សៀមរាប ៖ ពលរដ្ឋខ្មែរមកពីគ្រប់ទិសទី និងអ្នកទេសចរអន្តរជាតិ ប្រមាណជាង30ម៉ឺននាក់ បានមកចូលរួមក្នុងរាត្រីឆ្លងឆ្នាំសកល នារាត្រី ថ្ងៃទី៣១ ឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ ក្នុងក្រុងសៀមរាប។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឲ្យដឹងថាចំនួនភ្ញៀវសរុបដែលចូលមកកំសាន្តក្នុងយប់ឆ្លងឆ្នាំសកលមានចំនួនជាង33មឺុននាក់ ដែលចំនួននេះមានការកើនឡើងជិត80ភាគរយ បើធៀបនឹងឆ្នាំ2016ដែលមានចំនួនភ្ញៀវជា19ម៉ឺននាក់ ។ របាយការណ៍បង្ហាញថា ភ្ញៀវជាជនជាតិខ្មែរមានការកើនឡើងរហូតដល់76.46ភាគរយ បើធៀបនឹងឆ្នាំ2016។
អភិបាលខេត្តសៀមរាប ឯកឧត្តមឃឹម ប៊ុន សុង បានថ្លែងថា ក្នុងឱកាសនៃរាត្រីថ្ងៃឆ្លងឆ្នាំថ្មី២០១៨នេះ បានបង្ហាញអោយឃើញថា សៀមរាប ជាសក្កានុពលវិស័យទេសចរណ៍ធំបំផុត បន្ទាប់ពីទីក្រុងភ្នំពេញ នឹងធ្វើអោយកំណើនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងជាងឆ្នាំមុន។ឯកឧត្តមបានបន្ដថា ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធានានូវសុវត្ថិភាពជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះផងដែរ។ វត្តមានរបស់ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរឆ្លងទ្វីប ដើម្បីប្រារព្វពិធីឆ្លងឆ្នាំនៅលើដែនដីប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនធម្មតានោះទេ សម្រាប់ការវាស់ជម្រៅ មនោសញ្ចេតនាដែលប្រកបទៅដោយការស្រឡាញ់រាប់អានចំពោះ វប្បធម៌ខ្មែរនោះ។ ជាមួយនឹងការផ្តល់នូវតម្លៃជាមោទនភាពដ៏ខ្ពង់ខ្ពស់នេះ ទោះបីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយបុណ្យឆ្លងឆ្នាំសាកលនេះ ជាប្រពៃណីបែប បស្ចឹមប្រទេស និងជាប្រពៃណីរបស់គ្រីស្គបរិស័ទយ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកកាន់ព្រះពុទ្វ សាសនា ឬក៏ដូចអ្នកកាន់សាសនាគ្រីស្គ ត្រូវបានចូលរួមអបអរសាទរ សប្បាយរីករាយចូលឆ្នាំថ្មីទាំងអស់គ្នាដែរ។ ប្រការដ៏ជាក់ច្បាស់ខាងលើ គឺជាកត្តាបង្ហាញថា ពីសុខសន្តិភាពនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កើតឡើងនូវបរិយាកាសសង្គមមួយ ដែលជាជោគជ័យនៃការរើបម្រះរបស់មនុស្សជាតិ ចាកចេញពីការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ នៃពិភពលោក ហើយក៏ជាការកត់សម្គាល់កាន់ តែប្រសើរថែមទៀតនោះ គឺការបង្ហាញ ពិភពលោកឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និងសាសនា ព្រមទាំងជាពិភពដ៏សុខក្សេម ក្សាន្តនៃមនុស្សជាតិ ហើយក៏ជាការបង្ហាញពីសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមដំបូលសន្តិភាព៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញរបាយ ការណ៍នាពេលថ្មីៗនេះថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្តឹងជាច្រើន តែក្នុងនោះ មានពាក្យបណ្តឹងខ្លះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ពាក់ព័ន្ធនឹងការឆបោករបស់ជនល្មើសតាមរយៈការភូតភរឱ្យប្រជាពលរដ្ឋវេលុយជាមួយនឹងភ្នាក់ងារវេរលុយមួយចំនួន ដែលគិតជាទឹក ប្រាក់រាប់ម៉ឺនដុល្លារ។
