All posts by មេគង្គ ប៉ុស្តិ៍

ចិន សន្យាជួយរកទីផ្សារបន្ថែមសម្រាប់ទិញកសិកផលរបស់កម្ពុជា

ភ្នំពេញ ៖ ចិន ប្រកាសថា នឹងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍគ្រប់វិស័យ ជាពិសេស ចិននឹងខិតខំបង្កើនការបើកទីផ្សារសម្រាប់ទិញកសិកផល និងផលិតផលរបស់កម្ពុជាឲ្យច្រើនបន្ថែមទៀត។ នេះជាការបញ្ជាក់របស់លោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន ខណៈចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន សែន នាយករដ្ឋមន្ត្រី នៅ វិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៩។

ការប្រកាសបន្តបើកទីផ្សារទិញកសិផល និងផលិតផលរបស់កម្ពុជាពីសំណាក់អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន គឺនៅគ្រាដែលចិនបាន ទទួលទិញអង្ករកម្ពុជាឲ្យបាន៤០ម៉ឺនតោន ជាមួយនឹងការទទួលទិញចេកអំបូងលឿងពីព្រះរាជាណាចក្រកម្ពុជាទៀតផង។ លោក បានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា គឺដើម្បីជំរុញ នឹងបន្តអនុវត្តរាល់កិច្ចការទាំងឡាយ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរពី គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។

កម្ពុជា និងចិន គឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជាចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត ហើយអ្វីដែលបានចុះហត្ថលេខាជាមួយគ្នានៅពេលកន្លងមក នៅក្នុងកិច្ចប្រជុំខ្សែក្រវ៉ាត់ និងផ្លូវនៅប្រទេសចិន គឺកំពុងត្រូវបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ ពិសេស នាំមកនូវជាមួយផងដែរផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ សម្រាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀតផង។

សូមជម្រាបថា លោក វ៉ាង យ៉ាជុន នឹងទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាលើដើម្បីសិក្សាលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគ និងឧស្សាហកម្មយ៉ាងណាដើម្បីការវិនិយោគ និងឧស្សាហកម្មនៅក្រុងព្រះសីហនុ មានការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី ចិន លីខឺឈាំងនិងលោក សុង តាវ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ក្នុងឱកាសនោះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះការជំរុញការវិនិយោគចិនមកកាន់កម្ពុជានិងការបើកចំហរទីផ្សារកសិផល និងផលិតផលរបស់កម្ពុជា ផងដែរ៕

ព្រះមហាក្រត្សយាងទៅប្រទេសបារាំងដើម្បីចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ ICC-Angkor

ភ្នំពេញ ៖ ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៣ ខែឧសភា គ.ស ២០១៩នេះ នឹងយាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះរាជធិបតីកិត្តិយសក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃនាព្រឹកថ្ងៃទី២៣ ឧសភា នេះ មានថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នរបស់ជាតិ ដូចជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងព្រះញាតិវង្សជាច្រើនអង្គផ្សេងទៀត។

ព្រះមហាក្សត្រខ្មែរនឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ទើបយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងបំពេញភារកិច្ចផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរក្នុងនាមជាប្រមុខរដ្ឋស្តីទីក្នុងកំលុងព្រះអវត្តមានរបស់ព្រះអង្គ។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ចាប់តាំងពីបង្កើតឡើងរហូតដល់ឆ្នាំ២០១៩ ICC Angkor មានសមាជិកមកពីប្រទេសចំនួន៣៧ ក្នុងទ្វីប ទាំង៥ និងមានអង្គការអន្តរជាតិដែលបំពេញបេសកកម្មលើវិស័យស្រាវជ្រាវ និងអភិរក្សមរតកវប្បធម៌ ចូលរួមចំនួន១៣ផ្សេងទៀតផងដែរ៕

រដ្ឋបាលរាជធានី និងអង្គកា JICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយទឹកកខ្វក់នៅបឹងជើងឯក

ភ្នំពេញ ៖ ក្រោយពីសិក្សាស្រាវជ្រាវអស់រយៈពេល ១២ខែបានបញ្ចប់តាមគម្រោងផែនការ ដែលបានកំណត់ទុក នៅព្រឹកថ្ងៃទី២៣ ឧសភានេះ អភិបាលរាជធានីភ្នំពេញ ​លោក ឃួង ស្រេង និង លោកបណ្ឌិត អ៊ីតូ មិមប៉េអ៊ិ (Dr. lto Minpei) ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខា លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក ក្រោយពីសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែត្រូវបានបានបញ្ចប់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សំខាន់ៗ ជាក់ស្តែងគម្រោងកែលម្អប្រព័ន្ធ ទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញដែលគម្រោងនេះ បានផ្តោតសំខាន់ទៅលើការធ្វើអោយប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាពនិរន្តរភាព និងការពារបរិស្ថាន ព្រមទាំងបានលើកកម្ពស់ដល់សោភ័ណភាពរាជធានីភ្នំពេញ សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុខភាព ផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោកអភិបាល ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែលើកទឹកចិត្តឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលរាជធានីភ្នំពេញ លើការភិវឌ្ឍន៍ កសាងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយហិរញ្ញប្បទាន កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការការទូត ដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះលោក ឃួង ស្រេង វាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោងរបស់JICA មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ស៊ីធីអាយ ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវអស់រយៈពេល១២ខែ រហូតបានបញ្ចប់ការសិក្សានិងដាក់ចេញជារបាយការណ៍បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក ហើយឈានមកដល់ការចុះហត្ថលេខា លើព្រមព្រៀងរវាងភាគី ទាំងពីរនាពេលនេះ។
ឯកឧត្តមអភិបាលរាជធានី បានចាត់ទុកថា គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក នឹងត្រូវក្លាយជាគម្រោងគំរូ ដំបូងបង្អស់ សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញលើការកែឆ្នៃទឹកកខ្វក់ ក្នុងបរិមាណ៥០០០ម៉ែត្រគូប/ថ្ងៃ ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ហើយសង្ឃឹមថាគម្រោងនេះ នឹងត្រូវបានអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិតអ៊ីតូមិមប៉េអ៊ិ បានមានប្រសាសន៍លើកឡើងថា ជាតិពុលដែលហូរចូលទៅក្នុងទន្លេបឹងបួរបធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរ និងសត្វយ៉ាងខ្លាំងក្លា។ តាមលទ្ធផលនៃការស្រាវជ្រាវ ការស្តារបរិស្ថានឡើងវិញ គឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។ បញ្ហានេះ ចំណុចសំខាន់ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹក នៅតំណាក់កាលបឋមដើម្បីទប់ទល់ការចំណាយច្រើននេះ។

លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះអាចបន្សុទ្ធទឹកកខ្វក់បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគីប។ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូងហើយផ្នែកខាងជើងយើងក៏នឹងចូលរួមធ្វើការអភិវឌ្ឍន៍ផងដរ។លោកបានបញ្ជាក់ផងដែរថាក្រោយការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះរួចយើងនឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលជប៉ុនដើម្បីធ្វើការអនុម័តចុងក្រោយ៕ ដោយ ៖ សំរឹទ្ធ

បីខែដើមឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសចិន បង្ហាញពីលទ្ធផលដ៏រឹងមាំ

ក្រុងប៉េកាំង ៖ ទិន្នន័យសេដ្ឋកិច្ចបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែមានភាពរឹងមាំ ទោះបីជា មានសម្ពាធពីខាងក្រៅក៏ដោយ។

តួលេខផ្លូវការ ចេញផ្សាយ កាលពីខែមុន បានបង្ហាញថា សេដ្ឋកិច្ចរបស់ ប្រទេសចិន បានកើនឡើង ៦,៤ ភាគរយ នៅត្រីមាសទីមួយនៃឆ្នាំនេះ ដែលលើសពីការរំពឹងទុក។ ចំណែក ពាណិជ្ជកម្មបានកើនឡើង ៣,៧% ខណៈពេលដែលប្រាក់ចំណូល ក្នុងមនុស្សម្នាក់ៗ បាន កើនឡើង 6.8% នៅក្នុងត្រីមាសទី១។

មូលនិធិរូបីយវត្ថុពិភពលោក IMF បានបង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ច របស់ ប្រទេសចិន នៅឆ្នាំ 2019 រហូតដល់ ៦,៣ ភាគរយ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសតែមួយគត់ដែលទស្សនវិស័យ ត្រូវបានបង្កើនឡើង។

ការកែទម្រង់ផ្នែកផ្គត់ផ្គង់ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបរិយាកាសពាណិជ្ជកម្មដែលកំពុងរីកចម្រើន នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច។ ចំណែក ការកាត់បន្ថយពន្ធដ៏ធំ និងការកាត់បន្ថយតំលៃ និងការកាត់បន្ថយតម្រូវការសាច់ប្រាក់ងាយស្រួល សម្រាប់ធនាគារត្រូវបានរំពឹងថា នឹងជំរុញការប្រើប្រាស់ ព្រមទាំងកំណើនឯកជន។ លើសពីនេះ ឱនភាពសារពើពន្ធកម្រិតមធ្យម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក៏នឹងជំរុញកំណើន សេដ្ឋកិច្ច ផងដែរ៕

ប្រាក់ចំណេញក្រុមហ៊ុនឧស្សាហកម្មកូរ៉េខាងត្បូងធ្លាក់ចុះ ក្នុងត្រីមាសទី១

សេអ៊ូល ៖ ក្រុមហ៊ុនឧស្សាហកម្មកូរ៉េខាងត្បូង បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលនៅក្នុងត្រីមាសទី 1 ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការការពារនិយមរបស់សហរដ្ឋអាមេរិក។

យោងតាមក្រុមហ៊ុនផ្សារភាគហ៊ុនកូរ៉េ បានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការរបស់ ក្រុមហ៊ុនចំនួន 573 ដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនធំ ៗ បានធ្លាក់ចុះ 36.9 ភាគរយនៅឆ្នាំនេះ រហូតដល់ 27.8 ពាន់ពាន់លានវ៉ុន ស្មើនឹង23.3 ពាន់លានដុល្លារ នៅត្រីមាសទីមួយ ខែមករា ដល់ខែមីនា ដោយមិនរាប់បញ្ចូលប្រាក់ចំណេញរបស់ក្រុមហ៊ុនហិរញ្ញវត្ថុចំនួន 65 ក្រុមហ៊ុន។

ប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីបានកើនឡើង 0.2 ភាគរយស្មើនឹង 484.3 ពាន់ពាន់លានវ៉ុន ស្មើនឹង 405.2 ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី 4 ប៉ុន្តែ ប្រាក់ចំណូលសុទ្ធ បានធ្លាក់ចុះ 38.8 ភាគរយ ស្មើនឹង 20.9 ពាន់ពាន់លានវ៉ុន ស្មើនឹង 17.5 ពាន់លានដុល្លារអាមេរិក ដោយសារការនាំចេញទន់ខ្សោយ បណ្តាល មកពីចលនាការពារនិយមរបស់សហរដ្ឋអាមេរិក នាំឱ្យមានជំលោះពាណិជ្ជកម្ម។ ចំណែក ការនាំចេញរបស់ ប្រទេសនេះនៅតែបន្តធ្លាក់ចុះអស់រយៈពេល 5 ៕

