All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុន Google ចាប់ផ្តើមដាក់លក់ទូរស័ព្ទ Pixel ក្នុងតម្លៃ 399 ដុល្លារ

បរទេស ៖ ក្រុមហ៊ុន Google របស់ក្រុមហ៊ុន Alphabet Inc បានចាប់ផ្តើមលក់ទូរស័ព្ទស្មាតហ្វូន Pixel ដែលមានតម្លៃសមរម្យ នៅប្រហែលពាក់កណ្តាលនៃតម្លៃម៉ូដែលនាពេលបច្ចុប្បន្ន ហើយបានទំលាក់ចោល កិច្ចព្រមព្រៀងចែកចាយផ្តាច់មុខ របស់សហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុន Verizon Communications Inc ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ នៃយុទ្ធសាស្ត្រ hardware របស់បច្ចេកវិទ្យាមួយនេះ។

ចាប់តាំងពីបានវាយលុកទីផ្សារ អស់រយៈពេលបីឆ្នាំមកនេះ ទូរស័ព្ទ Pixel បានក្លាយជាប្រភេទទូរស័ព្ទ ដែលមានការលក់យឺតយ៉ាវ បើប្រៀបធៀបទៅនឹងទូរស័ព្ទ ពីក្រុមហ៊ុន Apple Inc និង Samsung Electronics Co ។ ក្រុមហ៊ុនទាំងនោះ ចំណាយច្រើនជាងក្រុមហ៊ុន Google លើការផ្សាយពាណិជ្ជកម្ម ដែល ផ្តល់ជំរើស នៅតម្លៃជាច្រើន និងធានាបាននូវការចែកចាយធំទូលាយ។

ក្រុមហ៊ុន Google បាននិយាយថា ទូរស័ព្ទ Pixel 3a ថ្មីនេះ មានតម្លៃទាប ត្រឹមតែ 399 ដុល្លារបើប្រៀបធៀបទៅនឹង Pixel 3 កាលពីឆ្នាំមុន ដែលមានតំលៃត្រឹមតែ 799 ដុល្លារតែប៉ុណ្ណោះ។ ទូរស័ព្ទនេះនឹងលក់ក្នុងប្រទេសចំនួន 13 ដូចគ្នានឹងម៉ូដែល Pixel 3 ។ លោក Mario Queiroz អនុប្រធានផ្នែកគ្រប់គ្រង របស់ក្រុមហ៊ុន Pixel បានប្រាប់រ៉យទ័រ កាលពីសប្តាហ៍ មុនថា វាគឺជាពេលវេលាត្រឹមត្រូវ សម្រាប់ការពង្រីក ផលិតផលរបស់ខ្លួន នៅលើទីផ្សារ។

ពាក់ព័ន្ធនឹងរឿង នេះ ក្រុមហ៊ុន Google បានពិភាក្សាជាមួយក្រុមហ៊ុន AT & T ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏សំខាន់មួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនអាចដោះ ស្រាយបញ្ហាផ្សេងៗបានទេ។ ប៉ុន្តែក្រុមហ៊ុន Google និងក្រុមហ៊ុន AT & T នៅតែបន្តពិភាក្សាពីលទ្ធភាពនៃ ការស្តុកទុកស្មាតហ្វូន នាពេលអនាគត៕

ការផ្លាស់ប្តូរមុខតំណែងអភិបាលខេត្តបន្ទាយមានជ័យ ធ្វើនៅថ្ងៃទី១០ ឧសភា ​នេះ

ខេត្តបន្ទាយមានជ័យ ៖ ការផ្ទេរភារកិច្ចលោកអភិបាលខេត្តបន្ទាយមានជ័យ ជំនួសដោយអភិបាលរងលោកវិញនោះ នឹងធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

តាមសេចក្តី ជូនដំណឹងរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
សូមជម្រាបថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើលិខិតទូលថ្វាយស្នើសុំព្រះមហាក្សត្រ ផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី និងស្នើតែងតាំងអភិបាលរងលោក អ៊ុំ រាត្រី ជំនួសវិញ។

លោក សួន បវរ
ក្នុងលិខិតដដែលនោះដែរ សម្តេចតេជោ បានគោរពស្នើសុំផ្ទេរបញ្ចូលលោកឧត្តមសេនីយ៍ឯក គឹង វណ្ណៈ នៃក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា មកជាមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីមានឧបនិស្ស័យតែងតាំងមុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ចៅហ្វាយក្រុងព្រមានដកសិទ្ធិម៉ៅការភាស៊ីផ្សារសិរីសោភ័ណរឿងអត់ប្រមូលសំរាម

បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណបានទុកពេលឲ្យអ្នកម៉ៅការភាស៊ីផ្សារចំការរគរ(ផ្សារថ្មី) និងជាពិសេសផ្សារសិរីសោភ័ណ រយៈពេល៣ខែ អោយធ្វេីការកែប្រែឥរិយាបថមួយចំនួន ពិសេសលេីការប្រមូលសំរាមផ្សារសិរីសោភ័ណ ដែលកន្លងមកមានការរិះគន់មកអាជ្ញាធរថាការប្រមូលសំរាមមិនទៀងទាត់ ជាហេតុបណ្តាលឲ្យមានក្លិនមិនល្អ និងទុកដាក់សំរាមមិនត្រឹមត្រូវទៅតាមការកំណត់ ។

នេះបេីតាមការលេីកឡេីងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដែលបានកោះអញ្ជេីញអ្នកម៉ៅភាស៊ីផ្សារខាងលេីដែលមានម្ចាស់ម៉ៅការតែមួយ ដេីម្បីប្រជុំវែកញែកដោះស្រាយ ដែលមានការចូលរួមពីអភិបាលរងក្រុង អ្នកពាក់ព័ន្ធ ក្រុមហ៊ុនប្រមូលសំរាម ដែលប្រារព្ធធ្វេីនៅសាលប្រជុំសាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ។

