All posts by មេគង្គ ប៉ុស្តិ៍

ជំងឺមិនឆ្លងនៅតែជាកង្វល់ដ៏ធំ និងធ្ងន់ធ្ងរសម្រាប់សុខភាពប្រជាជនកម្ពុជា

ភ្នំពេញ ៖ ការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងនៅតែជាកង្វល់ដ៏ធំ និងធ្ងន់ធ្ងរសម្រាប់សុខភាពប្រជាជន កម្ពុជា ក្នុងនោះ ៦១% នៃអ្នកស្លាប់សរុប គឺបណ្តាលមកពីជំងឺមិនឆ្លង ហើយថ្នាំជក់គឺជា ចំណែកមួយនៃបញ្ហាជំងឺមិនឆ្លង។

នេះជាការលើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំក្នុង ការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិត ផលថ្នាំជក់ ដែលរៀបចំធ្វើឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នាព្រឹកថ្ងៃទី១១ មិថុនានេះ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ។

លោកជំទាវ ឡោក ខេង មានប្រសាសន៍ថា យន្តការអនុវត្តន៍ត្រួតពិនិត្យរបស់គណៈ កម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នៅមានបញ្ហាប្រឈមដូចជា៖ កង្វះខាតថវិកា និងកង្វះ ខាតមន្រ្តីអធិការកិច្ច ដែលធ្វើឱ្យការអនុវត្តអនុក្រឹត្យស្តីពីវិធានការហាមការជក់ និងការបង្អុយ ផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬទីកន្លែងសាធារណៈ នៅមិនទាន់បានពេញលេញ ជាពិសេសនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ក្លិបកំសាន្ត រង្គសាលជាដើម ហើយចំពោះការ កំណត់ពន្ធលើផលិតផលថ្នាំជក់នៅមានកម្រិតទាបបើធៀបនឹងប្រទេសជិតខាង។ លោកជំទាវ បានបន្តថា យោងតាមរបាយការណ៍នៅក្នុងដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបានតម្លើងពន្ធ ត្រឹមតែ ២៥ ទៅ ៣១,១% ប៉ុណ្ណោះបើប្រៀបធៀបនឹងប្រទេសមីយ៉ាន់ម៉ា ដែលគេធ្វើបានរហូត ទៅដល់ ៥០ ទៅ ៦០%។

រីឯសិង្ហបូរីវិញបាន ៦៧,៥% និងប្រទេសថៃបានតម្លើងរហូតដល់ទៅ ៧០% ដែលជាពន្ធខ្ពស់ជាងគេនៅក្នុងសហគមន៍អាស៊ាន ហើយថា កម្ពុជាក៏មិនទាន់មាន មូល និធិត្រួតពិនិត្យយន្តការអធិការកិច្ច និងយន្តការផាកពិន័យនៅឡើយដែរ។

លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភាសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលចំពោះការចាត់វិធានការក្នុងការអនុវត្តន៍ការ ត្រួតពិនិត្យថ្នាំជក់ និងការដាក់សារព្រមានសុខភាពនៅលើកញ្ចប់បារី និងបានចាត់វិធានការការ ពារបរិយាកាសគ្មានផ្សែងផលិតផលថ្នាំជក់ ដោយមកទល់ពេលនេះ យើងមានមោទនភាពក្នុង ការទទួលបានជោគជ័យក្នុងការទបស្កាត់ការប្រើប្រាស់ថ្នាំជក់នៅប្រទេសកម្ពុជា ក៏ប៉ុន្តែទន្ទឹមនេះ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភាបានគូសបញ្ជាក់ថា យើងក៏នៅតែមានការព្រួយបារម្ភអំពីផល អវិជ្ជមាននៃការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន ហើយបញ្ហានេះក៏ជាឧបសគ្គមួយក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពផងដែរ៕

អាជ្ញាធរខេត្តកំពង់ឆ្នាំ​ង រៀបចំពិធីហូបនំបញ្ចុកសាមគ្គីប្រមាណ៤០តោន នៅតាមភូមិ ឃុំ

ខេត្តកំពង់ឆ្នាំង ៖ ក្នុងថ្ងៃពិសា នំបញ្ចុកសាមគ្គី នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ នៅខេត្តកំពង់ឆ្នាំងក៏បានរៀបចំពិសានំបញ្ចុកផ្សារសាមគ្គីតាមភូមិ ឃុំ សង្កាត់ផងដែរ។

ការរៀបចំ នេះគេឃើញនៅតាមវត្តអារាមសាលារៀននិងមន្ទីរអង្គភាព នានា ក្នុងខេត្ត ។យោងតាមន្ត្រីរបស់គណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការរៀបចំពិសារនំបញ្ចុកសាមគ្គី គឺបានធ្វើឡើងទាំង ៧២ ឃុំសង្កាត់ និងខ្លះធ្វើនៅតាមភូមិ ដែលតាមប្រមាណនំបញ្ចុកទូទាំងខេត្តមានប្រមាណជា 40 តោន ត្រូវបានរៀបចំនៅគ្រប់ទីកន្លែងភូមិឃុំនីមួយៗ ។

ព្រឹកនេះដែរ គេសង្កេតឃើញសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្រះបរមរាជវាំង អមដំណើរដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញទៅពិសានំបញ្ចុកសាគីនៅស្រុកកំពង់ត្រឡាចបន្ទាប់មកក៏បានអញ្ជើញមកជួបជុំនៅសាលានយោបាយបក្ស នៅក្រុងកំពង់ឆ្នាំង វិញ ដោយបានជួបជាមួយនឹងកុមារកំព្រាដែលគេរៀបចំឱ្យពិសារនំបញ្ចុកទីរួមគ្នាប្រមាណ ១០០នាក់។នៅក្នុងឱកាសនោះសម្ដេចបានជួយឧបត្ថម្ភដល់កុមារកំព្រាក្នុងម្នាក់ៗ ១ម៉ឺនរៀលផងដែរ ក្រោយពេលពិសារនំបញ្ចុករួច និងធ្វើដំណើរត្រឡប់ទៅមណ្ឌលកុមារកំព្រាវិញ៕

អាជ្ញាធរ និងបងប្អូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជាពិសានំបញ្ចុកសាមគ្កីភាព

ភ្នំពេញ ៖ មន្រ្តីរដ្ឋបាលរាជធានី ដឹកនាំដោយ លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិត្រីចក្រយានកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីហូបនំបញ្ចុក សាមគ្គីភាព ជាមួយបងប្អូន មន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញនិងបងប្អូន សមាជិក មូលនិធិត្រីចក្រយានកម្ពុជាតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មន្រ្តីព័ត៌មានរដ្ឋាបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការជួបជុំទទួលទាននំបញ្ចុក ជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញ ពីសាមគ្គីភាព មិត្តភាព ការលើកស្ទួយផលិតផលខ្មែរ ដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទ ដ៏ពេញនិយម នៅគ្រប់តំបន់ ដោយប្រជាពលរដ្ឋ ចូលចិត្តទទួលទានបំផុតមិនថា ទទួលទានជាប្រចាំថ្ងៃ ឬពេលមានបុណ្យទាន ម្តងៗនោះទេ គេតែងរៀបចំនំបញ្ចុក មកទទួលភ្ញៀវជាធម្មតា និងដោយក្តីរីករាយ។

