All posts by មេគង្គ ប៉ុស្តិ៍

ឈ្មួញនៅតែបន្តលួចដឹកជ្រូករស់ពីវៀតណាមចូលស្រុករមាសហែក រាល់ថ្ងៃ

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះបង្ក្រាបក្រុមឈ្មួញលួចនាំកូនជ្រូករស់ពីប្រទេសវៀតណាម មកតាមច្រករបៀងឆ្លងដែនចូលមកទឹកដីរដ្ឋបាលស្រុករមាសហែក ប្រគល់អោយចការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែមិថុនា ២០១៩ នេះ ចំនួន៥៤ក្បាល យកទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី។

ទាក់ទងករណីនេះដែរ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមសមត្ថកិច្ចចរាចរសត្វការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង និងមន្ត្រីបសុព្យាបាលស្រុករមាសហែក បាន សហការជាមួយកងរាជអាវុធហត្ថ ស្រុករមាសហែក ឃាត់បានរថយន្តមួយគ្រឿង ម៉ាកតូយូតាដឹក កូនជ្រូករស់ចំនួន៥៤ក្បាល កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិត្រពាំងព្រីង ឃុំកំពង់អំពឹល ស្រុករមាសហែក សង្ស័យក្រុមឈ្មួញដឹកមកពីប្រទេសវៀតណាម។

ក្រោយពីសមត្ថកិច្ចឃាត់រថយន្តដើម្បីត្រួតពិនិត្យនិងសាកសួររកច្បាប់អនុញ្ញាតិគឺគ្មានទើបសមត្ថកិច្ចឃាត់រថយន្តរួមទាំងវត្ថុតាងកូនជ្រូកចំនួន៥៤ក្បាលយកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ដោយសង្ស័យមានផ្ទុកជំងឺប៉េស្តអាហ្វ្រិក មន្ត្រីជំនាញបានបូមឈាមកូនជ្រូកទាំងអស់ យកទៅពិនិត្យនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរាជធានីភ្នំពេញកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នេះ ប្រសិនបើមានផ្ទុកជម្ងឺគឺដកហូតយកទៅកំទេចចោលបើគ្មានផ្ទុកជំងឺនោះទេ និងធ្វើការផាកពិន័យតាមច្បាប់៕ ​ ដោយ ៖​ សុផល

កម្ពុជា ប្រកាសគាំទ្រ ទីម័រឡេស្តេ ចូលជាសមាជិកទី១១របស់អាស៊ាន

ភ្នំពេញ ៖ កម្ពុជា បានប្រកាសគាំទ្របេក្ខភាព ទីម័រខាងកើត (ទីម័រឡេស្តេ) ចូលជាសមាជិកសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន(ASEAN) ដែលនឹងរៀបចំនៅចុងឆ្នាំនេះ ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បើតាមលោក អ៊ាង សុផល្លែត បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគាំទ្រប្រទេសទីម័រឡេស្តេ ឲ្យចូលជាសមាជិករបស់អាស៊ាន ដោយសារសម្តេចយល់ឃើញថា ទីម័រមានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយជាសមាជិកអង្គការតំបន់មួយនេះ។ ការប្រកាសគាំទ្រទីម័រនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការ បរទេស និង សហប្រតិបត្តិការនៃសាធារណេដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក ឌីយូនីស្យូ ដាកូស្តា បាបូ ស័តរ៉េស(Dionisio da Costa Babo Soares) នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ឲ្យដឹងនៅក្រោយជំនួបថា ទាំងរដ្ឋាភិបាលទីម័រឡេស្តេ និងប្រជាជនទីម័រ សុទ្ធតែបានចាត់ទុកប្រទេសកម្ពុជា ជាបងប្អូនរបស់ខ្លួន ពិសេសទីម័រ អរគុណនិងគោរពចំពោះសម្ដេចតេជោ ហ៊ុន សែនដែលបានគាំទ្រចំពោះរដ្ឋាភិបាលក៏ដូចជាប្រទេសទីមរខាងកើតនាពេលកន្លងមក។ លោកបន្តថា ទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែប្រសើររវាងប្រទេសទាំងពីរ កម្ពុជានិងទីម័រខាងកើត ។

លោកបន្តថា សម្ដេចតេជោ សង្កេតឃើញថា ប្រទេសទីម័រលឡេស្តេ បានរៀបចំនូវខ្លួនយ៉ាងល្អក្នុងការចូលជាសមាជិកអាស៊ាន ទាំងការរៀបចំឲ្យមានស្ថានទូតទាំងនៅគ្រប់ប្រទេសទាំងអស់នៅក្នុងអាស៊ាន ក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការរបស់ទីម័រខាងកើត និងសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសទីម័រ។

