All posts by មេគង្គ ប៉ុស្តិ៍

នគរបាលខេត្តកំពង់ចាម បិទសន្និបាតត្រួតពិនិត្យការងារប្រចាំឆ្នាំ២០១៨

ខេត្តកំពង់ចាម ៖ នៅសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្ត ធ្វើពិធីបិទសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាកខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា ភ្ញៀវកិត្តិយសរួមមាន លោកអភិបាលក្រុង ស្រុក ទាំងដប់ លោកប្រធានមន្ទីរពាក់ព័ន្ធ និងដោយមានការចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ-លោកអធិការរងនគរបាលក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សរុបចំនួន ៣០៣នាក់ ។

មានប្រសាសន៍បិទសន្និបាទ ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានកោតសរសេីរចំពោះស្នងការនគរបាលខេត្តកំពង់ចាម ដែលបានដឹកនាំកងកម្លាំង ក្នុងការងាររក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសេីរ ជូនប្រជាពលរដ្ឋ ចាប់តាំងពីថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត រហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ។

ព្រមទាំងបានសំណូមពរដល់កងកម្លាំងទាំងអស់ត្រូវបន្តការងារអោយបានល្អ ជាពិសេសអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព អោយបានល្អបន្ថែមទៀត ចូលរួមបង្ក្រាបបទល្មេីសគ្រឿងញៀន និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានល្អបន្ថែមទៀត ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។លោក បានបន្ថែមទៀតថា កងកម្លាំងនគរបាលទាំងអស់ខិតខំបន្តយកចិត្តទុកដាក់ និងត្រូវទទួលខុសត្រូវលេីសេវាសាធារណ:អត្តសញ្ញាណប័ណ្ណ តាមមូលដ្ឋានឲ្យកាន់ល្អប្រសេីរឡេីងបន្ថែមទៀត។ មួយវិញទៀតនោះ កងកម្លាំងត្រូវបន្តបំពេញតួនាទី បម្រេីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ពង្រឹង ទប់ស្កាត់បទល្មេីសផ្សេងៗតាមមូលដ្ឋាន ឲ្យបានសុខសាន្តក្នុងភូមិឃុំសង្កាត់ទាំង១០៩ឃុំសង្កាត់ ទូទាំងខេត្តកំពង់ចាម ។ ហេីយលោក សូមអំពាវនាវកុំឲ្យមានការភ័យខ្លាចចំពោះបណ្តឹងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានអោយសោះ ហេីយត្រូវជួយដោះស្រាយរាល់ទុក្ខលំបាកឲ្យពលដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជម្រុញឲ្យកងកម្លាំងបន្តខិតខំបំពេញការងារ និងរួមគ្នាកសាងអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែល្អប្រសើរឡើង ហេីយសូមកោតសសើ រដល់កងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តកំពង់ចាមទាំងអស់ក្នុងការបម្រើសន្តិសុខជូនពលរដ្ឋ ៕ ដោយ ៖ សុ ផល

អំពើហិង្សា និងការរំលោភបំពាននានាលើស្រ្តី និងកុមារ នៅតែជាបញ្ហាគួរឱ្យបារម្មណ៍

ភ្នំពេញ ៖ អំពើហិង្សាលើស្រ្តី ជាទម្រង់សកម្មភាពរំលោភបំពាននានា ដែលចាត់ទុកថា ជាការរំលោភសិទ្ធមនុស្ស និងមូលដ្ឋានគ្រឹះ នៃសេរីភាពរបស់ស្រ្តី បើទោះជាមានភាពរីកចម្រើន នូវ វិស័យសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាក៏ដោយ។

ដោយមើលឃើញយ៉ាងដូច្នេះ ក្លឹបអ្នកកាសែតកម្ពុជា និងក្រុមអ្នកធ្វើការ ដើម្បីស្រ្តី និងកុមារ នៅក្នុងប្រទេសកម្ពុជា បានរួមគ្នារៀបចំជាវេទិកាព័ត៌មានមួយ កាលពីរសៀលថ្ងៃទី៥ មីនា ស្តីពី អំពើហិង្សាផ្លូវភេទលើស្រ្តី និង កុមារី ដើម្បីឱ្យអ្នកសារព័ត៌មាន មានចំណេះដឹងបន្ថែមកាន់តែជ្រៅជ្រះ ក្នុងការធ្វើសំណេរ ឬ ការធ្វើអត្ថាធិប្បាយរបស់ខ្លួន ដើម្បីរួមចំណែក ធ្វើឱ្យអំពើហិង្សា និង ការរំលោភបំពាននានា នៅកម្ពុជាមានការថយចុះ ហើយឈានទៅលុបបំបាត់ ជាពិសេស រួមគ្នាដាក់បន្ទុកទៅលើជនល្មើសតាមផ្លូវច្បាប់ ចៀសវៀងលើកទឹកចិត្តជនល្មើស និងទម្លាក់កំហុសទៅលើជនរងគ្រោះដែលជាស្រ្តីនិងកុមារ។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយមានចំណែកកាន់តែសំខាន់ ក្នុងការលើកស្ទួយសិទ្ធសេរីភាព តម្លៃរបស់ស្រ្តីខ្មែរ ក្លឹបអ្នកកាសែត បានសហការជាមួយ បណ្តាញយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា រៀបចំជាវេទិការថ្ងៃនេះ ដល់អ្នកសារព័ត៌មាន ទាក់ទងនឹងអំពើហិង្សាលើស្រ្តី ជាពិសេស ការរំលោភពបំពានផ្លូវភេទលើស្រ្តី និងកុមារ ដែលនៅតែជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា។

លោកបន្តថា បើយើងទាំងអស់គ្នាចូលរួមចំណែកយ៉ាងសកម្មទៅលើបញ្ហានឹង វានឹងអាចទប់ស្កាត់ កាត់បន្ថយ ហើយឈានទៅលុបបំបាត់ អំពើទាំងនោះបាន ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងតម្លៃស្រ្តីខ្មែរ។ បញ្ហានេះលោកថានៅមានខ្វះចន្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

