All posts by មេគង្គ ប៉ុស្តិ៍

លោក អ៊ី ឃីម គយទីលានអូសរទេះដែលពន្យារការចូលនិវត្តន៍តាំងពីឆ្នាំ២០១៨ រងការរិះគន់ជាថ្មី

ប៉ោយប៉ែត ៖ លោក អ៊ី ឃីម អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលបន្ទុកផែស្ងួត (ទីលានអូសរទេះ) បានរងនូវការរិះគន់ជាថ្មីពីសំណាក់មន្ត្រីគយក្រោមបង្គាប់មួយចំនួន ក្រោយពីបែកធ្លាយថា លោកបានរត់ការសុំពន្យារកំណើតដើម្បីបាននៅបន្តមុខតំណែងក្នុងអង្គភាពមួយនេះខណៈដល់ពេលចូលនិវត្តន៍នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ម្ល៉េះ។

មានការលើកឡើងថា មូលហេតុដែលលោក អ៊ី ឃីម ក្រាញមិនព្រមចូលនិវត្តន៍នោះ ព្រោះអាចមកពីស្តាយតំណែងខ្លាញ់មួយនេះ ដែលក្នុងមួយថ្ងៃៗ ឬមួយខែៗត្រូវបានគេសង្ស័យថា លោក អ៊ី ឃីម អាចរកចំណូលបានយ៉ាងក្រាស់ក្រែលតាមរយៈការឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីទុច្ចរិតប្រព្រឹត្តអំពើពុករលួយ អនុញ្ញាតឲ្យនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ចូលរដ្ឋ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ លោក អ៊ី ឃីម បានធ្វើការអួតអាងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រមូលពន្ធគយជូនរដ្ឋនៅច្រកប៉ោយប៉ែតដោយលោកអះអាងដូច្នេះថា ៖ ឆ្នាំ២០១៨កន្លងទៅការប្រមូលពន្ធគយពីទំនិញដឹកតាមរទេះនាំចូលពីថៃមកកម្ពុជាបានជាង២២កោដិរៀល (២២.៤៨៨.៤៣៩.៩០០រៀល) ឬស្មើនឹង ៥,៦លានដុល្លារសហរដ្ឋអាមេរិក (៥.៦២២.២០០ដុល្លារអាមេរិក)។

ដោយឡែកសម្រាប់ខែកុម្ភៈ ដើមឆ្នាំ២០១៩ ផែស្ងួត (ទីលានអូសរទេះ) ធ្វើការប្រមូលពន្ធបានជាង២កោដិរៀល (២.១៣៩.៨១៦.៦០០រៀល) ឬស្មើជាង៥សែន៣៥ម៉ឺនដុល្លារអាមេរិក (៥៣៥.០០០ដុល្លារសហរដ្ឋអាមេរិក)។

បើទោះជាលោក អ៊ី ឃីម មានការអះអាងពីការប្រមូលពន្ធគយរបស់អង្គភាពផែស្ងួត (ទីលានអូសរទេះ)បានយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះក្តី ក៏ការនាំចូលទំនិញជាច្រើនមុខតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានគេដាក់ការសង្ស័យថា មានមុខទំនិញមួយចំនួនដែលឈ្នួញនាំចូលអាចបង់ពន្ធមិនគ្រប់ ឬត្រូវបានគេក្លែងប្រភេទមុខនិញជាដើម (ពីទំនិញមានតម្លៃបង់ពន្ធច្រើន មកជាទំនិញថោកៗ) ដើម្បីឲ្យការបង់ពន្ធអស់តិចតួចបំផុត។

ករណីនេះ មានការឃុបឃិតគ្នាពីសំណាក់លោក អ៊ី ឃីម ដែលជាអនុប្រធានការិយា ល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទទួលបន្ទុកផែស្ងួត (ទីលានអូសរទេះ) តែម្តង ជាហេតុធ្វើឲ្យចំណូលពន្ធ គយមួយចំនួនធំ ត្រូវហូរចូលក្នុងហោប៉ៅបុគ្គលជាមន្ត្រីគយពុករលួយ ក្រោមឱវាទលោក អ៊ី ឃីម ៕ ដោយ ៖ សួន ចិត្រា

ការបរិច្ចាគឈាមគឺដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាយវិការប្រកបដោយមនុស្សធម៌

កំពង់ចាម ៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និង មនុស្សធម៌ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសង្គ្រោះជីវិត ។

លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត ដែលជាជាកាយវិការប្រកបដោយមនុស្សធម៌ដ៏មានតំលៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់។

ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។

យោងតាមសេចក្តីណែនាំរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបញ្ជាក់ថា អ្នកផ្តល់ឈាមត្រូវមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ៦០ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម។ ស្ត្រីអាចផ្ដល់ឈាមបានក្នុងរយៈពេល ៤ខែម្ដង ចំណែកបុរសអាចផ្ដល់ឈាមបានក្នុងរយៈពេល ៣ខែម្ដង។

អ្នកផ្ដល់ឈាមចំណាយពេលតែ ៤៥នាទីប៉ុណ្ណោះ ក្នុងដំណើរការផ្ដល់ឈាម និងបានទទួលទានអាហារក្រោយពេលផ្ដល់ឈាម។ គ្រូពេទ្យជំនាញនឹងពិនិត្យសុខភាពដើម្បីធានាថា ការផ្ដល់ឈាមប្រព្រឹត្តទៅដោយងាយស្រួលនិងគ្មានការឈឺចាប់៕

