All posts by មេគង្គ ប៉ុស្តិ៍

ទៀតហើយ ! ឃាត់ខ្លួនជាង៤០០នាក់ក្នុងក្លឹបរាត្រី«លុច្សសារី»រឹបអូសថ្នាំញៀនមួយចំនួនធំ( Video )

ភ្នំពេញ ៖ ក្លឹបកម្សាន្តដ៏ល្បីមួយកន្លែងយីហោ លុច្សសារី ស្ថិតក្ន្ងងសង្កាត់បឹងរាំង ក្នុងខណ្ឌដូនពេញ ត្រូវនានសមត្ថកិច្ចឆ្មក់ចូលឆែកឆេររកឃើញថ្នាំញៀនមួយចំនួនធំ និងបានឃាត់ខ្លួនអ្នកញៀនថ្នាំ ក្លែមតន្ត្រីភ្លើងពណ៌៤២០នាក់  ដឹកបញ្ជូនយកទៅសាកសួរ និងពិនិត្យស្រាវជ្រាវរកមេខ្លោងពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី»ទាំងកណ្តាលអាធ្រាត្រ រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹប ៤២០នាក់។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤២០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រេីនវ័យក្មេងៗ ជាជនជាតិចិន  វៀតណាម និងខ្មែរ។

ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។

សូមបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕ ដោយ ៖ សុផល

 

នារីក្លាហានបាញ់២គ្រាប់បន្ធូរកំហឹងគំនុំជាមួយព្រះសង្ឃដាក់ស្នេហ៍

ភ្នំពេញ ៖ នារីក្លាហានម្នាក់ បានទិញកាំភ្លើងខ្លីមួយដើមមកពីប្រទេសថៃ ចូលទៅបាញ់ចំនួន២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត មុខកុដិលេខ២៣ ដែលមានព្រះសង្ឃព្រះនាម ពិសី គង់នៅ ដើម្បីបន្ធូរកំហឹងគំនុំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយខណ្ឌដូនពេញចេញជួយអន្តរាគមន៍។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ០៦និង១៥នាទី នៅក្នុងវត្តសារ៉ាវ័ន្ត ត្រង់ចំណុចមុខកុដលេខ ២៣ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុនិងតាមការសាកសួរពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុត្រូវបានគេឃើញមាននារីក្លាហានម្នាក់វ័យប្រម៉ាណជា៣០ឆ្នាំបានមកឈរពីមុខកុដិព្រះសង្ឃលេខ៣និងបានធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើមដែលទើបទិញពីប្រទេសថៃមកបាញ់ចំនួន០២គ្រាប់សង្ស័យមានគំនុំជាមួយនឹងព្រះសង្ឃបង្កជាការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលាយកមកសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ។

តាមប្រភពបានបង្ហើបឲ្យដឹងទៀតថា កន្លងមកប្តីរបស់នារីក្លាហានបានធ្លាប់ទៅរកព្រះសង្ឃឲ្យធ្វើមន្តអាគមដាក់អោយប្រពន្ធស្រឡាញ់កាន់តែខ្លាំង លុះដល់ចាប់ពីរកព្រះសង្ឃឲ្យជួយដាក់មន្តអាគមរួចមក ប្តីរបស់នាងចេះតែឈឺមិនដែលលស់ថ្ងៃសោះ។ ផ្តើមចេញពីករណីនេះ ទើបនារីក្លាហានទៅប្រទេសថៃ ទិញបានកាំភ្លើងមួយដើមម៉ាក ( ឡុកអូទ្រីស មីនី)ក្នុងតម្លៃ១៥០ដុល្លារសហរដ្ឋអាមេរិក មកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ ដើម្បីបន្ធូរកំហឹងបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋត្រូវសមត្ថកិច្ច ចេញជួយអន្តរាគមន៍ និងឃាត់ខ្លួនយកទៅសាកសួរតែម្តង។

បច្ចុប្បន្ននារីក្លាហានខាងលើ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដូនពេញ កំពុងធ្វើការសាកសួរបន្ថែម តែមិនទាន់ដឹងថា នឹងត្រូវចាត់ការតាមវិធីណានៅឡើយទេ ចំណែកខាងព្រះសង្ឃដែលរងការចោទថា ធ្វើស្នេហ៍នាំឲ្យប្តីស្ត្រីខាងលើធ្លាក់ខ្លួនឈឺ ក៏មិនទាន់ចេញមកបកស្រាយបែបណានៅឡើយដែរ៕

