រាជធានីភ្នំពេញ ៖ ក្រោយការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជំនាញអាវុធហត្ថរាជធានីភ្នំពេញសហការីជាមួយស្នងការយុត្តិធម៌ នៃស្នងការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយអាវុធហត្ថខេត្តកំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យ និងបាត់ដំបងបានស្រាវជ្រាវកំណត់មុខសញ្ញា និងតាមប្រមាញ់ជនសង្ស័យ ពីខេត្តមួយទៅខេត្តមួយ រហូតដល់ឃាត់ខ្លួនបាននៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
ជនដៃដល់ឈ្មោះ រស់ រីម អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ ជាមួយប្តីជនរងគ្រោះដែលស្លាប់ និងធ្លាប់ស៊ីឈ្នួលបើករថយន្តដឹកបន្លែ ឲ្យជនរងគ្រោះពីស្រុកស្អាង ខេត្តកណ្តាល មកភ្នំពេញ។
ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានឈប់ស៊ីឈ្នួល បើករថយន្តឲ្យជនរងគ្រោះ ព្រោះគ្មានបន្លែដឹក។ រហូតដល់ដើមខែឧសភា ឆ្នាំ២០១៧ ដោយជនសង្ស័យអត់ការងារធ្វើ រកចំណូលមិនបាន និងធ្លាប់គុំគួនជាមួយជនរងគ្រោះ ដែលតែងតែជេរប្រទិច បណ្តាស់សារូបគេ កាលនៅស៊ីឈ្នួលបើករថយន្តឲ្យផងនោះ ជនសង្ស័យក៏រៀបគម្រោងជាមួយដៃគូម្នាក់ទៀត ឈ្មោះ ផាត ពេជ្រ អាយុ១៦ឆ្នាំ ដែលជាអ្នកធ្លាប់ស៊ីឈ្នួលជាមួយគ្នា ដើម្បីសម្លាប់ជនរងគ្រោះ និងប្លន់យកទ្រព្យសម្បត្តិ។
បច្ចុប្បន្នជនដៃដល់ឈ្មោះ រស់ រីម កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូន ទៅតុលាការនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ស្អែក ដើម្បីផ្តន្ទាទោសតាមច្បាប់ ខណៈដែគូម្នាក់ឈ្មោះ ផាត ពេជ្រ កំពុងត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត។
គួររម្លឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ត្រីកូនខ្ចី២ខែម្នាក់ត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំង ដោយរឹត.កយ៉ាងសាហាវព្រៃផ្សៃ ថែមទាំងបាត់ទូដែក១ នៅផ្ទះលេខ១២ ផ្លូវ២០k ក្រុមទី៨ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានរាយការណ៍ថា ពីសាឡង់ដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅលើផ្ទៃទឹកក្បែរខេត្ត Java ខាងកើត ដែលស្ថិតនៅភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី និងបានបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ និងជាង១៦០នាក់ទៀតបាត់ខ្លួន បន្ទាប់
តាមអ្នកនាំពាក្យការិយាល័យរុករក និងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ីបានថ្លែងថា ករណីនេះកើតឡើងកាលពីយប់មិញ។ ប្រភពដដែលបញ្ជាក់ថា មកទល់ព្រឹកថ្ងៃសៅរ៍នេះ ក្រុមភ្នាក់ងារជួយសង្គ្រោះប្រទេសឥណ្ឌូណេស៊ី នៅតែកំពុងបន្តស្វែងរកជនដែលបានបាត់ខ្លួន។
អាជ្ញាធរជំនាញបានបើកការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលបានបង្កឲ្យមានសោកនាដកម្មដ៏អាក្រក់មួយនេះ៕
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបណ្តេញបុរសជនជាតិនីហ្សេរីយ៉ា១០នាក់ និងជនជាតិកូរ៉េ១នាក់ទៅកាន់ប្រទេសកំណើតវិញ ក្រោយពីបានរកឃើញថា ពួកគេបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ក្រុមមន្ត្រីជំនាញបានឲ្យដឹងថា ជនជនជាតិនីហ្សេរីយ៉ាចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ទៅតាមជើងហោះហើរលេខ QR៩៧១។ ចំណែកជនជាតិកូរ៉េម្នាក់ទៀតធ្វើការបណ្តេញចេញនៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃដដែល ទៅតាមជើងយន្តហោះលេខ OZ៧៤០៕
ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ សមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិបានឡែម+ដូង ព្រំប្រទល់នៃស្រុកកំរៀងបានចាប់ឃាត់រថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភារួមនិងអ្នកបើកបរម្នាក់កសាងសំណុំរឿងចាត់ការតាមនិតិវិធី។
លោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែឧសភា នេះថា រថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភា និងអ្នកបើកបររួមទាំងអ្នករួមដំណើរ៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិបានឡែម+ដូងព្រំប្រទល់នៃស្រុកកំរៀងបានធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩-០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅចំណុចផ្សារបានឡែម ប្រទេសថៃ ខណៈដែលម្ចាស់រថយន្តខាងលើនេះបើកដឹកក្រុមគ្រួសារចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារបានឡែមដើម្បីយកទៅកម្មវិធីរៀបមង្គលការប្អូន។
លោកបន្តថា រថយន្តចង្កូតស្តាំ១គ្រឿងដែលត្រូវសមត្ថកិច្ចថៃឃាត់ម៉ាក TOYOTA FORTUNER ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខព្រឹទ្ធសភា ៣២.០៣៣ បើកបរដោយឈ្មោះ យ៉ន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរួមដំណើរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងអ្នករួមដំណើរ៥នាក់ក្នុងនោះស្រី៤នាក់ និងកូនក្មេងម្នាក់។
បច្ចុប្បន្នរថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភាខាងលើរួមនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់យកទៅចាត់ការតាមនីតិវិធី ចំណែកអ្នករួមដំណើរ៥នាក់ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅផ្ទះវិញ៕
រាជធានីភ្នំពេញ ៖ កម្មករម្នាក់ដែលសម្លាប់មេការរបស់ខ្លួន ព្រោះតែជំពាក់លុយ៤ម៉ឺនរៀល ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមដោយផ្តន្ទាទោសដាក់ពន្ធនាគាររយះពេល១០ឆ្នាំ ។
ជនជាប់ចោទ ឈ្មោះ ឈិត បូរី អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។ ជនជាប់ចោទ ធ្លាប់បានសារភាពថា ខ្លួនពិតជាបានវាយមេជាងចំនួន៣ដំបងបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ព្រោះតែជំពាក់លុយ៤ម៉ឺនរៀល ហើយមិនសង ខណដែលជនដៃដល់សួរនាំក៏ទាត់ជនដៃដល់មួយជើង ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅការដ្ឋានសាងសង់ផ្ទះល្វែងផ្លូវបេតុង ភូមិសំបួរសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ គា ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ (ស្លាប់) ភាគីដើមបណ្តឹងទាមទារសំណងជំងឺចិត្ត ពីជនជាប់ចោទលើទឹកប្រាក់ចំនួន៣០០០ដុល្លារ។
សវនាការតំណាងអយ្យការលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង បានធ្វើសេចក្តីសន្និដ្ឋាន និងនៅតែរក្សាការចោទប្រកាន់ជនជាប់ចោទ ពិតជាមានចេតនាក្នុងអំពើឃាតកម្ម ហើយបានស្នើសុំឲ្យតុលាការផ្តន្ទាទោស ជនជាប់ចោទតាមច្បាប់កំណត់៕