សូមជម្រាបថា ប្រទេស ទីម័រខាងកើត មានប្រជាពលរដ្ឋចំនួនជាង ១ លាននាក់ ហើយបានប្រកាស ជារដ្ឋ ឯករាជ្យពីការគ្រប់គ្រងដោយប្រទេស ឥណ្ឌូណេស៊ី កាលពីឆ្នាំ២០០២ កន្លងទៅ គឺបានទទួលស្គាល់ដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់ (Kofi Annan) ផងដែរ។

គួររំឭកថា បច្ចុប្បន្ន អាស៊ានមានសមាជិកចំនួន១០ប្រទេស ហើយកំពុងមានកំណើតសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ប្រទសកម្ពុជា ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងក្រុមអាស៊ានថ្មី ជាមួយនឹងប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលចូលជាសមាជិកអាស៊ានក្រោយឆ្នាំ១៩៩០។ កម្ពុជាបានចូលជាសមាជិកអាស៊ាន ក្រោយគេ និងជាសមាជិកទី១០ នៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយឆ្នាំ២០១៩នេះ ក៏ជាខួប២០ឆ្នាំ នៃការចូលជាសមាជិកអាស៊ានផងដែរ៕ ដោយ ៖ នរិន្ទ្រ

កម្ពុជា សម្រេចជួលម៉ាស៊ីនភ្លើងពី អាល្លឺម៉ង់ និងហ្វាំងឡង់ សម្រាប់ផ្គត់ផ្គង់នៅភ្នំពេញ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេសនៅឆ្នាំនេះ ជាបទពិសោធន៏មួយសម្រាប់រាជរដ្ឋាភិបាល ដែលត្រូវបានគិតគូស្វែងរកប្រភពអគ្គិសនីមកជំនួស។ សម្តេចតេជោ បានថ្លែងដោយធានាថា នៅឆ្នាំក្រោយនេះ អ្នកនៅភ្នំពេញនឹងលែងខ្វះអគ្គិសនីប្រើប្រាស់ទៀតហើយ គ្រាដែលរាជរដ្ឋាភិបាលបានសម្រេចជួលម៉ាស៊ីនផលិតអគ្គិសនីដោយដើរប្រេងខ្មៅពីអាឡឺម៉ង់ និងហ្វាំងឡង់។ ការធានានេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីជាង៣ពាន់នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា នេះ។

នៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីជាង ៣ពាន់នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងជួលម៉ាស៊ីនផលិតអគ្គិសនីដើរដោយប្រេងខ្មៅពីប្រទេសអាឡឺម៉ង់ និងហ្វាំងឡង់ ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ សម្រាប់យកមកផ្គត់ផ្គង់នៅកម្ពុជា ពិសេសនៅភ្នំពេញ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ នៅខែតុលា ឆ្នាំនេះ ម៉ាស៊ីនទាំងពីរគ្រឿងនឹងមកដល់កម្ពុជា ហើយអ្នកនៅភ្នំពេញនៅឆ្នាំក្រោយ នឹងលែងខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ។ សម្តេចបានចាត់ទុកកង្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ជាបទពិសោធន៏ថ្មីមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលត្រូវរកដំណោះស្រាយ នៅគ្រាដែលរាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជាវាយតម្លៃខុស ចំពោះការរីកចំរើនលឿនរហ័ស។ បន្ថែមជាមួយនឹងការជួលម៉ាស៊ីនចំនួនពីរគ្រឿងពីអាឡឺម៉ង់ និងហ្វាំងឡង់នាពេលនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការក្នុងការផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ថាមពលអគ្គិសនី ដើរដោយធ្យូងថ្ម ជាដើម ជាមួយនឹងតបណ្តាញអគ្គិសនីដែលបញ្ជូនពីប្រទេសឡាវ មកកាន់កម្ពុជា ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកាលពីសប្តាហ៍មុននេះ សម្តេចបានពិភាក្សាជាមួយលោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនដើម្បីឲ្យរដ្ឋាភិបាលជប៉ុនជួយដល់កម្ពុជា លើបញ្ហាខ្វះខាតអគ្គិសនី ដោយសុំឲ្យជប៉ុនផ្តល់នូវហិរញ្ញប្បទាន ដើម្បីបន្តការវិនិយោគលើបណ្តាញតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ចាប់ពីព្រំដែនឡាវ មកដល់រាជធានីភ្នំពេញដែលមានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រោះកម្ពុជាបានចរចាជាមួយឡាវរួចហើយ ដោយឡាវមានអគ្គិសនីតែគ្មានទីផ្សារដើម្បីបញ្ចេញ។