អាជ្ញាធរអំពាវនាវឲ្យទុកដាក់សំរាមបានត្រឹមត្រូវ រយៈពេលបុណ្យចូលឆ្នាំ៤ថ្ងៃ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដោយអំពាវនាវឲ្យរៀបចំទុកដាក់សំរាមបានត្រឹម ត្រូវក្នុងទីតាំងសមស្របណាមួយ ព្រោះសេវាប្រមូលសំរាមក្នុងរាជធានីភ្នំពេញ មិនបានពេញលេញទេ ដោយសារកម្មករក្រុមហ៊ុនស៊ីនទ្រី ត្រូវបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៤ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៩។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីថែរក្សាសោភ័ណភាពអនាម័យ និងបរិស្ថាននារាជធានីភ្នំពេញក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ ២០១៩ នេះ សូមបងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ មេត្តាយោគយល់ ដោយ កុំបញ្ចេញសំរាមមកដាក់នៅតាមផ្លូវសាធារណៈនៅក្នុងអំឡុងពេលដែលការផ្ដល់សេវាមិនបានពេញ លេញនេះ ដោយរក្សាទុកសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងខ្លួនជាបណ្ដោះអាសន្នសិន ព្រោះកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកក្នុងថ្ងៃ បុណ្យ ចូលឆ្នាំថ្មីនេះដែរ ហើយការប្រមូលសំរាមនឹងចាប់ផ្តើមជាថ្មីឡើងវិញនៅថ្ងៃទី១៨ ខែមេសា ក្រោយ ពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕ 

ទណ្ឌិត១៣៤នាក់ នឹងត្រូវបានលើកលែង និងបន្ធូរបន្ថយទោសថ្ងៃបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ទណ្ឌិតចំនួន ១៣៤នាក់នឹងត្រូវបានលើកលែង និងបន្ធូរបន្ថយទោសសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ឲ្យដឹងថា
សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ២០១៩នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប១៣៤នាក់ (ស្ត្រី២៨នាក់) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប៤៦០នាក់ (ស្ត្រី៤៩នាក់) ដើម្បីលើកលែងនិងបន្ធូរបន្ថយទោស។ ក្នុងចំណោមទណ្ឌិតទាំងនោះនឹងត្រូវ ១-ស្នើបន្ថយទោស៦ខែចំនួន៧នាក់ (ស្រី៦នាក់) ២-ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់ (ស្រី២នាក់) ៣-ស្នើបន្ថយទោស១២ខែ ចំនួន៤០នាក់ (ស្រី១៧នាក់) ៤-ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ចំនួន២នាក់ (ស្រី២នាក់) ៥-ស្នើលើកលែងទោសចំនួន១៦នាក់ (ស្រី១នាក់)។

កាលពីថ្ងៃទី៤មេសាកន្លងទៅ គណៈកម្មការថ្នាក់ជាតិត្រួតពិនិត្យ និងវាយតម្លៃដល់ទណ្ឌិតក្នុងការលើកលែង និងបន្ធូរបន្ថយទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរបានទៅក្រសួងជំនាញ នូវទណ្ឌិតចំនួន៤៦០នាក់ ក្នងនោះមានស្ត្រី៤៩នាក់ មកពីអប់រំកែប្រែខេត្តក្រុងរាជធានីចំនួន ១៨ និងមណ្ឌលអប់រំកែប្រែទាំងបួនបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ការជួបពិភាក្សាជាមួយប្រធានតុលាការប្រធានព្រះរាជអាជ្ញាររួមមកស្ត្រីដែលកំពុងជាប់ក្នុងពន្ធនាគារសរុប២៤៤១នាក់ ក្នុងនោះស្ត្រីដែលមានគត៍៤៤នាក់ ស្ត្រីមានកូនតាមម្តាយ១២៦នាក់ ។

លោកក៏បានលើកឡើងទៀតថា សម្រាប់ការលើកលែងទោសចំពោះស្ត្រីដែលតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការលើកលែង និងបន្ធូរបន្ថយទោសចំពោះស្ត្រីមិនមែនធ្វើតែសម្រាប់ថ្ងៃចូលឆ្នាំនោះទេ គឺធ្វើជានិរន្ត ។ ទី១.ទាក់ទងនឹងនីតិវិធីតុលាការខាងក្រសួងយុត្តិធម៌ជំរុញឱ្យពន្លឿនលើបណ្ដឹងរបស់ស្ត្រី ទី២.រកឯកសារទាក់ទងនឹងសាលក្រមជាស្ថាពរ ដើម្បីនឹងងាយស្រួលបន្ទូលបន្ថយទោស និងលើកលែងទោស ។

លោកបញ្ជាក់ថា«ការលើកលែងទោសធ្វើជារៀងរាល់ឆ្នាំមានចំនួនបីដងមានថ្ងៃចូលឆ្នាំវិសាខបូជានឹងថ្ងៃបុណ្យអុំទូក ។ តែយើងឃើញហើយថ្នាក់ដឹកនាំពិសេសសម្ដេចតេជោលោកតែងតែផ្ដល់អាទិភាពដល់ស្ត្រីជានិច្ចក្នុងការលើកលែង និងបន្ថូរបន្ថយទោស៕

ស្ពានជ្រោយចង្វារចាស់ ត្រូវបានដាក់បន្ថែមបង្គោលជ័រ និងគូសសញ្ញាពណ៌បញ្ជាចរាចរណ៍

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាពកម្ពុជាជប៉ុន បានប៉ះទង្គិច និងបានដួលជាបន្តបន្ទាប់។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងវិស្វករស្ពាន បានដាក់បង្គោលជ័រ និងគូសគំនូសពណ៌ស ដិតជាងមុន ដើម្បីងាយស្រួលដល់អ្នកដំណើរកុំឲ្យជួបគ្រោះថ្នាក់។

ប្រធានគោលដៅចរាចរណ៍ជ្រោយចង្វារ លោកអនុសេនីយ៍ឯក ឆា សំអុល បានឲ្យដឹងថា អ្នកដំណើរជាច្រើននៅតែបន្តដួល ជាបន្តបន្ទាប់ ដោយសារមិនបានប្រុងប្រយ័ត្ន និងមិនបានបែងចែកគំនូសសញ្ញាឲ្យបានច្បាស់លាស់។ លោក បញ្ជាក់ថា នគរបាលបានធ្វើការពន្យល់ណែនាំប្រជាពលរដ្ឋដែលបើកបរឆ្លងកាត់ស្ពាន ឲ្យបានយល់ដឹងពីសញ្ញាចរាចរណ៏ និងគំនូសបែងចែកផ្លូវម៉ូតូ ជាមួយនឹងការដាក់បង្គោលសញ្ញានៅដើមស្ពាន ដើម្បីកុំឲ្យជួបបញ្ហាចរាចរណ៏។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជាជប៉ុន សាទរចំពោះការ ដាក់បង្គោលសញ្ញា ដើម្បីបញ្ចៀសការគ្រោះថ្នាក់ជាយថាហេតុនានា។ ប៉ុន្តែយ៉ាងណាប្រជាពលរដ្ឋបានសំណូមពរឲ្យមានការគោរពច្បាប់ចរាចរណ៏ទាំង អស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅលើស្ពានមួយនេះ។

គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជាជប៉ុន ត្រូវបានសម្ពោធបើកឲ្យដំណើរការ ឡើងវិញកាលបីថ្ងៃទី០៣ មេសាកន្លងទៅ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្រោយដំណើរការជួសជុលរយៈពេលជិត ៣ឆ្នាំ ដោយចំណាយថវិកាប្រមាណ៣០លានដុល្លារ៕ (​រូបភាព ៖ ខ្លីៗ)

ខេត្តព្រះសីហនុ ត្រៀមខ្លួនរៀបចំពិធីសង្ក្រានសមុទ្រ យ៉ាងធំដើម្បីទទួលទេវតាឆ្នាំថ្មី

ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុបានត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នាំថ្មីឲ្យគគ្រឹកគគ្រេង និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងកម្មវិធីសង្ក្រានសមុទ្រនាប៉ុន្មានថ្ងៃខាងមុងនេះ។

ប្រាកដណាស់នារយៈពេល ២-៣ឆ្នាំ ចុងក្រោយនេះ ដោយសារកំណើនយ៉ាងគំហុកនៃវិនិយោគិនចិន ដែលនាំមកដូវការសាងសង់សំណង់តូចធំទាបខ្ពស់ជាច្រើនគម្រោង ហើយសកម្មភាពសាងសង់សំណង់ទាំងនោះ ក៏បានធ្វើឲ្យមានការរំខានខ្លះៗដល់ដំណើរទេសចរណ៍សម្រាប់ភ្ញៀវទេសចរទូទៅក៏ពិតមែន ក៏ប៉ុន្តែដើម្បីស្តារមុខមាត់ខេត្តទេសចរណ៍ជាប់មាត់សាគរដ៏ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះឡើងវិញផង និងការត្រៀមការរៀបចំសង្ក្រានសមុទ្រដើម្បីទទួលទេវតាឆ្នាំថ្មីនាឱកាសបុណ្យចូលឆ្នាំថ្នីប្រពៃណីខ្មែរខាងមុខនេះផង អាជ្ញាធរខេត្តបាននឹងកំពុងដុតដៃដុតជើងមមាញឹកក្នុងការសំអាតបរិស្ថាន រៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងនឹងមកកម្សាន្តខេត្តនេះនៅអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនាពាក់កណ្តាលខែមេសាខាងមុខនេះ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរខេត្តពិតជាបានត្រៀមខ្លួនរៀបចំឲ្យមានកម្មវិធីសង្ក្រានសមុទ្រសម្រាប់អបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះមែន ដោយគណៈកម្មការរៀបចំពិធីនេះរបស់សាលាខេត្តគ្រោងនឹងរៀបចំពិធីសង្ក្រានសមុទ្រនៅមាត់ឆ្នេរឯករាជ្យតែម្តង ព្រោះទីនោះមានផ្លូវថ្នល់ធំៗ និងទីធ្លាធំទូលាយល្អ មានសួនច្បារល្អស្អាតស្រាប់ មានទាំងដើមរុក្ខជាតិជាច្រើនសម្រាប់ផ្តល់ជាម្លប់គ្រប់គ្រាន់នៅពេលថ្ងៃក្តៅ ដែលវាអំណោយផលល្អទាំងពេលថ្ងៃនិងទាំងពេលយប់ ទីនោះមានភាពងាយស្រួលដល់ការសាងសង់ឆាកវេទិកា ងាយស្រួលទាំងការរៀបចំពិធីផ្សេងៗ គឺរួមមានទាំងពិធីសាសនា, ការលេងល្បែងកម្សាន្តប្រជាប្រិយជាច្រើនមុខ, ការសម្តែងសិល្បៈប្រពៃណី និងសិល្បៈសហសម័យ, ការប្រគុំតន្រ្តីសម័យ និងរៀបចំឲ្យមានស្តង់តាំងពិព័ណ៌សម្រាប់លក់ផលិតផលជាង ២០០ស្តង់ផងដែរ។

លោក សុចិត្រគ្រឹស្នា បានបន្តថា នាពេលបច្ចប្បន្ននេះ នៅទូទាំងក្រុងព្រះសីហនុ មានបន្ទប់សណ្ឋាគារ និងផ្ទះសណាក់ចំនួនជាង ១ម៉ឺនបន្ទប់សម្រាប់ភ្ញៀវជួលស្នាក់នៅ អំឡុងពេលពួកគាត់មកកម្សាន្តនៅទីនេះ។ បន្ថែមលើសពីកន្លែងស្នាក់នៅខេត្តព្រះសីនុ ក៏សម្បូរទៅមានភោជនីយដ្ឋាន និងអាហារដ្ឋានជាង ៣០០កន្លែងសម្រាប់ទទួលផ្គត់ផ្គង់ម្ហូបអាហារជូនភ្ញៀវទូទៅ។

លោក លីម ចាន់ភារុន តំណាងក្រុមហ៊ុនប្ល៊ូមីឌា (Blue Media) បានឲ្យដឹងថា ខាងក្រុមហ៊ុនប៊្លូមីឌាបានសហការជាមួយសាលាខេត្តដើម្បីត្រៀមរៀបចំកម្មវិធីសង្ក្រានសមុទ្រសម្រាប់អបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពាក់កណ្តាលខែមេសាខាងមុងនេះ។ លោកបានបន្តថា យើងនឹងរៀបចំជាឆាកវេទិកាធំមួយសម្រាប់ពិធីទទួលទេវតាឆ្នាំថ្មី ការសម្តែងរបាំត្រុដិ ពិធីរាប់បាត្រព្រះសង្ឃ១១៩អង្គ ពិធីស្រង់ព្រះនៅថ្ងៃចូលឆ្នាំទី៣ ការលេងល្បែងប្រជាប្រិយផ្សេងៗ (បោះឈូង អង្គុញ ទាញព្រ័ត្រ, វាយក្អមជាដើម) មានការប្រគុំតន្រី្តសម្រាប់រាំលេងកម្សាន្ត ការសម្តែងសិល្បៈប្រពៃណីនិងសហសម័យ ពិធីបណ្តែតគោមទឹកនិងពិធីបង្ហោះគោមជាដើម និងកម្មវិធីតាំងពិព័ណ៌លក់ផលិតផលផ្សេងៗចំនួនជិត ៣០០ស្តង់។ បន្ថែមលើសពីនោះទៀត យើងក៏ត្រៀមរៀបចំឲ្យមានទីកន្លែងសម្រាប់បាញ់ទឹក (គឺបន្ទប់ពីពិធីស្រង់ព្រះរួចហើយ)នាពេលណាថ្ងៃមានកម្តៅខ្លាំងផងដែរ។

