All posts by មេគង្គ ប៉ុស្តិ៍

បុណ្យវិសាខបូជានៅខេត្តព្រះសីហនុ ពុទ្ធបរិស័ទវត្តអូរកូនដំរី ឧទ្ទិសបួងសួងសុំសេចក្តីសុខ

ខេត្តព្រះសីហនុ ៖ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាប្រារព្ធពិធីបុណ្យវិសាខបូជាតាមបែបព្រះពុទ្ធសាសនា ដោយបានឧទ្ទិសបួងសួងសុំសេចក្តីសុខជូនគ្រួសារ និងសង្គមជាតិ នៅវត្តអូរកូនដំរី ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ពុទ្ធសាសនិកមានវ័យចំណាស់ៗ ក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិនានា ជួយបន្ទន់ចិត្តមនុស្ស ឬបុគ្គលធ្លាប់ប្រព្រឹត្តសកម្មភាពអាក្រក់ ឲ្យងាកមកធ្វើអំពើល្អ ដើម្បីរួមចំណែកថែរក្សាអភិវឌ្ឍន៍ប្រទេសជាតិឲ្យថ្កុំថ្កើង និងមានសុខសន្តិភាពជារៀងរហូតទៅ។

ថ្ងៃ១៥កើត ខែពិសាខ ដែលត្រូវចំថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ ជាទិវាដែលពុទ្ធសាសនិកជននៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយនេះមិនដែលខកខានទេ គឺបុណ្យវិសាខបូជា។ បុណ្យវិសាខបូជានេះ មានការចាប់អារម្មណ៍ជាលក្ខណៈអន្តរជាតិ រហូតឈានដល់អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់ថា វិសាខបូជា គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិ នៅទូទាំងពិភពលោកថែមទៀតផង។

វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺប៉ះចំថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ បានកើតឡើងនៅចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។

ងាកមកខេត្តព្រះសីហនុ ឯណោះវិញ បុណ្យវិសាខបូជាឆ្នាំនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើពិធីដើរហែក្បួនតាមផ្លូវសាធារណៈចាប់ពីចំណុច ត្រែកត្រែង តាមផ្លូវសំខាន់ៗនានា មានផ្លូវទំនប់រលក និងផ្លូវស្រុកស្ទឹងហាវ ជាដើម ឆ្ពោះទៅកាន់វត្តអូរកូនដំរី ដែលជាវត្តដ៏អត្តខាត់ជាងគេ ក្នុងចំណោមវត្តទាំង ២៤នៅក្នុងខេត្តព្រះសីហនុ។ វត្តនេះគឺមានតែព្រះសង្ឃវ័យក្មេងៗតែពីរអង្គគត់ ដែលកំពុងគង់ចាំព្រះវស្សានៅក្នុងវត្ត។

ទាក់ទិនបុណ្យវិសាខបូជានេះដែរ លោក ម៉ន ស៊ីណា គណៈកម្មការវត្ត អូរកូនដំរី បានបួងសួងឲ្យប្រជាពលរដ្ឋមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ទាំងមូលមានសុខភាពល្អ និងការរស់នៅរីកចម្រើនគ្រប់ក្រុមគ្រួសារ។ ជាងនេះ លោកក៏ស្នើឲ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ឲ្យបន្តចូលរួមសហការលើការងារអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យរីកចម្រើនថែមទៀតនាថ្ងៃអនាគត។

លោក ម៉ន ស៊ីណា ឆ្លៀតរំឭកដល់ប្រជាពលរដ្ឋឲ្យបន្តចូលរតចូលរួមពិធីបុណ្យវិសាខបូជា ដែលកម្ពុជា តែងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឲ្យស្ថិតក្នុងបេះដូងរបស់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូបជារៀងរហូត ហើយលោកអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវងាកមកចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល មានការរីកចម្រើននាថ្ងៃខាងមុខ ដើម្បីមានឱកាសដើរធ្វើបុណ្យទានរួមគ្នាជាបន្តទៀត។

ស្ត្រីវ័យចំណាស់ឈ្មោះ ហ៊ន នី ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអូរកូនដំរី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានមកចូលរួមបុណ្យវិសាខបូជា កាលពីព្រឹកថ្ងៃទី១៨ ខែខែឧសភា បង្ហាញអារម្មណ៍រីករាយពេលបានរួមធ្វើបុណ្យវិសាខបូជា ជាមួយពុទ្ធបរិស័ទដែលមកពីទីជិតទីឆ្ងាយ។

