំណង់

ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េបានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព សម្រាប់ការធ្វើអធិការកិច្ច ក្នុងការដ្ឋានសំណង់ ” នៅទីស្តីការក្រសួង ក្រោមវត្តមាន ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទិ១៤ ខែមិថុនា ឆ្នាំ២០១៩ ដែលបង្រៀនដោយគ្រូជំនាញមកពីប្រទេសកូរ៉េ។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព ដល់មន្រ្តីទទួលបន្ទុកអធិការកិច្ចការងារ និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើអធិការកិច្ច នៅការដ្ឋានសំណង់ ដោយមានអ្នកចូលរួមមកពីនាយកដ្ឋានពេទ្យការងារ នាយកដ្ឋានអធិការកិច្ចការងារ និងអង្គការអន្តរជាតិខាងការងារ “គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា។

លោកបន្តថា ជាការពិតណាស់ ការគ្រប់គ្រងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់ ជាបញ្ហាប្រឈម រួម របស់ប្រទេសកំពុងអភិវឌ្ឍ ដែលមានការខ្វះខាតក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងធនធានមនុស្ស ។

លោកបន្ថែមថា ផែនការសុវត្ថិភាពនិងសុខភាពការងារ គួរបញ្ចូលលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងស្តង់ដាសុវត្ថិភាពការងារ របាយការណ៍ នៃការវាយតម្លៃ ហានិភ័យការងារ វិធានការណ៍គ្រប់គ្រងសុវត្ថិភាព សុខភាពការងារ និងរបាយការណ៍អធិការកិច្ចផ្ទៃក្រៅ ដើម្បីងាយស្រួលមន្ត្រីអធិការកិច្ចការងារ ធ្វើការត្រួតពិនិត្យ។

លោក ឡេង តុង បញ្ជាក់ថា ដើម្បីគ្រប់គ្រងសុវត្ថិភាព និងសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់ ឱ្យមានប្រសិទ្ធភាពត្រូវផ្តោតលើវិធានការណ៍សំខាន់ៗមួយចំនួនដូចជា វិធានការណ៍ការពារកម្លាំងពលកម្ម ឬ កម្មករនិយោជិត ដែលត្រូវបានការពារ។ វិធានការណ៍ការពារសម្ភារ មានន័យថា រាល់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ ផលិតផលដែលមានគ្រោះថ្នាក់ និងសម្ភារផ្សេងទៀត នៅក្នុងការដ្ឋានសំណង់ ចាំបាច់ត្រូវវាយតម្លៃ និងត្រួតពិនិត្យបានច្បាស់សាស់ និងវិធានការណ៍ការពារបរិក្ខាគាំទ្រ ឬ គ្រោងអគារសម្រាប់ការដ្ឋានសំណង់ជាដើម។

លោក អ៊ី ស៊ុយ គីម អគ្គនាយក នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ មានប្រសាសន៍ថា សាស្រ្តាចារ្យជំនាញ ផែ្នកសុវត្ថិភាពការងារសំណង់ នឹងបង្រៀនដល់សិក្ខាកាម ទាក់ទិននឹងការស្វែងយល់អំពីទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ច្បាប់ និងបទដ្ឋានគតិយុត្ត ស្តីពី សុវត្ថិភាព និងសុខភាពការងារ និងស្ថិតិគ្រោះថ្នាក់ការងារទាក់ទងនឹងវិស័យសំណង់នៅសាធារណរដ្ឋកូរ៉េ។

ការបង្រៀនពីវិធីសាស្រ្តនានា ដើម្បីការការពារគ្រោះថ្នាក់ ក្នុងការដ្ឋានសំណង់ សុវត្ថិភាព នៃការរៀបចំគ្រោងអគារឬបរិក្ខាដែលប្រើប្រាស់ ក្នុងការដ្ឋានសំណង់ ដូចជាការរៀបចំរន្ទា។ ការត្រួតពិនិត្យសុវត្ថិភាពម៉ាស៊ីនស្ទូចវិលធំ និងម៉ាស៊ីនយោង វិធានការណ៍ការពារសុវត្ថិភាពការងារ សម្រាប់សំណង់អគារខ្ពស់ និងការការពារគ្រោះថ្នាក់នៃការធ្លាក់ពីទីខ្ពស់។

វេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានណែនាំ ដល់សិក្ខាកាមទាំងអស់ ខិតខំស្តាប់ការពន្យល់របស់អ្នកជំនាញកូរ៉េ ហើយបើមានចំណុចណាមួយមិនទាន់យល់ ត្រូវហ៊ានសួរ ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ សម្រាប់អនុវត្តលក្ខខណ្ឌការងារនៅក្នុងការដ្ឋា នសំណង់ ឲ្យកាន់តែប្រសើរ ពិសេស អគារ ខ្ពស់ៗ។
លោកវេជ្ជបណ្ឌិតសង្ឃឹមថា សិក្ខាសាលារយៈពេល៥ថ្ងៃនេះ គឺពិតជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ប្រើជាទុនយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ក្នុងសកម្មភាពការពារសុវត្តិភាព និងសុខភាពការងារ ដល់គ្រប់កន្លែងធ្វើការ មិនត្រឹមតែការដ្ឋានសំណង់ និងអគារខ្ពស់នោះទេ៕