បន្ទាប់ពីបញ្ចប់កម្មវិធីពិសារនំបញ្ចុក ជាមួយមន្ដ្រីរាជការ និងសមាជិក មូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានីភ្នំពេញ រួចហើយ នៅថ្ងៃដដែលនេះ ឯកឧត្តម ឃួង ស្រេង ក៏បាន បន្ដទៅជួបសំណេះសំណាល និង ពិសារនំបញ្ចុកសាមគ្គីជាតិ ជាមួយ សហជីព និង កម្មករ កម្មការិនី ដែលជាសមាជិក សមាជិការ ដែលទើបនឹងកសាងពង្រីកថ្មី របស់គណបក្សប្រជាជនកម្ពុជា មកពីរោងចក្រចំនួន៦៤ នៅខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌ កំបូល ប្រមាណជាង១,៦៥៥នាក់ ទៀត។

ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតនោះ លោក ឃួង ស្រេង បានរំលឹក អំពីការគិតគូររបស់ប្រមុខដឹកនាំ ដែលតែងតែបានប្រកាស អំពីគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ទន្ទឹមនោះ ក្រុមការងារគណចលនាសហជីព បានចុះស្វែងយល់ផ្សព្វផ្សាយបន្ថែម អំពីខ្លឹមសារសំខាន់ៗពាក់ព័ន្ធ រួមទាំងការជួយចិញ្ចឹមចលនាជាប្រចាំ ធ្វើឱ្យអារម្មណ៍បងប្អូនសប្បាយរីករាយ និងបង្កើនជំនឿចិត្តយ៉ាងមុតមាំមកលើគណបក្សប្រជាជននិងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

គួររំលឹកថា ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួម ហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ដោយសម្ដេចតេជោ បញ្ជាក់ថា នំបញ្ចុកជាអត្តសញ្ញាណរបស់ជាតិ មិនមែនជារបស់ បក្សនយោបាយណាមួយនោះទេ ដូច្នេះកុំយកនំបញ្ចុក ធ្វើជាបញ្ហានយោបាយឲ្យសោះ៕

លោកបណ្ឌិត ម៉ា ឈឿន អញ្ជើញចូលរួមហូបនំបញ្ចុកសន្តិភាពនៅទីស្នាក់ការបក្ស ស្រុកជើងព្រៃ

ខេត្តកំពង់ចាម ៖ នាព្រឹក ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជានៅស្រុកជេីងព្រៃខេត្ដកំពង់ចាមបាន រៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីភាព ជាមួយបងប្អូនមន្រ្តីរាជការ ចំណុះសមាជិក និងបងប្អូនប្រជាពលរដ្ធចូលរួមយ៉ាងច្រេីនកុះករក្រោម អធិបតីភាព ឯកឧត្ដមបណ្ឌិតម៉ា ឈឿន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជេីងព្រៃខេត្ដកំពង់ចាម តបតាមការ អំពាវនាវរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ការជួបជុំទទួលទាននំបញ្ចុកជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព ការ លើកស្ទួយផលិតផលខ្មែរដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទដ៏ពេញនិយមនៅគ្រប់តំបន់ដោយ ប្រជាពលរដ្ឋចូលចិត្តទទួលទានបំផុត មិនថាទទួលទានជាប្រចាំ ថ្ងៃ ឬពេលមានបុណ្យទានម្តងៗនោះទេ គេតែង រៀបចំនំបញ្ចុកមកទទួលភ្ញៀវជាធម្មតា និងដោយក្តីរីករាយ៕ ដោយ ៖ សុផល 

ហែកសាលក្រមបិទការពារដីទំនាស់ចោល ហើយសរសេរថ្មីគំរាមថា «អ្នកទិញដីប្រយ័ត្ន»

បន្ទាយមានជ័យ ៖ ម្ចាស់ដីដែលធ្លាប់មានទំនាស់មួយកន្លែង បង្ហាញពីក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីំមាន ករណីហែកសាលក្រមស្ថាពរបស់តុលាការដែលគាត់បានបិទជាសេចក្តីជូនដំណឹងជាសាធារណៈនៅលើទីតាំងដីចំនួនពីរឡូត៍ទំហំ ៨ម៉ែត្រគុណ ២០ម៉ែត្រ ហើយគេបានសរសេរជំនួសវិញដោយពាក្យគំរាម។ ដីទំនាស់ខាងលើ នេះ ស្ថិតនៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុរសចំណាស់វ័យជាង៧០ឆ្នាំម្នាក់ឈ្មោះ ថាច់ អៃ មានទីលំនៅក្នុងភូមិកើតហេតុ បានប្រាប់ក្រុមអ្នកយកព័ត៌មាន ដោយអះអាងថា ដីខាងលើនេះ ជាកម្មសិទ្ធិរបស់លោកតាំងពីដើមរៀងមក លុះមកដល់ឆ្នាំ២០១៧ ដីនេះមានរឿង រ៉ាវ ក្តីក្តាំម្តងដែរ តែត្រូវបានបញ្ចប់ដោយសាលក្រមតុលាការរួចហើយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ចេញ ដោយព្រះរាជអាជ្ញារងនៃសាលាដំដូងខេត្តបន្ទាយមានជ័យ លោក សេង គីមឡាក់ ដែលរូបលោកគឺជាអ្នកឈ្នះក្តី។ លោកថា ម៉្យាងទៀតការគ្រប់គ្រងលើដី២ឡូត៍ លេខ 436-437 នេះ លោកមានឯកសារដែលត្រូវបានទទួលស្គាល់ ដោយច្បាប់ជាផ្លូវការតាំងពីថ្នាក់ស្ថាប័នជំនាញ អាជ្ញាធរដែនដីគ្រប់ថ្នាក់ ពិសេសគឺសាលក្រមតុលាការ។

លោក ថាច់ អៃ ដែលអះអាងថា លោកជាម្ចាស់ដីនេះ បានរៀបរាប់ថា នៅឆ្នាំ២០១៥ គាត់បានចាប់ផ្តើមរៀបចំដី ពុះឡូត៍តាមទំហំជាផ្ទះល្វែង ដើម្បីលក់ផ្តាច់ និងលក់បង់រំលស់ ហើ៎យក្នុងខែកក្កដា ឆ្នាំដដែល គ្រួសារមួយមានប្តី ឈ្មោះ ម៉ៅ ផាន់នី អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន អាយុ៣២ឆ្នាំ ជាមេការសំណង់ធ្វើការនៅក្នុងទីតាំងរបស់ លោក បានសុំទិញដី២ឡូត៍(២ល្វែង) ប៉ុន្តែមិនបង់រំលស់ទេ ដោយសុំធ្វើពាក្យសុំកាន់កាប់ដីនោះស្របច្បាប់ ដើម្បី បានឯកសារយកទៅធ្វើកម្ចីប្រាក់ពីធនាគារ ហើយយកប្រាក់មកសងលោកវិញជាក្រោយ។ ដោយយល់ឃើញថា ជាមនុស្សស្គាល់គ្នា និងជួយធ្វើសំណង់ឲ្យគាត់ ៗក៏យល់ព្រម លុះមួយរយៈក្រោយមកគ្រួសារនេះ បានមកកុហក់ថា បាត់ពាក្យសុំកាន់កាប់ដីធ្លីនោះហើយ ដូច្នេះគាត់(ប្តីប្រពន្ធ)នេះ បានសុំសងប្រាក់គាត់តាមរយៈធ្វើការបង់រំលស់វិញ ។លោកបន្តថា តាំងពីនោះមក លោកបានទទួលប្រាក់បង់រំលស់តែ១ខែគត់គឺ ៨០០ដុល្លារ ហើយ ក៏បាត់មុខមិន ឃើញមកទៀតឡើយ។