បើតាមរបាយការណ៍របស់អង្គការលីការដូរ ក្នុងឆ្នាំ២០១៧ ថា មានការណីអំពើហិង្សាផ្លូវភេទ កើតឡើងចំនួន១៤៧ករណី ក្នុងនោះមាន១២០ករណី រំលោភសេពសន្ថវៈ និង៦ករណីរំលោភសម្លាប់ ដែលជនរងគ្រោះចាស្រ្តីនិងកុមារ ។ គិតត្រឹមខែកញ្ញាឆ្នាំ២០១៨ មានករណីហិង្សាលើក្មេងស្រីប្រមាណ១១០ករណី ក្នុងនោះមានការរំលោភសេពសន្ថវៈ៩០ករណី និងរំលោភសម្លាប់៨ករណី។

លោកស្រី រស់ សុភា នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពទាំងនោះ ខ្វះការអនុវត្ត បណ្ដាលឲ្យការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ដ្រីនៅកម្ពុជា ជួបឧបសគ្គ។

គួរបញ្ជាក់ថា ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី បង្កើននូវយន្តការតាមដាន និងវាយតម្លៃចំពោះបណ្តាញសារព័ត៌មាន ក្នុងការអនុវត្តក្របប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន អំពើហិង្សាលើស្រ្តី៕

អ្នកទិញផ្ទះក្នុងគម្រោងថ្មី សុខា រ៉េស៊ីដេន សានកូ ក្រុងប៉ោយប៉ែត នឹងទទួលបានតូបក្នុងផ្សារ

ប៉ោយប៉ែត ៖ ក្រោយពីបញ្ចប់គម្រោងចំនួន 2កន្លងមក គឺគម្រោងលំនៅដ្ឋានប្រណិតនិងអគារសហកម្មសិទ្ធិខុនដូមីនៀមកំពស់21ជាន់ដែលជាអគារខ្ពស់ជាងគេក្នុងក្រុងប៉ោយប៉ែតនិងគម្រោងផ្ទះអាជីវកម្មសុខារ៉េស៊ីដេនឌឺព្រីមៀម ដោយជោគជ័យនោះកាលពីព្រឹកថ្ងៃទី6ខែមីនាឆ្នាំ2019ក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេនគ្រុបដែលជាក្រុមហ៊ុនអភិវឌ្ឃន៌ដ៌លេចធ្លោមួយនៅក្រុងប៉ោយប៉ែតបានប្រកាស់បើកគម្រោងថ្មីមួយគឺគម្រោងលំនៅដ្ឋានតំលៃសមរម្យ សុខារ៉េស៊ីដេនសានកូអភិវឌ្ឍលើផ្ទៃដី15ហិតាស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះតាមការបញ្ជាក់របស់លោកឈាន សុខាប្រធានក្រុមប្រឹក្សាភិបាល។

លោកបន្ថែមថាៈដែលទទួលបានការជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការចង្អុលបង្ហាញពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុល សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រសួងរៀបចំដែនដី នគររួបនីយកម្មនិងសំណង់មានឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររួបនីយកម្មនិងសំណង់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងសម្រួលដល់ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រូរបង្តៀនបុគ្គលិកកម្មករពលករឲ្យទទួលបានលំនៅដ្ឋានក្នុងតម្លៃសមរម្យប្រកបដោយសេចក្ដីថ្លៃថ្នូរ។

លោកប្រធានឈាន សុខារបញ្ជាក់ថានេះជាគំរោងទី3ហើយ ដែលក្រុមហ៊ុនលោកបានចូលរួមក្នុងការអភិវឌ្ឍន៏លំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្រុងប៉ោយប៉ែតតាមរយៈរដ្ឋបលក្រុងប៉ោយប៉ែត។ក្នុងតំបន់អភិវឌ្ឍន៌ថ្មីសុខារ៉េស៊ីដេនសានកូនិងក្លាយជាទីប្រជុំជនដ៌មានសក្កានុពលសេដ្ឋកិច្ចកិច្ចមួយថ្មីទៀតនៃក្រុងប៉ោយប៉ែតមានប្រជាពលរដ្ឋរស់នៅរាប់ម៉ីននាក់ ដោយគម្រោងនេះមានការសាងសង់អគារពាណិជ្ជកម្មធំៗចំនួន3អគារតូបផ្សារប្រមាណជាង600តួបមានសាលាអន្តជាតិ អគារកាស៊ីណូ សណ្ឋាគាររោងចក្រសួនកម្សានកន្លែងរៀបចំអាពាហ៏ពិពាហ៌និងអាហារដ្ឋានលើផ្ទៃបឹង8ហិតាផហដែរ។ផ្ទះអាជីវកម្មវីឡាលីងហៅស៌ វិឡាភ្លោះប្រមាណជាជាង700ល្វែងព្រមទាំងអគារខុនដូកំពស់15ជាន់ប្រមាណ10អគារដែលមានចំនួន4200បន្ទប់។

ចំពោះផ្ទះរចនាឡើងមានភាពទាកទាញនិងទាន់សម័យដែលរួមមានប្រភេផ្ទះអាជីវកម្ម វីឡាលីងហៅស៌និងប្រភេទវីឡាភ្លោះជាដើម។រីឯហេដ្ឋានរចនាសម្ពន្ធ័ត្រូវបានគិតគូរឡើងដោយមាន លក្ខណៈស្តង់ដាទំហំផ្លូវចាប់ពី10ម៉ែត្រ សួនច្បារនិងកន្លែងហាត់ប្រាណដែលបង្កើតឲ្យមានផាសុខភាព សោភណ្ឌ័ភាពនិងងាយស្រួលក្នុងការចរាចរណ៌។

