ភ្នំពេញ៖ រដ្ឋាភិបាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយ នាថ្មីៗនេះ ដើម្បីផ្តល់ជំនួយសម្ភារបរិក្ខាចំនួន៣០មុខ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះបើតាមសេចក្តីប្រកាសនៅថ្ងៃនេះ។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ឱ្យដឹងថា សម្ភារទាំងនោះ នឹងក្លាយជំនួយលើកដំបូងរបស់រដ្ឋាភិបាលចិន សម្រាប់ការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីប្រទេសមហាយក្សនេះ បានប្រកាសផ្តល់ជំនួយដល់ការបោះឆ្នោតកម្ពុជាកន្លងមក ប៉ុន្តែសម្ភារៈទាំងនោះ មិនទាន់បញ្ជូនមកដល់គ.ជ.ប នៅឡើយទេ។
បើតាមសេចក្តីប្រកាសគ.ជ.ប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បានឱ្យដឹងថា សម្ភារៈបរិក្ខាដែលចិនព្រមព្រៀងផ្តល់ជូនកម្ពុជានេះ រួមមានដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនថតចម្លង កាមេរ៉ា រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាដើម ខណៈដែលការប៉ាន់ប្រមាណជាទឹកប្រាក់ មិនទាន់អាចធ្វើបាននៅឡើយទេ។
ក្រោយកិច្ចព្រមព្រៀងលើកដំបូងនេះ ភាគីចិន បានសន្យាថា នឹងបន្តផ្តល់ជំនួយដល់គ.ជ.ប បន្ថែមទៀត សម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ឱ្យប្រព្រឹត្តទៅដោយរលូន មានភាពត្រឹមត្រូវមានតម្លាភាព និងគណនេយ្យភាព។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតសំខាន់ៗចំនួនពីរនៅក្នុងឆ្នាំ២០១៨ ខាងមុននេះ ក្នុងនោះមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ដែលធ្វើឡើងនៅថ្ងៃទី២៥ខែកុម្ភៈនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា។ ការបោះឆ្នោតទាំងពីនេះ កម្ពុជាគ្រោងនឹងចំណាយប្រមាណជាង៥០លានដុល្លារ គណៈដែលទឹកប្រាក់នេះ ត្រូវបានកម្ពុជា ត្រៀមនិងអនុម័តរួចរាល់ហើយដែរ៕
ភ្នំពេញ៖ ខ្លឹមសារស្នើសុំវិសោធនកម្មលក្ខន្ថិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាក្នុងពេលមហាសន្និបាតអាណតិ្តទី៤ ឃើញថាពុំមានការជំទាស់ឡើយដោយមានការឯកភាពគ្នាទៅលើប្រការនិមួយៗ និងស្នើសុំកែសម្រួលខ្លះ។ នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅក្នុងឱកាសបើកមហាសន្និបាតសមាគមមិត្តនគរបាលជាតិអាណតិ្តទី៤ ដែលបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បត៍១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់បន្ថែមថា ដោយបច្ចុប្បន្នប្រទេសយើងមានការរីកចម្រើនហើយប្រាក់បៀវត្សរបស់កងកម្លាំងយើងក៏បានឡើងខ្ពស់ ដែលពីមិនមុនប្រាក់ខែយើងបានតែ៤០ម៉ឺនរៀលហើយយើងចូលសមាគមតែ៤ពាន់រៀល ក្រោយមកយើងបង់ចូលសមាគម៣.៥០០រៀល ក្នុងមហាសន្និបាតអាណតិ្តទី៣ ហើយឥឡូវនេះយើងបានឯកភាពគ្នាកាត់ចូលសមាគម៥០០០រៀលក្នុងអាណតិ្តទី៤នេះ ដើម្បីតម្រូវការខ្ពស់ដល់មន្ត្រីនគរបាលជាតិយើងទាំងមូល។