លោក លីម ចាន់ភារុន បានបន្តថា តាមការគ្រោងទុកកម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃសម្រាប់កម្មវីធីសង្ក្រានសមុទ្រ ប៉ុន្តែដោយឡែកសម្រាប់កម្មវិធីតាំងពិព័ណ៌លក់ផលិតផលនានានោះ គណៈកម្មការរៀបចំឲ្យមានរយៈពេលច្រើនថ្ងៃ(គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០៩១៩) ជាងនេះ។ ហើយយើងត្រៀមនឹងរៀបចំជាកម្មវិធីវិធីកម្សាន្តប្លែកគ្នាជាច្រើននៅតាមថ្ងៃនីមួយៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឲ្យស្របទៅតាមប្រពៃណីជាតិខ្មែរផង និងការកម្សាន្តសប្បាយសម្រាប់មហាជនទូទៅផង៕

កម្លាំងរដ្ឋបាលព្រៃឈើអូរគ្រៀង ស្ទាក់ចាប់រថយន្តដឹកសត្វឥ​ន្ទ្រី២០ក្បាល

ខេត្តក្រចេះ ៖ ពពួកសត្វព្រៃរស់ដ៏កម្រ ដូចជា សត្វឥន្រ្ទីចំនួន ២០ក្បាល សត្វសំពោចចំនួន ៨ក្បាល ត្រូវបានក្រុមសមត្ថកិច្ច រដ្ឋបាលព្រៃឈើអូរគ្រៀង ស្រាចជ្រាវស្ទាក់ចាប់បាននៅថ្ងៃទី១០ ខែមេសា នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលប្រភេទសត្វព្រៃទាំងនេះ ត្រូវបានក្រុមឈ្មួញ បានដឹកជញ្ជូនតាមរថយន្តកាមេរីឆ្លាម ចេញមកពីខត្តស្ទឹងត្រែង។

បើទោះជាបែបណាការសកម្មភាពបង្រ្កាបបទល្មើសជួញដូរសត្វព្រៃ ដ៏កម្រនេះ ឈ្មួញដឹកជញ្ជូនមិនត្រូវបានធ្វើការចាប់ខ្លួននោះទេ ដោយសមត្ថកិច្ចអះអាងថា អ្នកបើករថយន្តបានគេចខ្លួនក្រោយមានការតាមស្ទាក់ចាប់បានរថយន្ត។

នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោក កែវ ចំណាន បានឱ្យដឹងថា ជាមួយនិងការចាប់បង្ក្រាប បទល្មើសជួញដូរសត្វព្រៃនេះ គឺកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតបានទទួលមុខសញ្ញា ទើបកម្លាំងជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀង ដោយមានការសហការជាមួយនិងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តក្រចេះ ទើបមុខសញ្ញានេះ ត្រូវស្ទាក់ចាប់បាន។ លោកថា ពពួកសត្វព្រៃដ៍កម្រទាំងនេះ ត្រូវបានឈ្មួញលួចធ្វើការដឹកជញ្ជូនតាមរថយន្តកាមេរីឆ្លាមមួយគ្រឿង ទំនងជាដឹកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ព្រំដែនវៀតណាម។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានបន្តថា ក្រោយចាប់បង្ក្រាប ពពួកសត្វព្រៃទាំងនេះ ត្រូវបាននាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើដោយរងចាំប្រគល់ជូនអង្កា(វ៉ាយអេត) អភិរក្សនិងសង្គ្រោះសត្វព្រៃនៅកម្ពុជា យកទៅលែងចូលក្នុងព្រៃ នៅក្នុងតំបន់អភិរក្សដែលមានសុវត្ថិភាព។

មានការកត់សម្គាល់ឃើញថា បទល្មើសដឹកជញ្ជូនសត្វព្រៃគឺនៅតែមានការលួចលាក់ ក្នុងរូបភាពផ្សេងៗពីក្រុមឈ្មួញ ដូចជាដឹកជញ្ជូនតាមម៉ូតូ តាមរថយន្ត ក្នុងទិសដៅនាំចេញនៅប្រទេសវៀតណាម។

ប្រភពព័ត៌មានបាននិយាយថា សត្វព្រៃគ្រប់ប្រភេទសព្វថ្ងៃកំពុងតែមានទីផ្សារខ្ពស់នៅ តាមព្រំដែនជាប់ប្រទេសវៀតណាម។ ទន្ទឹមគ្នានេះការលួចធ្វើអាជីវកម្មពីឈ្មួញទុច្ចរឹកលើ ជំនួញខុសច្បាប់នេះ ក៏កំពុងតែមានសន្ទុះខ្លាំងដោយពួកគេបានប្រើគ្រប់រូបភាពមធ្យោបាយ ដើម្បីដឹកជញ្ជូន៕

នារីបុគ្គលិកធនាគារABAម្នាក់ត្រូវបានប្តីអារកសម្លាប់សង្ស័យភ្លើងប្រច័ណ្ឌ

ភ្នំពេញ៖ ករណីឃាតកម្មបង្កឲ្យមានភ្ញាក់ផ្អើល នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយបុរសជាប្តីបានអារ.កសម្លាប់ប្រពន្ធរបស់ខ្លួន ហេីយបានរត់ទៅចង.កសម្លាប់ខ្លួន តាមក្រោយ ស្ថិតនៅក្នុងផ្ទះល្វែង មួយកន្លែង ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់ឲ្យនៅកំព្រា។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់បន្ថែមថា នារីរងគ្រោះដែលត្រូវប្ដីអារកសម្លាប់ បម្រើការងារនៅធនាគារ ABA ហើយបុរសជាប្ដីបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង។