ជាមួយគ្នានេះដែរ ព្រះតេជគុណ ម៉ាន់ ភក្តី ព្រះចៅអធិការនៅវត្តអូរកូនដំរី នេះ បានមានថេរដីកាថា បើគិតមកដល់ពេលនេះ បុណ្យវិសាខបូជា មានអាយុកាល ២.៥៦២ឆ្នាំហើយ ដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនាបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ជាអាយុរបស់ព្រះពុទ្ធសាសនា ពីព្រោះពុទ្ធសាសនារាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន៕ ដោយ ៖ ន.រ 

ធនាគារពិភពលោកនឹងផ្តល់ឲ្យកម្ពុជា ១ពាន់លានដុល្លារសម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ៗ

ភ្នំពេញ ៖ ធនាគារពិភពលោក នឹងអនុម័តកញ្ចប់ថវិកាហិរញ្ញប្បទានសម្រាប់ផ្តល់ឲ្យប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជា ១ ០០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍វិស័យសំខាន់នានា នៅក្នុងប្រទេសសម្រាប់រយ:ពេល ៥ឆ្នាំខាងមុខ (២០១៩ ដល់២០២៣)។ នេះបើយោងតាមសេចក្តី ប្រកាសមួយរបស់ក្រសួងសេដ្ឋកិច្ច ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ  AKP។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង រវាងគណៈប្រតិភូធនាគារពិភពលោក ក្នុងអំឡុងពេលកិច្ច ប្រជុំមួយជាមួយ ឯ.ឧ. វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។

លោក វង្សី វិស្សុត ត្រូវបានដកស្រង់សម្ដីដោយ AKP យ៉ាងដូច្នេះថា «ទោះបីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងកម្ពុជានិងធនាគារពិភពលោក ត្រូវជួបប្រទះបញ្ហានិងភាពរអាក់រអួលមួយរយៈក្តី តែភាពជាដៃគូនេះបានចាប់ផ្តើមស្តារឡើងវិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងកាន់តែល្អប្រសើរជាលំដាប់រហូតដល់បច្ចុប្បន្ន»។

ក្នុងជំនួបនេះដែរ គណៈប្រតិភូនៃក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក ក៏បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ច្រើនឆ្នាំជាប់គ្នា ការកាត់បន្ថយភាពក្រីក្រ, គ្រប់គ្រងអត្រាអតិផរណាក្នុងកម្រិតទាប និងគ្រប់គ្រងបំណុលសាធារណៈបានល្អ។

គួររំលឹកថា យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានខ្ចី ប្រាក់ចំនួន ១.១៤១ ពាន់លានដុល្លារពីធនាគារពិភពលោក ។ ពេលកន្លងទៅនេះ ទំនាក់ទំនងរវាងធនាគារពិភពលោកនិងរដ្ឋាភិបាលកម្ពុជា មិនសូវជាល្អប៉ុន្មានទេ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ បានចាក់ដីបំពេញបឹងកក់ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានផ្លាស់ប្តូរផ្ទះសម្បែង។ បន្ទាប់មក នៅឆ្នាំ២០១១ ធនាគារពិភពលោកបានប្រកាស ថា ខ្លួនបានបញ្ឈប់ការផ្តល់ប្រាក់កម្ចីដល់កម្ពុជា បន្ទាប់ពីមានរឿងបឹងកក់នោះមក។

ទោះបីជាយ៉ាងនេះក្តី លោក វង្សី វិស្សុត បានអះអាងថា  «ទោះបីបច្ចុប្បន្នមានដៃគូ និងប្រទេសកាន់តែច្រើនចង់ឱ្យកម្ពុជាខ្ចីប្រាក់ក៏ដោយ តែកម្ពុជានឹងមិនខ្ចីនោះឡើយ ប្រសិនបើមិនចាំបាច់ និងមិនឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់កម្ពុជា»៕ ដោយ ៖ ​ថារ៉ូ

ភ្លៀងរដូវវស្សានៅ​កម្ពុជា បន្តធ្លាក់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថានភាពអាកាសធាតុរបស់កម្ពុជា នឹងរងឥទ្ធិពលខ្យល់មូសុងនីរតី បង្កឲ្យមានភ្លៀងធ្លាក់រាប៉ាយនៅទូទាំងកម្ពុជា ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ។

សម្រាប់រយៈពេលមួយសប្តាហ៍ទៅមុខ អាកាសធាតុនៅកម្ពុជា មានដូចខាងក្រោម ៖

១. នៅថ្ងៃទី១៩-២០ ខែឧសភា កម្ពុជា នឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយ និងខ្យល់មូសុងនីរតី ដែលនឹងធ្វើឱ្យរាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅ មធ្យម ពុំរាយប៉ាយបានល្អឡើយ។