ក្រុងប៉ោយប៉ែតជាទីតាំឋិតចំកណ្ដាលក្ថុងប៉ោយប៉ែតដែលតភ្ជាប់ពីផ្លូវជាតិលេខ5មកតំបន់សេដ្ឋកិច្ចពិសេសសាន់កូនិងជាប់ផ្លូវជាតិលេខ58តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសាខាក្រុងប៉ោយប៉ែត​៕

អាមេរិក ផ្ដល់២លានដុល្លារ សម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា

ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ២លានដុល្លារអាមរិក មកដល់កម្ពុជា ដើម្បីជួយគាំទ្រសកម្មភាពដោះមីន រយៈពេលពេញ១ឆ្នាំ ពិសេសលើការបោសសម្អាតគ្រាប់បែកចម្កោម។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ ហៅកាត់ថា CMAC បានសរសេរលើទំព័រហ្វ៊េសប៊ុក របស់លោក កាលពីម្សិលមិញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយមកអង្គភាពស៊ីម៉ាក់ ចំនួន ២លានដុលា្លរ សហរដ្ឋអាមេរិក សម្រាប់ដំណើរការរយៈពេល១២ខែ (០១ ខែមីនា ២០១៩-២៨ ខែកុម្ភ: ២០២០) ហើយគម្រោងនេះជាឆ្នាំទី២ នៃការដេញថ្លៃកាលពីឆ្នាំ២០១៨ កន្លងទៅ។

ការសម្រេចផ្ដល់ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើឡើងតាមរយៈមន្ត្រីគ្រប់គ្រងគម្រោងកម្មវិធីជំនួយដោះមីនមកពីក្រសួងការបរទេសអាមេរិក បានចុះទៅពិនិត្យសកម្មភាពប្រតិបត្តការរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តត្បូងឃ្មុំ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ។ លោកបន្តថា គម្រោងនេះជាកិច្ចសហការវាងអង្គភាពស៊ីម៉ាក់និងអង្គការNPA ដែលត្រូវចុះហត្ថលខាអនុវត្តគម្រោងរវាងCMAC និងNPA ដ៍ខ្លីខាងមុខនេះ។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសរុបចំនួន ៦.៤៧៧១ នាក់ក្នុងនោះជិត២ម៉ឺននាក់ ត្រូវបានស្លាប់ និងមានប្រមាណជាង៤ម៉ឺននាក់ ទៀតបានពិការភាព។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសមួយ ដែលបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីការដោះគ្រាប់មិនទាន់ផ្ទុះ ដែលកប់ក្នុងដីកាលពីសម័យសង្គ្រាម។ ក្រៅពីនេះ ក៏មានប្រទេសមួយចំនួនទៀត បានផ្ដល់ជំនួយដល់កម្ពុជា សម្រាប់បោសសម្អាតគ្រាប់មិនទាន់ផ្ទុះផងដែរ ដូចជា ប្រទេសអូស្ត្រាលី បារាំង ជប៉ុន សហភាពអឺរ៉ុបរួមទាំងទីភ្នាក់ងារបរទេស និងអង្គការអន្តរជាតិមួយចំនួនទៀតផងដែរ៕

ស្លាប់៣នាក់ របួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់រថយន្តដឹកដែកបុកជាមួយកាមរីឆ្លាម

ភ្នំពេញ ៖ មនុស្ស៣នាក់ បានស្លាប់នៅក្នុងគំនរដែក និងក្នុងទឹកប្រឡាយ និង២នាក់ទៀត រងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នា់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងរវាងរថយន្តធុនធំដឹកដែក ១គ្រឿង បានបើកបុជាមួយរថយន្តម៉ាក កាមរីឆ្លាម ១គ្រឿងទៀត។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីជិតភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចកន្លែងលក់សាច់ក្រកអាំងកំបូល ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកស្លាប់ទាំង៣នាក់ និងអ្នករងរបួស២នាក់មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ។
រថយន្តដឹកដែកពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ4A-1444 ខ្ទេចកាប៊ីនទាំងស្រុងក្លាយជាដែកអេតចាយ ហើយអ្នកបើកបរបានស្លាប់ និងប្រពន្ធរបួសធ្ងន់។រីឯរថយន្ត១គ្រឿងទៀតម៉ាកកាមរីឆ្លាមពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2H-2239 ជិះគ្នា៣នាក់ ស្លាប់២របួសធ្ងន់១។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកដែកបើកបរក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តកាមរីឆ្លាមបើកបរក្នុងទិសដៅពីលិចទៅកើត ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ សង្ស័យរថយន្តកាមរីឆ្លាមជែងរថយន្តផ្សេង ជ្រុលទៅបុកជាមួយរថយន្តដឹកដែកបណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំង២គ្រឿង ហើយរថយន្តដឹកដែកបានបុកដើមអំពិលទឹក១ដើមរលើងគល់ដួលរលំរាបដល់ដី រីឯកាប៊ីនរថយន្តនោះត្រូវបានដែកបុកផ្ទប់ខូចខាតក្លាយជាដែកអេតចាយ ហើយអ្នកបើកបរស្លាប់ក្នុងគំនរដែក។ចំណែកខាងរថយន្តកាមរីឆ្លាមខូចខាតទាំងស្រុងដូចគ្នានិងមានមនុស្សស្លាប់២នាក់ដោយម្នាក់ស្លាប់ផុតពីគំនរដែកនិងម្នាក់ទៀតស្លាប់ក្រោមគំនរដែកកប់ក្នុងទឹក ដោយឡែកអ្នកបកររងរបួសធ្ងន់។

ក្រោយពេលកើតហេតុនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យនិងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿងចេញ ពីក្នុងទឹកនិងទាញកសាកសពចេញប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឆ្លងចរន្តអគ្គិសនីឆេះអស់កុដិមួយខ្នងក្នុងវត្តកោះរការ នៅស្រុកកំពង់សៀម