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានហាមមិនឲ្យស្ថាប័នសរព័ត៌មានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការឃោសនា ឲ្យគណបក្សនយោបាយណាមួយឡើយ នៅក្នុងអំឡុងពលមុនបោះឆ្នោតមួយថ្ងៃ ពោលគឺរយះពេល២៤ម៉ោងមុនការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងថា ក្នុងរយៈពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ ក៏ដូចជាគណបក្សនយោបាយទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានតាមមធ្យោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការឃោសនាពីកម្មវិធីនយោបាយ ឬគាំទ្រគណបក្សណាមួយឡើយ។
អ្នកនាំពាក្យរូបនេះបានទទូចថា អ្នកសារព័ត៌មានមិនត្រូវទទួលសំណូក និងលំអៀងទៅរកភាគីណាមួយឡើយ ហើយកុំភ្លេចខ្លួនប្រាសចាកពី បទប្បញ្ញត្តិច្បាប់ឲ្យសោះ ពីព្រោះក្នុងទិដ្ឋភាពច្បាប់ គឺមានការដាក់ទោសទណ្ឌ ប្រសិនបើមានការធ្វេសប្រហែស នោះនឹងធ្វើឲ្យបាត់អព្យាក្រឹតភាព និងកិត្តិយសរបស់ខ្លួន ក្នុងការបំពេញតួនាទីជាអ្នកព័ត៌មាន។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ប្រសិនបើ អង្គភាពសារព័ត៌មានណា ដែលអនុវត្តការផ្សព្វផ្សាយរបស់ខ្លួន ប្រាសចាកពីបទបញ្ជា និងផ្ទុយពីបទប្បញ្ញត្តិច្បាប់ នៅអំឡុងពេលឃោសនាបោះឆ្នោត គ.ជ.ប មានវិធានការ៣ជំហាន រួមមាន៖ ជំហានទី១. គ.ជ.ប នឹងធ្វើលិខិតរំឭកណែនាំដល់ស្ថានីយ៍នោះ, ទី២.ផាកពិន័យជាថវិកាចាប់ពី ៥លាន ទៅ ២០លានរៀល និងទី៣. គ.ជ.ប នឹងសហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើការផ្អាកផ្សាយចំពោះស្ថានីយ៍នោះតែម្ដង ៕
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៧ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលកិច្ចប្រជុំនេះក្រោមវត្តមានលោក ឯម សុផាត សមាជិក គ.ជ.ប។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ធ្វើឡើងរយៈពេល១៤ថ្ងៃ។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៤ ខែឧសភា ឆ្នាំ២០១៧៕
ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ១០នាក់ក្នុងចំណោម១៩នាក់ដែលអាជ្ញាធរថៃចាប់ខ្លួនពេលចូលទៅ កាប់ឈើគ្រញូងក្នុងដីថៃនោះត្រូវបានដោះលែងវិញហើយ ក្រោយមានការអន្តរាគមន៍ពីមន្ត្រីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ។
សូមជំរាបថាពលរដ្ឋខ្មែរទាំង១០នាក់ ត្រូវបានដោះលែងនៅម៉ោង ៣រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ជាមួយនិងការបង់ផាកពិន័យក្នុងម្នាក់ៗ ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់។ ពលរដ្ឋខ្មែរទាំង១០នាក់នេះ ដែលសុទ្ធតែជាអ្នកខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៩យប់មិញនេះ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ១០រូបនេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ពេលពួកគេឆ្លងដែនទៅកាប់ឈើគ្រញូង នៅក្នុងស្រុកមឿងសាកែវ ខេត្តសាកែវ។ មន្ត្រីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ ក៏កំពុងជួយអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរ ៩នាក់ផ្សេងទៀតផងដែរ៕
ព្យុចសែល ៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីរបស់ពិភពលោក Facebook ត្រូវបានគណៈកម្មការនៃសហភាពអឺរ៉ុបពិន័យជាទឹកប្រាក់ចំនួន១១០លានអឺរ៉ូ ដែលស្មើនឹង១២២.៥លានដុល្លារសហរដ្ឋអាមេរិក។
