All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងទេសចរណ៍ត្រៀមបើកព្រឹត្តិការណ៍ទិវាជាតិទីក្រុងស្អាតលើកទី៧ នៅថ្ងៃទី២៥ ខែកុម្ភៈ

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំទិវាប្រចាំមួយនេះនាទីស្តីការក្រសួងកាលពីព្រឹក ថ្ងៃទី១១ កុម្ភៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ចំពោះបញ្ហា ទីក្រុងស្អាតនេះ យើងពិតជាធ្វើឲ្យសម្រេចបានមួយចំនួនធំហើយទាំងបញ្ហាបរិស្ថាន បញ្ហាអនា ម័យ រួមទាំងការរីកចំរើនជាទូទៅរបស់ទីក្រុងរបស់យើង ជាពិសេសរាជធានីភ្នំពេញដែលកំពុង មានការលូតលាស់ខ្លាំង និងដែលកំពុងទទួលបានការសរសើរពីភ្ញៀវជាតិ អន្តរជាតិ។

លោក ថោង ខុន បានគូសបញ្ជាក់ថា កម្ពុជា ជាទឹកដីដ៏សម្បូរបែបនៃតំបន់ ទេសចរណ៍បែបវប្បធម៌ និងបែបធម្មជាតិ អញ្ចឹងហើយទើបរាជរដ្ឋាភិបាលបាន និងកំពុងខិតខំ ប្រឹងប្រែងជាខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្ត ដើម្បីយើងអាចទាញយក ចំណូលពីពួកគេមកចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ ដូច្នេះដើម្បីអាចទាក់ទាញអ្នកទេសចរ បានយើងត្រូវមានការផ្សព្វផ្សាយពីអ្វីដែលយើងមានឲ្យគេបានដឹង ហើយទៅពេលដែលពួកគេ ធ្វើដំណើរមកដល់ គឺមិនឲ្យខកចិត្ត មានន័យថា យើងត្រូវមានកញ្ចប់ទេសចរណ៍មួយល្អសំរាប់ ភ្ញៀវទេសចរ គឺល្អទាំងតម្លៃ ល្អទាំងសេវាកម្ម រួមទាំងភាពទាក់ទាញនានាដែលប្រកបដោយ ស្មាមញញឹម រួសរាយរាក់ទាក់ និងស្មោះត្រង់របស់ប្រជាជនកម្ពុជា។ លោកថា ការរៀបចំ ទិវាជាតិទីក្រុងស្អាតប្រចាំឆ្នាំ គឺមានសារសំខាន់ណាស់ក្នុងការកលើកកម្ពស់ការយល់ដឹង សំរាប់អាជ្ញាធរផង និងសំរាប់ប្រជាពលរដ្ឋផងឲ្យមានការរួមគ្នាក្នុងការធ្វើឲ្យទីក្រុងរបស់ខ្លួន ស្អាត ដើម្បីក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរ។

ដោយឡែកលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមានប្រសាសន៍ថា ការរៀបចំ ទិវាជាតិទីក្រុងស្អាតប្រចាំឆ្នាំលើកទី៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ នឹងមានការប្រគល់រង្វាន់ដល់ជ័យលាភីចំនួន៣ រួមមាន៖ រង្វាន់សម្តេចតេជោនាយក រដ្ឋមន្ត្រីសំរាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣, ជ័យលាភីសំរាប់ទីក្រុងដែលបាន រៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេលើកទី១ រួមនិងជ័យលាភីបង្គន់អនាម័យសាធារណៈ កម្ពុជាស្អាតលើទី១ ផងដែរ៕

រថយន្តបែនដឹក បុកជាមួយរថភ្លើងនៅស្រុកព្រៃនប់ គ្មានមនុស្សរងរបួសទេ

ព្រះសីហនុ ៖ រថយន្តបែនដឹកមួយគ្រឿង បានបើកបុកក្បាលរថភ្លើងដែលកំពុងធ្វើដំណើរពេញទំហឹង បណ្តាលឱ្យរថភ្លើងធ្លាក់ចេញពីផ្លូវដែក តែសំណាងល្អមិនបង្កឲ្យមានមនុស្សរបួសឡើយ។

ហេតុការណ៍ខាងលើបានកើតឡើង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០នឹង១៥នាទី លើផ្លូវដែក ត្រង់ចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយ រថយន្តបែនដឹកដី១គ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចឆ្ពោះទៅ កើតលុះដល់ចំណុចខាងលើបានបុក រថភ្លើងដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក។

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាង រថយន្ត១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

សំណង់លើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ពីភ្នំពេញ ទៅព្រលានយន្តហោះ ត្រូវរុះរើចេញ