២. ចាប់ពីថ្ងៃទី២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនីរតី ចាប់ផ្តើមបង្កើនឥទ្ធិ ពលឡើងវិញ ដែលជាហេតុធ្វើឱ្យកម្រិតទឹកភ្លៀង មានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនឹងភាពរាយប៉ាយ ក៏កាន់តែបានល្អប្រសើរ។
៣. សីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះពី ៣៣-៣៦អង្សារសេ។
៤. បាតុភូ (Thunderstorm) ផ្គររន្ទះ និងខ្យល់កន្រ្តាក់ នៅតែបន្តកើតមានច្រើន។

ការជូនដំណឹងខាងលើនេះ បន្ទាប់ពីក្រសួងបានតាមដានឃើញថា បាតុភូត El Nino ដែលកម្ពុជាបាននឹងកំពុងទទួលតាំងពីដើមឆ្នាំមក រហូតមកដល់ពេលនេះ នៅតែបន្តមានអត្ថិភាពនៅឡើយដោយគ្រាន់តែឥទ្ធិពលបានថយចុះជាបន្តបន្ទាប់តែប៉ុណ្ណោះ៕

សាលក្រមចំនួនពីរ​ទៀតកំហិតឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារ ៨ឆ្នាំ

ភ្នំពេញ ៖ មន្ត្រីតុលាការ អមដោយសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នេះ បានយកសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី ចំនួន២ ទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។

យោងតាម សាលក្រមទាំង ២នេះ បង្ហាញថា លោក សម រង្ស៉ី ​ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារសរុបរយៈពេល ៨ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល ចូលជាថវិកាជាតិ។

បទល្មើសទាំង២នេះ រួមមានទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលតុលាការបានកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀល និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាត់ទោសលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់ ១០លានរៀលដូចគ្នា។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត៕

មន្ត្រីក្រសួង​ការងារប្រាប់ពលរដ្ឋ​ខ្មែរនៅ​កូរ៉េ កុំ​ចាញ់បោក​ការទិញ​លក់​កាក់ Crypto Currency

 

​ភ្នំពេញ ​៖ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ បានប្រកាស​ប្រាប់​ពលរ​ដ្ឋ​ខ្មែរ នៅ​កូរ៉េ កុំ​ឲ្យ​ចាញ់បោក​ការឃោសនា​លក់​កាក់ Crypto Currency​ ព្រោះមិន​ស្របច្បាប់​នោះទេ​។​ ការប្រកាសនេះ បានធ្វើឡើងក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​ពី​ក្រុមហ៊ុន GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​រួចមក។

​ដោយ​ភ្ជាប់​នឹង​ព័ត៌មាន​របស់​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែឧសភា​ ឆ្នាំ២០៩ នេះ លោក ហេង សួរ បាន​លើកឡើងថា “​តាមរយៈ​ព័ត៌មាន​នេះ ខ្ញុំ​នឹកឃើញ​កន្លងទៅ​ឮ​ព្រះអង្គ ពៅ​សុភ័ក្ត្រ មាន​សង្ឃ​ដិ​កា​ថា មាន​អ្នក​ខិលខូច​ពី​ខ្មែរ និង​ម៉ាឡេស៊ី មួយចំនួន​បាន​ឡើងទៅ​កូរ៉េ ឃោសនា​លក់​កាក់ Crypto Currency ឲ្យ​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​។ សូម​បងប្អូន​ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច​ទាំងនោះ​។ Crypto Currency គឺ​មិន​ស្របច្បាប់​ទេ​”​។​

​លោក ហេង សួរ បន្តថា “​អ្នក​ដែល​បាន​ប្រយោជន៍​ខ្លាំង គឺ​មេ​ខ្សែ​។ រីឯ​កូន​បន្តបន្ទាប់ នឹង​ផុងខ្លួន​ខំ​ដើរ​លក់ ឬ​ឃោសនា​បន្ត ដើម្បី​បាន​ភាគរយ​ឲ្យ​ទៅ​មេ​ខ្សែ និង​ដើម្បី​បាន​ប្រមូល​ដើម​របស់ខ្លួន​មកវិញ​ខ្លះ​។ មាន​ថវិកា​ដែល​សន្សំ​បាន​គួរ ជូន​អ្នកផ្ទះ​ពង្រីក​ដីស្រែ​ចំការ ផ្ទះសំបែង មុខរបរ និង​ការសិក្សា​បន្ត​របស់​ប្អូនៗ ប្រសើរ​ជាង​ចិត្ត​លោភលន់​ទិញ​កាក់​ខ្យល់​ខុសច្បាប់ តាម​ការឃោសនា​របស់​ក្រុម​បណ្តាញ​លក់ Crypto Currency”៕

ធនាគារអភិវឌ្ឍន៍ជនបទបង្កើតគន្លឹះអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា

ភ្នំពេញ ៖ ដើម្បីកាត់បន្ថយជាបន្តើរៗការប្រើប្រាស់បន្លែគីមី និងគ្មានគុណភាពដែលនាំចូលគ្មានប្រភពច្បាស់លាស់ ក្នុងគោលបំណង ដើម្បីពិភាក្សារិះរកវិធានការរួមក្នុងការលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ ​បានបើកកិច្ចប្រជុំពិភាក្សាអំពីគំរោងគាំទ្រការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា ជាមួយតំណាងក្រុមហ៊ុនពាក់ព័ន្ធប្រមាណជាង ១០ក្រុមហ៊ុន ប្រចាំនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនាមជាធនាគាររដ្ឋបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទាន ក៏ដូចជាក្រុមការងារបច្ចេកទេសដើម្បីសហការណ៍ជាមួយសហគមន៍អ្នកផលិត និងក្រុមហ៊ុនអ្នកទទួលទិញ។

លោកអគ្គនាយក បានបញ្ជាក់ទៀតថា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបញ្ហាទីផ្សារ ទន្ទឹមនឹងការផលិតបន្លែសុវត្ថិភាពមិនស្របតាមស្តង់ដារដែលជាហេតុធ្វើឲ្យការប្រគួតប្រជែងលើទីផ្សារមិនសូវទទួលបានលទ្ធផលល្អ។ លោកបាន ស្នើសុំឲ្យភាគីអ្នកទិញបន្លែសុវត្ថិភាពជួយទំលាក់ធាតុចូលសំខាន់ៗដើម្បីគាំទ្រគំរោងការប្រើប្រាស់បន្លែសុវត្ថិភាពផលិតដោយកូនខ្មែរ ព្រមទាំងជួយលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះបានសម្រេចបង្កើតក្រុមការងារមួយដោយមានតំណាងពីធនាគារអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុនទិញ-លក់បន្លែសុវត្ថិភាព ដើម្បីធ្វើការសិក្សារួមគ្នាលើបញ្ហាទីផ្សារបន្លែ និងយន្តការណ៍គន្លឹះសំខាន់ៗដើម្បីអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់៕ ​ប្រភព ៖  Daily-khmer

បុរសចិនបើករថយន្ត RAV4 បុក​ខ្ទេចរថយន្តចតស្ងៀម ២គ្រឿង នៅសង្កាត់ទន្លេសាក់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ទំនងស្រវឹង បើករថយន្ត RAV4 ក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុករថយន្តកាមរីហាយប្រីដដែលចតស្ងៀមរុញទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសឥន្ទូខាងលិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-1167 និងរថយន្ត១គ្រឿងទៀត ម៉ាក TUCSON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-2563 ចតស្ងៀម នៅលើដងផ្លូវមុខសណ្ឋាគារ អេនិក ប៊ូនិក ក្នុងទិសដៅពីកើតទៅលិច។ ក្រោយមកស្រាប់តែមានរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9816 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន សង្ស័យស្រវឹងស្រា ក៏រេចង្កូតទៅបុករថយន្តហាយប្រីដ រុញទៅបុករថយន្តម៉ាក TUCSON បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួល ដោយភាគីបង្កចេញថ្លៃជួសជុលទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ មិនរំខាននាឲ្យលំបាកដល់សមត្ថកិច្ចនោះឡើយ៕ ដោយ ៖ សុផល

ស្ត្រីម្នាក់ស្លាប់ និង៤នាក់រងអាការៈពុលផ្សិតធ្ងន់ធ្ងរ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀត បានរងអាការៈពុលធ្ងន់ធ្ងរ បន្ទាប់ពីពួកគាត់ដកផ្សិតយកមកចម្អិនបរិភោគ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១៣៖៣០ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ។

បន្ទាប់ពីមានករណីពុលភ្លាមៗ មនុស្សចំនួន៥នាក់ ត្រូវបានប្រជាពលរដ្ឋនៅជិតខាង ជួយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គ្រូពេទ្យបង្ហាញក្តីបារម្ភថា ប្រជាពលរដ្ឋចំនួនបីនាក់ ក្នុងចំណោម ៥នាក់ មានសភាពធ្ងន់ធ្ងរជាងគេ ដែលអាចប្រឈមដល់អាយុជីវិតជីវិត។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃដដែលនេះ ស្ត្រីម្នាក់ដែលរងអាការៈពុលខ្លាំងជាងគេ បានទទួលមរណភាពហើយ បន្ទាប់ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អេកខេត្ត។

អាជ្ញាធរ និងមន្ត្រីជំនាញ កំពុងចុះស្រាវជ្រាវ ដើម្បីកំណត់ពីមូលហេតុពិតដែលនាំឲ្យមានមនុស្សស្លាប់ ដោយករណីផ្សិតនេះ៕