កំពង់ចាម ៖ នៅយប់វេលាម៉ោង៣ព្រឹកទាប់ភ្លឺ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ មានអគ្គិភ័យមួយបានឆាបឆេះកុដ្ឋព្រះសង្ឃដែលគង់នៅវត្ត ទីបសិប្ពលីវនារាម កោះរកា ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជុំវិញវត្ត ហើយបាននាំគ្នាជួយបាញ់ទឹកពន្លត់ ហេតុការណ៍នេះបណ្តាលមកពីទុសេខ្សែភ្លើង ខណៈព្រះសង្ឃដែលកំពុងសឹងក្នុងកុដិនោះផងដែរ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះទៅដឹកនាំកងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៦គ្រឿង អស់ទឹក ៩ឡាន របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទើបគ្រប់គ្រងស្ថានភាពភ្លើងឆេះបានទាន់ពេលវេលា មិនរាលដាលដល់ទីកន្លែងផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា កុដិក្នុងវត្តកោះរកា នេះ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតសម្ភារ:មួយចំនួនធំ តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់អ្វីឡើយ។ នេះជាលើកទី២ ហើយ នៅក្នុងខែមីនា ឆ្នាំ២០១៩ ដែលកាលពីថ្ងៃទី១ ខែមីនា ក៏មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាមអស់ ១៦ខ្នងផ្ទះ នៅក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ផងដែរ ៕ ​ដោយ ៖ សុ ផល

ជីកដីធ្វើអណ្តូងយកទឹកបូមដាក់ស្រូវ បាក់ដីសង្កត់មនុស្សស្លាប់ម្នាក់

ព្រៃវែង ៖ ពិតជាគួរអោយអាណោចអាធ៌មខ្លាំងណាស់ កសិករម្នាក់ ដោយសារតែខ្វះទឹកធ្វើស្រូវ បានខំប្រឹងប្រើពលកម្មជីកដីធ្វើអណ្តូងយកទឹក បូមដាក់ស្រែ តែជាអកុសល ត្រូវដីបាក់សង្កត់បណ្តាលអោយស្លាប់ចោលប្រពន្ធ និងកូន៤នាក់។ ហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ខាងលិចចម្ងាយពីផ្ទះប្រហែល ២០០០ម៉ែត្រ ស្ថិតក្នុងភូមិខ្ចោងកណ្តាល ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះមានឈ្មោះព្រុំ.ស៊ាភេទប្រុសអាយុ២៩ឆ្នាំមុខរបរកសិករមានប្រពន្ធឈ្មោះ ទា ពីន អាយុ២៧ឆ្នាំ និងមានកូន ចំនួន៤នាក់ នៅក្នុងបន្ទុកស្រី៣នាក់ ដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

របាយការណ៍បញ្ជាក់បន្ថែមថា ជនរងគ្រោះ បានជីកដីធ្វើអណ្ដូងពីរនៅក្បែរគ្នា ដែលមានជម្រៅជ្រៅប្រហែល8ម៉ែត្រ ដើម្បីយកប្រភពទឹកបូមដាក់ស្រូវ ហើយនៅថ្ងៃកើតហេតុគាត់ (ជនរងគ្រោះ)ក៍បានចុះទៅចោះដី ដាក់ទុយោ បន្តពីអណ្តូងមួយ ទៅអណ្តូងមួយទៀត ដើម្បីឲ្យមានប្រភពទឹកច្រើនងាយស្រួលបូមដាក់ដីស្រែអោយបានគ្រប់គ្រាន់។ ប៉ុន្តែជាអកុសលអាក្រក់ ខណៈកំពុងតទុយោ នៅក្នុងអណ្តូង ស្រាប់តែដីបានបាក់ទៅសង្កត់គាត់បណ្តាលអោយដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយទទួលបានព៌តមាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ តែដោយសារដីសង្កត់មានជម្រៅជ្រៅ ទើបសមត្ថកិច្ច យកអេស្កា (អាx) មកកាយយកជនរងគ្រោះឡើងមក តែគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់មកសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការមានការចូលរួមពីមន្ត្រីនគរបាលជំនាញនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ភូមិ និងគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យ រូចបានបញ្ជាក់ថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសារបាក់ដីសង្កត់ប្រាកដមែន។ សពក៍បានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ជើងហោះហើរត្រង់ពីទីក្រុងម៉ានីល មកកម្ពុជានឹងចាប់ផ្តើមនៅដើមខែក្រោយ

ភ្នំពេញ ៖ ខាងភាគីហ្វីលីពីន បានបង្ហើបឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការហោះហើរត្រង់ពី ទីក្រុងម៉ានីល មកកាន់កម្ពុជានៅដើមខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដែលដំណឹងនេះធ្វើឲ្យខាងភាគីកម្ពុជាមានការត្រេកអរ។ កម្ពុជារំពឹងថា ការហោះហើរនេះនឹងនាំមក នូវចំនួនភ្ញៀវទេសចរបរទេសច្រើនឡើងថែមទៀតមកទស្សនាកម្ពុជា។

នៅក្រោយជំនួបពិភាក្សាស្តីពីការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនអាកាស ចរណ៍ហ្វីលីពីន នាព្រឹកថ្ងៃទី៥ មីនានេះ មន្ត្រីក្រសួងទេសចរណ៍ឲ្យដឹងថា កន្លងមកក៏មាន ការហោះហើរពីទីក្រុងសេប៊ូ មកកាន់ខេត្តសៀមរាប ៤ជើងក្នុង១សប្តាហ៍។