ភ្នំពេញ ៖ ដើម្បីរៀបចំកែលម្អសោភ័ណភាព និងសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈសងខាងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញនោះ សាលាក្រុងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ដែលបានសាង សង់សំណង់នៅតាមបណ្តាយមហាវិថីខាងលើនេះ ត្រូវរុះរើចេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ចុះថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា មូលហេតុដែលសាលាក្រុងសម្រេចចិត្តអោយប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មរុះរើ នូវសំណង់របស់ខ្លួននេះ ដោយសារតែកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈទាំងសងខាង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តមដល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោម ដោយសារតែបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការ៉ូឡា និងមួយចំនួនទៀតបានរៀបចំក្រាលការ៉ូឡា ជាលក្ខណៈឯកជន និងជួសជុលនៅពេលដែលរងការខូចខាតម្តងៗដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឲ្យចិញ្ចើមផ្លូវមានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឲ្យបាត់បង់សោភ័ណភាព ព្រមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរ អង្គភាព ជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវតែសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវខាងលើនេះផងដែរ៕

ក្រុមជំនាញបំផ្ទុះចោលគ្រាប់បែកបង្កៃក្នុងកាស៊ីណូហ្គោលដិនក្រោន ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ គ្រាប់បែកបង្កៃដោយកំណត់ម៉ោងដែលប្រទះឃើញនៅក្នុងកាស៊ីណូ ហ្គោលដិនក្រោន ក្រុងប៉ោយប៉ែត ត្រូវបានក្រុមជំនាញធ្វើការបំផ្ទុះចោលជាស្ថាពរហើយ។កាលពីម៉ោង០៦:១៤នាទី ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងអគារកាស៊ីណូ ហ្គោលដិនក្រោន នាភូមិក្បាលស្ពាន១,សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងសន្តិសុខបានជន្លៀសភ្ញៀវចេញទៅទីសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីគេប្រទះឃើញគ្រាប់បែកបង្កៃមួយគ្រាប់។

ករណីនេះបានបង្កភ្ញាក់ផ្អើលហើយមានពាក្យនិយាយពីនេះពីនោះតាមមាត់និងផុសតាមបណ្តាញសង្គម។សមត្ថកិច្ចក៏មិនព្រមប្រាប់ថាគ្រាប់បែកនោះផលិតនៅប្រទេសណាហើយមានតម្រុយមុខសញ្ញាណាខ្លះនៅឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា មានករណីបង្កៃគ្រាប់បែកនៅកាស៊ីណូហ្គោលដិនក្រោននេះ នាំឱ្យគេនឹកឃើញស្រមោលរឿងចាស់ កាលពីឆ្នាំ២.០០០បានលង គឺមានករណីបង្កៃគ្រាប់បែក ២លើក ។

គួររំឭកថា លើកទី១នៅសណ្ឋាគារហ្គោលដិនក្រោន លោកវ៉ាងមន្ត្រីនគរបាលការពារព្រំដែនគោក៩១១ និងក៏ជាប្រធានសន្តិសុខកាស៊ីណូហ្គោលដិនក្រោនបានរបួសដាច់ដៃម្ខាងពេលចុះទៅដោះយកគ្រាប់បែកបង្កៃនោះហើយវាបង្កក៏ផ្ទុះឡើង។

លើកទី២នៅខែដដែលនៃឆ្នាំ២.០០០គ្រាប់បែកបង្កៃ១គ្រាប់ទៀត ក្នុងសណ្ឋាគារ ព្រីនសេស នៃក្រុមហ៊ុនកាស៊ីណូហ្គោលដិនក្រោនដែរ បានផ្ទុះ តែមិនបង្កឱ្យរបួសមនុស្សទេ៕

មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងទ័ព

ភ្នំពេញ ៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យ លុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ តបតាមការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពេលជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេច ជាមួយព្រះរាជក្រឹត្យ យ៉ាងដូច្នេះថា ៖ «នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់»។

ការលុបឈ្មោះនេះ នៅបន្ទាប់ពីមានឃ្លីបវីដែអូមួយ ដែលបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីលោក គឹម រស្មី បានឡើងប្រកាសនៅលើវេទិកាក្នុងពិធីខួបកំណើតមួយ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយចែកប្រាក់ឲ្យកូនៗរបស់លោកចំនួន៥នាក់ ម្នាក់ៗទទួលបានចំនួន ១០ម៉ឺនដុល្លារ។

សូមជំរាបថា កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រកាសនៅលើវេទិកានៃកម្មវិធីខួបកំណើតមួយ ដោយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់ ម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ថា បានលុយមកពីណាចែកកូនៗ រហូតដល់កន្លះលានដុល្លារ និងបានប្រើវោហារអួតអាងមួយចំនួនផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្តេចតេជោ ហ៊ុន សែន តែងតែរំឭកនូវអភិក្រមចំនួន៥ ចំណុច«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីដាស់តឿន ដល់មន្ត្រីក្នុងជួររដ្ឋាភិបាលទាំងអស់ ឱ្យមានការភ្ញាក់រលឹក ហើយខិតខំបម្រើប្រជាពលរដ្ឋ៕

