កសិករ​ស្រុក​ចិត្រ​បុរី​អនុវត្ត​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំនេះ​សម្រេចបាន​ប្រមាណ​ជា ១០០​ភាគរយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ប្រជាកសិករ​នៅក្នុង​ស្រុក​ចិត្រ​បុរី បាន​អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ឆ្នាំនេះ បាន​ទាន់ពេលវេលា ដោយសារ​ភាពអំណោយ​ផល​ដ៏​ល្អប្រសើរ​នៃ​កត្តា​ធម្មជាតិ ដែលមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​នៅ​គ្រប់កន្លែង ។​
​លោក ហង្ស ចាន់​ឌី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវវស្សា​ឆ្នាំនេះ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ចិត្រ​បុរី បានធ្វើ​ស្រែ​ស្រូវ​សន្ទូង និង​ស្រូវពង្រោះ សរុប​បាន​ចំនួន ៨៧០០​ហិកតា ក្នុងនោះ​ស្រូវពង្រោះ​បាន​ចំនួន ៨៦៤​ហិកតា បើ​ធៀប​ទៅនឹង​ការ​បង្កបង្កើនផល​ប្រចាំឆ្នាំ គឺ​ឆ្នាំនេះ សម្រេចបាន ១០០​ភាគរយ ។ ដោយឡែក​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥​វិញ​នោះ ឃើញថា​មានការ​កើនឡើង​ចំនួន ១៧៤​ហិកតា ស្មើនឹង​២​ភាគរយ ។​
​ជាមួយគ្នា​នោះ សត្វ​គោ ក្របី ដែលជា​កម្លាំង​អូសទាញ​ដ៏​សំខាន់​របស់​ប្រជាកសិករ​ក្នុងការ​ភ្ជួរ​រ៉ា​ស​ធ្វើស្រែ​ចម្ការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំកន្លងមក​នោះ ។ បច្ចុប្បន្ន គេ​សង្កេតឃើញថា ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​ផ្លាស់ប្ដូរ ទំនៀម​ទំលាប់​ចាស់​ចោល​ជា​បណ្ដើរៗ ដោយ​ងាក់​មកប្រើប្រាស់​នូវ​គ្រឿងយន្ត​កសិកម្ម ដូចជា គោយន្ត​កន្ត្រៃ ជាដើម ជំនួស​សត្វ​គោ ក្របី ក្នុងការ​ធ្វើស្រែ​ចម្ការ ។​
​ចំណុច​នេះហើយ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ មាន​ភាព​ធូរធារ​ប្រសើ​ឡើង និង​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីក​ច្រើន​លើ​គ្រប់​វិស័យ ។​
​លោក ហង្ស ចាន់​ឌី បាន​មានប្រសាសន៍​បញ្ជាក់ថា រដូវវស្សា​ឆ្នាំនេះ គឺ​ពុំមាន​បញ្ហា​ប្រឈម​សម្រាប់​ប្រជាកសិករ ក្នុងការ​បង្កបង្កើនផល​កសិកម្ម​នោះទេ ដោយសារ​កត្តា​ធម្មជាតិ​ឆ្នាំនេះ មាន​ភាព​អំណោយផល​ច្រើន​សម្រាប់​ការដាំដុះ និង​ធ្វើស្រែ​ចម្ការ​បាន​ទាន់​រដូវ ។ ដោយឡែក សម្រាប់​រដូវវស្សា​ឆ្នាំមុន គឺ​ប្រជាកសិករ មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ និង​ដោយ​ដុំៗ តាម​កន្លែង​នីមួយៗ ។​
​លោក បានបញ្ជាក់​បន្ថែមថា ក្រៅពី​ស្រូវ ដែលជា​ដំណាំ​យុទ្ធសាស្ត្រ​នោះ ក៏​នៅមាន​ដំណាំ​រួមផ្សំ​ជាច្រើន​ទៀត ដូចជា ដំ​ឡូ​មី ពោត អំពៅ ល្ង សណ្ដែក ជាដើម ដែល​ពួកគាត់​តែងតែ​ធ្វើ​ចា​រៀងរាល់​ឆ្នាំកន្លងមក ប៉ុន្តែ​វា​មាន​ផល​លំបាក នៅក្រោយពេល​ប្រមូល​ផល​រួច គឺ​កត្តា​ទីផ្សារ គឺ​វា​មាន​ភាពមិន​អំណោយផល​សម្រាប់​ប្រជាកសិករ​នោះទេ ដោយសារ​ការ​ប្រែ​ប្រួស​នូវ​តម្លៃ ។ លោក សង្ឃឹមថា នៅ​ឆ្នាំនេះ តាមរយៈ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តម្លៃ​ទីផ្សារ​ដំណាំ​ទាំងនោះ និង​មាន​ភាពល្អប្រសើរ​ស្រាប់​ពួកគាត់ ។​
​ស្រុក​ចិត្រ​បុរី គឺជា​ស្រុក​មួយ​ក្នុងចំណោម ស្រុក​៥ និង​ក្រុង​១ ក្នុង​ខេត្តក្រចេះ ដែលមាន​ឃុំ​ចំនួន​១០ ក្នុងនោះ​មាន​ឃុំ​ចំនួន ៤ នៅជាប់​នឹង​ដង​ទន្លេមេគង្គ និង​ឃុំ​ចំនួន ៦​ទៀត​ថ្វី​ត្បិត​មិន​នៅជាប់​នឹង​ដង​ទន្លេ​ក៏ពិតមែន តែ​ក៏​នៅមាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ផងដែរ ៕

14012418_1749736515264911_1208326614_o14001952_1749736445264918_1109934711_o13987119_1749736458598250_1232560037_o13950701_1749736501931579_144485247_o