តួ​ក​គី​បញ្ចប់​ការងារ​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​ផ្សុំ​គំនិត​ធ្វើ​រដ្ឋប្រហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

​តួ​ក​គី​៖​នៅពេល​មានការ​អះអាងថា “​ភស្តុតាង​ទាំងអស់​” បាន​ចង្អុល​ទៅកាន់​បព្វជិត​មូស្លីម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ថា ជា​មេខ្លោង​នៃ​ការធ្វើ​រដ្ឋប្រហារ​បរាជ័យ​កាលពី​សប្តាហ៍​មុន​នោះ រដ្ឋាភិបាល​របស់​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​អង្គារ​បានបញ្ចប់​ការងារ​មនុស្ស​រាប់ម៉ឺន​នាក់​ដូចជា​គ្រូបង្រៀន ព្រឹទ្ធបុរស មហា វិទ្យាល័យ​និង​អ្នក​ដទៃទៀត​ដែល​រង​ការចោទប្រកាន់ថា​មាន​ទំនាក់ទំនង​ទៅនឹង​ផែនការ​នេះហើយ​បានទាមទារ​ឲ្យ​ធ្វើ​បត្យាប័ន​បព្វជិត​រូបនោះ​។​
​លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បានលើកឡើង​អំពី​បញ្ហា​នេះ​នៅក្នុង​ការហៅ​ទូរស័ព្ទ​មួយ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama ហើយ​អ្នកនាំពាក្យ​របស់លោក​បាន​និយាយថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​សំណើ​បត្យាប័ន​ជា​ផ្លូវការ​មួយ​សម្រាប់​បព្វជិត Fethullah Gulen ។ ប៉ុន្តែ​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិនគួរ​តម្រូវ​ឲ្យ​មាន​អង្គហេតុ​មុន​ពេលធ្វើ​បត្យាប័ន​គាត់​នោះទេ​។​
​ការបង្ក្រាប​ត្រូវបាន​បង្កើន​រឹតតែ​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​ខណៈ​រដ្ឋាភិបាល​បានប្រកាស​ពី​ការបញ្ចប់​ការងារ​គ្រូបង្រៀន​និង​បុគ្គលិក​ក្រសួងមហាផ្ទៃ​ជិត​២៤.០០០​នាក់​ហើយ​ទាមទារ​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់​ព្រឹទ្ធបុរស​សាកលវិទ្យាល័យ​ចំនួន​១.៥៧៧​នាក់​ទៀត​ព្រមទាំង​បុគ្គលិក​រដ្ឋាភិបាល​រាប់រយ​នាក់​ផងដែរ​។​
​នៅក្នុង​របាយការណ៍​ដ៏​ក្តី​គគុក​មួយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទួរគី​បាន​ឲ្យ​ដឹងថា​ក្រសួង​អប់រំ​បានបញ្ចប់​ការងារ​គ្រូបង្រៀន​ចំនួន​១៥.២០០​នាក់​ខណៈដែល​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​បុគ្គលិក​ចំនួន​៨.៧៧៧​នាក់​ចំណែក​ក្រុមប្រឹក្សាភិបាល​ឧ​ត្ត​ម​សិក្សា​របស់​ប្រទេស​ទួរគី​បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធបុរស​លាលែង​ពី​តំណែង​។ លើសពីនេះ​ទៀត បុគ្គលិក​ក្រសួង​ហិរញ្ញវត្ថុ​ចំនួន​១.៥០០​នាក់​ត្រូវ​បានបញ្ចប់​ការងារ​ខណៈ​មនុស្ស​២៥៧​នាក់​ដែល​ធ្វើការ​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ត្រូវបាន​បណ្តេញចេញ​និង​បុគ្គលិក​នៅ​នាយកដ្ឋាន​កិច្ចការ​សាសនា​ចំនួន​៤៩២​នាក់​ត្រូវ​បានបញ្ចប់​តំណែង​ដោយ​ក្នុងនោះ​ក៏​រួមមាន​ទាំង​បព្វជិត គ្រូ​អធិប្បាយ​និង​គ្រូ​សាសនា​ផងដែរ​។​
​ការបញ្ចប់​ការងារ​កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មនុស្ស​ប្រហែល​៩.០០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​រដ្ឋាភិបាល​ដោយ​រួមមាន​កងសន្តិសុខ ចៅក្រម រដ្ឋអាជ្ញា បុគ្គល​សាសនា​និង​អ្នក​ដទៃទៀត​។ ជាមួយគ្នា​នោះ​ផងដែរ លោក Erdogan បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ការ​យកទោស​ប្រហារជីវិត​មក​ប្រើ​វិញ​ដែល​ការអនុវត្តន៍​នេះ​បាន​លុបបំបាត់​ក្នុង​ឆ្នាំ​២០០៤​ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់​ប្រទេស​តួ​ក​គី​ដើម្បី​ចូលរួម​សហភាព​អឺរ៉ុប​៕

578dfb4c0593b.image_