បាត់រថយន្តកាមរីបាឡែនពីខេត្តតាកែវ ប្រទះឃើញផ្លុងចោលនៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្តកាមរីបាឡែនមួយគ្រឿងត្រូវបានគេប្រទះឃើញ ចតទុកចោល សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចចុះទៅត្រួតពិនិត្យកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខដេប៉ូប្រេងឥន្ធនៈ យហោ ផែង ណាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៤-៦៥ ក្នុង ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យលួចតាំងពីខេត្តតាកែវ បើកយកមកចតទុកចោលនៅស្រុកពារាំង ។រថយន្តនេះ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6435 ត្រូវបានជនមិនស្គាល់មុខយកទៅចតទុកចោល ។

សមត្ថកិច្ចបានត្រួតពិនិត្យរថយន្ត ទើបបានដឹងអត្តសញ្ញាណម្ចាស់ និងលេខទូរស័ព្ទនៅក្នុងរថយន្ត ក្រោយពេលសមត្ថកិច្ច ធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ដែលបន្សល់ទុកក្នុងរថយន្ត ទើបដឹងថា ម្ចាស់រថយន្តឈ្មោះ ជុំ វុត្ថា រស់នៅខេត្តតាកែវ ហើយត្រូវជនសង្ស័យលួចយកកាលពីវេលាយប់ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ ។

ក្រោយពិនិត្យស្រាវជ្រាវនិងស្គាល់ម្ចាស់ដើមរួច សមត្ថកិច្ចយករថយន្តខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ជាបណ្តោះអាសន្ន រងចាំម្ចាស់ កាន់ឯកសារ មកបំភ្លឺ ៕

រថយន្តធុនធំបើកចុះចំណោតបុករះរថយន្តច្រើនគ្រឿង និងក្រឡាប់ចូលផ្ទះស្លាប់ម្នាក់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កកើតជាអគ្គីភ័យមួយ បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរបួស៤នាក់។ គ្រោះថ្នាក់ដ៏រន្ធត់​នេះ ផ្តើមដោយរថយន្តដឹកថ្មធុនធំមួយគ្រឿងបើកចុះចំណោតហើយទំនងជាដាច់ហ្វ្រាំង បានជ្រុលបុករះរថយន្តជាច្រើនគ្រឿង ក្រឡាប់រណូលរណែលពេញផ្លូវ និងក្រឡាប់ជ្រុលចូលដល់ផ្ទះលក់ចាបហួយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវបំបែកស្ថានីយ៍រថភ្លើង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងជាបឋមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើ ពេលដែលរថយន្ងបង្កដឹកថ្មបុកចូលផ្ទះអ្នកលក់ឥវ៉ាន់ចាប់ហ៊ួយនោះ បណ្តាលឲ្យស្ត្រីម្នាក់ដែលកំពុងឈរទិញឥវ៉ាន់នៅផ្ទះខាងលើ ស្លាប់ភ្លាមៗផងដែរ ហើយមានបង្កកើតជាអគ្គីភ័យផងដែរ ត្រូវបានរថយន្តសង្រ្គោះ រថយន្តពន្លត់អគ្គីភ័យ សមត្ថកិច្ចចេញទៅអន្តរាគមន៍ភ្លាមៗ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើ មកពីរថយន្តធុនធំដឹកថ្ម បើកបរក្នុងទិសដៅ ភ្នំពេញ-ក្រុងព្រះសីហនុ លុះដល់ចំណុចកើតហេតុ ដាច់ហ្វ្រាំង ជ្រុលទៅបុករះរថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង ហើយបុកចូលផ្ទះ ក្រឡាប់ ស្លាប់ស្រ្តីម្នាក់ របួស៤នាក់(ស្រី២នាក់) អ្នកបើកបររថយន្តដឹកថ្មក៏រងរបួសធ្ងន់ក្នុងហេតុការណ៍នេះដែរ ៕

លោក ឯម កុសល ​អញ្ជើញសំណេះសំណាលជាមួយបេក្ខជនទើបប្រឡងជាប់ក្របខណ្ឌនគរបាលជាតិ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ០៩ ខែកុម្ភះ ឆ្នាំ២០១៩ នៅសាលប្រជុំតូចជាន់លើ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាលខេត្ត បានប្រារព្ឋពិធីជួបជុំ និងសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ចំនួន៣៦ នាក់ (ស្រី ០៧) នាក់ ត្រៀមទៅរៀនវគ្គបណ្តុះ បណ្តាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលរយៈពេល០៤ ខែនៅសាលានគរបាលជាតិភូមិភាគ២ និងវគ្គបណ្តុៈបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១០ រយៈពេល ០៤ ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឳកាសនោះ លោក ស្នងការបានមានមតិផ្តាំផ្ញើរដល់បេក្ខជន បេក្ខនារី ត្រូវយកចិត្តទុកដាក់គោរពវិនយ័នគរបាលជាតិលេខ០០៦ អោយបានខ្ជាប់ខ្ជួនដោយប្រកាន់ការប្រតិបត្តិ ដេក ដើរ ឈរ អង្គុយ ត្រូវមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ពិសេសជាមួយមហាជននិងអង្គភាពផ្សេងៗទៀត ហើយត្រូវមានសិលធម៌ល្អ។