សម្តេច ហ៊ុន សែន ៖ មេដឹកនាំសិង្ហបុរី បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះសារ ទាំងពាក់កណ្តាលយប់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស លើទំព័រហ្វេសប៊ុកផ្លូវការ ដែលជាប្រតិកម្មតបតមួយទៅលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានលើកឡើងថា «វៀតណាមឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០ …ហើយពួកខ្លួន អាស៊ាន៥ ប្រទេសបានរួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋា ភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម»។

នៅក្នុងសាររបស់សម្តេចបានចោទប្រកាន់មេដឹកនាំសិង្ហបុរី ថាមេដឹកនាំសិង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិត ប្រាកដ ព្រមទាំងបានលើកសំណួរទៅកាន់នាយករដ្ឋមន្ត្រី សិង្ហបុរីថាតើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ? ។

នៅក្នុងសារលិខិតនៅតាមរយៈហ្វេសបុកនេះ សម្តេចបានសរសេរថា៖«ខ្ញុំពិតជាមានការសោក ស្តាយខ្លាំងណាស់ដែលឯកឧត្តម នាយករដ្ឋមន្ត្រី សិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ៣១ខែឧសភាកន្លងទៅ ដោយលើកឡើងថា ” ពេលដែលគាត់(ឧត្តមសេនីយ៍ព្រេម)ធ្វើជានាយករដ្ឋមន្ត្រី (ថៃ)គាប់ជួននឹងពេលដែលសមាជិក ASEAN(កាលនោះគ្នាយើង ៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជានិង ប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។

…”ការលើកឡើងនេះ បង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍វិល ត្រឡប់មកកម្ពុជាវិញដែរ។

សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជា ប្រជាធិបតេយ្យនិងអូសបន្លាយ សង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង១0ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ ។ការ លើកឡើងនេះក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់ កងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍នោះ។

ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួនិងពិភព លោកថាមេដឹកនាំសិង្ហ បុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ចុងក្រោយនេះខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោសមេ ដឹកនាំខ្មែរក្រហមកន្លងទៅនេះថាជាការ ត្រឹមត្រូវដែរឬអត់ ?»។

លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង កាលពីថ្ងៃទី ៣១ ឧសភាបានសរសេរថា៖«ក្នុងអំឡុងពេល ដែលលោក ព្រេម ទីនស៊ូឡានុនដា ធ្វើជានាយករដ្ឋមន្ត្រីថៃនោះ វាក៏ជាពេលដែលសមាជិកអាស៊ានទាំង៥នៅពេលនោះបានប្រឆាំងនឹងការឈ្លានពាន របស់វៀតណាមមកលើកម្ពុជានិងរដ្ឋាភិបាលកម្ពុជា (ពេលនោះ) ដែលមកជំនួសរបបខ្មែរក្រហម»។ លោក លី ស៊ានឡុង សរសេរបន្តទៀតថា៖«ប្រទេសថៃបានប្រឈមនឹងកងទ័ពវៀតណាមនៅតាមបណ្តោយ ព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំដោយមិនទទួលយកអ្វីដែលកំពុងកើតឡើងនោះ ហើយបានធ្វើការជាមួយដៃគូក្នុងអាស៊ានដើម្បីប្រឆាំងវៀតណាមនៅតាម វេទិកាអន្តរជាតិនានា»។

ថ្លែងក្នុងប្រជុំគណៈរដ្ឋមន្រ្តីមួយនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ រំលឹក និងប្រដៅដល់នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង ថា«យើង គួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជា ជាតិអាស៊ាន»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ហៅការលើកឡើងរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ជាការប្រមាថដល់កងទ័ពវៀតណាម និងប្រឆាំងការរស់រានរបស់ប្រជាជនខ្មែរក្រោយ ការ ដួលរលំនៃរបបខ្មែរក្រហមផងដែរ៕

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងនាយរដ្ឋមន្ត្រីសិង្ហបូរី

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះ នាយករដ្ឋមន្ត្រី សឹង្ហបុរី ដែលបានបង្ហោះនូវសាររំលែកទុក្ខ តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានរំលឹកណីការគាំទ្ររបបប្រល័យពូជសាសន៍ខ្មែរក្រហម។

នៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ បានសរសេរថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការសោកស្តាយយ៉ាងខ្លាំង ដែលលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី 31 ខែ ឧសភាកន្លងទៅ នូវសាររំលែកទុក្ខ ចំពោះមរណភាព លោកឧត្តមសេនិយ៍ ព្រេម ទិនស៊ូឡាណន្ត អតីតនាយករដ្ឋមន្ត្រីថៃ ដោយលើកឡើងថា ៖” ពេលដែលគាត់ (ឧត្តមសេនិយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និង ប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម…”។