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រការ២០ ជំពូកទី៥ ចែងថាសមាគមត្រូវបានដឹកនាំដោយគណៈកម្មាធិការកណ្តាលដែលមានសមាសភាព២១រូប។ ស្នើសុំកែសម្រួល ចែងថា៖ សមាគមិត្តនគរបាលេជាតិកម្ពុជាត្រូវបានដឹកនាំដោយគណៈកម្មាធិការកណ្តាលដែលមានសមាសភាព៣២រូប។
ត្រង់ប្រការ៩ នៃជំពូកទី២ ចំណុចត្រេទី៦ ចែងថា៖ បង់វិភាគទានប្រចាំខែចំនួន៣.៥០០រៀល បានស្នើសុំកែសម្រួលចែងថា៖ បង់វិភាគទានប្រចាំខែចំនួន៥.០០០រៀល ក្នុងមូលហេតុដែលស្នើសុំកែសម្រួលនេះក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូល និងមានលទ្ធភាពក្នុងការបង្កើនប្រាក់ឧបត្ថម្ភឲ្យបានសមស្រប ។ ក្នុងនោះការចំណាយឧបត្ថម្ភត្រូវបានកំណត់ដូចខាងក្រោម៖ ឧបត្ថម្ភសមាជិកសមាគម និងភរិយាស្វាមីស្របច្បាប់របស់សមាគមដែលពលី ឬទទួលមរណភាព ឧបត្ថម្ភសមាជិកសមាគមដែលដាក់ឲ្យចូលបាត់បង់សមត្ថភាពការងារ ឧបត្ថម្ភសមាជិកសមាគមដែលត្រូវបានទទួលស្គាល់ជានគរបាលពិការហើយត្រូវបានផ្ទេចេញពីក្របខ័ណ្ឌរបស់មន្ត្រីនគរបាលជាតិ ចំណាយសម្រាប់ឧបត្ថម្ភប្រធានសកិ្ត និងចំណាយសម្រាប់ធ្វើឲ្យសមាគមរីកចម្រើន។ ក្នុងនោះស្នើសុំកែសម្រួលបន្ថែមមួយត្រេ ចែងថា៖ ឧបត្ថម្ភចំពោះសមាជិកដែលរងគ្រោះថ្នាក់ពេលប្រតិបតិ្តការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះប្រាក់ឧបត្ថម្ភសម្រាប់ពលី ឬមរណទទួលបាន៤លានរៀលនោះ ក៏ត្រូវបានស្នើសុំកែសម្រួលមក៦លានរៀលវិញផងដែរ។
ជាមួយគ្នានេះផងដែរ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានថ្លែងសុន្ទរកថាបើកមហាសន្និបាតសមាគមមិត្តនគរបាលជាតិ អាណតិ្តទី៤នេះថា ថ្ងៃនេះជាទិវាដ៏មហានក្ខតឬក្សដែលសមាគមមិត្តនគរបាលជាតិកម្ពុជាយើងបានប្រារព្ឋពិធីបើកមហាសន្និបាតអាណត្តិទី៤ ស្របពេលដែលយើងទាំងអស់គ្នា កំពុងសស្រាក់សស្រាំក្នុងការអនុវត្តកម្មពិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលអាណតិ្តទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បន្តថាក្នុងនាមអគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា សូមផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រចំពោះនាយនគរបាល នាយនគរបាលរង និងមន្ត្រីនគរបាលនៅគ្រប់នាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីខេត្ត។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានសម្តែងនូវការកោតសសើរដោយស្មោះ និងកក់ក្តៅបំផុតចំពោះកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលបានខិតខំបំពេញភារកិច្ចក្នុងបុព្វហេតុសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានបញ្ជាក់ឲ្យដឹងដែរថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានដំណើរការអស់រយៈពេល៣អាណតិ្តមកហើយ នៅក្នុងអាណតិ្តទី៣នេះសមាគមទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការមូលដ្ឋាននៅតាមនាយកដ្ឋាន អង្គភាព និងស្នងការនគរបាលរាជធានីខេត្តបានខឹតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំធ្វើឲ្យមន្ត្រីនគរបាលជាតិយើងទាំងអស់មានជំនឿជឿជាក់លើសមាគមនគរបាលជាតិ និងបានយល់ពីសារៈសំខាន់របស់សមាគមនិងឃើញច្បាស់ថាសកម្មភាពរបស់សមាគមគឺពិតជាបានជួយពង្រឹងនូវចំណងសាមគ្គីភាព មិត្តភាព និងបានជួយសម្រួលការលំបាកខ្វះខាតបានទាន់ពេលវេលា៕