លោកអធិការបានឲ្យដឹងទៀតថា មូលហេតុជំហានដំបូងដោយយោងតាមការសាកសួរទៅកាន់សាច់ញាតិ គឺគ្រួសារលើនេះតែងតែឈ្លោះគ្នាជារឿយៗ ហើយរហូតដល់ប្រពន្ធសុំលែងលះ ទើបកើតមានករណីនេះតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌដង្កោបានសហការណ៍ជាមួយកម្លាំងការិយាល័យជំនាញកោសល្យវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការពិនិត្យសពទាំង២នាក់ប្តីប្រពន្ធខាងលើសមត្ថកិច្ចបានបញ្ជាក់ថាករណីខាងលើនេះពិតជាករណីឃាតកម្មអារ កសម្លាប់ទៅលើប្រពន្ធរបស់ខ្លួននិងករណីអត្តឃាតចង កសម្លាប់ខ្លួនឯងពិតប្រាកដមែន។

ហើយសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារទាំងសងខាងយកទៅធ្វើបុណ្យតាមប្រពៃណី៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងកម្មសិទ្ធិបញ្ញាឆ្នាំ២០១៨

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងបានស្នើសុំសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិមួយនេះ បន្តខិតខំជំរុញការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា និងច្បាប់ពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា លើកទី៩ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមេសា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានសម្តែងការកោតសរសើរចំពោះក្រសួងទាំង ១៤ ដែលជាសមាជិកគណៈកម្មាធិការជាតិ ដែលបានប្រឹងប្រែងសហការអនុវត្តន៍វិស័យកម្មសិទ្ធិបញ្ញាជាតិ រហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងបានដាក់ចេញទិសដៅផែនការ ដើម្បីអនុវត្តន៍នៅក្នុង២០១៩ ដោយជោគជ័យ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមាជិកទាំងអស់ ដែលបានផ្តល់ធាតុចូលសំខាន់ៗដល់ក្រសួងពាណិជ្ជកម្មដែលជាប្រធានគណៈកម្មាធិការជាតិ ដើម្បីចងក្រងរបាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានកត់សម្គាល់ពីកិច្ចប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជ្រាប និងបញ្ចូលមុខវិជ្ជាកម្មសិទិ្ធបញ្ញា ទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ និងឧត្តមសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សំដៅបម្រើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)បូកសរុបរបាយកាណ៍ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឆ្នាំ២០១៨ (២)ពិនិត្យមើលបញ្ហាប្រឈមដែលបានអនុវត្តកន្លងមក (៣)កំណត់ទិសដៅការងារឆ្នាំ២០១៩ ដើម្បីកៀងគរជំនួយពីដៃគូអភិវឌ្ឍនានា និង(៤)អនុម័តលើរបាយការណ៍បូកសរុបលទ្ធផល និងទិសដៅការងារ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល សំដៅសុំអនុសាសន៍ណែនាំបន្ថែម ៕

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បញ្ជាឱ្យផ្អាកនីតិវិធិលើសំណុំរឿងទំនាស់ដីធ្លីរបស់លោកស្រី គង់ មាលា

ក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា ដើម្បីចៀសវាងបញ្ហាកាន់តែស្មុគស្មាញបន្ថែមទៀត ក្រសួងសូមលោកប្រធានសាលាដំបូងខេត្ដព្រះសីហនុ ពិនិត្យលទ្ធភាពបង្អង់ការ អនុវត្ដមួយអន្លើសិន រួចរាយការណ៍អំពីចំណាត់ការនៃការអនុវត្ដមកក្រសួង ដើម្បីក្រសួងមានវិធានការបន្ដ។

ការផ្ញើទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពីសំណាក់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ទទួលបានលិខិតសុំអន្តរាគមន៍ របស់លោកស្រី គង់ មាលា ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្នើឲ្យជួយអន្តរាគមន៍ចំពោះរឿងវិវាទនេះ, លោកស្រី គង់ មាលា បានរៀបរាប់ថា លោកស្រីបានខ្ចីប្រាក់លើកទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ពីធនាគារកាពីតាល់ចំនួន ៩៥០.០០០ដុល្លារ (កៅសិបប្រាំម៉ឺនដុល្លាអាមេរិក) ហើយក្រោយមក ក៏បានរៀបចំខ្ចីបន្ថែមលើកទី២ ចំនួន ៣៨០.០០០ដុល្លារ (សាមសិបប្រាំបីម៉ឺនដុល្លាអាមេរិក)ទៀត។ ផ្ទុយទៅវិញ ចំពោះចំនួនទឹកប្រាក់ ៣៨០.០០០ដុល្លារ លើកទី២នេះ គឺភាគីខាងធនាគារពុំបានទម្លាក់ជូនលោកស្រីទេ ពីព្រោះលោកស្រីមានទំនាស់ជាមួយភាគីធនាគារ ហើយស្រាប់តែក្រោយមកភាគីធនាគារ ក៏បានដាក់ពាក្យប្ដឹង ដោយទាមទារប្រាក់សរុបទាំងលើកទី១ និងទី២ ចំនួន ១.៣៣០.០០០ដុល្លារ (មួយលានសាមសិបបីម៉ឺនដុល្លារអាមេរិក) ទៅសាលាដំបូងរាជធានីភ្នំពេញតែម្ដង តាមសាលក្រមលេខ៧៧៤”ឍ”ភ.ព.រ.វ ចុះថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៥។ ចំពោះសាលក្រមនេះ លោកស្រីពុំអាចទទួលយកបាននោះទេ ហើយក៏បានប្ដឹងឧទ្ទរណ៍បន្ដទៀតផងដែរ ដោយមានការបោះត្រាចូលលេខ៣៩៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។