ការលើកឡើងក្នុងសារនេះ បានរំលឹកយ៉ាងច្បាស់ថា កាលពេលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញ។

សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និង បានធ្វើជាច្រកផ្គត់ផ្គង់សំភារះយោធា ដល់កំលាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំដល់ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ១០ ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជាផងដែរ។

ការលើកឡើងនេះពិតជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ៕

ដកតំណែងមេប៉ុស្តិ៍ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក្រោយរារាំងមិនឱ្យពលរដ្ឋហូបនំបញ្ចុក

កំពង់ចាម ៖ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំពាមប្រធ្នោះ ស្រុកកោះសួទិន ខេត្តកំពង់ចាម លោក ហេង ប៊ុនថន ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនំបញ្ចុកនោះ ត្រូវបានដកចេញពីតំណែងហើយ។

នេះបើតាមការអះអាងរបស់ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបង្ហោះនៅលើទំព័រ Facebook នាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត»។

ក្រៅពីបង្ហាញសារអំពីការដកតួនាទីមេប៉ុស្តិ៍ខាងលើ លោកអភិបាលខេត្ត បានអញ្ជើញបងប្អូនប្រជាជនចូលរួមហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ នៅថ្ងៃអាទិត្យខាងមុខនេះ និងថ្ងៃបន្តបន្តាប់ទៀត៕ ដោយ ៖ សុផល

ប្រធាន ICAPP ស្នើឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំប្រជុំកំពូល UPF

ភ្នំពេញ ៖ ប្រធានគណៈប្រតិភូអង្គការ ICAPP លោក Jose de Venecia Jr. បានស្នើព្រះរាជាណាចក្រកម្ពុជាពិចារណា ទទួលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលUPF (Universal Peace Federation)។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍និងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាអន្តរជាតិនេះ នៅចុងឆ្នាំនេះ។

លោក Jose de Venecia Jr. ប្រធានគណៈប្រតិភូអង្គការ ICAPP បាន ស្នើឲ្យសម្តេចតេជោពិចារណា ដើម្បីរៀបចំកិច្ចប្រជុំកំពូលUPF (Universal Peace Federation) នៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកជាដើម។ កិច្ចប្រជុំនេះគឺដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ដែលមានខ្លឹមសារស្នូលដើម្បីសន្តិភាពនិងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ ជម្លោះនិងដំណោះស្រាយក្នុងគ្រាសំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក Jose de Venecia Jr. និងគណៈប្រតិភូ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី ហៅថា ICAPP (International Conference of Asian Political Parties) ដែលបានផ្ដល់ការទុកចិត្តចំពោះកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កាលប្រជុំកំពូល UPF នៅប្រទេសនេប៉ាល់កន្លងមក បានទទួលជោគជ័យនោះ គឺជាកិច្ចប្រជុំលើកទី១ ។ ចំពោះកិច្ចប្រជុំលើកទី២ ឆ្នាំនេះដែលនឹងធ្វើឡើងនៅប្រទេសកម្ពុជា គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ ICAPP ថា កម្ពុជាស្វាគមន៍នូវកិច្ចប្រជុំនេះ ហើយគប្បីណាត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ចំពោះករណីប្រធានបទពាក់ព័ន្ធ ទៅនឹងកិច្ចប្រជុំកំពូល UPF នេះ គឺ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំឲ្យរួមគ្នាពិភាក្សា និងពិចាណាលើខ្លឹមសារឲ្យបានគ្រប់ជ្រុងជ្រោយ៕

គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងផែនការសំខាន់ៗចំនួន៣

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩  វេលាម៉ោង ៨:៣០នាទី ព្រឹក គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
កិច្ចប្រជុំនេះ នឹងពិភាក្សា ឆ្លងលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

១. សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ)២០១៩-២០២៣។
២. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត។

៣.បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំផ្ដល់សច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖

– កិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត​៕

ធនាគារ WB ជំរុញអនុវត្តន៍គម្រោងបែងចែកដីដើម្បីសង្គមកិច្ចក្នុងខេត្ត៥ របស់កម្ពុជា

ភ្នំពេញ ៖ ខេត្តគោលដៅចំនួន៥ នៅកម្ពុជា ត្រូវបានធនាគារពិភពលោក(WB) តាមរយៈគម្រោង ស្តីពីការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលកំពុងអនុវត្តន៍គួរជាទីមោទនៈ និងបន្តជំរុញទៅតាមគម្រោងដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២២។

