ក្រសួង​អំពាវនាវ​ឲ្យ​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ចំពោះ​កម្មករ​កម្មការិនី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កាលពី​ម្សិលមិញ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ការអំពាវនាវ ៤​ចំណុច​សំខាន់ៗ ទៅដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ នៅតាម​រោងចក្រ​ទូទាំងប្រទេស​កម្ពុជា ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ចំពោះ​កម្មករ កម្មការិនី​។​
​សេចក្តីអំពាវនាវ នោះ​ក៏បាន​ដាក់ចេញ​នូវ​ការណែនាំ​ចំនួន​៤​ចំណុច ៖
១- អ្នក​ប្រកប​របរ​ដឹក​កម្មករ កម្មការិនី គប្បី​ប្រើប្រាស់​រថយន្ដ​ដឹក អ្នកដំណើរ​ប្រភេទ​តូ​រី​ស ឬ​បឺស ដែលមាន​លក្ខណៈ​សុវត្ថិភាព ជា​ប្រភេទ​យានយន្ដ​ដទៃទៀត ដើម្បី​ដឹក​កម្មករ កម្មការិនី ដោយ​អង្គុយ​តាម​កៅអី ក្នុង​រថយន្ដ និង​មិនត្រូវ​ផ្ទុក​លើដំបូល​ជាដាច់ខាត​។ គប្បី​កាត់បន្ថយ​ឲ្យ​បាន​អតិបរមា នូវ​ការដឹក​កម្មករ កម្ម​ការ​នី តាម​រថយន្ដ​ដឹកទំនិញ ដោយ​ឈរ​ណែនណាន់ តាន់តាប់​លើស​ចំណុះ ឬ​តាម​ទោចក្រយានយន្ដ​សណ្ដោង​រ៉ឺម៉ក ដែលមាន​ហានិភ័យ​ខ្ពស់ ងាយ​កើតមាន​គ្រោះថ្នាក់ ដូចដែល​ពេល​កន្លង ទៅ​ករណី​គ្រោះថ្នាក់​មួយ​លើកៗ បណ្ដាល​ឲ្យ​កម្មករ កម្មការិនី ទទួលរង​គ្រោះជា​ច្រើន​ឥត​គណនា​។​
២- អ្នកបើករថយន្ដ​ដឹក​កម្មករ កម្មការិនី​គ្រប់រូប ត្រូវមាន​ប័ណ្ណបើកបរ ព្រមទាំង​រថយន្ដ​ទាំងអស់ មាន​ប័ណ្ណ​សម្គាល់​យានយន្ដ ស្លាក​លេខ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​ប​ចេ្ច​ក​ទេស ដែលមាន​សុពលភាព​។​
៣- ក្នុង​ការដឹក​កម្មករ កម្មការិនី​តាម​រថយន្ដ​ដឹកទំនិញ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ដូចខាងក្រោម​៖
– ត្រូវ​រៀបចំ​កៅអី​ឲ្យ​បាន​ត្រឹមត្រូវ ហាម​មិន​ឲ្យ​ឈរ​ដាច់ខាត​
– ត្រូវមាន​រនាំង​ដែក​បាំង​ជុំវិញ មិន​ឲ្យ​ដាក់​ដៃ​ចេញ​ក្រៅ​
– ហាម​ផ្ទុក​លើស​ចំណុះ​
– ត្រូវ​ធានា​លក្ខណៈ​បច្ចេកទេស រថយន្ដ​ឲ្យ​មាន​សុវត្ថិភាព ពិសេស​ចំពោះ​កង់ ភ្លើង ហ្វ្រាំង ច​ង្គូ​ត ។​ល​។​
– ត្រូវ​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេល គ្រប់​ទីកន្លែង​ពិសេស ត្រូវ​បើកបរ​គោរព​ល្បឿន​កំណត់ គោរព​សញ្ញា​ចរាចរណ៍ គោរព​សិទ្ធិ​អាទិភាព ប្រកាន់​ស្ដាំ ធានា​សុវត្ថិភាព ក្នុងការ​ជែង ការបត់ ការឈប់ និង​ការចត មិន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ។​ល​។​
៤- នៅតាម​គោលដៅ​រោច​ក្រ សហគ្រាស អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ កម្មការិនី​ត្រូវ​ឈប់ ឬ​ចត ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​មិនមាន​ការកកស្ទះ​ចរាចរណ៍​។​
​សេចក្តី​អំពាវ​នានា​ដដែល​បន្ថែម​ថា «​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សង្ឃឹមថា អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ កម្មការិនី​គ្រប់រូប និង​ចូលរួម​អនុវត្តតាម​ការអំពាវនាវ​នេះ ដែល​ផ្ដល់​គុណប្រយោជន៍ ក្នុងការ​រក្សារ​សុវត្ថិភាព ជូន​កម្មករ កម្មការិនី ជា​កម្លាំងផលិតកម្ម​ដ៏​សំខាន់ ឲ្យ​បាន​ជៀស​ផុតពី​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក​»៕

fn-2016-06-21-15-46-24-0