យោងរបាយការណ៍ដដែលបានបញ្ជាក់ថា “ភ្នាក់ងារវេប្រាក់ដែលជនល្មើសប្រើជាមធ្យោបាយប្រព្រឹត្តបទល្មើសរួមមានៈ វីង អ៊ីម៉ាន់នី ទ្រូម៉ាន់នី លីហួរ វេលុយ អាស៊ីវេលុយ និងមីក្រូហិរញ្ញវត្ថុ អេអឹមខេ” ហើយជនល្មើសបានឆបោកប្រជាពលរដ្ឋតាមគ្រប់រូបភាពដូចជា ដើរតួជាមន្ត្រីគយ ការត្រូវរង្វាន់ឆ្នោត យកគណនីហ្វេសប៊ុកទៅខ្ចីលុយគេ (លួចគណនីហ្វេសប៊ុក) …។ល។
ក្នុងរបាយការណ៍របស់សមត្ថកិច្ច ក៏បានលើកឡើងពីភាពស្មុគស្មាញក្នុងការស៊ើបអង្កេតដោយសារលេខទូរស័ព្ទរបស់ជនល្មើសដែលប្រើប្រាស់ធ្វើសកម្មភាពឆបោក គ្មានភាពត្រឹមត្រូវ សម្រាប់សម្គាល់អត្តសញ្ញាណ ម្យ៉ាងវិញទៀត នៅតាមបញ្ជរវេលុយភាគច្រើន បានអនុញ្ញាតឲ្យអ្នកដកលុយពាក់មួក ពាក់ម៉ាស់ ដែលមិនអាចឱ្យកាមេរ៉ាសុវត្ថិភាព ថតចាប់យករូបភាពជនល្មើសបាន ច្បាស់ ដើម្បីងាយស្រួលសម្រាប់ឱ្យសមត្ថកិច្ចបន្តស៊ើបអង្កេត ឬតាមចាប់ខ្លួនជនល្មើសក្នុងករណី មានបទល្មើសកើតឡើងនោះទេ។
សូមជម្រាបថា ក្រុមហ៊ុនបម្រើសេវាកម្មផ្ទេរ និងទូទាត់ប្រាក់ ដែលកំពុងតែដំណើរការនៅកម្ពុជា មានចំនួន១០ រួមមាន៖ ក្រុមហ៊ុន វីង ,ក្រុមហ៊ុន ទ្រូ ម៉ាន់នី, ក្រុមហ៊ុន លី ហួរ ,ក្រុមហ៊ុនស្មាត, ក្រុមហ៊ុន អ៊ី ម៉ាន់នី , មីក្រូហិរញ្ញវត្ថុ អេអឹមខេ , មីក្រូហិរញ្ញវត្ថុ អាស៊ីវេរលុយ , មីក្រូហិរញ្ញវត្ថុ ប្រាសាក់ , ក្រុមហ៊ុនស្ពីតផេរ និងក្រុមហ៊ុន ដារ៉ាផេរ ៕ 


ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាកម្ពុជា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ មានការិយាល័យបោះឆ្នោតចំនួន ៣៣ នៅក្នុង ២៥រាជធានី-ខេត្ត និងមានអង្គបោះឆ្នោត (អ្នកបោះឆ្នោត) សរុបចំនួន ១១,៦៩៥នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរបចំការបោះឆ្នោត គ.ជ.ប ដែលបាន បិទផ្សាយនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ ។
សេចក្ដីប្រកាសព័ត៌មាន ដដែលបានឲ្យដឹងថា គ.ជ.ប បានបញ្ជូនបញ្ជីបោះឆ្នោតដំបូងសម្រាប់ ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទៅកាន់គណៈកម្មការ រាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រួចរាល់អស់ហើយ។
គ ជ ប ក៏បានបញ្ជាក់ដែរថា បញ្ជីបោះឆ្នោតដំបូងត្រូវបានបិទផ្សាយជាសាធារណៈរយៈពេល ១០ថ្ងៃ។ ក្នុងរយៈពេលកំណត់នេះ ជនណាក៏ដោយ មានសិទ្ធិប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះដែរ។
គ.ជ.ប បានអំពាវនាវ ដល់អង្គបោះឆ្នោត ឬមន្ត្រីក្នុងមុខតំណែងទាំងអស់ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូងនេះ នៅតាមការិយាល័យបោះឆ្នោត ឬ អាចចូលមើលទិន្នន័យ ក្នុងគេហទំព័រ www.voterist.org.kh។
សូមបញ្ជាក់ថា អង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រ ក្នុងតំណែងដែល នៅទូទាំងកម្ពុជាមាន ក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ១១,៥៧២នាក់ និងតំណាងរាស្ត្រ មានចំនួន ១២៣នាក់ ដែលនឹងត្រូវចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ ២០១៨ នេះ៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងអត្រាកំណើន១២% នៃប្រាក់បៀវត្សមូលដ្ឋានលើកទី១ នៅចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ និងដំឡើងដំណាក់កាលទី២ នៅខែមេសាមុនចូលឆ្នាំប្រពៃណី ខ្មែរ។