គួរជម្រាបថា ដោយសារកម្ពុជារងនូវបាតុភូតអែលនីញូ បានធ្វើឲ្យកម្ពុជាបានរងនូវសម្ពាធអាកាសធាតុក្តៅហួតហែង នាំឲ្យខ្វះខាតទឹកមិនអាចផលិតជាថាមពលអគ្គីសនីបានក្នុងរយៈពេលចុងក្រោយនេះ។វារីអគ្គិសនីកម្ពុជា អាចផលិតអគ្គិសនីប្រើប្រាស់ បានប្រមាណ ១.៤០០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារខ្វះខាតទឹក វារីអគ្គិសនី អាចផលិតថាមពលអគ្គិសនីបានត្រឹមជិង ៦០០មេហ្គាវ៉ាត់ប៉ុណ្ណោះ​៕

 

​ក្រុមបុរសចិនឈ្លោះចាក់គ្នាផ្អើលប៉ូលីសខ្មែរ ម្នាក់ចូលពេទ្យ ២នាក់ចូលប៉ុស្តិ៍ខណ្ឌចំការមន

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានរងរបួសសន្លប់ដេកដួលក្នុងថ្លុកឈាម ក្រោយពេលជនជាតិចិន ៣នាក់ព្រួតគ្នាចាក់ចំនួន៣កាំបិត ដោយសារដើរប៉ះគ្នារួចជេរឌឺដងបង្កទៅជាជម្លោះ ចំណែកក្រុមជនដៃដល់២នាក់ក្នុងចំណោមគ្នីគ្នា៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្បែររបងស្ថានទូតចិន ផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតជនរងគ្រោះ និងក្រុមជនដៃដល់ បានដើរប៉ះគ្នា ខណៈនោះជនរងគ្រោះ បានជេរទៅលើជនសង្ស័យ ដែលមានគ្នា៣នាក់ ទើបក្រុមជនសង្ស័យបានដកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំនួន៣កាំបិត បណ្តាលអោយដេកដួលក្នុងថ្លុកឈាមសន្លប់បាត់ស្មារតីតែម្តង ហើយភ្លាមៗនោះ ត្រូវបានគេជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើការសង្រ្គោះបន្ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានដេញស្ទាក់ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ទី១ ៖ ឈ្មោះ HANG DONG ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តឆាំងស៊ូ ប្រទេសចិននិងជនសង្ស័យទី២ ៖ ឈ្មោះ YAN XIAO ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅខេត្តឆាំងស៊ូ ប្រទេសចិន ពួកគេទាំង២នាក់ទើបតែចូលមកស្នាក់នៅប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលជួលខុនដូ យីហោ១១២ នៅជិតកន្លែងកើតហេតុ។

ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងតែរត់គេចខ្លួន ត្រូវសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសនៅពេលក្រោយ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការទៅតាមនីតិវិធី៕ ដោយ ៖ ស.ស.

កម្មករប្រមាណ៦០នាក់ រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់រថយន្ត៤គ្រឿងបុកបន្តគ្នា

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានកម្មការិនីបម្រើការនៅរោងចក្រ យូលី ប្រមាណ ៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ៧៖០០ ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅភូមិលាប ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តស្ទូច ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 3E-6026 រថយន្តហាយលែនឌ័រ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR.9861 និងរថយន្តសាំយ៉ុង២គ្រឿង ដែលដឹកកម្មករទី១ពាក់ស្លាកលេខភ្នំពេញ 2Q.4946 និងទី២ ពាក់ស្លាកលេខកំពង់ស្ពឺ 2A.3239 ដែលបុកបន្ដកន្ទុយគ្នា។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស្ទូច១គ្រឿង បើកឡើងមកលើផ្លូវជាតិ ដោយមិនមានអ្នកធ្វើចរាចរណ៍ ស្របពេលនោះ រថយន្តហាយលែនឌ័រ និងរថយន្តសាំយ៉ុងដឹកកម្មករ២គ្រឿងទៀត បើកមកវៈអឺនឹងរថយន្តស្ទូច ហើយក៏បុកបន្តកន្ទុយគ្នាតែម្ដង។

សូមបញ្ជាក់ថា កម្មការិនីរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ជីភូ និងមន្ទីរពេទ្យនៅទីរួមខេត្តស្វាយរៀង ៕ ដោយ ៖ សុផល  

សមត្ថកិច្ចសម្រេចបញ្ជូនសំណុំរឿងប៉ូលិសស័ក្ដិ៣ លួច iPad ទៅតុលាការហើយ

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមិថុនា នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មួយរូបដែលលួច iPad គេ ទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ។

សូមបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះ ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ហើយកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។ បន្ទាប់ពីកោះហៅទៅសាកសួររួចមក ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

ទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មានថា «ករណីនេះ លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះរួចហើយ។