ព្រះមហាក្សត្រ ស្តេចយាងប្រារព្ធព្រះរាជពិធី ច្រត់ព្រះនង្គ័ល នៅក្រុងដូនកែវ

ខេត្តតាកែវ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលអមព្រះរាជដំណើរ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះ ស្តេចយាងប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីព្រះស្រែ ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទៅតាម ព្រះរាជបវេណី ដែលជាព្រះរាជពិធីបុណ្យប្រពៃណីមួយមានតាំងពីបរមបុរាណមកដើម្បីជាការប្រកាសឲ្យប្រជាកសិករដឹងថា រដូវវស្សាបានចូលមកដល់ហើយ ការចាប់ផ្តើមការងារធ្វើស្រែចម្ការសម្រាប់ឆ្នាំថ្មីក៏ត្រូវចូលមកដល់ផងដែរ ដោយព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្ត តាកែវនាពេលនេះ អភិបាលខេត្តតាកែវ គឺឯកឧត្តម អ៊ូច ភា ត្រូវបានជ្រើសរើសឲ្យធ្វើជាស្តេច មាឃ ចំណែកលោកជំទាវជាភរិយាធ្វើជាមេហួ។

ក្នុងព្រះរាជពិធីនេះ ក្រៅពីការប្រកាសឲ្យប្រជាកសិករដឹងថា រដូវវស្សាបានចូលមក ដល់ ហើយការចាប់ផ្តើមការងារធ្វើស្រែចម្ការសម្រាប់ឆ្នាំថ្មីក៏ត្រូវចូលមកដល់ហើយនោះ ក៏មាន ផងដែរនូវពិធីផ្សងប្រផ្នូលពីភោគផលកសិកម្មសម្រាប់ឆ្នាំខាងមុខ ដោយការផ្សងនេះធ្វើឡើង តាមរយៈការបរិភោគដំណាំដែលជាអាហារចំនួន៧មុខ ដែលដាក់ឲ្យគោឧសភរាជចំនួន ២ ក្បាលទទួលទានរួមមាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង ស្រា។

ជាលទ្ធផលនៃការ ផ្សងប្រផ្នូលនេះបានបង្ហាញថា គោឧសភរាជបរិភោគ ស្រូវ ៨៥% ពោត ៩០% និង សណ្តែក ៨៥% មានន័យថាឆ្នាំនេះប្រជាកសិករខ្មែរអាចប្រកបការដាំដុះទទួលបានទិន្នផលខ្ពស់ តែទោះ ជាយ៉ាងណា នេះគឺគ្រាន់តែជាទស្សន៍ទាយទៅតាមការផ្សងប្រផ្នូលតែប៉ុណ្ណោះ។

ចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានចាត់ទុក ជាព្រះរាជបវេណីមួយដ៏សំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសដោយចាត់ទុកថា ជាមង្គលមួយដ៏ប្រសើររបស់ប្រជា រាស្ត្រខ្មែរ ហៅថា វប្បមង្គល ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គតែងដឹកនាំប្រជារាស្ត្រប្រារព្ធធ្វើ ពុំដែលខកខានតាំងពីបុរាណកាលមក។

ព្រះរាជពិធីនេះប្រារព្ធឡើង ដើម្បីជាមង្គលឧទ្ទិស ដល់ការធ្វើស្រែចម្ការ អង្វរព្រះភិរុណឲ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល ដើម្បីទទួលបាន ទិន្នផលខ្ពស់របស់ប្រជាកសិករយើង ហើយបើតាមការគ្រោងទុកពិធីបុណ្យច្រត់ព្រះនង្គ័លនៅ ឆ្នាំ២០២០ ខាងមុខនេះគ្រោងនឹងធ្វើឡើងនៅខេត្តកំពត៕

អាជ្ញាធរថៃ ហាមមិនឲ្យនាំចូលជ្រូករស់ ​និងផលិតផលសាច់ជ្រូកពីកម្ពុជា

បន្ទាយមានជ័យ ៖ ធុងបាស់ប្លូធូមួយគ្រឿងត្រូវបានអាជ្ញាធរថៃ ដាក់តាំងនៅមាត់ច្រកតំបន់ណងព្រឺ ប្រឈមនឹងទឹកដីកម្ពុជាជាប់ច្រកតំបន់ម៉ាឡៃ ក៏ដូចជាច្រកតំបន់នានា និងច្រទ្វារអន្តរជាតិ ក្នុងខេត្តស្រះកែវ ដោយបើកបំពងសំលេងប្រកាសពីសេចក្តីជូនដំណឹងហាមនាំចូលជ្រូករស់ និងផលិតផលពីសាច់ជ្រូកគ្រប់មុខចេញពីកម្ពុជាខណៈជ្រូករស់ និងសាច់ជ្រូកថៃមួយថ្ងៃៗ នាំចូល​មកកម្ពុជាតាមច្រកអន្តរជាតិ និងតំបន់រាប់រយក្បាល និងសាច់រាប់តោន។

ក្នុងការបំពងសម្លេងនោះ ភាគីថៃបានប្រកាស់ថា “សេចក្តីជូនដំណឹងបងប្អូនកម្ពុជា ដែលធ្វើដំណើរចូលប្រទេសថៃ ហាមនាំចូលសាច់ជ្រូកគ្រប់មុខដូចជា ណែម សាច់ក្រក ប្រហិត ឬសាច់ប្រឡាក់ យកចូលប្រទេសគេជាដាច់ខាត។