យោងតាម សង្គហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា គម្រោងរបស់ WB នេះ បានធ្វើឡើងក្នុងជំនួប ពិភាក្សាការរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Nathan M. Belete នាយកប្រតិបត្តិនៃធនាគារពិភពលោក WB ប្រចាំតំបន់អាស៊ីបូព៌ា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ដោយលើកយកខេត្តចំនួន៥ ជាគោលដៅ ចំនួន៥នោះ រួមមាន ៖ ខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ស្តីពីការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) យកមកអនុវត្តន៍។

ប្រភបដដែល បញ្ជាក់ថា នាយកប្រតិបត្តិនៃធនាគារពិភពលោក បានថ្លែងថា គម្រោង នេះ ។ គម្រោង LASED II នេះ បានជួយគាំទ្រដល់គម្រោងសម្បទានដី សង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករដែគ្មាន ឬមានដីតិចតួច ដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ ប្រយោជន៍ដលម្បីជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

លោកបញ្ជាក់ថា “គម្រោងបានអនុវត្តលើខេត្តគោលដៅចំនួន ៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤.៤៤១ គ្រួសារ តាមរយៈការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេស កសិកម្មមូលដ្ឋានដើម្បីកែលម្អ កម្រិតជីវភាពតាម រយៈការបង្កើនប្រាក់ចំណូល”។

លោកបន្តថា គម្រោងមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ។ បច្ចុប្បន្នដោយមាន កិច្ចសហការយ៉ាងល្អប្រសើរ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម គម្រោងបានកំពុងអនុវត្តទៅតាមកម្មវិធី ដូចបានគ្រោងទុកគួរឲ្យកត់សម្គាល់៕

ADB បញ្ជាក់ជំហរពង្រីកកិច្ចគាំទ្រវិស័យកសិកម្មនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានបញ្ជាក់នូវជំហរតាំងចិត្ត នឹងត្រូវធ្វើការអភិវឌ្ឍន៍ និងពង្រីកកិច្ចគាំទ្ររបស់ខ្លួន ចំពោះវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ដែលកំពុងមានចំនួនកើនឡើងនៅតំបន់ទីក្រុង ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។

មន្រ្តីជាន់ខ្ពស់ ADB បានបញ្ជាក់ដូចនេះ នៅក្នុងឱកាសបង្ហាញលទ្ធផលនៃការវាយតម្លៃឯករាជ្យ ពីធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩នេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

ធនាគារ ADB បានគត់ស្គាល់ឃើញថា បើទោះបីជាកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែការផ្តល់អាទិភាពលើវិស័យកសិកម្ម ដែលបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហាក់ដូចជានៅមានកម្រិតបើធៀបទៅនឹង វិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ។

កម្ពុជា គឺជាករណីសិក្សាមួយក្នុងចំណោមករណីសិក្សាចំនួន៤ ដែលរួមមានជាអាទិ៍ ប្រទេសបង់ក្លាដេស ចិន និង តាជីគីស្ថាន នៅក្នុងការវាយតម្លៃទៅលើកិច្ចគាំទ្ររបស់ ADB ដែលមានថវិកាសរុបចំនួន ១២.២ពាន់លានដុល្លារ ដែលផ្តល់សម្រាប់វិស័យកសិកម្ម ធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ ២០០៥-២០១៧។ ប្រទេសទាំងនេះ មានចំណែកច្រើនគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការ តាមវិស័យរបស់ ADB ក្នុងអំឡុងពេលនៃការវាយតម្លៃ។

លោក អ៊ុក នីដា មន្រ្តីគម្រោងជាន់ខ្ពស់ធនាគារ ADB ប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈការវាយតម្លៃ នេះ វិស័យកសិកម្ម ធនធានធម្មជាតិ និង អភិវឌ្ឍន៍បទនៅកម្ពុជាគឺជាអទិភាពមួយនៃកិច្ចគាំទ្ររបស់ អេឌីប៊ីក្នុងការកែលំអរផលិតភាព ការធ្វើពិពិដ្ឋកម្ម និងការធ្វើពាណិជ្ជកម្មផងដែរ។

លោក អាន់ត្រូ ព្រូបែកគើ (Andrew Brubaker) ប្រធានក្រុមវាយតម្លៃបានថ្លែងឱ្យដឹងថា កិច្ចខិតខំរបស់ អេឌីប៊ីក្នុងការពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មរបស់កម្ពុជា តាមរយៈកំណែទម្រង់គោលនយោបាយ គឺជាសកម្មភាពមួយ ដែលមានសក្តានុពល។ លោកថា ការវាយតម្លៃកត់សម្គាល់ថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់នៅឡើយ ក្នុងការស្រាវជ្រាវលើកវិស័យកសិកម្ម ដែលការខ្វះខាតនេះ ក៏កើតមានផងដែរ នៅក្នុងប្រទេសមួយចំនួនទៀតនៅអាស៊ី។