លោក ថាច់ អៃ បន្តទៀតថា នៅដើមខែមករា ឆ្នាំ២០១៦ ស្រាប់តែឃើញឈ្មោះ ម៉ៅ ផាន់នី និងប្រពន្ធ បានចេញ មុខមកដោយសុំផ្ទេរសិទ្ធិកាន់កាប់ដី២ល្វែងខាងលើនោះ ឲ្យមកលោកវិញ ដោយអះអាងថា គ្មានប្រាក់បង់រំលស់ថ្លៃ ដីនោះទៀតទេ។

លោក ថាច់ អៃ បានបញ្ជាក់ថា កន្លងមក ដោយសារលោកជឿជាក់ថា លោកមានសិទ្ធិពេញលេញក្នុងការកាន់កាប់ ដី២ឡូត៍នេះដោយស្របច្បាប់ ទើបលោកមិនទាន់បានអភិវឌ្ឍន៍ភ្លាមៗទេ ស្រាប់តែនៅពេលថ្មីៗនេះ មានជនម្នាក់ ដែលគេប្រាប់លោកថាមានឈ្មោះ ហុង រស្មី រស់នៅក្រុងប៉ោយប៉ែត បានចូលមកហែកសាលក្រមតលាការ ដែល លោកបានបិទជាដំណឹងនៅលើដីធ្លាប់មានជម្លោះនោះ និងថែមទាំងសរសេរគំរាមលោកដែលជាម្ចាស់ដីទៀតថា «… ម្ចាស់ដី២ល្វែងកែង ០១១ ៥៧៧ ៧៧៧ ៧ … អ្នកទិញដីប្រយ័ត្នមានរឿង …»។

ជុំវិញករណីនេះ លោក ហុង រស្មី ជាអាជីវករទិញលក់បញ្ចាំយានយន្ត នៅក្រុងប៉ោយប៉ែត បាន ប្រាប់តាមទូរស័ព្ទ ដោយទទួលស្គាល់ថា សំណេរបិទលើជញ្ជាំងនោះ គឺលោកជាអ្នកសរសេរពិតមែន ប៉ុន្តែលោកថា ការសរសេរបែប នេះ គ្រាន់តែចង់រកអ្នកជាប់ពាក់ព័ន្ធដី២ល្វែងនោះដើម្បីនិយាយគ្នាប៉ុណ្ណោះ មិនមានបំណងអាក្រក់ណាមួយឡើយ និងមិនចង់ឲ្យអ្នកផ្សេងរងគ្រោះក្នុងរឿងដីនោះទេ ព្រោះដីនោះឈ្មោះ ម៉ៅ ផាន់នី និងប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន បានលក់ឲ្យប្រពន្ធរបស់លោកឈ្មោះ អ៊ឹង លីនដា ដោយមានកាចុះហត្ថលេខាប្រថាប់ត្រា ឬធ្វើសាក្សីពីអាជ្ញាធរភូមិ សង្កាត់ ក្រុង ទៀតផង។ ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានថា លោក ថាច់ អៃ ជាម្ចាស់ដីដោយសារមានសាលក្រម តុលាការ ជាអ្នកឈ្នះក្តី ត្រូវបានលោក លោក ហុង រស្មី ប្រាប់ថា មិនពាក់ពាក់ព័ន្ធនឹងប្រពន្ធលោកទេ គឺឈ្មោះ ថាច់ អៃ បានក្តីក្តាំគ្នាជាមួយឈ្មោះ ម៉ៅ ផាន់នី ប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន តែប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី លោក ថាច់ អៃ បានបញ្ជាក់ដោយចាត់ទុកថា អ្នកដែលធ្វើទង្វើនេះ ស្ថិតក្នុងបទល្មើសចំនួនពីគឺ ប្រឆាំងនឹងសាលក្រមរបស់តុលាការ និងបទគំរាមប្រើហិង្សា ឬអាចនិយាយថា មានគម្រោងការសម្ងាត់ណាមួយមកលើម្ចាស់ទីតាំង។ លោក ថាច់ អៃ បានអះអាងថា លោកនឹងរៀបចំដាក់ពាក្យបណ្តឹងក្នុងពេលឆាប់ៗនេះ៕ ដោយ ៖ ជួន រិទ្ធី

រថយន្ត៣គ្រឿងបុកបន្តគ្នា អ្នកស្លាប់កើនដល់១១នាក់ ( Video )

ខេត្តកំពង់ស្ពឺ ៖យ៉ាងហោសណាស់ក៏មានមនុស្សស្លាប់ចំនួន១១នាក់បន្តបន្ទាប់គ្នា ក្នុងនោះមានស្រីម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ខណៈដែលរថយន្តដឹកអ្នកដំណើរបើកលឿនបុកបន្តគ្នា កាលពីវេលាម៉ោង ៥ និង៥០ នាទីល្ងាច ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៥ ទៅលេខ៨៦ (ចំណុចដោះកញ្ជរ) ក្នុងភូមិទី២ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមការអោយដឹងពីលោកសែម វុឌី នាយប៉ុស្តិនគរបាលរដ្ឋបាលឃុំតហរែងត្រយឹងបានអោយដឹងតាមទូរសព្ទ័ថា នៅមុនដំបូង គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយរថយន្ត ៣គ្រឿងបុកបន្តគ្នារវាងរថយន្តហាយឡែនឌ័រ ជាមួយរថយន្តដឹកអ្នកដំណើរ។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាន និងកំពុងជួយអន្តរាគមន៍នៅកន្លែងកើហេតុ។
លោកនាយប៉ុស្តិ៍នគរបាលឃុំត្រែងត្រយឹង បានបន្តថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 0071 អ្នកបើកបរមិនស្គាល់ឈ្មោះនៅឡើយទេ ដែលបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ដែលបើកបរមកពីទិសខាងកើត ទៅទិសខាងលិច បានបើកឡើងវ៉ារថយន្តមួយគ្រឿងទៀត ក៏បានជ្រុលទៅបុកជាមួយរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 3E 6503 (ប្រភេទរថយន្តទេសចរណ៍ ) អ្នកបើកបរមិនស្គាល់ឈ្មោះទេ ដែលបើកបរបញ្រ្ចាសទិសគ្នា ហើយរថយន្តប្រភេទរថយន្តទេសចរណ៍នេះ បានជ្រុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D.7107 ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលអោយ អ្នកជិះក្នុងរថយន្តហាយឡែនឌ័រ ឆេះស្លាប់ចំនួន៦នាក់ (ជនជាតិចិន) ក្នុងនោះចំនួន៥នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយរថយន្ត ហ៊ីយ៉ាន់ដាយ ( ប្រភេទទេសចរណ៍ ) ស្លាប់៥នាក់ នៅកន្លែងកើតហេតុ របួស៥នាក់ ស្រាល២នាក់ ប្រុស២នាក់ ស្រីធ្ងន់១នាក់ ។ ចំពោះអ្នករបួស ត្រូវបានរថយន្ត សង្រ្គោះដឹកយកទៅមន្ទីរពេទ្យខេត្ដ ។ ករណីបណ្តាលអោយ ខូចខាតទាំងស្រុងរថយន្តចំនួន២គ្រឿង ខូចធ្ងន់ ០១គ្រឿង។
លោកបានបញ្ជាក់ថា រហូតដល់ម៉ោង០៨យប់ថ្ងៃដដែលនេះ អ្នកស្លាប់កើនដល់១១នាក់ហើយ ក្នុងនោះប្រុស១០នាក់ ស្រីម្នាក់ និងរបួសច្រើនទៀត។ ក្រោយកើតហេតុនគរបាលធ្វើការអន្តរាគមន៍បាញ់ពន្លត់។ ចំពោះសពប្រគល់អោយសាច់ញាតិ និងដឹកយកទៅតម្កល់នៅក្នុងវត្ត និងសាលតម្កល់មន្ទីរពេទ្យបង្អែកខេត្ត។ ចំពោះ វត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីនៅពេលក្រោយ៕ ដោយ ៖ សហការី 