គួរជម្រាបថា ការចេញបញ្ជាឲ្យសមត្ថកិច្ចបញ្ជូនមន្ត្រីនគរបាលរូបនេះ ទៅតុលាការ នៅបន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ពីំមជ្ឈដ្ឋានទូទៅ ទាំងក្នុង និងក្រៅប្រព័ន្ធហ្វេសប៊ុក ដោយខ្លះបានរិះគន់លើចំណាត់របស់ក្រសួងសាមី ដោយលើកឡើងថា ហេតុអ្វីក៏បទល្មើសមួយនេះ ត្រូវសាមីក្រសួងធ្វើការវិនិច្ឆ័យទោសដោយខ្លួនឯង មិនប្រគល់សំណុំរឿងនេះទៅតុលាការ៕ ​ដោយ ៖ មុនី

ពីរសប្តាហ៍នេះ សាំងធម្មតាតម្លៃ ៣.៧៥០រៀល និងម៉ាស៊ូតតម្លៃ ៣.៦៥០រៀលក្នុង១លីត្រ

ភ្នំពេញ ៖ ថ្លៃប្រេងឥន្ធនៈត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ តម្លៃសាំងធម្មតា ៣.៧៥០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ ៣.៦៥០រៀលក្នុង១លីត្រ។

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់តម្លៃដូចខាងក្រោម ៖

រដ្ឋមន្រ្តីការពារជាតិចិន ថ្លែងថា គ្មានមូលដ្ឋានយោធារបស់ចិននៅកម្ពុជាទេ

សឹង្ហបូរី ៖ ឆ្លើយតបទៅនឹងសំនួររបស់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ នៅប្រទេសសឹង្ហបូរី នាថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៩ នេះ លោកនាយឧត្តមសេនីយ៍ វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបញ្ជាក់ថា អត់មានមូលដ្ឋានយោធារបស់ចិននៅកម្ពុជាទេ។

កន្លងមកមានលេចឮពាក្យចរចោមរ៉ាមថា ប្រទេសចិនបានកសាងមូលដ្ឋានយោធារបស់ខ្លួននៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ជាទីតាំង ដែលក្រុមហ៊ុន ញូញៀនមកពីប្រទេសចិនកំពង់ធ្វើការអភិវឌ្ឍ។

ការបដិសេធរបស់រដ្ឋមន្ត្រីការពារជាតិចិននៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ ជាការបញ្ចាក់ច្បាស់ថា ចិនអត់មានកសាងមូលដ្ឋានយោធានៅក្នុងប្រទេសកម្ពុជាទេ ។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ (The Shangri-La Dialogue) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំដោយ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនេះ អមតំណើរដោយ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខ ភ ម និង លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសក្រសួងការពារជាតិ ។

ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨នៅប្រទេសសឹង្ហបូរី ប្រមុខការពារជាតិមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកនិង អឺរ៉ុប បានឡើងថ្លែងសន្ទរកថាគន្លិះដើម្បីប្រាប់អោយពិភពលោកបានដឹងអំពីភាពស្មុកស្មាញ និង ការប្រឈម ផ្នែកសន្តិសុខក្នុងពេលបច្ចុប្បន្ន ព្រមទាំងបាន ចែក រំលែក នូវទស្សនៈសភាពការណ៍ថ្មីៗចំណេះដឹងនិងបទពិសោធន៏ ដើម្បីជាប្រយោជន៏នាំមកនូវ សន្តិភាព និង ស្ថេរភាពក្នុងតំបន់។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ពន្ធ័បញ្ហាសន្តិសុខក្នុងតំបន់ផងដែរ៕ ​ដោយ ៖ សត្យា 

ការលើកឡើងខុសគ្នាក្នុង«ទិវាសិទ្ធិកុមារអន្តរជាតិ»នៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី ១មិថុនា នេះ គឺជាទិវាសិទ្ធិកុមារអន្តរជាតិ លើកទី៧០។ ក្រសួងអប់រំ កម្ពុជាបានប្រារព្ធទិវាសិទ្ធិកុមារអន្ដរជាតិ ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព»។ ​ក្នុងឱកាសនេះ មានការលើកឡើងខុសគ្នារវាងអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ។

ដោយឡែក នៅក្នុងសុន្ទរកថាមួយសម្រាប់ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៧០ កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា លោក វង សូត បានលើកឡើង ថា ចំនួនកុមារដែលបានចុះឈ្មោះចូលរៀនមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ កម្ពុជាមានសាលាមត្តេយ្យសិក្សាគ្រប់រូបភាពចំនួន ៧ពាន់ ៧៨០កន្លែង កើនឡើងចំនួន ១៩៣កន្លែង ក្នុងនោះសាលាមត្តេយ្យសិក្សារដ្ឋមាន ចំនួន ៤ពាន់ ៣០១កន្លែង កើនឡើងចំនួន ១២៥កន្លែង មត្តេយ្យសិក្សាឯកជនមានចំនួន ៥០៩កន្លែង កើនឡើងចំនួន ៥៣កន្លែង និងមត្តេយ្យសិក្សាសហគមន៍មានចំនួន ២ពាន់ ៩៧០កន្លែង កើន ឡើង ១៥កន្លែង ហើយចំពោះកុមារដែលទទួលបានសេវាអប់រំមានចំនួន ៤សែន ២ម៉ឺន ៥ពាន់៤០៣នាក់ (ស្រី ២សែន ១ម៉ឺន ២ពាន់ ៤៥៧នាក់) ស្មើ ៤៩,៩៤%។ កុមារអាយុពី៣ ទៅ៥ឆ្នាំ បានទទួលសេវាអប់រំមានចំនួន ៣សែន ៧ម៉ឺន ៣ពាន់ ១៥៣នាក់ ស្មើ ៣៩,៩០% នៃចំនួនប្រជាជនអាយុពី៣ ទៅ៥ឆ្នាំ ស្រី ១សែន ៨ម៉ឺន ៦ពាន់ ៨៩នាក់ ស្មើ ៤០,៩០%។