ការព្រមានទៅលេីអ្នកម៉ៅភាស៊ីផ្សារចំការគរ និងផ្សារសិរីសោភ័ណនេះ មិនមែនជាលេីកទីមួយនោះទេ ពោលកាលពីកន្លងទៅអាជ្ញាធរក្រុងសិរីសោភ័ណក៏ បានព្រមានទៅលេីអ្នកម៉ៅការភាស៊ីផ្សារចំការគរ ដែលបានដេីរយកភាស៊ីពីកញ្ចែង កញ្ជេីរ ល្អី ដែលផ្គេីនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលេីកលែងមិនអោយយកភាស៊ី។

លេីកនេះអ្នកម៉ៅការភាស៊ីមិនសូវអនុវត្តទៅតាមលិខិតនៃកិច្ចសន្យាថា នឹងធ្វេីការថែរក្សាបរិស្ថានផ្សារ សន្តិសុខសណ្តាប់ធ្នាប់ និងមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង តែផ្ទុយទៅវិញ ការអនុវត្តហាក់ដូចជាគ្មានប្រសិទ្ធភាពឡេីយ ការប្រមូលសំរាមមិនទៀងទាត់ មិនសូវយកចិត្តទុកដាក់លេីរឿងសំរាមក្នុងផ្សារ ការចោលសំរាមពាសវាលពាសកាល មិនមានការកំណត់ទីតាំងជាក់លាក់ ធ្វេីអោយប្រជាពលរដ្ឋ និងអាជីវករ មានការរិះគន់ធ្ងន់ៗមកលេីអាជ្ញាធរថាសម្រាមអត់ប្រមូល ប្រមូលតែលុយ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានទុកពេលឲ្យអ្នកម៉ៅការភាស៊ីផ្សារសិរីសោភ័ណរយៈពេល៣ខែ ក្នុងការកែប្រែឥរិយាបថឡេីងវិញ បេីពុំនោះទេលោកដកចេញតែម្តងដោយគ្មានលក្ខខណអ្វីទាំងអស់ ។

លោកបន្តថា កន្លងមកបណ្តារអាជីវករក្នុងផ្សារសិរីសោភ័ណ បានលេីកឡេីងថា អ្នកយកភាស៊ីតែងតែដេីរយកជាប្រចាំ ប៉ុន្តែសំរាមគឺនៅដ៏ដែលធ្វេីឲ្យគាត់ដែលលក់ដូរក្បែរនោះស្មេីរតែដង្ហេីមមិនរួចដោយវាមានក្លិនស្អុយ ។

ជាមួយនឹងការព្រមានជាលេីកចុងនោះដែល អាជ្ញាធរក្រុងនិងធ្វេីការដាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងមួយចំនួននៅផ្សារចំការគរ (ហៅផ្សារថ្មី) និងផ្សារសិរីសោភ័ណ ដេីម្បីតាមដានមេីលសកម្មភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលតែងតែយកសំរាមយកចោលគ្មានសណ្តាប់ធ្នាប់ ដេីម្បីធ្វេីការផាក់ពិន័យ ។ ក្នុងនោះរដ្ឋបាលក្រុងនឹងចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលរស់នៅក្បែរផ្សារ មិនអនុញ្ញាតឲ្យចោលសំរាមនៅក្នុងផ្សារនោះទេ បេីដឹងថាមានការចោលសំរាម មិនគោរពទៅតាមសេចក្តីជូនដំណឹងនឹងផាក់ពិន័យតាមច្បាប់ដែលមានចែង ។

ទន្ទឹមនឹងនោះ អភិបាលក្រុងសិរីសោភ័ណ ក៏បានជុំរួញដល់ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលឲ្យបានទៀងទាត់នៅតាមគោលដៅ និងទីតាំងដែលបានកំណត់ ដេីម្បីកុំឲ្យមានការកក់ស្ទះសំរាមយូរ ធ្វេីឲ្យមានក្លិនមិនល្អ ប៉ះពាល់ដល់សុខភាពប្រេជាពលរដ្ឋ ៕

ថ្មីទៀតហើយ ! ឈ្លោះគ្នាបែកផ្សែងរឿងទិញលក់«ដីខ្យល់បង់រំលស់»នៅសង្កាត់សំរោងក្រោម

ភ្នំពេញ ៖ ភាពចម្រូងចម្រាស់ដោយពាក្យសំដីរវាងភាគីអ្នកទិញដីជាមួយភាគីខាងក្រុមហ៊ុនពុះដីឡូត៍«ខ្យល់»លក់ បន្ទាប់ពីអត់មានដីប្រគល់ឲ្យអតិថិជន ហើយទារពេលយកគ្មានលុយវិញ ក៏សន្យាខ្យល់ទៀត កើតជារឿងជម្លោះផ្អើលដល៉សមត្ថកិច្ចចុះទៅសម្របសម្រួលកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រុមហ៊ុនលក់ដីឡូត៍ ស្ថិតក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

នេះជាលើកទីពីរហើយ នៅដើមឆ្នាំ២០១៩ នេះ ដែលលើកទី១ គឺជាករណីលក់ឡានខ្យល់បង់រំលស់ ហើយនៅទីបំផុតម្ចាស់ឃ្លាំងលក់រថយន្តត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីរកឃើញថា បានទទួលលុយកក់ និងលុយបង់រំលស់ទិញរថយន្តរាប់់សិបម៉ឺនដុល្លារពីអតិថិជនជាច្រើននាក់ រួចរត់គេចខ្លួនបាត់។

ក្រុមហ៊ុនលក់ដីខ្យល់យីហោ រៀលប្រជេក ប៊ីហ្សនេស ឯ.ក ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៦ មហាវិថីឈ្នះ ឈ្នះ ក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