បើត្រួតពិនិត្យឃើញសាច់ហាមឃាត់ខាងលើ គេនឹងធ្វើការដាក់គុកចំនួន២ឆ្នាំ និងពិន័យជាប្រាក់មិនក្រោមពី២សែនបាត ដោយលើកឡើងថា ដើម្បីជៀសវាងការឆ្លងមេរោគ(អហ៊ីវ៉ាអាភិកា)នៅក្នុងសាច់ជ្រូក ដែលមានការឆ្លងមេរោគនេះនៅកម្ពុជា។
សេចក្តីប្រកាសបន្តថា បើលោកអ្នកនាំផលិតផលទាំងអស់នោះទៅជាមួយ ត្រូវយកទៅដាក់កន្លែងដែលសមត្ថកិច្ចរបស់គេត្រៀមទុកឲ្យ។

សេចក្តីជូនដំណឹងរបស់ថៃ នេះ មានពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនសម្តែងប្រតិកម្មថា ហាក់មិនស្មើភាព ព្រោះពួកគាត់ឃើញជ្រូករស់និងសាច់ជ្រូកឬគ្រឿងក្នុងជ្រូវត្រូវគេនាំចូលកម្ពុជាតាមច្រកអន្តរជាតិនិងតំបន់ក្នុងខេត្តបន្ទាយមានជ័យមួយថ្ងៃៗរាប់រយក្បាលនិងទាំងតោនៗ។

ប្រភពពីពលរដ្ឋនៅស្រុកម៉ាឡៃនិយាយថាតាំងពីភាគីថៃ ប្រកាសនៅសេចក្តីជូនដំណឹងខាងលើ ពលរដ្ឋកម្ពុជាមិនអាចនាំសាច់ជ្រូក ឬផលិតផលដែលធ្វើពីសាច់ជ្រូកចូលប្រទេសថៃ ទៅលក់នៅផ្សារណងព្រឺ ជាប់មាត់ច្រកតំបន់ម៉ាឡៃ ទេ សូម្បីយកទៅទទួលទានក៏ដោយ។ប្រភពបន្តថា សូម្បីតែសាច់ជ្រូកទិញពីទឹកដីថៃ យកធ្វើសាច់ក្រក នៅដីខ្មែររួចយកទៅលក់នៅលើដីថៃវិញ ក៏គេមិនអនុញ្ញាតដែរ។

ជុំវិញកានាំចូលជ្រូកពីថៃតាមច្រកតំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួនថាតើក្នុងមួយថ្ងៃៗប៉ុន្មានក្បាលលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត មិនអាចទាក់ទងសុំកាបំភ្លឺបានទេ ដោយទូរស័ព្ទចុចចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់ភាគីថៃ ចំពោះការហាមនាំចូល ជ្រូករស់ និងផលិតផលធ្វើពីសាច់ជ្រូកនេះ យោងការសាកសួរមន្ត្រី និងសមត្ថកិច្ចជំនាញប្រាប់ថា កើតមានតាំងពីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងកើតមានគ្រប់មាត់ច្រកតំបន់ និងច្រកអន្តរជាតិ ក្នុងទឹកដីខេត្តស្រះកែវ របស់ថៃ ឬអាចតាមច្រកតំបន់ និងអន្តរជាតិខេត្តផ្សេងៗ ជាប់ព្រំដែនកម្ពុជាផងដែរ៕

ស្ដ្រីថៅកែហាងថែសម្រស់ My Crush Fashion1 បាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត

ខេត្តកណ្ដាល ៖ ស្ត្រីថៅកែហាងកែសម្ផសម្នាក់ បានធ្វើអត្តឃាត ដោយយកកាំភ្លើងរបស់ប្តីបាញ់ចំសៀតផ្កាសម្លាប់ខ្លួនឯងនៅក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចកំពង់ទឹកទន្លេភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៦ ៖ ៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ស្ដ្រីអត្តឃាតឈ្មោះ ណុប វណ្ណី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ និងជាម្ចាស់ហាងថែសម្រស់ My Crush Fashion1 មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ចំណែកប្ដីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំ មុខរបរនគរបាល ឋានៈនាយផ្នែកនគរបាលស៊ើបអង្កេតនីតិវិធី នៃនាយកដ្ឋានអន្តោរប្រវេសន៍មានទីលំនៅផ្ទះជាមួយគ្នា។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនអត្តឃាតបានទៅមុជទឹកជាមួយប្ដីនិងកូនចំនួន ៣នាក់ទៀត នៅទន្លេមេគង្គចំណុចកោះខ្សាច់។

លុះពេលងូតទឹកនោះ ស្ត្រីរូបនេះ មិនចុះងូតទឹកទេដោយនៅសំរាកក្នុងរថយន្តតែម្នាក់ឯង នៅពេលកើតហេតុខាងប្ដីបានឡើងមកពីងូតទឹកវិញ ក៏ឃើញប្រពន្ធបាញ់ខ្លួនឯងស្លាប់បាត់ទៅហើយ។

បន្ទាប់មកប្ដីក៏បានប្ដឹងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះពិនិត្យ បើតាមការសន្និដ្ឋានទំនងជាបណ្តាលមកពីក្តីប្រចណ្ឌ៕

អ្នកគ្រូបង្រៀនភាសាកូរ៉េវ័យក្មេងម្នាក់​ស្លាប់ សង្ស័យករណីរំលោភ

ខេត្តកំពង់ចាម ៖ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា អ្នកគ្រូបង្រៀនភាសាកូរ៉េវ័យក្មេងម្នាក់ ត្រូវគេវាយសម្លាប់ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បង្កឱ្យមានការផ្ញាក់ផ្អើល។

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា សភាពសាកសពជនរងគ្រោះ មានបែកក្បាល មានពាក់អាវ តែស្រាតខោទាំងអស់ សង្ស័យជាករណីរំលោភសម្លាប់។
សេចក្តីរាយការណ៍ប្រាប់ថា ហេតុការណ៍ប្រទះឃើញករណីនេះកើតឡើងវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះ។