ឆ្លៀតក្នុងឱកាសនៃទិវាសិទ្ធិកុមារអន្តរជាតិ នេះ អង្គការការពារសិទ្ធិមនុស្សហៅកាត់ថា លីកាដូ បានចេញរបាយការណ៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កុមារកម្ពុជាទទួលបានការគាំពារផ្នែកអប់រំ ខណៈមួយចំនួនទៀតកំពុងប្រឈមការរំលោភសេពសន្ថវៈ។ យ៉ាងណាក៏ដោយ កុមារនៅកម្ពុជា ពិសេសកុមារី នៅតែបន្តរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅក្នុងការរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទ។ បើតាមលោក អំ សំអាត នេះជាក្ដីព្រួយបារម្ភខ្លាំងមែនទែនសម្រាប់សង្គមស៊ីវិលព្រមទាំងសង្គមទាំងមូល និងទាមទារឲ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបន្ទាន់។ ជាក់ស្ដែងថ្មីៗនេះ ករណីរំលោភសម្លាប់បានកើតមានលើកុមារីក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ចាមជាដើម។

គួរជម្រាបផងដែរថា ក្នុងឱកាសកម្ពុជាកំពុងប្រាព្ធទិវាសិទ្ធិកុមារអន្តរជាតិ ១ មិថុនា នេះដែរ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កុមារីអាយុ ៨ឆ្នាំម្នាក់ ត្រូវបានឃាតកររំលោភសម្លាប់ រួមនិងប្អូនប្រុសបង្កើតរបស់នាងម្នាក់ទៀតដែលមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ ខណៈដែលក្មេងរងគ្រោះទាំងពី២នាក់ ត្រូវបានឪពុកម្តាយទុកចោលតាមទម្លាប់ជារៀងរាល់ថ្ងៃ ហើយចេញទៅធ្វើការនៅខាងក្រៅ។

ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី វង សូត ក៏បានលើកឡើងផងដែរអំពីកិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ចំពោះការធ្វើបច្ចុប្បន្នភាព អនីតិជនទំនាស់នឹងច្បាប់នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែតាមរាជធានី ខេត្ត ដែល មានអនីតិជនសរុបចំនួន ១ពាន់ ៥៦៥នាក់ (ស្រី ៨៩នាក់) ដោយបានសហការជាមួយអង្គការ សម្ព័ន្ធមេត្រីភាពពន្ធនាគារផ្តល់ការគាំទ្រដល់ជនជាប់ឃុំសរុបចំនួន ១ពាន់ ២១៤នាក់ (ស្រី ៥៧៤នាក់)។ បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់ គ្រឿងញៀនចំនួន ៨៩៨នាក់ (ស្រី ២៣២នាក់) មានជំនាញកាត់ដេរ ៥១១នាក់ សំអាងការ ៨៨ នាក់ កុំព្យូទ័រ ១៩៥នាក់ និងកាត់សក់ ១០៤នាក់៕ ដោយ ៖ នរិន្ទ្រ                            (​រូបភាព របស់ក្រសួងបរិស្ថាន)

សមត្ថកិច្ចក្រុងព្រះសីហនុកំពុងចាត់ការលើឃាតកររំលោភសម្លាប់ក្មេងពីរនាក់នៅស្រុកព្រៃនប់(Video)

ខេត្តព្រះសីហនុ ៖ ជនដៃដល់ដែលរំលោភសំលាប់ក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ បានសមត្ថកិច្ចបញ្ជូនមកដល់ខេត្តព្រះសីហនុហើយ នៅវេលាម៉ោង ១ ៖ ១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យជាឃាតករបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យរូបគេសម្លាប់ក្មេងទាំងពីរនាក់នោះ មកពីគេស្រវឹងស្រាខ្លាំង ហើយមាន គ្រឿងញៀននៅក្នុងខ្លួនផងនោះ ក៏បណ្ដាលឱ្យចិត្តគេហ៊ានធ្វើអំពើឃោរឃៅសម្លាប់ក្មេងទាំងពីរនោះតែម្ដង។

