សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា កូរ៉េខាងជើងប្រកាសថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ជុំវិញការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយហៅសមយុទ្ធនេះគឺជាទង្វើ បង្កទៅជាសង្គ្រាមនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ និងសង្គ្រាមលោកសាជាថ្មី។
ការព្រមានបែបនេះរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកពីរគ្រឿងធុន B-1B Lancers ឱ្យទៅហោះឆ្វែលពីលើឧបទ្វីបកូរ៉េ ក្រោម ក្របខណ្ឌនៃសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដែលត្រូវបានគេមើលឃើញថា ជាចេតនាផ្ញើសារព្រមានទៅកាន់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានប្រកាសពីជោគជ័យនៃការបាញ់សាក ល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍មុន។
ដោយឡែកជុំវិញសមយុទ្ធយោធានេះផងដែរសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃអាទិត្យបានថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនថា ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង វាគឺការយកប្រេងទៅជះលើភ្លើងកំពុងឆេះប៉ុណ្ណោះ៕

រាជធានីភ្នំពេញ ៖ បុរសជាប្តីបានស្វះស្វែងតាមរកប្រពន្ធ ខណៈដែលប្រពន្ធបានចុះចេញពីផ្ទះជិត២ខែ ហើយទៅរួមរស់ជាមួយសហាយស្មន់ ត្រូវប្តីតាមរកឃើញ ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនប្រុសជាសហាយស្មន់ រួមទាំងប្រពន្ធ យកទៅសួរនាំ។ ហេតុការណ៍កើឡើងកាលពីវេលាម៉ោង០៧យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីមានឈ្មោះ អ៊ូច បុប្ផា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្រពន្ធមានឈ្មោះ កែវ ស្រីណង អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកបុរសដែលត្រូវគេចោទប្រកាន់ថាជា សហាយស្មន់ មានឈ្មោះ ចាន់ សុភ័ក្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីបានរៀបរាប់ថា រូបគាត់បានរៀបការជាមួយប្រពន្ធជិត២ឆ្នាំមកហើយ ពុំមានកូននៅឡើយទេ តែប្រពន្ធជាស្ត្រីមេម៉ាយមានកូនស្រីម្នាក់អាយុ១៦ឆ្នាំ ។ ការរស់នៅជាមួយគ្នាគាត់ចូលចិត្តផឹកស្រា ចំណែកប្រពន្ធក៏ចូលចិត្តផឹកស្រា និងលេងល្បែងទៀតផង ។ ប្រមាណជិត២ខែកន្លងមកនេះ ស្ត្រីជាប្រពន្ធបានចុះចេញពីបន្ទប់ជួល ធ្វើឲ្យរូបគាត់ដើររកគ្រប់ទីកន្លែង តែរកមិនឃើញ និងបានទូរស័ព្ទទំនាក់ទំនងគ្នា ត្រូវប្រពន្ធឆ្លើយថា ចប់គ្នាហើយ យើងដើរបែកផ្លូវគ្នាទៅ ។
ប៉ុន្តែតែរូបគាត់នៅតែមិនអស់ចិត្ត ឆ្លៀតពេលទំនេរ ដើរស៊ើបសួររកប្រពន្ធ រហូតបានដឹងថា ប្រពន្ធទៅជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយក៏ចេះតែទៅតាមដាន និងសួរអ្នកជិតខាង ប្រាប់ថា ឧស្សាហ៍ឃើញមានបុរសម្នាក់ចេញចូលបន្ទប់នេះជាញឹកញាប់ នៅពេលកើតហេតុ គាត់ទៅដល់បន្ទប់ជួល បើកទ្វារបន្ទប់ចូលទៅឃើញម៉ូតូមួយគ្រឿងនៅក្នុងបន្ទប់ប្រពន្ធ ដែលកំពុងតែនៅជាមួយ ប្រុសសាហាយស្មន់ម្នាក់ ក៏បានប្តឹងសមត្ថកិច្ច ឃាត់បានបុរសជា សហាយាស្មន់ និងប្រពន្ធ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ ។ បុរសជាប្តីបានអះអាងថា គាត់មិនដែលប្រើអំពើហិង្សាលើប្រពន្ធទេ ។
ចំណែកស្ត្រីជាប្រពន្ធដែលត្រូវប្តីចោទប្រកាន់ថាមាន សហាយស្មន់ បាននិយាយថា បានជាគាត់ចុះចោលប្តី ដោយសារតែប្តីផឹកស៊ីស្រវឹងតែងតែប្រើអំពើហិង្សាទៅលើរូបគាត់ ធ្វើឲ្យគាត់ទ្រាំមិនបាន ទើបគាត់សុំបែកផ្លូវគ្នា ដូចប្តីលើកទីមួយរបស់គាត់ ដែលមានស្រីថ្មីបន្សល់ទុកកូនស្រីម្នាក់ឲ្យប្តីជាអ្នកថែរក្សា ។ ស្ត្រីជាប្រពន្ធបានបញ្ជាក់ប្រាប់ថា គាត់មិនមានទំនាក់ទំនងនឹងបុរស ដែលត្រូវប្តីចោទប្រកាន់ឡើយ គឺមានការទំនាក់ទំនងគ្នាជាមិត្តភក្តិ ដែលទើបនឹងស្គាល់គ្នាបានប្រមាណ២អាទិត្យតែប៉ុណ្ណោះ ហើយមិនមានស៊ីជំរៅដែរ គ្រាន់តែពឹងឲ្យគាត់ឌុបមកបន្ទប់ជួល ។
ចំណែកបុរសដែលត្រូវគេចោទប្រកាន់ថាជា សហាយស្មន់ បាននិយាយថា រូបគាត់នឹងស្ត្រីខាងលើ បានស្គាល់គ្នាបានចំនួន២អាទិត្យ គឺធ្លាប់ស្គាល់តាមរយៈមិត្តស្រីណែនាំឲ្យស្គាល់ ហើយធ្លាប់ផឹកស៊ីជាមួយគ្នាជាច្រើនដងមកហើយ មុនពេលកើតហេតុ រូបគាត់ និងស្ត្រីខាងលើ ទើបមកពីផឹកស៊ីជាមួយមិត្តភក្តិចប់កម្មវិធី បានឌុបនាងមកបន្ទប់ជួល តែដោយខ្លាចចោរលួចម៉ូតូ ទើបគាត់បណ្តើរម៉ូតូទុកក្នុងបន្ទប់ ហើយគាត់ឈឺពោះបានសុំចូលបន្ទប់ទឹកបានបន្តិច ស្រាប់តែលឺសូរសន្ធឹកគោះទ្វារខាងក្រៅ ចូលមកដល់ចោទថាគាត់សហាយស្មន់ទៅវិញ ។
ក្រោយពេលកើតហេតុ ដោយបុរសជាប្តីមិនបានប្តឹងផ្តល់ទេ ដោយហៅប្រពន្ធទៅស្រុកកំណើត ដើម្បីធ្វើលិខិតលែងគ្នាបញ្ចប់ភាពជាប្តីប្រពន្ធតែម្តង ៕