សេចក្តីសម្រេចឲ្យមានការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនេះ ត្រូវបានធ្វើឡើង ២ដង ក្នុង១ឆ្នាំ ដោយរាជរដ្ឋាភិបាលបានអះអាងថា ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រី រាជ ការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដូចជា យោធា នគរបាល និងអាវុធ ហត្ថ ឲ្យកាន់តែមានជីវភាពធូរធា ឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។
យោងតាមតារាងប្រាក់បៀវត្ស ដែលចេញដោយក្រសួងមុខងារសាធារណៈ បានបង្ហាញថា នៅចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ កម្លាំងប្រដាប់ អាវុធ រួមមាន ៖
១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ ២០១៨) ចំនួន៨៥៣.៥០០រៀល ត្រូវកើនដល់៩១៤.៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨ ។
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន ៩៥៣,៥០០រៀល ត្រូវកើនដល់ ១.០១៤.៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨។
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន ៩៥៣,៥០០រៀល ត្រូវកើនដល់ ១.០១៤.៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨។
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន ៩៣៧.៩៧៨រៀល ត្រូវកើនដល់ ៩៩៨.៩២៨រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨។
៥៖ ប្រាក់បៀវត្ស កងទ័ព ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន ៨៨០.៩៧៨រៀល ត្រូវកើនដល់ ៩៣៥.០២៨រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨។
ចំពោះការដំឡើងប្រាក់ប្រៀវត្សជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លើកទី២ ចាប់ពីខែ មេសា មុនចូលឆ្នាំខ្មែរ តទៅ រួមមាន ៖
១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១.០១៤.៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨។
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨។
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១.១១៤.៤៥០រៀល ចាប់ ពីខែមេសា ឆ្នាំ២០១៨ ។
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១.០៩៨.៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨។
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១.០៣៥.០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨។
ដោយឡែកបៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន អះអាង ជា ញឹក ញាប់នៅចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា នៅឆ្នាំ២០១៨ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងមានប្រាក់បៀវត្សទាបបំផុត១លានរៀន៕
ភ្នំពេញ ៖ អនុក្រឹត្យលេខ ១៦៨អនក្រ បកចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទីក ត្រូវបានក្រសួងបរិស្ថាន ជូនដំណឹង កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៧ អំពីការអនុវត្តអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទីកស្តើងមានដៃយួរនេះ ដើម្បីឲ្យក្រុមហ៊ុននាំចូល និងក្រុមហ៊ុន ផលិតថង់ ប្លាស្ទីក និងអាជីវករ អ្នកប្រើប្រាស់ថង់ប្លាស្ទីកស្តើង មានដៃយូរ ក្នុងការវេចខ្ចប់ឥវ៉ាន់ត្រូវគោរព តាម លក្ខខណ្ឌ ក្នុងអនុក្រឹត្យនោះ រួមមាន៖