ព្រេងនិទានពី “នំបញ្ចុក”

«នំបញ្ចុក» មានឈ្មោះដើមថា «នំប៉ែនចុក» ក្លាយមកពីពាក្យថា «នំដែលស្នំបញ្ចុក»
គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយទឹក រួចយកទៅច្រកក្នុងប៉ែន ទើបយកស្នូលឈើ ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកក្តៅកំពុងពុះឲ្យឆ្អិន បន្ទាប់មកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។

តាមអក្សរសិល្ប៍ខ្មែររឿង «ធនញ្ជ័យ» ក៏បានបញ្ជាក់ថា «នំបញ្ចុក» មានកំណើតនៅលើទឹកដីកម្ពុជា ជាយូរមកហើយ ហើយក៏ជាឫសគល់នៃកំណើត «គុយទាវ» របស់ចិនដែរ។ ឯប្រទេសថៃ ហៅនំបញ្ចុកថា «ខៈណុមជីន» មានន័យថា «នំរបស់ជនជាតិចិន»។ ប្រទេសលាវ ហៅថា «ខោពុន» មានន័យថា «នំដែលទទួលទានហើយធ្វើឲ្យហើមពោះ» ទៅវិញ។ដោយឡែកក្នុងរឿងព្រេងនិទានខ្មែររឿងព្រះវេសន្តជាតក ត្រង់វគ្គតាជូជក់ លក់ជ្លី(ជាលី)គ្រឹស្នា ឲ្យទៅព្រះបាទទស្សរដ្ឋនៅពេលដែលព្រះបាទទស្សររដ្ឋ ប្រទានទ្រព្យសម្បត្តិមហាសាលឲ្យទៅ តាជូជក់ ដើម្បីប្ដូរយក ជ្លីគ្រឹស្នា។ ព្រះអង្គក៏បានឲ្យនាម៉ឺនសព្វមុខមន្ត្រី រៀបចំជប់លៀងអបអរដល់ចៅ(ជ្លីគ្រឹស្នា) ដែលបានវិលចូលនគរវិញ!។ ពេលជប់លៀងនោះព្រះអង្គឲ្យធ្វើ «នំបញ្ចុក» សម្រាប់ទទួលទាន ដោយអញ្ជើញតាជូជក់ឲ្យទទួលទានដែរ!។

តាជូជក់ ទទួលទាននំបញ្ចុក រហូតបែកពោះស្លាប់ ហើយទ្រព្យសម្បត្តិទាំងអស់របស់ព្រះបាទទស្សរដ្ឋដែលប្រទានឲ្យតាជូជក់ដើម្បីប្ដូរយកជ្លីគ្រឹស្នាក៏តត់បង់ដែរ ត្រូវបានជារបស់ព្រះបាទទស្សរដ្ឋវិញដដែល៕

នំបញ្ចុកចុងថ្នល់ក្រុងកំពង់ចាមល្បីខ្លាំង ផលិតបានត្រឹម១តោនសម្រាប់«ទិវាហូបនំបញ្ចុក៩មិថុនា»

ខេត្តកំពង់ចាម ៖ ​នៅក្រុងកំពង់ចាម នាពេលបច្ចុប្បន្ន មានទីតាំងតែពីរកន្លែងប៉ុណ្ណោះធ្វើអាជីវកម្មផលិតនំបញ្ចុកបោះដុំ ហើយក្នុងឱកាសទិវាហូបនំបញ្ចុក៩មិថុនា នេះ មានអតិថិជនបញ្ជាទិញប្រមាណ៤តោន តែកន្លែងផលិតនីមួយៗមានលទ្ធភាពផលិតបានត្រឺមតែ១តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលចំនួននេះ អាចធ្វើឲ្យការរៀបចំពិធីហូបនំបញ្ចុក មានការប្រែប្រួលខ្លះៗខុសពីការរំពឹងទុក។

គួរជម្រាបថា អ្នកភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម មួយចំនួន បានចាប់យករបរធ្វើនំ បញ្ជុកលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ ដោយសារតែរបរនេះទទួលបាន ប្រាក់ចំណេញគួរសម ក៏ចេះតែនាំគ្នា បន្តធ្វើជារៀងរហូតមកដល់សព្វថ្ងៃ។

លោក ឃុត ចាន់នី វ័យ៥៨ឆ្នាំ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៨មិថុនា ២០១៩ថាៈ ក្រោយថ្ងៃរំដោះ ០៧មករា ១៩៧៩ រូបលោកនឹងប្រពន្ធ មិនមានរបរអ្វីនឹងគេ ក៏បានចាប់ផ្តើមធ្វើនំបញ្ចុកលក់ ដោយប្រើ ប្រាស់ដៃត្រូវកិនម៉្សៅ និងសង្កត់ប៉ែននំបញ្ចុក ដោយដៃទៀត ហើយក្នុង១ថ្ងៃ អាចធ្វើបានប្រមាណ ៧០ ទៅ៨០គីឡូក្រាម ហើយត្រូវដឹកដោយកង់យកទៅលក់នៅផ្សារក្នុងក្រុងកំពង់ចាម តំលៃបាន ៧០០ រៀល ក្នុង១គីឡូក្រាម ប៉ុណ្ណោះ។

លោក ចាន់ នី ប្រាប់បន្តថា ក្រោយមកទៀត បច្ចេកទេសត្រូវប្រើម៉ាស៊ីន សម្រាប់កូ(វិត)ម៉្សៅ គ្រាន់បើ ជាងការប្រើកម្លាំងបាយ និងចុងក្រោយរហូតមកដល់សព្វថ្ងៃ ត្រូវបានម៉ាស៊ីនផលិតនំបញ្ចុក ពាក់ កណ្តាលស្វ័យប្រវត្តិដែលមានលទ្ធភាពធ្វើបាន ៥០០គីឡូក្រាមក្នុង១ថ្ងៃ តំលៃវិញលក់បាន ២.៥០០ រៀលក្នុង ១គីឡូក្រាម។ លោកថា ម៉ូយទិញនំបញ្ចុក មានកាន់តែច្រើនកន្លែង ទាំងនៅក្នុងក្រុងកំពង់ ចាម និងតំបន់ជាយក្រុង ចំពោះប្រាក់ចំណេញវិញ បានផ្តត់ផ្តង់កូនចៅឲ្យរៀនសូត្របានគ្រប់ៗគ្នា ។