រាជធានីភ្នំពេញ ៖ ភ្នាក់ងាររាយការណ៍ថា នៅព្រឹកថ្ងៃចន្ទនេះ ក្រុមយុវជនមួយចំនួនមកពីអង្គការសង្គមស៊ីវិលបានចូលទៅដាក់កម្រងផ្កា និងរូបថតនៅក្នុងការ៉ាស់កាល់តិចជាទីដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំមុន។ ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមយុវជនបានជួបជុំគ្នាដាក់កម្រងផ្កា ឬរូបថត នៅក្នុងម៉ាតក្នុងការ៉ាស់សាំងកាល់តិចដោយពុំបានសុំច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញនោះឡើយ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពរបស់ក្រុមយុវជនទាំងនោះ មិនត្រឹមត្រូវនោះទេ ដោយពួកគេពុំបានសុំច្បាប់ទៅសាលាក្រុងនោះឡើយ ហើយក្រុមហ៊ុន Chevron ក៏មិនបានអនុញ្ញាតឲ្យពួកគេរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធនៅទីនោះផងដែរ៕

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ សភាជាតិបានអនុម័តទៅលើការធ្វើវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ ។ ប៉ុន្តែការអនុម័តនោះពុំមានការចូលរួមពីតំណាងរាស្ត្របក្សប្រឆាំងនោះឡើយ។
តាមខ្លឹមសាររួមការធ្វើវិសោធនកម្មច្បាប់ស្ដីពី ”គណបក្សនយោបាយ” នេះ គឺមានបំណងហាម មិនឲ្យទណ្ឌិតចូលរួម សកម្មភាពនយោបាយ ជាមួយគ្នា នយោបាយនានា ។ ចំពោះការធ្វើវិសោធនកម្ម ច្បាប់នេះម្ដងទៀត ត្រូវបានគណបក្សនយោបាយខ្លះ បង្ហាញការគាំទ្រ និងខ្លះទៀតមិនគាំទ្រ៕