ថង់ប្លាស្ទីកស្តើងមានដៃយួរ អាចឲ្យនាំចូលប្រើប្រាស់បាន ត្រូវមានកម្រាស់ចាប់ពី០,០៣មីល្លីម៉ែត្រ ឡើងទៅ និងមានទទឹងបាតក្រោម ចាប់ពី២៥សង់ទីម៉ែត្រ ឬ១០អ៊ីងឡើងទៅ។ ការនាំចូល ថង់ ប្លាស្ទីក ស្តើងមានដៃយួរ និងការផលិតក្នុងស្រុកត្រូវគោរពតាមលក្ខខណ្ឌ ក្នុងអនុក្រឹត្យ នេះឲ្យបានទាំងកម្រាស និងទទឹងបាតក្រោម។ការផលិតក្នុងស្រុក ឬនាំចូល ថង់ប្លាស្ទីកស្តើងមានដៃយួរ ដែល គោរពតាមលក្ខខណ្ឌ ក្នុងអនុក្រឹត្យ១៦៨អនក្រ បក ហើយត្រូវសុំការអនុញ្ញាតពីក្រសួងបរិស្ថាន។ ប៉ុន្តែអាចអនុញ្ញាតឲ្យនាំចូល មិនបាច់ការអនុញ្ញាតពីក្រសួងបរិស្ថានបាន គឺបរិមាណតិច ជា១០០ គីឡូក្រាម។
ក្រុមហ៊ុន និងអាជីវករ ដែលចង់នាំចូលថង់ប្លាស្ទីកស្តើងមានដៃយួរ សម្រាប់វេចខ្ចប់សម្ភារៈដែល មាន ទាំងកម្រាសនិងទទឹងបាតក្រោមដូចក្នុងអនុក្រឹត្យណែនាំ ត្រូវដាក់ពាក្យស្នើសុំមក ក្រសួងបរិ ស្ថាន ដោយមានភ្ជាប់ឯកសារថតចម្លង បោះត្រាក្រុមហ៊ុនផង មានវិញ្ញាបនបត្រ បញ្ជាក់ការ ចុះ បញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ(អាករលើតម្លៃបន្ថែម) ប័ណ្ណពន្ធ ប៉ាតង់ វិក័យបត្រ និង បញ្ចីវេចខ្ចប់ ដែលបញ្ជាក់ពីកម្រាស់ និង ទំហំទទឹងបាតថង់ប្លាស្ទីក។ក្រុមអ្នកលក់ដូរអាហារ ភេសជ្ជៈ និងម្ចាស់ភោជនីយដ្ឋានខ្លះ បានថ្លែងស្រដៀងគ្នាថាពួកគេគាំទ្រ នឹងការអនុវត្តអនុក្រឹត្យ លេខ១៦៨ អនក្រ បក របស់ក្រសួងបរិស្ថាន។ ព្រោះពួកគេ ជាអ្នកវេចខ្ចប់ ច្រកអាហារ ភេសជ្ជៈ បានប្រើប្រាស់ច្រើន នូវថង់ប្លាស្ទីក កំប៉ុងប្លាស្ទីក ប្រអប់ស្នោរ ដបជ័រ ទុយោបឺត ក្នុង១ថ្ងៃៗច្រើន គីឡូក្រាម។ ពួកគេបានស្នើសុំ ឲ្យក្រសួងបរិស្ថាន បង្ហាញកន្លែងលក់ថង់ ប្រភេទថ្មីដែលប្រើទៅ មិនសូវប៉ះពាល់បរិស្ថាន ឲ្យពួកគេ បានស្គាល់ងាយស្រួលទៅទិញយកមកប្រើប្រាស់ ដើម្បីចួលរួម ថែរក្សាបរិស្ថាន ទាំងអស់គ្នា។
ក្រសួងបរិស្ថាន ក៏បានណែនាំទៅក្រុមហ៊ុននិងអាជីវករ បន្តទៀតថា ការផ្តល់ថង់ប្លាស្ទីកស្តើងមាន ដៃយួរ ដល់អតិថិជននៅតាមមជ្ឈមណ្ឌល ពាណិជ្ជកម្មនិងផ្សារទំនើប នឹងត្រូវគិតកម្រៃបន្ថែមចាប់ ពីថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨តទៅ៕

ភ្នំពេញ ៖ កងកម្លាំងមួកខៀវកម្ពជាចំនួន១៨៤នាក់ ដែលត្រៀមចេញទៅបំពេញបេសកកម្មសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នាពាក់កណ្តាលខែមករា ឆ្នាំ២០១៨ ខាងមុខ នេះ បានបើកការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ ខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ហ៊ួត គីមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជា នាយក សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុកជាតិ ថ្លែងថា ពាក់កណ្តាលខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ កម្ពុជានឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាចំនួន១៨៤នាក់ ដែលកំពុងហ្វឹក ហាត់ នេះ ត្រៀមទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋលីបង់។