សំណុំរឿងបើកឡានបុកនិស្សិតស្រីស្លាប់ សងជំងឺចិត្ត៧ម៉ឺនដុល្លារ និងជាប់ឃុំ២ខែ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៧ ខែឧសភា នេះ បានសម្រេចលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយដោយផ្តន្ទាទោសដាក់ពន្ធនាគារជ​នបង្កគឺកញ្ញា យិន ម៉ាណា រយៈពេល ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានកំណត់ឲ្យអនុវត្តន៍ក្នុងពន្ធនាគារត្រឹមតែ ២ខែប៉ុណ្ណោះ ដោយ ១០ខែទៀត ត្រូវព្យួរ។

បើតាមការអនុវត្តទោស ដែលគិតចាប់តាំងពីកញ្ញា យិន ម៉ាណា ត្រូវបានឃុំខ្លួននាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ហើយគិតមកទល់នឹងពេលនេះ ការអនុវត្តច្បាប់ឃុំខ្លួន គឺនៅសល់តែប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺគ្រប់រយៈពេល ២ខែហើយ ដោយកញ្ញា យិន ម៉ាណា នឹងអាចមានសេរីភាពឡើងវិញ ក្នុងចន្លោះថ្ងៃទី ២៩ ខែឧសភា ខាងមុខនេះ។

គួររម្លឹកថា កាលពីខែមីនា កញ្ញា យិន ម៉ាណា បានបើករថយន្តទំនើបម៉ាក Range Rover បង្កគ្រោះថ្នាក់ដល់និស្សិតស្រីម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអណោចអធម។ តាមរយៈរូបភាពវីដេអូ កាមេរ៉ាសុវត្ថិភាព ប្រការនោះបានធ្វើមហាជនផ្ទុះកំហឹងជាខ្លាំង និងអំពាវនាវឲ្យកម្លាំងមានសមត្ថកិច្ចដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ។

ក្រោយមកសំណុំរឿងក្តីក៏ត្រូវបានបញ្ចប់ ដោយភាគីជនបង្ក បានយល់ព្រមធ្វើសំណងជំងឺចិត្ត(រដ្ឋប្បវេណី) ចំនួន ៧ម៉ឺនដុល្លារ ដល់គ្រួសារសព ប៉ុន្តែនៅសល់បណ្តឹងអាជ្ញាប៉ុណ្ណោះ ហើយនៅថ្ងៃទី១៧ ខែឧសភា នេះ តុលាការបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ តែអនុវត្តន៍ទោសត្រឹមតែ២ខែប៉ុណ្ណោះ៕

អត្ថន័យ និងការប្រារព្ធពិធីបុណ្យវិសាខបូជា

ភ្នំពេញ ៖ ថ្ងៃ១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃសៅរ៍ ទី​១៨ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជា​ទិវា​មួយ​ដែល​ពុទ្ធសាសនិកជន នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​សកលលោក តែង​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ដ៏​សំខាន់​មួយ គឺ«ពិសាខបូជា»។

តើពិធីបុណ្យពិសាខបូជា នៅឆ្នាំនេះ មានអត្ថន័យ និងប្រយោជន៍យ៉ាងណាខ្លះ..?

វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជា សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលចេញផ្សាយកាលពីឆ្នាំ១៩៥១ បានសរសេរកត់ត្រាថា ប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូចជានៅប្រទេសសិរីលង្កា គេមានទំនៀមប្រារព្ធពិធីបុណ្យវិសាខបូជានៅតាមទីវត្តអារាមទូទាំងប្រទេសរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ ១៤កើត រហូតដល់ថ្ងៃ ១រោច ខែពិសាខ យ៉ាងអ៊ឹកធឹក។

ក្នុងឱកាសពិធីបុណ្យនេះ អ្នកស្រុកសិរីលង្កា នាំគ្នាបូជាគ្រឿងសក្ការផ្សេងៗ មានផ្កា និងទៀនប្រទីបជាដើម អុជបូជាភ្លឺព្រោងព្រាតគ្រប់វត្តអារាម និងតាមផ្ទះអ្នកស្រុកអ្នកភូមិ តាមទ្រព្យធនធាន។

ចំណែកនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាវិញ ក៏ធ្វើ ៣ថ្ងៃដូចនៅសិរីលង្កាដែរ ប៉ុន្តែខុសប្លែកគ្នាត្រង់អ្នកស្រុកភូមា គេទៅប្រជុំគ្នានៅឯវត្តនាពេលយប់ រង់ចាំរហូតដល់ពេលផ្កាយវិសាខនក្ខត្តឫក្ស ឬផ្កាយប្រចាំខែពិសាខ រះឡើង គេក៏វាយជួងទូងស្គរលាន់កងរំពង រួចទើបអុជទៀនបូជា។ រីឯទំនៀមប្រារព្ធបុណ្យវិសាខបូជា នាសម័យនេះវិញ ភាគច្រើនអ្នកស្រុកភូមា គេធ្វើនៅតាមចេតិយ ដោយមិនមានហែក្បួន ឬបូជាផ្កាអ្វីទេ គឺគេផ្ដោតជាសំខាន់តែការបូជាប្រទីបមានទៀនជាដើមប៉ុណ្ណោះ។

