រតនគិរី៖លោកឧកញ៉ា ហ៊ុន ជា ត្រូវបានគេស្គាល់ថា ជាកូនប្រុសលោក ហ៊ុន សាន កំពុងរងនូវការរិះគន់យ៉ាងចាស់ដៃពីមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ករណីជំនួញឈើខុសច្បាប់នាំចេញទៅប្រទេសវៀតណាមតាមច្រកអូយ៉ាដាវ រួមទាំងច្រកមួយចំនួនទៀតក្នុងខេត្តមណ្ឌលគិរី។
តាមភ្នាក់ងាររាយការណ៍ថា បន្ទាប់ពីយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ដឹកនាំបញ្ជាដោយលោក សៅ សុខា នោះ ករណីជំនួញឈើនាំចេញទៅវៀតណាមបានស្ងប់ស្ងាត់មួយរយៈខ្លី ប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក ជំនួញឈើខុសច្បាប់ត្រូវបានកំរើកឡើងវិញ ហើយហាក់មានទ្រង់ទ្រាយកាន់តែធំជាងមុន ។
តាមព័ត៌មានពីមន្ត្រីក្នុងខេត្តមួយរូបបានប្រាប់ឲ្យដឹងថា ជំនួញឈើខុសច្បាប់ដែលកំពុងមានសកម្មភាពយ៉ាងគគ្រឹគគគ្រេងនៅខេត្តរតនគិរី សព្វថ្ងៃនេះ គឺជាជំនួញឈើរបស់លោកឧកញ៉ា ហ៊ុន ជាតែម្តងដែលបាននាំចេញឈើយ៉ាងសកម្មតាមច្រកអូរយ៉ាដាវ ខេត្តរតនគិរី និងច្រកមួយទៀតក្នុងខេត្តមណ្ឌលគិរី រួមមានច្រកដាក់ដាំជាដើម ។
ប្រភពបន្តថា រាល់ថ្ងៃគេតែងតែឃើញមានទាំងប្រជាពលរដ្ឋ និងក្រុមដៃជើងលោកឧកញ៉ា ហ៊ុន ជា ចូលកាប់ព្រៃយ៉ាងអនាធិបតេយ្យក្នុងស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកអូយ៉ាដាវជាដើម ខណៈដែលព្រៃឈើតំបន់នោះបានធូរស្រាលពីការកាប់បំផ្លាញមួយរយៈខ្លី ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើរបស់នាយឧត្តមសេនីយ៍ សៅ សុខា ។
ពាក់ព័ន្ធករណីនេះ គេសង្កេតឃើញថា ទាំងអភិបាលខេត្ត ទាំងកងកម្លាំង ទាំងមន្ត្រីជំនាញ សំខាន់ផ្នែករដ្ឋបាលព្រៃឈើហាក់មិនបានបង្ហាញនូវការចាប់អារម្មណ៍ ចំពោះសកម្មភាពបទល្មើសព្រៃឈើ ដែលកក្រើកឡើងវិញនោះឡើយ។ ទន្ទឹមនោះគេអាចនឹងអះអាងថា បញ្ហាជំនួញឈើខុសច្បាប់របស់ឧកញ៉ារូបនេះកំពុងតែមានឥទ្ធិពលតាមរយៈលុយ ឬ រយៈអំណាចថ្នាក់កំពូលហើយទើបពួកគេសម្ងំស្ងាត់ឈឹងដូច្នេះ។
លោកឧកញ៉ា ហ៊ុន ជា ដែលរងការចោទប្រកាន់នោះ មិនទាន់អាចសុំការបំភ្លឺណាមួយបាននៅឡើយទេ ខណៈដែលព័ត៌មានខ្លះបានអះអាងថា លោកឧកញ៉ា ហ៊ុន ជា គ្រាន់តែឈរឈ្មោះប៉ុណ្ណោះ ចំណែកអ្នកដែលធ្វើផ្ទាល់នោះគឺជាក្រុមលោកឧកញ៉ាជើងចាស់ដែលធ្លាប់រកស៊ីជំនួញឈើដុសស្លែនៅតំបន់នោះ ហើយក៏ធ្លាប់រងការចោទប្រកាន់ថា ជាឧកញ៉ាជំនួញឈើខុសច្បាប់ថែមទៀត ។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយ កាលពីពេលថ្មីៗ នេះ បានឲ្យដឹងថា ជំនួញឈើខ្មែរ នៅតែត្រូវគេនាំចេញយ៉ាងគំហុកទៅប្រទេសយួន ដែលធ្វើឲ្យកំណើននៃការនាំចេញឈើខុសច្បាប់មានរហូតដល់១២១លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៦នេះ ។ នេះជាទិន្នន័យរបស់គយ ប្រទេសយួន ហើយត្រូវបានចែករំលែកដោយអង្គការ Forest Trends ។
ទាក់ទិនករណីនេះ លោក Marcus Hardtke អ្នកអភិរក្សបរិស្ថានបានថ្លែងអះអាងថា ឧកញ៉ារកស៊ីឈើដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាចកំពុងមានរោងចក្រអារឈើ និងទិញឈើយ៉ាងច្រើន ។ លោកថា វាជាការរៀបចំ និងមានលក្ខណៈជាប្រព័ន្ធដែលជាការប៉ះពាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងព្រៃឈើ ។ ចំណែក លោក អ៊ូច ឡេង អ្នកអភិរក្សដែលឈ្នះរង្វាន់បុរសមាសក៏បានអះអាងដែរថា ខ្ញុំបានរកឃើញថា អាជីវកម្មនេះ គឺមានអាទិភាពជាងការការពារព្រៃឈើ។ អ្វីដែលពួកគេគិតគឺត្រូវរកលុយពីឈើ ។
ទន្ទឹមនោះ Julian Newman ប្រធានយុទ្ធនាការនៅទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដែលបានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីការកាប់ឈើខុសច្បាប់នៅក្នុងតំបន់មេគង្គ បានសរសេរតាមអ៊ីមែលថា វាមិនអាចទៅរួចទេដែលការកាប់ឈើទ្រង់ទ្រាយតូចអាចបង្កើតឲ្យមានការនាំចេញឈើតម្លៃ ១២១ លានដុល្លារក្នុងរយៈកាល ៩ ខែ «លុះត្រាតែវាជាឈើប្រណីតតម្លៃខ្ពស់ និងទ្រង់ទ្រាយធំ៕