លោក ហ៊ួត គឹមសាន្ត បន្តថា កម្លាំងមួកខៀវ១៨៤នាក់ នេះ ក្រៅពីហ្វឹកហ្វឺនបាញ់គ្រាប់ពិត ក៏បានហ្វឹកហ្វឺនលើជំនាញ ជំនាញវិស្វកម្ម មានសំណង់ផ្តេក និងសំណង់បញ្ឈរ, ជំនាញបោស សំអាត មីន,ជំនាញកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់កែច្នៃ, ជំនាញសុខាភិបាលសង្គ្រោះបឋម ការសិក្សាផ្នែកច្បាប់ជាតិ និងច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស ច្បាប់ព្រហ្មទណ្ឌ ច្បាប់សង្គ្រាម អប់រំ ចិត្តសាស្ត្រ។ល។
លោក ហ៊ួត គឹមសាន្ត បន្ថែមថា កម្លាំងមួកខៀវកម្ពុជាដែលត្រៀមខ្លួនដើម្បីចូលរួមបំពេញ បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ និងមានជំនាញ ច្បាស់លាស់ ដោយសារបានឆ្លងកាត់វគ្គហ្វឹកហ្វឺនត្រឹមត្រូវ ដែលមានយោធាជាតិ និងអន្តរជាតិដែល មានមកពីសហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង ជប៉ុន មន្ត្រី UNMASS របស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត កម្ពុជា ជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជិត៥០០០នាក់ ក្នុង នោះមានស្ត្រីជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្ន កម្ពុជាមានកម្លាំងចំនួន១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៨ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ឆាដ សាយប្រឹស ស៊ីរី លីបង់ និងម៉ាលី។ កម្លាំង មួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើន ជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕

ប៉ោយប៉ែត៖ បុរសម្នាក់បានរងរបួសធ្ងន់ រីឯស្ត្រីម្នាក់ទៀតរងរបួសស្រាល ដោយសារត្រូវ អណ្តាតភ្លើងឆាបឆេះក្នុងករណីទុស្សេចរន្ទអគ្គិសនីឆេះទីតាំងលក់ហ្គាស មួយកន្លែង បង្កឱ្យមាន ការភ្ញាក់ផ្អើល និងជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះភ្លាមៗដែរ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិត នៅភូមិបាលិលេយ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា:ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ គ្រូច កែវ ភេទប្រុស អាយុជាង48ឆ្នាំ រង របួសធ្ងន់ ចំណែកប្រពន្ធឈ្មោះ រ៉េត ចាន់ដារ៉ា ហៅណេត អាយុ46ឆ្នាំ ។ អ្នកទាំង2 រស់នៅកន្លែង កើតហេតុ។សមត្ថកិច្ចបញ្ជាក់ថា ការឆាប់ឆេះទីតាំខាងលេីនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី បង្ករជាអណ្តាតភ្លេីងឆាបឆេះទីតាំងកន្លែងលក់ហ្គាស បណ្តាលឩ្យម្ចាស់ផ្ទះប្ដីប្រពន្ធរងរបួសទាំង2 នាក់តែម្ដង។នៅក្នុងហេតុការណ៏នេះដែរត្រូវបានសមត្ថកិច្ចក្រុង និងអាជ្ញាធរជួយអន្តរាគន៏ហៅ រថយន្តពន្លត់អគ្គីយចំនួន5គ្រឿង ទាំងរបស់អាជ្ញាធរ និងរបស់ឯកជនដើម្បីមកជួយពន្លត់ទប់ ស្កាត់មិ នឩ្យឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង ។
អគ្គីភ័យត្រូវបានសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៏គ្រប់គ្រងស្ថានការ បាននៅម៉ោង10 យប់ ក្នុងថ្ងៃដដែល ហើយការឆាប់ឆេះទីតាំខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បានកំណត់ទំហំនៃ ការខាត់បង់នៅឡើយទេ។ ចំពោះជនរង្រោះដែលជាម្ចាស់ទីតាំង ត្រូវបានសាច់ញ្ញាតដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទសថៃទាំងយប់។
ជុវិញករណីខាងលើនេះលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៏ថា លោកនិងរៀបចំឩ្យអ្នកលក់ហ្គាសនៅអោយឆ្ងាយពីទីប្រជុំជួន ដើម្បីការពាររសុវត្តិភាព មិនឩ្យកើត ជាលើកទិ2 នៅបញ្ហាផ្ទុះទីតាំលក់ហ្គាសនៅកណ្ដាលទីក្រុងទៀតឡើយ៕ 
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងព័ត៍មាន បានរៀបចំការប្រកាសផ្ទេរតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួង ដោយឯកឧត្តម លី វ៉ាន់ហុង ត្រូវ បានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៍មាន បន្ថែមលើមុខ តំណែងអនុរដ្ឋលេខាធិការក្រសួងព័ត៍មាន នាពេលបច្ចុប្បន្ន ជំនួសលោកជំទាវ លឹម មុំ ដែលត្រូវ ចូល និវត្តន៍។
ក្នុងឱកាសនេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មានបានសម្តែងនូវការកោត សសើរ ចំពោះលោកជំទាវ លឹម មុំ អតីតអគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌ មាន ដែលបានខិតខំក្នុងការបំរើការងារជាច្រើនឆ្នាំកន្លងទៅនេះ ដែលស្នាដៃរបស់ លោកជំទាវ ត្រូវ បានកត់ត្រា និងក្លាយជាមេរៀនដល់អ្នកបន្តវេនរៀនសូត្រតាម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏ បានជំរុញដល់មន្ត្រីគ្រប់បណ្តាអង្គភាពក្រោមឱវាទក្រសួងព័ត៍មានត្រូវមាន សាមគ្គីភាពជាធ្លុងមួយ ធ្វើការបំរើដល់ផលប្រយោជន៍ប្រទេសជាតិជាធំ ជាពិសេសត្រូវធ្វើ យ៉ាងណារួមចំណែកជំរុញ វិស័យព័ត៍មាននៅកម្ពុជាអោយឈានឡើងបន្ថែមទៀត។
លោកជំទាវ លឹម មុំ មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃដែលលោកជំទាវត្រូវដាក់អោយចូល និវត្តន៍ ក្រោយពីបានបំពេញការងារជូនជាតិអស់រយៈពេល ៣៨ឆ្នាំកន្លងមក ហើយថា សំរាប់រូប លោក ជំទាវ ផ្ទាល់មានមោទនភាពខ្ពង់ខ្ពស់បំផុតដែលបានចំណាយពេលវេលាស្ទើរ ពាក់កណ្តាល នៃជីវិត ក្នុងការបំរើប្រទេសជាតិ ដោយគិតចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ២០១៧នេះ។
ដោយឡែកឯកឧត្តម លី វ៉ាន់ហុង ដែលត្រូវចូលមកទទួលភារថ្មីជាអគ្គនាយក នៃអគ្គ នាយក ដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៍មានមានប្រសាសន៍ថា ឯកឧត្តមសូមតម្កល់រាល់ ស្នាដៃរបស់ អតីតអគ្គនាយិកាទុកជាមេរៀនក្នុងការបំពេញការងារបន្តធ្វើអោយការងាររដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៍មានទទួលបានសមិទ្ធផលថ្មីៗធំធេងបន្ថែមទៀត និងបានប្តេជ្ញាក្នុងការ បំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់បំផុត៕
ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកស៊ីឈ្នួលរើផ្ទះអោយគេនៅតាមមាត់ប្រឡាយស្ទឹងមានជ័យបានរើសបានកាំភ្លើងAK មួយដើមហើយយកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ១កាលពីថ្ងៃសុក្រទី២៩ ខែធ្នូ ឆ្នាំ២០១៧កន្លែងដែលគាត់រើសបាននៅភូមិមានជ័យសង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