មន្រ្តីវាយតម្លៃឯករាជ្យបានបញ្ជាក់ថា គម្រោងកសិកម្មដែលបានទទួលកិច្ចគាំទ្រពីអេឌីប៊ីនៅកម្ពុជា ផ្តោតទូលំទូលាយលើការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ជនបទ ដោយផ្តោតលើការស្តារប្រព័ន្ធធារាសាស្រ្ត ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទឹកជំនន់ ការគាំទ្រកសិករខ្នាតតូច និងការកសាងភាពធនទៅនិងការប្រែប្រួលអាកាសធាតុ៕

លោកបណ្ឌិត ម៉ា ឈឿន ក្រើនរំលឹកដល់អាជ្ញាធរស្រុកជើងព្រៃ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ពលរដ្ឋ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយធម្មជាតិខ្យល់កន្រ្តាក់ ដែលធ្វើឲ្យផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ នៅក្នុងភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ រងការបំផ្លិចបំផ្លាញ ធ្វើឲ្យរលំ និងប៉ើងដំបូលផ្ទះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញនាំយកនូវអំណោយសង្រ្គោះបន្ទាន់ ជាស្បៀង និងថវិកា ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារខាងលើ ដើម្បីចូលរួមជួយដោះស្រាយការលំបាក។

ស្ថិតក្នុងឱកាសនោះ លោក ម៉ា ឈឿន បានចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារ និងបាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។

ទន្ទឹមនេះ ឯកឧត្តម តំណាងរាស្រ្ត ម៉ា ឈឿន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ដោយសារ ឆ្នាំនេះ ប្រទេសកម្ពុជា បានទទួលរងនូវឥទ្ធិពល អ៊ែល នីណូ ទើបធ្វើឲ្យស្ថានភាពអាកាសធាតុ មានការប្រែប្រូលខ្លាំង ដោយមានទាំងគ្រោះរាំងស្ងូត ហើយនៅពេលមានភ្លៀវធ្លាក់ តែងតែកើតមាននូវបាតុភូតផ្គររន្ទះនិងខ្យល់កន្រ្តាក់ដែលរហូតមកដល់ពេលនេះ បានបំផ្លិចបំផ្លាញ ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅតាមរាជធានី-ខេត្តមួយចំនួន អស់រាប់ពាន់ខ្នងផ្ទះ។ ក្នុងន័យនេះ ដោយយោងទៅលើស្ថានភាពអាកាសធាតុដូចនេះ លោក ម៉ា ឈឿន បានយកឱកាសនោះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូទផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅពេលដែលមេឃភ្លៀងម្តងៗ ដើម្បីជៀងវាសនូវការទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ កើតឡើងចំពោះគ្រួសារជាយថាហេតុ។

ដោយឡែកចំពោះអាជ្ញាធរ ដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃស្រុកជើងព្រៃ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ពិសេសត្រូវចុះជួយសង្រ្គោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា តាមលទ្ធភាពរបស់ខ្លូន ដោយមិនត្រូវទុកប្រជាពលរដ្ឋរងគ្រោះចោល ដោយមិនបានគិតគួរនោះឡើយ។ ក្រៅពីនេះ ក៏ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លូន តាមរយៈការអនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់ និងឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារខាងលើ ត្រូវបាន ឯកឧត្តម តំណាងរាស្រ្ត ម៉ា ឈឿន បានឧបត្ថម្ភក្នុងមួយគ្រួសារនូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ១០ម៉ឺនរៀល។ ដោយឡែកគ្រួសារមួយ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ បានទទួលកៅស៊ូតង់មួយដុំ និងថវិកា ៥០ម៉ឺនរៀល ដោយ លោក ម៉ា ឈឿន បានបញ្ជាក់ថា អំណោយសង្រ្គោះបន្ទាន់នេះ គ្រាន់តែជាការចូលរួមសម្រូលការលំបាករបស់ បងប្អូនបានមួយគ្រាប៉ុណ្ណោះ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផល តាមរយៈ ការដំាដំណាំ និងប្រកបរបរផ្សេងៗទៀត ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចក្នុងគ្រួសារ។

សូមរំលឹកថា កាលពីវេលាម៉ោង ១៨ និង២០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១៩ខ្នងផ្ទះ នៅភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ រងការបំផ្លិចបំផ្លាញ់ ធ្វើឲ្យរលំនិងប៉ើងដំបូលផ្ទះ តែមិនបង្កឲ្យរបួសឆ្នាម និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ៕ ដោយ  សុផល 