ជនសង្ស័យដដែលបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានទៅទិញគ្រឿងញៀនពីបុរសម្នាក់ឈ្មោះ សាលា នៅឆ្នេរអូឈើទាល បន្ទាប់មករូបគេក៏ទៅទិញស្រាថ្នាំយកមកអង្គុយផឹកក្នុងបន្ទប់ជួល ពេលនោះរូបគេក៏ចេញពីក្នុងបន្ទប់ជួល ដោយដើរមកកាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះ ហើយឃើញក្មេងស្រីនោះ កំពុងតែលេងម្នាក់ឯងរូបគេក៏ចូលទៅប្រលែងលេងជាមួយបន្ទាប់មកធ្វើឲ្យរូបគេមានអារម្មណ៍ផ្លូវភេទជាមួយក្មេងស្រីនោះរូបគេក៏យកខ្នើយមកខ្ទប់មុខក្មេងស្រី ហើយនឹងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីនោះរហូតដល់សន្លប់បាត់ស្មារតីតែម្តង។ ជនដដែលនេះបន្តថា បន្ទាប់មក ប្អូនប្រុសរបស់ក្មេងស្រីនោះ បានចូលមកដល់ ហើយខ្លួនខ្លាចបែកការណ៍ក៏ស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះចំនួន ៦ដៃ ហើយទាត់មួយជើងទៀតទៅផ្ទប់នឹងជញ្ជាំង បណ្ដាលអោយក្មេងប្រុសនោះស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។

បន្ទាប់មករូបគេក៏រត់មកផ្ទះជួលរបស់ខ្លួនវិញ ហើយបបួលប្រពន្ធរបស់ខ្លួនទៅស្រុកកំណើតនៅឯស្រុកមេសាង ខេត្តព្រៃវែង វិញ រហូតត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនដល់ផ្ទះតែម្តង៕ ដោយ ៖ សុផល

ចាប់បានហើយ ! ជនដៃដល់ដែលរំលោភសម្លាប់​ក្មេងស្រីម្នាក់ ប្រុសម្នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ សមត្ថកិច្ចតាមចាប់ខ្លួនបានហើយ ជនដៃដល់ដែលរំលោភសម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ជាបងប្អូនបង្កើត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីជននេះ បានរត់ទៅសំងំលាក់ខ្លួនក្នុងស្រុកមេសាង ខេត្តព្រៃវែង។

អំពើឃាតកម្មដ៏សាហាវខាងលើនេះ បានបណ្តាល ឲ្យមានការប្រកាសថ្កោលទោសយ៉ាងខ្លាំងៗ តាមបណ្តាញសង្គម Facebook រហូតប្រជាពលរដ្ឋខ្លះ បានបញ្ចេញមតិឲ្យសមត្ថកិច្ចពេលចាប់បាន វាយសម្លាប់ចោលទៀតផង តែយ៉ាងណាក៏ដោយ ប្រទេសមានច្បាប់ ជនដែលប្រព្រឹត្តខុសត្រូវកាត់ទោសដោយតុលាការ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា «ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែង និ ងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

គួរំលឹកផងដែរថា ក្មេងប្រុសស្រី២នាក់បងប្អូននេះ ត្រូវបានឪពុកម្តាយចាកចេញទៅធ្វើការងារបាត់ ទម្លាប់ទុកចោលឱ្យពួកគេនៅផ្ទះរបៀបនេះ ជារៀងរាល់ថ្ងៃ។ អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំចាប់រំលោភកុមារី អាយុ ៧ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងប្រុសជាប្អូន បានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបង ដែលរងការរំលោភមុនពេលសម្លាប់ ត្រូវបានក្រុមគ្រួសារព្យាយាមជួយដឹកទៅសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ ហើយបានបាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ក្នុងថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ៕ ដោយ ៖ សុផល

កាកបាទក្រហមកម្ពុជាផ្ដល់អំណោយដល់គ្រួសារកុមារីរងគ្រោះរំលោភសម្លាប់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ទី ៣១ ខែ ឧសភា ម្សិលមិញនេះ លោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងសហការី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសពកុមារី ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ និងកុមារា ផា សុខលី អាយុ ២ឆ្នាំកន្លះ ត្រូវជាកូនគ្រួសារកម្មករសំណង់ទីទ័លក្រ ដែលទទួលមរណភាពដោយ ជាអំពើរំលោភសម្លាប់នៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ ។

ស្ថិតក្នុងសភាពទុក្ខដ៏សោកសង្រេងនេះ លោក ម៉ាង ស៊ីណាត ជួសមុខឲ្យ ឯកឧត្តមប្រធានកិត្តិយសសាខ លោកប្រធានគណៈកម្មធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកយាយ និងចៅជាទីស្រលាញ់នៅក្នុងគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពអ្នកទាំងពីរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកបានសូមអំពាវនាវដល់ឲ្យសមត្ថកិច្ចរកមុខឃាតករឲ្យកានតែឆាប់ ដើម្បីយកមកផ្តន្ទោទោសទៅតាមច្បាប់។