ស្ថិតត្រង់ចំនួនទឹកប្រាក់លើកទី២នេះ ដែលពុំបានទទួលនេះ លោកស្រី គង់ មាលា បានបញ្ជាក់ថា លោកស្រីគឺអត់បានទទួលសែកដើម្បីបើកប្រាក់ ឬទទួលជាសាច់ប្រាក់សុទ្ធនោះទេ។ ហេតុនេះបើធនាគារចោទលោកស្រីថា បានទទួលប្រាក់លើកទី២នេះមែននោះ គឺសូមឲ្យភាគីធនាគារបង្ហាញភស្ដុតាង ពីព្រោះរាល់ការដកប្រាក់ពីធនាគារ គឺសុទ្ធតែមានមូលទានប័ត្រ។

លោកស្រី បន្ដថា ម្យ៉ាងទៀតចំពោះសំណុំរឿងអនុវត្ដដោយបង្ខំលេខ២៩ ចុះថ្ងៃទី២ ខែវិច្ជិកា ឆ្នាំ២០១៥នេះទៀតសោត គឺជារឿងអយុត្ដិធម៌បំផុតមកលើលោកស្រី ពីព្រោះសំណុះរឿងនេះគឺលោកស្រី ក៏ប្ដឹងឧទ្ទរណ៍ផងដែរ ហើយសាលាឧទ្ទរណ៍ ក៏ពុំទាន់កាត់ក្ដីនៅទ្បើយទេ។ ស្រាប់តែមានការអនុវត្ដដោយលួចលាក់ ដោយបង្ខំទៅវិញ។

ចំពោះការរឹបអូសអចលនទ្រព្យនេះផងដែរ ក៏លោកស្រី ពុំបានដឹង និងចូលរួមនោះទេ។ បើហេតុនេះ ចំពោះដីកាលេខ៥៤ តរ/១៨ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ គឺជាការមិនត្រឹមត្រូវនិងអយុត្ដិធម៌បំផុតមកលើលោកស្រី ពីព្រោះតម្លៃអចលនទ្រព្យ មានតម្លៃលើសលុបដែលតុលាការសម្រេច។ ម្យ៉ាងទៀត ចំពោះការចុះទៅអនុវត្ដរបស់ព្រះរាជអាជ្ញារងនេះទៀតសោត ក៏ជាការបំពាននឹងសេចក្ដីប្រកាសរបស់ក្រសួងយុត្ដិធម៌ផងដែរ ដែលការចុះអនុវត្ដនេះ គឺប្រៀបបាននឹងការចុះប្លន់ដីរបស់លោកស្រី អីចឹង!។

លោកស្រី គង់ មាលា ក៏បានសំណូមពរទៅក្រសួងយុត្ដិធម៌ ពិសេសសម្ដេចតេជោ ហ៊ុន សែន សូមមេត្ដាជួយរកយុត្ដិធម៌ជូនលោកស្រីផងដែរ។

ខាងក្រោមនេះជាលិខិតរបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនប្រធានតុលាការខេត្តព្រះសីហនុ៖

លក់ស្នាក់ការប៉ុស្តិ៍ទឹកថ្លាចែកគ្នាខ្លះបានខ្លះអត់ ផ្ទុះបាតុភាព

 

ការប្រតិកម្ម នោះ បន្ទាប់ពីលោកស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនហិរញ្ញវត្ថុ បានយកប្រាក់ទៅប្រគល់អោយនគរបាលប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី០៦ ខែមេសាឆ្នាំ ២០១៩ និងបានណែនាំអោយនគរបាលប៉ុស្តិ៍ អីវ៉ាន់ចេញនៅថ្ងៃច័ន្ទ ទី០៨ ខែមេសា នេះ។

ទន្ទឹមនោះ នៅអធិការដ្ឋាន ខណ្ឌសែនសុខ ក៍បានធ្វើពិធីជប់លៀងយ៉ាងសប្បាយគគ្រឹកគគ្រេង ផងដែរ ដែលគេអះអាងថា បន្ទាប់ពីទទួលបានប្រាក់ខ្លះៗបានមកពីការលក់ស្នាក់ប៉ុស្តិ៍ នគរបាលរដ្ឋបាលទឹកថ្លា ក្រោមរូបភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»។

ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នោះ ត្រូវបានគេដឹងថា ក្បាលមានទំហំប្រមាណ២៥ម៉ែត្រ គុណ៣០ម៉ែត្រ ស្ថិតនៅតាមផ្លូវ ភ្នំពេញហាណូយ ខាងជើង ស្ពានអាកាសផ្សារដីហុយ ប្រមាណជាង២០០ម៉ែត្រ ។ដីនេះ ត្រូវគេដឹងថា ជាដីត្រូវប៉ាន់នៅផ្លូវធំ មានតម្លៃ ប្រមាណជិត២លាន់ ដុល្លារ ហើយត្រូវបានថ្នាក់លក់ហើយទៅទិញដីធ្វើ ស្នាក់ការប៉ុស្តិ៍ទឹកថ្លាថ្មី នៅក្រលៀតផ្លូវចូលប្រមាណជាង២ម៉ែត្រនិង ផ្លូវទល់ស្ថិតផ្ទះលេខ៣៣៨ផ្លូវលំភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ដែលទាំងដីនិងធ្វើអគារសរុបប្រមាណមិនដល់២០ម៉ឺនដុល្លារ នៅសល់ គឺចែកគ្នា ។

តាមព័ត៌មានអោយដឹងទៀតថា នៅព្រឹកថ្ងៃទី០៦ ខែមេសា ស្នងការរង នគរបាលរាជធានីភ្នំពេញម្នាក់ក៍បានចុះទៅណែនាំអោយរើចេញទៅកន្លែងថ្មី។មន្ត្រីនគរបាលដែលមានឈ្មោះនៅប៉ុស្តិ៍ចំនួន១៥នាក់ ដែលអ្នកចាស់បានចំណែក២០០០ដុល្លារ និងអ្នកថ្មីបាន១៥០០ដុល្លារ ។ដោយឡែកនគរបាល ២នាក់ ក្នុងចំណោម ១៥នាក់ ដែលអះអាងថាលោកអធិការអោយទៅធ្វើការនៅអធិការដ្ឋានពំុបានលុយកំពុងតែវ៉ាព្រោះមានឈ្មោះតែមេប៉ុស្តិ៍ថាបាត់មុខ។ក្រៅពីនោះ អតីតនគរបាល ប៉ុស្តិ៍ ទឹកថ្លា ដែលចូលនិវត្តន៍ ព្រមទាំងនគរបាល ដែលទើបតែចាក់ចេញមានប្រតិកម្មយ៉ាងខ្លាំងផង ដែរ។