លេងទូរស័ព្ទបណ្តើរ សាកថ្មបណ្តើរបណ្ដាលឲ្យឆក់យុវតីម្នាក់ស្លាប់ភ្លាមៗ

ខេត្តព្រៃវែង ៖ យុវតីម្នាក់បានឆក់ស្លាប់ភ្លាមៗ បន្ទាប់ពីនាងបានលេងទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ប្រភពពីក្រុមគ្រួសារថា រងគ្រោះ មានឈ្មោះធី ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ និងរៀបរាប់ថា មុនពេលកើតហេតុ យុវតីរងគ្រោះបានគេងនៅលើគ្រែក្រោមផ្ទះ ដោយបានចុចទូស័ព្ទលេងផងដែរ ពេលនោះស្រាប់តែលឺសម្លេងផ្ទុះ ធ្វើឲ្យយុវតីរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ដោយមានហូរឈាមតាមមាត់ គួរឲ្យរន្ធត់ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ។

ក្រោយមក សមត្ថកិច្ចបានចុះមកដល់ផ្ទះកើតហេតុ ហើយបានពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព ហើយបានបញ្ជាក់ថា យុវតីរងគ្រោះបានបញ្ជូលថ្មទូរស័ព្ទដោតនិងព្រីភ្លើង ហើយលេងទូរស័ព្ទ សាកថ្មបណ្តើរនិងលេងបណ្តើរ បណ្តាលឱ្យឆ្លងចរន្តភ្លើង ហើយក៏ឆក់ស្លាប់នៅលើផ្ទះរបស់ខ្លួនឯងតែម្តង។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពយុវតីឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុផល

អតិថិនជនបារម្ភពីតម្លៃទំនិញបើអាមេរិកដំឡើងពន្ធនាំចូលពីម៉ិកស៊ិកូ

បរទេស ៖ យោងតាមប្រជាជនមួយចំនួន នៅទីក្រុងម៉ិកស៊ីក បានឱ្យដឹងថា អតិថិជនអាមេរិកនឹងបង់ថ្លៃ ពន្ធ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើទំនិញនាំចូល ពីប្រទេសម៉ិកស៊ិក ចំនួន5 ភាគរយ។

លោក Trump បានប្រកាសថា ពន្ធ 5 ភាគរយ ដែលគ្របដណ្តប់លើផលិតផលរបស់ប្រទេស ម៉ិកស៊ិក ដែលត្រូវបានលក់ចេញ ទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបានអនុវត្តនៅថ្ងៃទី 10 ខែមិថុនា តទៅ ប្រសិនបើប្រទេសនេះ មិនបានបង្កើនសកម្មភាពអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួននោះទេ។

ប្រជាជនម៉ិចស៊ិកមួយចំនួន បាននិយាយថា ការដាក់ពន្ធលើទំនិញរបស់ម៉ិចស៊ិក នឹងនាំឱ្យមានការចំណាយខ្ពស់ សម្រាប់អ្នកនាំចេញ និងអ្នកផលិតម៉ិចស៊ិក ខណៈដែលអតិថិជនអាមេរិក នឹងបង់ថ្លៃពន្ធ ។

ការគំរាមកំហែងពន្ធនេះ នឹងមិនជួយកាត់បន្ថយភាពតានតឹងរវាង សហរដ្ឋអាមេរិក និង ប្រទេសម៉ិកស៊ិកទេ ហើយថែមទាំងបង្កើនភាពតានតឹងទៀតផង។ ប្រជាជន បាននិយាយថា ការការពារនិយមពាណិជ្ជកម្ម នេះ នឹងមិនផ្តល់ផលល្អចំពោះប្រជាជនម៉ិកស៊ិក ឬអាមេរិកនោះទេ ដោយប្រជាជនម៉ិកស៊ិក ការចំណាយលើការនាំចេញ នឹងកើនឡើងខ្ពស់ ហើយអតិថិជនអាមេរិក ត្រូវតែចំណាយច្រើនជាងមុន សម្រាប់ការទិញទំនិញម៉ិចស៊ិក។

ប្រជាជន និយាយថា សហរដ្ឋអាមេរិកកំពុង ដាក់លពន្ធទៅលើប្រទេសផ្សេង ដើម្បី ទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសទាំងនោះ។ ប្រជាជនទាំងនោះ បាននិយាយថា រដ្ឋាភិ បាលអាមេរិក កំពុងកែសម្រួលប្រព័ន្ធពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន ៕