ដោយឡែក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនថ្មីដែលមានឈ្មោះថា ហ្វីលីពីន អ៊ែរឡាញ នឹងចាប់ ផ្តើមប្រតិបត្តិការហោះហើររបស់ខ្លួនដោយត្រង់មកកាន់កម្ពុជា នៅដើមខែមេសា ឆ្នាំ២០១៩ នេះចំនួន ៥ជើង ក្នុង១សប្តាហ៍ពីទីក្រុងម៉ានីលមកភ្នំពេញ ដែលការហោះហើរត្រង់នេះ គឺ ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដែលពួកគេមិនចូលចិត្តការហោះហើរដែលចុះ ចតច្រើនកន្លែង ដែលនាំឲ្យខាតទាំងពេលវេលា និងថវិកា។ នេះបើតាមការបញ្ជាក់របស់ លោក តុប សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ថោង ខុន សង្ឃឹមថា តាមរយៈការហោះហើរត្រង់ពី ទីក្រុងម៉ានីល មកកាន់ភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នាពេលខាងមុខនេះ នឹង នាំឲ្យអ្នកទេសចរហ្វីលីពីន ក៏ដូចជាអ្នកទេសចរជាតិសាសន៍ដទៃទៀតមកលេងកម្ពុជាកាន់តែ ច្រើនឡើង ហើយតាមការបញ្ជាក់របស់លោក តុប សុភ័ក្រ ដដែលថា យើងនៅមានប្រទេស ជាសមាជិកអាស៊ានមួយទៀត គឺប្រទេសឥណ្ឌូនេស៊ី ក៏នឹងបើកប្រតិបត្តិការជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា មកភ្នំពេញនៅដើមខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ផងដែរ៕

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងអភិវឌ្ឍន៍បន្ថែម ឆ្លើយតបកំណើនទំនិញឆ្លងកាត់

ភ្នំពេញ ៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ លោកបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធានគណៈកម្មការ បានអញ្ជើញចុះសិក្សាស្វែងយល់ ពីការងារកំពង់ផែស្វយ័តខេត្តព្រះសីហនុពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ហើយនៅ ក្នុងជំនួបពិភាក្សាថ្នាក់ដឹកនាំកំពង់ផែបានលើកឡើងថា ឆ្លើយតបកំណើនទំនិញឆ្លងកាត់ជា
លំដាប់ កំពង់ផែមានគម្រោងអភិវឌ្ឍន៍បន្ថែមទៀត នៅឆ្នាំ២០១៩នេះ។

លោក ផៃ រិទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត បានទទួល ស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កំពង់ផែ នេះ ធ្វើអាជីវកម្មលើផ្ទៃដី ១២៥ហិកតា ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបការលើកដាក់ទំនិញគ្រប់ប្រភេទ ដោយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ អត្រា កំណើនទំនិញកុងតេន័រឆ្លងកាត់កំពង់ផែជាមធ្យមប្រចាំឆ្នាំមានប្រមាណ ១១% បើគិតពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៦។ លោកថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ (JICA) កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានពង្រីកបន្ថែមប្រវែង ២៤០ម៉ែត្រ ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ និងបញ្ចប់នៅឆ្នាំ២០០៤។ ផែនេះ មានជម្រៅទឹក ១១ម៉ែត្រ មានកន្លែងដាក់កុងតេន័រទំហំជាង ៦ហិកតា និងអាចស្តុកកុងតេន័រ បានចំនួន៤៥៦០។

លោក ផៃ រិទ្ធី បន្តលើកឡើងថា យោងកំណើនប្រចាំឆ្នាំ បរិមាណកុងតេន័រឆ្លងកាត់ នឹងអាចកើនឡើងដល់ ១លាន ២សែន ៩ម៉ឺនធីអ៊ីយូនៅឆ្នាំ២០២៣។ ដូច្នេះ ដើម្បីឆ្លើយតបទៅ នឹងកំណើនខាងលើនេះរដ្ឋាភិបាលជប៉ុនបានផ្តល់កម្ចីសម្បទានប្រមាណ ២០៩លានដុល្លារអាមេរិកដល់កំពង់ផែស្វយ័ត ដើម្បីសាងសង់ចំណតផែកុងតេន័រថ្មីប្រវែង ៣៥០ម៉ែត្របន្ថែម
ទៀត៕

ប្រមុខការទូតកម្ពុជា ប្រាប់មន្ត្រីទូត កុំចុះញ៉មចំពោះបស្ចឹមលោក

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់ប្រាប់ទៅមន្ត្រីទូតកម្ពុជាទាំងអស់ថា មន្ត្រីទូតកម្ពុជា ត្រូវចេះធ្វើកាទូតសេដ្ឋកិច្ច ដើម្បីជួយជំរុញ និងទាក់ទាញវិនិយោគមកកម្ពុជា។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជាមិនប្តូរអធិបតេយ្យភាពជាតិ ឯករាជ្យភាពជាមួយជំនួយ ឬលក្ខខណ្ឌបរទេស នោះទេ។

នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់មន្ត្រីការទូតកម្ពុជាទាំងអស់ឲ្យខិតខំ ប្រឹងប្រែងធ្វើនយោបាយការទូតផ្នែកសេដ្ឋកិច្ច គោលដៅទាក់ទាញអ្នករកស៊ី ពីបណ្តាប្រទេសនានា និងមកកំសាន្តនៅកម្ពុជា។ លោក បានបញ្ជាក់ថា ជាមន្ត្រីការទូតគឺធ្វើយ៉ាងណារក្សាឲ្យបាននូវផលប្រយោជន៏ជាតិ អធិបតេយ្យភាពជាតិ ធានានូវសន្តិសុខ នីតិរដ្ឋ និងរក្សាឲ្យបាននូវការអភិវឌ្ឍសម្រាប់ជាតិ។ ទោះយ៉ាងណាកម្ពុជាកំពុងជួបនូវបញ្ហាប្រឈមមួយចំនួន ជាមួយបស្ចឹមលោក គ្រាដែលមហាអំណាចមួយចំនួនបានចាប់បង្ខំកម្ពុជាឲ្យ យើងធ្វើការជ្រើសរើសម្ខាងៗ ជាអ្វីដែលកម្ពុជាមិនចង់បាន។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាពិបាកធ្វើមិត្តជាមួយនរណាម្នាក់ ហើយទៅធ្វើសត្រូវជាមួយនរណាម្នាក់បានទេ។ អ្វីដែលកម្ពុជា ចង់បានគឺធ្វើមិត្តជាមួយបណ្តាប្រទេសណាៗទាំងអស់នៅលើពិភពលោក ប៉ុន្តែកម្ពុជាតែងតែព្រមានប្រទេសដទៃមិនឲ្យចូលលូកដៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ បស្ចឹមលោក បាននឹងកំពុងអនុវត្តស្តង់ដារពីរចំពោះកម្ពុជា ដោយយកលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងពហុបក្ស មកសង្កត់កម្ពុជា។ ទោះយ៉ាងណាប្រមុខការទូតកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិទៅដូរជាមួយនឹងជំនួយ និងលក្ខខណ្ឌទទួលបានប្រព័ន្ធអនុគ្រោះ ពន្ធនោះឡើយ។

តាមរបាយការណ៍ស្តីពីសមិទ្ធផល ដែលក្រសួងការបរទេសខ្មែរសម្រេចបាន ក្នុងឆ្នាំ២០១៨ អានដោយលោក អ៊ុច បូររិទ្ធ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ នាព្រឹកថ្ងៃទី៥ មីនានេះ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសជាមិត្ដចំនួន១៧២ ប្រទេស និងមានស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេសសរុបចំនួន៦០។ គិតត្រឹមឆ្នាំ២០១៨នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការជាមួយ៣៤ប្រទេស ។

ជាមួយគ្នានេះ កម្ពុជាបានរិតចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសជាច្រើននៅទ្វីបអាស៊ី អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា និងនៅអឺរ៉ុប ជាពិសេសបានចាប់ផ្តើម ធ្វើឲ្យរស់រវើកឡើងវិញ នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស អតីតសង្គមនិយមនៅអឺរ៉ុប។ ទន្ទឹងនឹងនោះ កម្ពុជាក៏បានកំពុងរៀបចំ បើកស្ថានបេសកកម្មការទូត នៅប្រទេសប៊ុលហ្ការី តួកគី និងស៊ែរប៊ី សំដៅបង្កើនទំនុកចិត្តផ្នែកនយោបាយ និងបើកច្រកទីផ្សារថ្មីផងដែរ៕

កម្ពុជា-ឡាវ ឯកភាពបើកច្រកទ្វារព្រំដែនបន្ថែម ខណៈបច្ចុប្បន្នទើបមានតែមួយ

ភ្នំពេញ ៖ កម្ពុជា-ឡាវ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាព ដើម្បីបើកច្រកទ្វារបន្ថែមទៀត ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ ខណៈបច្ចុប្បន្នកម្ពុជា-ឡាវ មានច្រកអន្ដរជាតិរួមគ្នាតែមួយប៉ុណ្ណោះ គឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាជាមួយ លោក វីល័យ ឡាខាំភូង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅរាជធានីភ្នំពេញ។

ច្រកដែលភាគីទាំងពីរកម្ពុជា ឡាវ នឹងធ្វើការពិនិត្យលទ្ធភាពបើកច្រកព្រំដែន គឺអាចរវាងខេត្តរតនគិរី ជាមួយនិងខេត្តអត្តពើ ឬក៏រវាងខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តមួយទៀតរបស់ប្រទេសឡាវ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឈានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ដើម្បីបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆ្លងដែន ពិសេសការយកចិត្តទុកដាក់ការជួញដូរគ្រឿងញៀន ការដាំដុះ និងការចរាចរណ៍គ្រឿងញៀនឆ្លងដែន។ ម្តេចក្រឡាហោមបានបន្តថា សម្តេចមានការពេញចិត្ត ពេញថ្លើមចំពោះសមទ្ធិផលដែលភាគីទាំងពីរបានធ្វើនាឆ្នាំកន្លងមកនេះ។

ភាគីទាំងពីរ នឹងបន្តខិតខំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមខ្សែបណ្តោយព្រំដែននៃប្រទេសទាំងពីរ ហើយអាជ្ញាធរគ្រប់កម្រិត នៃបណ្តាខេត្តជាប់ព្រំដែនក៏បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ដោយបានបង្កលទ្ធភាពងាយស្រួលក្នុងការធ្វើដំណើរការផ្លាស់ប្ដូរគណៈប្រតិភូ និងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

នេះបើតាម លោកឧត្តមសេនីយ៍ឯក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីចប់កិច្ចប្រជុំ។

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានអះអាងទៀតថា ក្រៅពីឯកភាពគ្នារឿងការបើកច្រកទ្វារព្រំដែនហើយនោះ កម្ពុជា-ឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាផងដែរ លើការបង្ការ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា មិនឲ្យបញ្ហាគ្រឿងញៀន មកគ្របដណ្ដប់លើប្រជាជននោះឡើយ៕

ការធ្វើ«ជំរឿនប្រជាជន» ជាចក្ខុវិស័យប្រាកដប្រជាសម្រាប់អនាគតប្រទេសជាតិ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការធ្វើជំរឿនរយៈពេល១០ឆ្នាំម្តង គឺដើម្បីរៀបចំនូវចក្ខុវិស័យសំរាប់អនាគតប្រទេសជាតិបន្តទៀត ជាពិសេស ត្រូវធ្វើយ៉ាងណាអោយសមស្របទៅកំណើនប្រជាពលរដ្ឋកម្ពុជា។

