រាជធានីភ្នំពេញ ៖ មន្ត្រីតុលាការឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំជនសង្ស័យទាំង២នាក់ តុលាការបានសម្រេចឃុំខ្លួនកូនប្រុសនាយ ហុង ដា និងសង្សារដាក់ពន្ធនាគារ ពីបទសម្លាប់ម្តាយចុង។
កូនប្រុសនាយ ហុង ដា ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» អាចជាប់គុកអស់មួយជីវិត។ ចំណែកសង្សាររបស់គេឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន៕

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងអាចនឹងកាន់តែបង្កើនការធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសចាប់ពីថ្ងែនេះ ដល់ថ្ងៃទី២១ ខែឧសភា ៕សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទាំងស្រុងនៅខាងក្រោមនេះ៖


រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី១នោះមានអ្នកញៀនគ្រឿងញៀនចំនួន ៣០៨នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាលនានា ក្នុងនោះមានករណីថ្មី ២៤នាក់ និងករណីចាស់ ២៨៥នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាល។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងអ្នកញៀនថ្នាំទាំង៣០៩នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ២១៧នាក់, ញៀនប្រភេទអាភៀនចំនួន ៩២នាក់។ ក្នុងនោះមានបុរស២៩៧នាក់ និងស្រី១២នាក់។ ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖


រាជធានីភ្នំពេញ ៖ មន្ត្រីជាន់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះគណៈកម្មាធិការ នាយករបស់គណបក្សសង្គ្រោះជាតិនឹងបើកកិច្ចប្រជុំជ្រើសអនុប្រធានជាផ្លូវ ក្រោយក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្តិកៈថ្មី កាលពីដើមខែឧសភា។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បានសម្រេចទទួលស្គាល់ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈប្រកា៤៧ថ្មី របស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន។
ការទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ពី គណបក្សសង្គ្រោះជាតិបានរៀបចំសមាជវិសាមញ្ញមួយទៀត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដោយសម្រេចកែប្រែ ជាថ្មីម្តងទៀត នូវលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រកា៤៧ថ្មី ស្តីពីការជ្រើសរើសអនុប្រធានគណបក្សរបស់ខ្លួន។ ប្រការ៤៧ថ្មី(មួយ) ដែលត្រូវបក្សប្រឆាំងកែប្រែរួចនេះ នឹងមិនកំណត់រយៈពេល៣០ថ្ងៃ សម្រាប់ការជ្រើសរើសអនុប្រធាន ដូចប្រការ៤៧ថ្មីឡើយ ពោលគឺការជ្រើសរើសអនុប្រធានរបស់គណបក្សសង្គ្រោះជាតិ លែងមានការកំណត់ពេលដូចមុនហើយ៕

រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក ស៊ិន វីរៈ កាលពីរសៀលម្សិលមិញបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសតារាកំប្លែងនាយ ហុង ដា និងសង្សារ ដែលបានសម្លាប់ម្តាយ ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ។
លោកបញ្ជាក់ថា កូនប្រុសតារាកំប្លែងនាយ ហុង ដា ត្រូវចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ រីឯសង្សារកូនប្រុសនាយ ហុង ដា ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ តាមបទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ និងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។ នៅដំណាក់កាលនេះចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទ៕

រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ដើរប្រដាប់ដោយដាវសាំរៃបានធ្វើសកម្មភាពកាប់លើជនរងគ្រោះចំនួន២នាក់ក្នុងចំណោមគ្នា៤នាក់ រួចអូសយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះនៅត្រង់ចំណុចមុខណាហ្គាវើល ក្បែរស្ពានភ្លោះកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានដើរប្រដាប់ដោយដាវសាំរៃ កាប់លើជនរងគ្រោះចំនួន២នាក់ក្នុងចំណោមគ្នា៤នាក់ ដែលបានឈប់ម៉ូតូនៅទីស្ងាត់ដើម្បីបត់ជើងតូច ធ្វើឲ្យជនរងគ្រោះទាំង២នាក់នោះភ័យស្លន់ស្លោបានដកសោម៉ូតូ រត់គេចចេញពីម៉ូតូ ខណៈពេលនោះក៏មានម្ចាស់ម៉ូតូដែលអង្គុយក្បែរនោះ បានស្ទុះមកយកម៉ូតូដែរ តែត្រូវបានក្រុមជនសង្ស័យទាំងនោះកាប់បណ្ដាលឲ្យដាច់ខ្លួនប្រាណរងរបួសធ្ងន់ រួចហើយក្រុមជនសង្ស័យបានអូសយកម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។ ប្រភពបន្តថា ជនរងគ្រោះដែលត្រូវបានក្រុមជនសង្ស័យកាប់របួសធ្ងន់នោះ ត្រូវបានមិត្តភក្តិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវក្រុមជនសង្ស័យកាប់ឲ្យរងរបួសធ្ងន់មានឈ្មោះ អូរ សុផាន់ណារាក់ អាយុ២២ឆ្នាំ មុខរបរធ្វើការនៅណាហ្គាវើល ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជាម្ចាស់ម៉ូតូម៉ាក ស៊ុយសុគ្គីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1G.0302 ។ ទី២ មានឈ្មោះ ម៉ែន ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី៣មានឈ្មោះ ស៊ីម យូហ្គូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រីឯម្នាក់ទៀតមិនស្គាលឈ្មោះនោះទេ ។
ក្រោយកើតហេតុ មិត្តភក្តិជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជំនួសនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ហើយសមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹង។
គួរបញ្ជាក់ថា នៅម្ដុំមុខណាហ្គាវើល ស្ថិតក្នុសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គេតែងតែសង្កេតឃើញមានក្រុមជនសង្ស័យប្រើដាវសាំមរៃ មកកាប់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិដែលមានតម្លៃរបស់បងប្អូនប្រជាពលរដ្ឋបានសម្រេចជាញឹកញ៉ាប់ ពុំដែលឃើញសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបបានម្ដងណាឡើយ៕


សេអ៊ូល ៖ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុង ប៉េកាំងកាលពីម្សិលមិញបាននិយាយថា កូរ៉េខាងជើងនឹងបន្តបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាបន្តបន្ទាប់គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនខ្វល់ពីដំណោះស្រាយអង្គការសហប្រជាជាតិ និងការព្រមានរបស់សហរដ្ឋអាមេរិកឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការលើកឡើងបែបនេះ របស់លោក Ji Jae Ryong ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង ប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីល រយៈចំងាយមធ្យមទៅឆ្ងាយ ប្រភេទ Hwasong-12 អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីថ្ងៃអាទិត្យ គ្រាដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ដែលទើបតែបានបង្ហាញពីបំណងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងប៉េកាំង លោក Ji Jae Ryong បានលើកឡើងថា «កូរ៉េខាងជើងនឹងធ្វើតេស្ដសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM គ្រប់ពេលវេលា គ្រប់ទីកន្លែង ឱ្យតែមានបទបញ្ជាពីមេដឹកនាំលោក គីម ជុងអ៊ុន»។
ដោយឡែកពាក់ព័ន្ធនឹងទង្វើផ្គើននេះដែរ តបតាមសំណើរបស់សហរដ្ឋអាមេរិក និងជប៉ុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងញូយ៉ក)។
គួរបញ្ជាក់ថា កូរ៉េខាង ជើងជារឿយៗ តែងតែព្រមានកម្ទេចសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយថែមទាំងចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន ជាអ្នកជំរុញឱ្យឧបទ្វីបកូរ៉ ស្ថិតនៅមាត់ជោះនៃសង្គ្រាម ដោយសារតែការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន៕