ពេលនេះ សមត្ថកិច្ច កំពុងហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង និងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយពេលក្រោយ ៕ ដោយ ៖ សុផល

សម្តេច ហ៊ុន សែ​ន រំឭកពីការធ្វើដំណើរ​តាមព្រំដែនឆ្ពោះទៅចរចាជាមួយភាគីថៃ ឆ្នាំ១៩៨៩

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហោះរូបថតមួយសន្លឹកនៅលើទំព័រហ្វេសប៊ុកផ្លូវការដោយបញ្ជាក់ថារូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំនិងសហការីគិតថា វាជាមោទនៈភាពដែលយើងបានយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ បន្តរៀបរាប់ថា មានមនុស្សមិនច្រើនទេដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹកដែលអតីតអ្នកកាសែតជនជាតិបែលហ្សិកបានប្រគល់អោយខ្ញុំកាលពីថ្ងៃអាទិត្យនេះដែរ។

ថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៨៩ ខ្ញុំនិងប្រតិភូបានធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃដោយឆ្លងកាត់ស្ពានតាមផ្លូវរថភ្លើងនៅប៉ោយប៉ែត ដែលពេលនោះសងខាងផ្លូវ ទាំងខាងកម្ពុជា ទាំងខាងថៃសុទ្ធតែជាចំការម៉ីន។ ជាងនេះទៅទៀតនៅសងខាងផ្លូវប្រមាណ១គីឡូម៉ែត្រ គឺមានកងទ័ពត្រីភាគីចាំវាយប្រហារគ្រប់ពេលមកលើកងទ័ពរដ្ឋកម្ពុជាដែលនៅឈរជើងតាមផ្លូវជាតិលេខ៥។

ប៉ោយប៉ែតពេលនោះមានផ្ទះបែកបាក់តែមួយខ្នងនៅក្បាលស្ពានខាងកម្ពុជា ក្រៅពីនោះគឺសុទ្ធតែព្រៃត្រែង។ យើងឆ្លងព្រំដែននៅម៉ោងប្រមាណ២រសៀល ដោយមិនទាន់ទទួលទានអាហារថ្ងៃត្រង់នៅឡើយ។ អ្នករួមដំណើរជាមួយខ្ញុំឆ្លងកាត់ស្ពាននេះមាន សម្តេច ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ចាន់ អ៊ាន ឯកឧត្តម ខាំពូន កែវមុនី និងឧត្តមសេនីយ ឡុង សុភាព ដែលពេលនោះកាន់មុខតំណែងជាមេបញ្ជការយោធភូមិភាគិទី៤ ដឹកនាំកម្លាំងការពារដំណើររបស់ខ្ញុំ (ឡុង សុភាព បានមរណៈភាពទៅហើយ)។ ក្រៅពីខាងកម្ពុជា មានឧត្តមសេនីយកងទ័ពថៃម្នាក់ឈ្មោះ ប៊ុនឡត រួមដំណើរដើម្បីសម្រួលដំណើរយើងឆ្លងកាត់ព្រំដែននិងទំនាក់ទំនងជាមួយខាងភាគីថៃ។

តើជាបេសកម្មអ្វីទើបសម្ងាត់បែបនេះ? ខ្ញុំបានដាក់ចេញនូវនយោបាយមួយគឺ (អាក្រិតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ)សំដៅទប់ស្កាត់នឹងកាត់បន្ថយការជួយរបស់ថៃចំពោះខ្មែរក្រហម និងត្រីភាគីដូចនេះហើយទើបមានការជួបគ្នាជាសម្ងាត់រវាងខ្ញុំជាមួយ ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ពជើងគោកដ៏មានឥទ្ធិពលរបស់ថៃនៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុងវៀងច័ន្ធ ប្រទេសឡាវ។ ឆ្លងកាត់ជំនួបនេះទើបមានទស្យនៈកិច្ចរបស់ខ្ញុំដោយបើកចំហរនាទីក្រុងបាងកក ខែមករា ១៩៨៩។

ខ្ញុំធ្វើដំណើរទៅបាងកកជាសម្ងាត់នៅថ្ងៃទី១៩ កញ្ញា ១៩៨៩ ពេលនោះទាក់ទងរវាងសង្រ្គាម និងសន្តិភាពនៅកម្ពុជា ដែលអាចចាត់ទុកថាជាផ្នែកមួយនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ ខ្ញុំនិងប្រតិភូឆ្លងដែននៅម៉ោងប្រហែល២រសៀលទៅបាយនៅអារញ្ញប្រាថេតជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួចហើយបន្តដំណើរតាមឧទ្ធម្ភាគចក្រទៅទីក្រុងបាងកកចរចារជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុនហាវ៉ាន់និង មេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ នាល្ងាចថ្ងៃទី១៩ តុលា ១៩៨៩។ ទំនាក់ទំនងរវាងខ្ញុំជាមួយមេដឹកនាំថៃកាន់តែប្រសើរ ដែលនាំដល់ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំនាពេលក្រោយមកទៀត៕

អាជ្ញាធរខេត្តកំពង់ចាមរំឭក​ពីសោកនាដកម្មក្នុងរបប ប៉ុលពត កាលពី៤៤ឆ្នាំមុន

ខេត្តកំពង់ចាម  ៖ របបខ្មែរក្រហមដែលបង្កើតឡើងនូវអំពើឧក្រិដ្ឋកម្មមនុស្សជាតិ កាលពី៤៤ឆ្នាំមុន (១៩៧៥ -២០១៩) ត្រូវបានផ្តួលរំលំអស់ទាំងស្រុងហើយ តែវិនាសកម្ម នៃអំពើឃោរឃៅដ៏ព្រៃផ្សៃនៃរបបនេះ បានបន្សល់ទុកនូវស្លាកស្នាមសោកនាដកម្មសែនឈឺចាប់់ នៅជាប់ដិតដាមក្នុងជីវិតប្រជាជនកម្ពុជាគ្រប់ៗរូប។