ភ្នំពេញ៖ កាលពីវេលាម៉ោង១៤និង១០នាទីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧នេះមានករណីឆ្លងចរន្តអគ្គិសនីប្រអប់ជណ្តើរជាន់ជាន់ទី១៦បង្កអោយមានការភ្ញាក់ផ្អើលបុគ្គលិកពេញសណ្ឋាគារ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមក និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តគមន៍ ហេតុការណ៍នេះបានកើតនៅសណ្ឋាគារ ខុនដូរ Lumiere ដែលស្ថិតនៅតាមបណ្តាយផ្លូវ២២៨កែងនិងផ្លូវ៥៥ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុគ្គលិកនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជណ្តើរយន្តប្រអប់ខាងលើ មិនមានមនុស្សជិះនៅក្នុងទេ ស្រាប់តែភ្លាមនោះមានផ្សែងហុយចេញពីចេញពីកាប៊ីប្រអប់ភ្លើងបញ្ជាជណ្តើរយន្តនោះ ហើយបុគ្គលិកនៅក្នុងខុនដូរនោះបានទៅបំពងពន្លត់អគ្គិភ័យបាញ់ អស់៣បំពងទើបរលត់។ ប៉ុន្តែក្រោយពីទទួលបានរាយការណ៍នោះគឺមានអជ្ញាធរមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏មានរថយន្តបាញ់ទឹកជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុដែរ តែមិនាបនបាញ់ទេ។
ក្រោយពេលហេតុនេះបានស្ងប់ស្ងាត់ទៅវិញ និងបានត្រួតពិនិត្យសព្វគ្រប់ទើបរថយន្តពន្លត់អគ្គិភ័យនិងសមត្ថកិច្ចត្រលប់គោលដៅវិញ៕



សៀមរាប ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បាន បើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែធ្នូ ឆ្នាំ២០១៧។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក សុខ លក្ខិណា ប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ចូលរួមជាកិត្តិយស។
លោក សុខ លក្ខិណា បានបញ្ជាក់ពីគោលបំណងនៃការបើកសវនកម្មផ្ទៃក្នុងថា ដើម្បីត្រួតពិនិត្យឡើងវិញនូវអ្វីជាភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចល្អប្រសើរនៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នអន្តរជាតិចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិអប្សរានាដើមឆ្នាំ២០១៨ខាងមុខនេះ។
លោកក៏បានបញ្ជាក់ដែរ នេះជាឆ្នាំទី១៤ហើយដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរបានចាប់ដៃគូជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) អនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរឱ្យតាមស្តង់ដារអន្តរជាតិ ហើយក៏ជាឆ្នាំទី១នៃការអនុវត្តស្តង់ដារថ្មី គឺISO14001-2015។ បច្ចុប្បន្នចំពោះការធ្វើសវនកម្មកាន់តែប្រកបដោយភាពល្អប្រសើរ ព្រោះចំនួនសវនករ មានចំណេះ ជំនាញ និងសមត្ថភាពកាន់តែច្រើន ហើយសង្ឃឹមនឹងទទួលបានវិញ្ញាបនបត្រជាថ្មីម្តងទៀត។ រយៈពេល១៤ឆ្នាំមកនេះ ស្ថាប័នអាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនបត្រចំនួន៤ដងរួចមកហើយ មានឆ្នាំ២០០៤ ឆ្នាំ២០០៦ ឆ្នាំ២០០៩ ឆ្នាំ២០១២ និងឆ្នាំ២០១៥។