ម៉ានីល ៖ បណ្ដឹងស្នើសុំទម្លាក់លោក រ៉ូទ្រីហ្គោ ឌូតើតេ ចេញពីអំណាចប្រធានាធិបតីត្រូវបានគណៈកម្មាធិការសភាហ្វីលីពីនកាលពីម្សិលមិញបានសម្រេចចិត្តជាឯកច្ឆ័ន្ទទាត់ចោល ដោយសំអាងថា គ្មានមូលដ្ឋានគ្រប់គ្រាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមពាក្យបណ្ដឹងខាងលើរបស់លោក Gary Alejano សមាជិកក្រុមតំណាងរាស្ត្រភាគតិច បានចោទប្រកាន់លោក ឌូតើតេ ថា បានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ រួមមានទាំងការបិទបាំងទ្រព្យសម្បត្តិ ការបង្គាប់ឱ្យប៉ូលិសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ព្រមទាំងគ្មានឆន្ទៈពិតប្រាកដ ក្នុងការការពារដែនអធិបតេយ្យភាពហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលកំពុងមានជម្លោះ ជាមួយចិន។
ដោយឡែកជុំវិញការសម្រេចចិត្តនេះដែរ លោក Gary Alejano បានថ្លែងថា ការសម្រេចចិត្តពីគណៈកម្មាធិការសភា ធ្វើឡើងផ្អែកលើប្រជាប្រិយ ភាពរបស់លោកឌូតើតេ ហើយថានឹងត្រូវទទួលខុសត្រូវចំពោះការវិលត្រឡប់ទៅរករបបផ្ដាច់ការ៕

រាជធានីភ្នំពេញ ៖ ដើម្បីឲ្យគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ អនុវត្តឲ្យបានត្រឹមត្រូវឈរលើគោលការណ៍ស្មើភាព និងលំដាប់មុនក្រោយ ក្នុងការលើកស្លាកសញ្ញាគណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សូមធ្វើការណែនាំដល់គណបក្សនយោបាយ អាជ្ញាធរដែនដី និងគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដូចខាងក្រោម៖


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥នេះ សមត្ថកិច្ចបាននាំជនសង្ស័យដែលត្រូវជាកូននាយ ហុង ដា មកកាន់តុលាការដើម្បីបន្តសួរចម្លើយ ទាក់ទងឃាតកម្មលើភរិយាក្រោយរបស់តារាកំប្លែងរូបនោះ ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើឈ្មោះ អឿន សុខខេង អាយុ១៧ឆ្នាំ ។ ដោយឡែក នារីរងគ្រោះដែលស្លាប់ឈ្មោះ ស៊ឹម ចាន់ធី ហៅស្រីមុំ អាយុ១៧ឆ្នាំ មានកូនអាយុ៦ខែជាមួយលោក ហុង ដា ។
តាមមន្ត្រីតុលាការឲ្យដឹងថា នៅចំពោះមុខអ្នកយកព័ត៌មាននាព្រឹកថ្ងៃដដែលនោះ ជនសង្ស័យក៏បានឆ្លើយ និងប្រាប់ពីដំណើររឿង ដែលខ្លួនសម្លាប់ម្តាយក្រោយនោះថា «ដំបូងឡើយ ពួកគេ (ជនសង្ស័យនិងម្តាយក្រោយ) បានដេកស្នាក់នៅក្នុងបន្ទប់ខុនដូនោះជាមួយគ្នា ។ ជនសង្ស័យបន្តថា ពេលនោះ នៅក្នុងខ្លួនអត់មានលុយទេ ក៏សម្លឹងឃើញគ្រឿងអលង្ការដែលម្តាយក្រោយនោះពាក់ ក៏ឆ្លៀតសួរថា តើមានគ្រឿងអលង្ការកំពុងពាក់លើខ្លួន មានតម្លៃប៉ុន្មាន? ពេលនោះគាត់ឆ្លើយថា ប្រហែលសរុប១ពាន់ដុល្លារ ។ មួយសន្ទុះក្រោយមកខ្លួនលបទៅបិទភ្លើងក្នុងបន្ទប់ឱ្យងងឹត ខ្លួនចូលដោះយកកងដៃពីខ្លួនគាត់ តែត្រូវម្តាយក្រោយមិនព្រមឱ្យដោះនោះទេ ដោយគាត់បានប្រតាយប្រតប់ជាមួយខ្លួន។ ពេលនោះខ្លួនទាញបានខ្សែឆ្នាំងអ៊ុតមករឹត.កគាត់តែម្តង ប៉ុន្តែខ្លួនមិនមានបំណងសម្លាប់នោះទេ តែចេះរឹត.កតែជ្រុលទៅ រហូតដាច់ខ្យល់ស្លាប់៕