ថ្ងៃ២០ ឧសភា ជាទិវារំឮកដល់ជនរងគ្រោះ  និង ការឈឺ ចាប់ពីឧក្រិដ្ឋកម្ម ដែល បាន កើតឡើង ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុលពត ចន្លោះ ពីថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃ ៦ មករា ឆ្នាំ ១៩៧៩ ។ ថ្ងៃ ២០ ឧសភា ត្រូវបាន រាជរដ្ឋាភិបាល កំណត់ ជា ថ្ងៃបុណ្យ ជាតិ ដែល ត្រូវ ឈប់សម្រាក ស្របតាម អនុក្រឹត្យ លេខ ១៩ អនក្រ . បក ចុះ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ។

គោល បំ ណង នៃ ទិវា ជាតិ នៃ ការចងចាំ ថ្ងៃ ២០ ឧសភា គឺ បង្កើតឡើង ដើម្បី រំឭក និង គោរព វិញ្ញាណក្ខន្ធ និង ធ្វើ បុណ្យឧទ្ទិសកុសល ដល់ ជនរងគ្រោះ ដែល បាន ស្លាប់ ជាង ៣ លាន នាក់ នៅក្នុង របប ប៉ុលពត ដ៏ ឃោរឃៅ ។

ប្រជាពលរដ្ឋ កម្ពុជា ភាគច្រើន លើសលុប បានដឹង និង យល់ច្បាស់ អំពី រឿងរ៉ាវ សោកនាដកម្ម ដ៏ ជូរចត់ ក្នុង របប ខ្មែរក្រហម ដែលជា ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀស ចេញពី ទីលំនៅ របស់ខ្លួន ដោយ បង្ខំ និង ការបង្ខំ ឱ្យធ្វើ ការ ដូច សត្វ គ្មាន ពេល សម្រាក ពេល ឈឺ គ្មាន ថ្នាំសង្កូវ ព្យាបាល គ្មាន អាហារ បរិភោគ ឆ្អែត គ្មាន សិទ្ធិសេរីភាព គ្មាន លទ្ធិប្រជាធិបតេយ្យ ហើយ សូម្បីតែ សិទ្ធិ រស់រានមានជីវិត ដែលជា សិទ្ធិ មូលដ្ឋាន មាន ពី កំណើត របស់ មនុស្ស ក៏ គ្មាន ដែរ នៅក្នុង របប ខ្មែរក្រហម ប៉ុលពត រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។

នៅ ឆ្នាំនេះ ទិវា នៃ ការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១៩ នឹង ជួបជុំ រាប់ បាត នៅ មណ្ឌលឧក្រិតកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន និងបងប្អូនប្រជាពលរដ្ឋ ជាច្រេីននាក់ ដើម្បី ឧទ្ទិស កុសល ជូន ដល់ អ្នកស្លាប់ ក្នុង របប ខ្មែរក្រហម ដូច រៀងរាល់ឆ្នាំ ។ រីឯនៅតាមបណ្តាស្រុកក្រុងនានា អាជ្ញាធរ ក៏នឹង រៀបចំពិធីជួបជុំ រម្លឹកដល់សោកនាដកម្មនេះផងដែរ៕ ដោយ ៖ សុផល

ប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល

ភ្នំពេញ ៖ ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ ដ៏សំខាន់ក្នុងចំណោម ពិធីផ្សេងទៀតប្រចាំឆ្នាំនៃប្រទេសប្រកាន់របបរាជានិយម ។ នៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត  ដែលព្រះរាជពិធីនេះ  នឹងទស្បន៍ទាយពីប្រផ្នូលនៃការរីកលូតលាស់ផលដំណាំនានាក្នុងវិស័យកសិកម្ម តាមរយៈការបរិភោគរបស់គោឧសភរាជ លើចំណីធញ្ញជាតិចំនួន ៧មុខ។

គោឧសភរាជត្រូវបានរៀបចំឲ្យបរិភោគអាហារទាំង៧មុខដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រាពិធីច្រត់ព្រះនង្គ័ល ដែល ត្រូវបាន គេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់ មកហើយ ។ ចំណែក​ឆ្នាំនេះ​ ព្រះរាជ​ពិធី​បុណ្យ​ទ្វារទសមាស ច្រត់ព្រះនង្គ័ល នឹង​ប្រារព្ធ​ធ្វើ​នៅថ្ងៃទី២២ ខែ៉សភា ក្នុង​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការ បរិភោគរបស់ “ គោឧសភរាជ ” ។ គោ ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ»។ ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទពិពណ៌នាដែលរៀបចំដោយ កញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
ជាវប្បធម៌ប្រពៃណីទៅហើយដែលប្រទេសកម្ពុជា រៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លគឺតាំងសម័យកាលយូរឆ្នាំមកហើយ ។ ពិធីដ៏សំខាន់មួយនេះគឺតែងតែប្រារព្ធនៅថ្ងៃ៤រោច ខែពិសាខ រៀងរាល់ឆ្នាំ ។

ពិធីនេះតែងតែធ្វើឡើងក្រោមព្រះរាជអធិបតីភាពនៃ ព្រះមហាក្សត្រ ។ ពិធីនេះគឺប្រៀបបានជាការប្រកាសឲ្យប្រជាកសិករដឹងថា ចប់ខែប្រាំងចូលខែវស្សាដល់ពេលចាប់ផ្តើមដាំស្រូវធ្វើស្រែសម្រាប់ឆ្នាំថ្មីទៀតហើយ ។ សម្រាប់ឆ្នាំនេះ ពិធីច្រត់ព្រះនង្គ័លបានធ្វើឡើង នៅលើទឹកដីខេត្តសៀមរាប នៅទីតាំងលានជល់ដំរី ដោយក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ។