នៅព្រឹកថ្ងៃទី៥ ខែមីនា នេះ មន្ត្រីជំនាញទៅធ្វើជំរឿន នៅភូមិគ្រឹះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធិសភា លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារ បញ្ជាក់ឱ្យដឹងថា “ការធ្វើជំរឿននេះ គឺជាការស្រង់នៅទិន្នន័យចំនួនប្រជាពល និងមុខរបរតួនាទីច្បាស់លាស់មួយ ងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង សង្គមព្រមទាំងការ ធ្វើគោលនយោបាយជាតិ ផងដែរ ទៅតាមចំនួនប្រជាពលរដ្ឋដែលមាន។

លោក អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានស្នើមន្ត្រី ដែលធ្វើការងារ ចុះជំរឿនប្រជាពលរដ្ឋ តាមមូលដ្ឋាន ត្រូវចុះស្រង់មុខរបរ ឋានៈ តួនាទី និងកំរិតវប្បធម៌របស់បុគ្គលម្នាក់ៗដាក់ចូលក្នុងតារាងបញ្ជីស្ថិតិ ឲ្យបានច្បាស់លាស់ ដើម្បីរក្សាបានធនធានមនុស្សពិតប្រាកដ និងទទួលបានទិន្នន័យគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម បញ្ជាក់ថា ការងារជំរឿនប្រជាជន នៅកម្ពុជាឆ្នាំ២០១៩ បានធ្វើកិច្ចការជាមួយ ប្រធានមន្ទីរផែនការរាជធានី-ខេត្ត ហើយរំពឹងទុកថា នឹងទទួលបានភាពជោគជ័យ។

លោក ហួត ហៃ ថ្លែងថា ជំរឿនជាការងារអព្យាក្រិត្យ មិនពាក់ព័ន្ធសកម្មភាពនយោបាយ ពន្ធដារ ដីធ្លី ឬអន្តោប្រវេសន៍ឡើយ។ ការធ្វើជំរឿប្រជាជនទូទៅ បានប្រព្រឹត្តឡើងចំនួន៣លើក គឺលើកទី១ឆ្នាំ១៩៩៨ លើកទី២នៅ ឆ្នាំ២០០៨ និងលើកទី៣ ឆ្នាំ២០១៩។

ទាក់ទិនទៅនឹងការងារជំរឿននេះផងដែរ កាលពីថ្ងៃទី៤ ខែមីនា ម្សិលមិញ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូការពារទឹកជំនន់នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យចូលរួមចំពោះការងារ ធ្វើជំរឿន នៅទូទាំងប្រទេស។ ដោយសម្តេចតេជោ អះអាងថា “ជំរឿន នឹងផ្តល់អោយយើងបានរៀបចំនូវចក្ខុវិស័យ សំរាប់អនាគតប្រទេសកម្ពុជា”។ បញ្ហានេះ សម្តេចសុំអោយប្រជាពលរដ្ឋមេត្តាចូលរួមសហប្រតិបត្តិការ ជាមួយមន្ត្រីចុះជំរឿនឱ្យបានរលូនផងដែរ។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានជាតិ ស្ថិតិ នៃក្រសួងផែនការ មានប្រសាសន៍ថា ដើម្បីឲ្យការងារជំរឿនទទួលបានជោគជ័យ និងមានប្រសិទ្ធភាព វិទ្យាស្ថានជាតិស្ថិតិសុំឲ្យអភិបាលរាជធានី និងអាជ្ញាធរ តាមមូលដ្ឋានជួយជំរុញ ក្នុងកិច្ចការងារនេះ ដើម្បីទទួលបានជោគជ័យ មានភាពច្បាស់លាស់ ក្នុងការទទួលទិន្នន័យគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាពខ្ពស់។

ជំរឿនប្រជាជនកម្ពុជា លើកទី៣ នេះបានចាប់ផ្តើមនៅ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដោយប្រើប្រាស់មន្ត្រីជំរឿន ប្រមាណជាង ៥ម៉ឺននាក់ នៅទូទាំងប្រទេស ក្នុងនោះមន្ត្រីត្រួតពិនិត្យប្រមាណជាង ១ម៉ឺននាក់។ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ប្រាប់អ្នកកាសែតកន្លងទៅថា ប្រជាជនកម្ពុជាអាចនឹងកើនដល់ក្នុងរង្វង់ ១៦លាននាក់ ខណៈកំណើនប្រជាជនក្នុងមួយឆ្នាំ រង្វង់ ១,៦ ភាគរយ។

សូមបញ្ជាក់ថា ជំរឿនប្រជាជននៅកម្ពុជាត្រូវបាន ធ្វើឡើង រយៈពេល ១០ឆ្នាំម្តង ដោយជំរឿនលើកទី៣ ត្រូវបានកំណត់ ធ្វើនៅឆ្នាំ២០១៨ ក៏ប៉ុន្តែត្រូវលើកមកឆ្នាំ២០១៩នេះវិញ ដោយសារឆ្នាំមុន ប្រទេសនិងមន្ត្រីជាប់រវល់ នឹងការងារបោះឆ្នោតជាតិ នីតិកាលទី៦៕

ចេញពីរៀនឈ្នួល នាំគ្នាចុះលេងទឹកទន្លេលង់ស្លាប់ម្នាក់

ខេត្តកំពង់ចាម ៖ កុមារីជាសិស្សសាលាម្នាក់ បានលង់ទឹកទន្លេស្លាប់ ក្នុងពេលដែលមិត្តភ័ក្តិរបស់នាងម្នាក់ទៀត បានរស់ជីវិតទាំងព្រលឹងចុងសក់។

ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង១៥ និង៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងលង់ទឹកទន្លេ នៅចំណុចមុខវិទ្យាល័យដីដុះ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ក្រោយពីទទួលពត៌មាននេះភ្លាម សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បានជួយសង្គ្រោះ និងហៅឡានពេទ្យមកដឹកទៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ប៉ូលិសបានបន្តថា ក្មេងស្រីរងគ្រោះលង់ទឹកមានឈ្មោះ វុត្ថា សុដាលីន អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ «គ» សាលាឧត្ដរ មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពេលបញ្ជូនមកដល់មន្ទីពេទ្យ គ្រូពេទ្យបានប្រាប់ថា ក្មេងនេះបានស្លាប់បាត់បង់ជីវិតហើយ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ កុមារីរងគ្រោះបានចេញពីផ្ទះទៅរៀនឈ្នួល រហូតដល់ម៉ោង ១៤ និង ៣០នាទី ថ្ងៃដដែល នាងចេញពីរៀនឈ្នួល ក៏បានជិះកង់ជាមួយមិត្តភ័ក្តិរបស់នាងម្នាក់ទៀត មកលេងទឹកទន្លេនៅមុខវិទ្យាល័យដីដុះ ហើយលង់ទឹកស្លាប់តែម្ដង ដោយគ្មានអ្នកណាបានឃើញ និងជួយសង្គ្រោះឡើយ រីឯមិត្តភ័ក្តិរបស់នាងម្នាក់ទៀត បានស្រវេស្រវ៉ាឡើងមកលើគោកទាំងប្រផិតប្រផើយ។ ប៉ូលិសបានបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ច បានទំនាក់ទំនង់ផ្តល់ដំណឹងជូនអាណាព្យាបាលមកទទួលសាកសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

កម្ពុជា ជាប់ចំណាត់ថ្នាក់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេលើពិភពលោក

ភ្នំពេញ ៖ កម្ពុជា ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមប្រទេសដែលប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក ខណៈប្រទេសមានសេដ្ឋកិច្ចធំៗមួយចំនួន ដូចជាសហរដ្ឋអាមេរិកជាដើម បានធ្លាក់មកឈរនៅលេខរៀងទី៣៧។

យោងតាមរបាយការណ៍ចុងក្រោយអង្គការអន្តរជាតិធំមួយគឺ Global Wellness ដកស្រង់ចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី Straistimes នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩ បានអោយដឹងថា បណ្ដាប្រទេសតូចៗ ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ ត្រូវបាន ចាត់បញ្ចូលទៅក្នុងបញ្ជីចំណាត់ថ្នាក់កំពូលទាំង១០ នៃប្រទេសដែលប្រជាជនមានសុខ ភាពល្អជាងគេនៅលើពិភពលោក ខណៈប្រទេសមានសេដ្ឋកិច្ចធំៗដូចជាសហរដ្ឋ អាមេរិក ជាដើម បានធ្លាក់មកឈរនៅលេខរៀងទី៣៧ ឯណោះ។
បើតាមអង្គការ Global Wellness ប្រទេសដែលឈរលេខរៀងទី ១ ក្នុងនាមជាប្រទេស មានប្រជាជនមានសុខភាពល្អជាងគេ ក្នុងចំណោមប្រទេសដែលត្រូវបានធ្វើការ ស្ទាបស្ទង់ ចំនួន ១៥១ នោះគឺប្រទេសកាណា ហើយលេខ ២ បានទៅលើប្រទេសអូម៉ង់ និងអ៊ីស្លង់ឈរលេខ ៣។

ប៉ុន្តែភាគច្រើន ប្រទេសនៅទ្វីបអាស៊ីត្រូវបានគេមើលឃើញថា សុទ្ធតែបាន ជាប់ឈ្មោះក្នុងបញ្ជីកំពូលទាំង១០ ដែលមានដូចជាហ្វីលីពីន (ជាប់លេខ ៤), ម៉ាល់ឌីវ (លេខ ៥), ហូឡង់ (លេខ ៦), សិង្ហបុរី (លេខ ៧), ឡាវ(លេខ ៨), កូរ៉េខាងត្បូង (លេខ ៩) និងកម្ពុជាឈរនៅលេខរៀងទី ១០។

គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍របស់អង្គការ The Global Wellness នៅ ក្នុង សប្ដាហ៍នេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការដាក់ពិន្ទុលើ ១០ ធំៗក្នុងមាន ដូចជា កត្តា៖ សម្ពាធឈាម, ជាតិស្ករនៅក្នុងឈាម, ជាតិខ្លាញ់ ឬធាត់, ការបាក់ទឹកចិត្ត, សុភ មង្គល, ការប្រើប្រាស់ជាតិស្រវឹង, ការប្រើប្រាស់ថ្នាំជក់, ការធ្វើលំហាត់ប្រាណ, អត្រាលទ្ធ ភាព សង្ឃឹមរស់ និងការចំណាយរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ទៅលើវិស័យសុខាភិបាលជាដើម៕

លោក ភ្លន់ តារា ត្រូវបានផ្ទេរតំណែងទៅកាន់ជាមេបញ្ជាការរងយោធភូមិភាគទី៥

បន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បានសម្រេចដកកំណែងលោក ភ្លន់ តារា ឬ លោក ភ្លន់ ហុង ចេញពីមេបញ្ជាការតំបន់ប្រតិបត្តិការខេត្តបន្ទាយមានជ័យហើយ កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ ដោយដាក់ជំនួសមកវិញដោយលោក ជឹម ប៊ុនអាន អតីតមេបញ្ជាការរង និងជានាយសេនាធិការ។ ការប្រកាសដកមេបញ្ជាការរូបនេះ ធ្វើឡើងនៅក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការកសាងពង្រឹងអង្គភាព នៅទីញ្ជាការវរសនាតូច ៥២៣ កងពលតូចថ្មើរជើងលេខ ៥២ ស្ថិតក្នុងភូមិសាស្ត្រស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការក្រសួងការពារជាតិ។

សូមបញ្ជាក់ថា លោក ភ្លន់ តារា ត្រូវបានផ្ទេរភារកិច្ច ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដោយតែងតាំងជា មេបញ្ជាការរងយោធភូមិភាគទី៥ វិញ៕