ក្រុមហ៊ុនយន្តហោះប៊ូអ៊ីង 737 Max អត់លក់បានមួយសោះ ចាប់តាំងពីមានបញ្ហាធ្លាក់យន្តហោះ

បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុនយន្តហោះ ប៊ូអ៊ីង Dennis Muilenburg បាននិយាយ នៅក្នុង បទសំភាសន៍ទូរទស្សន៍ CNBC ថា ក្រុមហ៊ុន មិនទាន់បានទទួលការបញ្ជាទិញណាមួយ សម្រាប់ យន្តហោះ 737 Max នោះទេ ចាប់តាំងពីយន្តហោះប្រភេទនេះ ត្រូវបានផ្អាក ប្រតិ បត្តិការ បន្ទាប់ពីបានធ្លាក់ពីរដង។

ភាគហ៊ុនក្រុមហ៊ុន Boeing បានធ្លាក់ចុះជាង 1.5% បន្ទាប់ ពីបទសម្ភាសន៍ចាក់ផ្សាយ តាមទូរទស្សន៍។ កាលពីពេលថ្មីៗនេះ និយ័តករអាមេរិកបានបង្ហាញបញ្ហាថ្មីមួយ ពាក់ព័ន្ធនឹងយន្ដហោះ ប្រភេទ737 MAX ដោយនិយាយថា ម៉ូដែលយន្តហោះ ដែលមាន បញ្ហា ជាង 300 គ្រឿង និងយន្តហោះប្រភេទ737 ជំនាន់មុន អាចមានផ្នែកខ្លះ ផលិតមិនប្រក្រតី។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុន Azerbaijan Airlines ដែលបានលុបចោលកិច្ច សន្យា តម្លៃ 1 ពាន់លានដុល្លារ ដើម្បីទិញយន្ដហោះពីក្រុមហ៊ុននេះ 10 គ្រឿង។ លោក Muilenburg បាននិយាយផងដែរថា ក្រុមហ៊ុនរបស់លោក មិនបានផ្លាស់ប្តូរផែនការផលិតយន្តហោះ 737 MAX រយៈពេលវែងរបស់ខ្លួននោះទេ ។

លោកបានបន្ថែមថា យន្តហោះ 737 MAX នឹងត្រលប់មកវិញ មុនពេលចុងឆ្នាំនេះ ហើយលោកមានទំនុកចិត្តថា យន្តហោះទាំងនោះ នឹងមានសុវត្ថិភាព នៅពេលត្រលប់ មកធ្វើប្រតិបត្តិការវិញ៕

ស្ថានទូតម៉ាឡេស៊ី អបអរបុណ្យ ហារីរ៉ាយ៉ា ក្រោយតមអាហារអស់មួយខែ

ភ្នំពេញ ៖ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានរៀបចំនូវពិធីបុណ្យចូលឆ្នាំរបស់ខ្លួន ដែលហៅថា ហារី រ៉ាយ៉ា (Hari Raya) ដែលពិធីនេះ ត្រូវបានធ្វើឡើងដើម្បីអបអរ បន្ទាប់ពីសាសនិកអ៊ិស្លាមតមអាហារអស់រយៈពេលមួយខែ ក្នុងរដូវកាលនៃបុណ្យ រ៉ាម៉ាដាន ។

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អត្ថន័យនៃពិធីបុណ្យ Hari Raya គឺជាការប្រារព្ធរួមគ្នារវាងជនជាតិទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីពួកគេបញ្ចប់កម្មវិធីបួស តមអាហាររយៈពេលមួយខែ ចាប់ពីព្រះអាទិត្យរះ ដល់ព្រះអាទិត្យលិច ។ បន្ទាប់ពីនេះចប់ គឺគ្រប់ជនជាតិទាំងអស់នៅប្រទេសម៉ាឡេស៊ី នឹងប្រារព្ធរួមគ្នាមិនថាជនជាតិម៉ាឡេស៊ី ឥណ្ឌា ឬចិនឡើយ ។

លោកបន្តថា ពិធីបុណ្យ Hari Raya មិនមែនធ្វើតែក្នុងប្រទេសម៉ាឡេស៊ីនោះទេ គឺនៅគ្រប់ស្ថានទូតទាំងអស់នៅតាមបណ្ដាប្រទេសនានាលើពិភពលោក នឹងប្រារព្ធពិធីនេះដូចគ្នា ខុសតែថ្ងៃគ្នាប៉ុណ្ណោះ ជាក់ស្ដែងសម្រាប់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានធ្វើឡើងនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ ដែលជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំ របស់ម៉ាឡេស៊ី ហើយស្ថានទូតនៅតាមប្រទេសផ្សេងទៀតគេប្រារព្ធនៅថ្ងៃ បន្តបន្ទាប់ ដូចជាក្រោយចូលឆ្នាំ២ថ្ងៃឬ៣ថ្ងៃ ទៅតាមការកំណត់របស់ទូតនីមួយៗ។