ខេត្តកណ្តាល ៖ ភ្នាក់ងាររាយការណ៍ថា នៅវេលាព្រឹកថ្ងៃទី១០ ខែកក្កដានេះមានករណីផ្ទុះឆេះរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៤ បណ្តាលឲ្យខូចខាតទាំងស្រុង ។ យ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងជួយអន្តាគមន៍នៅកន្លែងកើតហេតុ ។
ភ្នាក់ងារបន្តថា មកដល់ពេលនេះពុំទាន់មានរបាយការណ៍ ឬការសន្និដ្ឋានណាមួយទាក់ទងនឹងមូលហេតុដែលនាំឲ្យផ្ទុះឆេះរថយន្តនោះនៅឡើយទេ៕


រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន បានណែនាំដល់មន្ត្រីគ្រប់ លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នារៀបចំពិធី អបអរសាទរ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ។
ដូច្នេះប្រសិនបើបងប្អូនឮសម្លេងទាំងនោះមេត្តាកុំភ្ញាក់ផ្អើល ព្រោះជាសម្លេងអបអរសាទរប្រាសាទសំបូរព្រៃគុក កម្ពុជាត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨កក្កដា ឆ្នាំ២០១៧នេះ ៕

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានអង្គការសង្គមស៊ីវិលជាង១៦០ បានផ្ញើលិខិតចំហរួមជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើបង្កើត គណៈកម្មការស៊ើបអង្កេតជុំវិញរឿងក្តីឃាតកម្មលើ លោក កែម ឡី ខណនៅថ្ងៃទី១០ ខែកក្កដានេះ គឺជាខួបមួយថ្ងៃនៃមរណភាពលោក កែម ឡី ផងដែរ ៕

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ជាមួយនឹងរបៀបវារៈសំខាន់ៗចំនួន២ទៀត ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ ប៉ុន្តែពុំមានវត្តមានតំណាងរាស្ត្របក្សប្រឆាំងចូលរួមនោះឡើយ ៕

ខេត្តតាកែវ ៖ លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ បានព្រមានមន្ត្រីនគបាលទាំងអស់ ពង្រឹងវិន័យឲ្យបានម៉ឹងម៉ាត់ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ហើយបើមានមន្ត្រីណា ដែលប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគបាលជាតិ នឹងត្រូវដកស័ក្ដិ និងដកតួនាទីភ្លាម ។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តតាកែវ កាលពីព្រឹកថ្ងៃសុក្រនេះ។
លោក នេត សាវឿន ថ្លែងថា មកដល់ម៉ោងនេះហើយ គ្មានការយោគយល់អីនោះទេ មន្ត្រីនគបាលណាម្នាក់ដែលប្រព្រឹត្តអ្វីមួយខុសច្បាប់ ឬខុសវិន័យកងកម្លាំងធ្ងន់ធ្ងរត្រូវដកស័ក្តិ ដកតួនាទី បណ្ដេញចោល ឬបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង ៕

រាជធានីភ្នំពេញ ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី១០ ខែកក្កដា ដើម្បីបើកិច្ចប្រជុំពេញអង្គពិនិត្យ ធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ខណៈដែលវិសោធនកម្មនោះនឹងត្រូវបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ផងដែរ ។
យ៉ាងណាក៏ដោយ បក្សប្រឆាំងប្រកាសមិនចូលប្រជុំ ដោយអះអាង ថាមានការរិតត្បិតខាងផ្នែកនយោបាយ និងសម្តែងការសោកស្តាយ ដែលសមាជិកសភាគណបក្សកាន់អំណាចធ្វើវិសោធនកម្មច្បាប់នេះ៕

អាល្លឺម៉ង់ ៖ ទីភ្នាក់ងារបរទេសនៅថ្ងៃនេះ បានរាយការណ៍ថា ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាដង្ហែតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ មុននឹងកិច្ចប្រជុំ G20 ឈានចូលមកដល់ ។ នៅក្នុងក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជាអំពើហិង្សាផងដែរបណ្ដាលឱ្យប៉ូលិស ៧៦នាក់រងរបួស ។
ទីភ្នាក់ងារដដែលបានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងប៉ូលិសអាល្លឺម៉ង់ និងក្រុមបាតុករប្រឆាំងនឹងកិច្ចប្រជុំ G20 បានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមបាតុករមួយចំនួននាំគ្នាចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះ ។
យ៉ាងណាក៏ដោយ អំពើហិង្សានេះ បាតុករជាច្រើននាក់បានរងរបួស និងអ្នកខ្លះទៀតត្រូវបានប៉ូលិសចាប់ខ្លួន ខណៈប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ អាចនឹងចូលរួមជាថ្មីនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ចុងសប្តាហ៍នេះផងដែរដែរ ៕

ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ អាជ្ញាធរក្រុងបាត់ដំបងបានចុះអនុវត្តរុះរើលំនៅដ្ឋានលក់ទំនិញ៣ខ្នងដែលបាំងមុខផ្លូវតាមការស្នើរសុំយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
លោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបងដែលដឹកនាំការចុះអនុវត្តនេះបានបញ្ជាក់ប្រាប់មេគង្គប៉ុស្តិ៍អោយដឹងថា ផ្ទះលក់ទំនិញចំនួន៣ខ្នងដែលបានសាងសង់ដោយបំពាននៅមុនឆ្នាំ២០១១ មុនការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធពេលនេះត្រូវបានគណះកម្មការក្រុងសម្រេចចុះអនុវត្តដីការរុះរើក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋជាង១០០គ្រួសារតាំងពីឆ្នាំ២០១៦កន្លងមក។
លោកបន្តថា ផ្លូវដែលមានទំនាស់ខាងលើឋិតក្នុងក្រុមទី១ ភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបងនៅក្នុងប្លង់ភូមិបាលផ្លូវភូមិមួយខ្សែនេះបានតភ្ជាប់ពីផ្លូវខេត្តលេខ៥៧ តួផ្លូវមានទទឹង១០ម៉ែត្រប៉ុន្តែជាក់ស្តែងចំពោះមុខគណៈកម្មការក្រុងសម្រេចចុះអនុវត្តរុះរើត្រឹម៥ម៉ែត្រប៉ុណ្ណោះក្នុងជំហានទី១ ។ ម្ចាស់ឃ្លាំងនិងផ្ទះលក់ទំនិញដែលប៉ះពាល់បាំងផ្លូវមានចំនួន៣ម្ចាស់មានឈ្មោះ ម៉ូវ ហោ ឈ្មោះឡុង សុធារឹទ្ធនិងឈ្មោះ តាំង ស៊ុយទ្រី ការអនុវត្តរុះរើលំនៅដ្ឋាននេះដែរដោយសារតែម្ចាស់ផ្ទះមិនបានអនុវត្តរើដោយខ្លួនឯងតាមកិច្ចសន្យាដែលបានជួបគ្នាជាមួយអាជ្ញាធរក្រុងជាច្រើនលើក។
ការចុះរុះរើនេះ លើផ្ទះប៉ះពាល់មានសងខាងផ្លូវ ក្នុងនោះប៉ែកខាងជើងផ្លូវត្រូវរុះរើតម្រឹមចំនួន២ម៉ែត្រនិងប៉ែកខាងត្បូងផ្លូវត្រូវរុះរើតម្រឹម១.៣ម៉ែត្រ។
ប្រជាពលរដ្ឋលោកជា ព្រេម អាយុ៦៥ឆ្នាំបានលើកឡើងថា ការអន្តរាគមន៍ដោយចុះរុះរើពីសំណាក់អាជ្ញាធរក្រុងលើផ្ទះដែលបាំងផ្លូវនេះជាក្តីប្រាថ្នាយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាង១០ក្រុម ស្មើជាង១០០គ្រួសាររស់នៅប៉ែកខាងក្នុងភូមិចាំបាច់ត្រូវប្រើប្រាស់និងឆ្លងកាត់ផ្លូវនេះទៅមកជាប្រចាំ។
ចំណែកអ្នកស្រី សេង ទុំ ជាប្រជាពលរដ្ឋដែលបានចូលរួមទាំងទឹកចិត្តសាទរដែរនោះបានប្រាប់អោយដឹងថា កំណាត់ផ្លូវជាង៦០ម៉ែត្រនេះកន្លងមកមានការលំបាកយ៉ាងខ្លាំងព្រោះវាតូចចង្អៀតហើយបត់កែងខ្លាំងបង្កការគ្រោះថ្នាក់ដោយជិះជល់គ្នាជាបន្តបន្ទាប់ ក្រោយពីការរុះរើបើកផ្លូវនេះរួច កំណាត់ផ្លូវខាងលើលែងពិបាកទៀតហើយពិសេសអាចចរាចរណ៍បានយ៉ាងងាយស្រួលទាំងម៉ូតូនិងរថយន្តតូច ធំ ទៅមករួមរថយន្តបន្លត់អគ្គិភ័យជាដើមឆ្លងកាត់ងាយស្រួលនិងលឿនពេលមានអាសន្នកើតឡើងជាយថាហេតុ៕


រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឱ្យកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី ។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយថា ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ដោយចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់អស់សុពលភាព ហើយមិនអាចពន្យាតទៅទៀតបាន ៕
សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសដូចខាងក្រោម៖


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