លោកស្នងការបានសង្កត់ធ្ងន់ថា សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អពីគ្រូបង្គោល មិត្តរួមអាជីព ហ្វឹកហ្វឺនជំនាញ បច្ចេកទេស និងឯកទេសនីតិសាស្រ្តអោយបានល្អប្រសើរ។ លោកស្នងការបានបន្តថា លោកក៏៏ដូចអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូលសង្ឃឹមថាក្មួយៗជាសិក្សាកាមទាំងអស់និងទទួលបាននិទ្ទេសល្អជូនខ្លួនឯងនិងអង្គភាព៕ ដោយ ៖ សុផល

ឃាត់ខ្លួនឧកញ៉ាម្នាក់ ពាក់ព័ន្ធរឿងរំលោភទំនុកចិត្តនៅស្រុកឧដុង្គ

​ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសម្នាក់ដែលគេស្គាល់ថា អ្នកគក់ជេដីដ៏ល្បីឈ្មោះមួយរូប និងឮតៗគ្នាថាជាឧកញ៉ាម្នាក់ផងដែរ ក្នុងទឹកដីឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បុរសដែលត្រូវឃាត់ខ្លួនឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចបន្តទៀតថា ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងនៅភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ សូ សារឹម ជាអ្នករកស៊ីគួកជេដី ត្រូវប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា បានប្រកាសខ្លួនមានងារជា ឧកញ៉ា ប៉ុន្តែមិនដែលបានបង្ហាញឲ្យពលរដ្ឋឃើញ ព្រះរាជក្រឹត្យតែងតាំងងារជាឧកញ៉ារបស់បុគ្គលម្នាក់នេះទេ ។
ក្រៅពីសំណុំរឿង ដែលសមត្ថកិច្ចកំពុងចាប់ខ្លួន ជនសង្ស័យក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រះស្រែ ដោយគេចវេសមិនព្រមប្រគល់លុយឲ្យម្ចាស់ដីគ្រប់ចំនួន តែយកដីពលរដ្ឋទៅលក់បន្ត ជាច្រើនលើកច្រើនសារ និងមានអាជ្ញាធរមូលដ្ឋានមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីទាំងអស់នេះដែរ។

ពាក់ព័ន្ធករណីចាប់ខ្លួនជនសង្ស័យ ជាអ្នករកស៊ីគក់ជេដី ដែលប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម សមត្ថកិច្ចបានបង្ហើបថា បច្ចុប្បន្ននគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

កម្ពុជា-ថៃ ប្តេជ្ញាពន្លឿនបើកច្រកអានសេះ ជាច្រកអន្តរជាតិ ឆាប់ៗនេះ(Video)

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហាររបស់កម្ពុជា លោក អ៊ុន ចាន់ដា និងអភិបាលខេត្តអ៊ូប៊ុនរបស់ថៃ លោក សារិទ្ធិ វិធូន បានប្តេជ្ញាថា និងដោះស្រាយបញ្ហារួមគ្នា នៅច្រកអានសេះនេះឲ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។

ការប្ដេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបចរចារ រវាងអភិបាលខេត្តព្រះវិហារ និងអភិបាលខេត្តអ៊ូប៊ុន នៅច្រកអានសេះ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា លោកសង្ឃឹមថា ក្រុមការងារទាំង២ពិតជាបានខិតខំ ដើម្បីដើរទៅរកភាពជោគជ័យ នាំមកនូវការអភិវឌ្ឍរីកចំរើន នៅតាមបណ្តោយព្រំដែន ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ទទួលបាននូវផលប្រយោជន៍ ដែលអាជ្ញាធរពាក់ព័ន្ធ បានចូលរួមសហការ និងគោរពតាមកិច្ចព្រមព្រៀង តាមការណែនាំ នៃប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។

លោកអភិបាលខេត្ត បានបន្តថា នៅថ្ងៃខាងមុខ នឹងមានការប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ។ អីចឹងពាក់ព័ន្ធ និងការរៀបចំសណ្តាប់ធ្នាប់ ការបង្កើននូវកិច្ចសហការល្អ តាមបណ្តោយព្រំដែន ពិសេសច្រកអានសេះនេះ គឺថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ និងលើកយកមកជជែកគ្នាបន្ថែមទៀត។