សម្រាប់«ទិវាហូបនំបញ្ចុក»នៅថ្ងៃទី៩ មិថុនា នេះ លោក ថា មានការកុំម្មង់ទិញច្រើនជាងថ្ងៃ ធម្មតា រហូតដល់ចន្លោះពី ៣ទៅ ៤តោន តែគាត់មិនអាចមានលទ្ធភាពផលិតបានតាម តម្រូវការរបស់អ្នក ស្នើ សុំទេ គឺទទួលបានត្រឹមតែចំនួន ១តោនកន្លះ ប៉ុណ្ណោះ ចំពោះតំលៃវិញលក់បាន ៣.០០០រៀលក្នុង១ គីឡូក្រាម គឺឡើងថ្លៃបានតែមួយថ្ងៃនេះទេ ដោយសារត្រូវប្រើកម្លាំងពលកម្ម បន្ថែមដល់ទៅ ៣នាក់ ទៀត ។ លោកថា ផុតពីថ្ងៃនេះ ដែលសម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យចូលរួមហូបនំបញ្ចុក នេះ ទៅ លោកនឹងលក់ក្នុងធម្មតាវិញ គឺ២.៥០០រៀលក្នុង១គីឡូក្រាម តាមរយៈការប្រើប្រាស់នូវឧបករណ៍ ទំនើប ធ្វើឲ្យធូរស្រាលកម្លាំងច្រើនផងដែរ ។

លោក ចាន់ នី បញ្ជាក់បន្ថែមថា សព្វថ្ងៃរបរធ្វើនំបញ្ចុកលក់នេះ រូបលោកនៅតែបន្តរបរនេះទៅថ្ងៃមុខ ទៀត គឺប្រឹងដុសខាត់លើរបរនេះ បង្កើនការយល់ដឹងពីរបៀបរបបធ្វើនំឲ្យមានគុណភាពខ្ពស់ ស្វិតល្មម មិនប៉ះពាល់ដល់សុខភាព ហេតុដូច្នេះហើយ ទើបមានគេចូលចិត្តទិញ នំបញ្ចុករបស់លោក មានចំនួន កើនឡើជាបន្តបន្ទាប់។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា បច្ជុប្បន្ននេះ នៅក្នុងក្រុងកំពង់ចាម មាន ទីតាំងលផលិតនំបញ្ចុក តែពីរកន្លែងប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការទាំងក្នុង និងក្រៅក្រុង កំពង់ចាម ហើយនៅព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ នៅ សួនគ្រញូង ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នឹងមានរៀបចំការជួបជុំពិសានំបញ្ចុក សាមគ្គីជិត២០០តុ ដោយធ្វើឡើងក្រោម អធិបតី ភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម ផងដែរ៕ ដោយ ៖ សហការី

 

អគ្គនាយកស៊ីម៉ាក់ អំពាវនាវឲ្យបញ្ឈប់ការបរិភោគសាច់ សុនខ

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមពិហិការកុំទទួលទានសាច់សត្វសុនខ ព្រោះនេះ មិនមែនជាវប្បធម៌របស់ កម្ពុជានោះ ទេ។ ឯ.ឧ អគ្គនាយកស៊ីម៉ាក់ ក៏ចង់បង្កើតឲ្យមានមជ្ឈមណ្ឌលសុនខជាតិមួយ ដើម្បីបំរើការងារក្នុង វិស័យ សន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា និងអង្គការ Four Paws បានស្នើសុំ ឲ្យប្រជាពលរដ្ឋខ្មែរ រួមគ្នាពហិការកុំទទួលទានសាច់សត្វសុនខ និងស្នើបញ្ឈប់ការធ្វើអាជីវកម្មសាច់សុនខ ព្រោះសត្វ សុនខ ប្រៀបបានទៅនឹងសមាជិកគ្រួសារមួយរូបដែរ ដែលគួរផ្តល់ក្តីស្រលាញ់ ការអាណិតចំពោះ សត្វមួយប្រភេទនេះ។ ការស្នើនេះ ធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី វីរៈភាពរបស់សត្វ សុនខ ដែលជាការរៀបចំដោយអង្គការ Four Paws និងស៊ីម៉ាក់។

បើតាម លោក ហេង រតនា និន្នាការ ទទួលទានសាច់សត្វសុនខ បានកើនឡើងខ្លាំង និងការដាក់លក់ យ៉ាងចំហរ ដែលផ្ទុយពីវប្បធម៌របស់កម្ពុជា។ តម្រូវការចេះតែកើន ឡើង ប៉ុន្តែកម្ពុជាមិនមាន កន្លែង ចិញ្ចឹមសុនខ យកសាច់នោះឡើយ ជាហេតុធ្វើឲ្យមានការលួច ទាក់សុនខ របស់ប្រជាពលរដ្ឋ នៅ តាមផ្ទះស្ទើររាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ។ យ៉ាងហោចណាស់ប្រជាពលរដ្ឋកម្ពុជា បរិភោគសត្វ សុនខ ប្រមាណមួយម៉ឺនក្បាលត្រូវបានសម្លាប់ យកធ្វើអាជីវកម្មក្នុងមួយឆ្នាំ។

នាយកអង្គការ Four Paws លោកស្រី Katherine Polak ចង់ឲ្យរាជរដ្ឋាភិបាល ចេញច្បាប់ការ ពារសិទ្ធិរបស់សត្វសុនខ និងស្នើឲ្យបង្កើតច្បាប់ហាមបរិភោគ សត្វសុនខ។ ទាល់តែមានវិធានការ បែបនេះ ទើបអាចទប់ស្កាត់ការសម្លាប់ សត្វសុនខយកមកធ្វើអាជីវកម្មលក់ ទិញ និងទទួលទាន។ លោកស្រីថា ការទទួលសត្វសុនខ គឺជារឿងមួយសោកសង្រេង ដោយសារសត្វសុនខ ជាសត្វ គួរ ឲ្យស្រលាញ់ ជាសត្វចិញ្ចឹមប្រកបដោយភក្តីភាពជាមួយម្ចាស់។ សត្វទាំងនេះ គួរត្រូវបានថែរក្សា ផ្តល់សេចក្តីស្រលាញ់ និងផ្តល់សិទ្ធិដល់ពួកគេផង។

បើតាមលោក ស៊ុន ពិសិដ្ឋ ជាអនុប្រធានមណ្ឌលសុនខហិតមីនស៊ីម៉ាក់ បាន បញ្ជាក់ថា ប្រតិបត្តិការ របស់ស៊ីម៉ាក់ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់សុនខ ហិតមីននោះទេ។ជាមោទនភាពថ្មីស៊ីម៉ាក់ អាចបង្កាត់ពូជ និងបង្វឹកសត្វ សុនខ ដើម្បីក្លាយជាសុនខហិតមីន ដោយមិនបាច់ទិញ ពីក្រៅ ប្រទេស។ បច្ចុប្បន្នសុនខរបស់ស៊ីម៉ាក់មានចំនួនជាង១០០ក្បាល ក្នុងនោះមាន២៦ក្បាល ជា សុនខ មានសមត្ថភាពពេញលេញ ក្នុងប្រតិបត្តិការ ដោយឡែកមួយចំនួន ផ្សេងទៀត កំពុងធ្វើការ ហ្វឹក ហាត់នៅមណ្ឌលសុនខ ខេត្តកំពង់ឆ្នាំង។