បុរសម្នាក់ឈ្មោះ សាន មឿន អាយុ៤៥ឆ្នាំ ជាភាគីអ្នកទិញដី បានឲ្យដឹងថា គាត់បានទិញដីបង់រំលស់ ពីក្រុមហ៊ុនខាងលើ បង់លុយជាតំណាក់កាលៗ ហើយគាត់បង់អស់ ប្រាក់ចំនួន ២.៥០០ដុល្លាហើយ លើតម្លៃដីសរុប ៩.៨០០ដុល្លា គឺបង់ក្នុង១ខែ ២០០ដុល្លារ ទៅតាមលក្ខខណ្ឌ ៥ខែ តែអ្វីដែលមិននឹកស្មានដល់នោះគឺ ខំបង់លុយអស់ ២.៥០០ដុល្លារទៅហើយ បែរជាក្រុមហ៊ុនមិនមានដីប្រគល់ឲ្យទៅវិញ សួរឯលិច ឆ្លើយឯកើត សួរកើតធ្លាយជើង ទីបំផុតទើបដឹងថា ក្រុមហ៊ុននេះលក់ដី«ខ្យល់» រកតែមួយដីបង្គីក៏គ្មានផង ដើរតែចង្អុលដីគេពាសវាលពាសកាល ម្តងថាដីត្រង់នេះ ម្តងនៅត្រង់នោះ ពេលអស់កន្លែងភរ បែរជាសន្យាប្រគល់ឲ្យលុយវិញ ហើយការសន្យាប្រគល់លុយវិញនោះទៀតសោត បើមិនបានគ្រប់ចំនួន តាមកិច្ចសន្យាដែរ។

តាមភាគីខាងក្រុមហ៊ុនលក់ដី ឈ្មោះ លី វ៉ាឌីណា អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ នៅក្នុងពេលមានការតវ៉ា លោកមិនមានការបំភ្លឺជុំវិញដីដែលលក់ឲ្យអតិថិជនថាស្ថិតនៅត្រង់ណាឲ្យបានច្បាស់លាស់ឡើយ ក្រោយពីភាគីខាងអតិថិជនខ្លួន ផ្ទុះកំហឹងបំរុងនាំគ្នាប្រមូលឥវ៉ាន់ បែរជាស្រែកឆ្កាដៃជើងខឹង នឹងប្តឹងនឹងមន្ត្រីនគរបាលដែលមានវត្តមានជាសាក្សីក្នុងហេតុការនេះទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាស់គ្នានេះ ភាគីអ្នកទិញដី បានផ្អាក ការប្រមូលយកឥវ៉ាន់របស់ក្រុមហ៊ុនទៅវិញ បន្ទាប់ពីមានអន្តរាគមន៍ពីសមត្ថកិច្ច ដោយស្នើឲ្យ រង់ចាំរកដំណោះស្រាយដោយសន្តិវិធី នៅថ្ងៃបន្ទាប់ទៀត៕

អ្នករាយការណ៍ពិសេសរបស់ UN ទទួលស្គាល់ថា ការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩ទៅដល់គ្រប់ទីកន្លែង

ភ្នំពេញ ៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា លោក ស្រី រ៉ូណា ស្មីត បានទទួលស្គាល់ថា ការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩ មន្រ្តីជំរឿនបានចុះទៅដល់ភូមិឋានប្រជាជន នៅក្នុងតំបន់ចុងកាត់មាត់ញក គ្រប់ទីកន្លែងទូទាំងប្រទេស។ ការទទួលស្គាល់នេះបន្ទាប់ពីលោកស្រី និងក្រុមការងារ បានចុះទៅសាកសួរប្រជាជន នៅតាមតំបន់ចុងកាត់មាត់ញក និងប្រជាជនដែលផ្លាស់ប្តូទីលំនៅដ្ឋានជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានលើកឡើងពីការទទួលស្គាល់នេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម សេដ្ឋបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះនៅទីស្តីការក្រសួង។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួននេះថា ជំនួប រវាង ឯកឧត្តម រដ្ឋមន្រ្តី និងលោកស្រី រ៉ូណា ស្មីត នាថ្ងៃនេះ ក្នុងគោលបំណងចង់ដឹងពីលទ្ធផលមួយចំនួនដែលក្រសួងបានជម្រាបជូនកាលពីបេសកកម្មទី១កាលពីឆ្នាំមុន ដែលទាក់ទងនឹងការធ្វើមូលដ្ឋាននីយកម្ម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការរាយការណ៍ដោយស្ម័គ្រចិត្ត ពីរបាយការណ៍វាយតម្លៃថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជានឹងត្រូវធ្វើការផ្សព្វផ្សាយនឹងបង្ហាញនូវអង្គការសហប្រជាជាតិ នៅក្នុងវេទិការនយោបាយកម្រិតខ្ពស់ នៅទីក្រុងញូយ៉ក ពីថ្ងៃទី៩ដល់ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

ដោយឡែកទាក់ទងទៅនិងរបាយការវាយតម្លៃពីថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត(VNA)ឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ បានដំណើរការរៀបចំតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ពិសេសមានការចូលរួមពីគ្រប់ភាគី និងអង្គការសង្គមស៊ីវិលជាច្រើន ដែលពុំធ្លាប់បានអញ្ជើញពីមុនមកនោះឡើយ។

យ៉ាងណាឯកឧត្តមថា លោកស្រី រ៉ូណា ស្មីត បញ្ជាក់ថា នឹងមានបេសកកម្មរបស់គាត់របៀបនេះ ជាមួយក្រសួងផែនការជានបន្តទៀត ដែលទាក់ទិននឹងលទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងបង្ហាញនៅទីក្រុងញ៉ូយ៉កនាពេលខាងមុខនេះ៕

ឃាត់បុរស៣នាក់បន្លំខ្លួនជាសង្ឃ យកសាសនាមកធ្វើជាមុខរបរ

ភ្នំពេញ ៖ ជនឆ្លៀតឱកាស៣នាក់ដែលក្លែងបន្លំខ្លួនធ្វើជាសង្ឃ ត្រូវបានសមត្ថកិច្ចតាមទាន់ ឃាត់ខ្លួនបាន រួមជាមួយអ្នកបើកបររុឺម៉កម្នាក់ផងដែរ កាលពីវេលាម៉ោង ០៥និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចតាមដងផ្លូវសម្តេច ជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ច បានឲ្យដឹងថា សង្ឃក្លែងក្លាយទាំង៣នាក់ខាងលើ ទី១ ឈ្មោះ ជា ផាន់នី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ ជិន សាមុន អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី៣ ឈ្មោះ វៃ សុីណា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ចំណែកអ្នកបើកបររុឺម៉កម្នាក់ ឃាត់ខ្លួនដែរនោះ ឈ្មោះ សួស ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅម្តុំចំការដូង ។ ទាំង៤នាក់មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង ។

អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មុនកើតហេតុខណៈកម្លាំងសមត្ថកិច្ចជិះម៉ូតូដើរល្បាត មើលក្នុងមូលដ្ឋាន ដល់គោលដៅខាងលើ ស្រាប់តែឃើញរុឺម៉កម៉ូតូកង់បីខាងលើអ្នកជិះ០៣នាក់ មានកោសក់ខុសប្រក្រតីក៍ឃាត់ពិនិត្យស្រាប់តែឃើញសម្ភារៈសង្ឃក្លែងបន្លំសំលៀកស្បង់ជីវរ ឃាត់ជាក់ស្តែងតែម្តងនិងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ចសង្ឃក្លែងបន្លំខាងលើបានប្រាប់ថាពួកគេមិនមែនលោកសង្ឃទេជាប្រជាពលរដ្ឋធម្មតាដោយសារតែធ្វើការសំណង់រកលុយមិនបានក៍មានគំនិតក្លែងជាសង្ឃហើយដើរបិណ្ឌបាតតាមផ្សារនានាក្នុងក្រុងតែម្តងដោយមានរឺម៉កព្រឹកឡើងមកដឹកចេញពីបន្ទប់ជួលហើយប្តូរសំលៀកបំពាក់មកស្បង់ជីវរតាមដងផ្លូវ ។

ក្រោយពីមានចម្លើយសារភាពបច្ចុប្បន្នជនក្លែងបន្លំខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត ៕ ដោយ ៖ ស.ស.រ

រន្ធត់ណាស់ រថយន្ដ៣គ្រឿងបុកបន្ដគ្នា ២នាក់ស្លាប់ ២នាក់របួស នៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម ៖ រថយន្តបុកបន្តកន្ទុយគ្នាចំនូន៣គ្រឿងយ៉ាងហោចណាស់បណ្តាលឱ្យមានមនុស្ស០២នាក់ស្លាប់​នឹង០២នាក់ទៀតរងរបួស។

ហេតុការណ៏នេះបានកេីតឡេីងនៅវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងរថយន្ដនៅលើផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ៧០-៧១នៅត្រង់ចំណុច(ខាងលិចរោងចក្រវ៉ាឡុង)ស្ថិតក្នុងភូមិ ឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថារថយន្ត បង្កម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ2AB-2463 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីលិចទៅកើតដល់ចំណុចកេីតហេតុបានបុករថយន្តម៉ាកហ៊ិនដាយពាក់ស្លាកលេខ កំពង់ចាម3A-1218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរស្របទិសដៅគ្នា ហេីយបានគៀរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ិនដាយពាក់ស្លាកលេខ ព្រះសីហនុ3A-3693 អ្នកបើកបរមិនស្គាល់អត្តសញា្ញណដែលកំពុងឈប់ចុះបត់ជេីង។

សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះដែលស្លាប់រួមមាន២នាក់១-ឈ្មោះជឺ ទង ភេទស្រីអាយុ៥៧ឆ្នាំ ២-ឈ្មោះធា ភេទប្រុស អាយុ២៥ឆ្នាំ។

ជនរងគ្រោះដែលមានរបួសស្រាលមាន២នាក់ ១-ឈ្មោះសីហាភេទប្រុស អាយុ១៨ឆ្នាំទីលំនៅស្រុករវៀងខេត្តព្រះវិហារ២-ឈ្មោះគោភេទប្រុស អាយុ១៧ឆ្នាំទីលំនៅស្រុករវៀងខេត្តព្រះវិហារ។

បច្ចុប្បន្នរថយន្តទាំង០៣គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃរង់ចាំការដោះពេលក្រោយ៕ ដោយ ៖ សុផល

ឃាត់ខ្លូនជនជាតិចិន២នាក់ករណីបាញ់សម្លាប់មនុស្សទម្លាក់ពីលើរថយន្ត (មានវីដេអូ)

ខេត្តព្រះសីហនុ ៖ ជនជាតិចិន ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ តាមស្ទាក់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេបាញ់សម្លាប់បុរសម្នាក់ជាជនជាតិចិនដូចគ្នា ហើយទម្លាក់ចេញពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

សូមជម្រាបថា បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍បាញ់ប្រហារមួយករណី ដោយឃាតករច្រានទម្លាក់ពីលើរថយន្ត រួចបាញ់បញ្ជូនពីក្រោយ ចេញពីរថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2K- 3970 នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគាខ្សាច់សច ក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។

ភ្លាមៗ នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្ទាក់ចាប់បានរថយន្តនិងជនសង្ស័យចំនួន២នាក់ នៅចំណុចភូមិ០៣ សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យចំនួន០២រូបនិងរថយន្តមួយគ្រឿងត្រូវបានយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

ប្រតិភូ UN ប្រចាំកម្ពុជាលើកឡើង៣ចំណុចសំខាន់ៗជូនសម្តេចតេជោ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ​នេះ នៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានអញ្ជើញជួបមន្រ្តីប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN)  ដឹកនាំដោយស្រី PAULINE THMESIS ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានបញ្ជាក់នៅក្រោយជំនួបនេះថា ក្នុងជំនួបនេះលោកស្រី Pauline Tamesis ប្រធានប្រតិភូ បានគោរពជម្រាបជូនសម្ដេចតេជោ និងប្រតិភូទាំងមូលថា អង្គការសហប្រជាជាតិសូមសម្តែងនូវការអបអរសាទរ ចំពោះការងារដែលបានអនុវត្តនាឆ្នាំកន្លងមក។

នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានលើកឡើងនូវចំណុចសំខាន់ៗ៣ គឺ៖ ១. ពាក់ព័ន្ធទៅនឹងកិច្ចគាំពារសង្គម, ២. ទាក់ទងទៅនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍ និង ៣. បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិលើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងទីក្រុងញ៉ូវយ៉ក (New York) នៅខែ៧ខាងមុខនេះ។