សម្ភារៈចូលរួមរំលែកទុក្ខរួមមាន ៖ អង្ករ ១០០ គីឡូក្រា មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងបច្ច័យមួយចំនួនទៀត៕ ដោយ ៖ ផ.ណ

នគរបាលខណ្ឌដង្កោឃាត់ខ្លួនបុរសម្នាក់ក្រោយរំលោភក្មេងស្រីអាយុ៥ឆ្នាំ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រលួសខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ក្នុងគុម្ពោតព្រៃរហូតបានសម្រេច ត្រូវបានម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេង ណុប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយយាយ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ប.ន.ត អាយុ៥ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-3280 ។

មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះមានអាយុ២៥ឆ្នាំ បាននាំក្មេងស្រីរងគ្រោះទៅចូលរួមកម្មវិធីចេញខែកូន(ខួបកំណើតកូន)
របស់បងប្រុសដែលមានផ្ទះជាប់របងគ្នា ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលកំពុងតែហូបចុកសប្បាយ ស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនដឹងទៅណាទេ ហើយម្តាយនិងឪពុក បានដើររកកូន (ក្មេងស្រីរងគ្រោះ) ក៏បានឮសម្លេងក្មេងស្រីរងគ្រោះយំដើរចេញពីគុម្ពោតព្រៃ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកម្មវិធី រួចម្តាយក៏បានដើរសំដៅទៅរកកូន ហើយលើកកូនពរសួរថា ហេតុអ្វីកូនឯងយំ? ក្មេងស្រីរងគ្រោះប្រាប់ថា ជនសង្ស័យបានចាប់រូបនាង(ក្មេងស្រីរងគ្រោះ) រ ធ្វើអោយមានការឈឺចាប់ទើបយំ ហើយម្តាយក្មេងស្រីរងគ្រោះបានពិនិត្យមើលប្រដាប់ភេទ ឃើញមានស្នាមជាំលើប្រដាប់ភេទក្មេងស្រីរងគ្រោះរំលោភរហូតបានសម្រេច និងមានស្នាមក្តិចមូលជាំនៅលើភ្លៅខាងស្តាំ០២កន្លែង ឆ្អឹងជំនីខាងឆ្វេង០២កន្លែង ។

បន្ទាប់មកម្តាយជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចអោយទៅជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ហើយម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

បុរសវ័យ៧១ឆ្នាំម្នាក់ស្លាប់ពេលរួមដំណេកជាមួយស្ត្រីកំណាន់វ័យក្មេង

ភ្នំពេញ ៖ បុរសវ័យ ៧១ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់ ដែលទំនងជាគាត់មានអារម្មណ៍រំភើបខ្លាំងពេក ខណៈបុរសវ័យចំណាស់រូបនេះ បានរួមដំណេកជាមួយស្ត្រីកំណាម់វ័យក្មេងម្នាក់ ដោយគ្មាននរណាអាចជួយសង្គ្រោះជីវិតគាត់បានទាន់ពេលឡើយ។

ករណីស្លាប់ដ៏គួរឲ្យសង្វេគនេះ បានកើតឡើនៅវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់លេខ ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ុ លន់ អាយុ៧១ ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ( ម្តងនៅផ្ទះកូននេះ ម្តងនៅផ្ទះកូននោះ រកកន្លែងឲ្យប្រាកដមិនឃើញ) មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកស្ត្រីជាដៃគូមានឈ្មោះ ឆ ស ផ អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាមេស្ត្រីម៉ាយ កូនមួយ។

តាមប្រភពពីស្ត្រីដែលស្នាក់នៅក្នុងបន្ទប់នោះដែរ ត្រូវជាប្អូនស្រីបង្កើត របស់ឈ្មោះ ឆ ស ផ បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួន ស្គាល់ស្រឡាញ់គ្នា តាំងពីអំឡុងខែ កុម្ភ: ឆ្នាំ២០១៩ មកម្ល៉េះ អស់រយ:ពេលជាង៣ខែមកហើយ កន្លងមកគាត់គ្រាន់តែមកលេង មួយភ្លែតៗទេ ហើយទៅវិញបាត់ ទើបតែនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ បងស្រីរបស់ខ្លួនឈឺមិនស្រួលខ្លួន ទៅចាក់ថ្នាំដាក់សេរ៉ូម នៅផ្ទះពេទ្យ ផ្សារព្រៃទា ហើយលោកតា ក៏បានមកមើលដែរ លុះដល់ល្ងាច លោកតា ក៏មិនបានវិលទៅវិញដែរ សុំដេកនៅក្នុងបន្ទប់ គ្នា៣នាក់ រហូតដល់វេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា នេះ បងស្រីបានប្រាប់ឲ្យខ្លួនទៅធ្វើការទៅ រូបគាត់មិនសូវស្រួលខ្លួន មិនទៅធ្វើការទេ នៅសល់ក្នុងបន្ទប់តែបងស្រី និងលោកតា ២នាក់ ដេកក្នុងបន្ទប់ ស្រាប់តែនៅវេលាម៉ោង ៦និង៥០នាទី ទើបឮដំណឹងថា លោកតាគាំងបេះដូងសន្លប់ ទើបវិលមកវិញ ហៅរកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ តែពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោឡើង ខណ:ដែលកូនចៅលោកតា មិនដឹងជានៅឯណា ក៏នាំគ្នារាយការណ៍ប្រាប់ប៉ូលិសចុះទៅពិនិត្យមើលតែម្តង។