ខេត្តត្បូងឃ្មុំ ៖ ក្រឡាប់រថយន្តក្រុមតន្ត្រីអប្សរាបណ្តាលឲ្យនារីម្នាក់បានស្លាប់ម្នាក់និង១១នាក់ផ្សេងទៀតរងរបួស ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
តាមមន្ត្រីនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ក្រុមដន្ត្រី បានចេញពីលេងភ្លេង នៅឃុំប៉ឹស២ ក្នុងស្រុកក្រូចឆ្មារ ដែលមានមនុស្ស២០នាក់ និងសម្ភារៈភ្លេង ដឹករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ លុះមកដល់ចំណុចកើតហេតុ ចង្កូតរថយន្ត មានបញ្ហា ចង្កូត ទើបធ្វើឲ្យរថយន្តក្រឡាប់ ធ្លាក់ពីថ្នល់ដែលមានកម្ពស់ជិត១០ម៉ែត្រឯណោះ។
ហេតុការណ៍នោះ បានធ្វើឲ្យនារីម្នាក់ឈ្មោះរុន សីលា អាយុ២៩ឆ្នាំស្លាប់នៅកន្លែងកើតហេតុ ។ ដោយឡែក មនុស្ស១១នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងនោះបុរសចំនួន៥នាក់ និងស្រី៦នាក់ ហើយអ្នករបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
តាមមន្ត្រីនគរបាលឲ្យដឹងថា នារីរងគ្រោះដល់ស្លាប់មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខ័ណ្ឌចំកាមន រាជធានីភ្នំពេញ៕

ប៉េកាំង៖ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសចិនកាលពីម្សិលមិញបានអំពាវនាវឲ្យមានភាពអត់ធ្មត់ និងកុំឲ្យភាគីណាធ្វើអ្វីដើម្បីធ្វើឲ្យភាពតានតឹងកាន់តែអាក្រក់នោះឡើយ ក្រោយពីកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលថ្មីមួយទៀត។
ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនបាននិយាយ ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ បានចែងច្បាស់អំពីកូរ៉េខាងជើង ដែលបានប្រើប្រាស់បច្ចេកវិទ្យាបាឡេស្ទីក សម្រាប់បាញ់មីស៊ីល។ ក្រសួងនេះបន្ថែមថា ចិនជំទាស់នឹងសកម្មភាពបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលផ្ទុយទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះក្រសួងការបរទេសចិនរៀបរាប់ថា បច្ចុប្បន្ននេះស្ថានភាពនៅឧបទ្វីបនេះ ស្មុគស្មាញនិងរស៊ើប ហើយភាគីពាក់ព័ន្ធទាំងអស់គួរតែប្រកាន់យកភាពអត់ធ្មត់ និងមិនត្រូវធ្វើអ្វីជំរុញឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែអាក្រក់ថែមទៀតនោះទេ៕

បរទេស ៖ តាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយលើករណីកូរ៉េខាងជើងបាញ់អាវុធមីស៊ីលនៅរសៀលថ្ងៃអង្គារស្អែកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ការបើកកិច្ចប្រជុំនេះធ្វើឡើងតាមស្នើសុំពីសហរដ្ឋអាមេរិក និងជប៉ុនកាលពីម្សិលមិញ ដើម្បីជជែកករណីកូរ៉េខាងជើងបានបាញ់អាវុធមីស៊ីលជាថ្មីទៀត ដែលត្រូវបានគេចាត់ទុកជាផ្នែកមួយនៃការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមីស៊ីលជាថ្មីទៀតហោះបានជាង៧០០គីឡូម៉ែត្រ ដែលជាការប្រឆាំងប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Moon Jae-In ជាអ្នកសេរីនិយមលោកថ្លែងថា ចង់បញ្ចប់ភាពតានតឹងជាមួយកូរ៉េខាងជើង។
ការបាញ់នេះគឺជាលើកទី២ក្នុងរយៈពេល២សប្តាហ៍ ដែលនាំឲ្យសហគមន៍អន្តរជាតិកាន់តែមានការព្រួយបារម្ភខ្លាំងថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែខ្លាំងឡើងអាចឈានដល់ការបាញ់បានក្នុងរយៈវែងមួយហើយគ្រោះថ្នាក់កាន់តែខ្លាំង។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលចុងក្រោយនេះរបស់ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមបាញ់ចេញពីតំបន់សេដ្ឋកិច្ចសិសកៃសុង នៅភាគពាយព្យនៃឆ្នេរ គឺនៅក្បែរឆ្នេរសមុទ្រជប៉ុន៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