លោកបណ្ឌិត ស៊ុ ម៉ាប់ បានរំឭកពីគុណបំណាច់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានគាំទ្រនិងជំរុញការបណ្តុះបណ្តាលធនធានមនុស្សដើម្បីភាពល្អប្រសើរទាំងក្នុងស្ថាប័ននិងរមណីយដ្ឋានអង្គរ។ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងសវនករទាំងអស់ដែលបានជួយជំរុញការធ្វើសវនកម្មកន្លងមកបានទទួលជោគជ័យនិងកិត្តិយសសម្រាប់ស្ថាប័នជាបន្តបន្ទាប់។ យើងត្រូវដឹងថា ប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណី សាសនា ស្ថាបត្យកម្ម វិស្វកម្ម រួមបញ្ចូលទាំងបរិស្ថានជុំវិញបេតិកភណ្ឌផង ទើបធ្វើឱ្យអង្គរទទួលបានតម្លៃនិងជាប់ជាគោលដៅទេសចរណ៍លេខ១ដល់ទៅ៣ឆ្នាំជាប់គ្នា ហើយលទ្ធផលនេះ ក៏បានពីការយកចិត្តទុកដាក់និងមានការធានាគុណភាពបរិស្ថានតាមស្តង់ដារអន្តរជាតិដែលតែងទទួលជោគជ័យពីការធ្វើសវកម្មកន្លងមក៕



ភ្នំពេញ ៖ ប្រធានសមាគមសភាពាណិជ្ជកម្ម អ៊ីណូយ៉ាម៉ាក់ នៃប្រទេសជប៉ុន លោក ហីប៊ីណុរីអូតារ៉ូ បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនការជ្រើសរើសបណ្ដុះបណ្ដាលនិងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងបម្រើការងារនៅទីក្រុងអ៊ីណូយ៉ាម៉ាក់ ឲ្យបានកាន់តែច្រើន ពីព្រោះទីនោះជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍ ពិសេសសម្បូរការងារធ្វើ ថែមទាំងសម្បូរសាកលវិទ្យាល័យធំៗជាច្រើនទៀតផង។
ការជំរុញនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នាថ្ងៃចន្ទ ៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ នៅទីស្ដីការក្រសួងការងារ។
គ្រានោះ រដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងទំលូទំលាយ និងរឹងមាំ ដែលមិនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេ សូម្បីថ្នាក់ខេត្ត និងរវាងប្រជាជន និងប្រជាជនក៏កាន់តែពង្រីកថែមទៀតដែរ។ដោយសារទំនាក់ទំនងយ៉ាងជិតស្និទនេះហើយ ទើបសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ មានបំណងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងធ្វើកម្មសិក្សានៅប្រទេសជប៉ុន ឲ្យបានច្រើនថែមទៀត ពិសេសក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះតែម្ដង។
លោករដ្ឋមន្ត្រីបានបន្តថា សមាគមសភាពាណិជ្ជកម្មខេត្តអ៊ីណូយ៉ាម៉ាក់នេះ មានសមាជិកជាង១,០០០ក្រុមហ៊ុន។ ចំណែកនៅក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះទៀតសោត មានសាកលវិទ្យាល័យល្បីៗធំៗច្រើនផងដែរ ដែលទទួលបណ្ដុះបណ្ដាលនិស្សិតទៅលើគ្រប់ជំនាញ ចាប់ពីកម្រិតឧត្តមសិក្សាឡើង។ ពួកគេអាចសិក្សាបណ្ដើរ ធ្វើការរកប្រាក់ចំណូលបណ្ដើរ ក្នុងមួយថ្ងៃអាចធ្វើការបានរហូតដល់២៨ម៉ោង ហើយក្នុងមួយខែៗ ពួកគេអាចរកប្រាក់ចំណូលបានចាប់ពីជាង១ពាន់ដុល្លារឡើងទៅ។