លោកបន្ថែមថា នៅក្នុងពិធីបុណ្យមួយនេះ នឹងទទួលបានជោគជ័យខ្ពស់ និងមានការគាំទ្រពី អ្នកចូលរួមដែលត្រូវបានអញ្ជើញផងដែរ ហើយនៅឆ្នាំបន្តបន្ទាប់ទៀត ស្ថានទូតនឹងនាំមកនូវអ្វីដែលថ្មី ប្លែកៗ ផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដើម្បីអោយបានយល់ដឹងបន្ថែម ពីប្រទេសម៉ាឡេសស៊ី ដូចជា វប្បធម៌ ប្រពៃណី ម្ហូបអាហារម៉ាឡេស៊ីជាដើម ។

ពិធីបុណ្យ Hari Raya គឺជាឱកាសដ៏សំខាន់មួយ នៅក្នុងប្រតិទិនអ៊ីស្លាម ដែលបានប្រារព្ធដោយសាសនិក អ៊ីស្លាមទូទាំងពិភពលោក ,វាជាថ្ងៃបញ្ចប់នៃខែបួស ហៅថារ៉ាម៉ាដាន ។ ក្នុងអំឡុងបុណ្យរ៉ាម៉ានដាន សាសនិកអ៊ីស្លាមទូទាំងពិភពលោក ត្រូវតែតមអាហារ ក្នុងពេលថ្ងៃ គឺជាប់ពីព្រះអាទិត្យរះ ដល់ព្រះអាទិត្យលិច ក្នុងរយៈពេល៣០ថ្ងៃ ។

សាសនិកអ៊ីស្លាម ប្រើប្រតិទិនច័ន្ទគតិ ដើម្បីកំណត់ថ្ងៃសំខាន់ៗដូចជា Ramadan និងSyawal ដែលកើតឡើងក្នុងខែផ្សេងគ្នា ក្នុងប្រតិទិនគ្រីគូរៀន ជារៀងរាល់ឆ្នាំ ។ នៅក្នុងខែ Syawal សាសនិកអ៊ីស្លាមភាគច្រើន បើកទ្វារផ្ទះរបស់ពួកគេ ទទួលស្វាគមន៍មនុស្សគ្រប់គ្នា ដោយមិនគិតពីជាតិសាសន៍ វប្បធម៌ និងតួនាទីឡើយ ដើម្បីចូលរួមសប្បាយរីករាយទាំងអស់គ្នា ។

គួរបញ្ជាក់ថានៅក្នុងឱកាសនោះដែរ ក៏មានយាងនិងចូលរួមពីឥស្សរជនកម្ពុជា ជាច្រើន ដូចជាអ្នកអង្គម្ចាស់នរោត្តម អារុណ្យរស្មី លោកឧកញ៉ា និងអ្នកជំនួញល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ៕      ( ​រូបតំណាង)

រដ្ឋសភា នឹងបើកកិច្ចប្រជុំលម្អិតស្តីពីការទាញយកផលពីរ៉ែប្រេងកាត

ភ្នំពេញ ៖ នៅក្នុងដែនសមុទ្រកម្ពុជា មានប្លុកប្រេងកាតមួយចំនួន ដែលអាចទាញយកផលបាន ដែលនាំឱ្យកម្ពុជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងកិច្ចការនេះ ក្នុងនោះរដ្ឋសភាដែល ជាស្ថាប័នកំពូលរបស់ជាតិ បានអះអាងថា ខ្លួនបានធ្វើកិច្ចការនេះដោយប្រុងប្រយ័ត្នបំផុត ហើយនៅថ្ងៃស្អែក ទី៦ ខែមិថុនា នេះ រដ្ឋសភានឹងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ដើម្បីប្រមែប្រមូលមតិយោបល់ពីគ្រប់ផ្នែកទាំងអស់ មុននឹងជួបពិភាក្សាឱ្យបានល្អិតល្អន់ជាមួយតំណាង រាជរដ្ឋាភិបាលស្តីអំពីការទាញយកផលពីរ៉ែប្រេងកាតនេះ។

លោក ឈាង វុន សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់បែបនេះ នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា កាលពីព្រឹក ថ្ងៃទី៥ មិថុនា នេះ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៤ រួមមាន៖

១.ពិនិត្យសំណើសុំ អនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការងារធានាទូទាត់របស់រាជរដ្ឋាភិ
បាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក។

២.ពិនិត្យសំណើ សុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ
បាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក។

៣.ការពិនិត្យសំណើ សុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និង ៤.ការពិនិត្យសុំបញ្ចូល ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុ ម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ៕