ជាការឆ្លើយតបសម្ដេចតេជោ ក៏បានអនុញ្ញាតឲ្យឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការធ្វើការបកស្រាយ ហើយក៏បានបន្ថែមថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រជុំនៅខែ៧ ខាងមុខនេះ ហើយសុំឲ្យមានការចូលរួមគាំទ្រពីស្ថាប័នពាក់ព័ន្ធនោះ សម្ដេចក៏បានមានប្រសាសន៍ឆ្លើយតបថា សព្វថ្ងៃនេះរាល់ការងារទាំងអស់ គឺមានការសម្របសម្រួលគ្នា ហើយក៏មានការចូលរួមជាពិសេស ពីឧត្តមក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍ។

សូមបញ្ជាក់ថា ជំនួបរវាងប្រតិភូក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលនេះ គឺមានការជួបគ្នាជារៀងរាល់ឆ្នាំគឺក្នុងមួយឆ្នាំម្តង។ ហើយនេះជាលើកទី៥ ហើយដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយរាជរដ្ឋាភិបាល៕

ទណ្ឌិត២៥២នាក់ត្រូវបានស្នើបន្ធូរបន្ថយទោសនិងលើកលែងទោសនៅថ្ងៃបុណ្យវិសាខបូជា

ភ្នំពេញ ៖ ការស្នើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី-ខេត្ត មកពីពន្ធនាគាររាជធានី ខេត្តចំនួន២២ និងមណ្ឌលអប់រំកែប្រែចំនួន៣ នៅទូទាំងកម្ពុជា រួមមាន ៖ ម១,ម៣ និងម៤ ដែលបានស្នើសុំការ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន២៥២នាក់ (ស្រី១៦នាក់) ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០១៩ ខាងមុខនេះ ត្រូវបានក្រសួងយុត្តិធម៌លើកយកមក ដាក់ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៦ ឧសភានេះ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយ តម្លៃសម្រាប់ការលើកលែង និងបន្ធូរបន្ថយទោស។

បើតាមក្រឹត្យច្បាប់បានកំណត់ថា ចំពោះទណ្ឌិតដែលអាចបន្ធូរបន្ថយទោសបាន គឺត្រូវ
អនុវត្តទោសនៅក្នុងពន្ធធនាគារបាន ១ភាគ៣ នៃទោសសរុបសិន និងទណ្ឌិតដែលអនុវត្ត ទោសបាន ២ភាគ៣ នៃទោសទាំងមូលនឹងត្រូវបានទទួលការលើកលែងទោស។

សូមជម្រាបជូនថា កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ទណ្ឌិតចំនួន ៤៦០នាក់ នៃពន្ធនាគាររាជធានី-ខេត្តចំនួន១៨ និងមណ្ឌលអប់រំកែប្រែចំនួន៤ ត្រូវបានស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស ហើយក្រោយពីការពិនិត្យ និងវាយតម្លៃរួចមកមាន ទណ្ឌិតចំនួន ១៣៤នាក់ (ស្រី២៨នាក់) ត្រូវបានលើកលែង និងបន្ធូរបន្ថយទោសរួចហើយ ដោយក្នុងចំណោមទណ្ឌិតទាំងអស់នោះ ត្រូវបានស្នើបន្ថយទោស៦ខែ ចំនួន៥៧នាក់ (ស្រី៦នាក់) ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់ (ស្រី២នាក់) ស្នើបន្ថយទោស១២ខែ ចំនួន៤០នាក់ (ស្រី១៧នាក់) ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ចំនួន២នាក់ (ស្រី២នាក់) និងស្នើលើកលែងទោស ចំនួន១៦នាក់ (ស្រី១នាក់)៕

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបីជំរុញឲ្យមានការប្រើប្រាស់រូបិយបណ្ណជាតិ

ភ្នំពេញ ៖ យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ លើកទី២២ ដែលធ្វើឡើងនៅប្រទេសហ៊្វីជី បណ្តា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបីបានគូសបញ្ជាក់ពីការ ប្រឆាំងទៅនឹងការគាំពារនិយមគ្រប់ទម្រង់ និងបេជ្ញាចិត្តក្នុងការអនុវត្តនូវវិធាននៃការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធពហុភាគីនិយម និងការបើកចំហរក្នុងតំបន់ ដោយកិច្ចប្រជុំនេះមាន ការចូលរួមផងដែរពី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា។

តាមសេចក្តីប្រកាសព័ត៍មានស្តីពីកិច្ចប្រជុំនេះបានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរ អំពីស្ថានភាព និងការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងតំបន់ ដោយបានវាយតម្លៃខ្ពស់ចំពោះ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបូក៣ ដែលត្រូវបានព្យាករណ៍ប្រមាណ ៤,៦% និង ៤,៤% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ រៀងគ្នា នេះបើយោងតាមប្រភពពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគំាំទ្រដោយការកើនឡើងយ៉ាងឆាប់រហ័ស និងរឹងមាំនៃតម្រូវការក្នុងស្រុក និង វិនិយោគ។

ក៏ប៉ុន្តែអង្គប្រជុំក៏បានទទួលស្គាល់អំពីភាពចាំបាច់ក្នុងការបន្តប្រើប្រាស់នូវរាល់ឧបករណ៍គោលនយោបាយនានានៅក្នុងតំបន់អាស៊ានបូក៣ សំដៅឆ្លើយតបទៅនឹងហានិភ័យចំពោះមុខមួយចំនួន ដូចជាភាពតានតឹងនៃពាណិជ្ជកម្មរវាងចិន និងអាមេរិក ការធ្លាក់ ចុះនូវកំណើនសេដ្ឋកិច្ចអ៊ឺរ៉ុបហួសពីការរំពឹងទុក និងការវិវត្តន៍ថ្មីៗនៃស្ថានភាពនយោបាយ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមរចនាសម្ព័ន្ធរយៈពេលវែងរួមមាន៖ គំលាតរវាងតម្រូវ ការ និងទំហំទុនក្នុងការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាប្រជាជនមានវ័យចំណាស់ កាន់តែច្រើន, ការបំរែបំរួលអាកាសធាតុ និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាដើម៕