តាមមន្រ្តីនគរបាលមួយរូបសូមមិនបញ្ចេញឈ្មោះ បានអោយដឹងថា ស្នាក់ការនគរបាលប៉ុស្តិ៍ទឹកថ្លា ត្រូវបានគេ រត់ការលក់តាមរយះក្រសួងមហាផ្ទៃហើយ ត្រូវគ្នា នៅក្នុងកំឡុងដើមឆ្នាំ ២០១៨ ហើយ ក៍បានរៀបចំទិញដីថ្មីនិងធ្វើស្នាក់ការថ្មី ។

តាមព័ត៌មានអោយដឹងទៀតថា កាលពីលក់ មន្រ្តីនគរបាលមួយចំនួន មិនទាន់ផ្លាស់ចេញនិងមួយចំនួន ទៀត មិនទាន់ចូលនិវត្តិន៍នោះទេ គួរ ក្រុមហ៊ុន ក៍ដូចថ្នាក់លើមើលមិនឃើញ នោះទេព្រោះពួកគាត់ បានធ្វើការ ថែរក្សានៅប៉ុស្តិ៍ ទឹកថ្លា ទាំងពីកំឡុង ឆ្នាំ ១៩៩៣មកម្លេះ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយនៅព្រឹកថ្ងៃទី០៨ខែមេសានេះថា ស្នាក់ការប៉ុស្តិ៍ថ្មី ត្រូវបានគេប្រគល់អោយនគរបាលនគរបាលប៉ុស្តិ៍ទឹកថ្លាហើយ ចំណែកការដោះស្រាយលោកពុំដឹងនោះទេ៕

ស្រវឹងខ្លាំងខឹងដេញកាប់ប្រពន្ធមិនទាន់ ស្ទុះកាប់ក្មេងស្រីម្នាក់រយះកំភួនជើង

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ បានរងរបួសរយះកំភួនជើងឆ្វេង ដោយសារតែជនវ័យចំនាស់ប្រមឹកម្នាក់ បានរត់ដេញកាប់ប្រពន្ធមិនទាន់ ហើយងាកមកកាត់ក្មេងស្រីបណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩ នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគីរី។

លោក ប៉ែន សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកជលគីរីបានឱ្យដឹងថានៅមុនពេលកើតហេតុជនបង្ករ ឈ្មោះសូត្រ សេក អាយុ៥៦ឆ្នាំ បានផឹកស្រាស្រវឹងហើយបានស្រែកឡូឡានិងដេញកាប់ប្រពន្ធ រត់ពេញភូមិ ។ប៉ុន្តែនៅពេលដេញកាប់ប្រពន្ធមិនទាន់ក៏ត្រឡប់បកក្រោយវិញស្រាប់តែឃើញជនរងគ្រោះឈ្មោះ ជ្រឿន គិមបួយ អាយុ ១៦ឆ្នាំ កំពុងអង្គុយលើជណ្តើ បានស្ទុះទៅកាប់ចំកំភួនជើងឆ្វេង បណ្ដាលឲ្យរងរបួសស្ទើរដាច់កំភួនជើងតែម្ដង។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋនិងប្រជាការពារក៏បានដេញចាប់ជនដៃដល់ប្រគល់ឲ្យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ ។ចំណែកក្មេងស្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជលគីរី ។

ជុំវិញករណីខាងលើត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ជនដៃដល់គឺផឹកស្រាស្រវឹងជេរនិងរករឿងប្រពន្ធជារៀងរាល់ថ្ងៃ៕

អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រៀមរៀបចំសុវត្ថិភាពឱកាសបុណ្យចូលឆ្នាំខ្មែរ

ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ស្តីពីការត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី មន្ទីរអង្គភាព ពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុកទាំង១០ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់ផងដែរ។

គួររំលឹកថា ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តកំពង់ចាម តែងតែរៀបចំកិច្ចប្រជុំដើម្បីលើកផែនការត្រៀមរៀបចំការងារមួយចំនួនសម្រាប់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានដូចជា ការតុបតែងលម្អទីក្រុង រៀបចំសណ្តាប់ធ្នាប់សាធារណៈតាមទីប្រជុំជន ការរៀបចំកម្មវិធីកម្សាន្តនានា ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីប្រជាពលរដ្ឋបាន ជួបជុំបងប្អូនសាច់ញាតិដោយក្តីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕

ជ្រូកពីថៃសម្រុកនាំចូលខ្លាំងខណៈជិតចូលឆ្នាំខ្មែរ និងបិទនាំចូលពីវៀតណាម

បន្ទាយមានជ័យ ៖ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតកាន់តែជិតមកដល់ហើយនោះ គេឃើញថា ឈ្មួញក៏សម្រុកនាំ ជ្រូកពីប្រទេសថៃ ចូលមកកម្ពុជារាប់ម៉ឺនក្បាលក្នុងមួយថ្ងៃៗ។ ការនាំចូលមកយ៉ាងគំហុកនេះ គឺដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរបញ្ជាជាឲ្យមន្ត្រីគ្រប់ច្រកទ្វារព្រំដែនទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសវៀតណាម ដោយខុសច្បាប់។ 

ជុំវិញនៃការនាំចូលយ៉ាងគំហុគនេះដែរ ក៏មានបងប្អូនខ្មែរយើងជាច្រើនសម្តែងការព្រួយបារម្ភ ខណៈដែលប្រទេសមួយចំនួនលើពិភពលោក និងតំបន់ផ្សេងៗ ពិសេសប្រទេសវៀតណាម កំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។