បុរសដែលបានរើសកាំភ្លើងខាងលើមានឈ្មោះ មឿង ហួត ភេទប្រុស អាយុ៥៧ឆ្នាំ មានមុខរបរជាងធ្វើផ្ទះ ស្នាក់នៅផ្ទះជួលភូមិ១៤សង្កាត់បឹងកក់១ ខណ្ខទួលគោក ។មុនពេលដែលគាត់រើសបានគឺនៅម្តុំមាត់ប្រឡាយស្ទឹងមានជ័យដោយមានគ្នាគាត់៥នាក់ បានរុះរើផ្ទះប្រជាពលរដ្ឋនៅតាមប្រឡាយដើម្បីស្តារប្រឡាយឡើងវិញ ហើយគាប់ជួនពេលរុះរើផ្ទះអស់ ក៏ឃើញមាននៅសល់កន្លែងមួយដែលមានគំនរឈើគាត់បានរើឡើងស្រាប់តែបានឃើញកាំភ្លើងAKនៅកប់នៅទីនោះរួចក៏បានច្រកដាក់ការ៉ុងយកទៅប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិបឹងសាឡាង តែដោយសារតែខាងនោះបានកាត់អោយទៅខាងខណ្ខមានជ័យ ទើបគាត់បានយកមកអោយខាងប៉ុស្តិ៍ស្ទឹងមានជ័យវិញ។
សមត្ថកិច្ចបានអោយដឹងថា កាំភ្លើងនោះមិនមានបង់គ្រាប់នោះទេហើយបានធ្វើលិខិតទទួលយកកាំភ្លើងAKមួយដើមនោះពីបុរសខាងលើ យកមករក្សារទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ១៕


បាត់ដំបង៖ នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនិយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌ បានដឹកនាំជំនាញ អនុវត្ត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២១៣ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ពីបទមនុស្សឃាតគិតទុកជាមុន នៅខេត្តត្បូឃ្មុំ ខណៈដែលជនសង្ស័យបានរត់គេចខ្លួនពីសាលដីកា មកសម្ងំលាក់ខ្លួនក្នុងខេត្តបាត់ដំបង។
លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី បានអោយ មេគង្គប៉ុស្តិ៍ ដឹងថា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង១២៖៣០ នាទី កម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានអនុវត្តន៍តាមដីកាបង្គាប់ឱ្យចាប់ខ្លួលេខ២១៣ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ជនសង្ស័យឈ្មោះ អ៊ី សារី ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅក្រុមទី៧ ភូមិរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ពីបទមនុស្សឃាតគិតទុកជាមុន នៅខេត្តត្បូឃ្មុំ។ ជនសង្ស័យឈ្មោះ អ៊ី សារី ភេទប្រុស នៅក្រុមទី៣ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងរួចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន រង់ចាំកម្លាំងនគរបាលខេត្តត្បូងឃ្មុំ មកទទួលយកទៅនិងបន្តនិតិវិធីនៅខេត្តត្បូងឃ្មុំ៕សុផល

ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ អីហ្វា ហ្គាមេន ដែលស្ថិតនៅភូមិ ត្រពាំងពោធិ៍សង្កាត់ចោមចៅ៣ ត្រូវបានក្រុមចោរមួយក្រុមដែលគេសង្ស័យថា មានរនុកក្នុង បាននាំគ្នា ចូលគាសទ្វារផ្នែកខាងក្រោយ និងលើកទូដែករបស់លោកអគ្គនាយករោងចក្រ យកទៅគាស់បំបែកយកប្រាក់អស់រាប់ម៉ឺនដុល្លារ និងឯកសារមួយចំនួនព្រមទាំងប្រមូលខោអាវច្រកថង់ជញ្ជូនចេញតែពុំបានសម្រេច ក៍ប្លុងចោលវិញ ។
ហេតុការណ៍គាស់រោងចក្រនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០១៧ បន្ទាប់ពីក្រុមសន្តិសុខ ដែលយាមថ្ងៃ បានបើកទ្វារចូលធ្វើការ។
តាមព័ត៌មានអោយដឹងថា ក្រុមចោរ មានគ្នាមិនតិចនោះទេ បានធ្វើសកម្មភាព ដោយកាត់លួសបន្លារបងរោងចក្រចូលតាមក្រោយដែលមានផ្ទះប្រជាពលរដ្ឋ រស់នៅ ហើយបានចូលទៅកាត់ទ្វាររោងចក្រផ្នែកខាងលិចចូលទៅខាងក្នុងចូលទៅក្នុងបន្ទប់ ការិយាល័យ រដ្ឋបាល រើកកាយកេះទូរយកប្រាក់ប្រាក់ និងចូលទៅលើកទូរដែករបស់លោកអគ្គនាយកដែលទុកនៅក្រោមតុនាំគ្នា សែងចេញក្នុងចម្ងាយប្រមាណជិត៥០ម៉ែត្រ យកទៅធ្វើសកម្មភាពគាស់បំបែកយកប្រាក់ និងឯកសារមួយចំនួន។ នៅក្នុងសកម្មភាពនោះក្រុមចោរ ក៍បានយកថង់ពីខាងក្រៅយកទៅចក្រខោអាវ ប្រុងជញ្ជូនចេញតែយកចេញមិនទាន់ ក៍បានប្លុងចោលវិញនៅក្បែរទ្វារដែលគាស់នោះ ។