លោកថា «ដូចនេះ ការជួបគ្នារវាងខេត្ត និងខេត្ត ស្រុក និងស្រុក កងទ័ព និងកងទ័ព បានបង្ហាញឲ្យឃើញ ពីការរឹតចំណងសាមគ្គីភាពកិច្ចសហការល្អ តាមបណ្តោយព្រំដែន ធ្វើឲ្យរក្សាបាននូវព្រំដែនសន្តិភាព សម្រាប់ប្រទេសយើងទាំងពីរ»។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានស្នើសុំនូវចំណុច៤ ដើម្បីដាក់ជូនភាគីខាងខេត្តអ៊ូប៊ុន ដើម្បីពិភាក្សារកវិធានការ ដោះស្រាយរួមគ្នា៖

ចំណុចទី១៖ លោកអភិបាលខេត្ត បានជំរុញឲ្យដំណើរការច្រកអានសេះ ទៅជាច្រកអន្តរជាតិ ហើយចំពោះការដាក់ឲ្យដំណើរការច្រកអន្តរជាតិនេះ គឺមិនពាក់ព័ន្ធ និងការបោះបង្គោលព្រំដែនទេ រឿងបង្គោលព្រំដែន កន្លែងណាៗ នោះជាភារកិច្ចរបស់គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ ដូច្នេះកំរិតខេត្ត និងខេត្ត ត្រូវធ្វើយ៉ាងណាខិតខំ ឲ្យច្រកអានសេះ ក្លាយជាច្រកអន្តរជាតិ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ចំណុចទី២៖ ការនាំចូលកសិផល និងទំនិញផ្សេងៗ ដែលប្រជាពលរដ្ឋទាំងពីរ យកទៅលក់ក្នុងទីផ្សារនៃខេត្តទាំងពីរ សូមឲ្យអនុវត្តដូចលើកមុន ព្រោះរយៈពេលចុងក្រោយនេះ មានការកំណត់ការនាំចូល នូវទំនិញ និងកសិផលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋថៃ។

ចំណុចទី៣៖ ស្នើឲ្យខេត្តអ៊ូប៊ុន ជំរុញការដាក់ឲ្យដំណើរការបណ្ណ័ព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ បានចេញចូលដោយស្របច្បាប់។ចំណុចទី៤៖ លោកអភិបាលខេត្តព្រះវិហារ បានស្នើសុំឲ្យបង្កើតភារកិច្ច ដល់ក្រុមចង្អៀតកម្រិតខេត្ត និងខេត្ត។
លោក អ៊ុន ចាន់ដា ក៏បានសំដែងនូវក្តីសង្ឃឹមថា ច្រកអានសេះ និងដាក់ឲ្យដំណើរការជាច្រកអន្តរជាតិ ស្របពេលក្នុងរជ្ជកាលអភិបាលខេត្ត សារិទ្ធិ វិធូន ជាអភិបាលខេត្តអ៊ូប៊ុន ហើយលោកជាអភិបាលខេត្តព្រះវិហារ។ លោកថា យើងទាំងពីរនាក់ នឹងត្រួសត្រាយផ្លូវឈាន ទៅដល់ការបើកដំណើរការជាផ្លូវការតែម្តង។

លោកបន្តទៀតថា រឿងនេះបានឆ្លងកាត់អភិបាលខេត្តព្រះវិហារ អស់មួយជំនាន់ទៅហើយ ចំណែកអភិបាលខេត្តអ៊ូប៊ុន បានឆ្លងកាត់អស់ជាច្រើនហើយ ទម្រាំមកដល់ពេលនេះ ដូច្នេះលោកសង្ឃឹមថា ជំនាន់លោកជាអភិបាល ខេត្តព្រះវិហារ និងជំនាន់អភិបាលខេត្តអ៊ូប៊ុននេះ ច្រកអានសេះនឹងដំណើរការជាច្រកអន្តរជាតិ។

ជាការឆ្លើយតប លោកអភិបាលខេត្តអ៊ូប៊ុន របស់ថៃ បានឯកភាពចំពោះការលើកឡើង របស់លោកអភិបាលខេត្តព្រះវិហារ ហើយក៏បានសន្យថា និងរួមគ្នាដោះស្រាយ ក្នុងការបើកច្រកអានសេះជាច្រកអន្តរជាតិ ស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ៕

ក្រសួងអប់រំ ដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់

ភ្នំពេញ ៖ ដើម្បីពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួង អប់រំ យុវជន និងកីឡា បានដាក់ចេញ វិធានការ៤ ចំណុច ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យ នៃក្តីស្រឡាញ់(Valentine’s Day) (១៤កុម្ភៈ)នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្រសួងអប់រំបានដាក់ចេញវិធានការ ទប់ស្កាត់បែបនេះជារៀងរាល់ឆ្នាំ ក្រោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ជាឱកាសមួយ ធ្វើឲ្យសិស្សានុសិស្សមួយចំនួន យល់ច្រឡំថា បុណ្យនេះ ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

យោងតាមសេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា ទិវាបុណ្យ នៃក្តីស្រឡាញ់នេះ ពុំមែនជាពិធីបុណ្យ ប្រពៃណី របស់ជនជាតិខ្មែរនោះទេ ហើយនៅអំឡុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ ទិវាបុណ្យ នៃក្តីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យ ភ្លេចការសិក្សា បាត់បង់ សេចក្តីថ្លៃថ្នូរ របស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរផងដែរ។

ដើម្បីពង្រឹង ការអនុវត្ត បទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ ដាក់ចេញវិធានការសំខាន់ៗរួមមាន៖ ១-ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យ នៃក្តីស្រឡាញ់។

២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈ ឲ្យបានម៉ឺងម៉ាត់ជាពិសេស លើការគ្រប់គ្រង សីលធម៌ និង វិន័យ ដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប្រចាំ។

៣-ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។
៤-ត្រូវធ្វើទំនាក់ទំនង ជិតស្និទ្ធជាមួយ មាតា បិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាព មិនប្រក្រតី ដែលប្រព្រឹត្ត ដោយសិស្សា នុសិស្ស ដើម្បីសហការគ្នា អប់រំណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។

សម្រាប់យុវជនកម្ពុជា ភាគច្រើន បានយល់ជ្រួលជ្រាបអំពី អត្ថន័យ នៃបុណ្យ នៃក្តីស្រលាញ់នេះ ដោយពួកគេធ្វើអំពើល្អៗ បង្ហាញដល់មនុស្សជាទីស្រលាញ់ ក្នុងនោះមាន លោកតា លោកយាយ លោកឱពុក អ្នកម្តាយ លោកគ្រូ អ្នកគ្រូ បងប្អូន និងមិត្តភក្តិជាដើម។ ប៉ុន្តែក៏នៅមានយុវជនមួយចំនួនតូច ឆ្លៀតឱកាសយកទិវាបុណ្យ នៃក្តីស្រលាញ់ ទៅប្រព្រឹត្ត រឿងមិនគប្បី ដោយចំណាយខ្លួនប្រាណ ដើម្បីបង្ហាញពីការស្រលាញ់ ដែលផ្ទុយទៅនិងអត្ថន័យ នៃបុណ្យនេះ ឬ ប្រាចាក ពីប្រពៃណីដ៏ល្អផូរផង់ របស់ជាតិខ្មែរយើង។

យ៉ាងណាក៏ដោយគេរំពឹងថា តាមរយៈ ការដាក់ចេញ វិធានការ ទប់ស្កាត់ របស់ក្រសួងអប់រំ ក៏ដូចជាការយល់ដឹង កាន់តែច្រើនពីសំណាក់ យុវវ័យ និងប្រជាពលរដ្ឋកម្ពុជានោះ ទិវាបុណ្យ នៃក្តីស្រលាញ់ឆ្នាំ២០១៩នេះ នឹងទទួលបានការគាំទ្រកាន់តែច្រើន នូវ អំពើល្អ ដែល យុវវ័យនឹងធ្វើ ចំពោះមនុស្សជាទីស្រលាញ់ របស់ពួកគេ៕

ក្រសួងវប្បធម៌ បញ្ជាក់ថា ការទិញលក់ដោះដូរដីធ្លីក្នុងតំបន់អង្គរគឺខុសច្បាប់

សៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឱ្យប្រជាពលរដ្ឋកុំឲ្យមានការទិញ-លក់ ដោះដូរដីធ្លីក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ការលក់ ការទិញដូរណាមួយខុសពីព្រះរាជក្រិត គឺចាត់ទុកថា ជាទង្វើខុសច្បាប់។

ការប្រកាសឲ្យប្រជាពលរដ្ឋកុំឲ្យចេះតែទិញលក់ដីនៅតំបន់អង្គរពីក្រសួងវប្បធម៌គឺដោយសារតែក្រសួង និងអាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ វិធានការដើម្បីទប់ស្កាត់សកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព ព្រមទាំងបញ្ចៀសការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកើតឡើងពីការបោកបញ្ឆោតរបស់បុគ្គលមួយចំនួនអំពីការទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់នៃរដ្ឋបាលសាលាខេត្តសៀមរាប ដំឡើងផ្ទាំងព័ត៌មានហាមទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាបដូចជា ភូមិអញ្ចាញ ភូមិអារក្សស្វាយ សង្កាត់នគរធំ ចំនួន៣ផ្ទាំង ភូមិខ្វៀន សង្កាត់គោកចក ចំនួន១ផ្ទាំង ភូមិជ្រៃ សង្កាត់ទឹកវិល ចំនួន១ផ្ទាំង ភូមិថ្នល់ សង្កាត់ស្រង៉ែ ចំនួន១ផ្ទាំង។