ជាមហិច្ចតារបស់ស៊ីម៉ាក់ គឺស៊ីម៉ាក់ចង់ប្រែក្លាយមណ្ឌលសុនខ ហិតមីន ឲ្យក្លាយជាមជ្ឈមណ្ឌល សុនខជាតិដ៏ធំមួយ ដើម្បីជួយហ្វឹកហាត់សុនខ សម្រាប់បំរើក្នុងវិស័យសន្តិសុខជាតិ និងសណ្តាប់ ធ្នាប់នៅតាមព្រំដែន ពិសេសនៅពេលមានថ្នាក់ដឹកនាំកំពូលអន្តរជាតិ មកកម្ពុជាម្តងៗផងដែរ៕

ប្រមុខការទូតកម្ពុជា សិង្ហបុរី ជួបសន្ទនាតាមទូរស័ព្ទរឿងសំដីលោក លី សៀនឡុង

ភ្នំពេញ ៖ ប្រមុខការទូតសិង្ហបុរី លោក Vivian Balarishnan នៅរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា ម្សិលមិញនេះ បានទាក់ទងតាមរយៈទូរស័ព្ទហៅត្រង់មកកាន់សមភាគីកម្ពុជា លោក ប្រាក់ សខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយបកស្រាយថា សឹង្ហបូរី គ្មានចេតនាការពាររបបខ្មែរក្រហមនោះទេ ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។

សេចក្តីជូនដំណឹងដដែលនេះ បានឲ្យដឹងថា តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនោះ រដ្ឋមន្ដ្រីក្រសួងការបរទេសសិង្ហបុរី បានបំភ្លឺប្រាប់ភាគីកម្ពុជាថា« សារហ្វេសប៊ុករបស់លោក លី សៀនឡុង គ្រាន់តែជាការរំឭកពីស្ថានភាព និងការប្រឈមក្នុងសម័យកាលនោះ ដោយគ្មានបង្កប់នូវចេតនាអាក្រក់ណាមួយឡើយ និងពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញឡើយ។ សារនោះ គឺមានបំណងគ្រាន់តែរំលឹកពីស្ថានភាព និងការប្រឈមក្នុងសម័យកាលនោះ ហើយក៏ធ្លាប់បានផ្សព្វផ្សាយជាសាធារណៈក្នុងពេលកន្លងមកដែរ។

គួរជម្រាបថា ការគូសបញ្ជាក់របស់លោក Vivian ប្រមុខការទូតសឹង្ហបូរី យ៉ាងដូច្នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ចប់ការថ្នាំងថ្នាក់ចំពោះសំណេរតាមហ្វេសប៊ុករបស់លោក នាយករដ្ឋមន្ដ្រីសិង្ហបុរី លី សៀនឡុង ដែលលើកឡើងអំពីវត្តមានកងទ័ពវៀតណាមនៅកម្ពុជាថាជាការឈ្លានពានក្រោយរបបខ្មែរក្រហម៕

រដ្ឋមន្ត្រីទេសចរណ៍គ្រោងស្នើដាក់នំបញ្ចុកខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ

ភ្នំពេញ ៖ កម្ពុជានឹងពិចារណាក្នុងការស្នើសុំទៅអង្គការយូណេស្កូ ដើម្បីដាក់នាំបញ្ចុកជាសម្បត្តិបេតិកភណ្ឌ អរូបិយរបស់ពិភពលោក នៅក្រោយព្រឹត្តិការណ៍ពិសានំបញ្ចុកសន្តិភាព នៅទូទាំងប្រទេស ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីរួចរាល់។

ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំង គោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ មិថុនានេះ ដើម្បីត្រៀមរៀបចំពិធីពិសានំបញ្ចុក សាមគ្គីសន្តិភាព ជាមួយប្រជាពលរដ្ឋទាំងពីរស្រុកខាងលើ នៅថ្ងៃទី៩ មិថុនា ស្អែកនេះ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានលើកឡើងថា ក្រោយពេលប្រជាពលរដ្ឋ រៀបចំពិធីជួបជុំពិសានំបញ្ចុក សន្តិភាពទ្រង់ទ្រាយធំនៅទូទាំងប្រទេស តាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីហើយនោះ យើងនឹងពិភាក្សាជាមួយរដ្ឋមន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើ ដាក់បញ្ចូលនំបញ្ចុកជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោកនៅអង្គការយូណេស្កូ ព្រោះយើង ចង់ឱ្យនំបញ្ចុក ដែលមានតាំងពីដូនតាច្រើន ជំនាន់មួយនេះ មានការទទួលស្គាល់ពីពិភពលោកទាំង មូល។

លោករដ្ឋមន្ត្រី ថោង ខុន បានអះអាងថា នៅក្នុងពិព័រណ៍ម្ហូបអាហារGastronomy ដែលក្រសួង ទេសចរណ៍គ្រោងរៀបចំក្នុងខែកញ្ញាខាងមុខនេះ នំបញ្ចុក និងម្ហូបអាហារខ្មែរ មួយចំនួនទៀត ដូច ជា សម្លរម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោត ជាដើម ក៏នឹងត្រូវបានត្រៀម រៀបចំជាអាហារតំណាង ឱ្យអត្តសញ្ញាណខ្មែរ ដើម្បីទាក់ទាញទេសចរផងដែរ៕

អាជ្ញាធរកំពុងស្រាវជ្រាវករណីនាំជ្រូកពីវៀតណាម ចូលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់មន្រ្តី ជំនាញឲ្យយកចិត្តទុកដាក់ និងទប់ស្កាត់ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក តាមរយៈការនាំចូលជ្រូករស់ ពី ប្រទេសវៀតណាម ខណៈដែលនៅកម្ពុជា មិនទាន់មានថ្នាំព្យាបាលជំងឺសត្វប្រភេទនេះនៅឡើយទេ។

ទោះជាមានការរឹតបន្តឹង បែបនេះក្តី ក៏នៅតែមានករណីលួចនាំចូលជ្រូកមកពីប្រទេសវៀតណាម ដដែល ជាក់ស្តែង កម្លាំងសមត្ថកិច្ចសហការជាមួយនឹងស្ថាប័នជំនាញ បង្រ្កាបរថយន្តម៉ាក ហ៊ីយ៉ាន ដាយ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-2345 ដឹកជ្រូកចំនួន ២៥ក្បាល ត្រង់ចំនុចភូមិព្រៃផ្តៅ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែមិថុនា ២០១៩ ដែលទំនងជាត្រូវផាក ពិន័យចាស់ដៃ រួមនិងចាត់ការលើម្ចាស់នៃបទល្មើសនេះផងដែរ។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថាៈ ក្រោយពីមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសវៀតណាម ត្រូវបានរដ្ឋមន្រ្តីក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាលោកប្រធានមន្ទីរកសិកម្មខេត្ត បានដាក់ចេញនូវវិធានការទប់ ស្កាត់មិនឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា ឆ្លងកាត់ស្ពានគីហ្ស៊ូណា ឬតាម កំពង់ដរនានា ដែលក្រុមឈ្មួញលួចដឹកតាមកាណូត។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានបន្តថា ចាប់តាំងពី ពេលដែលបើកយុទ្ធនាការក្តៅមក កម្លាំងរបស់លោក បានសហការជាមួយនឹងសមត្ថកិច្ច ដោយបាន ចាប់ បានជ្រូកលួចដឹកតាមរថយន្ត និងតាមម៉ូតូជាបន្តបន្ទាប់ដែលក្រុមឈ្មួញប្រើប្រាស់គ្រប់រូបភាព ដោយដឹកឆ្លង ស្ពានគីហ្ស៊ុណា ចេញពីខេត្តត្បូងឃ្មុំនិងឆ្លងតាមកាណូតបានចំនួន០៦លើក។ ហើយបានបូមឈាមយកទៅពិនិត្យនៅមន្ទីរពិសោធន៏រាជធានីភ្នំពេញ តែមិនឃើញមានមេរោគប៉េស្ត ជ្រូកអាហ្វ្រិកនោះឡើយ។