តាមពុទ្ធប្រវត្តិ ទីដែលព្រះសម្មាសម្ពុទ្ធសមណគោតមទ្រង់ប្រសូត គឺនៅឧទ្យាន លុម្ពិនី ក្នុងនគរកបិលវត្ថុ ដែលសព្វថ្ងៃនេះជាទឹកដីប្រទេសនេប៉ាល់ ជាប់ព្រំប្រទល់ប្រទេសឥណ្ឌា។ អាស្រ័យហេតុនេះហើយ ទើបមានបរិស័ទខ្មែរ សិរីលង្កា ភូមា និងថៃ ជាដើម បានទៅកសាងវត្តអារាមពុទ្ធសាសនានៅទីនោះ និងតែងនាំគ្នាធ្វើធម្មយាត្រាទៅគោរពបូជា នាទីបូជនីយដ្ឋាន សួនលុម្ពិនី ជារៀងរាល់ឆ្នាំ។

ពិធីបុណ្យនេះ ក្រៅពីការរម្លឹកនឹកគុណ ព្រះសម្មាសម្ពុទ្ធ គ្រប់គ្នាក៏ចូលរួមបួងសួងសូមឲ្យ ក្រុមគ្រួសារ មានសេចក្ដីសុខ ប្រទេសជាតិ មានសុខសន្តិភាពជានិរន្តផងដែរ៕

ធនាគារជាតិ​នៃ​កម្ពុជា ​ប្រកាស​បដិសេធ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុមហ៊ុន GCG ASIA

 

​​ភ្នំពេញ ៖​ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយនា​រសៀល​នេះ ដោយ​ប្រកាស​បដិសេធ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​ក្រុមហ៊ុន GCG Co., ASIA LTD ពាក់ព័ន្ធ​ការទទួល​ប័ណ្ណ​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។​

​សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​ខាងក្រោម ៖

ឃាត់ខ្លួនប្រធានក្រុមហ៊ុន GCGAsia ២នាក់ប្តីប្រពន្ធ បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រកាសពីសន្តិសុខបន្ទាន់

ភ្នំពេញ ៖ ក្រុមហ៊ុន GCG AsiaCo.,LTD ដែលបានយកឈ្មោះនិងរូបសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួនដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ចនិងមន្រ្តីធនាគារជាតិ ចុះទៅបិទជាបណ្ដោះ អាសន្ន នៅសង្កាត់វត្តភ្នំខណ្ឌដូនពេញនាព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះកម្លាំងនគរបាលក៏បានឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំង២នាក់ប្តីប្រពន្ធជាជនជាតិម៉ាឡេស៊ីផងដែរយកទៅសួរនាំដើម្បីចាត់ការបន្តទៀត។

បើតាមមន្រ្តីនគរបាលរូបនេះ ក្រុមហ៊ុនខាងលើអាចជាប់ព័ន្ធការលាងលុយកង្វក់ និងឆបោកលុយពី ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តតែយ៉ាងណានោះរង់ចាំការសួរនាំបន្តទៀត។

កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានគរបាលជាតិបានបើកកិច្ចប្រជុំបន្ទាន់ជាមួយលោកជាចាន់តូអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាដើម្បីសម្រេចចុងក្រោយឈានទៅរកការបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះថៅកែក្រុមហ៊ុននោះ។

កាលពីយប់មិញសម្តេចតេជោហ៊ុនសែនបានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេទៅបង្ហោះនូវ លើ Website របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និង ធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះត្រូវ បានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថាជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវនិងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុនសែនសូមបដិសេធព័ត៌មានដែលផ្សាយ ក្នុងវេបសាយ របស់ក្រុម ហ៊ុនខាងលើនេះគឺមិនពិតទេនិងស្នើអាជ្ញាធនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាននិងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងFacebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «ដំណឹង សន្តិសុខ ជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG AsiaCo.,LTD បានយករូបថតខ្ញុំនិងឈ្មោះខ្ញុំទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http:gcgasiacoin.com ដែលនិយាយថាខ្ញុំជាអ្នកគាំទ្រនិងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារ ចិន នៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (CryptoCurrency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCGAsia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ហើយត្រូវបានដាក់ចូលក្នុង BlackList»៕

