រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះសមត្ថកិច្ចបានបញ្ជូនខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញមកតុលាការដើម្បីចាត់ការបន្ដ ក្រោយបញ្ចប់ការសួរនាំរបស់កងរាជអាវុធហត្ថ។
សូមជម្រាបថា ខ្មាន់កាំភ្លើងឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០ និង៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានចូលសារភាពនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីមានដីកាបង្គាប់ឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារាជធានីភ្នំពេញ៕


ខេត្តក្រចេះ ៖ ស្ថាប័នអយ្យការដឹកនាំដោយលោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ ក្រោមបញ្ជាផ្ទាល់ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តឲ្យដឹកនាំកម្លាំងចុះបង្ក្រាបទូកដឹកឈើ១គ្រឿង ដែលមានផ្ទុកឈើជាច្រើនមែត្រគូបគ្មានច្បាប់អនុញ្ញាត និងហៅមនុស្សចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធមកសួរនាំផងដែរ។ ប្រតិបត្តការបង្គ្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទន្លេមេគង្គចំនុចភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ័ ខេត្តក្រចេះ ។
លោក ជា សុភក្ត្រ័ បានឲ្យដឹងថា មុននិងដល់ឈានការបង្គ្រាបទូកឈើ១គ្រឿងនេះ គឺលោកបានទទួលព៏ត៌មានពីរប្រជាពលរដ្ឋរាយការណ៍មកថា មានទូកកំពុងផ្ទុកឈើក្នុងទន្លេ ហើយលោកក៏ដឹកនាំកម្លាំងបើកប្រតិបត្តិការណ៍ចុះដល់ចំណុចនោះក៏ធ្វើការបង្គ្រាបតែម្ដងថែមទាំងហៅមនុស្សចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធមកសួរនាំលើករណីដឹកឈើខុសច្បាប់នេះ។
លោក អ៊ិន ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើលេខ១ តែមិនទាន់ដឹងតួលេខចំនួនឈើនោះទេ ព្រោះកម្លាំងលោកកំពុងរឹបអូសទូកមួយគ្រឿងនោះយកទៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដើម្បីធ្វើការវាសវែង និងកសាងសំណុំរឿងតាមនីតិវិធីរដ្ឋបាលព្រៃឈើ៕


ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាង១០០នាក់ប្រមូលផ្តុំគ្នានិងដាក់គោយន្តបិទផ្លូវរឿងកសិផលធ្លាក់ថ្លៃនិងគ្មានទីផ្សារ។ ការប្រមូលផ្តុំគ្នានេះធ្វើឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកផ្លូវ៣០ ក្នុងភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងប្រជាពលរដ្ឋចំនួន១៣០នាក់បានដាក់ពង្រាយគោយន្តរួមទាំងត្រាក់ទ័រផងដែរជិត៣០គ្រឿងបិទផ្លូវបង្កការរាំងស្ទះចរាចរណ៍ដើម្បីតវ៉ាសុំអោយសម្តេចតេជោហ៊ុន សែន ជួយរកទីផ្សារកសិផលដែលផលិតបានបហើយតម្លៃធ្លាក់ទាបមិនអាចទទួលយកបាន។
ក្រុមប្រជាពលរដ្ឋដែលចេញមកតវ៉ា និងទទូចការស្នើរសុំបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកសិផលដូចជាពោត ដំឡូងមីជាដើមមិនមានហាងឆេងធ្វើអោយកសិករការខាតបង់ជាបន្តបន្ទាប់ បាក់ទឹកចិត្តលែងចង់ដាំដុះ បន្តែមទាំងជំពាក់លុយអង្គការជាច្រើនទៀត ផ្ទុយពីសម្ភារះកសិកម្មពី១ឆ្នាំទៅ១ឆ្នាំកាន់តែថ្លៃខ្ពស់ទៅៗ។
ប្រជាពលរដ្ឋបានត្អូញត្អែរបន្តថា ទីផ្សារកសិផលមិនស៊ីសង្វាក់គ្នាដោយពូជពោតទិញពីផ្សារក្នុង១គីឡូក្រាមតម្លៃ១៧៥បាតលុយថៃ ប៉ុន្តែចំពោះកសិផលដែលកសិករផលិតបានលក់បានត្រឹមតែ១គីឡូក្រាម៣បាតប៉ុណ្ណោះ។
ការទទួចតវ៉ានេះដែរបានផ្តោតសំខាន់លើការសុំអោយថ្នាក់ដឹកនាំជួយដល់ពួកគាត់ អោយកសិផលលក់បានតម្រៃលើ៣បាតឡើងទៅអោយបានថេរ សុំអោយផ្នែកជំនាញចុះត្រួតពិនិត្យជញ្ជីងថ្លឹងកសិផលក្នុងសៃឡូទទួលទិញនិងសុំអោយឈ្មួញមានច្រើនក្នុងការចូលទិញកសិផលពីកសិកជៀសវាងឈ្មួញឆ្លៀតឱកាសចុះទិញហើយបង្អាប់តម្លៃ។
មកទល់ម៉ោង១២ និង០០ថ្ងៃត្រង់ ថ្ងៃដដែលនេះក្រុមកសិករនៅតែបន្តប្រមូលផ្តុំគ្នាមិនទាន់រំសាយស្របពេលដែលលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងកំពុងធ្វើដំណើរទៅកាន់ទីកន្លែងកើតហេតុដើម្បីដោះស្រាយ៕


រាជធានីភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ស្ត្រី ឈ្មោះ ហេង លកិ្ខណា ដែលនិយាយចំហរ តាមបណ្តាញសង្គម Facebook ចោទសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ លោក កែម ឡី ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ។
សូមបញ្ជាក់ថា ស្ត្រីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ ខួបមួយឆ្នាំ របស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ៕

ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកថាឡាបរិវ៉ាត់ បានចុះទៅចាប់រថយន្តប្រភេទសាំយ៉ុង ដឹកឈើអារចំនួនពីរគ្រឿង ក្នុងចំណោមរថយន្តដឹកឈើច្រើនគ្រឿងទៀត នៅតាមបណ្តោយដងផ្លូវជាតិលេខ៩ ត្រង់ចំណុចបង្គោលលេខ៤៧៧ ពីខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងសាស្ត្រ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់។
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា រថយន្តសាំយ៉ុងទាំងពីរគ្រឿងដែលរងការបង្ក្រាបនោះ គឺជារថយន្តដឹកឈើអារគ្មានច្បាប់អនុញ្ញាត ចេញពីមន្ត្រីជំនាញនោះទេ ហើយឈើទាំងនោះជាប្រភេទឈើសសរ និងគ្រឿងផ្ទះ ក្រុមដឹកឈើបានដឹកជញ្ជូនចេញពីក្នុងដែនដីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងបំណងនាំយកទៅលក់នៅខេត្តផ្សេងៗទៀត។
យ៉ាងណាក៏ដោយ ក៏មានរថយន្តដឹកឈើដូចគ្នានេះជាច្រើនគ្រឿងទៀត បានបើកគេចយកឈើទៅលាក់ទុកនៅមុនពេលសមត្ថកិច្ចចុះទៅដល់ ខណដែលពួកគេហាក់ដឹងខ្លួនជាមុន ។ ក្រោយការបង្ក្រាប ទាំងឈើ និងរថយន្ត ត្រូវបាននាំយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង ចាត់ការជាបន្ត។
ភ្នាក់ងាររាយការណ៍ថា សព្វថ្ងៃនេះក្នុង១ថ្ងៃៗមានរថយន្តប្រភេទសាំយ៉ុងមិនក្រោមពី១០គ្រឿងនោះទេ ដែលបានដឹកឈើចេញពីដែនសមត្ថកិច្ចព្រៃឈើស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង និងសង្កាត់សាមគ្គី ឆ្លងកាត់សង្កាត់ស្ទឹងត្រែង និងអូរពងមាន់ ក្រុងស្ទឹងត្រែង ចូលទៅខេត្តជាប់ព្រំប្រទល់។
ភ្នាក់ងារបន្តថា តាមដងផ្លូវក្រុមរថយន្តដឹកឈើទាំងនោះ បើកបរយ៉ាងអាណាធិបតេយ្យពេញដងផ្លូវ ហើយគ្មានសណ្តាប់ធ្នាប់នោះទេ ដោយឆ្លងកាត់ដែនសមត្ថកិច្ចជាច្រើន តាំងពីស្រុក ចូលដល់ដីក្រុង រហូតឆ្លងផុតពីដែនដីខេត្តស្ទឹងត្រែង ដោយពុំមានសមត្ថកិច្ចណាបង្ក្រាបឡើយ ៕