សម្រាប់ករណីទី៧ ត្រូវបានបង្រ្កាបនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម រថយន្ត ១គ្រឿងដឹកជ្រូក ២៥ ក្បាលដែលក្រុមឈ្មួញបានដឹកចេញពីវៀតណាមតាមច្រកត្នោត ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងមកចែកចាយតាមទីសត្តឃាតនានា ដោយបានបើកកាត់ផ្លូវជាតិលេខ ៧ឆ្លងស្ពាន គីហ្ស៊ុណា ចូលមក្រុងកំពង់ចាមនិងបានបើកដល់ត្រង់ចំនុចឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានបង្រ្កាប ។ តាមច្បាប់ត្រូវផាកពិន័យពី ១០ ទៅ ១៥លានរៀល ហើយបើមិនរាងចាលគុណទ្វេដង ។

  • លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ វិញប្រាប់ឲ្យដឹងថាក្រោយពីមានការណែនាំពីលោកអភិបាលខេត្ត ក៏ដូចជាលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រូបលោកបានឲ្យជំនាញការិយាល័យបសុព្យាបាលខេត្ត ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ជ្រូកនាំចូលពីវៀតណាម ។ចំពោះរថយន្ត ដឹកជ្រូក២៥ក្បាលចាប់បាននៅខេត្តកំពង់ចាម រូបលោកមិនបានដឹងថាតើជ្រូកនោះបាននាំចូលមក ខេត្ត កំពង់ចាម ដោយរបៀបណា ជាមួយនោះរូប លោកឲ្យជួយស្រាវជ្រាវ តើមានបុគ្គលណាម្នាក់ខ្លះ ដែលនៅពីក្រោយខ្នង ដោយមានការឃុបឃិតបណ្តោយឲ្យមានករណីនាំជ្រូកហូរចេញពីវៀតណាម ចូលមកដល់ខេត្តកំពង់ចាម បានដោយងាយបែបនេះ៕

ផ្ទុះជំងឺគ្រុនឈាមនៅខេត្តក្រចេះ ស្លាប់៣នាក់ និងឆ្លងជំងឺជាង៤០០នាក់

ខេត្តក្រចេះ ៖ ជំងឺគ្រុនឈាម ត្រូវបានគេចាត់ទុកថា ជាជំងឺឆ្លងទាំងមនុស្សចាស់និងកុមារ តាមរយៈ មូស ខ្លាខាំ ហើយជំងឺនេះគឺកំពុងកើតមានធ្ងន់ធ្ងរនៅខេត្តក្រចេះ និងបានបង្កឱ្យមានមនុស្ស៣នាក់បាន ឈឺស្លាប់ និងមនុស្សចាស់ចំនួនជាង ៤០០នាក់ បានឆ្លងនិងកំពុងតែធ្លាក់ខ្លួនឈឺដោយជម្ងឺគ្រុនឈាម នៅក្នុងរយះពេលប្រមាណ២ខែចុងក្រោយនេះ ដែល ចំនួននេះបើប្រៀបធៀបទៅនិងឆ្នាំ២០១៨ គឺ មានការកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ម។

ប្រធានមន្ទីរសុខាភិបាល លោក ឈ្នាង សុវត្ថា បានឱ្យដឹងនៅថ្ងៃទី៧ ខែមិថុនា នេះ ថា ជំងឺគ្រុន ឈាម គឺកំពុងតែកើតមានធ្ងន់ធ្ងរ នៅក្នុងខេត្តប៉ែកឥសាន្តមួយនេះ និងមានកុមារ និងមនុស្សចាស់ ចំនួន ៤២៥នាក់ ក្នុងនោះអាយុ ១៥ឆ្នាំឡើង ចំនួន៦នាក់ បានកើតនិងឆ្លងជម្ងឺគ្រុនឈាម និងបានមក សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ខណះមានក្មេងជំទង់ ១នាក់និងកុមារ២នាក់ ត្រូវ បានឈឺរហូតស្លាប់។ ជាមួយគ្នានេះ លោកប្រធានមន្ទីរសុខាភិបាលបានសម្តែង ក្តីបារម្ភខណះសព្វថ្ងៃ ចំនួន អ្នកឈឺក៏នៅមិនទាន់មានតួរលេខថមថយនៅឡើយទេនោះ។

លោកបានបន្តថា ដោយសារតែការបម្រែបម្រួលអាកាសធាតុ ទើបធ្វើឱ្យជម្ងឺគ្រុនឈាម ឆ្នាំនេះ មានការផ្ទុះឡើងច្រើនជាងឆ្នាំមុន។ តែបើទោះជាយ៉ាងនេះក្តី លោកអះអាងថា មន្ទីរក៏មានមន្រ្តីប្រចាំ ការ នៅតែបន្តសកម្មភាពយ៉ាងសកម្មនៅតាមតំបន់គោលដៅ លើការចុះអនុវត្តវិធានការបង្ការ ការពារ និង ទប់ស្កាត់នូវប្រភេទជម្ងឺឆ្លងនេះ ដូចជាការចុះបាញ់ថ្នាំកម្ចាត់មូស ការចុះដាក់ថ្នាំអា បែតនៅក្នុងពាង ឬអាងទឹករបស់ប្រជាពលរដ្ឋនៅតាមភូមិ ពិសសេនោះ ការចុះអប់រំផ្សព្វផ្សាយ ណែនាំឱ្យពួកគាត់យល់ដឹងពីការបង្ការទប់ស្កាត់ពីប្រភេទជម្ងឺឆ្លងដោយមូសខ្លា។

បើតាមលោកប្រធានមន្ទីរក៏បានកត់សម្គាល់ឃើញថា មានស្រុកចំនួន២ ក្នុងនោះ រួមមាន ស្រុក ស្នួល និងស្រុកចិត្របុរី នៅទូទាំងខេត្ត ដែលមានអ្នកឆ្លងជម្ងឺគ្រុនឈាមច្រើនជាងគេ។

ទន្ទឹមនិងគ្នានេះ លោក ឈ្នាង សុវត្ថា ក៏បានអំពាវនាវឱ្យពលរដ្ឋដែលធ្លាក់ខ្លួនឈឺដោយ ជម្ងឺ គ្រុន ឈាមត្រូវរូសរាន់មកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យធំៗទាំង៣របស់រដ្ឋ ដែលមានថ្នាំ សម្រាប់ ព្យាបាល និងមានគ្រូពេទ្យឯកទេស ជំនាញឯកទេសព្យាបាលត្រឹមត្រូវ ដើម្បីគេចចេញពីគ្រោះ ថ្នាក់ ដល់អាយុជីវិតដោយសារជម្ងឺគ្រុនឈាមនេះ។