សម្ដេច ហេង សំរិន ប្រធានកិត្តិយសបក្សអញ្ជើញបើកយុទ្ធនាការបោះឆ្នោត

ភ្នំពេញ ៖ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការ កណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះបានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក នៅខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ដោយយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតនេះត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅទូទាំងប្រទេស ហើយក្នុងឱកាសនេះសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន បានហៅការជួបជុំរបស់បេក្ខជន និងអ្នកបោះឆ្នោតនាពេលនេះថា ជាការជួបជុំគ្នា ដើម្បីបង្ហាញនូវស្មារតីសាមគ្គី ឯកភាពគ្នា លើគោលដៅរបស់គណបក្ស ដែលត្រូវដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតខាងមុខ តាមរយៈការបោះឆ្នោតមួយដែលមានលក្ខណៈ សេរី ត្រឹមត្រូវ និង យុត្តិធម៌។

ថ្លែងទៅកាន់អង្គពិធីកាលពីព្រឹកមិញនេះដែរ សម្តេចពញាចក្រី ហេង សំរិន បានលើក ឡើងថា បច្ចប្បុន្នព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងសន្តិភាព ស្ថិរភាព និងមានការអភិ វឌ្ឍន៍ហើយដែលបានរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានកាន់តែល្អប្រសើរ ជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលនីតិកាល ទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលអនុវត្តបានល្អនូវកម្មវិធី នយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជាឆ្នាំ២០១៨-២០២៣។

សម្តេចបានគូសបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីយើងគ្រប់ថ្នាក់លើ គ្រប់វិស័យ ទើបមាតុភូមិរបស់យើងទទួលបាននូវសមិទ្ធផលខាងសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។

ទាក់ទងទៅនឹងការបោះឆ្នោតនៅថ្ងៃទី២៦ ឧសភាខាងមុខនេះ សម្តេចពញាចក្រី ហេង សំរិន បានប្រាប់ឲ្យអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ត្រូវ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយសម្រាប់ខេត្តត្បូងឃ្មុំមានអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួន ៥៣៦នាក់ និងមានគណបក្សនយោបាយចូលរួមប្រកួត ប្រជែងចំនួន៦។

សូមជម្រាជូនថា នៅទូទាំងប្រទេសកម្ពុជាមានរាជធានី ខេត្ត សរុបចំនួន ២៥ មានក្រុង ស្រុក ខណ្ឌ សរុបចំនួន ២០៣ និងមានអ្នកបោះឆ្នោតសរុបចំនួន ១ម៉ឺន ១ពាន់ ៥៧២នាក់ នេះ តាមការចេញផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕

បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកស្លាប់បីនាក់នៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួនបីនាក់ ត្រូវបានស្លាប់ភ្លាមៗនៅកន្លែង ខណ:ដែលកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកដីបុកពីក្រោយពេញទំហឹង។ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំនុចមុខខ្លោងទ្វារវត្តអណ្ដូងថ្មមាស ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍និយាយថា នៅមុនកើតហេតុម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-1949 បានបេីកឡេីងជែងរថយន្តធំដឹកដី ម៉ាក ហ្វុយសូ ពាក់ស្លាកលេខ ភ្នំពេញ 3A-3754ក្នុងទិសដៅស្របគ្នាហើយក៏គេចចូលមកស្តាំវិញបន្ទាប់ពីគេចចេញពីរថយន្តដែលបើកបរច្រាស់ទិសគ្នា ក៏ត្រូវរថយន្តដឹកដីស្របទិសនោះបុកពីក្រោយពេញទំហឹងកិនស្លាប់ទាំងបីនាក់តែម្តង។
លោក ធិន ស៊ិនដេត អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថាជនរងគ្រោះទាំងបីនាក់មានឈ្មោះ ១-ឈ្មោះ ផាត ភាព ភេទប្រុស អាយុ ៣៦ឆ្នាំ (អ្នកបេីកបរម៉ូតូ)

២-ឈ្មោះ ផាត ភាន ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នករួមដំណេីរម៉ូតូ)
៣-ឈ្មោះ ស្រី តំ ភេទស្រី អាយុ ១៩ឆ្នាំ (អ្នករួមដំណេីរ) អ្នកទាំង បី រស់នៅ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង ។

លោក ធិន ស៊ិនដេត បន្តថាក្រោយការវាស់វែងនិងពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថាករណីគ្រោះថ្នាក់នេះគឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយត្ន័ ជែងក្នុងស្ថានភាពគ្រោះថ្នាក់។

សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន អ្នកបេីកបររថយន្ត ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅផ្ទះ ថៅកែឈ្មោះ កុយ ស្ថិតក្នុង ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរ៕ ដោយ ៖ ន.វ.