តាមព័ត៌មានអោយដឹងថា នៅយប់នោះមានសន្តិសុខ ឯកជន C J Sចំនួន ៤នាក់ បានយាមនៅក្នុងរោងចក្រ ហើយបានអះអាងថា ពួកគេពុំបានដឹងឡើយ ដោយេពួកគេ យាមតែផ្នែកខាងក្រៅ ព្រោះខាងក្នុងក្រុមហ៊ុនបានចាក់សោរមិនអោយចូលនោះទេ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៨ ខែធ្នូ នេះនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ក៍បានចុះទៅពិនិត្យកន្លែងកើតហេតុនិងឆែលមើលកាំមេវ៉ា សុវត្តិភាពឃើញក្រុមចោរមានគ្នា ជាច្រើននាក់សុទ្ធតែពាក់ម៉ាស់បានធ្វើសកម្មភាពនៅវេលាម៉ោង ២ និង៤២នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែធ្នូ ដោយក្រុមចោរបានប្រើម៉ូទ័រ កាត់ត្រចៀកទ្វារចូល និងព្រមទាំងសែងទូដែកចេញមកកាត់ និងគាស់បំបែកយកប្រាក់។ នៅក្បែរទូដែកក៍បានបន្សល់ទុកកូនសោរមួយចំនួន ព្រមទាំងស្បែកជើង នៅខាងក្រៅក្បែររបង។
ទោះបីជាយ៉ាងណាគេពុំដឹងថា ទឹកប្រាក់ដែលចោរលួចទៅអស់ប៉ុន្មានឡើយ ។បើតាមរដ្ឋបាលអោយដឹងថា អស់ជារាប់ម៉ឺនដុល្លារ នៅក្នុងនោះមានប្រាក់របស់អគ្គនាយក ផ្ទាល់ខ្លួនចំនួន៩ពាន់ដុល្លារ និងឯកសារមួយរួមមានអាជ្ញាប័ណ្ណមួយចំនួនផងដែរ។ជនដៃដល់ដែលចូលសកម្មភាពគាស់រោងចក្រនោះអាចជាអ្នកធ្វើការនៅក្នុងរោងចក្រ ព្រោះស្គាល់ទីតាំងយ៉ាងច្បាស់៕

រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ នេះ បានសេចក្តីជូនដំណឹង ស្តីពី ការឱ្យ ប្រើប្រាស់ បណ្តោះអាសន្នម៉ាស៊ីនទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក នៅលើរថយន្តក្រុង ដើម្បី សម្រួលដល់ការធ្វើដំណើរ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជន ពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និងបងប្អូនកម្មករ កម្មការិនី ក្នុងពេលធ្វើដំណើរ។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នម៉ាស៊ីន ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក នៅលើរថយន្តក្រុងនេះ បានចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ តទៅ។ ទន្ទឹមនឹងនេះដើម្បីអាចប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះបាន បងប្អូន ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្សនិស្សិត កីឡាករ កីឡាការិនី និងបងប្អូន កម្មករ កម្មការិនី ទាំងអស់ ដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ទាំងអស់ ទាំង អ្នកជិះបង់ប្រាក់ និងមិនបង់ប្រាក់ សូមមកបំពេញបែបបទទទួលយកកាត (NFC) នៅតាមទីតាំង ស្ថានីយ៍ ចំណតរថយន្តក្រុងរបស់រដ្ឋាករដូចមានខាងដូចជា៖
ស្ថានីយ៍ចំណតកោះពេជ្រ , ផ្សារអ៊ីអន២ ,សួនឬស្សីកែវ , គីឡូម៉ែត្រលេខ៩, តំបន់សេដ្ឋកិច្ច ពិសេស,ច្បារអំពៅ,បុរីសន្តិភាព២,ផ្សារសិនជូរីផ្លាហ្សា និងស្ថានីយ៍ចំណត បឹងឈូក រៀងរាល់ម៉ោង ធ្វើការ ព្រឹកចាប់ពីម៉ោង ៧;៣០នាទីដល់ម៉ោង ៥;៣០ល្ងាចឱ្យបានគ្រប់ៗគ្នា៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