លោកបន្តថា ដើម្បីទប់ស្កាត់ជំងឺនេះ គឺពលរដ្ឋត្រូវសំអាតនៅជុំវិញផ្ទះរបស់ខ្លួន ឱ្យបានស្អាតជា ពិសេស ទីជម្រក របស់មូសខ្លា គឺត្រូវបោសសំអាត និង លុបបំបាត់ទឹកដក់ នៅជុំវិញផ្ទះ ដូចជា កុំឱ្យ មានសម្បកកំប៉ុង សម្បកដូង និង សម្បកកង់ឡានជាដើម ព្រោះរបស់ទាំងនេះ ជាទីកន្លែងដែលមូស ខ្លានៅ និង ពងបាន៕

អាជ្ញាធររាជធានីគ្រោងហូបនំបញ្ចុកជាមួយអ្នកធាក់ស៊ីក្លូនិងកម្មការិនីជាង៣ពាន់នាក់?

ភ្នំពេញ ៖ តាមការគ្រោងទុក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងចូលរួម សំណេះ សំណាល និង ហូបនំបញ្ចុក ជាមួយបងប្អូនសមាគមន៍អ្នកធាក់ស៊ីក្លូ និង កម្មករ កម្មការិនី ជាង៣០០០នាក់នៅភ្នំពេញសម្រាប់មួយថ្ងៃទី៩មិថុនាខានស្អែកនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បើមិនមានការប្រែប្រួលទេ លោក ឃួង ស្រេង សម្រាប់ពេលព្រឹកថ្ងៃទី៩មិថុនានេះ នឹងអញ្ជើញ ចូលរួមសំណេះសំណាល និង ហូបនំបញ្ចុកជាមួយ មន្ត្រីរាជការរដ្ឋបាលរាជធានី និងបងប្អូនសមាគមន៍អ្នកធាក់ស៊ីក្លូ នៅសាលារាជធានីភ្នំពេញ ហើយបន្តមកទៀត នៅព្រឹកថ្ងៃដដែល នឹងបន្តទៅជួបសំណេះសំណាល និងហូបនំបញ្ចុកជាមួយកម្មករ កម្មការិនី ជាង៣០០០នាក់នៅក្នុងបរិវេណវត្តជម្ពូរវ័ន្ត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា ក្នុងឱកាសថ្លែងសុន្ទរក ទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវដល់សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះ គឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុន ដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់ បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេល អោយបានសប្បាយ នៅថ្ងៃទី ៩ មិថុនា នេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នា នៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះ ទៅរកការចរចារ នយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាន នំបញ្ចុករួមគ្នា ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា៕

គណៈរដ្ឋមន្ត្រី រៀបចំបញ្ជូនសេចក្តីព្រាងស្តីពីការសិក្សាពេញមួយជីវិត ជូនសភាអនុម័ត

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា នេះ បានបើកកិច្ចប្រជុំពេញអង្គ ដោយលើកយករបៀបវារៈសំខាន់ចំនួន៣ មកពិភាក្សា និងអនុម័ត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ កិច្ចប្រជុំនេះ បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត។ គោលនយោបាយនេះ បានចងក្រងឡើងស្របតាមតម្រូវការសង្គម និងនិន្នាការវិវត្តរបស់សកលលោក ពិសេសបរិបទទីផ្សាការងារ។

យោងតាមសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ដែល ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីធ្វើការអនុម័តនៅព្រឹកថ្ងៃសុក្រនេះ គឺមានគោលដៅ ក្នុងការផ្ដល់ឱកាស និងគាំទ្រអោយប្រជាជនគ្រប់រូបទទួលបានការសិក្សាគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឺងតាមជំនាញដែលទទួលបាន ដើម្បីបង្កើតប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូល ស្របតាមយុគ្គសម័យ បច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន និងសង្គមពុទ្ធិ”។

គោលនយោបាយនេះ ក៏នឹងជួយដល់កិច្ចដំណើរការអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបអោយមានវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើតសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមនីយកម្មជីវិតបុគ្គលគ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ”។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯ.ឧ ផៃ ស៊ីផាន បញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការ។

ជាការកត់សំគាល់ ប្រព័ន្ធអប់រំកម្ពុជាមានការរីកចម្រើនខាងបរិមណគូរជាទីមោទនៈជាពិសេស នៅកម្រិតបឋមសិក្សា។ ទោះបីជាយ៉ាងនេះក្តី បញ្ហាសិស្សបោះបង់ការសិក្សា និងគុណភាពសិក្សានៅតែជាក្តីកង្វល់នៅឡើយ។ ជាក់ស្តែង អត្រាពិតនៃការសិក្សានៅបឋមសិក្សាមានប្រមាណ៩៧% នៅទសវត្សរ៍ចុងក្រោយនេះ។

ប៉ុន្តែសិស្សដែលអាចបញ្ចប់ការសិក្សានៅបឋមសិក្សាមានប្រមាណ៨០% បញ្ចប់មធ្យមសិក្សាបឋមភូមិមានប្រមាណ៤០% និងមធ្យមសិក្សាទុតិយភូមិមានប្រមាណ២០% ។ បើផ្អែកលើការវាយតម្លៃថ្នាក់ជាតិ លើមុខវិជ្ជាភាសាខែ្មរ និងគណិតវិទ្យា បានបង្ហាញផងដែរថា សិស្សស្ទើរតែពាក់កណ្តាលដែលបានចូលរួមក្នុងការវាយតម្លៃនៅថ្នាក់ទី៣ ទី៦ ទី៨ មិនទទួលបានចំណេះដឹងដូចការរំពឹងទុកនោះទេ ។

ដោយសារមានការខិតខំពីគ្រប់ភាគីតាមរយៈកម្មវិធីអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ អត្រាអក្ខរកម្មជនពេញវ័យអាយុ១៥ឆ្នាំឡើងមាន៨០,៥% ស្រ្តីមាន៧៥,០% ក្នុងនោះអត្រាអក្ខរកម្មនៅតាមជនបទ មានត្រឹមតែ៧៦,៨% ស្រី៧០,៧% ប៉ុណ្ណោះ។ នេះបើតាមការអង្កេតស្តីពីសេដ្ឋកិច្ចសង្គមកម្ពុជា វិទ្យាស្ថានជាតិស្ថិត ក្រសួងផែនការ ២០១៦ ។

គួរបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ជាផែនការបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ឆ្ពោះទៅកាន់សុខសន្ដិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ ទាមទារឲ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មានកិច្ចសហការ និងគាំទ្រដោយយកចិត្ដទុកដាក់ខ្ពស់។ គោលនយោបាយតម្រូវឲ្យមានយន្ដការ និងបទដ្ឋានគតិយុត្ដ ដើម្បីបង្កើតក្រុមឬអង្គភាពគាំទ្រ ក្នុងការសម្របសម្រួលការងារ ការធ្វើផែនការយុទ្ធសាស្ត្រជាតិ ការផ្សព្វផ្សាយឲ្យបានទូលំទួលាយ និងការកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ ការអនុវត្ដគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិតឲ្យមានប្រសិទ្ធភាពខ្ពស់៕