យោងតាមប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានអោយដឹងថា ជ្រូកដែលសម្រុកចូលខ្លាំងពីប្រទេសថៃ មកកម្ពុជានាពេលនេះ គឺភាគច្រើនចូលតាមច្រករបៀងមួយចំនួនរបស់ស្រុកម៉ាឡៃ និងច្រករបៀងមួយចំនួនក្នុងស្រុកអូរជ្រៅ រួមនិងបឹងត្រកួននៃស្រុកថ្មពួក ក៏ច្រើនសន្ធឹកសន្ធាប់ណាស់ដែរ។ ចំនួននៃការនាំចូលនេះ ត្រូវបានគេរាយការណ៍ថា ក្នុងមួយថ្ងៃៗមានយ៉ាងតិច ក៏២ម៉ឺនក្បាលដែរ ដែលចំនួននេះ ត្រូវបានឈ្មួញនាំយកទៅចែកចាយនៅគ្រប់បណ្តាខេត្ត ក្រុង នៃប្រទេសកម្ពុជា។

ប្រភពដដែលក៏បានលើកឡើងផងដែរថា នៅរាល់ការនាំចូលជ្រូកមកទម្លាក់រាយប៉ាយ ដើម្បីរង់ចាំរថយន្តមកដឹកបន្តទៅចែកចាយគេមិនដែលឃើញមន្ត្រីជំនាញពេទ្យសត្វមកត្រួតពិនិត្យសុខភាពជ្រូកទាំងនោះទេ មិនតែប៉ុណ្ណោះ ជ្រូកដែលងាប់ ក៏មិនត្រូវបានគេកប់ចោលដែរ គឺដឹកទៅចូលទីសត្តឃាតកាប់យកសាច់លក់ចែកចាយយ៉ាងអនាធិបតេយ្យ ដោយគ្មានការយកចិត្តទុកដាក់ពីមន្ត្រីពេទ្យសត្វនោះឡើយ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានធ្លាប់លើកឡើងថា ចំពោះផលិតផលបក្សី និងសត្វដែលឆ្លងកាត់មកលក់នៅស្រុកខ្មែរ សុទ្ធតែមានវិញ្ញាបនបត្របញ្ជាក់សុខភាព ពីស្ថាប័នជំនាញថៃ ទាំងអស់ ដូច្នេះកាលណាមានវិញ្ញាបនបត្របញ្ជាក់ គឺត្រូវបានចាត់ទុកថា ជាផលិតផល និងសត្វមានសុខភាពល្អហើយ ។

បើទោះជាមានការអះអាងយ៉ាងដូច្នេះក្តី បងប្អូនពលរដ្ឋនៅតែសម្តែងការបារម្ភ និងបានសំណូមពរផងដែរថា បើជាសិនជារាជរដ្ឋាភិបាលចេញច្បាប់អនុញ្ញាតអោយនាំចូលហើយ សូមមន្ត្រីពាក់ពន្ធ័ពិសេសមន្ត្រីជំនាញពេទ្យសត្វ មេត្តាបង្កើនការត្រួតពិនិត្យសុខភាពជ្រូកទាំងនោះឲ្យបានម៉ត់ចត់ផង កុំសម្អាងតែលើសំបុត្របញ្ជាក់សុខភាពពីរបស់អាជ្ញាធរសមត្ថកិច្ចថៃពេក ព្រោះឈ្មួញខិលខូចអាចឆ្លៀតឱកាសដាក់បន្ថែមចំនួនជ្រូកឲ្យលើសពីចំនួនក្នុងវិញ្ញាបនបត្ររាប់រយ ពាន់ក្បាលទៀតក៏អាចថាបានដែរ។ជាក់ស្តែងក្រុមហ៊ុនទាំងអស់ សព្វថ្ងៃកាន់ច្បាប់ ១.០០០ក្បាល តែដឹករហូត ៣.០០០ក្បាលឯណោះ ដូច្នេះគ្មានអ្វីដែលត្រឹមត្រូវនោះ អោយតែត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញ និងមន្ត្រីពាក់ពន្ធ័តាមដងផ្លូវ គឺគ្រប់គ្រាន់ពេកណាស់ទៅហើយ…៕ ដោយ ៖ ស.រ.

លោក លឺ ឡាយស្រេង វិលមកដល់កម្ពុជាវិញហើយទាំងអារម្មណ៍រីករាយ

ភ្នំពេញ ៖ លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៧ ខែមេសា នេះ បានវិលត្រឡប់មកទឹកដីកម្ពុជាវិញហើយ តាមជើងហោះហើរពីប្រទែសថៃ មកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក លឺ ឡាយស្រេង បានបង្ហាញទឹកមុខសប្បាយរីករាយ ដែលបានវិលមកស្រុកកំណើតវិញទាំងគ្មានក្តីបារម្ភ ដើម្បីបានចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។

សូមជម្រាបថា ការអញ្ជើញវិលមកមាតុភូមិវិញលោក លឺ ឡាយស្រេង គឺបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសកាលពីថ្ងៃទី១ ខែមេសា កន្លងទៅ ដោយបញ្ជាក់ថា អញ្ជើញលោក លឺ ឡាយស្រេង ឱ្យចូលមកក្នុងប្រទេសវិញដោយមិនមានការចាប់ខ្លួន និងមិនចាំបាច់ធ្វើលិខិតលើកលែងទោសនោះទេ ដោយសម្តេចតេជោ លើកឡើងថា លោក លឺ ឡាយស្រេង បានប្រមាថព្រះមហាក្សត្រដោយខ្លួនឯង ហើយបានចាកចេញទៅក្រៅប្រទេសដោយខ្លួនឯង។

គួររំលឹកថា បន្ទាប់ពីលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្រ្តី វ័យ៨៥ឆ្នាំ និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ចេញវីដេអូមួយនៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ ដោយស្នើសុំសម្តេចតជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកបានវិលត្រឡប់មកស្រុកកំណើតវិញ ក្រោយពីលោកចាកចេញពីប្រទេសជិត ២ឆ្នាំ ដោយឯកឯងដើម្បីគេចពីបណ្តឹងពីមេធាវីសម្តេចតេជោ ហ៊ុន សែន និងមេធាវីតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងករណីប្រមាថព្រះមហាក្សត្រ និងមាក់ងាយគណបក្សហ៊្វុនស៊ិនប៉ិច៕