ក្រៅពីទីតាំងនេះ អាជ្ញាធរជាតិអប្សរានឹងដំឡើងផ្ទាំងព័ត៌មាននេះនៅតាមទីតាំងភូមិសាស្ត្រមួយចំនួនទៀតដែលសកម្មភាពទិញ-លក់ដីធ្លីកំពុងតែកើតឡើង។
អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់បុគ្គលដែលកំពុងតែប្រព្រឹត្តសកម្មភាពទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានរបស់ខ្លួន និងសូមឲ្យពលរដ្ឋ ចូលរួមបំពេញតួនាទីជាអ្នកទប់ស្កាត់ ថែរក្សា ការពារ និងអនុវត្តច្បាប់យ៉ាងដាច់ខាតចំពោះការទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ”។

គួរបញ្ជាក់ថា តំបន់១ ត្រូវវហាមមិនឲ្យមានការទិញលក់នោះ ជាតំបន់ដែលមានស្ថានីយ៍បុរាណវត្ថុសំខាន់ៗហើយត្រូវទទួលកិច្ចការពារខ្ពស់បំផុត។ ចំណែកតំបន់២ ជាតំបន់ដែលសម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់២មានសារៈសំខាន់ចម្បងដោយសារជាតំបន់ទ្រនាប់សម្រាប់ការពារតំបន់១។ តំបន់១និងតំបន់២ ហាមឃាត់ការអភិវឌ្ឍក្នុងរមណីយដ្ឋានមានប្រាសាទ លើកលែងតែការអភិវឌ្ឍណាដែលមានសារប្រយោជន៍សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃរមណីយដ្ឋានឬបុរាណវត្ថុនោះ ឬសម្រាប់ការថែរក្សារបៀបរស់នៅរបស់មនុស្សនៅតំបន់នោះ។

នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ដីធ្លីស្ថិតក្នុងតំបន់១និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ជាដីទ្រព្យសាធារណរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សានិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រីឯការប្រើប្រាស់ដីធ្លីក្នុងតំបន់១និងតំបន់២ត្រូវបានកំណត់ ១) ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននិងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបានដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ ២) ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បានដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ៣) ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឲ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឲ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុនឬបុគ្គល ឬការទិញ-លក់សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម៕

CPP ថ្កោលទោសសេចក្តីថ្លែងការណ៍ដែលថាគណបក្សប្រជាជនបែកបាក់

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រ ទី៨ ខែកុម្ភៈ នេះ បានប្រកាសថ្កោលទោសសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុកឈ្មោះថា “អ្នកស្នេហាជាតិ គណបក្សប្រជាជន” ដែលលោក សម រង្ស៊ី បានចែកចាយភ្លាមដែរនៅលើទំព័រហ្វេសប៊ុករបស់លោក។ សេចក្តីថ្លែងការណ៍នោះ បង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រៀមខ្លួនទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ។

គណបក្សប្រជាជនកម្ពុជា បានចេញមកប្រកាស និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជាសេចក្តីថ្លែងការណ៏របស់គណបក្ស ប្រជាជនចុះថ្ងៃទី ០៧ កុម្ភៈ ២០១៩ ដែលត្រូវបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានចែករំលែកដោយលោក សម រង្ស៊ីនៅក្នុងគេហទំព័ររបស់ខ្លួន នៅព្រឹកថ្ងៃទី០៨ កុម្ភៈ ក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជន បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ជនអនាមិក ដែលតាំងខ្លួនថា “អ្នកស្នេហាជាតិក្នុងជួរដឹកនាំគណបក្សប្រជាជន” បានអះអាងថា ខ្លួននឹងដឹកនាំកម្លាំងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជារួមកម្លាំងជាមួយអ្នកសេ្នហាជាតិផ្សេងទៀត ព្រមទាំងអ្នកគាំទ្រអតីតបក្សប្រឆាំងផង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១៩នេះ ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ គណបក្សកាន់អំណាច បានហៅសេចក្តីថ្លែងការណ៍នោះថា ឯកសារក្លែងក្លាយក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កើតសេចក្តីថ្លែងការណ៍នេះ ហើយបានប្រកាសប្តឹងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខអ្នកបង្កើតសេចក្តីថ្លែងការណ៍នេះ យកមកផ្ទន្ទាទោសតាមច្បាប់។

អ្នកនាំពាក្យគណបក្សកាន់អំណាច ឯ.ឧ សុខ ឥសាន បានចាត់ទុកការបង្កើតសេចក្តីថ្លែងការណ៍នេះថា ជាឧបាយកលចាស់គម្រិលរបស់លោកសម រង្ស៊ី ចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ។ ទោះយ៉ាងណាគណបក្សប្រជាជនកម្ពុជាក៏បានប្រកាសដែរថា គណបក្ស មួយនេះគឺនៅតែរឹងមាំ និងមានសាមគ្គិភាពផ្ទៃក្នុងល្អ។ ពិសេសនឹងស្ថិតនៅ ជានិច្ចជាមួយប្រជាជន ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ៕

ខេត្តព្រះវិហារ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីស្នងការដ្ឋាននគរបាល