ស្ត្រីកម្ពុជា១រូបដាក់ទុនវិនិយោគ៤លានដុល្លារបើកមណ្ឌលវេជ្ជសាស្ត្រទំនើបនៅភ្នំពេញ

ភ្នំពេញ ៖ សហគ្រិនស្ត្រីកម្ពុជាមួយរូបបានបោះទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិកដើម្បីបង្កើត មជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខស្តង់ដារសិង្ហបុរីមួយ នៅរាជធានីភ្នំពេញដែលបំពាក់ ដោយ ឧបករណ៍ វេជ្ជសាស្ត្រទំនើបៗ និងមានវេជ្ជបណ្ឌិតជំនាញល្បីៗ សម្រាប់បំរើសេវាកម្ម សុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងម៉េដ នេះមានទីតាំងស្ថិតនៅអគារលេខ៦៤ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញទល់មុខសាកលវិទ្យាល័យពេទ្យជិតអគារវឌ្ឍនៈ។

លោកស្រី ពិន នេត្រា នាយិកា ប្រតិបត្តិមជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីងម៉េដ បានថ្លែងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការកាលពីចុងសប្តាហ៍កន្លងទៅនេះថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះ បានបង្ហាញពីសក្តានុពលនៃវិស័យសុខាភិបាល ចូលមកជាមួយរាជរដ្ឋាភីបាលកម្ពុជាក្នុងការព្យាបាល វេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោក របស់ប្រទេសសិង្ហបុរី ។

លោកស្រី ពិន នេត្រា បានបន្តថ្លែងថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដជាកន្លែងមួយ សម្រាប់ពិនិត្យសុខភាព និង វិនិច្ឆ័យរោគ ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខនិង ចុងក្រោយរបស់ប្រទេសសិង្ហបុរី MRI ម៉ាស៊ីនសុងក្រពះ ទំនើបប្រព័ន្ធ ឆ្លុះចុងក្រោយបង្អស់ របស់ FUJIFILM ដែលប្រើរូបភាព ពន្លឺខៀវ និង រូបភាពពណ៌តភា្ជប់ ក៏ដូចជា ម៉ាស៊ីនស្គែន ជេស៊ីងណា គ្រីដ ថ 1.5 Testla MRI ដែលផ្តល់នូវភាពជាក់លាក់ក្នុងការធ្វើរោគវិនិច្ឆ័យនិងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងលំហូរការងាររបស់អ្នកជំងឺ ។

លោកស្រី ដឹងទៀតថា ការវិនិយោគលើមជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីងម៉េដ មានប្រមាណ ៤ លានដុល្លារអាម៉េរិក។ ជាមួយ មជ្ឈមណ្ឌលនេះពលរដ្ឋកម្ពុជា ដែលចង់ពិនិត្យសុខភាពមិនចាំបាច់ចំណាយលុយ ច្រើនជិះយន្តហោះ ទៅសិង្ហបុរីទេ ដោយចំណេញទាំងថវិកានិងពេលវេលា ព្រមទាំងទប់ស្កាត់លំហូរការពិនិត្យសុភាពនៅក្រៅប្រទេស ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានសម្តែង ការគាំទ្រ ចំពោះ ការបង្កើត មជ្ឈមណ្ឌលវេជ្ជសាស្ត្រថ្មីនេះ ដែលនឹងជួយរួមចំណែកលើកកម្ពស់អភិវឌ្ឍន៍វិស័យ សុខាភិបាល និង អភិវឌ្ឍធនធានមនុស្ស ផ្នែកវេជ្ជសាស្ត្រនៅកម្ពុជា។

វត្តមាន មជ្ឈមណ្ឌលនេះ នឹងផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការ ទទួលបានសេវា ពិនិត្យ សុខភាពល្អ ពិតប្រាកដ ទូលំទូលាយ និង ប្រកបដោយ ប្រសិទ្ធភាព តាម រយៈ សេវា ស្តង់ដារ និង បច្ចេកវិទ្យា ទំនើប ទាន់សម័យ។ ទន្ទឹមនឹងនេះ លោកស្រី រដ្ឋលេខាធិការ ក៏បានស្នើ សុំឱ្យ មជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីងម៉េដ អនុវត្តប្រតិបត្តិស្តង់ដារបច្ចេកទេសវិជ្ជាជីវៈនិងទំនួលខុសត្រូវខ្ពស់៕

លោក យន្ត មីន សុំឲ្យយោគយល់ពីបញ្ហាអនាម័យ ខណៈសំណង់អគារធំៗកំពុងកើតឡើងច្រើន

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មានការយោគយល់ ចំពោះ បញ្ហាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ នៅក្នុងក្រុងព្រះសីហនុ ខណៈដែលសំណង់អគារធំៗបាននិងកំពុងជួសជុលនិងសាងសង់ថ្មីយ៉ាងច្រើន។

ក្រុងព្រះសីហនុបាន និងកំពុងតែមានការវិវត្តន៍រីកចម្រើនលើពហុវិស័យ មានទាំងវិស័យពាណិជ្ជកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ កសិកម្ម និងអាជីកម្ម។ ចំពោះវិស័យចលនទ្រព្យ ខេត្តព្រះសីហនុ កំពុងរីកដូចទំពាំងច្រូងច្រាងគ្រប់ទីកន្លែង។ ដូច្នេះ លោកសូមអោយប្រជាពលរដ្ឋទាំងអស់មេត្តាយល់ ដោយសារតែពេលនេះ យើងបាននិងកំពុង ជួសជុលផង និងសាងសង់ផង ដែលធ្វើឲ្យមានបញ្ហា ចំនួនដូចជា ទឹកដក់ក្តាពុម្ព នឹងឥដ្ឋ ស៊ីម៉ង់ នៅពាសវាលពាសការជាដើម។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយការសាងសង់សំណង់ធំៗនេះរួច យើងនឹងរៀបចំអោយបានប្រសើរឡើងជាបន្តបន្ទាប់។ ជាងនេះទៅទៀត លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តាយោគយល់ និងកុំជឿលើការផ្សព្វផ្សាយ ព័ត៌មានមួយចំនួនថា ក្រុងព្រះសីហនុពោរពេញទៅដោយការកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ នោះ ធាតុពិតវាមិនដល់ថ្នាក់ហ្នឹងនោះទេ វាជាការផ្សព្វផ្សាយព័ត៌មានបំភ្លើសប៉ុណ្ណោះ។