ប្រជាពលរដ្ឋខ្មែរតែងតែមានជំនឿនិងរង់ចាំ ផ្សងចំពោះលទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជ បង្ហាញថាយ៉ាងណា នោះគេនឹងដាំដុះដំណាំនោះ ។ បើសិនជា លទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជបង្ហាញថាសោយ អាហារណាច្រើនជាងគឺមាន ស្រូវ ពោត សណ្តែក ល្ង ទឹក ស្រា ស្មៅ ។

ក្រោយពីភ្ជួរបានចំនួន៣ជុំ គោមួយនឹមដែលគេហៅថាគោឧសភរាជត្រូវបានព្រលែងឲ្យបរិភោគអាហារទាំង៧មុខដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា ។ សម្រាប់ពិធីផ្សងប្រថ្នូលឆ្នាំនេះ គឺគោឧសភរាជ បានបរិភោគ អាហារ៣ប្រភេទច្រើនជាងគេ ។

ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលរៀបចំដាក់ តាំងតុដោយទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។

ក្នុងពិធីនេះ គឺព្រាហ្មណ៍ព្រះរាជគ្រូ ជាអ្នកសូត្រ ធ្វើពិធីប្រកាស ប្រថ្នូល ។ នៅពេលសូត្រចប់ គឺព្រាហ្មណ៍ នេះយកទឹកមន្ដប្រោះក្បាលគោឧសភរាជ ទាំងពីរហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ បើគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេ ។ កាលណាគោឧសភរាជ ស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងគឺព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខគឺដូចការពោលខាងលើនេះ។

សូមបញ្ជាក់ផងដែរថាបើសិនជាគោឩសភរាជផឹកទឹកនោះទំនាយទាយថាមានទឹកធំឬភ្លៀងធ្លាក់ ច្រើន បើគោឩសភរាជស៊ីស្រូវនោះនឹងទទួលបានផលស្រូវច្រើនមិនខាន បើគោឩសភរាជស៊ីគ្រាប់សណ្តែកនោះផលសណ្តែកនឹងបានបរិបូរ បើគោឩសភរាជស៊ីពោតនោះការដាំដុះដំណាំពោតនិងបានផលគាប់ប្រសើរ បើគោឩសភរាជស៊ីស្មៅ សត្វពាហនៈនឹងកើតជំងឺ ហើយបើគោឩសភរាជផឹកស្រានោះទំនាយទាយថាឆ្នាំនេះនឹងសំបូរទៅដោយ មនុស្សពាល ចោរកម្មនិងគ្រោះកាចផ្សេងៗទៀត៕

​ពេទ្យធ្មេញវ័យក្មេងម្នាក់ត្រូវគេសម្លាប់ក្នុងផ្ទះ សង្ស័យរឿងស្នហា

ភ្នំពេញ ៖ យុវរជនម្នាក់ ត្រូវបានឃាតករចាក់ជាច្រើនកាំបិត បណ្តាលឲ្យ ដេកស្លាប់ក្នុង ថ្លុកឈាម ក្នុងបន្ទប់ជួលរបស់ឪពុកមា ដែលបើកធ្វើធ្មេញ។

ហេតុការណ៍នេះបង្កឲ្យ មានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីិព្រឹកថ្ងៃទី២០ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុច ផ្ទះជួលបើកពេទ្យធ្មេញស្ថិតនៅផ្សារត្រពាំងព្រាយ តាមបណ្តោយ ផ្លូវលេខ ១៥១ ក្នុងភូមិ បឹងធំសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។

យុវជនរងគ្រោះដែលត្រូវឃាតករ សម្លាប់នោះ ឈ្មោះធន់ រ៉ាវីន អាយុ ១៩ឆ្នាំ មានលំនៅ ភូមិ ត្រគួន ឃុំក្រឡា ស្រុក កំពង់សៀម ខេត្តកំពង់ចាម ស្នាក់នៅជាមួយ ឪពុក មាឈ្មោះមឿន សុវត្ថា ជាពេទ្យ ធ្មេញនៅចំណុច កើតហេតុខាងលើ ។

តាមព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃ កើតហេតុ នៅពេល ដែលឪពុកមា មកដល់ និងបើកទ្វារ ចូលទៅក្នុង ក៍ប្រទះឃើញក្មួយដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្រែហើយ ក៍រាយការណ៍ប្រាប់ នគរបាលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

តាម ព័ត៌មានឲ្យដឹងទៀតថា នៅវេលាម៉ោង ៧យប់ យុវជនខាងលើនេះបានធ្វើដំណើរ ទៅចូលរួមហូបការអ្នកភូមិ នៅក្បែរនោះ ជំនួសឪពុកមា ។លុះនៅវេលាម៉ោង៩យប់ក៍បានចាកចេញ ត្រឡប់មកផ្ទះវិញហើយ ក៍បានទៅដើរលេង ហូបប្រហិតនៅម៉ាត់បឹងតាមោកជាមួយ សង្សា ដល់យប់ជ្រៅក៍បានត្រឡប់ទៅដេកវិញ ឯនាងជាសង្សារក៍បានត្រឡប់ទៅផ្ទះវិញដែរនៅឃុំម្នាក់ស្រុកអង្គស្នួលខេត្តកណ្តាល ស្រាប់តែ ព្រឹកឡើង ភ្ញាក់ផ្អើលត្រូវបានឃាតករសម្លាប់តែម្តង ។ទោះបីជាយ៉ាង គេពុំដឹងថាយុវជននោះ មានរឿងអ្វីនោះទេ បានគេត្រូវ ឃាតករចូលទៅសម្លាប់ក្នុងផ្ទះពេលកំពុងតែដេកលង់លក់។