ព្រះវិហារ ៖ លោក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការយុទ្ធភូមិភាគទី៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្ទេរភារកិច្ច ចូលកាន់មុខតំណែងថ្មី ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយលោកឧត្តមសេនីយ៍ទោ យិន ចំណាំ អតីតស្នងការខេត្តព្រះវិហារ ត្រូវបានផ្ទេទៅកាន់មុខតំណែងជាស្នងការ នៃខេត្តរតន:គីរីបន្ត។

ការប្រកាសនេះធ្វើឡើង នាថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅសាលប្រជុំជាន់ទី៣សាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។

មានប្រសាសន៏ថ្លែងទៅកាន់គណៈអធិបតី នាឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានប្តេជ្ញាចិត្តថា៖ ក្រោយទទួលបានភារកិច្ចថ្មីនេះ ឯកឧត្តមនិងខិតខំធ្វើការឲ្យអស់ពីកំលាំងកាយចិត្ត និងគោរពតាមបទបញ្ជាគោលការ របស់ថ្នាក់ដឹកនាំដែលបានដាក់ជូន និងខិតខំបំរើការពារជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ជាមួយគ្នានោះ លោកគោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា៖ ខេត្តព្រះវិហារជាខេត្តជាប់ព្រំដែន ឡាវ និងថៃ ដែលកន្លងមកសមត្ថកិច្ច ក៏ដូចកងកំលាំងទាំង៣បានសហការគ្នាបានយ៉ាងល្អ ក្នុងការបំពេញភារកិច្ច តាមបន្ទាត់ព្រំដែនក៏ដូចនៅតាមបណ្ដាលស្រុក ក្រុង ខេត្ត។ ហេតុដូចនេះហើយសូមឲ្យលោកស្នងការថ្មីចូលរួមសហការជាមួយមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ ដើម្បីរក្សារនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិរបស់យើង។

លោកនាយឧត្តមសេនិយ៍ ខេង សុមេធអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កងកំលាំងនគរបាលទាំងអស់ត្រូវគោរពតួរនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ចូលរួមរក្សារឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច។ ទប់ស្កាត់រាល់បទល្មើសខុសច្បាប់នានា ជាពិសេសបទស្មើសឆ្លងដែននិងគ្រឿងញៀនខុសច្បាប់ ដែលបច្ចុប្បន្នកំពង់មានលំហូរចូលពីប្រទេសជិតខាង ធ្វើយ៉ាងណាត្រូវសហការចូលរួមទប់ស្កាត់នៅតំបន់សរឲ្យបាន១០០%។

លោកបានបញ្ជាក់ថា កងកំលាំងនគរបាលទាំងអស់មុននិងអនុវត្តន៍សាលដីការ របស់តុលាការត្រូវរាយការណ៍ មកអគ្គស្នងការជាមុនសិន ជៀសវាងមានករណីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាចខូចឈ្មោះដល់ស្ថាប័ណ្ណនិមួយៗ ត្រូវរកដំណោះស្រាយនិងសន្តិវិធីឲបានល្អប្រសើរ ជាសវាងយកប្រជាពលរដ្ឋធ្វើជាសត្រូវ៕

បុរសអាណិកជនខ្មែរអាមេរិកម្នាក់ជិះម៉ូតូ ដួលចូលក្រោមរថយន្តកិនស្លាប់

ភ្នំពេញ ៖ បុរសអាណិកជនខ្មែរអាមេរិកម្នាក់ បានជិះម៉ូតូប៉ះដៃចង្កូតនឹងធុងមូលមួយដែល
ដាក់បាំងបង្គោលភ្លើងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធុនធំមួយគ្រឿងដឹកសរសបេតុងបង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់យ៉ាងអាណោចអធម៌ គ្រោះថ្នាក់ ចរាចរ ណ៍ ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវណតព្រីត ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សាន សុភ័ណ្ឌ ភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅបុរីពិភពថ្មី ក្បែរវត្តសំរោងអណ្ដែតខណ្ឌសែនសុខ ទើបមកពីអារិកបានជិតខែ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជន រងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯង ម៉ាកCLICKI ពណ៌ទឹកក្រូចលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AJ-4320 បើកបរដោយបុរសរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ ណតព្រីត ទិសដៅពីជើងទៅត្បូង ដោយមិត្តភក្ភ្រ័គេម្នាក់ទៀតជិះម៉ូតូផ្សេង ខណៈមកដល់ចំណុចកើកហេតុស្រាប់តែម៉ូតូ ជនរងគ្រោះជ្រុលទៅប៉ះនឹងធុងដែលគេដាក់បាំងបង្គោលភ្លើងដួល ហើយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ត បណ្ដាលឲ្យកិនជាប់អូសប្រហែលជិត១០០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌ នៅនឹងកន្លែង ។ ភ្លាមៗអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានប្រគល់អោយសមត្ថកិច្ច យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍មូលដ្ឋាន និងជំនាញចុះមកដល់វាសវែងនិងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