លោកបញ្ជាក់ថា នេះជាឱកាសដ៏ប្រសើរសម្រាប់យុវជនកម្ពុជា ដែលមានបំណងចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុន ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែមុននឹងទៅធ្វើការនៅប្រទេសជប៉ុន ចាំបាច់ត្រូវចេះភាសាជប៉ុនក្នុងកម្រិតណាមួយជាមុនសិន ដែលអាចសិក្សាបាននៅកម្ពុជា និងមានការប្រឡងធ្វើតេស្តជាមុន។
ដំណឹងនេះ ក៏ជាការផ្ដល់ឱកាសដល់ទីភ្នាក់ងារនានា ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីនៅខេត្តអ៊ីណូយ៉ាម៉ាក់ពីកម្ពុជា។ ចំពោះចំនួនកំណត់កម្មសិក្សាការីកម្ពុជាទៅប្រទេសជប៉ុនយ៉ាងណានោះមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលគឺធ្វើទៅតាមស្ថានភាពជាក់ស្ដែង៕
ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ បានប្រកាសសុពលភាព ឯកឧត្តមយិន ប៊ុនណា ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមជំនួសឯកឧត្តមអ៊ឹម សិទ្ធី ដែលទទួល មរណភាព ព្រមទាំងបានបោះឆ្នោតជូនឯកឧត្តមលី ឆេង ជាសមាជិកគណៈកម្ម ការនីតិកម្ម និងយុត្តិ ធម៌នៃរដ្ឋសភាផងដែរ។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិ កាលទី៥នេះ ថា យោងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃនេះរដ្ឋសភាបានសម្រេចប្រកាសសុពលភាពឯកឧត្តមយិន ប៊ុនណា ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមជំនួសឯកឧត្តមអ៊ឹម សិទ្ធី ដែលទទួលមរណភាព ដែលឯកឧត្តមយិន ប៊ុនណា នឹងត្រូវចូលធ្វើការសច្ចាប្រណិធាន នៅក្នុងព្រះបរ មរាជវាំងនាពេលខាងមុខ ដើម្បីកាន់ការក្នុងមុខតំណែងជាអ្នកតំណាងរាស្ត្រ។
ដោយឡែកនៅព្រឹកនេះដែរ អ្នកតំណាងរាស្ត្រចូលរួមចំនួន១១១រូប បានបោះឆ្នោតជាឯកច្ឆ័នជូន ឯកឧត្តមលី ឆេង អោយក្លាយជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដែលទាំង ឯកឧត្តម យិន ប៊ុនណា និងឯកឧត្តមលី ឆេង មកពីកូតាគណបក្សប្រជាជនកម្ពុជា៕
អង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារ ទី២៦ ធ្នូ នេះ បានសម្រេចច្រានចោលភ្លាមៗ បន្ទាប់ពីបើកសវនាការជំនុំជម្រះអសាធារណៈមួយ ពាក់ព័ន្ធនឹងបណ្តឹង សុំនៅក្រៅឃុំរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២ រូប។
លោក កែវ វ៉ានី មេធាវីការពារសិទ្ធិឲ្យលោក អួន ឈិន និងលោក យាង សុជាមេត្តា បានប្រាប់ឱ្យដឹងថា ក្នុងរឿងក្តីនេះ ក្រោយពីសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បើកសវនា ការមក លោកចៅក្រម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា សំណុំរឿងសុំនៅក្រៅឃុំបណ្តោះអាសន្ននេះ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍មិនអនុញ្ញាតឲ្យកូនក្តីលោក បាននៅក្រៅឃុំតាមការស្នើសុំនោះទេ ដោយលោកអះអាងថា មូលហេតុដោយសារសំណុំរឿងកំពុងដំណើរការស៊ើបអង្កេតនៅឡើយ។
គួររំឭកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានកម្លាំងនគរបាលការិយា ល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាន រាជធានីភ្នំពេញចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារ ខណៈពេលកំពុងរៀបចំបន្ទប់ស្ទូឌីយោមួយនៅក្នុងផ្ទះសំណាក់ម៉ារឌីជាន់ទី ៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីព្រលប់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រោមការសង្ស័យផ្តល់ព័ត៌មានពីកម្ពុជាទៅវិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដោយគ្មានច្បាប់អនុញ្ញាត និងបានបញ្ជូនខ្លួនភ្លាមៗទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថា លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា កំពុងប្រឈមនឹងការចោទ ប្រកាន់ពីបទ «ផ្តល់ព័ត៌មានដល់បរទេសដែលអាចធ្វើឲ្យមហន្តរាយការការពារជាតិ» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងករណីដែលតុលាការរកឃើញថា ពួកគេទាំងពីរនាក់មានកំហុសដូចទៅនឹងបទចោទខាងលើ ជនសង្ស័យនឹងត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ៕ 

ខេត្តកែប ៖ ដីអតីតៈព្រលានយន្តហោះវាលវង់នៅខាងក្រោយសាលាស្រុកដំណាក់ចង្អើរ ត្រូវបានគេបោះបង្គោល និងពទ្ធ័ខ្សែលួស យកធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។
លោក កែន សត្ថា អភិបាលខេត្តកែប បានខឹងសម្បារ និងមន្ត្រីសាលាស្រុកដំណាក់ចង្អើ និងប្រធានការិយាល័យសូរិយោដីស្រុក ដែលធ្វើអោយបាត់បង់ដីព្រលានយន្តហោះវាស់វែងម្ដងណាក៏ឃើញបាត់ដែរ ធ្វើអោយចំនួនដីក្នុងព្រលានស្រពេចស្រពិល។
គួរបញ្ជាក់ថា នៅខែវិច្ចិកា និងខែធ្នូ នេះ ដីនៅទីនោះត្រូវបានគេទៅបោះបង្គោលយកបន្តទៀត។លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើ បាននិយាយប្រាប់អោយដឹងថា ដីគេបោះបង្គោលនៅព្រលាយន្តហោះនោះជាដីគេមានប្លង់ព្រោះដីគេអាស្រ័យផលទៅហើយ។មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅបន្ទាយជាប់សាលាស្រុកដំណាក់ចង្អើបាននិយាយកាលពព្រឹកថ្ងៃទី25ធ្នូ នេះថា ថ្មីៗនេះមានគេទៅបោះបង្គោលយកដីព្រលានយន្តហោះបន្តទៀតដដែល។ មន្ត្រីអាវុធហត្ថរូបនោះនិយាយថា ខាងអាវុធហត្ថមិនដឹងធ្វើម៉េចទេបើខាងស្រុកហៅទៅអន្តរាគមន៍ចេះតែទៅៗ តែបើស្រុកនៅស្ងៀមទៅហើយ យើងធ្វើអីចេញ។មន្ត្រីអាវុធហត្ថនិយាយថា បើយកល្អកុំអោយមានគេនិយាយអាក្រក់ គួរតែដកបង្គោលបោះថ្មីនោះចេញទាំងអស់ ទើបបញ្ចប់រឿងអាស្រូវ កុំឱ្យប៉ះពាល់ដល់អ្នកផ្សេង ព្រោះដីព្រលានដែលគេបោះបង្គោលនេះឆ្នាំ2017 គ្មានអ្នកណាដាំដុះអី ឫបោះបង្គោលអ្វីទេ ទើបតែឥឡូវ ស្រាប់តែមានគេផ្អើលនាំគ្នាទៅបោះយកដីរបស់រដ្ឋហើយបើម្នាក់បោះយកដីបាន អ្នកផ្សេងទៀតក៍គេទៅបោះបានដូចតែគ្នា៕