ការអំពាវនាវ បែបនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃសៅរ៏ចុងសប្តាយហ៍កន្លងទៅនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតល្បែងលើកទី១ និងការប្រគល់អំណោយមនុស្សធម៌ ជូនកុមារកំព្រាត្រកូលសៅ នៅមជ្ឈមណ្ឌលកំសាន្តជីន ប៉ី ក្នុងខេត្តព្រះសីហនុ។

លោក យន្ត មីន បានបន្តទៀតថា មជ្ឈមណ្ឌលកំសាន្តជីនប៉ី កន្លងមកនេះ បានជួយមករដ្ឋបាលខេត្តព្រះសីហនុ និង ជួយទៅលើផ្នែកមនុស្សធម៌ជាច្រើន បន្ថែមពីលើការងារអភិវឌ្ឍន៍ផ្នែកអចលនៈទ្រព្យ និង ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តនេះ។ ដូច្នេះទេសូមឱ្យក្រុមហ៊ុន បន្តនូវសកម្មភាពមនុស្សធម៌នេះឱ្យបានច្រើនជាបន្តទៀត ដើម្បីរួមចំណែកជួយដល់សង្គម។

លោក ឈិន អេនស៊ិន ប្រធានមជ្ឈមណ្ឌលកំសាន្តជីន ប៉ី បានមានប្រសាសន៍ថា ការបង្កើតអោយមានកម្មវិធី“ប្រកួតមិត្តភាពលើកទីមួយនៅមជ្ឈមណ្ឌលកម្សាន្តជីនប៉ី”នេះ គឺដើម្បីចង សម្ព័ន្ធមិត្តភាពការបង្កើតកម្មវិធីសប្បាយៗជូនភ្ញៀវមកលេងកម្សាន្តពិសេសក្នុងគោលបំណងពង្រឹងវិស័យល្បែងកំសាន្ត បង្កើនការទំនាក់ទំនងរវាងគ្នានិងគ្នា ដើម្បីរួមសហការគ្នា ជំរុញឲ្យវិស័យល្បែងកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែមានការឈានមុខ បែបស្តង់ដារអន្តរជាតិ ហើយ ឆ្លុះបញ្ចាំងឱ្យពិភពលោកស្គាល់នូវសក្តានុពលរបស់ខេត្តព្រះសីហនុ។

ក្រៅពីនេះ មជ្ឈមណ្ឌលកំសាន្ត ជីនប៉ី នឹងបន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមការងារសង្គមឱ្យបានកាន់តែច្រើន ជួយដល់ចាស់ជរា ជនក្រីក្រ និងកុមារកំព្រា លោកគិតថា នេះមិនមែនជាបំណងរបស់មជ្ឈមណ្ឌលកម្សាន្តជីនប៉ីតែមួយទេ វាគឺជាបំណងអភិវឌ្ឍន៍រួមរបស់អ្នកវិនិយោគខាងវិស័យល្បែងកម្សាន្តទាំងអស់ នៅក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ អ្នកទទួលបានរង្វាន់លេខ១ នៃការប្រកួតល្បែងលើកទី១នេះ ទទួលបានទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ និងបានប្រគល់ថវិការមនុស្សធម៏ ដែលប្រមូលបានពីសប្បុរសធម៌ ជូនទៅកុមារកំព្រាត្រកូលសៅចំនួន២ម៉ឺនដុល្លារផងដែរ៕

ឆេះស្ថាននីយ៍ លឹមឡុង នៅសង្កាត់ចោមចៅ៣ ប្រើឡានបាញ់ទឹកអស់ជិត១៧០គ្រឿង(Video)

ភ្នំពេញ៖ រថយន្តសុីទែនដឹកប្រេងជាច្រើនគ្រឿងត្រូវបានអគ្គីភ័យយ៉ាងសន្ធោសន្ធៅនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ លីម ឡុង ដែលការឆាបឆេះនេះអស់រយៈពេលប្រមាណជាច្រើនម៉ោង។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅស្ថានីយ៍ប្រេងឥន្ធនៈ លីម ឡុង នោះមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តសុីទែនដឹកប្រេងម៉ាហ្ស៊ូត១គ្រឿងបានដឹកប្រេងយកទៅបង្ហូរនៅក្នុងទីតាំងស្តុកប្រេងរបស់ស្ថានីយ៍ប្រេងឥន្ធនៈលីម ឡុងខាងលើ ហើយនៅក្នុងសុីទែននោះមានប្រេងម៉ាហ្ស៊ូតរហូតដល់ទៅ៣ម៉ឺនលីត្រឯណោះ។នៅក្នុងខណៈពេលកំពុងបង្ហូរប្រេងស្រាប់តែមានសម្លេងផ្ទុះឡើងហើយក៏មានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅនិងមានផ្សែងហះឡើងកប់អាកាសវេងាស៍ព្រមទាំងមានសម្លេងផ្ទុះលាន់ឮឡើងជាបន្តបន្ទាប់តែម្ដង ។

បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនៅស្ថានីយ៍ប្រេង ខាងលើនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤៨គ្រឿង ដោយប្រេីប្រាស់អស់ទឹកចំនួន ១៦៤គ្រឿង ក្នុងនោះរួមមាន៖ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣គ្រឿង, ក្រសួងមហាផ្ទៃ ០៣គ្រឿង, ស្នងកានគបាលរាជធានីភ្នំពេញ ២៥គ្រឿង , ក្រុមពន្លត់អគ្គិភ័យ ៧១១ ង៧០ ចំនួន ០២គ្រឿង, សាលាខណ្ឌពោធិ៍សែនជ័យ ០១គ្រឿង, តម្រួតបទបញ្ជារ ០៤គ្រឿង, ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ០៦គ្រឿង, ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ០២គ្រឿង, ក្រុមហ៊ុន OCIC កំបូល ០១គ្រឿង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន ០១គ្រឿង។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេងរបស់រថយន្តដឹកប្រេង ដែលកំពុងផ្ទេរប្រេងចូលក្នុងសុីទែនស្តុក ដោយនៅក្នុងនោះ បានបណ្តាលអោយខូចខាតរថយន្តចំនួន ០៤គ្រឿង ក្នុងនោះរថយន្តដឹកប្រេងចំនួន ០៣គ្រឿង និងរថយន្តតូច ០១គ្រឿង ព្រមទាំងឃ្លាំងដែលមានទំហំប្រហែល 20មx50ម ដែលផ្ទុកសម្ភារៈមួយចំនួន និងមានគ្រឿងសង្ហារឹមធ្វើពីឈើមួយចំនួនធំ ដោយនៅក្នុងគ្រោះអគ្គិភ័យនេះ គឺមិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់នោះឡេីយ៕

តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជួយកសាងអគាសិក្សា១ខ្នងឡើងវិញបន្ទាប់ពីខូចខាតដោយខ្យល់កន្ត្រាក់

ខេត្តកំពង់ចាម ៖ តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន សម្រេចជួយកសាងអគារ សិក្សាអំពីថ្មប្រក់ក្បឿង១ខ្នង ស្មើ៤បន្ទប់ ដល់សាលាបឋមសិក្សាប្រខ្នោរ ស្ថិតនៅឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បន្ទាប់ពីសាលារៀនមួយខ្នងនេះ បាក់រលំរាបដល់ដីដោយសារ ខ្យល់កន្ត្រាក់ កាលពីរាត្រីថ្ងៃទី២ ខែឧសភា កន្លងទៅនេះ។

បន្ទាប់ពីបានទទួលព័ត៌មានអាជ្ញាធរអំពីហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលបានវាយ បំផ្លាញ់អគារសិក្សាមួយខ្នងទាំងស្រុង នៅសាលាបឋមសិក្សាប្រខ្នោរ ស្ថិតនៅឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក បណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារ ថ្នាក់ កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃនៅព្រឹកថ្ងៃទី៣ ឧសភា ឆ្នាំ២០១៩នេះ បាន អញ្ជើញដឹកនាំ ក្រុមការងារ រួមជាមួយអភិបាលស្រុក អាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពអគារ សិក្សាមួយ ខ្នងខាងលើដោយផ្ទាល់ដែលក្នុងឱកាសនោះ លោក បណ្ឌិត ម៉ា ឈឿន បានសំដែងការសោកស្តាយ ចំពោះ ការខូចខាតអគារសិក្សានេះ ដែលបានបង្ករឲ្យប៉ះពាល់ដល់កង្វះខាតការ អគារសិក្សារៀនសូត្ររបស់ក្មួយៗ សិស្សា-នុសិស្ស។

ឋិតក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានណែនាំដល់គណៈគ្រប់គ្រងសាលាលោកគ្រូ អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ត្រូវមានការប្រុងប្រយ័ត្ន បើមានភ្លៀងផ្គរ រន្ទះឬខ្យល់កន្ត្រាកជាយថា ហេតុដូចហេតុ ការណ៍ ខាងលើនេះ ពិសេសក្នុងពេលដែលសិស្សកំពុងសិក្សារៀនសូត្រ ត្រូវនាំសិស្សចាកចេញពីកន្លែង ហានិភ័យ ទៅរកទីកន្លែងដែលមានសុវត្ថិភាព ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ទន្ទឹមនេះ លោកបណ្ឌិត ម៉ា ឈឿន ក៍បានក្រើនរំលឹកដល់អាជ្ញាធរនិងសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ត្រូវតាម ដានបញ្ហាអាកាសធាតុឲ្យបានដិតដល់ ត្រូវប្រញាប់ប្រញាល់រូតរះចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលដែលមានប្រជាពលរដ្ឋទទួលរងគ្រោះដោយបាតុភូតធម្មជាតិនានា។

បើតាមការឲ្យដឹងពី លោក សៀង ស៊ន នាយកស្តីទីសាលាបឋមសិក្សាប្រខ្នោរ បានឲ្យដឹងថា នៅវេលា ម៉ោង ៧ និង២០នាទី យប់ថ្ងៃទី២ ឧសភា មានបាតុភូតភ្លៀងផ្គរលាយលំនិងខ្យល់កន្ត្រាក់ បានបក់បោក បំផ្លាញ់ខ្ទិចនូវអគារសិក្សាឈើប្រក់ក្បៀង ១ខ្នង ស្មើ៤បន្ទប់ កសាងកាលពីអំឡុងឆ្នាំ១៩៩៧។

លោកនាយកស្តីទីសាលាបឋមសិក្សាប្រខ្នោរ បានឲ្យដឹងថា ពីមុនសាលានេះមានអាគារសិក្សា ២ខ្នង ដែលបានសម្រួលដល់ការរៀនសូត្ររបស់សិស្ស ១ ពេល ក្នុង ១ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីអាគារនេះ មានស្ថាន ភាពចាស់ទ្រុឌទ្រោមពេក គណៈគ្រប់គ្រងសាលាបានសម្រេចផ្អាក់មិនឲ្យបង្រៀននៅអាគារនេះ ប្រមាណ ៣ឆ្នាំមកហើយ។ សព្វថ្ងៃនេះ សាលាមានតែអាគារសិក្សា ១ខ្នងស្មើរ ៦បន្ទប់ប៉ុណ្ណោះ មិនសមស្របទៅ និងចំនួនសិស្សដែលមានរហូតទៅដល់ជិត ៣០០នាក់។

លោក សៀង ស៊ន ក្នុងនាមលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស បានថ្លែងអំណរ គុណ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលតែងបានផ្សារភ្ជាប់សុខទុក្ខជាមួយរាស្ត្រគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាដែលប្រជាពលរដ្ឋជួបបញ្ហា គឺតែងមានមុខជានិច្ចចុះជួបសួរសុខទុក្ខ និងជួយដោះស្រាយ នូវការលំបាករបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា បន្ទាប់ពីបានចុះពិនិត្យនូវស្ថានភាពជាក់ស្តែង រួមនឹងជ្រាបពីសម្រូវការចាប់បាច់របស់លោក គ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រខ្នោររួចមក អ្នកតំណាងរាស្ត្រ ម៉ា ឈឿន ក៏បាន សម្រេចជួយសាងសង់អគារសិក្សាមួយខ្នង មាន៤បន្ទប់ នៅលើទីតាំងអគារចាស់ដែលបានដូលរំលំ ទាំង ស្រុង ជូនសាលាបឋមសិក្សាប្រខ្នោរ ខាងលើ នេះតែម្តង៕ĵ