ការសម្រេចពិន័យក្រុមហ៊ុនយក្សមួយនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញ ដោយជាប់ពាក់ព័ន្ធការផ្តល់ព័ត៌មានធ្វើឲ្យយល់ខុស នៅអំឡុងការស៊ើបអង្កេត របស់គណៈកម្មការនេះ ជុំវិញការទិញសិទ្ធិគ្រប់គ្រងរបស់ Facebook លើកម្មវិធី WhatsApp កាលពីប៉ុន្មានឆ្នាំមុន។ នេះបើយោងតាមការទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik។
នេះជាលើកទី២ហើយដែលក្រុមហ៊ុនបណ្តាញទំនាក់ទំនងដ៏ពេញនិយមរបស់ពិភពលោកមួយនេះ ដោយកាលពីថ្ងៃមុន គណៈកម្មការជាតិបារាំងទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា និងសិទ្ធសេរីភាព ក៏បានពិន័យ Facebook ជាប្រាក់១៦៥,៦០០ដុល្លារផងដែរ សម្រាប់ការល្មើសច្បាប់រក្សាការពារទិន្ន័យ។ទន្ទឹមនឹងនេះកាលពីថ្ងៃសុក្រសប្តាហ៍ មុនវិញនោះ WhatsApp បានទទួលរងការពិន័យប្រមាណជាងបីលានដុល្លារ ដោយអាជ្ញាធរប្រកួតប្រជែងអ៊ីតាលី ក្រោមបទចោទប្រកាន់ថា កម្មវិធីនេះ បានបង្ខំអ្នកប្រើប្រាស់ឲ្យចែករំលែកទិនន្ន័យផ្ទាល់របស់ពួកគេជាមួយបណ្តាញសង្គម Facebook៕
អាមេរិក ៖ មនុស្សយ៉ាងហោចណាស់ប្រមាណ២០នាក់ទទួលរងរបួស និងម្នាក់បានស្លាប់ក្នុងករណីរថយន្តបើកក្នុងល្បឿនលឿនមួយគ្រឿងបានបើកចូលទៅក្នុងតំបន់សម្រាប់មនុស្សដើរនាតំបន់ Times Square និងជាតំបន់ពាណិជ្ជកម្ម, តំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលកម្សាន្ត ក្នុងទីក្រុង New Yok សហរដ្ឋអាមេរិក។
ប៉ូលិសនៅទីក្រុង New York សហរដ្ឋអាមេរិកបានឲ្យដឹងថា ជនរងគ្រោះ៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះហើយ ខណៈម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមសារព័ត៌មាន BBC។
ទោះបីយ៉ាងណាប៉ូលិសបានអះអាងករណីគ្រោះថ្នាក់ខាងនេះមិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ៕
រាជធានីភ្នំពេញ ៖ នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបញ្ជូនសមាជិករណសិរ្សរំដោះជាតិខ្មែរម្នាក់ ដែលពាក់ព័ន្ធនឹងការប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ខណៈដែល២នាក់ទៀតត្រូវបានអប់រំ ហើយដោះលែងវិញ។
តាមប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា នគរបាលសម្រេចបញ្ជូន តែជនសង្ស័យម្នាក់ឈ្មោះ ធុយ វី ដែលជាសមាជិករណសិរ្សរំដោះជាតិខ្មែរទៅតុលាការប៉ុណ្ណោះ ដោយឡែក២នាក់ទៀត ដែលជាម្ចាស់ផ្ទះ ព្រះរាជអាជ្ញាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ គ្រាន់តែអប់រំតែប៉ុណ្ណោះ ដោយសារតែជនទាំង២នាក់នេះ មិនបានយល់ច្បាស់ ពីរណសិរ្សរំដោះជាតិខ្មែរ។
គួរបញ្ជាក់ថា នៅព្រឹកម្សិលមិញសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ខណៈកំពុងធ្វើសន្និសីទសារព័ត៌មាន និយាយពីបញ្ហានយោបាយ និងពាក់ព័ន្ធជាមួយចលនាខុសច្បាប់របស់លោក សំ សេរីពីទីស្នាក់ការឧត្តមស្នងការ អន្តរសាសន៍ស្ថិត នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស និងយល់ព្រមតាមសំណើរបស់ពួកគេ៣លក្ខខណ្ឌផ្សេងទៀត។
ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ទី១,ឈ្មោះ ឈុន សាវ៉ាក់ខេត្ត ភេទប្រុស ប្រធានអង្គការខេមរៈឥស្លាម និងជាប្រធានឧត្តមស្នងការអន្តរសាសន៍, ទី២ឈ្មោះ ធុយ វី ភេទប្រុស តំណាងរណសិរ្សរំដោះជាតិខ្មែរ មកពីប្រទេសថៃ, និងទី៣ឈ្មោះ សុ ភាលីន ភេទប្រុស ជាសមាជិករណសិរ្សរំដោះជាតិខ្មែរ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