ភ្នំពេញ ៖ ព្យុះ Tembin នឹងធ្វើដំណើរដល់ឆ្នេរប្រទេសវៀតណាម នាល្ងាចថ្ងៃទី២៥ ខែធ្នូនេះ រួចបន្តដំណើរមកកាន់តំបន់ដីសណ្ដរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ នេះបើតាមកាឩ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមនៅព្រឹកថ្ងៃទី២៥ នេះ។
ក្រសួងឧតុនិយម ក៏បានអំពាវនាវផងដែរឲ្យអ្នកធ្វើដំណើរតាមសមុទ្រ ឬអ្នកនេសាទ គួរផ្អាកសកម្មភាពចាប់ពីល្ងាចថ្ងៃទី២៥ ខែធ្នូនេះ រហូតដល់ស្ថានភាពអាកាសធាតុបានល្អប្រសើរវិញ។
ព្យុះ Tembin នេះ នឹងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឲ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយភ្លៀងខ្លាំងនៅផ្ទៃសមុទ្រ និងតំបន់ឆ្នេរ។ ព្យុះនេះក៏នឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជាផងដែរ។
បើតាមក្រសួងធនធានទឹក បានបង្ហាញថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) បានវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១។ យោងតាមការណ៍ព្យាករណ៍ បានបង្ហាញថា ព្យុះតឹមប៊ិន នឹងធ្វើដំណើរមកដល់ឆ្នេរប្រទេសវៀតមាននៅល្ងាចថ្ងៃទី២៥ខែធ្នូ រួចមកបន្តដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ ព្យុះតឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ៕
កំពត ៖ ប្រជាកសិករនៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច នៅតែប្រើឧបករណ៍ប្រមូល ផលស្រូវតាមបែបបូរាណ តាំងពីដូនតារហូតមកទាល់សព្វថ្ងៃ ប៉ុន្តែ គិតមកដល់ខែធ្នូ នេះ ពួកគាត់ បានច្រូតកាត់ និងរៀបចំទុកដាក់ផលស្រូវបានរួចរាល់អស់ហើយ។
បងប្រុស ទូច ភ្លូច អាយុ51ឆ្នាំ នៅភូមិអូច្រនៀង ឃុំកំពង់ត្រាចខាងលិច បានប្រាប់អោយ ដឹងថា ទោះបីជាមានម៉ាសុីនច្រូតស្រូវបែបសម័យទំនើប យ៉ាងណាក៍ដោយ ក៏ ប្រជាពលរដ្ឋនៅ ឃ៉ំកំពង់ត្រាច នៅតែប្រើប្រាស់ឧប្បករណ៍ដែលចាស់ៗបែប បូរាណ គឺនៅតែប្រើពាក្យថា បោកស្រូវ ដាក់ក្នុងលុង។ បងប្រុស ទូច ភ្លូច បានប្រាប់បន្តថា ប្រជាពលរដ្ឋនៅឃ៉ំកំពង់ត្រាច គ្រប់ផ្ទះនៅតែ ប្រើប្រាស់បោកស្រូវដាក់លុង រហូតតាំងពីយូរយារណាស់មកហើយ។
បងប្រុស ទូច ភ្លូច និយាយថា ការច្រូតស្រូវមិនបាច់ចង់ធ្វើកណ្ដាប់ដូចស្រុកទេស គេទេអ្នក ច្រូតគ្រាន់តែច្រូតបានហើយរាយចោលក្នុងស្រែហើយអ្នកប្រមូលយកមកបោកចេះតែប្រមូលបន្ត ហើយរំកិលលុងនោះតាមកន្លែងមានស្រូវដែលច្រូតហើយ។
បងស្រី ប៊ុយ សាមីន អាយុ45ឆ្នាំ នៅភូមិអូច្រនៀង បានប្រាប់អោយដឹងថា ប្រជាកសិក រនៅ ក្នុងឃ៉ំកំពង់ត្រាច នៅតែបន្តប្រើយកលុងសម្រាប់បោកស្រូវនេះតាំងពីដូនតាមកម្ល៉េះ។បងស្រី ប៊ុយ សាមីន និយាយប្រាប់បន្តថាបើច្រូតម៉ាស៊ីនចំបើង គោមិនស៊ីទេ ព្រោះធំក្លិនប្រេងម៉ាស៊ីន។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពត បានប្រាប់អោយ ដឹងថា ការប្រមូលផលស្រូវរបស់ប្រជាកសិកនៅខេត្តកំពត នៅខែធ្នូនេះ បានប្រមូលផល និងរៀបចំ ទុកដាក់រួចរាល់អស់ហើយ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