តាមស្ត្រីឈ្មោះ ឆ ស ផ បាននិយាយទាំងអៀនផង ភ័យផង ថា មិនដឹងជាយ៉ាងម៉េចទេ ស្រាប់តែគាត់ញាប់ញ័រខ្លាំង រហូតទន់ដៃជើង ហើយក្លាយជារឿងគួរឲ្យរន្ធត់បែបនេះ។

ទោះជាយ៉ាងណាក្តី ក្រោយពីដឹងថា លោកតាស្លាប់ដោយសាររួមដំណេក(ស្លាប់លើបង្គង) ត្រូវបានប្រជាពលរដ្ឋ មេភូមិ តាមស្រាវជ្រាវស្វែងរកសាច់ញាតិកូនចៅនៃសព ដោយបានហៅកូនប្រុសលោកតារងគ្រោះម្នាក់ទៅដល់កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ដែលធ្លាប់ដឹងពីជីវិត និងអារម្មណ៍របស់ឪពុក គាត់ចូលចិត្តដើរបែបនេះ គាត់ក៏មិនប្តឹងផ្តល់អ្វីដែរ ធ្វើយ៉ាងណាមានតែឲ្យប៉ូលិស ជួយធ្វើលិខិតមរណភាព សម្រាប់ដឹកសពទៅធ្វើបុណ្យនៅវត្តពោធិចិនតុង តាមគន្លងប្រពៃណីប៉ុណ្ណោះ ។

តាមសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ សុផល

ក្រុមហ៊ុនអគ្គិសនី General Electric នៅបារាំងគ្រោងកាត់បន្ថយពលកម្ម១ពាន់កន្លែង

បរទេស ៖ ប្រភពពីសហជីពមួយ បាននិយាយថា ក្រុមហ៊ុនអគ្គិសនី General Electric (GE) របស់ អាមេរិក បានប្រកាសផែនការមួយ ដើម្បីកាត់បន្ថយការងារចំនួន 1000 កន្លែង នៅក្នុងប្រទេសបារាំង ជាការផ្លាស់ប្តូរមួយ ដែលធ្វើអោយក្រុមហ៊ុនអាមេរិកមួយនេះ មានការខ្វែងគំនិតគ្នា ជាមួយរដ្ឋាភិបាលបារាំង ដែលបានទទូចមិនអោយក្រុមហ៊ុនអគ្គិសនី General Electric GE កាត់បន្ថយការងារ នៅក្នុង ប្រទេសបារាំង។

ការកាត់បន្ថយការងារ តាមផែនការរបស់ក្រុមហ៊ុនអគ្គិសនី General Electric GE នឹង កើតឡើងតាមគោលការណ៍ នៅតំបន់ Belfort នៅភាគខាងកើតប្រទេសបារាំង។ តំបន់ Belfort បានប្រឈមនឹងហានិភ័យនៃការកាត់បន្ថយការងារ ខណៈដែលក្រុមហ៊ុន អគ្គិសនី General Electric GE ស្វែងរកការសន្សំសំចៃប្រាក់ ហើយ រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយ កាលពីសប្តាហ៍មុនថា លោកបានស្នើសុំឱ្យក្រុមហ៊ុន អគ្គិសនី General Electric GE កុំបិទកន្លែងណាមួយនៅប្រទេសបារាំង ឡើយ។

កាលពីខែមុន ក្រុមហ៊ុនអគ្គិសនី General Electric GE បានរាយការណ៍ នៅក្នុងត្រីមាស ទីមួយ របស់ខ្លួនថា ក្រុមហ៊ុនបានបង្កើតប្រាក់ចំណេញកាន់តែច្រើន ហើយបានបាត់បង់ សាច់ប្រាក់តិច ជាងការរំពឹងទុក ទោះជានាយកប្រតិបត្តិក្រុមហ៊ុនថ្មី លោក Larry Culp បានព្រមានថា ក្រុមហ៊ុននៅតែមានបញ្ហាលើសម្ពាធលំហូរសាច់ប្រាក់អវិជ្ជមានក៏ដោយ៕