ប្រភពបន្តថា នៅលើពូកនឹងភួយដណ្តប់លើគ្រែជនរងគ្រោះដេកមានប្រឡាក់ប្រេងសាំងហើយនៅលើខ្នងជនរងគ្រោះមានស្នាមឆេះរបកស្បែកដេកស្លាប់ធ្លាក់ពីលើគ្រែមានឈាមជោគជាំពេញដងខ្លួនស្នាមចាក់សុះសាច់សង្ស័យឃាតកម្ម បន្ទាប់ពីចាក់សម្លាប់រួចហើយគោលបំណងចាក់ប្រេងសាំងដុតសពជនរងគ្រោះបំបិតភស្ថ័តាងតែអាចរលត់មិនឆេះ។បើតាម សមត្ថកិច្ច មានការសង្ស័យ ជារឿង គំនុំ ហើយ អាចផ្តើមចេញពីស្នេហា ត្រីកោណ។
នៅកន្លែង កើតហេតុសុទ្ធតែ ឈាម ដែលមុនពេលស្លាប់ យុវជនរូបនោះអាចមានការប្រតាយប្រតប់គ្នា ជាមួយឃាតករ បណ្តាលឲ្យ ធ្លាក់ពីលើគ្រែហើយដេកស្លាប់ក្នុងថ្លុកឈាម តែម្តង។

ក្រោយពេលសមត្ថកិច្ចជំនាញបានពិនិត្យសពជនរងគ្រោះរួចបានបញ្ជាក់ថាយុវជនខាងលើត្រូវបានឃាតករចាក់សម្លាប់ពិតប្រាកដមែនហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕

កម្លាំងកម្ពុជា វៀតណាម បំបែកសំបុកគ្រឿងញៀនធ្លងដែន ៦៣គ.ក្រ. ឃាត់ខ្លួន​៨នាក់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកម្ពុជា បានតាមប្រមាញ់ និងឃាត់ខ្លូនមនុស្ស ៧នាក់ និងថ្នាំញៀនចំនួន ៦ក្រាម បន្ទាប់ពីភាគីវៀតណាម បានជូនដំណឹងពីករណីចាប់ខ្លួនជាជនជាតិវៀតណាម ម្នាក់ ដែលជាបក្ខពួកអ្នកទាំង ៧នាក់ខាងលើ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនឆ្លងដែន ដោយរឹបអូសបានថ្នាំញៀន ៦៣គីឡូក្រាម នៅក្បែរព្រំដែនប្រទេសកម្ពុជា។

ហេតុការណ៍ បានកើតឡើកាលពីសប្តាហ៍មុន នៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង តែសមត្ថកិច្ចទើបបង្ហាញមុខជនសង្ស័យនៅថ្ងៃទី១៩ ខែឧសភា នេះ ដោយសារភាគីវៀតណាម កំពុងបន្តស្វែងរកចាប់ខ្លួនមេខ្លោងមិនទាន់បាននៅឡើយ។

បើតាមសមត្ថកិច្ចការពារព្រំដែនបានបង្ហើបឲ្យដឹងថា ក្រុមជនសង្ស័យនៅកម្ពុជា បានជញ្ជូនគ្រឿងញៀនទាំងនោះពីរាជធានីភ្នំពេញ មកឆ្លងកាត់ស្រុកស្វាយជ្រំ បន្តឆ្ពោះទៅប្រទេសវៀតណាម តាមព្រំដែនឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅឲ្យបក្ខពួកជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម។

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចកម្ពុជា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិកម្ពុជាចំនួន ៧នាក់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន ៦ខាំ ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី ចំណែកភាគីវៀតណាម ក៏បានបញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀន ៦៣គីឡូក្រាម ទៅឲ្យតុលាការរបស់ខ្លួនចាត់ការផ្លូវច្បាប់ដូចគ្នាដែរ៕

មេទ័ពអ៊ីរ៉ង់ ព្រមានប្រើមីស៊ីល បើកម្លាំងអាមេរិកហ៊ានប៉ះពាល់អ៊ីរ៉ង់

អ៊ីរ៉ង់ ៖ លោក Mohammad Saleh Jokar អគ្គមេបញ្ជាការរងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងនៅចុងសប្តាហ៍នេះ ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយ ទាំងមីស៊ីល និងគ្រឿងសព្វាវុធផ្សេងទៀត ក្នុងការវាយបកទៅលើកម្លាំងរបស់អាមេរិកវិញ ប្រសិនបើមេដឹកនាំអាមេរិក ហ៊ានប៉ះពាល់ដល់ប្រទេសអ៊ីរ៉ង់ ជាមុន ។

លោក Mohammad Saleh Jokar បានបន្ថែមថា កងកម្លាំងឆ្មាំបដិវត្តន៍ ប្រើតែមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួនប៉ុណ្ណោះ ក៏អាចបំផ្លាញនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធអាមេរិកនៅឈូងសមុទ្រ ពែក្ស (Persian gulf) បានយ៉ាងងាយដែរ។

​គួររំលឹកថា រហូតដល់ថ្ងៃសុក្រ ទី១៧ ខែឧសភា នេះ អាមេរិកបានបញ្ជូននាវាពិឃាតចំនួន ២គ្រឿង គឺនាវា USS Gonzalez (DDG-66) និងនាវា USS McFaul (DDG-74) នាវាដឹកយន្តហោះចម្បាំង USS Ibraham Lincoln ក្រុមនាវាប្រយុទ្ធ Strike Group យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 និងប្រព័ន្ធមីស៊ីល Patriots នៅតំបន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធ ដោយគំរាមវាយប្រហារលើអ៊ីរ៉ង់៕  ​ប្រភព ៖  Daily-khmer