មេភូមិថ្មស ឃុំថ្មស ខេត្តកោះកុង ស៊ីញ៉េផ្ទេរសិទ្ធិដីធ្លី ថ្លៃពី៣០០ ទៅ៥០០ដុល្លារ ?

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលកំពុងរស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង បានរិះគន់លោកមេភូមិទើបឡើងថ្មី ដែលត្រូវជាខ្សែស្រឡាយរបស់មេឃុំថ្មស គឺលោក អិច កួន ដោយលើកឡើងថា កំពុងប្រព្រឹត្តអំពើពុករលួយ ដោយភ្ជាប់នូវលក្ខខ្ឌណស្មុកស្មាញជាលេស ដើម្បីទារលុយថ្លៃចុះហត្ថលេខាលើលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លី ផ្ទុយពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ការលើកឡើងពីប្រជាពលរដ្ឋជាច្រើននាក់យ៉ាងដូច្នេះ ខណៈដែលពួកគាត់ជាជនក្រីក្រហើយត្រូវការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីទៅឲ្យអ្នកផ្សេង តែគេតម្រូវឲ្យយកទៅធ្វើនៅផ្ទះរបស់លោកមេភូមិផ្ទាល់ទៅវិញ ហើយត្រូវបានមេភូមិថ្មីនោះ ទាមទារប្រាក់កម្រៃពី៣០០ ទៅ៥០០ ដុល្លារ ចំណែកឯស្មៀនឃុំ វិញគឺទារពី៣០០ ទៅ៥០០ ដូចគ្នាដែរ ឬក៏អាចទៅដល់ ១០០០ ដុល្លារ ក៏មានដែរ ក្នុងការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់។ ត្រង់លក្ខណៈ នេះហើយ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងធ្វើការ រិះគន់ចំៗថា លោក ជា សុថាវិរិទ្ធ ដែលគេស្គាល់ថា ជាក្មួយរបស់លោក អិច កួន ឃុំថ្មស ប្រព្រឹត្តអំពើពុករលួយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើននាក់ដែលរស់នៅក្នុងភូមិនេសាទសមុទ្រ មួយនេះរួមទាំងមតិមហាជនផងដែរនោះ ពួកគាត់បានយកឯកសារផ្ទេរសិទ្ធិដីធ្លី ទៅបញ្ជាក់ឲ្យអ្នកថ្មីដើម្បីយកទៅគ្រប់គ្រងបន្ត ហើយត្រូវលោកមេភូមិ និយាយថា ឯកសារនេះ ទាល់តែអោយលុយគាត់ចំនួន ៥០០ដុល្លារ បានគាត់(មេភូមិ)ព្រមស៊ីញ៉េអោយ និងបានពោលពាក្យថា លោក ស៊ីញ៉េ មួយខ្វាច់យក ៥០០ដុល្លារអាមេរិចនេះ គឺយកតម្លៃ ក្នុងនាមរាប់អាន និងស្គាល់គ្នាផង បើមិនស្គាល់វិញ លោកអាចទាមទារគេបានរហូតដល់ ១០០០ដុល្លាឯណោះ។

ប្រភពដដែលបន្តថា ដោយសារតែសកម្មភាពទាំងនេះ ហើយទើបប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មស ឃុំថ្មស សម្ដែងការមិនពេញចិត្ត និង បាក់ទឹកចិត្តខណៈដែលមេភូមិរូបនេះ បម្រើតែការងារដើម្បីលាភសក្ការៈផ្ទាល់ខ្លួនធំជាង ការងាររបស់ពលរដ្ឋដែលរស់នៅក្នុងឃុំថ្មស ទាំងមូល។

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅ ក្នុងភូមិថ្មស ឃុំថ្មស សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ជាពិសេស គឺ អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យចុះមកតាមដានស៊ើបអង្កេតអាកប្បកិរិយាឫកពារ របស់មេភូមិទើបឡើងថ្មីឈ្មោះជា សុថាវិរិទ្ធ នេះផង។

ប្រភពដដែលបន្តទៀតថា ខ្សែស្រឡាយរបស់បងប្អូនលោកមេឃុំថ្មស អិច កួន គឺមានតាំងពីថ្នាក់ មេក្រុម មេភូមិ ស្មៀនស្មៀនឃុំ រហូតដល់ថ្នាក់ឃុំ ជាលក្ខណប្រព័ន្ធ។

នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនទាន់អាចសុំការពន្យល់ពីលោកមេភូមិទើបឡើងថ្មី ដែលត្រូវប្រជាពលរដ្ឋរិះគន់នោះនៅឡើយទេ៕ ដោយ ៖  រិទ្ធី