តួកគី ៖ សារព័ត៌មានស៊ិនហួចេញផ្សាយថា បុគ្គលិកស្ថានីយទូរទស្សន៍រដ្ឋ TRT ចំនួន៣៤នាក់ត្រូវបានតុលាការតួកគីបានចេញដីកាឃុំខ្លួនពាក់ព័ន្ធគាំទ្របុព្វជិត Fetullah Gulen កំពុងរស់នៅសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលតួកគីថា ជាមេខ្លោងនៅពីក្រោយខ្នង នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ដីកាចាប់ខ្លួន និងឃុំខ្លួននេះ ត្រូវបានចេញផ្សាយដោយការិយាល័យព្រះរាជអាជ្ញាទីក្រុង Ankara ដោយវាគឺជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើក្រុមជនសង្ស័យត្រូវបានគេជឿជាក់ថា បានប្រើប្រាស់កម្មវិធី ByLock ជាកម្មវិធីផ្ញើសារមួយ ដែលរដ្ឋាភិបាលលើកឡើងថា វាជាកម្មវិធី ដែលក្រុមអ្នកគាំទ្រចលនា Gulenists ប្រើប្រាស់។
នៅក្នុងប្រតិបត្តិការមួយទៀត ក្រុមអាជ្ញាធរតួកគី បានបញ្ជាឲ្យចាប់ខ្លួនមនុស្សចំនួន១០៥នាក់ ដែលកំពុងធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យា ក្នុងនោះរួមទាំងអតីត បុគ្គលិកក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងក្រុមអាជ្ញាធរទូរគមនាគមន៍របស់តួកគីផងដែរ ដោយចោទប្រកាន់មានការពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុន៕

ភ្នំពេញ ៖ កម្លាំងនគរបាលបានចាប់ខ្លួនយុវជនម្នាក់ទៀហើយ ដែលបង្ហោះសារតាម Facebook គំរាមបាញ់សម្លាប់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ប្រភពដដែបន្តថា យុវជនដែលប្រមាថជីវិតសម្តេចតេជោ ហ៊ុន សែន នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅខេត្តព្រះសីហនុ បន្ទាប់ពីរូបគេបង្ហោះសារ និងរូបភាពតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ពេលនេះកម្លាំងនគរបាលកំពុងនាំខ្លួន ជនសង្ស័យរូបនោះ មកនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីសួរនាំ៕



រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បានបញ្ជូនស្ត្រីម្នាក់ដែលនិយាយចំហតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ លោក កែម ឡី មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញម្តងទៀតដើម្បីសាកសួរ ។
ស្ត្រីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ៕

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង០០នាទី ក្រោមការសម្របសម្រួលពីសំណាក់លោក ស៊ិន វិរះ ព្រះរាជអាជ្ញារង អធិការដ្ឋានបានបើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទ (ហ្គេមបាញ់ត្រី) មួយកន្លែង ស្ថិតនៅចំណុចសំណងមិនរៀបរយក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែផ្លូវលំ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ។
ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់មនុស្សចំនួន០២នាក់ រួមមាន ៖
១/ឈ្មោះ សេង បូរ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។ ២/ឈ្មោះ ម៉ាត់ វី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកវត្ថុតាងដកហូតរួមមាន ៖ ទូរហ្គេមបាញ់ត្រីចំនួន០១។ សៀវភៅកត់ពង់ចំនួន០១ក្បាល។ ប្រាក់ចំរៀលចំនួនប្រាំបួនម៉ឺនមួយពាន់រៀល(៩១០០០)។ ចំពោះមុខ អធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី៕


រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា គ.ជ.ប នឹងធ្វើការជ្រើសរើស ក្រុមចុះឈ្មោះបោះឆ្នោត ចំនួន១,៦៤៦ក្រុម ស្មើនឹងចំនួន៣,៤៩២នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់នៃរាជធានីខេត្ត សម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧៕


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដានេះ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី ។ ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះត្រូវបានគេស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) ៕

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃរទី១១នេះមានសេចក្ដីរាយការណ៍មួយពីប្រជាពលរដ្ឋនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យភ្នាក់ងារយើងដឹងថា ជារៀងរាល់ថ្ងៃនេះកំលាំងស្នាក់ការបរិស្ថាន ឈរជើងនៅចំណុចកំពោតគយនោះ គឺលើសពីកុងត្រូលលជជុះទៅទៀត មូលហេតុរាល់ថ្ងៃនេះ ពួកមន្ត្រីទាំងនោះ គឺជាអ្នកបើកឲ្យពលរដ្ឋក៍ដូចជាក្រុមឈ្មួញផងដែរឲ្យចូលកាប់ឈើក្នុងតំបន់ព្រៃឡង់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយក្នុងមួយថ្ងៃៗប្រមាណជា៥០គោយន្ដយ៉ាងតិច។
ពលរដ្ឋទាំងនោះបានបញ្ជាក់ទៀតថា ក្នុងនោះដែរគឺខាងបរិស្ថាននៅកំពោតគយនោះគេតំរូវឲ្យបង់ក្នុងមួយគោយន្ដថ្លៃ១០០$ ស្មើ៤០ម៉ឺនរៀល បើដឹកឈើគ្រាក់៥០$ ស្មើនឹង២០ម៉ឺនរៀល។ បើពលរដ្ឋណាគេចវេះ នោះ ត្រូវពួកគេមិនឲ្យចូលកាប់ទៀតទេ ឬបើចាប់បានត្រូវផាកពិន័យ ស្មើ១គុណនឹង១០ គឺ៥០០$ ទៅ១០០០$។ នៅពេលពលរដ្ឋតវ៉ានឹងសុំចុះតម្លៃខ្លះនោះ ពួកគេឆ្លើយថា មិនបានទេខ្លាចខាត ពីព្រោះនេះគឺជាការកំណត់និងជាបញ្ជារបស់មេ លោក ឌូង ឆាយសាវុធ ព្រោះលុយនេះដែរ មេថា ត្រូវបែងចែកឲ្យទៅក្រសួងបរិស្ថានផង និងចូលរដ្ឋផងដែរ។
នៅជុំវិញបញ្ហានេះដែពលរដ្ឋទាំងនោះ បានលើកឡើងទៀតថា បើបែបនេះដដែលមិនខុសពីអស់លោកកំពុងតែធ្វើស្រែលើខ្នងរាស្ដ្រនោះទេ ។ពួកគាត់ក៍បានបន្តថា បើរឿងនេះពិតជាដូចពាក្យពួកគេនិយាយមែននោះពួកគាត់បានសុំសំណូមពរដល់ក្រសួងបរិស្ថាន ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ នឹងប្រមុខរាជរដ្ឋាភិបាល មេត្តាបន្ធូរបន្ធយឲ្យរាស្ដ្រខ្លះផង បើមិនបន្ធូរទេនោះពួកគាត់សុំឲ្យរដ្ឋាភិបាលបិទឲ្យជិតតែម្ដង បើមិនដូចច្នេះទេ ទង្វើរបស់បរិស្ថានដែលធ្វើស្រែលើខ្នងរាស្ដ្រនេះ នឹងបង្កជាអំពើពុកកើតឡើងទ្វេដងជាមិនខានឡើយ។
នៅជុំបញ្ហាចោទប្រកាន់ទាំងស្រុងនេះ ភ្នាក់ងារយើងបានព្យាយាមទាក់ទងទៅលោក ឌួង ឆាយសាវុធ ដើម្បីសុំការបកស្រាយម្ដងហើយម្ដងទៀតជាច្រើនដងហើយ តែលោកមិនបានទទួលទាល់តែសោះ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